ដោយ​សារ​ទូរសព្ទ​សព្វ​ថ្ងៃ​កាន់​តែ​ទំនើប​ ឡើង ហើយ​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ខ្លាំង ដូច្នេះ​អត្រា​អ្នក​ប្រើប្រាស់​ដែល​ប្រឈម​មេរោគ​ទូរសព្ទ ក៏​ដូច​ជា​​ចោរកម្ម​​មាន​ការ​កើន​ឡើង​ច្រើន។ ទន្ទឹម​នោះ គេ​ក៏​អាច​កំណត់​គន្លឹះ​សុវត្ថិភាព​ងាយៗ​មួយ​ចំនួន​ដែល​មាន​នៅ​លើ Smartphone របស់​ខ្លួន​ផ្ទាល់ ដើម្បី​ជា​សុវត្ថិភាព ការពារ​មេរោគ​ ​ងាយស្រួល​តាម​រក​ទូរសព្ទ​បាត់​ ​ឬ​ចាប់​ជន​ល្មើសដែល​​លួច​ទូរសព្ទ ដោយ​ការ​បង្ហាញ​ទីតាំង និង​អត្តសញ្ញាណ​ខ្លះៗរបស់​​ចោរ​។
អត្ថបទ៖ របៀប jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ដោយ​គ្មាន​ error ​ចេញ​រូបឡូហ្គូផ្លែ​ប៉ោម
ទំព័រ​នេះ Sabay សូម​លើក​យក​គន្លឹះ​ខ្លីៗ​ងាយៗ​សម្រាប់​ផ្ដល់​សុវត្ថិភាព Smartphone បាន​មួយ​ផ្នែក​ដូច​ខាង​ក្រោម៖
១ ការប្រើកម្មវិធី​សម្រាប់​គ្រប់គ្រង​ទូរសព្ទ៖

នៅ​លើ​ទូរសព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី​ជំនាន់ Android 2.2 ឡើង​ទៅ​គឺ​អាច​គាំទ្រ​កម្មវិធី Android Device Manager បាន។ កម្មវិធី​នេះ​មាន​មុខងារ​ពិសេស​ជា​ច្រើន​សម្រាប់​គ្រប់គ្រង​ទូរសព្ទ​របស់​ អ្នក​បាន។ កម្មវិធី​នេះ​ក៏​អាច​ឱ្យ​ម្ចាស់​ទូរសព្ទ​ស្វែងរក​ទូរសព្ទ​បាត់​បាន​ផង​ដែរ ហើយ​អាច​បញ្ចេញ​សំឡេង​រោទិ៍ ចាក់​សោ និង​លុប​ទិន្នន័យ​បាន​ពី​ចម្ងាយ។ ទំព័រ​ក្រោយ Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​លម្អិត​របស់ Android Device Manager។
២ ការ​ការពារ​ទូរសព្ទ​របស់​អ្នកពី​មេរោគ៖

ចំពោះ Smartphone ដែល​ពុំ​មាន​កម្មវិធី​ទប់ស្កាត់​ការ​វាយ​ប្រហារ​ពី​មេរោគ​នោះ​ទេ គឺ​មាន​ភាគរយ​ច្រើន​ជា​គោលដៅ​របស់ Hacker ដែល​បង្កើត​កម្មវិធី​មាន​បង្កប់​ដោយ​មេរោគ។ ដើម្បី​ទប់ស្កាត់ កុំ​ឱ្យ​ឆ្លង​មេរោគ Sabay សូម​ណែនាំ​កម្មវិធី AntiVirus Security Free ដែល​ជា​សមិទ្ធផល​របស់ AVG Mobile ឬ​កម្មវិធី Mobile Security & Antivirus របស់ Avast Software ឬ Norton Security antivirus ក៏​បាន ដែល​ទាំង​នេះ​សុទ្ធតែ​ជា​កម្មវិធី​ឥត​គិត​ថ្លៃ។
អត្ថបទ៖ ទោះ​គ្មាន​ Antivirus ក៏​មិន​ខ្លាច​ឆ្លង​មេរោគ​ពី Flash ដែរ
Antivirus ទាំង​នេះ មាន​សមត្ថភាព​ឆែក​មើល app ដែល​ដំឡើង​ថា​តើ​មាន​បង្កប់​ដោយ​មេរោគ​ឬ​អត់ ហើយ​ព្រម​ទាំង​ដឹង​ថា​តើ​វែបសាយ​ណា​ដែល​មាន​ការ​បោកបញ្ឆោត បង្កប់​ដោយ​មេរោគ។ រឹតតែ​ពិសេស​ទៀត​នោះ កម្មវិធី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ទាំង​នោះ​ភាគច្រើន​មាន​មុខងារ អាច​តាមដាន​ដឹង​ពី​ទីតាំង​ទូរសព្ទ​របស់​អ្នក ប្រសិន​ត្រូវ​បាន​ចោរ​លួច ឬ​ដាក់​ច្រឡំដៃ ដោយ​ការ​បញ្ចេញ​សំឡេង ងាយស្រួល​ឱ្យ​អ្នក​តាម​រក។ មិន​តែ​ប៉ុណ្ណោះ គេ​ថែមទាំង​អាច​លុប​ទិន្នន័យ​សំងាត់​របស់​ខ្លួន​ពី​ចម្ងាយ​បាន​ទៀត​ផង។ (បញ្ជាក់៖ ដើម្បី​ប្រើ​មុខងារ​ទាំង​នេះ ត្រូវ​ដំណើរការ​កម្មវិធី antivirus ណា​មួយ​ឱ្យ​បាន​ជាប់ ហើយ​មិន​ត្រូវ​ប្រើ antivirus ច្រើន​ជាង​មួយ​ទេ)។ សម្រាប់​គន្លឹះ​លំអិត​ពី​ការ​ប្រើ Antivirus Sabay នឹង​ចុះ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
៣ ប្រើ​កម្មវិធី​ដើម្បី​ស្វែងរក​ទូរសព្ទ​និង​តាម​ចាប់​ចោរ​ដែល​បាន​លួច​ឱ្យ​បាន​ត្រឹមត្រូវ៖
យើង​សូម​ណែនាំ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Lockwatch Anti-Theft។ កម្មវិធី​នេះ​មាន​សមត្ថភាព​ធ្វើ​ឱ្យ​កាមេរ៉ា​មុខ​ដំណើរការ​អាច​ចាប់​យក​ មុខមាត់​អ្នក​ដែល​ពុំ​មែន​ជា​ម្ចាស់​ព្យាយាម unlock ទូរសព្ទ ហើយ​បើ​ខុស​ម្ដង​នឹង​ផ្ញើ email មក​ម្ចាស់​គណនី​ម្ដង។
អត្ថបទ៖ ដំណោះស្រាយ​ពេល​បើក Play Store មិន​បាន​ចេះ​តែ​លោត​ចេញ​វិញ

មិន​ត្រឹមតែ​ផ្ញើ​រូបថត​ប៉ុណ្ណោះ តែ​ក៏​មាន​កាលបរិច្ឆេទ​ដែល​ព្យាយាម unlock ផែនទី​បញ្ជាក់​ច្បាស់​អំពី​ទីតាំង​ទូរសព្ទ​កំពុង​ស្ថិត​នៅ។ ដូច្នេះ ម្ចាស់​ទូរសព្ទ​ងាយស្រួល​តាម​រក​ទូរសព្ទ​របស់​ខ្លួន និង​អាច​ចាប់​ជន​ល្មើស​បាន។ លក្ខណៈ​សម្បត្តិ​ពិសេស​បំផុត​របស់ Lockwatch នោះ​គឺ​ដាក់​ឱ្យ​ដំណើរការ​ដោយ​ពុំ​មាន​អ្នក​ណា​ដឹង ហើយ​ទោះ​បី​ដោះ​សោ​មិន​ត្រូវ ក៏​មិន​បញ្ចេញ​សំឡេង​ដែរ ដូច្នេះ​ចោរ​នឹង​ពុំ​បាន​ដឹង​អំពី​មុខងារ និង​សូម្បី​តែ​កាមេរ៉ា​មុខ​ថត​ខ្លួន​ក៏​ពុំ​ដឹង​ផង។ សម្រាប់​គន្លឹះ​លំអិត​ពី​ការ​ប្រើ Lockwatch Anti-Theft Sabay នឹង​ចុះផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
៤ តាមដាន​ឧបករណ៍​របស់​អ្នក៖

ជា​មួយ​កម្មវិធី Prey Anti Theft កាន់​តែ​ពិសេស​ថែមទៀត ដោយ​អនុញ្ញាត​ឱ្យ​អ្នក​អាច​តាមដាន​ទីតាំង​ទូរសព្ទ​របស់​អ្នក​​កំពុង​ស្ថិត​ នៅ ដោយ​បញ្ជា​តាម​ទូរសព្ទ​មួយ​ផ្សេង​ទៀត ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​បាន។ អ្នក​អាច​ផ្ញើ​សារ SMS ពី​ទូរសព្ទ​ដទៃ​ដើម្បី​ទទួល​បាន​ទីតាំង​ទូរសព្ទ​បាត់។ មិន​តែ​ពុំ​នោះ អ្នក​អាច​បញ្ជា​ឱ្យ​ដោះ​សោ ចាក់​សោ បង្ហាញ​សារ​ទៅ​កាន់​អេក្រង់​ទូរសព្ទ​ដែល​ចោរ​បាន​លួច បញ្ចេញ​សំឡេង​រោទ៍ ហើយ​ថែមទាំង​អាច​លុប​ទិន្នន័យ​សំខាន់ៗ​ពី device ចេញ​បាន។ សម្រាប់​គន្លឹះ​ពី​កម្មវិធី​នេះ Sabay នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។
៥ រឿង​ដែល​គួរ ឬ​មិន​គួរ​ធ្វើ​នៅ​លើ Android Device៖
- មិន​ត្រូវ​ទាញ​យក​ឯកសារ​ភ្ជាប់​មួយ​ជា​មួយ E-mail (attachement) ពី​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ។
- គួរ​ដំឡើង​កម្មវិធី​ណា​ដែល​មាន​ការ​ចាត់​ចំណាត់ថ្នាក់​ខ្ពស់ (rating) និង​ចំនួន​ទាញ​យក​ច្រើន​គួរ​សម​អាច​ចាត់​ទុក​ជា app មាន​គុណភាព​ល្អ និង​ទុក​ចិត្ត​ថា​គ្មាន​បញ្ហា​បាន។
- ប្រើ PIN/Password នៅ​លើ lockscreen
- មិន​ត្រូវ​ប្រើ app ដោយ​ភ្ជាប់​ជា​មួយ​គណនី Google, Facebook ឬ Twitter នោះ​ឡើយ ប្រសិន​ពុំ​ចាំបាច់ ដោយ​សារ app ខ្លះ​ថែម​ទាំង​ឱ្យ​បំពេញ​ព័ត៌មាន​លំអិត​អំពី​គណនី ដូច្នេះ​មិន​គួរ​បំពេញ​តាម​នោះ​ឡើយ៕
សូម​ចុច​អាន៖ ១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​!
ដោយ៖ ឈុន ហួរ