ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង គងស្គររគាំងវាយមិនឮ
ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង គងស្គររគាំងវាយមិនឮ សុរិយាមិនយកជាពន្លឺ ជឿកាន់អំពិលអំពែកសត្វ
អត្ថាធិប្បាយ
សម្លោកនេះ មានន័យប្រកបដោយភាពអាថ៌កំបាំង ពិបាកយល់បន្តិច ។ គឺជាសម្លោកបញ្ជាក់នូវចរិត បែបបទ អាកប្បកិរិយានៃមនុស្សភាគច្រើននាសម័យសតវត្សទី១៩ និងសតវត្សទី២០ ហើយនិងសតវត្សបន្តបន្ទាប់ទៅអនាគត ។ភាគគន្លឹះសម្រាប់យល់ន័យរបស់សម្លោក មានដូចខាងក្រោម ៖
«ក្លាក់» ប្រដាប់សម្រាប់ដាក់វែក សម ស្លាបព្រា និងចង្កឹះ ធ្វើពីបំពង់ឫស្សី ។ កាលពីជំនាន់ដើម ខ្មែរយើងនៅស្រែចម្ការ គេយកបំពង់ឫស្សីប្រវែងមួយសាច់ មកធ្វើជាក្លាក់ ដោយកាត់ថ្នាំងខាងលើចោល ហើយគេទុកថ្នាំងខាងក្រោម គេទុកចម្រៀកឫស្សី សម្រួចចុង ប្រវែងមួយចំអាម សម្រាប់ស៊កភ្ជាប់ទៅនឹងរបារជញ្ជាំងនៅចង្ក្រានបាយកន្លែងតម្កល់វែក និងសមស្លាបព្រា ។
«គង ស្គរ រគាំង» សំដៅទៅលើអ្នកចេះដឹង អ្នកមានវិជ្ជា អ្នកមានវិចារណញ្ញាណ អ្នកយល់ខុសត្រូវពិតប្រាកដ អ្នកប្រាជ្ញ អ្នកសច្ចនិយម អ្នកជាតិនិយម ។
«សុរិយា» ព្រះអាទិត្យ ។ ក្នុងទីនេះ សំដៅទៅលើអ្វីដែលជាពន្លឺពិតប្រាកដ អ្វីដែលជាសាច់ការ ឬខ្លឹមសារ វិជ្ជាអ្វីដែលត្រឹមត្រូវ (មិនបន្លំ មិនឆ្ពិនភ្នែក) ។
«អំពិលអំពែក» សំដៅទៅលើមនុស្ស បាតផ្សារ មនុស្សឥតចំណេះ ពាល ឃោរឃៅ មនុស្សប៉ោត មនុស្សក្អេង មនុស្សកញ្ជើធ្លុះ មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ មនុស្សខ្វះសីលធម៌ មនុស្សល្មោភអំណាច ។ល។
តាមសម្លោកនេះ ចាប់ពីសតវត្សទី១៩ មកដល់ឥឡូវ មានការប្រែប្រួលធំនៅក្នុងសង្គមមនុស្ស ជាពិសេសក្នុងសង្គមខ្មែរយើងនេះតែម្ដង ។ គេចេះធ្វើក្លាក់ (ពាក្យឧបមា) ដូចមនុស្សជំនាន់ដើមដែរ ប៉ុន្តែក្លាក់សម័យគេនេះ ឥតមានថ្នាំងសម្រាប់ទ្រសមស្លាបព្រា កុំឲ្យវារុះទៅដីដូចសម័យមុននោះឡើយ ។ ម្ល៉ោះហើយក្លាក់របស់សម័យនេះ កាលណាដាក់អ្វីចូលទៅ ក៏រុះជ្រុះរបូតទៅដី បាត់បង់គ្មានសល់អ្វីឡើយ ។
ក្លាក់គឺជាតួមនុស្ស ឯថ្នាំងគឺចំណេះដឹងគ្រប់យ៉ាង ជាវិចារណញ្ញាណសម្រាប់ទប់ ឬរក្សាទុកនូវអ្វីៗដែលសំខាន់របស់ជីវិតឲ្យបានយូរអង្វែងតទៅ ។
មនុស្សអភ័ព្វឥតវិជ្ជា ខ្វះវិចារណញ្ញាណ ខ្វះប្រាជ្ញា សម្រាប់ពិចារណាទៅលើហេតុផលដែលនឹងអាចកើតមានឡើងពីអំពើដែលខ្លួន ធ្វើ រួចឡើងធ្វើជាអ្នកដឹកនាំប្រទេស… តើដឹកនាំបែបណា ? សំដៅទៅទិសណា ? តើអាចប្រឈមជាមួយអ្នកជិតខាងដែលតែងមានគំនិតកេងយកប្រយោជន៍ ជញ្ជក់ឈាមពីយើងបានដែរឬទេ ?
«គង ស្គរ រគាំង វាយលែងឮ» មានន័យថា អ្នកចេះដឹងទាំងប៉ុន្មានលែងមានតម្លៃ… គ្មានអ្នកណាស្ដាប់… គ្មានអ្នកណាគោរព… គេលែងជឿ… គេយកទៅទុកមួយដុំ មិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់ ។ ក្នុងពេលជាមួយគ្នានេះ ពួក «អំពិលអំពែក» ក៏ឡើងសោយរាជ្យ កកូរកកាយ លក់ទ្រព្យសម្បត្តិជាតិ ចែកលុយគ្នាចាយ ដល់នូវក្ដីហីនហោចខ្លោចផ្សា រលំរលាយ កើតមានចោរកម្ម និងទុរភិក្សពេញនគរ មនុស្សអស់សីលធម៌ ម្នាក់ៗត្រដររស់ លែងខ្វល់ពីរឿងខុសត្រូវ ឬគុណទោស ត្រូវតាមពាក្យរបស់អ្នកប្រាជ្ញដែលចែងថា «ផ្គរលាន់ឯបូណ៌សូរកណ្ដុក អ្នកតាចាស់ស្រុកឱបដៃយំ កំពឹសឡើងពងលើកំពូលភ្នំ ក្អែកសសន្ធំក្នុងគុម្ពត្រែង» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
និយមន័យៈ ការចេះសម្របសម្រួលខ្លួនទៅតាមមជ្ឈដ្ឋានរស់នៅ ។អត្ថាធិប្បាយ
ចូលស្ទឹងតាមបត់
ធម្មតាផ្លូវទឹកមាន ទន្លេ ស្ទឹង ព្រែក ជាដើម តែងមានបំណត់បំណែនចុះឡើង ។ ដូច្នេះ ជលយានទាំងឡាយដែលធ្វើចរាចរតាមជលមគ្គនេះ ត្រូវតែបត់បែនចុះឡើងតាមកំណោងផ្លូវទឹក ទោះចង់ ឬមិនចង់ក៏ដោយ ។ ព្រោះថា បើគេមិនបត់បែនតាមកំណោងផ្លូវទឹកទេ ជលយាននឹងត្រូវបុកច្រាំង ឡើងគោកមិនខាន ។ចូលស្រុកតាមប្រទេស
ប្រទេសជាតិទាំងអស់តែងតែមានទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ។ ជាពិសេស គេមានច្បាប់សម្រាប់ស្រុក សម្រាប់ប្រទេសនីមួយៗ ។ ដូច្នេះ ទោះចង់ ឬមិនចង់ អ្នកដែលចូលទៅតាំងទីលំនៅក្នុងស្រុក ភូមិណាមួយ ចាំបាច់ត្រូវតែគោរពប្រតិបត្តិច្បាប់ទម្លាប់របស់ស្រុកនោះជាដាច់ ខាត ។ ប្រសិនបើគេមិនចង់គោរពច្បាប់តាមទម្លាប់ស្រុកគេទេ គេក៏ត្រូវមានបញ្ហាដែលកើតឡើងជាយថាហេតុមិនខានឡើយ ។ឧទាហរណ៍ ច្បាប់ប្រទេសខ្លះហាមមិនឲ្យផឹកស្រា មិននិយមស៊ីសាច់គោ សាច់ជ្រូក សាច់ឆ្កែ ។ល។ បើជនចំណូលស្រុកមិនអនុវត្តតាមគេប្រាកដជាមានបញ្ហាមិនខាន និងមិនអាចរស់នៅក្នុងសហគមន៍គេបានឡើយ ។
ចិត្តល្អ ក្រមិនយូរ
និយមន័យៈ កុសលចិត្តនាំមកនូវភោគសម្បត្តិ ។អត្ថាធិប្បាយ
មនុស្សចិត្តល្អ ពេលនេះលោកសំដៅយកមនុស្សដែលមានចិត្តជាកុសល ចិត្តជាបុណ្យ គឺមនុស្សដែលមានសីល ។ មនុស្សដែលមានសីលគឺមនុស្សល្អទាំងចិត្ត ល្អទាំងវាចា ល្អទាំងសកម្មភាព គ្រប់កាយវិការ គ្រប់សកម្មភាពរបស់គេល្អទាំងអស់ ។មនុស្សប្រភេទនេះ ទោះតាំងនៅទីណា ឬទៅទីណាក៏ជាទីចូលចិត្តស្រលាញ់រាប់អានពីសំណាក់មហាជនផងទាំង ពួង ។ ការដែលមានញាតិមិត្តស្រលាញ់រាប់អានច្រើន ឈ្មោះថាមានលាភដ៏ប្រសើរក្រៃលែង ។ កាលបើមានលាភហើយ គេក៏មានអ្វីៗដែលអាចឲ្យគេរស់នៅបានសុខស្រួល ។ ពីព្រោះបើគេខ្វះខាតអ្វីៗ ក៏មានញាតិមិត្តជួយឧបត្ថម្ភផ្ចុងផ្ដើមដល់គេដែរ ។ កាលបើមានគេជួយទំនុកបម្រុងបែបនេះហើយ តើមានអ្វីឲ្យគេក្រទៀត ? សមដូចព្រះពុទ្ធអង្គទ្រង់ត្រាស់ថា «សីលេន ភោគសម្បទា» ភោគសម្បត្តិកើតឡើងក៏ព្រោះសីល គឺចិត្តល្អហ្នឹងឯង ។
ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង
និយមន័យៈ គន្លឹះនៃរបបអាហារ និងគន្លឹះនៃភាពសុខស្រួល ។អត្ថាធិប្បាយ
ចង់ឆ្ងាញ់ឲ្យរកអន្លក់
កាលណាគេនិយាយអំពី អន្លក់ គេក៏នឹកឃើញដល់ទឹកគ្រឿងផងដែរ ។ អន្លក់ និង ទឹកគ្រឿង គឺជាសម្លក្រៅឆ្នាំងម្យ៉ាងរបស់ខ្មែរ ហើយដែលខ្មែរនិយមចូលចិត្តណាស់ ។ ដោយគេយល់ថា វាមានរសជាតិឆ្ងាញ់ពិសេស ព្រោះអន្លក់ គេផ្សំចម្រុះពីត្រួយឈើជាច្រើន ដូចជា ត្រួយស្ដៅ ត្រួយស្វាយ ត្រួយរាំង ត្រួយក្ទម្ពទេស ផ្កាស្ដៅ ផ្កាស្នោ ផ្កាកំប្លោក កំពីងពួយ កញ្ឆែត ព្រលិត ជាដើម ។បើនិយាយតាមក្បួនវិជ្ជសាស្ត្រវិញ អន្លក់ទាំងអស់នេះ សុទ្ធសឹងផ្ដល់នូវជីវជាតិវិសេសវិសាលល្អប្រសើរណាស់ ។ ហេតុនេះវាផ្ដល់នូវភាពចម្ងាញ់យ៉ាងប្លែកមាត់ ។
ចង់ស្រណុកឲ្យនឿយពីក្មេង
ធម្មតា មនុស្សកាលណាដល់វ័យចាស់ តែងតែថមថយកម្លាំង បើចេញទៅរកស៊ីក៏លំបាកខ្លួនណាស់ ឃើញថាពុំបានស្រណុកស្រណានទេ ។ ប៉ុន្តែបើគាត់មិនទៅរកក៏គ្មានអ្វីពិសាដែរ ។ ដូច្នេះ ទោះចង់ឬមិនចង់ក៏ត្រូវតែចេញទៅរកលុយទាំងត្រដាបត្រដួសតាម យថាកម្ម ។ហេតុនេះហើយ បានជាលោកពោលថា បើចង់ស្រណុកខ្លួនដល់ពេលចាស់ ត្រូវតែខំប្រឹងរកស៊ីសន្សំលុយទុកកាលនៅវ័យក្មេង ។ កាលនៅវ័យក្មេង ទោះជានឿយលំបាកលំបិនយ៉ាងណា ក៏មិនជាអ្វីប៉ុន្មានដែរ ព្រោះកម្លាំងនៅកំពុងពេញ ។
ត្រង់មិនឈ្នះទ័ល
អត្ថាធិប្បាយ
ទុគ៌តភាព (ភាពក្រីក្រ) ដែលនៅទីនេះគេប្រើពាក្យថា «ទ័ល» អាចជំរុញមនុស្សរាល់រូប ឲ្យលះបង់សច្ចៈ សុចរិត ដែលខ្លួនគេធ្លាប់មានពីដើមមកនោះអស់រលីង ។ តាមការពិសោធន៍ មនុស្សភាគច្រើន ទោះបីជាមនុស្សល្អ ត្រឹមត្រូវ មិនចេះភូតភរ មិនចេះបោកប្រាស់ មិនចេះលួច ។ល។ កាលណាមនុស្សនោះធ្លាក់ខ្លួនដល់ថ្នាក់ទ័ល ដែលមានន័យថា «បានព្រឹក ខ្វះល្ងាច» នោះហើយ គេមុខជាលះបង់អំពើសុចរិត (ត្រង់ត្រឹមត្រូវ) នោះមិនខាន ។ នេះជារឿងពិតរបស់មនុស្ស ។ ព្រោះហេតុអ្វី ? ចម្លើយមានដូចតទៅ ៖មនុស្សតែងមានចិត្តស្រលាញ់កូន និងប្រពន្ធ ជាងអ្វីទាំងអស់ ។ កូនតូចៗដែលស្រែកយំទារអាហារ ដោយការស្រេកឃ្លានយ៉ាងខ្លាំង ហើយមាតាបិតាជាមនុស្សទ័ល មិនដឹងជាទៅរកអាហារឯណាមកឲ្យកូនបរិភោគ… តើត្រូវធ្វើយ៉ាងណាទើបដោះស្រាយបញ្ហានេះរួច ?
ចម្លើយៈ លួច បោកប្រាស់ ដើម្បីសង្គ្រោះកូនឲ្យរស់មួយគ្រាសិន ។
«ទ័ល» ជាបញ្ហាអាក្រក់ណាស់សម្រាប់មនុស្សទូទៅ ។ ដូច្នេះហើយទើបមានពាក្យប្រៀនប្រដៅគ្រប់បែបយ៉ាង ដើម្បីនាំផ្លូវឲ្យយើងដើរគេចចេញឲ្យផុត ដូចជា «…ឲ្យដឹងឲ្យចេះ ឲ្យមានតម្រិះ រកស៊ីធ្វើការ មានកេរ្តិ៍មានឈ្មោះ មានយសសក្ដា មានទាំងទ្រព្យា មិត្តមូលមេត្រី…» ។
ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់
និយមន័យៈ បែបបទក្នុងការរកស៊ី និងការប្រើរបស់ចាស់ ។អត្ថាធិប្បាយ
ចង់មានឲ្យជួញអង្ករ
អង្ករ គឺជា គ្រាប់ធញ្ញជាតិដែលមនុស្សគ្រប់គ្នាយកមកចម្អិនជាបាយធ្វើអាហារ សម្រាប់ទទួលទានចិញ្ចឹមជីវិត ។ ដូច្នេះ អ្នកណាក៏ត្រូវការអង្ករដែរ គ្រាន់តែអ្នកមានធនធានអាស្រ័យអង្ករល្អ អង្ករថ្លៃ អង្ករឆ្ងាញ់ ។ ឯអ្នកក្សត់ខ្សោយទទួលទានអង្ករអ្វីដែលរកបានទៅតាមលទ្ធភាព ។កាលបើមានគេត្រូវការអង្ករគ្រប់ៗគ្នា ដូច្នេះអ្នកលក់អង្ករអាចប្រមូលបានលុយជាហូរហែ ។ ប៉ុន្តែ គេក៏សង្កេតឃើញអ្នកលក់អង្ករតូចតាចខ្លះ លក់មិនសូវដាច់ ប្រមូលលុយក៏មិនសូវបានដែរ ។
ចង់ក្រឲ្យប្រើឡានចាស់
ធម្មតា ឡានចាស់ មានតម្លៃថោក ។ អ្នកមានធនធានល្មមៗក៏អាចទិញប្រើបានដែរ ។ ប៉ុន្តែមិនយូរប៉ុន្មានទេ គេប្រើបន្តិចទៅ វាខូចនេះ វាខូចនោះ ។ គេជួសជុលកន្លែងនេះរួច វាខូចកន្លែងនោះទៀត មិនចេះអស់មិនចេះហើយ ជួសជុលយូរៗទៅ ធ្វើឲ្យមានកង្វះខាតលុយផ្គត់ផ្គង់ជីវភាព ។ទីបំផុត គេរកលុយជួសជុលលែងបាន ។ មិនយូរប៉ុន្មាន គេអាចក្រដោយសារតែប្រើឡានចាស់ ដូចពាក្យគេថាមែន ។
កំណត់សម្គាល់ៈ សុភាសិតខាងលើនេះ កាលពីមុនគេថា «ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យជួញអំបិល» ព្រោះអំបិលពេលស្ងួតស្រកភ្នែកជញ្ជីង ។ ប៉ុន្តែគេឃើញអ្នកជួញអំបិលមានៗណាស់ ។ ដូច្នេះ គេដូរថា «ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់» គឺជាការពិត ។
ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ
អត្ថាធិប្បាយ
«ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ» អាចមានន័យ២យ៉ាងគឺ ៖1. បើជនណាម្នាក់ដែលប្រាថ្នាបុណ្យសក្តិឲ្យ បានកាន់តែធំឡើង… កាន់តែខ្ពស់ឡើង ជននោះត្រូវតែលុតក្រាប គោរពឱនលំទោន យកចិត្ត ផ្គាប់ចៅហ្វាយគ្រប់ពេល ធ្វើយ៉ាងណាឲ្យចៅហ្វាយពេញចិត្ត ។ ចៅហ្វាយចង់បានអ្វី ត្រូវរកវត្ថុនោះមកជូនចៅហ្វាយឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះបទបញ្ជា ទោះបីបញ្ហានោះ ខុសក្បួនយ៉ាងណាក៏ដោយ ។
2. ពាក្យថា «ប្រាជ្ញា» គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ ឆាប់យល់ មិនងាយគេបោកបាន ។ល។ ឯពាក្យថា «បុណ្យ» សំដៅទៅលើអំពើល្អដែលជនណាម្នាក់បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះ សេចក្ដីសុខសប្បាយក៏កើតមានដល់ជននោះ ។
ប្រាជ្ញា និង បុណ្យ មិនដែលកើតមានជាស្វ័យប្រវត្តិ (កើតឯង) ម្ដងណាឡើយ ។ លុះត្រាតែគេ «ប្រតិបត្តិ» ទើបទទួលរបស់ទាំងពីរមុខនេះ ។ ពាក្យថា «ប្រតិបត្តិ» មានន័យថា «ធ្វើ ឬ បង្កើត» ។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាមិនអាចកើតបានឡើយ ។ ដូច្នេះហើយបានជាព្រះពុទ្ធសាសនាមានគោលជំហរ ក្នុងការប្រៀនប្រដៅមនុស្សលោក ទៅលើ «កម្មផល» ។
«កម្ម» គឺអ្វីទាំងអស់ដែលយើងធ្វើ ដោយកាយវាចាចិត្ត ។ អំពើទាំងអស់ដែលយើងធ្វើ បើបំព្រួញឲ្យខ្លីបំផុត មានតែពីរយ៉ាងគឺ «បុណ្យ» និង «បាប» ។ កាលណាយើងធ្វើល្អទៅលើខ្លួនយើងក្ដី ទៅលើអ្នកដទៃក្ដី ឈ្មោះថា «បានធ្វើបុណ្យ» ។ បើធ្វើអាក្រក់ ឈ្មោះថា «ធ្វើបាប» ។
«ផល» គឺអ្វីមួយដែលចេញមកឲ្យយើងដោយសារដែលយើងធ្វើនោះ ។ ឧទាហរណ៍ បើយើងជួយអ្នកជិតខាងក្នុងពេលមានវិបត្តិណាមួយ ឈ្មោះថាយើងបាន «ធ្វើបុណ្យ» ។ ថ្ងៃណាមួយក្រោយមក យើងមានអាសន្ន គេនឹងជួយយើងវិញ ។ ត្រង់នេះឯងហើយដែលគេហៅថា «ធ្វើបុណ្យ បុណ្យជួយ» ។ ចុះបើយើងមិនដែលជួយអ្នកណាសោះ មិនដែលធ្វើទាន (អំណោយ) ដល់អ្នកណាសោះ តើអាចនឹងកើត «បុណ្យ» បានទេ ? គ្មានបុណ្យទេ ហើយប្រាកដជាគ្មានអ្នកណានឹកឃើញរូបយើងដែរ ។ មានសុខទុក្ខយ៉ាងណា ដោះស្រាយតែម្នាក់ឯងទៅ !
ប្រាជ្ញា និង បុណ្យ កើតមកពីប្រតិបត្តិ (ធ្វើ) មិនដែលកើតឡើងឯងៗនោះទេ ។ បើយើងមិនព្រមលើកដៃទៅធ្វើអ្វីមួយទេ កិច្ចការគ្រប់ជំពូក ដូចជាកសិកម្ម ពាណិជ្ជកម្ម សិល្បៈ ជំនាញ ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។
ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន៤គឺ សុ ចិ បុ លិ ៖
- សុ ស្ដាប់ សម្ដីដែលនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្ដាប់ឲ្យមែនទែនទេ ប្រាកដជាចាប់ន័យមិនបានទាំងអស់ឡើយ ។
- ចិ គិត ស្ដាប់បានហើយ ត្រូវយកសម្ដីនោះមកពិចារណាមើល តើគួរជឿ ឬមិនគួរ ។
- បុ សួរ បើស្ដាប់បានហើយ តែមិនយល់ ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ ។
- លិ កត់ លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ ។
ចេះឲ្យគេកោត ឆោតឲ្យគេអាណិត
និយមន័យៈ មានជំនាញច្បាស់លាស់ និងការដឹងខ្លួនថាល្ងង់ ។អត្ថាធិប្បាយ
ចេះឲ្យគេកោត
អ្នកចេះដឹងមានសមត្ថភាពខ្ពស់ មានជំនាញច្បាស់លាស់ មានទេពកោសល្យ និងថ្មីដៃល្អប្រសើរ បើគេចាប់កាន់ការងារអ្វីមួយ រមែងមានគម្រោង មានវិធាន និងរូបមន្តត្រឹមត្រូវល្អណាស់ ។ ម្ល៉ោះហើយការងាររបស់គេតែងប្រព្រឹត្តទៅបានសមរម្យស្អាតល្អ និងមានមាត្រដ្ឋានតាមលក្ខណៈបច្ចេកទេសខ្ពង់ខ្ពស់ ។ អ្នកផងទាំងពួងតែងកោតសរសើរគ្រប់ៗគ្នា ។ ស្នាដៃរបស់គេនីមួយៗមានកិត្តិសព្ទល្បីរន្ទឺ ធ្វើឲ្យគេកោតស្ញប់ស្ញែងគ្រប់ទិសទី ។ឆោតឲ្យគេអាណិត
ពាក្យថា «ឆោត» នៅពេលនេះ លោកសំដៅយកមនុស្សដែលល្ងង់ មានសមត្ថភាពទន់ខ្សោយ កម្រិតនៃការយល់ដឹងមានតិចតួចស្ដួចស្ដើង ។ ប៉ុន្តែ មនុស្សនេះតែងដឹងខ្លួនឯងជានិច្ចថា ខ្លួនឯងល្ងង់ដែរ ។ ម្ល៉ោះហើយបើគេធ្វើការអ្វីមួយ គេតែងពិគ្រោះសាកសួរយោបល់ពីអ្នកដែលចេះជាងខ្លួន ដើម្បីយកមកពិសោធន៍ និងការណែនាំពីគេមកអនុវត្ត ។ ម្យ៉ាងទៀត គេតែងពេញចិត្តនឹងទទួលនូវការរិះគន់ពីជនទូទៅដោយរីករាយ ។ ម្ល៉ោះហើយ អ្នកទាំងពួងតែងអាណិតគេ បើទុកជាការងារដែលធ្វើនោះមានកំហុសឆ្គងខ្លះ ក៏អ្នកផងមិនសូវបន្ទោស ឬរិះគន់ប៉ុន្មានដែរ ។ល្បិចចៅក្រម ឬ ច្បាប់ព្រះជ័យចេស្ដា
«ល្បិចចៅក្រម» ល្បិចរបស់ចៅក្រមអ្នកជំនុំជម្រះក្តី ។ ក្នុងសតវត្សរ៍ទី២៣ នៃពុទ្ធសករាជ ត្រូវគ្នានឹងសតវត្សរ៍ទី១៧ នៃគ្រិស្តសករាជ ព្រះបាទសម្ដេចព្រះជ័យចេស្ដា
ព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជា
ទ្រង់មានព្រះរាជបញ្ជាឲ្យពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រម
អ្នកជំនុំជម្រះក្ដី ឲ្យបានទៀងទាត់តាមសុចរិតយុត្តិធម៌
ឲ្យងាយពិនិត្យ ពិភាក្សារកការណ៍ពិត ដោយល្បិច ៤ យ៉ាង ដែលហៅជាពាក្យ បាលីសន្មត ថា «មន្ទលេន សេនបទ មណ្ឌុកដ សីហលោ» ។ ល្បិចចៅក្រមទាំងបួនយ៉ាងនេះ មានសេចក្ដីអធិប្បាយថា ៖
១. មន្ទលេន
«មន្ទលេន» (មន់-ទៈលេន) ន. (បា. ស. មន្ទ “ទន់, ទន់ភ្លន់, ស្រទន់; សន្សឹមៗ; តិច” + លេន “សន្ទុះ, ល្បឿន; ការស្ទាបស្ទង់”)
ល្បិចឈ្មោះ មន្ទលេន
នេះមានអត្ថន័យថា ចៅក្រមត្រូវពិចារណានូវអធិករណ៍ គឺរឿងក្តី
តាមពាក្យចោទនិងឆ្លើយ ដែលស្ទាបស្ទង់ឃើញថា
មុនបង្អស់មិនគួរកញ្ឆក់កញ្ឆែងទេ ក៏ប្រើល្បិចសុភាព
ទន់ភ្លន់សន្សឹមៗ ប្រៀបប្រដូចនឹងទឹកដែលហូររិញៗមិនហូរគំហុកខ្លាំង
ហូរធ្លាក់ចុះទៅក្នុងស្រះឬត្រពាំង
ដក់បានជាទឹកពេញទីនោះគួរដល់ការប្រើប្រាស់បានដូច្នោះឯង ។
បើចៅក្រមប្រើល្បិចនេះទៅឃើញការណ៍ពិតសព្វគ្រប់ហើយ
ក៏សម្រេចសេចក្ដីឲ្យអធិករណ៍នោះចប់ស្រេចដោយប្រពៃបានត្រឹមប៉ុណ្ណោះ
ទៅ ។
២. សេនបទ
«សេនបទ» (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេន “សត្វខ្លែង” + បទ “ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; …”; សំ. ឝ្យេន + បទ)
ល្បិចឈ្មោះ សេនបទ
នេះមានអត្ថន័យថា
ចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្តីតាមពាក្យចោទនិងចម្លើយ
ដោយប្រើល្បិចស្ទាបស្ទង់មើល
យកតម្រាប់សត្វខ្លែងដែលវាឆាបអ្វីៗមានកូនមាន់ជាដើមជាចំណីរបស់
វា, ធម្មតាសត្វខ្លែង មុននឹងឆាបកូនមាន់ជាដើម
វាត្រូវហើររេរាៗកេលកុងស្ទង់មើលសិន
បើលុះតែឃើញមានទំនងឱកាសល្មមឆាបឆក់បាន
ទើបវាសម្លបស្លាបឆាបចុះហើយវាហើរប៉េវឡើងទៅ; បើចៅក្រមយល់ឃើញថា
ត្រូវប្រើល្បិចរិះរេបែបសត្វខ្លែង
ហើយគ្រញិចសម្រេចសេចក្ដីឲ្យអធិករណ៍បានចប់ដោយសុចរិតយុត្តិធម៌ហើយ
ក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ ។
៣. មណ្ឌុកដ
«មណ្ឌុកដ» (ម័ន-ឌុកត់ ឬ មន់–) ន. (បា. មណ្ឌុក ឬ មណ្ឌូក “កង្កែប” + កត > កដ “ដែលធ្វើ គឺការលោត”)
ល្បិច ឈ្មោះ មណ្ឌុកដ
នេះមានអត្ថន័យថា
ចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍តាមពាក្យចោទនិងចម្លើយ
ដែលលៃស្ទង់មើលឃើញថា រឿងនេះត្រូវប្រតិបត្តិតាមតម្រាប់កង្កែបលោត,
ធម្មតាកង្កែប វាមិនលោតឥតឈប់បង្អង់សោះទេ, វាតែងតែលោតផ្លោតៗ
ហើយឈប់បង្អង់ម្តងៗបន្តិចៗហើយទើបវាលោតផ្លោតៗតៗទៅទៀត,
ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរ គឺត្រូវស្ទាបស្ទង់មើល
កុំប្រញាប់ប្រញាល់រួសរាន់ពេក,
បើអធិករណ៍ហុចដំណើរឲ្យមកឃើញថាគួរវិនិច្ឆ័យបានហើយ
សឹមសម្រេចសេចក្ដីឲ្យរឿងនោះចប់ស្រេច ដោយសុចរិត
យុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ ។
៤. សីហលោ
«សីហលោ» (សីហៈលោ) ន. (បា. សីហ “សត្វសីហៈ” + លោ < លា “កាត់, កាត់ផ្តាច់; កាន់, កាន់យក” ជា បា. ស. ថា សីហលោ)
ល្បិចឈ្មោះ សីហលោ
នេះមានអត្ថន័យថា
កាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមានព័ស្តុតាងច្បាស់ក្រឡែត
មិនគួរឲ្យសង្ស័យទេ ប៉ុន្តែបុគ្គលអ្នកជាប់ចោទ
អង់អាចរបឹងរបាញក្អេងក្អាងហួសហេតុពេក
មិនព្រមទទួលសារភាពតាមការណ៍ពិតសោះ
ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់
ឲ្យបុគ្គលនោះស្លុតគាំងកឿងក្រទាំងហើយឆ្លើយឲ្យការណ៍តាមពិតត្រង់
ដោយចៅក្រមយកតម្រាប់តាមសីហៈ ដែលវាបន្លឺសីហនាទ
ស្រែកសន្ធាប់ម្រឹគហើយវាខាំសម្លាប់យកជាចំណីវាដូច្នោះដែរ
ហើយចៅក្រមវិនិច្ឆ័យសម្រេចសេចក្ដី ដោយសុចរិតយុត្តិធម៌
ឲ្យចប់ស្រេចត្រឹមប៉ុណ្ណោះទៅ ។
ល្បិចចៅក្រមទាំង ៤ យ៉ាងនេះ ហៅថា ល្បិចព្រះជ័យចេស្តា ឬ ច្បាប់ព្រះជ័យចេស្តា ។
កាលពីដើម យើងពុំបានឃើញច្បាប់ដើម ក៏ចេះតែអានខុសខ្លះ
លុះយើងស្រាវជ្រាវឃើញសាស្រ្តាស្លឹករឹតចាស់ខ្មៅជាច្បាប់ដើមទើប
យើងស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដោយត្រឹមត្រូវហើយ ។
កាព្យសម្រាប់ឲ្យងាយចាំល្បិចចៅក្រម ៖
មន្ទលេន-សេនបទ
ទាំងមណ្ឌុកដ និងសីហលោ ទាំងបួននេះជា រាជោវាទោ នៃក្សត្រិយ៍សេដ្ឋោ
ព្រះជ័យចេស្ដា ។ មហាក្សត្រិយ៍ខ្មែរយើង ស្ដេចមានឫទ្ធិ៍ថ្កើង
ទ្រង់បានប្រាប្ដា- ភិសេកហើយស្រេច ស្តេចទ្រង់បញ្ជា
ឲ្យប្រាជ្ញព្រឹទ្ធា តែងល្បិចចៅក្រម ។ ជាពាក្យបាលី សន្មតសេចក្ដី
ដោយការផ្សែផ្សំ ក្រឹត្យទុកជាច្បាប់ សម្រាប់ចៅក្រម កាត់ក្តីឲ្យសម
នឹងយុត្តិធម៌ ។
មិនមែនសម្រាប់តែចៅក្រមគ្រហស្ថទេ ទោះទាំងចៅក្រមបព្វជិត ក៏គួរប្រើល្បិចចៅក្រមទាំង ៤ យ៉ាងនេះបានដែរ ៕
ការអួតអាងបែបនេះ មិនអាចកែប្រែ (ជួសជុល) ដូចគេជួសជុលរនាបដែលបាក់នោះបានឡើយ ដោយហេតុថា អ្វីដែលយើងនិយាយចេញពីមាត់រួចហើយនោះ វាចូលទៅជាប់ក្នុងខួរក្បាលរបស់អ្នកស្ដាប់… អាចឲ្យគេកត់ចំណាំអស់មួយអាយុថា តើអ្នកនិយាយនោះ ជាមនុស្សប្រភេទណារួចអស់ទៅហើយ មិនអាចលុបបានទេ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ព្រះអង្គបានយកធម៌ «ខន្តីបារមី» មកទប់ទល់នឹងក្រុងមារ ។ លុះគ្រាបឋមពោធិកាល ក្រុងមារបានចូលទៅជិតព្រះអង្គ រួចស្រែកបង្គាប់ថា «នែ ! សមណៈគោត្ដម ចូរអ្នកជៀសចេញពីទីនេះទៅ» ។ ព្រះអង្គតបថា «ល្អហើយ ! ល្អហើយ !» រួចក៏ស្ដេចយាងចេញទៅ ។ ក្រុងមារបង្គាប់ព្រះអង្គឲ្យចូលមកវិញ ។ ព្រះអង្គក៏យាងចូលមកវិញ ។ ក្រុងមារបង្គាប់បែបនេះ អស់វារៈបីដង ។ ព្រះអង្គធ្វើតាមទាំងអស់ ។
ត្រង់វគ្គនេះហើយដែលលោកច្បិចយកមកធ្វើជាពាក្យទូន្មានថា «ចាញ់បានទៅព្រះ ឈ្នះបានទៅមារ» ។ ប៉ុន្តែ ការណ៍ពិត ព្រះអង្គគ្រាន់តែបន្ទន់ចិត្តក្រុងមារឲ្យរំងាប់អារម្មណ៍ក្រេវក្រោធ ដើម្បីទូន្មានប៉ុណ្ណោះទេ ។
ពាក្យម្ដាយ ទំនាយគ្រូ ឬ គ្រូទាយ ម្ដាយថា
ដោយហេតុនេះ បើម្ដាយនិយាយយ៉ាងណាពីកូននោះ ពាក្យដែលនិយាយចេញមកនោះ គឺជាពាក្យដែលអាចជឿបាន មិនខុសពីដំណើរពិតរបស់កូននោះទេ ។
ម្ដាយអាចប្រមើលមើលនូវអ្វីដែលនឹងអាចកើតមានដល់កូនទៅអនាគត ដោយយោលទៅតាមអត្តចរិតដែលគាត់បានឃើញរាល់ថ្ងៃ ។ ឧទាហរណ៍ ម្ដាយអាចនឹងពោលពាក្យដោយសារកំហឹង ឬសប្បាយដូចតទៅ ៖
លោកគ្រូ ជាមនុស្សដែលបានថែរក្សា និងជួយបង្រៀនអប់រំយើងឲ្យបានចេះដឹងសព្វវិជ្ជាការសម្រាប់ចិញ្ចឹម ជីវិតទៅអនាគត ។ គាត់បានជួយយើងអស់រយៈពេលដ៏យូរ (រាប់ឆ្នាំ) ថែមទាំងបានពិនិត្យមើលចរិយារបស់យើងរាល់ថ្ងៃទៀតផង ។
មនុស្ស កាលណារស់នៅជាមួយគ្នាអស់ពេលដ៏យូរ អាចយល់ចិត្តថ្លើមគ្នាទៅវិញទៅមក ។ ទោះបីយើងខំលាក់ចរិតរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏លាក់បានក្នុងរយៈពេលដ៏ខ្លី ។ គេមិនអាចលាក់បានឲ្យហួសពី ៣ខែ ឬ ៦ខែទេ ។ នេះជារឿងធម្មតាសម្រាប់មនុស្សទូទៅ ។
ដោយហេតុនេះ លោកគ្រូអាចមើលឃើញ ហើយទាយបាននូវអ្វីៗដែលនឹងកើតមានដល់សិស្ស ដូចម្ដាយដែរ ។ គាត់អាចទាយបានដោយយោលទៅតាមអត្ថចរិតរបស់សិស្សដែលគាត់សម្គាល់ឃើញរាល់ថ្ងៃ ហើយទាយថា ៖
រួមសេចក្ដីមក សុភាសិតខាងលើនេះ ចង់និយាយផ្នែកអាក្រក់ជាងផ្នែកល្អ ។ យ៉ាងណាមិញ កាលណាកូនណាមួយដែលមាតាបិតាបានព្យាយាមណែនាំ អប់រំឲ្យធ្វើល្អ ជាច្រើនរយដង ហើយនៅតែមិនឡើង មាតាបិតា អាចនឹងព្យាករ (ទាយទុក) ថា ៖
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
មនុស្សចិត្តយក្សមារអប្រិយនេះ មានល្បិចខ្ពស់ណាស់ ដើម្បីបិទបាំងនូវគំនិតអាក្រក់របស់ខ្លួន តែងតែចោទប្រកាន់អ្នកខ្សោយ អ្នកស្លូតត្រង់ ដែលខ្លួនចង់សម្លាប់ថា ជាចោរ ជាឃាតក ជាខ្មាំង…
ការពោលដាក់ទោសលើគេដើម្បីសម្លាប់ គឺធ្វើឲ្យស្របនឹងមតិសាធារណៈ ។ អ្នកដែលមិនដឹងការពិត ប្រឹងជួយអរ ។ ឯអ្នកដែលដឹងហេតុការណ៍ពិតប្រាកដវិញ គេថ្កោលទោស គេដាក់បណ្ដាសា គេជេរប្រទេចផ្ដន្ទា គេដាក់ទំនាយឲ្យវិនាសហិនហោច ស្លាប់បាត់បង់ជីវិតទៅហោង…
ដូច្នេះ អ្នកដែលវាងវៃមានបញ្ញាដែរ គេបានស្គាល់ និងយល់ដឹងពីបំណងអាក្រក់របស់ជននោះ គេក៏ផ្ដាច់ចំណងមេត្រីភាព ឬដកហ៊ុនឈប់រកស៊ីជាមួយភ្លាម ។ អ្នកណាចង់ចំណេញខ្លាំងពេក តែងដាច់ចំណងយ៉ាងដូច្នេះឯង ។
ម្យ៉ាងទៀត មនុស្សនេះ បើមានការស្ដីបន្ទោសពីនាយចៅហ្វាយ ឬពីមិត្តភក្តិខ្លះ ក៏ចេះអត់ធ្មត់សង្កត់ចិត្តមិនតបតវិញទេ ។ ដោយសារគេមានចិត្តធ្ងន់ ឬចិត្តតិចនេះហើយ ធ្វើឲ្យគេទទួលបាននូវការស្រលាញ់រាប់អានពីអ្នកផងទាំងពួង ។
ម្យ៉ាងទៀត មនុស្សនេះ បើមានការស្ដីបន្ទោសពីនាយចៅហ្វាយ ឬពីមិត្តភក្តិខ្លះ ទោះក្នុងន័យអប់រំកែលម្អក៏ដោយ ក៏គេមានចិត្តខ្លាំងខេងក្រេវក្រោធ រហូតដល់ហ៊ានតបតពាក្យសម្ដីដោយឥតកោតក្រែងទៀតផង ។ ជួនកាល មេកោយអត់ទ្រាំមិនបានក៏ដកចេញ ឬផ្លាស់ចេញក៏មាន ។ ពេលនេះ គេត្រូវស៊ីអំបិលហើយ ។
ទាក់ទងនឹងពាក្យសុភាសិតខាងលើនេះ លោកបានលើករឿងមួយមកនិទានដូចតទៅ ៖
នៅក្នុងសម័យពុទ្ធកាល មានមាណពម្នាក់បានលាចាកគ្រួសារដើម្បីចេញទៅស្វែងរកវិជ្ជា ក៏បានជួបនឹងថេរៈមួយអង្គ ។ ក្រោយពីបានដឹងនូវគោលបំណងរបស់ចៅមាណពហើយ ព្រះថេរៈក៏សួរថា «មុននឹងចៅមាណពឯងមកស្វែងរករៀនវិជ្ជានេះ តើឯងបានសម្លាប់អាចារ្យរបស់ឯងរួចហើយឬនៅ ?» ។ ទោះបីព្រះថេរៈដណ្ដឹងសួរពីរបីដង ក៏ចៅមាណពនៅតែមិនយល់ពីសំណួរនេះដដែល ទើបព្រះអង្គមានព្រះថេរៈដីកាថា «ម្នាល ចៅមាណព អាចារ្យរបស់ឯងគឺអ្នកដឹកនាំដែលមានឈ្មោះថា “កោសជ្ជៈ” គឺសេចក្ដីខ្ជិលច្រអូសដែលតែងតែដឹកនាំអ្នកឯងឲ្យខ្ជិល ស្ពឹកស្រពន់ មិនចង់រៀនសូត្រ» ។ មាណពឆ្លើយថា «នៅទេ» ។ ព្រះថេរៈមានដីកាថា «មិន កើតទេ ត្រូវតែសម្លាប់អាចារ្យរបស់ឯងចោលជាមុនសិនទៅ កុំឲ្យវាមកដឹកនាំអ្នកឯងឲ្យខ្ជិលច្រអូស ទើបអ្នកឯងរៀនសូត្របាន» ។
ត្រង់នេះហើយដែលលោកពោលថា បើចង់ចេះឲ្យសម្លាប់អាចារ្យ កោសជ្ជៈ ឬ មានៈ នេះជាមុនសិន ។
ឯពាក្យថា «ឱនដាក់គ្រាប់» គឺលោកចង់ប្រៀបប្រដូចទៅនឹងមនុស្សដែលមានឥរិយាបថសុភាពរាបសា ចេះឱនលំទោន គោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្តអ្នកភូមិផងទាំងពួង ។ គេជាមនុស្សមានគុណធម៌ខ្ពស់ និងជាទីស្រលាញ់រាប់អានពីសំណាក់មហាជនទូទៅ ។ កាលណាគេមានមនុស្សរាប់អានចូលចិត្តច្រើន គឺគេមានអ្វីៗទាំងអស់ ។
ជាការធម្មតារបស់មនុស្សលោក កាលណាមានភាពខុសគ្នាផ្នែកទ្រព្យសម្បត្តិ វិជ្ជា ពូជពង្ស ឋានៈ បុណ្យស័ក្តិ ជាតិ ។ល។ តែងមានការមើលងាយកើតឡើង ។ អ្នកមានច្រើនមើលងាយអ្នកក្រ អ្នកចេះមើលងាយអ្នកល្ងង់ អ្នកមានស័ក្តិធំ មើលងាយអ្នកស័ក្តិតូច ។ល។
ការមើលងាយ ឬការប្រកាន់ មិននាំមកនូវសេចក្ដីសុខទេ ព្រោះមនុស្សដែលត្រូវគេមើលងាយនោះ កើតក្ដីក្ដៅក្រហាយ ហើយរកឧបាយកល សងសឹកត្រលប់ទៅវិញ នៅពេលណាមួយដែលគេអាចធ្វើកើត ។
ការប៉ុនប៉ង ឬសេចក្ដីព្យាយាម ជាពិសេសក្នុងរឿងអាក្រក់ទៅលើជនណាម្នាក់ ច្រើនបានសម្រេច ។ ដោយហេតុនេះ ទើបមានសុភាសិតថា «ជង់មិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជង់» ។
បុរាណាចារ្យរបស់ខ្មែរប្រដៅថា សុំកុំមើលងាយមនុស្ស ព្រោះតែមនុស្សនោះល្ងង់ ក្រ អប្បឥតវិជ្ជា ពូជត្រកូលទាប ឲ្យសោះ ។ មនុស្សម្នាក់ៗដែលព្រះអាទិទេពបង្កើតឲ្យមានជារូបរាងមកនោះ ទោះបីជារូបរាងបែបណាក៏ដោយ ក៏មានអ្វីមួយសម្រាប់ការពារខ្លួនដែរ ។ សូម្បីរុក្ខជាតិ និងសត្វតូច‑ធំក៏មានអាវុធសម្រាប់ការពារសន្តិសុខ ដូចជា កុលាបមានបន្លា សង្អារ ស្រមោច អង្ក្រង ស្រាំង ឪម៉ាល់… ចេះខាំ និងទិច ។
នៅក្នុងរឿងព្រេងមួយដែលជារឿងប្រៀបប្រដៅមនុស្សកុំឲ្យមើលងាយអ្នកតូចតាចជាងខ្លួន បានលើកយករឿង «ចាប និងដំរី» មកនិទាន ។ ដំរីដើរទៅជាន់កូនចាបស្លាប់អស់ ។ ចាបខឹង បានទៅធ្វើការទាក់ទងជាមួយសត្វឯទៀត ហើយទីបំផុត បានធ្វើឲ្យដំរីនោះស្លាប់ដោយផុងក្នុងភក់ រើខ្លួនមិនរួច ។
ហេតុនេះ គួរយើងចាំថា «ឃើញឈើពុក កុំដាក់គូទអង្គុយលើ» ក្រែងលោមានទុក្ខដល់ខ្លួននៅថ្ងៃណាមួយ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ក្នុងន័យខាងលើនេះដដែល មានអ្នកអំនួតខ្លះបានយកពាក្យនេះមកនិយាយឡូឡាក្អេងក្អាងដាក់ បច្ចាមិត្តរបស់ខ្លួនដែរ ។ ដូចជាគេនិយាយថា «ម៉េច ! អញនៅស្ងៀមមិនមាត់ មិនក ប៉ុណ្ណឹងហើយ វានៅមិនសប្បាយចិត្តយ៉ាងម៉េចទៀត ។ នែវ៉ើយ ! កុំឃើញខ្លាក្រាប ថាខ្លាថ្វាយបង្គំឲ្យសោះ តិចថាមិនបានប្រាប់…» ។
ដើម្បីបង់បោយឲ្យបានត្រឹមត្រូវ បុព្វបុរសយើងប្រាប់ថា ត្រូវមើលប្រាណ គឺខ្លួនយើងនេះសិន… មើលឲ្យដឹងថាតើខ្លួនយើងនេះមានទំហំប៉ុនណា ? រួចហើយបង់បោយកុំឲ្យហួសពីទំហំខ្លួន ទើបលោកចាត់ថា «ត្រឹមត្រូវ ហើយល្អមើលផង… មិនឈ្លើយ… មិនឆ្គង» ។
នេះគ្រាន់តែជាពាក្យឧបមា ។ ឯរឿងសំខាន់គឺរឿង «ដាំជើងក្រានឲ្យប្រមាណឆ្នាំង» ។ តើពាក្យនេះសំដៅទៅលើអ្វី ?
ការរស់នៅរាល់ថ្ងៃ ត្រូវពឹងផ្អែកទៅការប៉ាន់ស្មានមួយដែលមានសុភវិនិច្ឆ័យជាក់លាក់ ។ «ជើងក្រាន ឬ ចង្ក្រាន» ចាត់ទុកជា «ថវិកាគ្រួសារ» ។ «ឆ្នាំង» សំដៅទៅលើគម្រោងការអ្វីមួយដែលបម្រុងធ្វើ ដូចជា បើកហាងលក់ដូរ ទិញដី ទិញផ្ទះ ។ល។ បើយើងមានប្រាក់ត្រឹមតែ ៥ ពាន់ដុល្លា រួចគិតបើកហាងមាសមួយដែលត្រូវការចំណាយ ៣០ ម៉ឺនដុល្លា… តើសុបិននេះអាចក្លាយជាការពិតដែរឬទេ ? «ដាំជើងក្រានត្រូវប្រមាណឆ្នាំង» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
មនុស្សនៅក្នុងគ្រួសារជាមួយគ្នារាល់ថ្ងៃ ឃើញមុខគ្នាព្រឹកល្ងាច តើមានអ្វីភ្លេចគ្នាកើត ។ ប៉ុន្តែបើគេនៅបែកគ្នា នៅឃ្លាតគ្នាយូរៗទៅ ខានឃើញមុខគ្នាយូរៗទៅ គេក៏ភ្លេចឃើញមុខគ្នា ។ ករណីនេះជាហេតុធ្វើឲ្យគេរសាយចិត្តបន្តិចម្ដងៗ ។ ទីបំផុតគេសឹងតែភ្លេចនឹកគិតដល់គ្នាសោះតែម្ដងដែរ ។
ឧទាហរណ៍ ៖ ស្ត្រីម្នាក់យំសោកបោកខ្លួន មានពេលខ្លះចង់ទៅធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនទៀតផងនៅពេលដែល ដឹងថា ប្ដីបានពលីនៅក្នុងសមរភូមិទៅហើយ ។ ប៉ុន្តែពីរបីឆ្នាំក្រោយមក ដោយខានឃើញមុខប្ដីយូរៗទៅ គេក៏ភ្លេចមុខប្ដីបន្តិចម្ដងៗ ឯចិត្តក៏រសាយបន្តិចម្ដងពីការនឹកនាដែរ រួចក៏តែងខ្លួនយកប្ដីមួយទៀតដោយសុវត្ថិភាពទៅហោង ។
ឯអំបែងដែលធ្លាប់តែលិច ពេលនេះត្រលប់ជាអណ្ដែតទៅវិញនោះ គឺលោកប្រៀបទៅនឹងមនុស្សអវិជ្ជាល្ងឹតល្ងង់ខ្លៅសុទ្ធសាធ ។ មនុស្សអប្បឥតប្រាជ្ញា ធ្លាប់តែរស់នៅជាស្រទាប់បាត ស្រាប់តែងើបឡើងខ្ពស់ត្រដែតសន្ធោសន្ធៅធំសន្ធឹក ភ្លេចអស់ញាតិមិត្ត ។
ការត្រលប់ធាតុដូចនេះ គេសង្កេតឃើញនៅក្នុងកាលអាកាសស្រុកកើតសង្គ្រាម ឬមានបដិវត្តន៍ ព្រោះនៅពេលបដិវត្តន៍ម្ដងៗសូម្បីតែចោរហារយសោះក៏ឡើងធ្វើធំសិន ដែរ ។
ហុតទឹកសម្លឹងកាក ទាញច្រវាក្រាក សម្លឹងត្រើយ
ន័យម្យ៉ាងវិញទៀត ពាក្យថា «ហុតទឹក» គឺធ្វើការដ៏តូចមួយ ហើយប្រាថ្នាផលធំ ឧទាហរណ៍ បុរសម្នាក់បានចាប់ចិត្តស្រលាញ់នារីម្នាក់យ៉ាងខ្លាំង ចង់បាននាងមកធ្វើជាប្រពន្ធរបស់ខ្លួន ។ គេចាប់ផ្ដើមអែបអបម្ដាយ‑ឪពុក និងបងប្អូនទាំងអស់របស់នាង ដោយទិញនេះ ឬទិញនោះយកមកឲ្យ ដោយជួយធ្វើការ ដោយប្រកាន់ចរិយាទន់ភ្លន់ តម្រូវចិត្ត ។ល។ ឬដោយវិធីផ្សេងទៀតដែលសុទ្ធតែឧបាយកលដើម្បីបន្ទន់ចិត្តគ្រួសារ ទាំងមូលឲ្យគេបាក់ចិត្តមកលើខ្លួន ហើយនៅទីបំផុត ខ្លួនអាចចូលទៅជិតនាងនោះបាន ។ អ្វីៗដែលបុរសនោះធ្វើ ចាត់ទុកជា «ហុតទឹក» ឯរឿង «សម្លឹងកាក» គឺ «ខ្លួននារី» នោះតែម្ដង ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ឧទាហរណ៍ ៖ មានមនុស្ស៣នាក់ នាំគ្នាទៅបេះផ្លែក្រូចនៅចម្ការរបស់គេ ដោយនឹកស្មានថា គ្មានអ្នកណាដឹង ។ ពេលនោះមានមនុស្សម្នាក់ឈ្មោះ «ក» បានទៅជាមួយដែរ តែគ្រាន់តែឈរមើលគេនៅក្បែរនោះ ។ កំពុងតែបេះ ក្រុមនគរបាលក៏មកដល់ ហើយចាប់មនុស្សទាំងអស់យកទៅឃុំឃាំងពីបទលួចបេះក្រូច ។ មនុស្សទាំង៣នាក់នោះធ្លាប់ទៅលួចបេះជាច្រើនដងហើយ ។
ក្នុងរឿងបែបនេះ មនុស្សឈ្មោះ «ក» មានឈ្មោះថា «បាបមិនឆ្អាបមាត់» ពីព្រោះគាត់មិនបានលួចក្រូច ហើយមិនបានទទួលទានក្រូចនោះសោះ ហើយត្រូវគេយកទៅឃុំឃាំងដូចអ្នកលួចដែរ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ប្រពន្ធដែលគេចាត់ទុកថា «ល្អ ឬ គ្រប់លក្ខណ៍» គឺសំដៅទៅស្រីណាដែល ៖
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
សម្លោកនេះនិយាយអំពីចរិតរបស់មនុស្សនាសតវត្សទី១៩ និងទី២០ ហើយនិងសតវត្សបន្តបន្ទាប់ទៅមុខ ។
«កោរសក់» ក្នុងទីនេះមិនត្រឹមតែមានន័យថា «កោរសក់ក្បាល» ចេញនោះទេ គឹមានន័យវែងឆ្ងាយជាងនេះទៅទៀត ៖
អត្ថន័យពេញលេញនៃពាក្យនេះ គេចង់និយាយថា សម័យនេះមានមនុស្សមួយចំនួនធំមិនព្រមយល់ថា តើខ្លួនជាជនថ្នាក់ណា ? ជាមនុស្សដែលអ្នកផងស្រលាញ់រាប់អាន ? ជាមនុស្សកំរោលឃោរឃៅ ? ជាអ្នកចេះ ? ជាអ្នកល្ងង់ ? ។ល។
ចំណែកអ្នកចេះដឹងពិតប្រាកដ ច្រើនជាមនុស្សសុភាពរាបសារ មិនចេះអួតអាង មិនចេះព្រោកប្រាជ្ញបែកពពុះមាត់ គ្មានខ្លឹមសារអ្វីសោះនោះទេ ។ អាកប្បកិរិយានេះនាំមនុស្សភាគច្រើនយល់ច្រឡំថាជាមនុស្ស «គ្មានដឹងអ្វីសោះ» រួចហើយ គេទុកមនុស្សនេះដែលជាមនុស្ស «គជា» ពិតៗថាជាកណ្ដុរទៅវិញ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
នៅពេលឈឺ «ជាពិសេសពេលឈឺធ្ងន់» មនុស្សតែងទៅបន់ស្រន់ទេព្ដា អារក្ស‑អ្នកតា នូវវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាងថា ឲ្យតែលោកជួយយ៉ាងណាឲ្យជាស្រឡះ… ខ្ញុំនឹងថ្វាយ «ដំរី» មួយសម្រាប់ធ្វើជាយានជំនិះជូនលោក ។
«ដំរី» គឺតំណាងវត្ថុយ៉ាងធំ យ៉ាងប្រណីតផុតលេខ… ឥតមានអ្វីធំជាងនេះទៀតទេ ។ នេះគឺជាពាក្យសន្យាដែលគេធ្វើឡើងក្នុងពេលឈឺធ្ងន់ ។
លុះដល់ជំងឺស្រន់ (ធូរស្បើយ) សូម្បីតែ «ពងមាន់មួយ» ក៏គាត់មិនចង់ថ្វាយដែរ (ស្ដាយ) ។
ដោយហេតុនេះទើប បុព្វបុរសខ្មែរបានចែងជាក្បួនមួយសម្រាប់អស់លោកដែលធ្វើជា «គ្រូមើលជំងឺ» ដែលគេតែងហៅថា «គ្រូហ្ម» នោះ យកទៅអនុវត្តដើម្បីទាញយកផលកម្រៃឲ្យបានងាយស្រួល ។ បើមិនធ្វើតាមក្បួននេះទេ គ្រូនោះប្រាកដជាបានទទួលត្រឹមតែ «ពងមាន់មួយ» ពីអ្នកជំងឺដែលខ្លួនព្យាបាលឲ្យបានជានោះ ។ ក្បួននេះមានដូចតទៅ ៖
មុននឹងចាប់ផ្ដើមព្យាបាលជំងឺអ្វីមួយ លោកគ្រូត្រូវប្រកាស ឬបញ្ជាឲ្យគេរៀបចំសក្ការៈដែលគេហៅថា «ដង្វាយគ្រូ» ជាមុនសិន ។ បើគ្មានដង្វាយគ្រូទេ ការខំប្រឹងប្រែងទាំងប៉ុន្មាននឹងក្លាយជាអសារបង់ ពីព្រោះ «ព្រះគ្រូ» ដែលជាតួព្រលឹងតាមថែរក្សាគ្រូជាអ្នកព្យាបាលផ្ទាល់នោះ មករារាំង ឬជំទាស់ មិនឲ្យជំងឺជាស្បះស្បើយទេ ។ រឿងនេះមានន័យថា លោកគ្រូដែលជាអ្នកព្យាបាលជំងឺ តែងមាន «ខ្មោច ឬព្រលឹង» មួយតាមជួយគាត់គ្រប់ពេលដែលគាត់ព្យាបាលជំងឺ ។ គឺព្រលឹងនេះហើយដែលគេហៅថា «ព្រះគ្រូ» ។ «ព្រះគ្រូ» ត្រូវការ «ទ្រនឹប» គឺដង្វាយ ។ គ្មានទ្រនឹប ព្យាបាលយ៉ាងណាក៏មិនជាដែរ ។ នេះគឺជាលក្ខន្តិកៈ ឬពិធីការដែលអ្នកជំងឺត្រូវតែបំពេញ មុននឹងលោកគ្រូចាប់ព្យាបាល ។ បើមិនធ្វើដូច្នេះទេ លោកគ្រូនោះមុខជាជួប «ពងមាន់មួយ ស្ដាយមិនខាន» ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ដូច្នេះ ការសាងសង់ ឬសន្សំនូវអំពីល្អ គេត្រូវប្រើពេលយូរដូចគ្នា ។ ប៉ុន្តែ គុណសម្បត្តិយ៉ាងធំនេះ បើមានគុណវិបត្តិមួយជ្រៀតចូលទៅ វានឹងធ្វើឲ្យរលាយគុណសម្បត្តិនោះអស់រលីងក្នុងរយៈពេលយ៉ាងខ្លី បំផុតដែរ ។ ប្រៀបដូចតំណក់ទឹកពណ៌ខ្មៅមួយតំណក់សម្រក់ចូលក្នុងទឹកថ្លាកន្លះ កែវ ទឹកថ្លានោះក៏ស្រអាប់ភ្លាម ។ ករណីនេះបញ្ជាក់ឲ្យឃើញថា អំពើល្អទោះបីជាមានច្រើនដល់ម្ល៉ា ក៏ចាញ់អំពើអាក្រក់ដែលមានតែបន្តិចបន្តួចដែរ ។
តើយើងគួរធ្វើយ៉ាងណា ? ចម្លើយយ៉ាងខ្លីៈ បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ សុំបិទមាត់ឲ្យជិត កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះប្រាប់មនុស្សម្នាក់ទៀតដើម្បីឲ្យគេជួយស្អប់ ។
មួយសប្ដាហ៍កន្លងផុតទៅ… រួចចូលសប្ដាហ៍ទី២… សប្ដាហ៍ទី៣ នៅតែឈឹង… អត់ទ្រាំមិនបាន ម្ចាស់បំណុលក៏សួរ «យ៉ាងណាទៅហើយរឿងប្រាក់៣ថ្ងៃនោះ ?» ។ កាលណាមានសំណួរ អ្នកខ្ចីភាគច្រើនបែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្តភាពក៏ចាប់ស្រាំ ឬបាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុលនៅពេលខ្វះខាតជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន ។ ការប្រកាន់ខ្ជាប់នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន ។ គប្បីចាំថា ភាពទៀងត្រង់នាំឲ្យយើងរស់បានយូរជាងការភូតកុហក ជាពិសេស ការភូតកុហកមិត្តសម្លាញ់ដែលមានសុឆន្ទៈចំពោះខ្លួន គឺជាបិទផ្លូវសម្រាប់ទៅរកសុខ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។
ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។
ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូតភរកុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ។ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង ។
គ្រូបង្រៀនតែងស្គាល់ច្បាស់នូវអត្តចរិតសិស្ស តាមរយៈសកម្មភាពសិក្សារបស់សិស្សគ្រប់ៗគ្នា ។ ព្រោះការបង្រៀនរបស់គ្រូ ប្រកបដោយនិយាមគរុកោសល្យ បូកផ្សំនឹងចិត្តសាស្ត្រផងនោះ ធ្វើឲ្យគ្រូឆាប់ចាប់បាននូវនិស្ស័យរបស់សិស្សដោយច្បាស់ប្រាកដ ណាស់ ។
អាស្រ័យហេតុនេះ គ្រូអាចមើលឃើញនូវវាសនាកម្ម អនាគតរបស់សិស្សម្នាក់ៗថា ជាយ៉ាងណាបានតាមរយៈអត្តចរិត និងសកម្មភាពសិក្សា ។ ដូចនេះគ្រូអាចទាយថា សិស្សនេះទៅថ្ងៃមុខនឹងក្លាយទៅជាអ្នកប្រាជ្ញ ឬកវី បណ្ឌិត ឬក៏មុជមិនជ្រៅទៅមិនឆ្ងាយ បានយ៉ាងច្បាស់លាស់ល្អណាស់ ។ ដូច្នេះ កូនសិស្សណាដែលគ្រូទាយថា យ៉ាងម៉េចហើយ ពុំសូវឃើញខុសទេ ។
ក្នុងសង្គមខ្មែរ ម្ដាយមាននាទីបីបាច់ថ្នាក់ថ្នមថែរក្សាកូន ចាប់តាំងពីកូនកើតមក មានការបញ្ចុកចំណីអាហារ ស្លៀកពាក់ ផ្ងូតទឹកជាដើម ។ល។ រហូតដល់កូនដឹងក្ដី ចេះស៊ីចុក ស្លៀកពាក់ ងូតទឹកខ្លួនឯង ។ ម្ល៉ោះហើយ អ្នកម្ដាយតែងបានកត់សម្គាល់នូវនិស្ស័យអត្តចរិតរបស់កូនម្នាក់ៗបាន យ៉ាងច្បាស់ ដូចជាគ្រូបង្រៀនដូច្នោះដែរ ។
ដូច្នេះ កូនប្រុសស្រីណាដែលអ្នកម្ដាយថា ទៅថ្ងៃក្រោយ កូនណាមានកំណើត ឬអត់កំណើតក៏ពុំសូវឃើញខុសដែរ ។
ម្យ៉ាងទៀត បើមានបងប្អូនជាគហបតី ហៅយើងឲ្យទៅនៅលេងបួនដប់ថ្ងៃ ។ គេផ្គត់ផ្គង់បាយទឹកគ្មានឲ្យខ្វះអ្វី ។ យើងមិនអាចនៅឲ្យគ្រប់ដប់ថ្ងៃបានដែរ ។ ផ្ទះគេស្អាតឥតខ្ចោះ ប៉ុន្តែបើយើងនៅយូរ យើងរឹតតែធុញថប់ក្នុងអារម្មណ៍ខ្លាំងជានិច្ចដែរ ។ ព្រោះផ្ទះគេមិនមែនជាផ្ទះរបស់យើងទេ ។ ផ្ទះគេស្អាតពេក ឥវ៉ាន់ប្រើប្រាស់ទំនើបទាន់សម័យ តែយើងមិនហ៊ានកាន់ ឬប៉ះពាល់ឲ្យពេញដៃជើងឡើយ ។
ដូច្នេះ ទីកន្លែងណាឲ្យតែរបស់គេ ទោះបីជាល្អប្រណីតយ៉ាងណាក៏ដោយ ក៏នៅតែមិនប្រសើរជាងខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះខ្ទមរបស់យើង ទោះយើងចង់ដេក ដើរ ឈរ អង្គុយ គ្រប់ឥរិយាបថ ក៏គ្មានខ្លាចក្រែងចិត្តអ្នកណា គឺមានសេរីភាពពេញបរិបូណ៌ ។ ត្រង់ការមានសេរីភាពពេញលេញ និងគ្មានខ្លាចអ្នកណា ហ្នឹងហើយជាសុភមង្គលរបស់យើង ដែលលោកហៅថា «គ្មានទីណាប្រសើរជាងផ្ទះយើងទេ» ។
ទុក្ខព្រួយដែលកើតមានដល់មនុស្សយើងមានច្រើនបែបខុសៗគ្នា ប៉ុន្តែទុក្ខព្រួយដែលគេច្រើន «ពឹងហោរ» ឲ្យជួយគន់គូរមើលឲ្យនោះ ភាគច្រើនទាក់ទងនឹង ៖
សម្ដី កាយវិការ សណ្ដាប់ធ្នាប់ សម្លៀកបំពាក់ លំនៅ ដំណើរដើរ បែបបទនៃឥរិយាបថទាំង៤… ទាំងអស់នេះអាចប្រាប់ឲ្យដឹងថា តើមនុស្សនោះជាមនុស្សធុនណា ? សប្បុរស ? ឃោរឃៅ ? ជួរជាតិ ? មានពូជ ? ឥតពូជ ? ជាអាចារ្យ ? ជាចោរ ?
មនុស្សដែលនៅក្នុងជំពូក «រាគចរិត» ច្រើនមានលក្ខណៈដូចតទៅនេះ ៖
«ភូតនៅហោរ» មានន័យថា ទំនាយដែលហោរបាននិយាយទាំងប៉ុន្មាននោះ ភាគច្រើនជាសម្ដីមិនពិត (ភូត) ជាសម្ដីស្មាន ជាសម្ដីផ្សែផ្សំទៅតាមលំនាំដែលគេបានដឹងខ្លះមកហើយ ដើម្បីឲ្យអ្នកស្ដាប់ស្ងើចសរសើរថា «ឆុតណាស់» ។
តាមការពិត មនុស្សម្នាក់ៗរស់នៅក្នុងអវិជ្ជា គ្មានអ្នកណាអាចដឹងបានថា តើនឹងមានរឿងអាក្រក់ល្អកើតឡើងដល់យើងនៅថ្ងៃស្អែក… សប្ដាហ៍ក្រោយ ខែក្រោយ… ឆ្នាំក្រោយ ។ល។ នោះបានទេ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
អ្នកលក់ផ្លែឈើម្នាក់ អង្គុយលក់ផ្លែក្រូចមួយកញ្ជើតាំងពីព្រឹកដល់ល្ងាច ។ ដូច្នេះ គេគួរលក់ផ្លែទៀប ល្មុត ល្ហុង ។ល។ ឲ្យបាន១០មុខទៀត ។
អ្នកលក់គ្រឿងទេសម្នាក់ លក់ឥវ៉ាន់ច្រើនមុខ ។ គេចំណេញមួយមុខបន្តិចមែន តែច្រើនមុខទៅគេបានចំណេញច្រើន ។
ដោយសាររូបសម្ផស្សស្រស់ស្អាតក៏ជាគ្រោះថ្នាក់មួយដែរ ។ ព្រោះអ្នកដែលមានលទ្ធភាព គេហ៊ានចំណាយធនធានដើម្បីរូបនាង ។ កាលបើចៀសមិនផុត នាងក៏ធ្លាក់ក្នុងអន្ទាក់ប្រាក់ ។ រួចពីអន្ទាក់មួយចូលទៅអន្ទាក់មួយទៀតជាបន្តបន្ទាប់គ្នា ។
អ្វីក៏ដោយ កាលណាគេត្រូវការប្រើប្រាស់ច្រើន រមែងតែងតែសឹករេចរឹល ត្រង់នេះត្រង់នោះជាមិនខាន ។ នេះជាបំណងរបស់ន័យដើមសុភាសិត ។ ឥឡូវនេះ ដើម្បីកុំឲ្យអាក្រក់ស្ដាប់ពេក គេប្រែសេចក្ដីថា «សឹកគូទសំពត់» ទៅវិញ ។
បើឃើញគេដល់នូវក្ដីអន្តរាយដោយប្រការណានីមួយ ឬធ្វើអ្វីដែលជាកំហុស ទោះជាគូសត្រូវក៏ដោយ លោកប្រាប់ថា កុំសាធុ កុំទះដៃ កុំផ្ដន្ទាថែម កុំអាលអរនឹងកំហុសរបស់គេ ។ ព្រោះកំហុសតែងរេចុះរេឡើង គ្មានអ្នកណាជៀសរួចទេ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។
បើមានគេសាទរ គឺគេអបអរពោលសរសើរគុណសម្បត្តិឯង លោកប្រាប់ថា កុំឲ្យឡើងជោរ ឡើងអំនួតក្អេងក្អាងថា ឯងគ្រាន់បើឲ្យសោះ ព្រោះពាក្យសរសើរ និងពាក្យនិន្ទានៅជិតគ្នាណាស់ ។ ម្ដងគេថាល្អ ម្ដងគេថាអាក្រក់ ។ ព្រោះលោកធម៌ដែលព្រះបរមគ្រូបានត្រាស់សម្ដែងមកថា វាជាគូៗគ្នា ដូចជា សុខគូនិងទុក្ខ ល្អគូនិងអាក្រក់ មានយសគូនិងឥតយស ។ល។
ហេតុនេះហើយបានជាលោកប្រាប់ថា បើឃើញគេខុសកុំអាលអរ ប្រយ័ត្នឯងខុសវិញម្ដង ។ បើគេសរសើរកុំអាលជោរ ប្រយ័ត្នគេជេរវិញម្ដង ។
ចំណែក «មារយាទសពូជ» បានសេចក្ដីថា ឫកពា ចរិត បែបបទ អាកប្បកិរិយា សម្ដីដែលមនុស្សម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬចង្អុលឲ្យគេដឹងថា តើមនុស្សនោះចេញពីវង្សត្រកូលធុនណា ? ទាបឬខ្ពស់ ? ចេះឬល្ងង់ ? ។ល។ ព្រោះថាតាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌ មនុស្សនោះភាគច្រើន តែងមានមារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រលាញ់ ។ ផ្ទុយពីនេះ កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា ? អ្នកអានអាចយល់រឿងនេះយ៉ាងច្បាស់ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ឯគ្នាដូចស្រមោច គឺគ្នាច្រើនពេក ។ កាលណាគ្នាច្រើនយ៉ាងនេះ រមែងតែងប្រចាំគ្នា ម្នាក់ប្រចាំម្នាក់ ម្នាក់ប្រចាំម្នាក់ ភ្លើងក៏រលត់អស់ទៅ ។ អន្សមក៏ឆៅ ទទួលទានមិនកើតដូចគ្នា ។
ម្យ៉ាងទៀត បើមានគ្នាច្រើនដូចស្រមោច ការងាររឹតតែរយីករយាកខ្លាំងណាស់ទៅទៀត ។ ព្រោះម្នាក់មើលបំណាំម្នាក់ ម្នាក់ទៀតមើលបំណាំម្នាក់ទៀត ។ មើលចុះ មើលឡើង កិច្ចការត្រូវទុកចោលកណ្ដាលផ្លូវ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីប្រាកដឡើយ ។ ករណីមិនចេះប្រមាណក្នុងការងារ ប្រចាំគ្នា និងមើលបំណាំគ្នា គេគ្មានបានទទួលលទ្ធផលអ្វីដូចគ្នា ។
ពាក្យខាងលើនេះ ដកស្រង់ចេញពីចម្រៀងរាំវង់ខ្មែរមួយបទ ជាចម្រៀងចាស់ឈ្មោះបទ «ទទាយំឆ្លង» មានលំនាំដូចតទៅ ៖
ដំណើរការរបស់ជីវិតទាំងពីរបែបនេះ គេហៅថា «យីអ៊ុន» ដែលជួនកាលគេហៅថា «រាសី» ត្រូវនឹងពាក្យអង់គ្លេសថា «Fate» ។
យីអ៊ុន ឬ រាសី គឺ ជាឥទ្ធិពលមួយដែលសម្រេចវាសនាឲ្យទៅមនុស្សម្នាក់ៗ ដោយមានកម្រិតពេលវេលាមិនអាចទាយទុកជាមុនបានឡើយ ។ ដោយសារឥទ្ធិពលសម្ងាត់នេះ ក៏កើតមានជាហោរាសាស្ត្រ មាននៅគ្រប់ប្រទេសទាំងអស់ក្នុងលោក ។ គ្មាននរណាអាចពន្យល់បានថា ហេតុអ្វីបានជាយីអ៊ុនចុះ ? ហេតុអ្វីបានជាយីអ៊ុនឡើង ? មិនអាចពន្យល់បានទេ ។
គេបានកត់សម្គាល់ជារឿយៗថា នៅពេលណាដែលមនុស្សណាម្នាក់ត្រូវយីអ៊ុនដាក់ ពពួក «អារក្ស» តែងចូលមកជួយជាន់កបន្ថែម ។
យោលទៅតាមដំណើរការណ៍ដែលធ្លាប់កើតមានជាហូរហែមក គេកត់សម្គាល់ឃើញថា នៅពេលណាដែលយីអ៊ុនដាក់ រឿងរ៉ាវជាច្រើនតែងកើតមានមួយហើយមួយទៀត ត្រួតៗគ្នា ដូចជាមិនចេះចប់សោះ ។ ឧទាហរណ៍ នៅឆ្នាំមួយនោះ ភ្លើងឆេះផ្ទះអស់រលីង ។ បន្ទាប់មកប្រពន្ធក៏ស្លាប់បាត់បង់ជីវិតដោយសារខ្យល់គ ។ បន្ទាប់មកទៀត ចោរលួចគោទាំងពីរ ហើយកូនប្រុសម្នាក់មានគ្រោះថ្នាក់បាក់ដៃ ដោយសារធ្លាក់ពីលើផ្ទះ… ។
រឿងអាក្រក់មួយហើយមួយទៀត កើតមានបន្តបន្ទាប់គ្នា ដូចរៀបរាបខាងលើ លោកឲ្យឈ្មោះថា «យីអ៊ុនដាក់ អារក្សធើ» ព្រោះជារឿងដែលគេមិនអាចពន្យល់បានថា ហេតុអ្វីបានជាកើតមានយ៉ាងនេះ ។
ក្នុងមួយជីវិតមនុស្សម្នាក់ៗ រមែងជួបប្រទះរឿងបែបនេះ ដោយហោចណាស់ម្ដង ឬក៏ពីរដងដែរ ។ គេបានណែនាំថា កាលណាមានរឿងធំបែបណាម្យ៉ាងកើតមានដល់គ្រួសារ គេគួរតែ «ចាប់ធ្វើការប្រយ័ត្ន» ជាបន្ទាន់ ព្រោះវាអាចមានបញ្ហាធំៗដុះចេញមកបន្តបន្ទាប់គ្នា ជាឈុត ក្នុងពេលដ៏ខ្លី… ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ប៉ុន្តែគោលបំណងរបស់លោកពុំមែនហាមតែ ខែពិសាខ និងកត្តិកទេ គឺលោកចង់និយាយម្ដុំខែពិសាខ មានខែជេស្ឋ អាសាធ ស្រាពណ៍ ឯម្ដុំខែកត្តិកមានខែភទ្របទ អស្សុជ…
កាលជំនាន់ដើម បើគេអនុវត្តតាមពំនោលនេះ គេច្រើនបានសមបំណងមែន តែមិនប្រាកដជាត្រូវទាំងអស់ទេ ។ ព្រោះជួនកាលមានភ្លៀងអាណាធិបតេយ្យមិនគោរពប្រក្រតីទិនដែរ ។
លុះដល់សម័យវិទ្យាសាស្ត្រជឿនលឿន អ្វីៗក៏ត្រូវប្រែប្រួលអស់ហើយ ។ ដូច្នេះ កំណត់ចំណាំខាងលើនេះក្លាយទៅជាតម្រាប្រចាំសម័យកាលអស់ហើយ ដូចយ៉ាង ពាក់កណ្ដាលទសវត្សរ៍៨០ ខែចេត្រធ្លាប់តែក្ដៅសោះ ស្រាប់តែអាកាសធាតុត្រជាក់រងា៤ថ្ងៃ ដូចខែកត្តិក ធ្វើឲ្យឆ្កែនាំគ្នាច្រឡំលាន់ ។
នៅក្នុងគ្រួសារខ្លះ ប្រពន្ធខឹងនឹងប្ដីខ្លាំងពេក តែមិនហ៊ានវាយប្ដីទេ បែរជាសំពងម៉ូតូដែលគ្នាឥតដឹងអីសោះ ជួនកាលបោកចាន បោកឆ្នាំងខ្ទេចអស់ ។
រីឯអ្នកនយោបាយដែលមានចំណេះវិជ្ជាខ្ពស់ សមត្ថភាពខ្ពស់ កាលណាធ្វើនយោបាយកាន់តែយូរទៅកាន់តែមានបទពិសោធន៍ ល្បិចកលច្រើនដែលគេហៅថា អ្នកនយោបាយជើងចាស់ មានសមត្ថភាពគ្រប់គ្រាន់ ដូចខ្ញីកាន់តែចាស់កាន់តែហឹរ អីចឹងដែរ ។ គឺគេមានមធ្យោបាយដឹកនាំប្រទេសឲ្យដើរទាន់សភាពការណ៍សកលលោក គ្រប់ចង្វាក់នយោបាយអន្តរជាតិ ។ ប្រសិនបើមានអតិផរណាកើតឡើង គេមានសមត្ថភាពគ្រប់គ្រាន់នឹងទប់ស្កាត់ បើមិនបានមួយរយភាគរយក៏ក្បែរៗដែរ ។
ឯអ្នកនយោបាយដែលគ្មានចំណេះវិជ្ជាជាមូលដ្ឋាន មានតែអំនួត និងវោហារប្រាជ្ញាព្រោកបែកពពុះមាត់ ទោះធ្វើនយោបាយមួយរយឆ្នាំ ប្រទេសជាតិក៏គ្មានរីកចម្រើនដែរ ។
ដូច្នេះ សិស្សមិនត្រូវខ្លាចញញើតញញើមនឹងតាំងសំណួរចំពោះគ្រូទេ ព្រោះតែល្ងង់ហើយបានជាសួរដើម្បីឲ្យចេះឡើង ព្រោះតែមិនចេះហើយ បានជាសួរដើម្បីឲ្យបានដឹង បានយល់ឡើង ។ ហេតុនេះសិស្សណាដែលខ្មាសមិនហ៊ានសួរគ្រូ ច្បាស់ជាអាប់ប្រាជ្ញាហើយ ។
ឯប្ដីណាដែលចេះតែខ្មាសប្រពន្ធឯងនោះ ដោយមិនហ៊ានទៅក្បែរគេ ប្ដីនោះច្បាស់ជាគ្មានកូនហើយ ។
មនុស្សពីរនាក់នៅធ្វើការក្រោមបញ្ជាចៅហ្វាយម្នាក់ ។ អ្នកទីមួយ ជាអ្នកប្រាជ្ញ (អ្នកចេះដឹង) ។ គាត់ជាមនុស្សសាច់ការ ស្មោះត្រង់ ខុសថាខុស ត្រូវថាត្រូវ ម៉ត់ចត់ ។ មនុស្សទីពីរ គ្មានការចេះដឹងអ្វីទេ ចៅហ្វាយបញ្ជាយ៉ាងណា ធ្វើយ៉ាងនោះ ស្របរហូត ប្របរហូតគ្រប់ពេលវេលា គ្មានដែលជំទាស់ម្ដងណាឡើយ ។
តាមសម្លោកនេះ មនុស្សដែលចៅហ្វាយពេញចិត្តជាងគេគឺមនុស្សទីពីរនេះឯង មិនមែនមនុស្សដែលមានចំណេះជ្រៅជ្រះនោះទេ ។ នេះជារឿងមនុស្សលោកទូទៅទាំងអស់ ។ ដោយហេតុនេះហើយបានជាមានមនុស្សច្រើនណាស់ដែលជួនកាលមិនទាំងចេះ អានអក្សរផង រួចឡើងធ្វើជាចៅហ្វាយនាយ ត្រួតលើអ្នកចេះ ច្រងេងច្រងាង បាយបិណ្ឌជាបាយបាត្រ លើជាក្រោម ដល់នូវក្ដីមហន្តរាយទូទាំងនគរ ។
រវាងមនុស្សទាំងពីរប្រភេទនេះ «អាឡេមឡឺម» ត្រូវបានទទួលការពេញចិត្តពីចៅហ្វាយជាងអាម្នាក់ទៀតដែលបាក់ស្លឹកត្រចៀកខ្លបនោះឯង ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ហេតុនេះហើយបានជាបុរាណលោកពោលលើកទឹកចិត្តផង ជំរុញចិត្តឲ្យក្លាហានផង ។ ព្រោះបើបានចូលទៅជិតអ្នកធំម្ដងហើយ ថ្ងៃក្រោយលែងសូវខ្លាចញញើតញញើមទៀតហើយ ព្រោះបានអ្នកធំស្គាល់ ។ ប៉ុន្តែករណីនេះ និយាយបានតែចំពោះមនុស្សទេ ។ ចំពោះសត្វខ្លា ដំរី បើខ្លាចកុំចូលជិតឲ្យសោះ បើហ៊ានប្រថុយចូល ច្បាស់ជាបានខ្លាកកេរហើយ ។
ក្នុងពេលជាមួយគ្នានេះ ចំណីអាចឲ្យយើងឈឺៈ ចុកពោះ រាក មួល ឈឺក្បាល ពុល ប្រកាច់ ឈឺក្រពះ ខូចសួត ខូចថ្លើម ព្រិលភ្នែក ឈឺធ្មេញ ខូចសម្ភស្ស បាត់បង់រូបឆោម បាត់បង់ប្រាជ្ញា កោងកាច ។ល។
ដោយហេតុនេះ បើអ្នកស្រលាញ់ខ្លួន តោងប្រយ័ត្នចំណី ។ មុននឹងបរិភោគចំណីអ្វីមួយ គួរពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន ។ សុំអានសៀវភៅដែលណែនាំយើងឲ្យយល់ពីអាហារផ្ដល់សុខភាពល្អ ។
បើអ្នកស្រលាញ់ស្រី តាមសម្លោកនេះ អ្នកត្រូវតែមានខន្តី មានអំណត់ មិនខឹងនឹងប្រតិកម្មនានាដែលកើតមានឡើងដោយសារសកម្មភាពរបស់អ្នកទៅ លើនាងនោះ ។ ជាធម្មតា ស្ត្រីតែងមានការអៀនខ្មាស ហើយមិនងាយទទួលនូវការសុំសេចក្ដីស្នេហាដោយងាយៗនោះទេ ។ ប្រតិកម្មនានាដែលជួនកាលប្រកបដោយភាពជូរល្វីងផង អាចនឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរកទំនាក់ទំនងឃើញ ។
ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រីឲ្យមានភាពទន់ភ្លន់ ទឹកចិត្តអាណិត ខឹងឆាប់រសាយ ហើយស្រលាញ់វាចាផ្អែម ។ បើអ្នកស្រលាញ់ស្ត្រីណាម្នាក់ អ្នកអាចជួបប្រទះនឹងការឆ្លើយតបដែលអាចធ្វើឲ្យអ្នកខឹង តូចចិត្ត អស់សង្ឃឹម ។ តែកុំភ្លេចពាក្យបុរាណប្រដៅថា «ត្រូវស្ងួនចិត្ត» ដែលមានន័យថា ត្រូវកាន់ចិត្តអត់ធ្មត់ កុំច្រឡោតខឹងព្រោះតែសម្ដីទ្រគោះនោះឲ្យសោះ ។ ហើយក្នុងពេលជាមួយគ្នានោះ សុំកុំលះបង់សេចក្ដីព្យាយាម ដោយប្រើគ្រប់មធ្យោបាយនោះ អ្នកនឹងបានសម្រេចដូចបំណងនៅគ្រាអវសាន ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
តាមការដែលគេសង្កេតហូរហែមក អ្នកមានទ្រព្យសម្បត្តិ ច្រើនមានចរិតម្យ៉ាងដែលគេហៅថា «ក្រអឺក្រទម» ដែលមានន័យថា មិនដាក់ខ្លួន វាយឫកធំ មើលងាយគេ កោង ពើងទ្រូង សម្ដីថ្លោស ក្អេងក្អាង… ។
មិនជាការប្លែកអ្វីទេ អ្នកមានមើលងាយអ្នកក្រ អ្នកក្រមិនចូលចិត្តអ្នកមាន ។ អ្នកចេះមើលងាយអ្នកល្ងង់ ហើយអ្នកល្ងង់ស្អប់អ្នកចេះ ។ អ្នកធំសង្កត់សង្កិន ជិះជាន់រាស្ត្រ ហើយរាស្ត្រស្អប់នាម៉ឺន ។ល។ នេះគឺជារឿងធម្មតារបស់មនុស្ស ជាពិសេសរបស់ខ្មែរដែលមានមករាប់រយពាន់ឆ្នាំមកហើយ ដោយគ្មានការកែប្រែអ្វីសោះឡើយ ។
សម្អប់ដែលកើតមានឡើងរវាងមនុស្សមានឋានៈខុសគ្នាដូចដែលបាន រៀបរាប់ខាងលើ បានទាក់ទាញចិត្តបុព្វបុរសដែលមើលឃើញនូវការបាត់បង់សាមគ្គី និងក្ដីវិនាសអន្តរាយកើតមកពីសម្អប់នេះ ទើបចែងជាពាក្យព្រមានឲ្យយើងគ្រប់គ្នាចាំថា ជីវិតពោរពេញទៅដោយការប្រែប្រួល… ម្ដងជាអ្នកក្រ… ម្ដងជាអ្នកមាន… ម្ដងធ្វើលោកធំ… ម្ដងធ្វើលោកតូច ។ល។
ទោះបីយ៉ាងណា តាមការអង្កេតរបស់បុព្វបុរសយើង លោកមើលឃើញថា ទុគ៌តភាពច្រើនចប់នៅត្រឹមជួរទី៣នេះឯង បានសេចក្ដីថា ការប្រែប្រួលច្រើនចាប់ផ្ដើមនៅជួរទី៣នេះ ។
ដោយហេតុនេះ អ្នកមាន ឬអ្នកធំ មិនគួរពើងទ្រូង កាច់ឫក កាច់រាង ក្រអឺតក្រទម កោងកាចដាក់អ្នកក្រ ឬអ្នកតូចតាចនោះទេ ព្រោះថ្ងៃនេះអ្នកមានវាសនាល្អ ប្រយ័ត្នថ្ងៃស្អែកមានការប្រែប្រួលកើតឡើង តើអ្នករត់គេចទៅទីណាដើម្បីឲ្យផុតពីពពួកមនុស្សដែលអ្នកមើលងាយ នោះ ?
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
រនុកក្នុងនេះ ជួនជាអ្នកបម្រើក្នុងផ្ទះ ឬក្នុងអង្គភាព ។ ជួនជាកូនក្មួយ ឬសាច់ញាតិ ឬក៏ជាបុគ្គលិកក្នុងអង្គភាព ។ កាលបើរនុកក្នុងផ្ដល់ព័ត៌មានបានល្អ ពួកវាក៏វាយលុកចូលយ៉ាងជោគជ័យ ។
ឯរឿងនយោបាយ អ្នកដឹកនាំដ៏ឆ្លាតវៃក៏អនុវត្តតាមរូបមន្តនេះដែរ ។ ដូចជា គេចង់ចូលវាយលុកបន្ទាយខ្មាំង គេត្រូវរករនុកក្នុងឲ្យបានទើបវាយលុកចំៗគោលដៅតែម្ដង ។
ឪពុកម្ដាយជាអ្នកឲ្យកំណើត និងជាអ្នកចិញ្ចឹមជីវិតឲ្យរស់ គ្រាន់តែជាឧបករណ៍សម្រាប់ទ្រទ្រង់ឲ្យមានអត្តភាពគង់នៅ ។ ដូចនេះ គ្រប់សកម្មភាព គឺខ្លួនឯងជាអ្នកធ្វើដើម្បីឲ្យជាទីពឹងដល់ខ្លួនឯង ។ បើខ្លួនឯងមិនធ្វើ ឈ្មោះថា ពំនឹងសម្រាប់ខ្លួនពុំមាន ។
សរុបសេចក្ដីមក ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃក្រៅពីខ្លួន គឺជាឧបករណ៍ ។
ម្យ៉ាងទៀត ខែរះឆ្លងផ្លូវ លោកបានឲ្យន័យមួយបែបទៀតថា ខែពេញវង់ឆ្លងពីផ្លូវមួយទៅផ្លូវមួយទៀតគ្រប់ផ្លូវទាំងបី ឬថាថ្ងៃ១៥កើត ខែពេញបូរមី ជាថ្ងៃចប់ផ្នែកខាងខ្នើតឆ្លងចូលថ្ងៃ១រោច ខែងងឹតជាថ្ងៃដើមផ្នែកខាងរនោច ។
កាលណោះមហាជនក៏បានស្គាល់ព្រះអង្គ និងបានថ្វាយព្រះនាមព្រះអង្គថា «ព្រះសាក្យមុនី» ដែលមានន័យថា «អ្នកប្រាជ្ញក្នុងត្រកូលសាក្យៈ» ។ លោកប្រៀបថា «ពតាដើរលេង» ។
ឃើញដូច្នេះ បូកជាមួយនឹងសម្ពាធច្រើនទៀត ពីសន្និសីទអន្តរជាតិនៅហ្សឺណែវ បារាំងក៏ព្រមចាកចេញពីកម្ពុជាក្នុងឆ្នាំ១៩៥៤ ។ ត្រង់ចំណុចនេះហើយដែលគេនិយាយថា «ខ្មែរដេញបារាំងនឹងកាំភ្លើង…» ។ ឯពាក្យបន្ទាប់ «ចិនដេញយើងនឹងអាចម៍» មានន័យដូចតទៅនេះ ៖
កាលជនជាតិចិនមករស់នៅលើទឹកដីខ្មែរជាលើកដំបូង ពួកគេច្រើនជួលដីខ្មែរ សង់កូនផ្ទះមួយ រស់នៅក្បែរផ្ទះខ្មែរដែលជាម្ចាស់ដី ។ របរចិញ្ចឹមជីវិតគឺ ដាំបន្លែ និងចិញ្ចឹមជ្រូកយកសាច់លក់ ។ ជ្រូកបង្កើតកូនចៅយ៉ាងរហ័ស រស់នៅក្នុងទ្រុងមួយ ដែលជួនកាលដោយសារទ្រុងនោះមិនជិតល្អ សត្វនោះក៏ចរយាត្រា ដើរឈ្មុសដីអ្នកជិតខាង ហើយទម្លាក់អាហារចាស់ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ ចោលក្លិនអាក្រក់គ្រប់ពេលវេលា ។ ខ្មែរទ្រាំមិនបាន ហើយមិនចង់ឈ្លោះ ក៏សុខចិត្តដើរចេញ ទៅនៅកន្លែងផ្សេងទៀត ឲ្យឆ្ងាយពីខ្លិនអសោចទាំងនោះ ។ កន្លងយូរមក ចិនចេះតែដើរវាតលំនៅដ្ឋានរបស់ខ្លួន ដោយពង្រីកទ្រុងជ្រូក… ហើយដេញខ្មែរឲ្យរុះផ្ទះម្ដងមួយៗ ដោយប្រើ «អាចម៍ជ្រូក» ជាអាវុធ ។
គេតែងសម្គាល់ឃើញថា ជាទូទៅមនុស្សដែលមានកាយវិការកំពូលអួតនោះ មិនដែលធ្វើអ្វីបានកើតទេ ។ ដូចជា មនុស្សខ្លះ អួតអាងខាងវាយកាប់ចាក់គ្មានអ្នកណាស្មើ ។ ប៉ុន្តែបើមានអ្នកខ្លាំងមកតតាំងតបវិញ ស្រាប់តែបាក់អំនួតបន្ថយសំឡេង រហូតដល់គេចខ្លួនបាត់ស្រមោលតែម្ដងក៏មាន ។
ករណីទាំងបីខាងលើនេះ លោកពោលថា រលាយអសារបង់ គឺគ្មានបានផលល្អទេ ។ ពីព្រោះវេលាខ្លីណាស់ទៅហើយ ធ្វើអ្វីក៏ពុំទាន់ដែរ ។ ម្យ៉ាងទៀត របស់បាត់អស់ហើយ ទើបចាក់សោរ ឬមនុស្សស្លាប់បាត់ទៅហើយ ទើបនាំយកទៅមន្ទីរពេទ្យ តើមានប្រយោជន៍អ្វីទៀត ។
«ថាំង» គឺជាទំហំរង្វាល់មួយដែលមានចំណុះស្មើនឹង២តៅ ។
ខ្មែរ កាលណាវាល់ត្រូវគេយកពាក្យ «តៅ» ឬ «ថាំង» នេះមកប្រើ ។ បើចំនួនតិចជាងមួយថាំង គេប្រើពាក្យ «តៅ» ដូចជាគេនិយាយថា ស្រូវ១តៅ ១តៅកន្លះ ។ កាលណាចំនួនហួសពី២តៅ គេប្រើពាក្យ «ថាំង» វិញ ។ មួយថាំងមានពីរតៅ ។
សុភាសិតខាងលើនេះ ពោលសំដៅទៅលើរឿងស្រលាញ់ដែលជីដូនជីតាភាគច្រើនមានទៅលើចៅរបស់ ខ្លួន ។ ទៅលើកូនផ្ទាល់ ការស្រលាញ់របស់មាតាបិតាមានទំហំត្រឹមតែ «មួយតៅ» ។ លុះដល់បានចៅ មាតាបិតាតែងមានចិត្តស្រលាញ់ចៅដល់ទៅ «មួយថាំង» មានន័យថា ទំហំនៃការស្រលាញ់កើនដល់ទៅ២ដង ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
រីឯចង្កូតយាន ទាំងអស់ ទោះជើងទឹក ជើងគោក និងជើងអាកាស សុទ្ធតែមិននៅនឹងតែមួយចំណុចទេ ។ ព្រោះចង្កូតនេះសម្រាប់បត់បែនយានឲ្យទៅតាមកំណោងផ្លូវ ឬទៅតាមទិសដៅដែលគេចង់ទៅ ។ ទោះផ្លូវត្រង់ណាក៏ដោយ ក៏គេកាច់ចង្កូតទៅឆ្វេងទៅស្ដាំបន្តិចៗជានិច្ចដើម្បីទប់លំនឹង ល្បឿនយាន ។
រីឯអ្នកដឹកនាំរដ្ឋ ឬអង្គភាព បើមិនចេះបត់បែនឲ្យត្រូវតាមកាលៈទេសៈទេ ។ ប្រទេសជាតិ ឬអង្គភាពនឹងប៉ះទង្គិចនឹងអ្វីដែលកើតឡើងជាយថាហេតុមិនខាន ។ អ្នកដឹកនាំល្អ និងឆ្លាតវាងវៃ តែងបត់បែននយោបាយឲ្យបានមុនសភាពការណ៍ដែលបម្រុងកើតឡើងជានិច្ច ។
ម្យ៉ាងទៀត ឪពុកម្ដាយខ្លះជាមនុស្សអវិជ្ជា ប្រព្រឹត្តតែអំពើថោកទាប មានការឆក់ កាប់សម្លាប់គេជាដើម ។ ឪពុកម្ដាយប្រភេទនេះ មិនបានអប់រំកូនទាល់តែសោះ ។ ម្ល៉ោះហើយ កូនក៏ក្លាយជា «អវជាតបុត្ត» មិនខាន គឺកូនដែលអាក្រក់ជាងឪម៉ែទៅទៀត ។
កោរសក់កុហកព្រះ
និយមន័យៈ ជ្រកក្រោមទង់សាសនាដើម្បីរកស៊ី ។
គេឃើញជនមួយចំនួនទៀត ធ្វើសកម្មភាពជាលោកអាចារ្យ ឬតាជី យាយជី ដើរកាន់ក្រដាសកម្មវិធីបុណ្យតាមតែប្រទះវត្តណាក៏បាន ។ ជននេះតែងយកលេសថា អង្គាសបច្ច័យយកទៅកសាងព្រះវិហារវត្តនេះវត្តនោះ ។ ជួនកាលគេកាន់ក្រដាសកម្មវិធីហួសកាលបរិច្ឆេទទៀតផង ។ ជនខ្លះទៀត គឺជាលោកអាចារ្យមែនទែនតែម្ដង ។ ប៉ុន្តែមានមួយចំនួនតូច ឆ្លៀតកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនដែរ ។
មានស្រមណ៍កំណោរមួយចំនួនទៀត កោរសក់បួសក្នុងសាសនាទៅហើយ តែឆ្លៀតរកស៊ីក្រោមទង់សាសនាដែរ ។ ដូចជា ធ្វើគ្រូស្រោចទឹក ធ្វើខ្សែចង្កេះ ខ្សែគាថាឲ្យរកស៊ី ឲ្យឡើងបុណ្យស័ក្តិ ។ល។ មានសង្ឃខ្លះទៀត ធ្វើកន្សែងស្នេហ៍ មន្តអាគមអូមអាម កាប់មិនមុតដុតមិនឆេះ ។ល។
អាចារ្យខ្លះ សង្ឃខ្លះ បើមានគេអញ្ជើញ ឬនិមន្តទៅសូត្រមន្តរំដោះគ្រោះ លើករាសី តែងតែសម្លឹងមើលអ្នកដែលមក តើមានឬក្រ មានឡានថ្មីថ្លៃៗឬចាស់ ។ បើអ្នកមាន និងជាពិសេសឡានថ្មី មានតម្លៃខ្ពស់ គេរៀបចំខ្លួនយ៉ាងរហ័ស ។ បើឡានចាស់ ឬថ្មើរជើង គេរាងច្រិមច្រុមបន្តិច ជួនមិនទៅតែម្ដង ដោយប្រាប់ថា ជាប់រវល់ ឬមិនស្រួលខ្លួន ។
អ្នកកោរសក់ដូចករណីខាងលើនេះ សុទ្ធតែបោកប្រាស និងកោរសក់កុហកព្រះទាំងអស់ ។
ភាគីទី១ កំពុងតែខឹងក្រេវក្រោធស្រាប់ផង លុះឃើញគេមកតតាំងដូចនេះ វិស័យដូចសាំងមកជះលើភ្លើងឆេះព្រៃ ។ កំហឹងទល់កំហល់បែបនេះ ទីបំផុតក៏ក្លាយទៅជាសោកនាដកម្មយ៉ាងសាហាវ មានស្លាប់មានរស់គួរឲ្យតក់ស្លុត យ៉ាងហោចណាស់ ក៏មានភាគីណាមួយដឹកចូលមន្ទីរពេទ្យជាមិនខាន ។
គ្រូក្បាច់គុនម្នាក់ បានបង្រៀនក្បាច់គុនដល់សិស្សឲ្យចេះសព្វគ្រប់ទាំងអស់ ។ លុះចេះសព្វគ្រប់ស្នៀតអស់ហើយ សិស្សនោះក៏សុំសាកល្បងជាមួយគ្រូដើម្បីពិសោធនូវចំណេះរបស់ខ្លួន ។ ការប្រយុទ្ធសាកល្បងរវាងគ្រូ និងសិស្សក៏ចាប់ផ្ដើម ។ លុះប្រយុទ្ធបន្តិចទៅ ដោយគ្រូមានវ័យចាស់ខ្សោយកម្លាំងផងនោះ ក៏រាងទន់ដៃជាមួយសិស្សរបស់ខ្លួនដែលកំពុងពេញកម្លាំង ។ ទីបំផុតគេឃើញគ្រូអុកគូទដោយសារល្បិចស្នៀតខ្លួនឯងដែលបង្រៀនឲ្យទៅ សិស្ស ។ ហេតុនេះហើយបានជាគ្រូពីដើមមួយចំនួន ចេះតែលាក់ល្បិចស្នៀតខ្លះទុកគ្រាន់ការពារខ្លួន ។
បឹង ក្នុងពេលនេះ លោកប្រៀបដូចជាទីជម្រក ឬមាតាបិតា អាណាព្យាបាល ។
មនុស្សអកត្តញ្ញូ រមែងបំភ្លេចនូវឧបការគុណ អ្នកដែលធ្លាប់ចិញ្ចឹមស្ងួនគ្រង ឬអ្នកធ្លាប់ឧបត្ថម្ភខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នកខ្លះកាលនៅក្រីក្រ ឬនៅរៀន តែមកជ្រកកោនដោយវត្តអារាម ឬជ្រកកោនក្រោមការឧបត្ថម្ភពីសំណាក់សប្បុរសជនណាម្នាក់ ។ លុះដល់រៀនចប់ មានមុខងារជាមន្ត្រី ឬបានប្រកបអាជីពយ៉ាងសមរម្យហើយ ស្រាប់តែភ្លេចវត្តអារាមដែលជាជម្រកធ្លាប់ផ្ដល់នូវភាពសុខសាន្ត ភ្លេចអ្នកមានគុណដែលធ្លាប់ជួយទំនុកបម្រុង ហើយបែរទៅស្ម័គ្រស្មាគមនឹងអ្នកថ្មី ។ អាក្រក់ជាងនេះទៅទៀត អ្នកខ្លះបែរមកប្រទូស្តនឹងជម្រកចាស់ ឬអ្នកឧបត្ថម្ភចាស់ទៀតផង ។
ឧទាហរណ៍ៈ ក្មេងវត្តខ្លះ ពេលឈប់រៀនក៏ទៅធ្វើបដិវត្ត រួចបែរមកបំផ្លាញវត្ត រុះកុដិ វិហារចោល ចាប់ព្រះសង្ឃផ្សឹកអស់ ។
កូនអកត្តញ្ញូដែលភ្លេចគុណមាតាបិតា ក៏លោកចាត់ទុកថា ជាក្រពើវង្វេងបឹងដែរ ។
នៅប្រទេសខ្មែរ ពីដើមមក ក្នុងភូមិនីមួយៗ គេច្រើនស្គាល់គ្នាទៅវិញទៅមក មិនសូវចន្លោះទេ ។ មនុស្សណាល្អ មនុស្សណាអាក្រក់… គេស្គាល់មុខទាំងអស់ ។ ស្រីណានៅក្រមុំ ស្រីណាអស់ភាពក្រមុំ… គេដឹងទូទៅ ។ ដូច្នេះ កំលោះអាចជ្រើសរើសយកនារីណាម្នាក់ដែលរស់នៅក្នុងភូមិជាមួយ ជា «ផ្កាក្រពុំ» ពិតៗ មកធ្វើជាភរិយា ដោយមិនខុសបំណងឡើយ ។
ផ្ទុយទៅវិញ បើបុរសណាម្នាក់ទៅការប្រពន្ធនៅភូមិដទៃ ឆ្ងាយពីភូមិរបស់ខ្លួន បុរសនោះច្រើន «បាយដែលរុយ» មានន័យថា ប្រពន្ធនោះមានគេធ្លាប់រួមរក្សរួចទៅហើយ ។ ព្រោះហេតុអ្វី ? ពីព្រោះគេមិនអាចធ្វើការស៊ើបពិនិត្យមនុស្សដែលនៅឆ្ងាយពីភូមិរបស់ យើងឲ្យបានដឹងច្បាស់លាស់ ដូចយើងស្គាល់មនុស្សក្នុងភូមិរបស់យើងនោះទេ ។
នេះជាអត្ថន័យរបស់សុភាសិត «ប្រពន្ធស្រុកឆ្ងាយ ច្រើនបាយដែលរុយ ឬដែលគេ» ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
បុរសម្នាក់ទើបនឹងការប្រពន្ធរួចថ្មីៗ ។ ព្រឹកមួយ បុរសនោះទៅបត់ជើងក្នុងព្រៃក្រោយផ្ទះ ក៏ប្រទះឃើញកូនពាងមួយពេញដោយមាស ។ បុរសនោះក៏កាយដីកប់ទុក ។ ពេលមកដល់ផ្ទះ គេមិនហ៊ានប្រាប់ការណ៍ពិតដល់ប្រពន្ធទេ ខ្លាចនាងបិទមាត់មិនជិត ។ រួចគេក៏និយាយប្រាប់ប្រពន្ធថា នាងអើយព្រឹកមិញ ខ្ញុំបត់ជើងក្រោយផ្ទះ ស្រាប់តែមានក្អែកមួយហើរចេញពីគូទខ្ញុំ ។ ចូរនាងកុំនិយាយប្រាប់អ្នកណាឲ្យសោះ ។ ប្រពន្ធគិតថារឿងនេះចម្លែកណាស់ មិនអាចនៅស្ងៀមបាន ក៏ទៅទម្លាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា ប្ដីខ្ញុំបត់ជើងចេញក្អែកពីរ ។ មិត្តនោះនិយាយបន្តថា ចេញក្អែកបី ។ ការនិយាយប្រាប់គ្នាបន្តបែបនេះ បានកើនចំនួនឡើងដល់ដប់ ។
រឿងនេះមិនស្ងាត់ ក៏ទ្រង់ជ្រាបដល់ព្រះមហាក្សត្រ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យនាំបុរសនោះចូលមកគាល់ ។ ព្រះអង្គត្រាស់ដណ្ដឹងសួរបុរសនោះ ។ លុះទ្រង់ព្រះសណ្ដាប់ហើយ ក៏ឈ្វេងយល់ថា បុរសនេះមានប្រាជ្ញាឆ្លាតវាងវៃណាស់ ចេះពិសោធរកកម្លាយដែលនិយាយតៗគ្នា ។ ព្រះអង្គក៏ត្រាស់បង្គាប់ឲ្យរាជបុរសទៅនាំយកពាងមាសនោះ មកដាក់ក្នុងឃ្លាំងព្រះរាជទ្រព្យ រួចតែងតាំងបុរសនោះជាមន្ត្រីគ្រប់គ្រងឃ្លាំងជារៀងរហូតមក ។
ដូច្នេះ ដើម្បីលើកទឹកចិត្តខ្លួនឯង គេក៏ពោលថា មេម៉ាយក៏ស្រីដែរ គឺស្រីដូចតែគ្នា បង្កើតកូនបានដូចតែគ្នា ។
ក្នុងសាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា គេជឿថា ព្រះឥសូរជាអ្នកបង្កើតលោក គឺជាបង្កើតទឹក ដី ភ្លើង ខ្យល់ និងមនុស្សសត្វទាំងអស់ ។ ព្រះឥសូរមានគុណលើមនុស្សលោកច្រើនលើសលុប មិនអាចរកអ្វីមកសងគុណនោះបានឡើយ ។
បើយើងធ្វើដំណើរទៅអង្គរវត្ត ហើយហួសទៅដល់អង្គរធំ យើងនឹងបានឃើញប្រាសាទតូចធំជាច្រើន ។ នៅក្នុងប្រាសាទច្រើនមានថ្មមួយដុំមានរាងស្រដៀងអង្រែសម្រាប់បុក គ្រឿងស្ល ដាក់បន្តុបលើផែនថ្មមួយផ្ទាំង រាងបួនជ្រុងស្មើនៅចំកណ្ដាលប្រាសាទ ។ រូបចម្លាក់នេះគឺជា «លិង្គរបស់ព្រះឥសូរ» ។
សម័យនោះគេយល់ថា ដោយសារលិង្គព្រះឥសូរនេះ ទើបយើងទាំងអស់គ្នាកើតបានរូបរាងជាមនុស្សមកដល់ថ្ងៃនេះ ។ ដូច្នេះហើយគេត្រូវនាំគ្នាថ្វាយបង្គំគោរពលិង្គនេះគ្រប់ពេលវេលា ជាពិសេសនៅពេលមានពិធីពិសេសអ្វីមួយ ដូចជា ពិធីអាពាហ៍ពិពាហ៍ជាដើម ។
ក្រៅពីលិង្គព្រះឥសូរ នៅប្រាសាទខ្លះ គេឆ្លាក់រូបយោនីរបស់ព្រះនាងឧមាភគវតី ដែលមានសណ្ឋានដូចជា «ត្បាល់សម្រាប់កិនអង្ករ» ។ ចំកណ្ដាលមានប្រហោងប្រមាណប៉ុនកំភួនដៃ ឬកំភួនជើងមនុស្សចាស់ ហើយនៅជុំវិញប្រហោងមានចង្អូរ ហើយមានចំពួយដូចត្បាល់កិនម្សៅដូច្នោះឯង ។
ពេលធ្វើពិធីធំៗ ជាពិសេសពិធីអាពាហ៍ពិពាហ៍ គេអប់ទឹក រួចគេយកទឹកនោះទៅកាន់ប្រាសាទខាងលើ ដើម្បីធ្វើពិធីបួងសួង សុំពរជ័យសិរីមង្គលពីព្រះឥសូរ ។ ដំបូង គេចាក់ទឹកដែលគេអប់នោះចូលទៅក្នុងយោនី បន្ទាប់មកគេយកលិង្គព្រះឥសូរសូកចូលទៅក្នុងយោនីដែលមានទឹកពេញ ព្រៀប រួចហើយគេបុកចុះឡើងៗជានិមិត្តរូបនៃការសេពសន្ធវៈ ។ ទឹកហូរចេញមក… ធ្លាក់តាមចំពួយចូលទៅក្នុងផ្តិលដែលចាំទទួលខាងក្រោម ។ គឺនេះហើយដែលលោកអាចារ្យហៅថា «ទឹកអង្គបំពង់ខ្ចី» ។ «អង្គ» គឺអង្គជាតិ «បំពង់ខ្ចី» គឺយោនី ។ គេយកទឹកនេះទៅលុបលាងមុខ ឬស្រឡាបខ្លួនដែលគេជឿថា នាំឲ្យមានសិរីសួស្ដី ត្រជាក់ត្រជុំ សុខដុម ទៅអនាគត ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
គេអាចចែកសុភាសិតនេះបានម្យ៉ាងទៀតថា មនុស្សដែលស្រលាញ់គ្នា ត្រូវចិត្តគ្នា កាលណាបានឃើញគ្នា គេតែងរត់រកគ្នាជានិច្ច ។
ការនិយមបែបខាងលើនាំឲ្យមានជាពាក្យស្លោកថា ពាក្យត្រូវនៅមាត់អ្នកតូចស្ដី មិនស្នើមន្ត្រីនិយាយលេង ។ បានសេចក្ដីថា អ្នកតូចតាច (អ្នកស្រែចម្ការ រាស្ត្រប្រជា) ទោះបីនិយាយ «ពិតត្រូវ» យ៉ាងណា ក៏គេមិនសូវជឿ ឬចិត្តទុកដាក់ស្ដាប់ដែរ ។ ឯចំណែកសម្ដីអ្នកធំវិញ ទោះបីជាសម្ដីនិយាយលេងសើចសោះក៏ដោយ ក៏អ្នកផងនាំគ្នាស្ដាប់ចំហមាត់ ។ នេះគឺជាការវង្វេងមួយដ៏ធំរបស់មនុស្សភាគច្រើន ។
រីឯ «ធម៌» និង «ភ្លេង» ក៏ស្ថិតនៅក្នុងដំណើរដូចគ្នា គឺថា គេចូលចិត្តស្ដាប់ភ្លេងជាជាងស្ដាប់ធម៌ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ពេលនេះ លោកចង់ពោលថា បើបានជាកើតមកហើយក្រីក្រក៏ក្រទៅចុះឲ្យតែមានចំណេះវិជ្ជា ។ លោកបានឲ្យតម្លៃទៅចំណេះវិជ្ជាថា ជាទ្រព្យសម្ប័ទប្រសើរឧត្ដុង្គឧត្ដមបំផុត ព្រោះគ្មានអ្នកណាមកឆក់ដណ្ដើម ឬលួចប្លន់បានទេ សូម្បីតែភ្លើងក៏មិនអាចឆេះបានផង ។ ឯទ្រព្យសម្ប័ទប្រើប្រាស់នានា ចោរអាចឆក់ប្លន់ ឬភ្លើងឆេះអន្ដរធានក្នុងរយៈពេលខ្លីបំផុត ។
ដូច្នេះ លោកឲ្យស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួន ។ កាលបើមានចំណេះវិជ្ជាហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើតតាមក្រោយយ៉ាងងាយបំផុត ។
ពេលមួយដែលយើងទិញបាន ឬរកបានវត្ថុថ្មី យើងមិនត្រូវគ្រវែងចោលវត្ថុចាស់ៗដែលធ្លាប់មានពីដើមនោះទេ ប្រសិនបើវត្ថុនោះ អាចនៅប្រើការបាន (មិនទាន់ខូច) ។ ព្រោះថា ពេលខ្លះវត្ថុចាស់ៗនោះ អាចយកមកប្រើការឡើងវិញដើម្បីបំពេញបំណងផ្សេងទៀត ។ ឧទាហរណ៍ៈ ទូថ្មីដែលទើបនឹងបានមកអាចយកជំនួសទូចាស់សម្រាប់ដាក់ខោអាវ កែវកង គ្រឿងអលង្ការ ។ល។
រីឯទូចាស់ដែលនៅប្រើការកើត គួរយកទៅប្រើការសម្រាប់ដាក់វត្ថុកំប៉ិកកំប៉ុកនៅកន្លែងណាមួយដែល គេមើលមិនសូវឃើញ (ព្រោះវាចាស់មិនសូវគាប់ភ្នែក) ។
ត្រីស្រស់ ប្រាកដជាមានរសជាតិជាងត្រីងៀតដែលគេតែងបរិភោគស្ទើរតែរាល់ថ្ងៃមក នោះ ។ ប៉ុន្តែសុំកុំបោះចោលវានៅពេលដែលខ្លួនបានត្រីស្រស់ ព្រោះថា យើងប្រហែលជាត្រូវការត្រីងៀតនោះសារជាថ្មីក៏មិនដឹង ។
ចរិយាបែបនេះគឺជារឿងខុសធំណាស់ បើជនណាធ្លាប់ធ្វើ គួរតែលះបង់ចោលជាបន្ទាន់ ព្រោះវាមិនបាននាំផលល្អណាមួយមកឲ្យខ្លួនក្រៅពីសម្អប់នោះទេ ។ សុខទុក្ខភាគច្រើនកើតពីអ្នកជិតខាង មិនមែនបានមកពីអ្នកកន្តៀតនោះទេ ។ បើញាតិជិតខាងស្រឡាញ់យើង ប្រហែលជាគេជួយយើងនៅគ្រាអាសន្ន មិនមែនអ្នកកន្តៀតនោះទេ ។ ដូច្នេះហើយទើបបុព្វបុរសយើងប្រដៅ «បានអ្នកកន្តៀត កុំចោលញាតិ» ។
លុះដល់ថ្ងៃក្រោយមក ចាប់ឈឺម្ដងទៀត ក៏ស្ទុះរកទិញថ្នាំសារជាថ្មី ខាតពេលផង ខាតប្រាក់ផង មិនទាន់ចិត្តផង ។ ដោយហេតុនេះ អ្នកប្រាជ្ញគួរយល់ពីដំបូន្មាននេះ ហើយអនុវត្ត ពិតជាអាចផ្ដល់ផលប្រយោជន៍ ជាទីពេញចិត្តមិនខាន ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ខ្នងកង់ ផ្គុំឡើងពីឈើច្រើនកំណាត់ ។ កំណាត់នីមួយៗមិនប្រាកដជាប្រភេទឈើតែមួយមុខទេ ។ គេជ្រើសយកឈើដែលស្វិតមាំ ។ ជួនគេយកឈើត្រាចខ្លះ ឈើធ្នង់ខ្លះ មកផ្គុំចម្រុះគ្នា ។
ពេលគេបររទេះទៅ គេឃើញកំណាត់ឈើត្រាចនៅលើ ឈើធ្នង់នៅក្រោម ។ បន្ទាប់មក ឈើធ្នង់ឡើងលើ ឈើត្រាចមកនៅក្រោមម្ដងវិញ ។ កង់ត្រាច កង់ធ្នង់ ចេះតែផ្លាស់ប្ដូរគ្នាជារហូតទៅ ។
ករណីនេះ សមដូចពាក្យចាស់លោកពោលថា «ភ្លើង អ្នកណាជាន់ អ្នកនោះឯងជាអ្នកក្ដៅ» ។
ប៉ុន្តែទោះបីវាមានឋាមពលខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏នៅតែចាញ់កម្ដៅចិត្តទោសៈមនុស្សលោកដែរ ។ ព្រោះកម្ដៅថ្ងៃមិនអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះសម្លាប់មនុស្សលោកបានទេ ។ ផ្ទុយទៅវិញ កម្ដៅភ្លើងចិត្តទោសៈមនុស្សលោកមានឋាមពលអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះមនុស្សលោកខ្លួនឯងបាន ។ ព្រោះថាកាលណាមនុស្សលោកក្ដៅចិត្តហើយ គេធ្វើអាវុធប្រល័យលោក បំផ្លាញភពផែនដី និងជីវិតមនុស្ស សត្វ រុក្ខជាតិ ឲ្យអន្ដរធានតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ៕
កុកដើរមកចំ រង្វង់ខ្សែធ្នាក់ៗក៏រឹតជើងជាប់ ។ ជួនកាលវារលាស់ជើងរួចផុត ។ ពេលវាដើរទៅ វាឥតគិតខ្វល់នឹងខ្សែអន្ទាក់ជង់ទៀតទេ ។ ប៉ុន្តែខ្សែធ្នាក់ជង់នៅតែរង់ចាំទទួលជើងកុកជានិច្ច ។
មិនស្ងាត់កំបាំង ស្រាប់តែគេមកចាប់យកទៅធ្វើទោសទណ្ឌ ជួនកាលរហូតដល់ស្លាប់ក៏សឹងមាន ៕
ដោយព្រហ្មវិហារធម៌ដែលគាត់ធ្លាប់មាន និងមិនអាចកាត់ផ្ដាច់បាននោះ ចេះតែធ្វើឲ្យអារម្មណ៍គាត់នឹកមមៃពីសុខទុក្ខរបស់កូនចៅដែលឃ្លាត មិនដឹងទៅទីណា ។
ទោះគាត់ខំប្រឹងបំភ្លេច ឬខំប្រឹងយកជ័យជំនះលើចិត្តរបស់គាត់យ៉ាងណាក៏គាត់មិនអាចកាត់ ផ្ដាច់មនោសញ្ចេតនាបានដែរ ។ បើទុកណាជាគាត់មិនសម្ដែងអាការៈឲ្យគេដឹងក៏ដោយ ៕
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត
និយមន័យៈ ប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងការស្ដីដណ្ដឹង ។
ចែចូវ ៖ ចែឲ្យដល់ម៉ូល ចូវឲ្យដល់អូល (ចូលឲ្យដល់ម៉ែ ចូលឲ្យដល់ឪ)
ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់បានជា ចូវដើម្បីបែកផ្លែ (ចែដើម្បីបើកផ្លូវ, បើកផ្លូវស្ទង់ស្ថានការណ៍)
ប៉ុន្តែចំពោះកូនស្រីដែលមេម៉ាយក្មេងវ័យពេក ឪពុកម្ដាយក៏បានយកមកចិញ្ចឹមថែរក្សាដូចកាលនៅក្រមុំនោះ ឪពុកម្ដាយក៏នៅតែមានសិទ្ធិសម្រេចដូចកាលនាងនៅក្រមុំដែរ ៕
ដូច្នេះ ឃើញថា អ្វីៗដែលខុសប្រក្រតី អត្តចរិតក៏ខុសប្រក្រតីដែរ ៕
ប៉ុន្តែទោះបីភរិយានោះស្ថិតនៅក្នុងករណីដូចម្ដេចក្ដី ក៏គង់នៅមានភរិយាមួយចំនួនតូចដែលបណ្ដោយខ្លួនឲ្យដួលទៅតាម ទំនើបនិយម សម្ភារៈនិយមអូសទាញ ។ ភរិយាខ្លះទៀតចាកប្រពៃណីដោយសារភាពក្រីក្រ ទីទ័លពេក ។ ខ្លះទៀតភ្លាត់ខ្លួនដោយសារសម្រស់គេ ។ ខ្លះទៀតលង់ខ្លួនតាមពាក្យលួងលោម ថ្នាក់ថ្នមរបស់គេ ។ ខ្លះទៀតភ្លើតភ្លើនស្រើបស្រាលតាមកាមតណ្ហាអូសទាញ ។ ដោយសារមានករណីជាច្រើនចាំអូសទាញបែបនេះហើយ ទើបលោកប្រាប់ថា កុំទុកចិត្តខ្លាំងពេក ។
រីឯសត្វកង្កែប គឺជាសត្វស្លូតហើយល្ងង់ ។ វាខ្លាចគេណាស់ ។ វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។ ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែក ទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបាន ឆ្ងាយដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។
ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិន ចេះកាយរូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។ វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវា ដោយទាំងក្ដាមម្ចាស់រូងទៀត ។
ដូច្នេះ ពួកវាជាទីស្អប់ខ្ពើមនៃសង្គមមនុស្ស និងសង្គមជាតិ ។ លុះដល់ពួកវាស្លាប់ទៅ មនុស្សផងទាំងពួងក៏នៅតែស្អប់ខ្ពើម មិនហ៊ានទៅជិតខ្មោចវាដដែល ព្រោះគេយល់ថា ខ្មោចវាលងសាហាវណាស់ ហើយគេក៏ពុំចូលបុណ្យដែរ ។ គេខ្លាចកើតឡើងជួបវាទៀត ។
រីឯសត្វកង្កែប លោកប្រៀបទៅនឹងមនុស្សអាប់ឥតប្រាជ្ញា គ្មានចេះគ្មានយល់អ្វីទាំងអស់ គឺជាមនុស្សកំសោយ ។ ប្រសិនបើមនុស្សនេះស្លូតក៏គ្មានប្រយោជន៍អ្វីប៉ុន្មានដល់សហគមន៍ ជាតិដែរ ។ គេរស់នៅដោយគ្មានន័យ គឺរស់នៅបានត្រឹមតែមានឈ្មោះថាបានរស់ជាមនុស្សនឹងគេដែរ ប៉ុណ្ណោះ ៕
ការប្រវាស់គ្នានេះ អាចឲ្យគេចំណេញបានទាំងសងខាង ក៏ប៉ុន្តែបើការប្រវាស់គ្នានេះធ្វើបានត្រឹមតែពាក់កណ្ដាលដៃ ដូចជា ស្រូវមិនទាន់ចេញផ្លែ ឬកំពុងចេញផ្លែ ស្រាប់តែជួបចៃដន្យចង្រៃ ភាគីទាំងពីរនេះមានជម្លោះដោយប្រការណានីមួយ តើគេបែងចែកភាគផលគ្នាដូចម្ដេចកើត ? ដូច្នេះប្រកដជាជម្លោះនេះរីករាលដាលដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ និងអាចឈានទៅរកការវាយប្រហារគ្នាក៏សឹងមាន ។
សរុបមក ការរកស៊ីរួមគ្នា ទោះតូចធំក្ដីសុទ្ធតែមានផលវិបាកទាំងអស់ ។ ប៉ុន្តែផលវិបាកដែលលេចធ្លោជាងគេគឺករណីទាំងពីរខាងលើនេះឯង ព្រោះមនុស្សមួយចំនួនសុទ្ធតែមានមហិច្ឆិតាលោភលន់ ចង់បានផលប្រយោជន៍តែរៀងៗខ្លួន ទោះបីជាបងប្អូនបង្កើតក៏ដោយ ៕
ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបការងាររោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។
ដូច្នេះការដែលឮសូរ ហើយរង់ចាំនេះពុំល្អឡើយ ៕
ម្យ៉ាងទៀត មនុស្សណាដែលធ្វើការក្នុងអង្គភាពបានយូរជាងគេមិនផ្លាស់ប្ដូរទៅណា គឺយូរជាច្រើនតំណចៅហ្វាយនាយ ។ មនុស្សនេះក៏គេចាត់ទុកថាជាព្រឹទ្ធាចារ្យប្រចាំអង្គភាពដែរ ។
ពំនោលខាងលើនេះ ពុំមែនជាពាក្យប្រៀនប្រដៅអប់រំអ្វីទេ គឺគ្រាន់តែចង់បញ្ជាក់ថា មនុស្សណាដែលនៅយូរក្នុងកន្លែងណាមួយ តែមានគេរាប់អានច្រើន និងគេស្គាល់ច្រើនពីសំណាក់មហាជនប៉ុណ្ណោះ ។
កុំតូចចិត្តនឹងវាសនាកុំតវ៉ានឹងព្រហ្មលិខិត
និយមន័យៈ ត្រូវចេះតស៊ូ និងអត់ធ្មត់នូវអ្វីដែលខ្លួនបានទទួល ។
តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាបានបញ្ជាក់ថា វាសនារបស់បុគ្គលម្នាក់ៗសុទ្ធតែកើតមានឡើងអំពីអំពើរបស់ខ្លួន ម្នាក់ៗជានិច្ច ។ បើខ្លួនបានសាងសន្សំនូវកម្មអ្វី កម្មនោះនឹងផ្ដល់មកឲ្យខ្លួនវិញ ។ ដូចជា បើបុគ្គលសាងនូវសុកលកម្មរមែងបានទទួលនូវកុសលធម៌ (ភាវៈល្អ) ។ បើបុគ្គលសាងអកុសលកម្មរមែងបានទទួលនូវអកុសលធម៌ (ភាវៈអាក្រក់) ។ ន័យនេះមានការប្រៀបធៀបដូចអ្នកដែលដាំដើមខ្នុរ តែងទទួលបានផ្លែខ្នុរ (ផ្អែមល្អ) ។ ឯអ្នកដែលដាំដើមស្លែង តែងបានទទួលផ្លែស្លែង (ពុល) ។
បើយោលតាមទ្រឹស្ដីព្រះពុទ្ធសាសនាខាងលើនេះ បុគ្គលម្នាក់ៗមិនត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនទេ ។ ព្រោះអ្វីៗសុទ្ធតែកើតឡើងអំពីអំពើរបស់ខ្លួនទាំងអស់ ។ សមដូចពុទ្ធភាសិតពោលថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វទាំងឡាយរមែងទទួលនូវកម្មដែលខ្លួនបានសាង ។
ព្រហ្មលិខិត ដែលមានន័យថា ចំណាររបស់ព្រះព្រហ្មនោះ តាមពិតទៅពុំមានព្រះព្រហ្មឯណាមកចារឲ្យទេ ។ វាគឺជា «កម្ម» ដែលខ្លួនបានសាងនោះឯងចារមកឲ្យ ។
ដូច្នេះ ព្រហ្មលិខិតមានន័យម្យ៉ាងទៀតថា «កម្មលិខិត» ។ កម្មលិខិតនេះ គឺជាចំណារ ឬជាកំណត់ហេតុនៃទង្វើដែលសត្វលោកម្នាក់ៗបានធ្វើរួចមកហើយ ។
តាមទស្សនៈពុទ្ធនិយមបានបញ្ជាក់យ៉ាងច្បាស់ថា ព្រហ្មលិខិត ឬកម្មលិខិតហ្នឹងឯងជាអ្នកផ្ដល់វាសនា ឬបែងចែកនូវកំណើតមនុស្សលោកគ្រប់ៗគ្នា (កម្មយោនី) ។
សុភាសិតទាំងពីរឃ្លាខាងលើនេះ គង់មានន័យប្រហែលគ្នា ។ បើដូច្នេះ តើមានអ្វីដែលមនុស្សលោកត្រូវតូចចិត្ត ត្រូវតវ៉ា បើអ្វីៗទាំងអស់សុទ្ធតែកើតឡើង សម្រេចឡើងដោយខ្លួនឯងជាអ្នកធ្វើ អ្នកសាងទាំងអស់ ។
«ព្រហ្មលិខិត ឬកម្មលិខិត» គ្រាន់តែជាវិញ្ញាបនបត្របញ្ជាក់នូវកម្រិតនៃទង្វើ ឬការសាងរបស់មនុស្សលោកដែលធ្វើតិច ឬច្រើនប៉ុណ្ណោះ ៕
ទោះជាសំឡេងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា ។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឲ្យសឹករេចរឹល មាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាត ឬចំណេញដល់វាទេ ។
ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ បើមានប្ដីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឲ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្ដង ។ ហេតុនេះហើយបានជាលោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៕
ប្រសិនបើគ្រប់លក្ខណៈទាំង៥នេះហើយ ផ្លែឈើនោះទើបមានរសជាតិផ្អែមឆ្ងាញ់ពិសា ។ ប្រសិនបើមានគេយកផ្លែឈើដែលស្ទើរចាស់ទៅបន្ទុំថ្ម វាអាចទុំបានដែរ ប៉ុន្តែមិនសូវមានរសជាតិផ្អែមល្អ មិនគួរឲ្យចង់បរិភោគទេ ព្រោះវាទុំទាំងបង្ខំ ។
ទំនៀមទម្លាប់ប្រពៃណីបានដឹកនាំឲ្យស្ត្រីខ្មែរមានចរិយា និងសណ្ដាប់ធ្នាប់ល្អណាស់ គឺមុននឹងមានប្ដី ត្រូវមានគេចូល “ចែចូវ” តាមច្បាប់ទម្លាប់ ។ ប៉ុន្តែបើមានស្ត្រីណាមានប្ដីខ្លួនឯង ឬមានទម្ងន់ទើបរៀបការជាក្រោយ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
មានមន្ត្រីខ្លះបានចូលធ្វើការរដ្ឋ ឬចូលកាន់តំណែងខ្លឹមណាមួយតាមរយៈបក្សពួក ឬតាមរយៈសំណូក ។ ប៉ុន្តែគ្មានចេះអ្វីសោះ ។ លុះបានចូលធ្វើការ ឬចូលកាន់មុខតំណែងហើយទើបរៀនតាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
សមណៈខ្លះបានបួសរួចហើយ ទើបរៀនអក្សរ ឬរៀនធម៌តាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលដែរ ៕
កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។
ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។
ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុក ដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយ អាចនឹងនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ។
រួមសេចក្ដីមក មន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះ មិនគួរគប្បីរំលងជាដាច់ខាត ដើម្បីឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ៕
ដូចនេះ អ្នកប្រុសជាប្ដីត្រូវចេះគិតពិចារណាឲ្យម៉ដ្ឋចត់ល្អិតល្អន់មែនទែន កុំចេះតែខ្វល់ខ្វាយខឹងច្រឡោតតោតតូងទាំងកំរោលទៅតាមប្រពន្ធញាក់ ឲ្យសោះ ។
ពាក្យចាស់លោកថា បើស្រីៗឈ្លោះគ្នាខ្លាំងណាស់ត្រឹមរហែកអាវ និងដាច់សាច់មុខប៉ុណ្ណោះ ។ ប៉ុន្តែបើប្រុសៗឈ្លោះគ្នាវិញ គឺមានស្លាប់មានរស់ យ៉ាងហោចណាស់ក៏ត្រូវមានចូលមន្ទីរពេទ្យមិនខាន ។
ពាក្យខាងលើនេះ ព្រះរាជសម្ភារលោកសង្កត់ធ្ងន់ទៅលើអ្នកជាប្ដីថា កុំឲ្យខ្វល់តាមប្រពន្ធពេក ៕
ដូងដុតៈ គឺសាច់ដូងទុំដែលគេដុត វាមានក្លិនឈ្ងុយឆួល ។ គេតែងយកវាទៅធ្វើជានុយសម្រាប់ស្ទូចត្រី ។ ត្រីធុំក្លិនភ្លាម ត្របាក់ភ្លាម តែវាក៏ងាប់ភ្លាមដែរ ។
ហេតុបានជាលោកពោលថា ប្រពន្ធគេឈ្ងុយដូចដូងដុត ព្រោះប្រសិនណាបើមានបុរសល្មោភកាមណាម្នាក់ប្រថុយផ្សងស្នេហ៍ជាមួយ ប្រពន្ធគេ វាសនារបស់គេប្រហែលមិនខុសពីត្រីដែលត្របាក់ដូងដុតប៉ុន្មាន ដែរ ។
ជាញឹកញាប់ណាស់ គេតែងឮថា បុរសដែលផ្សងស្នេហ៍ជាមួយប្រពន្ធគេនោះ ក្បាលរបស់គេត្រូវគ្រូពេទ្យដេរម្ភៃសាមសិបថ្នេរ ។ ជួនកាលឮថា មិនពិបាកគ្រូពេទ្យដេរទេ ព្រោះគេត្រូវរលត់ធាតុបាត់ទៅហើយ ។
ការណ៍ដែលលោកលើកឡើងថា ក្រមុំសាបដូចទឹកទន្លេនោះ គឺក្នុងន័យចំអកផង ក្នុងន័យប្រៀបធៀបជាឧបមាណវិធីផង ។ ម្យ៉ាងទៀតលោកចង់ពោលត្រង់ៗថា ក្រមុំសាបណាស់ទៅឬ ? បានជាទៅស្រឡាញ់ប្រពន្ធគេ ទោះបីដឹងថាមានគ្រោះថ្នាក់ច្រើនក៏ដោយ ៕
ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។
បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។
រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់ រួចធ្វើតទៅទោតទាល់តែបានសម្រេចផល ។
មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។
ម្យ៉ាងទៀត បើអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេៗចេះបន្ទន់ឥរិយាបថ អង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសលែងកើត ៕
ហេតុដែលលោករើសយកសត្វកំប្រុក នេះមកដើរតួក្នុងសុភាសិតនេះ ព្រោះសត្វកំប្រុកអាចរស់នៅក្នុងស្រុកក៏បាននៅក្នុងព្រៃក៏បាន ឲ្យតែមានដើមឈើដែលមានផ្លែអាចឲ្យវាស៊ីចិញ្ចឹមជីវិតបាន ។ ម្យ៉ាងទៀតលោកបានលើកយកសត្វកំប្រុកនេះមកធ្វើការប្រៀបធៀប ព្រោះវាជាសត្វរស់នៅតែលើដើមឈើជាតំណាងឲ្យមន្ត្រីថ្នាក់លើ ថ្នាក់ខ្ពស់ ថ្នាក់ធំ ។
រីឯប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងរឿងនេះបានត្រឹមតែឈឺចាប់ប៉ុណ្ណោះឯង ។
ឧទាហរណ៍ៈ អ្នកវិនិយោគទុនម្នាក់បនាទៅឃុបឃិតជាមួយមន្ត្រីមានអំណាចម្នាក់ ដើម្បីធ្វើប្លង់កាន់កាប់ដី ។ លោកធំប្រើឲ្យភ្នាក់ងារទៅដេញប្រជាពលរដ្ឋចេញដោយជ្រកក្រោមផ្លាកដី អភិវឌ្ឍន៍ ។ ជួនកាលគេរុះរើផ្ទះសម្បែងគ្នាអស់ទៀតផង ។ ឯប្រជាពលរដ្ឋគ្មានអ្វីទៅតវ៉ាឲ្យឈ្នះគេទេ ព្រោះអង្ករក្លាយជាបាយអស់ហើយ ។ ម្ល៉ោះហើយមានតែក្ដីក្ដៅក្រហាយ និងឈឺចាប់យ៉ាងខ្លោចផ្សាតែប៉ុណ្ណោះឯង ៕
គោលការណ៍អប់រំសហស្សវត្សថ្មី
តាមរបាយកាណ៍ដែលក្រសួងអប់រំ យុវជន
និងកីឡាបានផ្ញើរឲ្យអង្គការយូណេស្កូ អំពីគោលការណ៍អប់រំសហស្សវត្សថ្មីនេះមាន
ឈ្មោះថា “ចតុស្តម្ភ” ដែលផ្អែកលើការរៀន ៤ យ៉ាងៈ
ឈ្មោះថា “ចតុស្តម្ភ” ដែលផ្អែកលើការរៀន ៤ យ៉ាងៈ
១- រៀនរស់នៅជាមួយគ្នា ( Learn to Live together )
- រៀនស្គាល់ប្រពៃណី វប្បធម៌ ប្រវត្តិអ្នកនៅជុំវិញខ្លួន (សិក្សាពហុវប្បធម៌)
- រៀនអត់អោន យោគយល់ អធ្យាស្រ័យគ្នា
- ស្មារតីសាមគ្គីភាព ជួយគ្នា ស្រលាញ់គ្នា មិនប្រកាន់ ឬរើសអាងពូជសាសន៍ ពណ៍សម្បុរ ឋានៈវណ្ណៈ (សីលធម៌ពិភពលោក)
- ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា
២-
រៀនដើម្បីចេះដឹង
( Learn to know )
- រៀនចំណេះទូទៅ រៀនពីទ្រឹស្តីវិទ្យាសាស្រ្តបច្ចេកទេស
- រៀនពីអរិយធម៌ វប្បធម៌ ទស្សនវិជ្ជា និងចំណេះវិជ្ជា
- រៀនឲ្យចេះពីរបៀបរៀន រៀនបន្តមួយជីវិត
៣-
រៀនដើម្បីចេះធ្វើ
( Learn to do )
- រៀនយកចំណេះទ្រឹស្តីមកអនុវត្តន៍ជាក់ស្តែង
- បណ្តុះសម្បទាប្រតិបត្តិជាទោល ឬជាក្រុម
- បណ្តុះបំនិនជីវិតធម្មតា បំនិនជីវិតបុរេវិជ្ជាជីវៈ បំនិនជីវិតអាជីព ដោយផ្សារភ្ជាប់ទៅនឹងការ អនុវត្តការងារនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាព លើមូលដ្ឋានពិសេស និងការសាកល្បងលើជីវភាព
៤-
រៀនដើម្បីចេះរស់
( Learn to be )
- រៀនរៀបចំខ្លួនឯងឲ្យចុះសម្រុងជាមួយសង្គម
- រៀនរស់ដោយប្រើបញ្ញាស្របទៅនឹងកាលៈទេសៈចេះបត់បែនតាមសភាពការណ៍ របស់ពិភពលោក
- រៀនរស់ដោយមានការទទួលខុសត្រូវ មានសោភ័ណភាពក្នុងគំនិតសមជាមនុស្សថ្លៃថ្នូរ
- រៀនរស់ដោយស្វ័យម្ចាស់ការ ស្វ័យអភិវឌ្ឍមិនដូចជាបញ្ញើក្អែក។
-
បានស្វាយ ណាយក្រូច
អត្ថាធិប្បាយ
«បានស្វាយ ណាយក្រូច» ពាក្យនេះ បញ្ជាក់ពីរឿងចិត្តមនុស្សប្រែប្រួលនៃមនុស្សលោកដែលគេចាត់ទុកជារឿងធម្មតាទៅហើយ ជាពិសេសនៅក្នុងរឿងស្នេហា ។
មនុស្ស ទោះបីប្រុសក៏ដោយ ស្រីក៏ដោយ មិនងាយមានអ្នកណាម្នាក់ដែលមានចិត្តភក្ដី ស្មោះមួយនឹងមួយ លុះគ្រាអវសានជីវិត ដូចពាក្យគេស្បថនៅគ្រាជួបគ្នាជាលើកដំបូងនោះទេ ។
តាមពិត សម្បថគឺពាក្យដែលគេ និយាយឡើងដើម្បីឲ្យម្នាក់ទៀតជឿទុកចិត្ត គ្មានអ្វីដែលជាអាជ្ញាសម្រាប់សង្កត់កុំឲ្យប្រែប្រួលចិត្តទៅថ្ងៃ ក្រោយបានឡើយ ។ មនុស្សលោកកម្រមានអ្នកសុចរិតណាស់ ។ ការប្រែប្រួលចិត្តក្លាយជារឿងធម្មតាដែលយើងត្រូវតែយល់ ។ ក្នុងកិច្ចពាណិជ្ជកម្ម ឧទាហរណ៍ រឿងខ្ចីប្រាក់ បើគ្មានវត្ថុ (មាស ពេជ្រ ផ្ទះ…) យកទៅកក់ទេ ប្រហែលជាគេមិនព្រមឲ្យយើងខ្ចីទេ ព្រោះគេមិនជឿចិត្ត ។
«បានស្វាយ ណាយក្រូច» និយាយសំដៅជាពិសេសទៅលើរឿងស្នេហា ហើយនិងមិត្តភាពរវាងមនុស្សពីរនាក់ដែលស្រលាញ់គ្នាយ៉ាងប្ដូរផ្ដាច់ មួយនឹងមួយ ស្បថសន្យាថា នឹងមិនបោះបង់ចោលគ្នាលុះគ្រាជីវិតបង់ ។ ក្រោយមក គេបានជួបមនុស្សថ្មីទៀតដែលគេយល់ថា ល្អជាង ស្អាតជាង ស្រស់ជាង… គេក៏ចាប់ចងមេត្រីភាពជាមួយមនុស្សថ្មីនោះ ។ កាលណាមេត្រីភាពចាប់លូតលាស់ គេក៏ចាប់ជិនណាយនឹងមិត្តចាស់ បន្តិចម្ដងៗ ហើយចុងក្រោយបំផុត ក៏អាចដាច់ស្រឡះពីគ្នា ។ រឿងនេះ មិនមែនមានការចម្លែកខ្លាំងប៉ុន្មានទេ គឺថាវាជារឿងធម្មតារបស់មនុស្សលោក កាលណាបានរបស់ថ្មី គេមិនស្រលាញ់របស់ចាស់ដូចគេធ្លាប់ស្រលាញ់មកនោះទេ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
និយមន័យៈ ងាកទៅផ្លូវណាក៏មានបញ្ហាដូចគ្នា ។
អត្ថាធិប្បាយ
អត្ថានុរូប
ក្នុងដំណើរមួយដែលគេត្រូវទៅដោយចាំបាច់ ប៉ុន្តែបើធ្វើដំណើរតាមផ្លូវទឹក គេនឹងជួបហ្វូងក្រពើជាច្រើន ។ បើគេធ្វើដំណើរតាមផ្លូវគោកវិញ គេក៏ជួបនឹងសត្វខ្លាកំណាចដែរ ។ ដូច្នេះ បើគេងាកទៅតាមផ្លូវណាក៏មានបញ្ហាដែលត្រូវដោះស្រាយដូចគ្នា ។
អត្ថប្បដិរូប
ការរស់នៅក្នុងសង្គមមនុស្ស រមែងតែងជួបប្រទះនូវករណីដែលពិបាកដោះស្រាយ ព្រោះងាកទៅខាងណាក៏ជួបនឹងបញ្ហាដូចគ្នា ។
ឧទាហរណ៍ៈ បុរសម្នាក់មានរឿងក្ដីក្ដាំត្រូវឡើងតុលាការ ។ គេគិតពិចារណាថាតើត្រូវទៅតាមផ្លូវណា បើឡើងតុលាការក៏គេត្រូវចាយលុយ បើងាកទៅរកលោកធំជាបង្អែកក៏គេត្រូវអស់លុយដូចគ្នា ។
នៅស្រុក តោងស្រាស់បន្លា អារសាច់ជូនខ្លា ទើបនៅស្រុកបាន
អត្ថាធិប្បាយ
នៅស្រុក តោងស្រាស់បន្លា
ការរស់នៅក្នុងស្រុកភូមិចាមួយគេឯង ត្រូវតែ «ស្រាស់បន្លា» ។ បន្លា គឺជាវត្ថុដែលមានមុខស្រួចដូចម្ជុល អាចនឹងចាក់ទម្លាយសាច់យើងឲ្យចេញឈាម ហើយឈឺចាប់ ។
សុភាសិតខាងលើ ចង់ប្រាប់ឲ្យយើងដឹងថា ត្រូវប្រយ័ត្នពាក្យសម្ដីដែល យើងនិយាយទៅកាន់អ្នកដទៃ ។ សម្ដីណាដែលធ្វើឲ្យគេខឹង ដូចជា ការនិយាយដើម ការមួលបង្កាច់ បរិហារកេរ្តិ៍ ជេរប្រទេច សម្ដីផ្លែផ្កា ពាក្យមើលងាយ ការបង្អាប់បន្តុះ ។ល។ ទាំងនេះគឺជាបន្លាដែលយើងត្រូវតែស្រាស់ (កប់ទុកក្នុងខ្លួន) កុំឲ្យចេញមកក្រៅឲ្យសោះ ។ បើមិនដូច្នោះ វានឹងមុតសាច់យើងមិនខាន ។
អារសាច់ជូនខ្លា ទើបនៅស្រុកបាន
សម័យបុរាណ ភូមិនីមួយៗតែងមានមេភូមិម្នាក់ដែលមានករណីកិច្ចត្រួតត្រាមនុស្ស ទាំងអស់ ឲ្យគោរពច្បាប់របស់ភូមិដើម្បីសុខសប្បាយទាំងអស់គ្នា ។ អ្នកភូមិត្រូវតែចែកចាយវត្ថុដែលខ្លួនរកបាន ដូចជា មាសប្រាក់ ត្រីសាច់ បន្លែផ្លែឈើ ។ល។ ជាមួយមេភូមិ ឬមេកន្ទ្រាញ ។ ការបែងចំណែកបែបនេះ គេហៅថា «អារសាច់ជូនខ្លា» ពីព្រោះវាមិនមែនជាអំណោយដែលចេញមកពីបេះដូងនោះទេ គឺជាការបង្ខំចិត្តមិនអាចប្រកែកបាន ។
សម័យក្រោយមក… មកដល់សព្វថ្ងៃនេះ ក៏មិនខុសពីសម័យដើមប៉ុន្មានដែរ គឺពលរដ្ឋម្នាក់ៗ ត្រូវមានករណីកិច្ចជាចាំបាច់ បង់ «ពន្ធអាករ» ទៅតាមប្រាក់ចំណូលដែលរកបាន ។ បើជនណាម្នាក់ប្រកែក ជននោះត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាយថាហេតុ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចង្កឹះមួយបាច់ កាច់មិនបាក់
និយមន័យៈ សាមគ្គីជាកម្លាំងរឹងមាំ ។
អត្ថាធិប្បាយ
អត្ថានុរូប
ចង្កឹះមួយដើម គេអាចកាច់បំបាក់ដោយងាយ ព្រោះភាពរឹងមាំតិចពេក ។ ប៉ុន្តែបើគេរួមផ្គុំចង្កឹះច្រើនទៅជាកម្លាំងក៏ច្រើនដែរ ។ គេមិនអាចកាច់បំបាក់បានឡើយ ។ ដូចគេយកអំបោះជាច្រើនសរសៃមកវិញធ្វើជាខ្សែពួរ រួចយកទៅទាក់ដំរីឲ្យជាប់បានដូច្នោះដែរ ។
អត្ថប្បដិរូប
សាមគ្គីគឺការ រួបរួមគ្នាជាធ្លុងមួយ និងនាំមកនូវកម្លាំងរឹងមាំយ៉ាងខ្លាំង ។ គេអាចយកកម្លាំងនេះទៅវាយបំបែកភ្នំមួយម្ដងបន្តិចៗឲ្យរលីងរលាយ បាន ។ ការរួបរួមកម្លាំងតូចៗជាធ្លុងមួយ បង្កើតបានជាកម្លាំងរឹងមាំដែលអាចសម្រេចការងារយ៉ាងធំឲ្យសមតាម បំណងបានជាស្ថាពរ ។
មឹះៗ កេះឆ្នាំងឆ្លុះ
មឹះៗ
ធ្វើមុខរាបរម្យទម
កេះ
កៀវក្រមុំក្នុងទីស្ងាត់
ឆ្នាំង
បាយកកាយលួចទៅបាត់
ធ្លុះ
ធ្លាយប្រយ័ត្នមនុស្សធនហ្នឹង
ត្រឡាចវារទៅ ល្ពៅវារមកអត្ថាធិប្បាយ
«ត្រឡាចវារទៅ ល្ពៅវារមក» ដៅទៅលើមេត្រីភាពរវាងមនុស្សម្នាក់នឹងម្នាក់ទៀត ។ មេត្រីភាព (ការរាប់អានគ្នាជាមិត្ត) អាចនឹងកើតមានឡើង ដោយសារមានការចាប់ផ្ដើមពីជនណាម្នាក់ជាមុន ។
ត្រឡាច ទុកដូចជាមនុស្សទីមួយ ដែលលូកដៃទៅចាប់មនុស្សទីពីរ ទើបមនុស្សទីពីរ ដើរមករកខ្លួនវិញ (ល្ពៅ វារមក) ។ ដូច្នេះ ប្រសិនបើយើងមិនខំស្វែងរកមិត្តទេ ដាំឲ្យមិត្តនោះចូលមករកយើងដោយឯងៗគឺជារឿងលំបាក ប្រសិនបើយើងជាមនុស្សខ្សត់ធន ។
មិត្តពិតប្រាកដគឺមិត្តដែលមិនរត់ចោលយើង នៅគ្រាមានវិបត្តិ ឬមានអាសន្នកើតឡើងដល់ខ្លួនយើង ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចិត្តជាទេវទត្ត មាត់ជាទេវតា
និយមន័យៈ មនោកម្ម និងវចីកម្ម ពុំស្របគ្នា ។
អត្ថាធិប្បាយ
ចិត្តជាទេវទត្ត
ភិក្ខុទេវទត្ត ត្រូវជាព្រះអនុជអយ្សិកា (ប្អូនជីដូនមួយនឹងព្រះសម្ពុទ្ធផ្នែកខាងព្រះវរមាតា) ។ ភិក្ខុទេវទត្តនេះបានសម្រេចឈានលោកិយអាចធ្វើដំណើរតាមអាកាសបាន ។ ប៉ុន្តែដោយទេវទត្តនេះមានមហិច្ឆិតាលោភលន់ហួសប្រមាណ ដោយមានចិត្តចង់តាំងខ្លួនធ្វើជាព្រះពុទ្ធ ក៏ព្យាយាមធ្វើគត់ព្រះពុទ្ធអង្គ ដើម្បីខ្លួនបានឡើងធ្វើជាព្រះពុទ្ធជំនួស ។
ដូច្នេះ ឈានលោកិយរបស់ទេវទត្តក៏អន្ដរធានបាត់អស់ទៅ ។ ដោយមនោកម្ម គឺចិត្តខ្មៅ ចិត្តបាបរបស់ទេវទត្តយ៉ាងនេះហើយ ទើបបុរាណាចារ្យពោលថា ចិត្តអាក្រក់ដូចទេវទត្ត ។
មាត់ជាទេវតា
ទេវតា គឺជាបុគ្គលដែលសោយនូវបុញ្ញកម្មរបស់ខ្លួននៅស្ថានទេវលោក ។ នៅក្នុងអក្សរសិល្ប៍ខ្មែរ គេទុកទេវតាជានិមិត្តរូបតំណាងឲ្យភាវៈល្អ ។ ដូច្នេះ លោកប្រៀបប្រដូចទៅនឹងមនុស្សដែលមានវាចាពីរោះ ផ្អែមល្ហែមនោះថា មាត់ជាទេវតា ។
មនុស្សណាមានចិត្តអាក្រក់ តែសម្ដីខាងក្រៅផ្អែមដូចទឹកឃ្មុំ លោកថា ចិត្តជាទេវទត្ត មាត់ជាទេវតា ។
រនាបបាក់ យករនាបជួស សម្ដីជ្រុលហួស ជួសមិនបាន
អត្ថាធិប្បាយ
សុភាសិតនេះនិយាយរឿង «សម្ដីជ្រុលហួស» ដែលគេចាត់ទុកជារឿងដ៏ចម្បងក្នុងតម្លៃមនុស្ស ។ សម្ដីដែលយើងនិយាយទៅកាន់អ្នកដទៃ អាចឆ្លុះឲ្យគេដឹងថា ម្ចាស់សម្ដីជាមនុស្សប្រភេទណាក្នុងចំណោមប្រភេទដូចខាងក្រោមនេះ ៖
- មនុស្សថ្នាក់លើ ចេះដឹងច្រើន គួរគោរព
- មនុស្សថ្នាក់កណ្ដាល ?
- មនុស្សមានសន្ដានចិត្តល្អ ?
- មនុស្សឃោរឃៅ ?
- មនុស្សប្រុងបោកគេឯង ?
- មនុស្សអួត ? ។ល។
ការអួតអាងបែបនេះ មិនអាចកែប្រែ (ជួសជុល) ដូចគេជួសជុលរនាបដែលបាក់នោះបានឡើយ ដោយហេតុថា អ្វីដែលយើងនិយាយចេញពីមាត់រួចហើយនោះ វាចូលទៅជាប់ក្នុងខួរក្បាលរបស់អ្នកស្ដាប់… អាចឲ្យគេកត់ចំណាំអស់មួយអាយុថា តើអ្នកនិយាយនោះ ជាមនុស្សប្រភេទណារួចអស់ទៅហើយ មិនអាចលុបបានទេ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចាញ់បានទៅព្រះ ឈ្នះបានទៅមារ
និយមន័យៈ ឥទ្ធិពលខន្តីបារមីនៃព្រះពិជិតមារធ្វើឲ្យអាឡវកយក្សបរាជ័យ ។អត្ថាធិប្បាយ
នៅសម័យមួយ ព្រះពិជិតមារទ្រង់យាងទៅសម្រួលព្រះឥរិយាបថក្នុងពិមានរបស់អាឡវកយក្ស ជិតក្រុងអាឡវី ។ អាឡវកយក្សបាននាំពួកសេនារេហ៍ពលភ្លូតទឹកភ្លូកដី មកធ្វើចំបាំងជាមួយព្រះអង្គ អស់មួយរាត្រីកាល ។ ប៉ុន្តែក្រុងមារមិនអាចយកជ័យជំនះលើព្រះអង្គបានឡើយ ។ព្រះអង្គបានយកធម៌ «ខន្តីបារមី» មកទប់ទល់នឹងក្រុងមារ ។ លុះគ្រាបឋមពោធិកាល ក្រុងមារបានចូលទៅជិតព្រះអង្គ រួចស្រែកបង្គាប់ថា «នែ ! សមណៈគោត្ដម ចូរអ្នកជៀសចេញពីទីនេះទៅ» ។ ព្រះអង្គតបថា «ល្អហើយ ! ល្អហើយ !» រួចក៏ស្ដេចយាងចេញទៅ ។ ក្រុងមារបង្គាប់ព្រះអង្គឲ្យចូលមកវិញ ។ ព្រះអង្គក៏យាងចូលមកវិញ ។ ក្រុងមារបង្គាប់បែបនេះ អស់វារៈបីដង ។ ព្រះអង្គធ្វើតាមទាំងអស់ ។
ត្រង់វគ្គនេះហើយដែលលោកច្បិចយកមកធ្វើជាពាក្យទូន្មានថា «ចាញ់បានទៅព្រះ ឈ្នះបានទៅមារ» ។ ប៉ុន្តែ ការណ៍ពិត ព្រះអង្គគ្រាន់តែបន្ទន់ចិត្តក្រុងមារឲ្យរំងាប់អារម្មណ៍ក្រេវក្រោធ ដើម្បីទូន្មានប៉ុណ្ណោះទេ ។
ពាក្យម្ដាយ ទំនាយគ្រូ ឬ គ្រូទាយ ម្ដាយថា
អត្ថាធិប្បាយ
ពាក្យម្ដាយ ឬ ម្ដាយថា
ម្ដាយ ជាអ្នកបីបាច់ ថែរក្សាកូន តាំងពីពេលដែលកូនមកចាប់បដិសន្ធិ រហូតដល់កូនធំពេញវ័យ ឬហួសពីនេះទៅទៀត ។ រយៈពេលនៃការថែរក្សាដ៏យូរអង្វែងនេះ អាចឲ្យម្ដាយដឹងច្បាស់នូវចរិតរបស់កូន ឥតមានសេសសល់អ្វីឡើយ ។ ទោះបីជាកូននោះ កាច ស្លូត ងាយប្រដៅ ពិបាកប្រដៅ ឃោរឃៅ ល្ងង់ ចេះ ។ល។ ម្ដាយដឹងទាំងអស់ ។ មិនមានអ្នកណាដឹងរឿងរបស់កូន ជាងម្ដាយបង្កើតនោះទេ ។ដោយហេតុនេះ បើម្ដាយនិយាយយ៉ាងណាពីកូននោះ ពាក្យដែលនិយាយចេញមកនោះ គឺជាពាក្យដែលអាចជឿបាន មិនខុសពីដំណើរពិតរបស់កូននោះទេ ។
ម្ដាយអាចប្រមើលមើលនូវអ្វីដែលនឹងអាចកើតមានដល់កូនទៅអនាគត ដោយយោលទៅតាមអត្តចរិតដែលគាត់បានឃើញរាល់ថ្ងៃ ។ ឧទាហរណ៍ ម្ដាយអាចនឹងពោលពាក្យដោយសារកំហឹង ឬសប្បាយដូចតទៅ ៖
- បើកូននៅតែធ្វើយ៉ាងនេះ កូនមុខជាជាប់គុកហើយ !
- បើឯងខ្ជះខ្ជាយយ៉ាងនេះ មុខជាក្រអស់មួយជីវិត !
- បើកូនព្រហើនដាក់ចាស់ទុំរបៀបនេះ កូនមុខជាអាយុខ្លីហើយ !
- ឯងនឹងក្លាយខ្លួនជាមនុស្សចំណាប់មិនខាន
ទំនាយគ្រូ ឬ គ្រូទាយ
បន្ទាប់ពីម្ដាយដែលជាបីបាច់ថែរក្សាផ្ទាល់ យើងនៅមានមនុស្សម្នាក់ទៀត ដែលជួយ «កែ ឬ ជ្រោង» យើងឲ្យក្លាយជាមនុស្សមែនទែន ដូចគេដូចឯង ។ មនុស្សនោះគឺ លោកគ្រូ របស់យើង ។លោកគ្រូ ជាមនុស្សដែលបានថែរក្សា និងជួយបង្រៀនអប់រំយើងឲ្យបានចេះដឹងសព្វវិជ្ជាការសម្រាប់ចិញ្ចឹម ជីវិតទៅអនាគត ។ គាត់បានជួយយើងអស់រយៈពេលដ៏យូរ (រាប់ឆ្នាំ) ថែមទាំងបានពិនិត្យមើលចរិយារបស់យើងរាល់ថ្ងៃទៀតផង ។
មនុស្ស កាលណារស់នៅជាមួយគ្នាអស់ពេលដ៏យូរ អាចយល់ចិត្តថ្លើមគ្នាទៅវិញទៅមក ។ ទោះបីយើងខំលាក់ចរិតរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏លាក់បានក្នុងរយៈពេលដ៏ខ្លី ។ គេមិនអាចលាក់បានឲ្យហួសពី ៣ខែ ឬ ៦ខែទេ ។ នេះជារឿងធម្មតាសម្រាប់មនុស្សទូទៅ ។
ដោយហេតុនេះ លោកគ្រូអាចមើលឃើញ ហើយទាយបាននូវអ្វីៗដែលនឹងកើតមានដល់សិស្ស ដូចម្ដាយដែរ ។ គាត់អាចទាយបានដោយយោលទៅតាមអត្ថចរិតរបស់សិស្សដែលគាត់សម្គាល់ឃើញរាល់ថ្ងៃ ហើយទាយថា ៖
- មុខជាជាប់គុតទៅថ្ងៃក្រោយ
- មុខជារៀនដល់ថ្នាក់ខ្ពស់បំផុត
- នឹងទៅជាអ្នកដឹកនាំគេ
- នឹងទៅជាអ្នកនយោបាយ
- នឹងទៅជាវិស្វករ
- នឹងទៅជាវិជ្ជបណ្ឌិត ។ល។
រួមសេចក្ដីមក សុភាសិតខាងលើនេះ ចង់និយាយផ្នែកអាក្រក់ជាងផ្នែកល្អ ។ យ៉ាងណាមិញ កាលណាកូនណាមួយដែលមាតាបិតាបានព្យាយាមណែនាំ អប់រំឲ្យធ្វើល្អ ជាច្រើនរយដង ហើយនៅតែមិនឡើង មាតាបិតា អាចនឹងព្យាករ (ទាយទុក) ថា ៖
- មិនកើតជាមនុស្សទេ
- មុខជាមានបញ្ហាធំទៅថ្ងៃក្រោយ
- មុខជាវេទនា
- មុខជាក្រ
- មុខជាបញ្ហាជាប់គុកច្រវាក់
- មុខជាត្រូវគេវាយសំពង ។ល។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត
និយមន័យៈ ចិត្តអន្យតិរ្ថិយ៍របស់អ្នកមានអំណាច ។អត្ថាធិប្បាយ
អត្ថានុរូប
ដោយអាងថាខ្លួនជាមនុស្សមានឋានខ្ពស់ជាងឆ្កែ ម្ល៉ោះហើយចង់សម្លាប់ឆ្កែថ្មើរណាក៏បាន ។ ប៉ុន្តែដើម្បីជៀសវាងពាក្យដំណៀលពីមតិសាធារណៈចោទថាគេជាមនុស្ស ឃោរឃៅ គ្មានមេត្តាធម៌ គេក៏ស្រែកឡើងថា ជៀសចេញ ប្រយ័ត្នឆ្កែឆ្កួតខាំ រួចក៏សម្លាប់ឆ្កែនោះទៅ ។ អ្នកដែលមិនដឹងរឿងពិត ឃើញដូច្នោះក៏មានចិត្តជួយត្រេកអរ តែតាមពិត វាត្រូវគេសម្លាប់យកទៅស៊ីសោះ ។អត្ថប្បដិរូប
អ្នកចង់សម្លាប់ឆ្កែ លោកប្រៀបទៅនឹងមនុស្សដែលប្រើអំណាចឃោរឃៅទៅលើអ្នកស្លូតត្រង់ ។ ឆ្កែតំណាងឲ្យអ្នកស្លូតត្រង់ ឥតកំហុស ឬអ្នកទន់ខ្សោយ ។មនុស្សចិត្តយក្សមារអប្រិយនេះ មានល្បិចខ្ពស់ណាស់ ដើម្បីបិទបាំងនូវគំនិតអាក្រក់របស់ខ្លួន តែងតែចោទប្រកាន់អ្នកខ្សោយ អ្នកស្លូតត្រង់ ដែលខ្លួនចង់សម្លាប់ថា ជាចោរ ជាឃាតក ជាខ្មាំង…
ការពោលដាក់ទោសលើគេដើម្បីសម្លាប់ គឺធ្វើឲ្យស្របនឹងមតិសាធារណៈ ។ អ្នកដែលមិនដឹងការពិត ប្រឹងជួយអរ ។ ឯអ្នកដែលដឹងហេតុការណ៍ពិតប្រាកដវិញ គេថ្កោលទោស គេដាក់បណ្ដាសា គេជេរប្រទេចផ្ដន្ទា គេដាក់ទំនាយឲ្យវិនាសហិនហោច ស្លាប់បាត់បង់ជីវិតទៅហោង…
ចង់ចំណេញ ដាច់ចំណង
និយមន័យៈ មហិច្ឆិតាធ្វើឲ្យបាត់បង់សម្ព័ន្ធភាព ។អត្ថាធិប្បាយ
បុគ្គលដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងលោភលន់ខ្លាំងពេក ធ្វើឲ្យបាត់បង់នូវទំនាក់ទំនងក្នុងសង្គម ព្រោះជននោះមានមហិច្ឆិតាប្រាថ្នាធំហួសប្រមាណ ។ បើគេប្រកបការងារអ្វីជាមួយអ្នកណា គេតែងរំពៃសម្លឹងមើលផលប្រយោជន៍សម្រាប់ខ្លួនគេរួចជាស្រេច ។ដូច្នេះ អ្នកដែលវាងវៃមានបញ្ញាដែរ គេបានស្គាល់ និងយល់ដឹងពីបំណងអាក្រក់របស់ជននោះ គេក៏ផ្ដាច់ចំណងមេត្រីភាព ឬដកហ៊ុនឈប់រកស៊ីជាមួយភ្លាម ។ អ្នកណាចង់ចំណេញខ្លាំងពេក តែងដាច់ចំណងយ៉ាងដូច្នេះឯង ។
ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល
និយមន័យៈ អំពើគុណ និងទោសនៃកម្លាំងចិត្ត ។អត្ថាធិប្បាយ
ចិត្តតិចស៊ីត្រីអាំង
ចិត្តតិច នៅពេលនេះ លោកសំដៅយកមនុស្សណាដែលមានចិត្តត្រជាក់ ចិត្តស្ងប់ មានខន្តីអំណត់អត់ទ្រាំ មិនក្ដៅក្រហាយ ឆាប់ច្រឡោត តោតតូង ។ មនុស្សនេះ កាលបើធ្វើការងារអ្វីតែងប្រកបដោយចិត្តអំណត់ តស៊ូមោះមុត ព្យាយាមធ្វើការនោះទាល់តែបានសម្រេច ។ម្យ៉ាងទៀត មនុស្សនេះ បើមានការស្ដីបន្ទោសពីនាយចៅហ្វាយ ឬពីមិត្តភក្តិខ្លះ ក៏ចេះអត់ធ្មត់សង្កត់ចិត្តមិនតបតវិញទេ ។ ដោយសារគេមានចិត្តធ្ងន់ ឬចិត្តតិចនេះហើយ ធ្វើឲ្យគេទទួលបាននូវការស្រលាញ់រាប់អានពីអ្នកផងទាំងពួង ។
ចិត្តខ្លាំងស៊ីអំបិល
និស្ស័យមនុស្សចិត្តខ្លាំង ឬចិត្តច្រើន កាលបើមានអ្នកណាធ្វើឲ្យទាស់ចិត្តតែបន្តិច តែងក្ដៅក្រហាយ រម៉ាំងរម៉ោកជានិច្ច ។ បើគេធ្វើការងារអ្វីក៏មិនបានស្អាតល្អដែរ ។ ព្រោះបើទាស់ចិត្តតែបន្តិច គេបោកប្រាស់ខូចខ្ទេចខ្ទីអស់ ។ម្យ៉ាងទៀត មនុស្សនេះ បើមានការស្ដីបន្ទោសពីនាយចៅហ្វាយ ឬពីមិត្តភក្តិខ្លះ ទោះក្នុងន័យអប់រំកែលម្អក៏ដោយ ក៏គេមានចិត្តខ្លាំងខេងក្រេវក្រោធ រហូតដល់ហ៊ានតបតពាក្យសម្ដីដោយឥតកោតក្រែងទៀតផង ។ ជួនកាល មេកោយអត់ទ្រាំមិនបានក៏ដកចេញ ឬផ្លាស់ចេញក៏មាន ។ ពេលនេះ គេត្រូវស៊ីអំបិលហើយ ។
ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
និយមន័យៈ វិធីសាស្ត្ររកគុណសម្បត្តិ ។អត្ថាធិប្បាយ
ចង់ចេះឲ្យសម្លាប់អាចារ្យ
ពាក្យ អាចារ្យ មានន័យថា អ្នកដឹកនាំ ឬអ្នកបង្ហាត់បង្រៀន ។ ធម្មតាអ្នកដឹកនាំតែងរមែងមានផ្លូវពីរគឺ ផ្លូវល្អ និងផ្លូវអាក្រក់ ។ អាចារ្យនៅពេលនេះ លោកសំដៅយកអាចារ្យដឹកនាំទៅរកផ្លូវអាក្រក់ ។ទាក់ទងនឹងពាក្យសុភាសិតខាងលើនេះ លោកបានលើករឿងមួយមកនិទានដូចតទៅ ៖
នៅក្នុងសម័យពុទ្ធកាល មានមាណពម្នាក់បានលាចាកគ្រួសារដើម្បីចេញទៅស្វែងរកវិជ្ជា ក៏បានជួបនឹងថេរៈមួយអង្គ ។ ក្រោយពីបានដឹងនូវគោលបំណងរបស់ចៅមាណពហើយ ព្រះថេរៈក៏សួរថា «មុននឹងចៅមាណពឯងមកស្វែងរករៀនវិជ្ជានេះ តើឯងបានសម្លាប់អាចារ្យរបស់ឯងរួចហើយឬនៅ ?» ។ ទោះបីព្រះថេរៈដណ្ដឹងសួរពីរបីដង ក៏ចៅមាណពនៅតែមិនយល់ពីសំណួរនេះដដែល ទើបព្រះអង្គមានព្រះថេរៈដីកាថា «ម្នាល ចៅមាណព អាចារ្យរបស់ឯងគឺអ្នកដឹកនាំដែលមានឈ្មោះថា “កោសជ្ជៈ” គឺសេចក្ដីខ្ជិលច្រអូសដែលតែងតែដឹកនាំអ្នកឯងឲ្យខ្ជិល ស្ពឹកស្រពន់ មិនចង់រៀនសូត្រ» ។ មាណពឆ្លើយថា «នៅទេ» ។ ព្រះថេរៈមានដីកាថា «មិន កើតទេ ត្រូវតែសម្លាប់អាចារ្យរបស់ឯងចោលជាមុនសិនទៅ កុំឲ្យវាមកដឹកនាំអ្នកឯងឲ្យខ្ជិលច្រអូស ទើបអ្នកឯងរៀនសូត្របាន» ។
ត្រង់នេះហើយដែលលោកពោលថា បើចង់ចេះឲ្យសម្លាប់អាចារ្យ កោសជ្ជៈ ឬ មានៈ នេះជាមុនសិន ។
ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
គល់ នៅទីនេះ លោកសំដៅយកភាវៈដែលនៅក្រោម នៅខ្ចី នៅតូច ឬអ្វីដែលកើតមុនគេ ។ កូនចៅដែលនៅតូចៗក៏លោកប្រៀបទុកដូចជា គល់ ដែរ ។ កាលណាគេចង់បានអនាគតភ្លឺស្វាង មានតម្លាភាព មានរស្មីត្រចះត្រចង់សម្រាប់កូនចៅប្រុសស្រីដែលលោកទុកជាផ្លែផ្កា នោះ លោកឲ្យពត់លត់ដំតម្រង់ទិសតាំងពីវានៅខ្ចីតូចៗ ឲ្យវាមានអត្តចរិត គំនិតមារយាទប្រកបដោយគន្លងធម៌ ។ លោកប្រៀបប្រដូចជាតួយ៉ាងដូចតទៅ ៖- ការពត់ដើមឈើឲ្យទៅជារូបសត្វ ឬជារាងផ្សេងៗទៅតាមបច្ចេកទេសរបស់ខ្លួន គេត្រូវពត់នៅពេលដើមឈើនោះនៅតូចនៅខ្ចី ។
- ជាងដែក ត្រូវដុតដែកឲ្យក្ដៅឡើងក្រហមងៅ ដើម្បីឲ្យដែកទន់ទើបដំច្នៃដែកនោះឲ្យទៅជាសម្ភារៈប្រើប្រាស់មាន តម្លៃ ដូចជា កាំបិត ពូថៅ ជាដើម ។
ងើយស្កក ឱនដាក់គ្រាប់
និយមន័យៈ ក្រអឺតក្រទមបាត់លាភ រាបទាបបានលុយ ។អត្ថាធិប្បាយ
អត្ថានុរូប
ងើយស្កក
ធម្មតា ស្រូវដែលមានដើមត្រង់ៗឡើងលើចង្អុលមេឃនោះ មកពីដើមវាស្រាល ព្រោះពុំមានគ្រាប់ ។ ស្រូវបែបនេះគេហៅថា ស្រូវស្កកគ្មានផលអ្វីទេ ។ឱនដាក់គ្រាប់
គេសម្គាល់ឃើញថា ស្រូវណាដែលឱន ឬក្រាបទៅលើដី គឺស្រូវនោះមានគ្រាប់ល្អ ធ្វើឲ្យដើមធ្ងន់ងើបពុំរួច ។ ស្រូវបែបនេះ ហើយដែលលោកថា ឱនដាក់គ្រាប់ គឺស្រូវបានផលល្អ ។អត្ថប្បដិរូប
ពាក្យថា «ងើយស្កក» លោកចង់ប្រៀបប្រដូចទៅនឹងមនុស្សខ្លះដែលក្រអឺតក្រទមអើតស្ងើន គ្មានចេះឱនលំទោនចំណុះអ្នកណា ។ គឺជាមនុស្សអាត្មានិយម គេតែងគិតថា គ្មានអ្នកណាប្រសើរជាងអញ ។ មនុស្សប្រភេទនេះ បើមានការត្រូវពឹងពាក់គេដោយធុរៈអ្វីមួយក៏គ្មានអ្នកណាជួយយក អាសា ជួយឈឺឆ្អាលដែរ ។ កាលណាគេខ្វះញាតិមិត្តនេះហើយ ធ្វើឲ្យគេខ្វះអ្វីៗទាំងអស់ ។ឯពាក្យថា «ឱនដាក់គ្រាប់» គឺលោកចង់ប្រៀបប្រដូចទៅនឹងមនុស្សដែលមានឥរិយាបថសុភាពរាបសា ចេះឱនលំទោន គោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្តអ្នកភូមិផងទាំងពួង ។ គេជាមនុស្សមានគុណធម៌ខ្ពស់ និងជាទីស្រលាញ់រាប់អានពីសំណាក់មហាជនទូទៅ ។ កាលណាគេមានមនុស្សរាប់អានចូលចិត្តច្រើន គឺគេមានអ្វីៗទាំងអស់ ។
ឃើញឈើពុក កុំដាក់គូទលើ
អត្ថាធិប្បាយ
«ឈើពុក» ពោលសំដៅទៅលើ មនុស្សទន់ខ្សោយ ឥតវិជ្ជា ក្រខ្សត់ តោកយ៉ាក ខោមិនខោ អាវមិនអាវ មនុស្សបាតផ្សារ ឬថាជាមនុស្សកាកសង្គម ។ជាការធម្មតារបស់មនុស្សលោក កាលណាមានភាពខុសគ្នាផ្នែកទ្រព្យសម្បត្តិ វិជ្ជា ពូជពង្ស ឋានៈ បុណ្យស័ក្តិ ជាតិ ។ល។ តែងមានការមើលងាយកើតឡើង ។ អ្នកមានច្រើនមើលងាយអ្នកក្រ អ្នកចេះមើលងាយអ្នកល្ងង់ អ្នកមានស័ក្តិធំ មើលងាយអ្នកស័ក្តិតូច ។ល។
ការមើលងាយ ឬការប្រកាន់ មិននាំមកនូវសេចក្ដីសុខទេ ព្រោះមនុស្សដែលត្រូវគេមើលងាយនោះ កើតក្ដីក្ដៅក្រហាយ ហើយរកឧបាយកល សងសឹកត្រលប់ទៅវិញ នៅពេលណាមួយដែលគេអាចធ្វើកើត ។
ការប៉ុនប៉ង ឬសេចក្ដីព្យាយាម ជាពិសេសក្នុងរឿងអាក្រក់ទៅលើជនណាម្នាក់ ច្រើនបានសម្រេច ។ ដោយហេតុនេះ ទើបមានសុភាសិតថា «ជង់មិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជង់» ។
បុរាណាចារ្យរបស់ខ្មែរប្រដៅថា សុំកុំមើលងាយមនុស្ស ព្រោះតែមនុស្សនោះល្ងង់ ក្រ អប្បឥតវិជ្ជា ពូជត្រកូលទាប ឲ្យសោះ ។ មនុស្សម្នាក់ៗដែលព្រះអាទិទេពបង្កើតឲ្យមានជារូបរាងមកនោះ ទោះបីជារូបរាងបែបណាក៏ដោយ ក៏មានអ្វីមួយសម្រាប់ការពារខ្លួនដែរ ។ សូម្បីរុក្ខជាតិ និងសត្វតូច‑ធំក៏មានអាវុធសម្រាប់ការពារសន្តិសុខ ដូចជា កុលាបមានបន្លា សង្អារ ស្រមោច អង្ក្រង ស្រាំង ឪម៉ាល់… ចេះខាំ និងទិច ។
នៅក្នុងរឿងព្រេងមួយដែលជារឿងប្រៀបប្រដៅមនុស្សកុំឲ្យមើលងាយអ្នកតូចតាចជាងខ្លួន បានលើកយករឿង «ចាប និងដំរី» មកនិទាន ។ ដំរីដើរទៅជាន់កូនចាបស្លាប់អស់ ។ ចាបខឹង បានទៅធ្វើការទាក់ទងជាមួយសត្វឯទៀត ហើយទីបំផុត បានធ្វើឲ្យដំរីនោះស្លាប់ដោយផុងក្នុងភក់ រើខ្លួនមិនរួច ។
ហេតុនេះ គួរយើងចាំថា «ឃើញឈើពុក កុំដាក់គូទអង្គុយលើ» ក្រែងលោមានទុក្ខដល់ខ្លួននៅថ្ងៃណាមួយ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះ របកស្បែកក្បាល
និយមន័យៈ ត្រូវប្រយ័ត្ននឹងឥរិយាបថរបស់សត្រូវ ។អត្ថាធិប្បាយ
ខ្លានៅពេលនេះ លោកប្រដូចទៅនឹងសត្រូវ ។ ធម្មតាសត្រូវពុំដែលមានចេតនាល្អចំពោះអ្នកទេ ។ ម្ល៉ោះហើយគេត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ ។ ព្រោះជួនកាលវាធ្វើហាក់ដូចជាស្លូតៗយ៉ាងស្ងៀមស្ងាត់ ដែលធ្វើឲ្យគេយល់ច្រឡំខុសបាន ។ ជួនកាលទៀត វាប្រើល្បិចខ្ពស់ពិសេស គឺវាធ្វើជាមកសុំចងស្ពានមេត្រីល្អឡើងវិញក៏មានដែរ ។ ប៉ុន្តែវាបង្កប់នូវល្បិចពឹសពុល ដែលនាំឲ្យគ្រោះថ្នាក់ដោយមិនដឹងខ្លួន ។ក្នុងន័យខាងលើនេះដដែល មានអ្នកអំនួតខ្លះបានយកពាក្យនេះមកនិយាយឡូឡាក្អេងក្អាងដាក់ បច្ចាមិត្តរបស់ខ្លួនដែរ ។ ដូចជាគេនិយាយថា «ម៉េច ! អញនៅស្ងៀមមិនមាត់ មិនក ប៉ុណ្ណឹងហើយ វានៅមិនសប្បាយចិត្តយ៉ាងម៉េចទៀត ។ នែវ៉ើយ ! កុំឃើញខ្លាក្រាប ថាខ្លាថ្វាយបង្គំឲ្យសោះ តិចថាមិនបានប្រាប់…» ។
បង់បោយ ឲ្យមើលប្រាណ ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង
អត្ថាធិប្បាយ
បង់បោយ ឲ្យមើលប្រាណ
យើងទាំងអស់គ្នាស្គាល់ពាក្យ «បង់បោយ» នេះហើយ ។ ពេលយើងដើរ ដៃទាំងពីរតែងយោលចុះឡើង ទៅមុខទៅក្រោយ ផ្ទុយចលនាគ្នា ។ មនុស្សខ្លះបង់បោយខ្លីៗ គឺថា ដៃទាំងពីរយោលបន្តិចបន្តួច ស្ទើរតែនៅស្ងៀម ។ បែបនេះក៏លោកមិនទាន់ចាត់ថា «ល្អ» នៅឡើយទេ ។ មនុស្សខ្លះទៀតបង់បោយវែងៗ គឺថា គេយោលដៃទៅមុខទៅក្រោយហួសឆ្ងាយពីខ្លួនរបស់គេ ។ បែបនេះក៏មិនទាន់ចាត់ថាត្រឹមត្រូវនៅឡើយដែរ ។ដើម្បីបង់បោយឲ្យបានត្រឹមត្រូវ បុព្វបុរសយើងប្រាប់ថា ត្រូវមើលប្រាណ គឺខ្លួនយើងនេះសិន… មើលឲ្យដឹងថាតើខ្លួនយើងនេះមានទំហំប៉ុនណា ? រួចហើយបង់បោយកុំឲ្យហួសពីទំហំខ្លួន ទើបលោកចាត់ថា «ត្រឹមត្រូវ ហើយល្អមើលផង… មិនឈ្លើយ… មិនឆ្គង» ។
នេះគ្រាន់តែជាពាក្យឧបមា ។ ឯរឿងសំខាន់គឺរឿង «ដាំជើងក្រានឲ្យប្រមាណឆ្នាំង» ។ តើពាក្យនេះសំដៅទៅលើអ្វី ?
ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង
តាមធម្មតា ចង្ក្រានមានទំហំខុសៗគ្នា សម្រាប់ទ្រឆ្នាំងដែលមានទំហំខុសៗគ្នា ។ មុននឹងធ្វើការចម្អិនអ្វីមួយ គេតោងទៅបង្កាត់ភ្លើងនៅនឹងចង្ក្រាន ។ តើត្រូវយកចង្ក្រានណាមួយ… តូច ឬធំ ? ការជ្រើសរើសនេះអាចធ្វើទៅបាន លុះត្រាណាតែចេះប្រមាណមើលទំហំឆ្នាំងសិន… តើឆ្នាំងដែលបម្រុងនឹងស្លនោះប៉ុនណាដែរ ? រួចហើយ គេត្រូវជ្រើសរើសយកចង្ក្រានណាមួយដែលល្មមនឹងទំហំឆ្នាំង ។ នេះជាពាក្យឧបមាទីពីរក្នុងរឿងដឹកនាំជីវិត ។ការរស់នៅរាល់ថ្ងៃ ត្រូវពឹងផ្អែកទៅការប៉ាន់ស្មានមួយដែលមានសុភវិនិច្ឆ័យជាក់លាក់ ។ «ជើងក្រាន ឬ ចង្ក្រាន» ចាត់ទុកជា «ថវិកាគ្រួសារ» ។ «ឆ្នាំង» សំដៅទៅលើគម្រោងការអ្វីមួយដែលបម្រុងធ្វើ ដូចជា បើកហាងលក់ដូរ ទិញដី ទិញផ្ទះ ។ល។ បើយើងមានប្រាក់ត្រឹមតែ ៥ ពាន់ដុល្លា រួចគិតបើកហាងមាសមួយដែលត្រូវការចំណាយ ៣០ ម៉ឺនដុល្លា… តើសុបិននេះអាចក្លាយជាការពិតដែរឬទេ ? «ដាំជើងក្រានត្រូវប្រមាណឆ្នាំង» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ឃាត់មិនបាន ច្រានមិនទៅ
និយមន័យៈ វ័យ និងជរា មិនទទួលការអង្វរក និងបញ្ជាទេ ។អត្ថាធិប្បាយ
វយៈ ឬ វ័យ = ការអស់ទៅ… ការសូន្យទៅ…ឃាត់មិនបាន
មនុស្សប្រុសស្រីគ្រប់ៗគ្នា ចាប់តាំងពីថ្ងៃកើតមក តែងទទួលនូវភាពចាស់ បន្តិចម្ដងៗគ្រប់វិនាទីទាំងអស់ ។ ការដែលមនុស្សនិយាយថា ចម្រើនវ័យវឌ្ឍនាការ គឺចម្រើនការចាស់ ឬកាន់តែចាស់ទៅៗ ។ ការចាស់នេះទោះបីបុគ្គលណាដែលមានមហិទ្ធិឫទ្ធសម្បើមក្រៃលែងយ៉ាងណា ក៏ដោយ ក៏មិនអាចមកឃាត់ឃាំងរារាំងមិនឲ្យចាស់បានទេ ។ វាគឺជាច្បាប់ធម្មជាតិគ្របសង្កត់មកលើសត្វលោក សត្វតិរច្ឆាន រុក្ខជាតិនានា ។ ម្យ៉ាងទៀត ពាក្យថា លោកៈ ឬ លោក នេះក៏មានន័យថា កើតឡើងហើយវិនាសទៅវិញដែរ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា គ្មានអ្នកណាមកឃាត់វ័យ គឺការអស់ទៅ សូន្យទៅនេះបានទេ បើទុកណាជាគេសូកប៉ាន់ជារបស់មានតម្លៃយ៉ាងណា ឬអង្វរកយ៉ាងណាក៏ដោយ ។ច្រានមិនទៅ
ធម្មតា ភាពជរា គឺការរយីករយាកទ្រុឌទ្រោមរបស់មនុស្សលោក រួមទាំងសត្វតិរច្ឆាន រុក្ខជាតិ សម្ភារៈ ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែទទួលរងនូវភាពរខេករខាក រយីករយាកទៅជាលំដាប់ ។ ជរាភាពក្ដី មរណភាពក្ដី គ្មាននរណាត្រូវការចង់បានទេ ។ ប៉ុន្តែគេក៏ពុំអាចរុញច្រានវាឲ្យឃ្លាតទៅឆ្ងាយបានដែរ ។ គឺកាលណាវាមកឆ្មក់គ្របសង្កត់ ឬអូសទាញបុគ្គលណា បុគ្គលនោះត្រូវតែទទួលមិនអាចគេចពួនបានឡើយ ។ ហេតុនេះហើយបានព្រះពុទ្ធអង្គទ្រង់ត្រាស់ថា គ្មានមហិទ្ធិឫទ្ធិណាមកបញ្ជាកុំឲ្យវាមកបានទេ ។ឃើញដំរីជុះ កុំជុះតាមដំរី
និយមន័យៈ ខ្លួនក្រ កុំត្រដរធ្វើត្រាប់តាមអ្នកមាន ។អត្ថាធិប្បាយ
អត្ថានុរូប
សត្វដំរីមានមាឌធំ ដូចនេះលាមកវាក៏ធំដែរ ។ ឯឆ្កែមានមាឌតូច លាមកក៏តូចតាមមាឌវាដែរ បើចង់ឲ្យលាមកធំដូចដំរីទៅមិនបានទេ ។អត្ថប្បដិរូប
សត្វដំរីនៅពេលនេះ លោកប្រៀបប្រដូចទៅនឹងអ្នកមានធនធានច្រើន មានប្រាក់កាសច្រើន ។ ធម្មតា អ្នកមានប្រាក់ច្រើន ពេលចាយក៏ច្រើនដែរ គឺចាយធំ ។ ព្រោះគេអាងមានលុយច្រើន មិនព្រួយកង្វល់នឹងខ្វះខាត ។ ចំណែកអ្នកដែលខ្វះខាត បានព្រឹកខ្វះល្ងាច បើឃើញអ្នកមានចាយលុយបែបធូរៗ កុំយកតម្រាប់តាមគេ ចាយលុយបែបធូរៗដូចគេ ។ នេះហើយដែលលោកថា ឃើញដំរីជុះ កុំជុះតាមដំរី ។ ម្យ៉ាងទៀត មានកូនខ្លះមានមិត្តភក្តិសុទ្ធតែជាកូនអ្នកមាន ឃើញគេចាយលុយពេញដៃ ក៏មកជំរិតឪពុកម្ដាយយកលុយទៅចាយពេញដៃដូចគេ ។ ប៉ុន្តែមិនយូរប៉ុន្មានដែរ បើគេមិនរត់ចោលសាលាក៏រត់ចោលផ្ទះដែរ ។
ឃ្លាតកាយ ណាយចិត្ត
និយមន័យៈ គម្លាតធ្វើឲ្យចិត្តប្រែប្រួល ។អត្ថាធិប្បាយ
ព្រះពុទ្ធដីកាទ្រង់ត្រាស់ថា មនុស្សនៅជិតគ្នាយូរៗទៅអាចមានសម្ព័ន្ធភាព ។ ប៉ុន្តែបើឃ្លាតគ្នាយូរៗទៅ ក៏អាចរសាយចិត្តដែរ ។មនុស្សនៅក្នុងគ្រួសារជាមួយគ្នារាល់ថ្ងៃ ឃើញមុខគ្នាព្រឹកល្ងាច តើមានអ្វីភ្លេចគ្នាកើត ។ ប៉ុន្តែបើគេនៅបែកគ្នា នៅឃ្លាតគ្នាយូរៗទៅ ខានឃើញមុខគ្នាយូរៗទៅ គេក៏ភ្លេចឃើញមុខគ្នា ។ ករណីនេះជាហេតុធ្វើឲ្យគេរសាយចិត្តបន្តិចម្ដងៗ ។ ទីបំផុតគេសឹងតែភ្លេចនឹកគិតដល់គ្នាសោះតែម្ដងដែរ ។
ឧទាហរណ៍ ៖ ស្ត្រីម្នាក់យំសោកបោកខ្លួន មានពេលខ្លះចង់ទៅធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនទៀតផងនៅពេលដែល ដឹងថា ប្ដីបានពលីនៅក្នុងសមរភូមិទៅហើយ ។ ប៉ុន្តែពីរបីឆ្នាំក្រោយមក ដោយខានឃើញមុខប្ដីយូរៗទៅ គេក៏ភ្លេចមុខប្ដីបន្តិចម្ដងៗ ឯចិត្តក៏រសាយបន្តិចម្ដងពីការនឹកនាដែរ រួចក៏តែងខ្លួនយកប្ដីមួយទៀតដោយសុវត្ថិភាពទៅហោង ។
ឃ្លោកលិច អំបែងអណ្ដែត
និយមន័យៈ ភាពក្រឡាប់ចាក់ ខុសប្រក្រតី ។អត្ថាធិប្បាយ
អត្ថានុរូប
ឃ្លោក នៅពេលនេះលោកសំដៅយកផ្លែឃ្លោកទុំ ព្រោះផ្លែឃ្លោកទុំវាអណ្ដែតលើទឹកជានិច្ច ទោះបីគេចាប់ជ្រមុជវាក៏ដោយ ។ ឯ អំបែង តែងតែលិចជានិច្ច ព្រោះវាមានប្រហោងដែលគេចោះទម្លុះនៅក្អេងវា ។ បើគេដាក់ថ្នមលើទឹក វាអាចអណ្ដែតបានដែរតែមិនយូរទេ ។ កាលណាទឹករញ្ជួយតែបន្តិច វានឹងលិចភ្លាម ។អត្ថប្បដិរូប
ឃ្លោកដែលធ្លាប់តែអណ្ដែត បែរជាលិចទៅវិញ គឺលោកចង់និយាយប្រៀបទៅនឹងមនុស្សដែលមានចំណេះដឹង ឈ្លាសវៃក្នុងការងារ មានសមត្ថភាព មានសញ្ញាបត្រខ្ពស់ មានជំនាញ ។ល។ ប៉ុន្តែពេលមានបដិវត្តន៍ ឬនៅក្នុងបរិយាកាសពុករលួយ និងសម័យនិយមបក្សពួក មនុស្សប្រភេទឃ្លោកនេះ បើពុំមានបក្សពួកនឹងគេ ឬពុំមានលុយសូកគេនោះ ប្រាកដជាដាំដូងហើយ ។ គេស្ថិតនៅក្នុងភាពអន្ធការ គឺលិចស្រឹមតែម្ដង ។ឯអំបែងដែលធ្លាប់តែលិច ពេលនេះត្រលប់ជាអណ្ដែតទៅវិញនោះ គឺលោកប្រៀបទៅនឹងមនុស្សអវិជ្ជាល្ងឹតល្ងង់ខ្លៅសុទ្ធសាធ ។ មនុស្សអប្បឥតប្រាជ្ញា ធ្លាប់តែរស់នៅជាស្រទាប់បាត ស្រាប់តែងើបឡើងខ្ពស់ត្រដែតសន្ធោសន្ធៅធំសន្ធឹក ភ្លេចអស់ញាតិមិត្ត ។
ការត្រលប់ធាតុដូចនេះ គេសង្កេតឃើញនៅក្នុងកាលអាកាសស្រុកកើតសង្គ្រាម ឬមានបដិវត្តន៍ ព្រោះនៅពេលបដិវត្តន៍ម្ដងៗសូម្បីតែចោរហារយសោះក៏ឡើងធ្វើធំសិន ដែរ ។
ហុតទឹកសម្លឹងកាក ទាញច្រវាក្រាក សម្លឹងត្រើយ
អត្ថាធិប្បាយ
នេះគឺជាពាក្យឧបមាពីចរិតមនុស្សខ្លះដែលចេះលាក់ពុត ឬលាក់បំណងអាក្រក់របស់គេមិនឲ្យអ្នកណាដឹង ។ យ៉ាងណាមិញ ពេលគេបរិភោគអាហារ គេហាក់ដូចជាមិនអើពើទៅលើដុំសាច់ដែលនៅក្នុងចាននោះទេ.. គេហុតតែទឹកដោយចង់បង្ហាញឲ្យគេដឹងថា ខ្លួនជាមនុស្ស «មិនចេះលោភលន់» ឬថាជាមនុស្សសន្ដោស ។ល។ ប៉ុន្តែក្នុងបេះដូងវិញ គាត់នោះចង់តែត្របាក់សាច់ទាំងប៉ុន្មាននោះតែម្នាក់ឯង ។ន័យម្យ៉ាងវិញទៀត ពាក្យថា «ហុតទឹក» គឺធ្វើការដ៏តូចមួយ ហើយប្រាថ្នាផលធំ ឧទាហរណ៍ បុរសម្នាក់បានចាប់ចិត្តស្រលាញ់នារីម្នាក់យ៉ាងខ្លាំង ចង់បាននាងមកធ្វើជាប្រពន្ធរបស់ខ្លួន ។ គេចាប់ផ្ដើមអែបអបម្ដាយ‑ឪពុក និងបងប្អូនទាំងអស់របស់នាង ដោយទិញនេះ ឬទិញនោះយកមកឲ្យ ដោយជួយធ្វើការ ដោយប្រកាន់ចរិយាទន់ភ្លន់ តម្រូវចិត្ត ។ល។ ឬដោយវិធីផ្សេងទៀតដែលសុទ្ធតែឧបាយកលដើម្បីបន្ទន់ចិត្តគ្រួសារ ទាំងមូលឲ្យគេបាក់ចិត្តមកលើខ្លួន ហើយនៅទីបំផុត ខ្លួនអាចចូលទៅជិតនាងនោះបាន ។ អ្វីៗដែលបុរសនោះធ្វើ ចាត់ទុកជា «ហុតទឹក» ឯរឿង «សម្លឹងកាក» គឺ «ខ្លួននារី» នោះតែម្ដង ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ
និយមន័យៈ អ្វីដែលកំពុងត្រូវការសុទ្ធតែឆ្ងាញ់ និងល្អទាំងអស់ ។អត្ថាធិប្បាយ
ឃ្លានឆ្ញាញ់
គម្លានបណ្ដាលមកពីខ្សោះជាតិអាហារក្នុងខ្លួន ។ កាលណាមនុស្សខ្វះជាតិអាហារក្នុងខ្លួន សរីរាង្គទាំងមូលទាមទាររសជាតិអាហារដើម្បីចិញ្ចឹមអត្តភាពរាងកាយក៏ បង្កើតគម្លាននេះឡើង ។ កាលណាមនុស្សស្រេកឃ្លានអាហារហើយ ចំណីអ្វីដ៏ដោយបើបានលេបចូលទៅសុទ្ធតែមានរសជាតិឆ្ងាញ់ទាំងអស់ ។ ដូច្នេះបើគេឃ្លានខ្លាំង ឆ្ងាញ់ក៏កាន់តែខ្លាំងដែរ ។ សមដូចព្រះពុទ្ធដីកាត្រាស់ថា រោគអ្វីមិនស្មើនឹងរោគឃ្លាន ។ស្រលាញ់ល្អ
ស្រលាញ់នៅពេលនេះ លោកសំដៅយកការស្រលាញ់រវាងភេទ ។ កាលណាមនុស្សមានតណ្ហាដុតរោលកញ្ជ្រោលឡើងហើយ គេតែងតែមានអារម្មណ៍ត្រេកត្រអាលក្នុងផ្លូវលោកិយ ។ ពេលនេះគេមើលឃើញមនុស្សដែលមានភេទផ្ទុយចេះតែមានសម្ផស្សស្រស់ ស្អាតសមសួនគួរឲ្យភិសវង់ទាំងអស់ ព្រោះភ្នែកគេស្រវាំងអស់ហើយ ។ គេមើលឃើញតែម្យ៉ាងគឺ ស្អាត ល្អ ។ បើឮគេសើច ឬច្រៀង គេស្ដាប់ពិរោះដូចតន្ត្រីទិព្វ ។បំណាច់នឹងបាប ឲ្យឆ្អាបមាត់
អត្ថាធិប្បាយ
ពាក្យនេះច្រើនពោលសំដៅទៅលើរឿងអាក្រក់បែបណាម្យ៉ាងដែលជនណា ម្នាក់មិនបានប្រព្រឹត្តសោះ ហើយត្រូវគេចោទប្រកាន់ដោយភ័ន្តច្រឡំ ឬដោយមួលបង្កាច់ថាជាអ្នកធ្វើ ហើយត្រូវគេចាប់យកធ្វើទោស ។ឧទាហរណ៍ ៖ មានមនុស្ស៣នាក់ នាំគ្នាទៅបេះផ្លែក្រូចនៅចម្ការរបស់គេ ដោយនឹកស្មានថា គ្មានអ្នកណាដឹង ។ ពេលនោះមានមនុស្សម្នាក់ឈ្មោះ «ក» បានទៅជាមួយដែរ តែគ្រាន់តែឈរមើលគេនៅក្បែរនោះ ។ កំពុងតែបេះ ក្រុមនគរបាលក៏មកដល់ ហើយចាប់មនុស្សទាំងអស់យកទៅឃុំឃាំងពីបទលួចបេះក្រូច ។ មនុស្សទាំង៣នាក់នោះធ្លាប់ទៅលួចបេះជាច្រើនដងហើយ ។
ក្នុងរឿងបែបនេះ មនុស្សឈ្មោះ «ក» មានឈ្មោះថា «បាបមិនឆ្អាបមាត់» ពីព្រោះគាត់មិនបានលួចក្រូច ហើយមិនបានទទួលទានក្រូចនោះសោះ ហើយត្រូវគេយកទៅឃុំឃាំងដូចអ្នកលួចដែរ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ប្រពន្ធល្អ ច្រើនចាញ់ប្ដី ពាក្យភូតច្រើន ចាញ់អាត្មា
អត្ថាធិប្បាយ
ប្រពន្ធល្អ ច្រើនចាញ់ប្ដី
សុភាសិតនេះ ប្រហែលជាគេឲ្យតម្លៃទៅប្រុសច្រើនជាងឲ្យស្រី ។ ព្រោះហេតុថា នៅក្នុងសង្គមខ្មែរ អ្នកនិពន្ធទាំងអស់មិនសូវមានភេទស្រីទេ ហើយគេចាត់ទុកភេទស្រីជាមនុស្សលេខ២ ។ ស្រីត្រូវតែស្ដាប់ប្រុស ហើយធ្វើតាមបញ្ជាប្រុស ។ ប្ដីជាអ្នកសម្រេច (អារកាត់) បញ្ហានានាដែលកើតមានដល់គ្រួសារ ប្រពន្ធជាអ្នកធ្វើតាម ។ នេះជាទម្លាប់សម័យបុរាណ ។ ទោះបីយ៉ាងណា អត្ថន័យរបស់សុភាសិតមានដូចតទៅ ៖ប្រពន្ធដែលគេចាត់ទុកថា «ល្អ ឬ គ្រប់លក្ខណ៍» គឺសំដៅទៅស្រីណាដែល ៖
- មិនទទឹងរឹងរូសទៅនឹងបញ្ជាប្ដី
- មិនទាស់ជាមួយប្ដី
- សុខចិត្តស្ងៀម មិនស្ដីតប ទោះខឹងយ៉ាងណាក្ដី
- ខុសក៏ចាញ់ ត្រូវក៏ចាញ់ មួយចប់
ពាក្យច្រើនភូត ចាញ់អាត្មា
មនុស្សណាដែលនិយាយកុហកច្រើនពេក តើអ្នកណាជាអ្នកចាញ់ ? គឺសាមីខ្លួន (អាត្មា) អ្នកភូតនោះឯងដែលទទួលបរាជ័យ អាម៉ាស់មុខ អស់តម្លៃ ។ លទ្ធផលនៃការកុហកមានដូចតទៅ ៖- គេលែងស្ដាប់
- គេមិនជឿ
- គេស្អប់
- គេមិនរាប់រក
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
គូព្រេងមិនព្រាត់
និយមន័យៈ ការលើកទឹកចិត្តគូស្នេហ៍ឲ្យមានក្ដីសង្ឃឹម ។អត្ថាធិប្បាយ
ពាក្យនេះគ្រាន់តែជាពាក្យពោលលើកទឹកចិត្តដល់គូស្នេហ៍កុំឲ្យអស់សង្ឃឹម ។ ជួនកាលគេពោលលើកទឹកចិត្តអ្នកដទៃ ។ ដូចជា «នែ សម្លាញ់អើយ កុំកើតទុក្ខខ្លាំងពេក ប្រសិនណាបើគេជាគូព្រេងនឹងឯង គង់តែជួបគ្នាទេ ចង់អ្នកណាមកខាឃាំងពង្រាត់បង្រាសយ៉ាងម៉េចក៏គង់តែជួបគ្នាវិញ ជាមិនខាន ។ ប៉ុន្តែបើជាគូកម្មវិញ ទោះជាឯងខំប្រឹងយ៉ាងណាក៏មិនជួបគ្នាដែរ» ។ស្លៀកស្បង់ មិនកោរសក់
ស្លៀកស្បង់ មិនកោរសក់ ឆ្លុះកញ្ចក់ ធ្មេចនេត្រា យល់សេះ ថាជាលា យល់គជា ថាកណ្ដុរ
អត្ថាធិប្បាយ
«ស្បង់» សំពត់ដែលព្រះសង្ឃស្លៀកដើម្បីបិទបាំងកេរ្តិ៍ខ្មាស ។ «នេត្រា» គឺភ្នែក ។ «លា» សត្វលា ស្រដៀងសេះតែតូចជាង ។ «គជា» (អានថា គុច‑ជា) គឺដំរី ។សម្លោកនេះនិយាយអំពីចរិតរបស់មនុស្សនាសតវត្សទី១៩ និងទី២០ ហើយនិងសតវត្សបន្តបន្ទាប់ទៅមុខ ។
ស្លៀកស្បង់ មិនកោរសក់
តាមទម្លាប់ ឬប្រពៃណីដែលមានមកពីបុរាណ ជាប្រពៃណីត្រឹមត្រូវនោះ បើអ្នកណាម្នាក់ស្លៀកស្បង់ (ទៅបួស) គេត្រូវតែកោរសក់ចេញ ទើបពេញលក្ខណ៍ជាអ្នកបួស ។«កោរសក់» ក្នុងទីនេះមិនត្រឹមតែមានន័យថា «កោរសក់ក្បាល» ចេញនោះទេ គឹមានន័យវែងឆ្ងាយជាងនេះទៅទៀត ៖
- លះបង់នូវតណ្ហាទាំង៤គឺ រាគៈ លោភៈ ទោសៈ និង មោហៈ
- លាចាកជីវិតលោកិយទៅកាន់ឧត្ដមភេទ ជាអ្នកដឹកនាំគ្រហស្ថឲ្យកាន់សីលដើម្បីទទួលនូវភាពសុខសាន្តក្នុងសង្គម ។
ឆ្លុះកញ្ចក់ ធ្មេចនេត្រា
«ឆ្លុះកញ្ចក់ ធ្មេញនេត្រា» មានន័យដូចគ្នានឹងពាក្យខាងលើ គឺថាជាពាក្យឧបមា ។ យើងឆ្លុះកញ្ចក់មើលមុខខ្លួនយើង ក្រែងមានប្រឡាក់អ្វីមួយ‑មិនស្អាត ។អត្ថន័យពេញលេញនៃពាក្យនេះ គេចង់និយាយថា សម័យនេះមានមនុស្សមួយចំនួនធំមិនព្រមយល់ថា តើខ្លួនជាជនថ្នាក់ណា ? ជាមនុស្សដែលអ្នកផងស្រលាញ់រាប់អាន ? ជាមនុស្សកំរោលឃោរឃៅ ? ជាអ្នកចេះ ? ជាអ្នកល្ងង់ ? ។ល។
យល់សេះ ថាជាលា
«យល់សេះ ថាជាលា» ជាសម្ដីបញ្ជាក់នូវទិដ្ឋិរបស់មនុស្សបច្ចុប្បន្នដែលមានភាពច្របូក ច្របល់ វិលវល់ក្នុងចិត្តលែងស្គាល់ខុសត្រូវ ល្អអាក្រក់ សខ្មៅ អស់រលីងហើយ លែងស្គាល់ម៉ែឪ លែងស្គាល់គ្រូបាអាចារ្យ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។ល។យល់គជា ថាកណ្ដុរ
«យល់គជា ថាកណ្ដុរ» មានន័យដូចពាក្យខាងលើ គឺថាមនុស្សឥឡូវមានការយល់ច្រឡំធំណាស់ មើលឃើញដំរីហើយយល់ថាមិនមែនដំរីទេ គឺជាសត្វកណ្ដុរទៅវិញ ។ យ៉ាងណាមិញ ដូចនៅគ្រាបច្ចុប្បន្ននេះ មនុស្សដែលគ្មានវិជ្ជា ឬមានបន្តិចបន្តួច ច្រើនជាមនុស្សអួតអាង លោតហក់ វាយឫក ធ្វើហាក់ខ្លួនទើបនឹងប្រលងចេញពីសាលាជាន់ខ្ពស់ណាមួយ តែតាមការពិតគឺជាមនុស្ស «បោក» សុទ្ធសាត ។ មនុស្សធុននេះ អាចទាក់ទាញអ្នកឯទៀតឲ្យយល់ច្រឡំថាជា «អ្នកចេះ» រួចត្រូវគេលើកតម្កើងដោយជឿទៅលើភាពក្អេងក្អាងនោះ ។ចំណែកអ្នកចេះដឹងពិតប្រាកដ ច្រើនជាមនុស្សសុភាពរាបសារ មិនចេះអួតអាង មិនចេះព្រោកប្រាជ្ញបែកពពុះមាត់ គ្មានខ្លឹមសារអ្វីសោះនោះទេ ។ អាកប្បកិរិយានេះនាំមនុស្សភាគច្រើនយល់ច្រឡំថាជាមនុស្ស «គ្មានដឹងអ្វីសោះ» រួចហើយ គេទុកមនុស្សនេះដែលជាមនុស្ស «គជា» ពិតៗថាជាកណ្ដុរទៅវិញ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ពេលឈឺ យកដំរីទៅបន់ លុះជំងឺស្រន់ ពងមាន់មួយស្ដាយ
អត្ថាធិប្បាយ
នេះជារឿងមួយបញ្ជាក់ប្រាប់ឲ្យដឹងពីចិត្តថ្លើមមនុស្សមួយចំនួន នៅក្នុងពិភពលោកយើងនេះ ។ មនុស្ស កាលណាមានទុក្ខធំ តែងរត់រកគេជួយ… លើកដៃសំពះ… ក្រាបថ្វាយបង្គំ ប្រណម្យអញ្ជលី សុំឲ្យគេជួយ អស់ប៉ុន្មានក៏សុខចិត្តដែរ ។ បន្ទាប់ពីបានរួចទុក្ខទោសហើយ ច្រើន «ពើងទ្រូង» ដាក់អ្នកជួយនោះវិញ ។ យ៉ាងណាមិញ សុភាសិតខាងលើបញ្ជាក់ពីការពិតនៃជីវិតលោកិយដែលមានន័យដូចតទៅនេះ ៖នៅពេលឈឺ «ជាពិសេសពេលឈឺធ្ងន់» មនុស្សតែងទៅបន់ស្រន់ទេព្ដា អារក្ស‑អ្នកតា នូវវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាងថា ឲ្យតែលោកជួយយ៉ាងណាឲ្យជាស្រឡះ… ខ្ញុំនឹងថ្វាយ «ដំរី» មួយសម្រាប់ធ្វើជាយានជំនិះជូនលោក ។
«ដំរី» គឺតំណាងវត្ថុយ៉ាងធំ យ៉ាងប្រណីតផុតលេខ… ឥតមានអ្វីធំជាងនេះទៀតទេ ។ នេះគឺជាពាក្យសន្យាដែលគេធ្វើឡើងក្នុងពេលឈឺធ្ងន់ ។
លុះដល់ជំងឺស្រន់ (ធូរស្បើយ) សូម្បីតែ «ពងមាន់មួយ» ក៏គាត់មិនចង់ថ្វាយដែរ (ស្ដាយ) ។
ដោយហេតុនេះទើប បុព្វបុរសខ្មែរបានចែងជាក្បួនមួយសម្រាប់អស់លោកដែលធ្វើជា «គ្រូមើលជំងឺ» ដែលគេតែងហៅថា «គ្រូហ្ម» នោះ យកទៅអនុវត្តដើម្បីទាញយកផលកម្រៃឲ្យបានងាយស្រួល ។ បើមិនធ្វើតាមក្បួននេះទេ គ្រូនោះប្រាកដជាបានទទួលត្រឹមតែ «ពងមាន់មួយ» ពីអ្នកជំងឺដែលខ្លួនព្យាបាលឲ្យបានជានោះ ។ ក្បួននេះមានដូចតទៅ ៖
មុននឹងចាប់ផ្ដើមព្យាបាលជំងឺអ្វីមួយ លោកគ្រូត្រូវប្រកាស ឬបញ្ជាឲ្យគេរៀបចំសក្ការៈដែលគេហៅថា «ដង្វាយគ្រូ» ជាមុនសិន ។ បើគ្មានដង្វាយគ្រូទេ ការខំប្រឹងប្រែងទាំងប៉ុន្មាននឹងក្លាយជាអសារបង់ ពីព្រោះ «ព្រះគ្រូ» ដែលជាតួព្រលឹងតាមថែរក្សាគ្រូជាអ្នកព្យាបាលផ្ទាល់នោះ មករារាំង ឬជំទាស់ មិនឲ្យជំងឺជាស្បះស្បើយទេ ។ រឿងនេះមានន័យថា លោកគ្រូដែលជាអ្នកព្យាបាលជំងឺ តែងមាន «ខ្មោច ឬព្រលឹង» មួយតាមជួយគាត់គ្រប់ពេលដែលគាត់ព្យាបាលជំងឺ ។ គឺព្រលឹងនេះហើយដែលគេហៅថា «ព្រះគ្រូ» ។ «ព្រះគ្រូ» ត្រូវការ «ទ្រនឹប» គឺដង្វាយ ។ គ្មានទ្រនឹប ព្យាបាលយ៉ាងណាក៏មិនជាដែរ ។ នេះគឺជាលក្ខន្តិកៈ ឬពិធីការដែលអ្នកជំងឺត្រូវតែបំពេញ មុននឹងលោកគ្រូចាប់ព្យាបាល ។ បើមិនធ្វើដូច្នេះទេ លោកគ្រូនោះមុខជាជួប «ពងមាន់មួយ ស្ដាយមិនខាន» ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់
និយមន័យៈ អំពើអាក្រក់មានឥទ្ធិពលខ្លាំងជាងអំពើល្អ ។អត្ថាធិប្បាយ
បុគ្គលម្នាក់ៗខំប្រឹងសន្សំប្រាក់បន្តិចម្ដងៗ គេត្រូវប្រើពេលយ៉ាងយូរណាស់ទម្រាំសាងសង់ជាផ្ទះមួយខ្នងបាន ។ ប៉ុន្តែបើមានអគ្គីភ័យឆាបឆេះ ផ្ទះនោះក៏អន្តរាយរលាយសូន្យក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ដូច្នេះ ការសាងសង់ ឬសន្សំនូវអំពីល្អ គេត្រូវប្រើពេលយូរដូចគ្នា ។ ប៉ុន្តែ គុណសម្បត្តិយ៉ាងធំនេះ បើមានគុណវិបត្តិមួយជ្រៀតចូលទៅ វានឹងធ្វើឲ្យរលាយគុណសម្បត្តិនោះអស់រលីងក្នុងរយៈពេលយ៉ាងខ្លី បំផុតដែរ ។ ប្រៀបដូចតំណក់ទឹកពណ៌ខ្មៅមួយតំណក់សម្រក់ចូលក្នុងទឹកថ្លាកន្លះ កែវ ទឹកថ្លានោះក៏ស្រអាប់ភ្លាម ។ ករណីនេះបញ្ជាក់ឲ្យឃើញថា អំពើល្អទោះបីជាមានច្រើនដល់ម្ល៉ា ក៏ចាញ់អំពើអាក្រក់ដែលមានតែបន្តិចបន្តួចដែរ ។
បើស្អប់កុំឲ្យបាញ់ ស្រលាញ់កុំឲ្យខ្ចី
អត្ថាធិប្បាយ
ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរ ហើយអ្នកណាក៏មានរឿងដែលបណ្ដាលមកពី «ស្អប់» ហើយនិង «ខ្ចីបុល» នេះដែរ ។បើស្អប់កុំឲ្យបាញ់
ពាក្យ «កុំឲ្យបាញ់» មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យដើរនិយាយដើម បង្អាប់បន្តុះ មួលបង្កាច់ ប្រើសម្ដីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ ។ ការស្អប់ និងស្រលាញ់ គឺជារឿងមួយដែលមិនអាចឃាត់មិនឲ្យកើតមានបានទេ ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្តអ្នកខាងនោះ គឺជារឿងធម្មតារបស់មនុស្សលោក ។ តែការសំខាន់ដែលយើងម្នាក់ៗត្រូវតែចងចាំទៅតាមបណ្ដាំដូនតាយើង នៅត្រង់ចំណុចថា បើបានជាស្អប់នរណាម្នាក់ហើយ សុំ «កុំបាញ់» អ្នកនោះឲ្យសោះ ។ ព្រោះថាបើធ្វើយ៉ាងនេះគឺមានន័យថា យើងពង្រីកសម្អប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេលមួយ សម្អប់នោះនឹងផ្ទុះដូចគ្រាប់បែក អាចបណ្ដាលឲ្យមានការស្លាប់‑រស់ដល់អ្នកណាម្នាក់មិនខាន ។តើយើងគួរធ្វើយ៉ាងណា ? ចម្លើយយ៉ាងខ្លីៈ បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ សុំបិទមាត់ឲ្យជិត កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះប្រាប់មនុស្សម្នាក់ទៀតដើម្បីឲ្យគេជួយស្អប់ ។
ស្រលាញ់កុំឲ្យខ្ចី
«ស្រលាញ់កុំឲ្យខ្ចី» មានន័យថា ការខ្ចីបុលរវាងមិត្តភក្ដិច្រើននាំបណ្ដាលឲ្យក្លាយទៅជាសត្រូវនឹង គ្នា ព្រោះអ្នកខ្ចីមិនគោរពពាក្យសន្យារបស់ខ្លួន ។ មនុស្សច្រើនណាស់តែងសន្យា «សុំខ្ចីតែ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ» ។ លុះដល់៣ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុលឥតបានទទួលអ្វីទាំងអស់ បាត់ឈឹង គ្មានឮអ្វីសោះ ។ ក្នុងចិត្តចាប់កើតមន្ទិលសង្ស័យៈ យី យ៉ាងម៉េចឯចេះ ?មួយសប្ដាហ៍កន្លងផុតទៅ… រួចចូលសប្ដាហ៍ទី២… សប្ដាហ៍ទី៣ នៅតែឈឹង… អត់ទ្រាំមិនបាន ម្ចាស់បំណុលក៏សួរ «យ៉ាងណាទៅហើយរឿងប្រាក់៣ថ្ងៃនោះ ?» ។ កាលណាមានសំណួរ អ្នកខ្ចីភាគច្រើនបែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្តភាពក៏ចាប់ស្រាំ ឬបាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុលនៅពេលខ្វះខាតជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន ។ ការប្រកាន់ខ្ជាប់នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន ។ គប្បីចាំថា ភាពទៀងត្រង់នាំឲ្យយើងរស់បានយូរជាងការភូតកុហក ជាពិសេស ការភូតកុហកមិត្តសម្លាញ់ដែលមានសុឆន្ទៈចំពោះខ្លួន គឺជាបិទផ្លូវសម្រាប់ទៅរកសុខ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
គិតរួច សឹមគូរ
និយមន័យៈ មុនធ្វើអ្វីមួយ តោងធ្វើគំរោងសិន ។អត្ថាធិប្បាយ
កិច្ចការអ្វីក៏ដោយមុននឹងចាប់ធ្វើ គេតោងពិចារណាជាមុន ថាតើត្រូវធ្វើអ្វី ? ធ្វើយ៉ាងម៉េច ? ធ្វើបានឬទេ ? ធ្វើកើតឬទេ ? មានសម្ភារៈគ្រប់គ្រាន់ហើយឬនៅ ? …បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។
ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។
គ្រូកាច សិស្សខូច
និយមន័យៈ កំណាចខុសបែបបទនាំឲ្យសិស្សខូច ។អត្ថាធិប្បាយ
កាលពីសម័យមុនយូរបន្តិចហើយ គ្រូបង្រៀន មិនថា ព្រះសង្ឃ ឬគ្រហស្ថទេ តែងកាចៗខ្លាំងសម្បើម ។ ក្នុងជំនាន់នោះ សិស្សខ្លាចគ្រូជាងឪពុកម្ដាយទៅទៀត ។ ឪពុកម្ដាយខ្លះយកកូនទៅផ្ញើនឹងព្រះសង្ឃ ឬលោកគ្រូឲ្យនៅរៀនតែងនិយាយថា «សូមផ្ញើកូនឲ្យរៀនសូត្រផង ដោយសុំតែភ្នែក និងឆ្អឹងទេ» ក្នុងន័យនេះគឺសុំឲ្យវាយយ៉ាងណាកុំឲ្យខ្វាក់ភ្នែក និងបាក់ឆ្អឹង ។ ម៉្លោះហើយ គ្រូវាយសំពងតាមចិត្ត ។ សិស្សខ្លះមិនហ៊ានទាំងមើលមុខគ្រូចំផង ។ សិស្សណាមានប្រាជ្ញា រៀនឆាប់ចេះឆាប់យល់ពុំសូវត្រូវរំពាត់ទេ ។ សិស្សណាអាប់ប្រាជ្ញា រៀនខ្សោយ គ្រូវាយសំពងឥតប្រណី ។ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូតភរកុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ។ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង ។
គ្រូទាយ ម្ដាយថា
និយមន័យៈ ទំនាយគ្រូ និងតំហារបស់អ្នកម្ដាយមានភាពប្រាកដនិយម ។អត្ថាធិប្បាយ
គ្រូទាយ
គ្រូនៅទីនេះ លោកសំដៅយកគ្រូបង្រៀនអក្សរ លេខ នព្វន្ត ។ មិនមែនគ្រូទស្សន៍ទាយជោគជតារាសីទេ ។គ្រូបង្រៀនតែងស្គាល់ច្បាស់នូវអត្តចរិតសិស្ស តាមរយៈសកម្មភាពសិក្សារបស់សិស្សគ្រប់ៗគ្នា ។ ព្រោះការបង្រៀនរបស់គ្រូ ប្រកបដោយនិយាមគរុកោសល្យ បូកផ្សំនឹងចិត្តសាស្ត្រផងនោះ ធ្វើឲ្យគ្រូឆាប់ចាប់បាននូវនិស្ស័យរបស់សិស្សដោយច្បាស់ប្រាកដ ណាស់ ។
អាស្រ័យហេតុនេះ គ្រូអាចមើលឃើញនូវវាសនាកម្ម អនាគតរបស់សិស្សម្នាក់ៗថា ជាយ៉ាងណាបានតាមរយៈអត្តចរិត និងសកម្មភាពសិក្សា ។ ដូចនេះគ្រូអាចទាយថា សិស្សនេះទៅថ្ងៃមុខនឹងក្លាយទៅជាអ្នកប្រាជ្ញ ឬកវី បណ្ឌិត ឬក៏មុជមិនជ្រៅទៅមិនឆ្ងាយ បានយ៉ាងច្បាស់លាស់ល្អណាស់ ។ ដូច្នេះ កូនសិស្សណាដែលគ្រូទាយថា យ៉ាងម៉េចហើយ ពុំសូវឃើញខុសទេ ។
ម្ដាយថា
ព្រះពុទ្ធដីកាត្រាស់ថា ម្ដាយជាមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងជាបុព្វាចារ្យគឺគ្រូដើម ឬគ្រូទី១ របស់កូនប្រុសស្រីគ្រប់គ្នា ។ក្នុងសង្គមខ្មែរ ម្ដាយមាននាទីបីបាច់ថ្នាក់ថ្នមថែរក្សាកូន ចាប់តាំងពីកូនកើតមក មានការបញ្ចុកចំណីអាហារ ស្លៀកពាក់ ផ្ងូតទឹកជាដើម ។ល។ រហូតដល់កូនដឹងក្ដី ចេះស៊ីចុក ស្លៀកពាក់ ងូតទឹកខ្លួនឯង ។ ម្ល៉ោះហើយ អ្នកម្ដាយតែងបានកត់សម្គាល់នូវនិស្ស័យអត្តចរិតរបស់កូនម្នាក់ៗបាន យ៉ាងច្បាស់ ដូចជាគ្រូបង្រៀនដូច្នោះដែរ ។
ដូច្នេះ កូនប្រុសស្រីណាដែលអ្នកម្ដាយថា ទៅថ្ងៃក្រោយ កូនណាមានកំណើត ឬអត់កំណើតក៏ពុំសូវឃើញខុសដែរ ។
គ្មានទីណាប្រសើរជាងផ្ទះយើងទេ
និយមន័យៈ អ្វីដែលជាកម្មសិទ្ធរបស់យើងប្រសើរជាងរបស់គេ ។អត្ថាធិប្បាយ
ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏ស្កឹមស្កៃ ជាកម្មសិទ្ធរបស់គេក៏នៅតែចាញ់ខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះវិមានអស់ទាំងនោះ យើងមិនអាចទៅស្នាក់នៅ ឬទៅជ្រកភ្លៀងម្ដងម្កាលបានទេ ។ម្យ៉ាងទៀត បើមានបងប្អូនជាគហបតី ហៅយើងឲ្យទៅនៅលេងបួនដប់ថ្ងៃ ។ គេផ្គត់ផ្គង់បាយទឹកគ្មានឲ្យខ្វះអ្វី ។ យើងមិនអាចនៅឲ្យគ្រប់ដប់ថ្ងៃបានដែរ ។ ផ្ទះគេស្អាតឥតខ្ចោះ ប៉ុន្តែបើយើងនៅយូរ យើងរឹតតែធុញថប់ក្នុងអារម្មណ៍ខ្លាំងជានិច្ចដែរ ។ ព្រោះផ្ទះគេមិនមែនជាផ្ទះរបស់យើងទេ ។ ផ្ទះគេស្អាតពេក ឥវ៉ាន់ប្រើប្រាស់ទំនើបទាន់សម័យ តែយើងមិនហ៊ានកាន់ ឬប៉ះពាល់ឲ្យពេញដៃជើងឡើយ ។
ដូច្នេះ ទីកន្លែងណាឲ្យតែរបស់គេ ទោះបីជាល្អប្រណីតយ៉ាងណាក៏ដោយ ក៏នៅតែមិនប្រសើរជាងខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះខ្ទមរបស់យើង ទោះយើងចង់ដេក ដើរ ឈរ អង្គុយ គ្រប់ឥរិយាបថ ក៏គ្មានខ្លាចក្រែងចិត្តអ្នកណា គឺមានសេរីភាពពេញបរិបូណ៌ ។ ត្រង់ការមានសេរីភាពពេញលេញ និងគ្មានខ្លាចអ្នកណា ហ្នឹងហើយជាសុភមង្គលរបស់យើង ដែលលោកហៅថា «គ្មានទីណាប្រសើរជាងផ្ទះយើងទេ» ។
ភូតនៅហោរ ចោរនៅជាង
អត្ថាធិប្បាយ
«ភូតនៅហោរ ចោរនៅជាង» គឺជាពាក្យមួយដែលអ្នកផងតែងនិយាយប្រាប់គ្នាទៅវិញទៅមក នៅពេលណាដែលគេឃើញជនណាម្នាក់មានទុក្ខហើយទៅរកគ្រូទាយមើល តើថ្ងៃណាទៅទើបទុក្ខព្រួយនោះវារលាយបាត់ទៅវិញ ។ទុក្ខព្រួយដែលកើតមានដល់មនុស្សយើងមានច្រើនបែបខុសៗគ្នា ប៉ុន្តែទុក្ខព្រួយដែលគេច្រើន «ពឹងហោរ» ឲ្យជួយគន់គូរមើលឲ្យនោះ ភាគច្រើនទាក់ទងនឹង ៖
- ប្ដី ឬប្រពន្ធបែកចិត្តទៅមានសហាយថ្មីទៀត
- រកស៊ីចេះតែខាត
- មើលគូព្រេងៈ តើនៅទិសខាងណា ?
- តើថ្ងៃណា ឆ្នាំណា ទើបរកស៊ីធូរ ។ល។
សម្ដី កាយវិការ សណ្ដាប់ធ្នាប់ សម្លៀកបំពាក់ លំនៅ ដំណើរដើរ បែបបទនៃឥរិយាបថទាំង៤… ទាំងអស់នេះអាចប្រាប់ឲ្យដឹងថា តើមនុស្សនោះជាមនុស្សធុនណា ? សប្បុរស ? ឃោរឃៅ ? ជួរជាតិ ? មានពូជ ? ឥតពូជ ? ជាអាចារ្យ ? ជាចោរ ?
មនុស្សដែលនៅក្នុងជំពូក «រាគចរិត» ច្រើនមានលក្ខណៈដូចតទៅនេះ ៖
- កិច្ចការស្អាត មានរបៀប ត្រឹមត្រង់
- ម៉ត់ចត់ មិនខ្ជីខ្ជា
- មានកាមតណ្ហាច្រើន
- ធ្វើអ្វីៗច្រើនថ្នម មិនក្ដុងក្ដាំង មិនស្ទុះស្ទា
- ធ្វើអ្វីៗ ច្រើនរម៉ាំងរម៉ោក ក្ដុងក្ដាំង មិនចេះស្ងាត់
- ឆាប់ខឹង មិនងាយត្រូវចិត្ត មិនងាយផ្គាប់
- សម្ដីច្រើនថ្លោស មិនសូវចេះឈឺឆ្អាលយកអាសាអ្នកណាឡើយ
- មិនសូវមានរបៀបរៀបរយក្នុងកិច្ចការទូទៅ
- ភ្លេចច្រើន
- ធ្វើអ្វីៗច្រើនមិនដាច់ស្រេច ឡប់ឡែច្រើន
- មិនសូវស្រើបស្រាលក្នុងកាមតណ្ហាប៉ុន្មានទេ
- ស្លៀកពាក់ច្រើនមិនសូវសម
«ភូតនៅហោរ» មានន័យថា ទំនាយដែលហោរបាននិយាយទាំងប៉ុន្មាននោះ ភាគច្រើនជាសម្ដីមិនពិត (ភូត) ជាសម្ដីស្មាន ជាសម្ដីផ្សែផ្សំទៅតាមលំនាំដែលគេបានដឹងខ្លះមកហើយ ដើម្បីឲ្យអ្នកស្ដាប់ស្ងើចសរសើរថា «ឆុតណាស់» ។
តាមការពិត មនុស្សម្នាក់ៗរស់នៅក្នុងអវិជ្ជា គ្មានអ្នកណាអាចដឹងបានថា តើនឹងមានរឿងអាក្រក់ល្អកើតឡើងដល់យើងនៅថ្ងៃស្អែក… សប្ដាហ៍ក្រោយ ខែក្រោយ… ឆ្នាំក្រោយ ។ល។ នោះបានទេ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
គោមួយក៏យប់ គោដប់ក៏យប់
និយមន័យៈ ការរកភាពរីកចម្រើនក្នុងពេលតែមួយ ។អត្ថាធិប្បាយ
អត្ថានុរូប
អ្នកកង្វាលម្នាក់ឃ្វាលគោ១ក្បាលតាំងពីព្រឹកដល់ល្ងាច ។ ប្រសិនបើគេឃ្វាលគោ១០ក្បាល ក៏តាំងពីព្រឹកដល់ល្ងាចដូចគ្នា ។ ដូច្នេះគេគួរតែឃ្វាលគោ១០ក្បាលតែម្ដងទៅវាបានចំណេញច្រើនជាង ព្រោះគោ១ក៏យប់ គោ១០ក៏យប់ដែរ ។អត្ថប្បដិរូប
មុខរបររកស៊ី បើគេលក់របស់១មុខបានក្នុងមួយថ្ងៃ គេគួរតែលក់ឲ្យបាន១០មុខ ព្រោះបានផលចំណេញច្រើនជាងមួយមុខ ដោយប្រើពេលតែមួយថ្ងៃដូចគ្នា ។ ឧទាហរណ៍ ៖អ្នកលក់ផ្លែឈើម្នាក់ អង្គុយលក់ផ្លែក្រូចមួយកញ្ជើតាំងពីព្រឹកដល់ល្ងាច ។ ដូច្នេះ គេគួរលក់ផ្លែទៀប ល្មុត ល្ហុង ។ល។ ឲ្យបាន១០មុខទៀត ។
អ្នកលក់គ្រឿងទេសម្នាក់ លក់ឥវ៉ាន់ច្រើនមុខ ។ គេចំណេញមួយមុខបន្តិចមែន តែច្រើនមុខទៅគេបានចំណេញច្រើន ។
គោលឿនសឹកក ស្រីល្អសឹកគូទ
និយមន័យៈ អ្វីដែលគេត្រូវការញឹកញាប់ តែតែសឹករេចរឹល ។អត្ថាធិប្បាយ
គោលឿនសឹកក
កាលណាគេឃើញកគោណាសឹកក្រិន គេដឹងថា គោនោះលឿន ដោយសារគេទឹមវាញឹកញាប់ ទើបកវាឡើងក្រិនអស់ ។ស្រីល្អសឹកគូទ
ការពិតហើយ ស្រីណាដែលមានរូបសម្ផស្សឆោមលោមពណ៌ល្អស្អាត គឺជាប្រាថ្នារបស់ផងទាំងឡាយ ។ ជាពិសេសចំពោះបុរសអភិជន ។ដោយសាររូបសម្ផស្សស្រស់ស្អាតក៏ជាគ្រោះថ្នាក់មួយដែរ ។ ព្រោះអ្នកដែលមានលទ្ធភាព គេហ៊ានចំណាយធនធានដើម្បីរូបនាង ។ កាលបើចៀសមិនផុត នាងក៏ធ្លាក់ក្នុងអន្ទាក់ប្រាក់ ។ រួចពីអន្ទាក់មួយចូលទៅអន្ទាក់មួយទៀតជាបន្តបន្ទាប់គ្នា ។
អ្វីក៏ដោយ កាលណាគេត្រូវការប្រើប្រាស់ច្រើន រមែងតែងតែសឹករេចរឹល ត្រង់នេះត្រង់នោះជាមិនខាន ។ នេះជាបំណងរបស់ន័យដើមសុភាសិត ។ ឥឡូវនេះ ដើម្បីកុំឲ្យអាក្រក់ស្ដាប់ពេក គេប្រែសេចក្ដីថា «សឹកគូទសំពត់» ទៅវិញ ។
គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ
និយមន័យៈ អ្នកមានចំណុចខ្សោយ តែងរសើបនឹងសម្ដីគេ ។អត្ថាធិប្បាយ
អត្ថានុរូប
គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ តែតាមពិត ក្អែកឥតដឹងអ្វីពីគោទេ គឺវាហើរតាមធម្មតារបស់វា ។អត្ថប្បដិរូប
មនុស្សមានចំណុចខ្សោយ ដូចជា ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ មានលួច ប្លន់គេជាដើម ។ កាលណាឮគេនិយាយពីចោរកម្មកើតនៅទីណា មនុស្សនោះតែងតែផ្អើលៗ រសើបគូទនៅពុំសុខទេ ។ ព្រោះអារម្មណ៍គេចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន ជួនកាលដោយរអៀសខ្លួនខ្លាំងពេក ក៏ក្រោកដើរចេញបាត់ទៅ ។ ជួនគេមិនអាចដើរចេញបាន ក៏ខំនឹករកមធ្យោបាយផ្សេងៗដើម្បីនិយាយការពារខ្លួន ។ តែតាមពិតអ្នកនិយាយគឺនិយាយដោយត្រង់ទេ ។គេខុសកុំអាលអរ គេសាទរកុំអាលអួត
និយមន័យៈ ត្រូវតាំងចិត្តជាឧបេក្ខា មិនញោចអារម្មណ៍ចុះឡើង ។អត្ថាធិប្បាយ
ក្នុងន័យនេះ លោកឲ្យមនុស្សប្រកាន់ចិត្តជាឧបេក្ខា គឺស្ថិតនៅជាកណ្ដាល ស្មើៗ អារម្មណ៍នឹងធឹង មិនលោតចុះលោតឡើង ។ ដូចជា ៖បើឃើញគេដល់នូវក្ដីអន្តរាយដោយប្រការណានីមួយ ឬធ្វើអ្វីដែលជាកំហុស ទោះជាគូសត្រូវក៏ដោយ លោកប្រាប់ថា កុំសាធុ កុំទះដៃ កុំផ្ដន្ទាថែម កុំអាលអរនឹងកំហុសរបស់គេ ។ ព្រោះកំហុសតែងរេចុះរេឡើង គ្មានអ្នកណាជៀសរួចទេ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។
បើមានគេសាទរ គឺគេអបអរពោលសរសើរគុណសម្បត្តិឯង លោកប្រាប់ថា កុំឲ្យឡើងជោរ ឡើងអំនួតក្អេងក្អាងថា ឯងគ្រាន់បើឲ្យសោះ ព្រោះពាក្យសរសើរ និងពាក្យនិន្ទានៅជិតគ្នាណាស់ ។ ម្ដងគេថាល្អ ម្ដងគេថាអាក្រក់ ។ ព្រោះលោកធម៌ដែលព្រះបរមគ្រូបានត្រាស់សម្ដែងមកថា វាជាគូៗគ្នា ដូចជា សុខគូនិងទុក្ខ ល្អគូនិងអាក្រក់ មានយសគូនិងឥតយស ។ល។
ហេតុនេះហើយបានជាលោកប្រាប់ថា បើឃើញគេខុសកុំអាលអរ ប្រយ័ត្នឯងខុសវិញម្ដង ។ បើគេសរសើរកុំអាលជោរ ប្រយ័ត្នគេជេរវិញម្ដង ។
សម្ដីសជាតិ មារយាទសពូជ
អត្ថាធិប្បាយ
ពាក្យ «ស» មានន័យថា បង្ហាញ ចង្អុល ប្រាប់ បញ្ជាក់ ។ «សជាតិ» ចង្អុលឲ្យដឹងថា តើជាជាតិ ឬសាសន៍អី (ចិន យួន ចាម លាវ) ? ដោយសារភាសាដែលនិយាយចេញមក គេអាចដឹងបានថា តើអ្នកនិយាយនោះជាសាសន៍អី ?ចំណែក «មារយាទសពូជ» បានសេចក្ដីថា ឫកពា ចរិត បែបបទ អាកប្បកិរិយា សម្ដីដែលមនុស្សម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬចង្អុលឲ្យគេដឹងថា តើមនុស្សនោះចេញពីវង្សត្រកូលធុនណា ? ទាបឬខ្ពស់ ? ចេះឬល្ងង់ ? ។ល។ ព្រោះថាតាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌ មនុស្សនោះភាគច្រើន តែងមានមារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រលាញ់ ។ ផ្ទុយពីនេះ កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា ? អ្នកអានអាចយល់រឿងនេះយ៉ាងច្បាស់ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ
និយមន័យៈ ទង្វើមិនចេះប្រមាណ និងទង្វើប្រចាំគ្នា ។អត្ថាធិប្បាយ
អត្ថានុរូប
គ្នាច្រើនក្នុងពេលនេះ លោកសំដៅយកចំនួនប្រមាណ៤‑៥នាក់ប៉ុណ្ណោះ ។ អន្សមមួយឆ្នាំង អ្នកស្ងោរ៤‑៥នាក់ ម្នាក់ដាក់អុសម្ដង ម្នាក់ទៀតថែមអុសម្ដង ដោយឥតចេះប្រមាណគ្នា រួចដុតភ្លើងស្ងោរគ្រប់តែគ្នាទៅ អន្សមក៏ខ្លោចអស់ ទទួលទានមិនកើត ។ឯគ្នាដូចស្រមោច គឺគ្នាច្រើនពេក ។ កាលណាគ្នាច្រើនយ៉ាងនេះ រមែងតែងប្រចាំគ្នា ម្នាក់ប្រចាំម្នាក់ ម្នាក់ប្រចាំម្នាក់ ភ្លើងក៏រលត់អស់ទៅ ។ អន្សមក៏ឆៅ ទទួលទានមិនកើតដូចគ្នា ។
អត្ថប្បដិរូប
នៅក្នុងករណីពិភាក្សាគ្នាពីបញ្ហាអ្វីមួយ បើមានគ្នា៤‑៥នាក់ ពុំងាយមូលមតិគ្នាទេ ។ ម្នាក់យល់ថាយ៉ាងនេះ ម្នាក់ទៀតយល់ថាយ៉ាងនោះ យោបល់ចេះតែខ្វែងគ្នារហូត ។ ម្នាក់ៗចេះតែយល់ថាយោបល់ខ្លួនត្រូវជាង ប្រសើរជាង ល្អជាង ។ ម្ល៉ោះហើយគេមិនព្រមសម្របសម្រួលគ្នាទេ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីឲ្យប្រាកដឡើយ ។ម្យ៉ាងទៀត បើមានគ្នាច្រើនដូចស្រមោច ការងាររឹតតែរយីករយាកខ្លាំងណាស់ទៅទៀត ។ ព្រោះម្នាក់មើលបំណាំម្នាក់ ម្នាក់ទៀតមើលបំណាំម្នាក់ទៀត ។ មើលចុះ មើលឡើង កិច្ចការត្រូវទុកចោលកណ្ដាលផ្លូវ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីប្រាកដឡើយ ។ ករណីមិនចេះប្រមាណក្នុងការងារ ប្រចាំគ្នា និងមើលបំណាំគ្នា គេគ្មានបានទទួលលទ្ធផលអ្វីដូចគ្នា ។
ស្ពានក៏បាក់ ទឹកក៏ជ្រៅ
អត្ថាធិប្បាយ
នៅពេលខ្លះ ជាពេលដែលមានភាពអាសន្នកើតឡើង យើងតែងស្វែងរកទីពឹង គឺថា ខំប្រឹងរកមធ្យោបាយមកដោះស្រាយបញ្ហានោះ ។ តែជាអកុសល ងាកទៅខាងណា ក៏តោងមិនជាប់ បណ្ដាលឲ្យខាតបង់… មិនបានសម្រេចដូចបំណង ។ពាក្យខាងលើនេះ ដកស្រង់ចេញពីចម្រៀងរាំវង់ខ្មែរមួយបទ ជាចម្រៀងចាស់ឈ្មោះបទ «ទទាយំឆ្លង» មានលំនាំដូចតទៅ ៖
បទបុរាណខ្មែរ «ទទាយំឆ្លង»
ទទាយំឆ្លង ត្រយងបងអើយយំឆ្លើយដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
សង្សារអូនអើយ ភ្លេចអូនហើយឬនៅ ?
ទឹកហូរកាត់ខ្សាច់ ចិត្តអូនមិនដាច់អំពីប្រុសពៅ
ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម៉េចបានទៅជួបគូសង្សារ
យីអ៊ុនដាក់ អារក្សធើ
អត្ថាធិប្បាយ
តើអ្វីទៅដែលគេតែងហៅថា «យីអ៊ុន» ?
មនុស្សម្នាក់ៗតែងមានដំណើរ “ចុះ” និង “ឡើង” នៅពេលមួយនោះដែលគេមិនអាចដឹងជាមុនបាន ។ ពេលចុះបានសេចក្ដីថា «ចុះអន់ មានជំងឺ បាត់បង់ បែកបាក់ ខាត មានរឿងរ៉ាវ…ខាត…ខាត…ខាត» ស្ទើរតែគ្រប់ពេល ។ ពេលឡើង គឺនៅពេលមួយនោះ ដែលចេះតែជួបប្រទះការលូតលាស់ រកស៊ីបានចំណេញ មិនបង់ខាត សប្បាយ ដំណាំគ្រប់យ៉ាងផ្ដល់ផលជាទីពេញចិត្ត ។ល។ដំណើរការរបស់ជីវិតទាំងពីរបែបនេះ គេហៅថា «យីអ៊ុន» ដែលជួនកាលគេហៅថា «រាសី» ត្រូវនឹងពាក្យអង់គ្លេសថា «Fate» ។
យីអ៊ុន ឬ រាសី គឺ ជាឥទ្ធិពលមួយដែលសម្រេចវាសនាឲ្យទៅមនុស្សម្នាក់ៗ ដោយមានកម្រិតពេលវេលាមិនអាចទាយទុកជាមុនបានឡើយ ។ ដោយសារឥទ្ធិពលសម្ងាត់នេះ ក៏កើតមានជាហោរាសាស្ត្រ មាននៅគ្រប់ប្រទេសទាំងអស់ក្នុងលោក ។ គ្មាននរណាអាចពន្យល់បានថា ហេតុអ្វីបានជាយីអ៊ុនចុះ ? ហេតុអ្វីបានជាយីអ៊ុនឡើង ? មិនអាចពន្យល់បានទេ ។
គេបានកត់សម្គាល់ជារឿយៗថា នៅពេលណាដែលមនុស្សណាម្នាក់ត្រូវយីអ៊ុនដាក់ ពពួក «អារក្ស» តែងចូលមកជួយជាន់កបន្ថែម ។
តើអារក្សជាអ្វី ?
«អារក្ស ឬ អារក្ខ» ជាឈ្មោះបិសាច ឬខ្មោច ដែលមុខនាទីជួយថែរក្សាមនុស្សឲ្យបានសុខចម្រើន (ជំនឿខ្មែរ) ។ គេជួយផង បំផ្លាញផង នៅពេលណាដែលគេមិនសប្បាយចិត្តចំពោះមនុស្សដែលគេតាមថែរក្សានោះ ព្រោះមិនបានដាក់សំណែនបន្តបន្ទាប់ឲ្យគេ ។ នេះជារឿងដែលចាស់ទុំតែងតំណាលប្រាប់យើងតៗមក មិនមានអ្វីជាសំអាងច្បាស់លាស់ទេ ។យោលទៅតាមដំណើរការណ៍ដែលធ្លាប់កើតមានជាហូរហែមក គេកត់សម្គាល់ឃើញថា នៅពេលណាដែលយីអ៊ុនដាក់ រឿងរ៉ាវជាច្រើនតែងកើតមានមួយហើយមួយទៀត ត្រួតៗគ្នា ដូចជាមិនចេះចប់សោះ ។ ឧទាហរណ៍ នៅឆ្នាំមួយនោះ ភ្លើងឆេះផ្ទះអស់រលីង ។ បន្ទាប់មកប្រពន្ធក៏ស្លាប់បាត់បង់ជីវិតដោយសារខ្យល់គ ។ បន្ទាប់មកទៀត ចោរលួចគោទាំងពីរ ហើយកូនប្រុសម្នាក់មានគ្រោះថ្នាក់បាក់ដៃ ដោយសារធ្លាក់ពីលើផ្ទះ… ។
រឿងអាក្រក់មួយហើយមួយទៀត កើតមានបន្តបន្ទាប់គ្នា ដូចរៀបរាបខាងលើ លោកឲ្យឈ្មោះថា «យីអ៊ុនដាក់ អារក្សធើ» ព្រោះជារឿងដែលគេមិនអាចពន្យល់បានថា ហេតុអ្វីបានជាកើតមានយ៉ាងនេះ ។
ក្នុងមួយជីវិតមនុស្សម្នាក់ៗ រមែងជួបប្រទះរឿងបែបនេះ ដោយហោចណាស់ម្ដង ឬក៏ពីរដងដែរ ។ គេបានណែនាំថា កាលណាមានរឿងធំបែបណាម្យ៉ាងកើតមានដល់គ្រួសារ គេគួរតែ «ចាប់ធ្វើការប្រយ័ត្ន» ជាបន្ទាន់ ព្រោះវាអាចមានបញ្ហាធំៗដុះចេញមកបន្តបន្ទាប់គ្នា ជាឈុត ក្នុងពេលដ៏ខ្លី… ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច
និយមន័យៈ មធ្យោបាយធ្វើដំណើរចៀសវាងភ្លៀង ។អត្ថាធិប្បាយ
កាលសម័យដើម ការធ្វើដំណើរចាស់ទុំសុទ្ធតែមើលមេឃ មើលខ្យល់ជាក់លាក់ណាស់ ។ ព្រោះកាលនោះសម្ភារៈខ្វះខាត គ្មានអាវភ្លៀង គ្មានឡានទេ ។ ម្ល៉ោះហើយ លោកបានកំណត់ចំណាំថា ខែពិសាខឲ្យដើរពេលព្រឹក ព្រោះល្ងាចៗច្រើនមានភ្លៀង ។ លុះដល់ខែកត្តិក លោកឲ្យដើរពេលល្ងាចវិញ ព្រោះព្រឹកៗច្រើនមានភ្លៀង ។ប៉ុន្តែគោលបំណងរបស់លោកពុំមែនហាមតែ ខែពិសាខ និងកត្តិកទេ គឺលោកចង់និយាយម្ដុំខែពិសាខ មានខែជេស្ឋ អាសាធ ស្រាពណ៍ ឯម្ដុំខែកត្តិកមានខែភទ្របទ អស្សុជ…
កាលជំនាន់ដើម បើគេអនុវត្តតាមពំនោលនេះ គេច្រើនបានសមបំណងមែន តែមិនប្រាកដជាត្រូវទាំងអស់ទេ ។ ព្រោះជួនកាលមានភ្លៀងអាណាធិបតេយ្យមិនគោរពប្រក្រតីទិនដែរ ។
លុះដល់សម័យវិទ្យាសាស្ត្រជឿនលឿន អ្វីៗក៏ត្រូវប្រែប្រួលអស់ហើយ ។ ដូច្នេះ កំណត់ចំណាំខាងលើនេះក្លាយទៅជាតម្រាប្រចាំសម័យកាលអស់ហើយ ដូចយ៉ាង ពាក់កណ្ដាលទសវត្សរ៍៨០ ខែចេត្រធ្លាប់តែក្ដៅសោះ ស្រាប់តែអាកាសធាតុត្រជាក់រងា៤ថ្ងៃ ដូចខែកត្តិក ធ្វើឲ្យឆ្កែនាំគ្នាច្រឡំលាន់ ។
ខឹងគោ វាយរទេះ
និយមន័យៈ ការបន្ធូរបន្ថយភាពក្រេវក្រោធ ។អត្ថាធិប្បាយ
អត្ថានុរូប
អ្នកបររទេះខ្លះពេលខឹងនឹងគោដើរយឺតពេក មិនហ៊ានវាយគោទេ ដោយឃើញគោស្គម ឬខ្លាចគោមានស្លាកស្នាម ។ ម៉្លោះហើយដើម្បីបន្ធូរបន្ថយកំហឹងខ្លះក៏ស្រែកខ្លាំងៗ និងវាយគោះរទេះ ធ្វើឲ្យគោភ្ញាក់ស្ទុះដើរលឿនបន្តិចទៅ ។អត្ថប្បដិរូប
មនុស្សខ្លះ ពេលខឹងក្រេវក្រោធខ្លាំងនឹងអ្នកណាម្នាក់ មិនហ៊ានទៅវាយគេទេ ដោយឃើញគេធំជាង ឬមានកម្លាំងជាង ឬក៏ដោយប្រការណាមួយ ។ ប៉ុន្តែដើម្បីកាត់បន្ថយភ្លើងកំហឹងខ្លះ គេក៏ទៅកាប់បំផ្លាញដំណាំដាំដុះរបស់គូវិវាទ ។នៅក្នុងគ្រួសារខ្លះ ប្រពន្ធខឹងនឹងប្ដីខ្លាំងពេក តែមិនហ៊ានវាយប្ដីទេ បែរជាសំពងម៉ូតូដែលគ្នាឥតដឹងអីសោះ ជួនកាលបោកចាន បោកឆ្នាំងខ្ទេចអស់ ។
ខ្ញីកាន់តែចាស់កាន់តែហឹរ
និយមន័យៈ គុណសម្បត្តិអ្នកនយោបាយជើងចាស់ដែលមានចំណេះដឹងខ្ពស់ ។អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតា មើមខ្ញីពេលចាស់យូរទៅ វាកាន់តែមានរសជាតិហឹរខ្លាំង ទោះបីវាក្រៀមស្វិត រឹងក្រញង់ក៏ដោយក៏នៅតែរក្សាគុណភាពរបស់វា ហឹរល្អដដែល ។ បើត្រូវយកធ្វើថ្នាំ ក៏គេរើសយកខ្ញីចាស់ៗដែរ ។ ហេតុនេះហើយបានជាលោកពោលថា ខ្ញីកាន់តែចាស់កាន់តែហឹរ ។អត្ថប្បដិរូប
អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នកនយោបាយ ។ល។ ដែលមានចំណេះដឹងខ្ពស់ មានទេព្យកោសលខ្ពស់ ។ កាលណាធ្វើការជារាល់ថ្ងៃ ជាយូរទៅ ឬកាន់តែចាស់ទៅ កាន់តែមានបទពិសោធន៍ខ្ពស់ ដោយសារអស់លោកទាំងនេះធ្លាប់ឆ្លងកាត់ការងារជាច្រើនក្នុងជីវិតរបស់ គាត់ ។ ព្រោះការងារហ្នឹងហើយដែលបង្រៀន ដែលបង្វឹកឲ្យគាត់កាន់តែចេះល្បិចកិច្ចការបានប្រសើរឡើងកាន់តែ យល់ច្រើនឡើង ។រីឯអ្នកនយោបាយដែលមានចំណេះវិជ្ជាខ្ពស់ សមត្ថភាពខ្ពស់ កាលណាធ្វើនយោបាយកាន់តែយូរទៅកាន់តែមានបទពិសោធន៍ ល្បិចកលច្រើនដែលគេហៅថា អ្នកនយោបាយជើងចាស់ មានសមត្ថភាពគ្រប់គ្រាន់ ដូចខ្ញីកាន់តែចាស់កាន់តែហឹរ អីចឹងដែរ ។ គឺគេមានមធ្យោបាយដឹកនាំប្រទេសឲ្យដើរទាន់សភាពការណ៍សកលលោក គ្រប់ចង្វាក់នយោបាយអន្តរជាតិ ។ ប្រសិនបើមានអតិផរណាកើតឡើង គេមានសមត្ថភាពគ្រប់គ្រាន់នឹងទប់ស្កាត់ បើមិនបានមួយរយភាគរយក៏ក្បែរៗដែរ ។
ឯអ្នកនយោបាយដែលគ្មានចំណេះវិជ្ជាជាមូលដ្ឋាន មានតែអំនួត និងវោហារប្រាជ្ញាព្រោកបែកពពុះមាត់ ទោះធ្វើនយោបាយមួយរយឆ្នាំ ប្រទេសជាតិក៏គ្មានរីកចម្រើនដែរ ។
ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន
និយមន័យៈ ការអៀនខ្មាសពុំសមហេតុផល ។អត្ថាធិប្បាយ
សិស្សណាដែលមិនហ៊ានសួរដេញដោលគ្រូឲ្យជួយពន្យល់នូវចម្ងល់អ្វី មួយ ដោយសារខ្មាសគ្រូ និងខ្លាចគ្រូដៀលថា ល្ងង់អីម្ល៉េះ ។ សិស្សណាមានគំនិតបែបនេះ សិស្សនោះប្រាកដជាអាប់ឱនប្រាជ្ញាហើយ ។ ព្រោះគ្រូម្នាក់ណាក៏ពេញចិត្ត សប្បាយចិត្តនឹងទទួលសំណួរពីសិស្សដែរ ។ ម្យ៉ាងទៀត គ្រូមាននាទីជាអ្នកណែនាំបង្ហាត់បង្រៀនសិស្ស ។ ម្ល៉ោះហើយ គ្រូពេញចិត្តនឹងរង់ចាំទទួលសំណួរពីសិស្សជានិច្ច ។ដូច្នេះ សិស្សមិនត្រូវខ្លាចញញើតញញើមនឹងតាំងសំណួរចំពោះគ្រូទេ ព្រោះតែល្ងង់ហើយបានជាសួរដើម្បីឲ្យចេះឡើង ព្រោះតែមិនចេះហើយ បានជាសួរដើម្បីឲ្យបានដឹង បានយល់ឡើង ។ ហេតុនេះសិស្សណាដែលខ្មាសមិនហ៊ានសួរគ្រូ ច្បាស់ជាអាប់ប្រាជ្ញាហើយ ។
ឯប្ដីណាដែលចេះតែខ្មាសប្រពន្ធឯងនោះ ដោយមិនហ៊ានទៅក្បែរគេ ប្ដីនោះច្បាស់ជាគ្មានកូនហើយ ។
ប្រាជ្ញមិនស្មើប្រប បាក់ស្លឹកត្រចៀកខ្លប មិនស្មើអាឡេមឡឺម
អត្ថាធិប្បាយ
ប្រាជ្ញមិនស្មើប្រប
សម្លោកនេះពោលសំដៅទៅលើរឿង «ផ្គាប់ចៅហ្វាយ» ដើម្បីឲ្យចៅហ្វាយពេញចិត្តជាងគេ ។មនុស្សពីរនាក់នៅធ្វើការក្រោមបញ្ជាចៅហ្វាយម្នាក់ ។ អ្នកទីមួយ ជាអ្នកប្រាជ្ញ (អ្នកចេះដឹង) ។ គាត់ជាមនុស្សសាច់ការ ស្មោះត្រង់ ខុសថាខុស ត្រូវថាត្រូវ ម៉ត់ចត់ ។ មនុស្សទីពីរ គ្មានការចេះដឹងអ្វីទេ ចៅហ្វាយបញ្ជាយ៉ាងណា ធ្វើយ៉ាងនោះ ស្របរហូត ប្របរហូតគ្រប់ពេលវេលា គ្មានដែលជំទាស់ម្ដងណាឡើយ ។
តាមសម្លោកនេះ មនុស្សដែលចៅហ្វាយពេញចិត្តជាងគេគឺមនុស្សទីពីរនេះឯង មិនមែនមនុស្សដែលមានចំណេះជ្រៅជ្រះនោះទេ ។ នេះជារឿងមនុស្សលោកទូទៅទាំងអស់ ។ ដោយហេតុនេះហើយបានជាមានមនុស្សច្រើនណាស់ដែលជួនកាលមិនទាំងចេះ អានអក្សរផង រួចឡើងធ្វើជាចៅហ្វាយនាយ ត្រួតលើអ្នកចេះ ច្រងេងច្រងាង បាយបិណ្ឌជាបាយបាត្រ លើជាក្រោម ដល់នូវក្ដីមហន្តរាយទូទាំងនគរ ។
បាក់ស្លឹកត្រចៀកខ្លប មិនស្មើឡេមឡឺម
បាក់ស្លឹកត្រចៀកខ្លប មិនស្មើឡេឡឺម គឺជារឿងមនុស្សពីរនាក់ទៀតដែលនៅក្រោមបញ្ជាចៅហ្វាយតែមួយ ដូចរឿងខាងលើដែរ ។ មនុស្សទីមួយ ជាអ្នកគោរពចៅហ្វាយ ត្រង់ជើងភ្លឹង មិនហ៊ានលេងសើច លូកលជាមួយចៅហ្វាយម្ដងណាឡើយ ។ ឯអ្នកទីពីរ ជាមនុស្សឡេមឡឺម ក្រមិចក្រមើម កំប្លែង បញ្ចុកបន្ស៊ីចៅហ្វាយ ទិញនំនែកជូនចៅហ្វាយ រហូតដល់ពេលខ្លះ រកស្រីមកជូនចៅហ្វាយទៀត ។រវាងមនុស្សទាំងពីរប្រភេទនេះ «អាឡេមឡឺម» ត្រូវបានទទួលការពេញចិត្តពីចៅហ្វាយជាងអាម្នាក់ទៀតដែលបាក់ស្លឹកត្រចៀកខ្លបនោះឯង ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ខ្លាចឲ្យចូលជិត
និយមន័យៈ ការលើកទឹកចិត្តឲ្យក្លាហាន ។អត្ថាធិប្បាយ
ជាប្រពៃណីទៅហើយនៅក្នុងសហគមន៍ខ្មែរយើង អ្នកធំគឺជាអ្នកមានអំណាច ។ ហើយអំណាចនោះត្រូវបានគេយកមកប្រើគ្របសង្កត់មកលើអ្នកតូចទាបទន់ ខ្សោយ ។ ម្ល៉ោះហើយអ្នកតូចទាប ទោះបីចង់ ឬមិនចង់ក៏ត្រូវតែបាក់បបខ្លបខ្លាចគ្រប់គ្នា ។ ដូច្នេះបើមានករណីណាដែលចាំបាច់ត្រូវចូលទៅជួបអ្នកធំនោះ តោងពឹងគេឲ្យជូនចូលដើម្បីកុំឲ្យខ្លាចពេក ។ហេតុនេះហើយបានជាបុរាណលោកពោលលើកទឹកចិត្តផង ជំរុញចិត្តឲ្យក្លាហានផង ។ ព្រោះបើបានចូលទៅជិតអ្នកធំម្ដងហើយ ថ្ងៃក្រោយលែងសូវខ្លាចញញើតញញើមទៀតហើយ ព្រោះបានអ្នកធំស្គាល់ ។ ប៉ុន្តែករណីនេះ និយាយបានតែចំពោះមនុស្សទេ ។ ចំពោះសត្វខ្លា ដំរី បើខ្លាចកុំចូលជិតឲ្យសោះ បើហ៊ានប្រថុយចូល ច្បាស់ជាបានខ្លាកកេរហើយ ។
ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី
ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី បើស្រលាញ់ស្រី ត្រូវស្ងួនចិត្ត ចង់បានសួគ៌ តោងកាន់សុចរិត ចង់សម្បូណ៌មិត្ត ត្រូវរកទ្រព្យ
អត្ថាធិប្បាយ
ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី
«ស្ងួន» មានន័យថា បីបាច់ ថែរក្សា ថ្នម ។ បើអ្នកស្រលាញ់ខ្លួន ចង់ឲ្យរូបនៅមានសម្រស់យូរយារ អ្នកត្រូវតែប្រយ័ត្នចំណី ។ ព្រោះហេតុអ្វី ? ព្រោះចំណីអាហារនេះហើយដែលផ្ដល់សុខ‑ទុក្ខដល់រូបកាយយើងជាង បុព្វហេតុឯទៀតៗ ។ ចំណីអាចធ្វើឲ្យយើងមានកម្លាំង ឲ្យយើងរស់ ឲ្យយើងរីកចម្រើន ឲ្យយើងមានពណ៌សម្បុរល្អ ផ្ដល់ប្រាជ្ញាបាធី ។ល។ក្នុងពេលជាមួយគ្នានេះ ចំណីអាចឲ្យយើងឈឺៈ ចុកពោះ រាក មួល ឈឺក្បាល ពុល ប្រកាច់ ឈឺក្រពះ ខូចសួត ខូចថ្លើម ព្រិលភ្នែក ឈឺធ្មេញ ខូចសម្ភស្ស បាត់បង់រូបឆោម បាត់បង់ប្រាជ្ញា កោងកាច ។ល។
ដោយហេតុនេះ បើអ្នកស្រលាញ់ខ្លួន តោងប្រយ័ត្នចំណី ។ មុននឹងបរិភោគចំណីអ្វីមួយ គួរពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន ។ សុំអានសៀវភៅដែលណែនាំយើងឲ្យយល់ពីអាហារផ្ដល់សុខភាពល្អ ។
បើស្រលាញ់ស្រី ត្រូវស្ងួនចិត្ត
បើស្រលាញ់ស្រី ត្រូវស្ងួនចិត្ត មិនខុសពីរឿងស្ងួនចំណីនោះទេ ។ ព្រះពុទ្ធសម្ដែងថា ខន្ដី គឺការអត់ធ្មត់ ជាកម្លាំង អាចនាំមកនូវជ័យជម្នះ ។ ខន្តីនាំឲ្យបានសុខ ។ល។បើអ្នកស្រលាញ់ស្រី តាមសម្លោកនេះ អ្នកត្រូវតែមានខន្តី មានអំណត់ មិនខឹងនឹងប្រតិកម្មនានាដែលកើតមានឡើងដោយសារសកម្មភាពរបស់អ្នកទៅ លើនាងនោះ ។ ជាធម្មតា ស្ត្រីតែងមានការអៀនខ្មាស ហើយមិនងាយទទួលនូវការសុំសេចក្ដីស្នេហាដោយងាយៗនោះទេ ។ ប្រតិកម្មនានាដែលជួនកាលប្រកបដោយភាពជូរល្វីងផង អាចនឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរកទំនាក់ទំនងឃើញ ។
ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រីឲ្យមានភាពទន់ភ្លន់ ទឹកចិត្តអាណិត ខឹងឆាប់រសាយ ហើយស្រលាញ់វាចាផ្អែម ។ បើអ្នកស្រលាញ់ស្ត្រីណាម្នាក់ អ្នកអាចជួបប្រទះនឹងការឆ្លើយតបដែលអាចធ្វើឲ្យអ្នកខឹង តូចចិត្ត អស់សង្ឃឹម ។ តែកុំភ្លេចពាក្យបុរាណប្រដៅថា «ត្រូវស្ងួនចិត្ត» ដែលមានន័យថា ត្រូវកាន់ចិត្តអត់ធ្មត់ កុំច្រឡោតខឹងព្រោះតែសម្ដីទ្រគោះនោះឲ្យសោះ ។ ហើយក្នុងពេលជាមួយគ្នានោះ សុំកុំលះបង់សេចក្ដីព្យាយាម ដោយប្រើគ្រប់មធ្យោបាយនោះ អ្នកនឹងបានសម្រេចដូចបំណងនៅគ្រាអវសាន ។
ចង់បានសួគ៌ ត្រូវកាន់សុចរិត
ចង់បានសួគ៌ ត្រូវកាន់សុចរិត បានសេចក្ដីថា បើចង់បានសេចក្ដីសុខ សុភមង្គលដល់ខ្លួន និងគ្រួសារ ត្រូវកាន់អំពើសុចរិត ដូចជា រក្សាសីល៥ជាដើម ។ចង់សម្បូណ៌មិត្ត ត្រូវរកទ្រព្យ
ចង់សម្បូណ៌មិត្ត ត្រូវរកទ្រព្យ ជាពាក្យងាយយល់ ។ មនុស្សយើងតែងមាននិន្នាការចង់រាប់អ្នកមានបណ្ដាស័ក្តិ ចង់ធ្វើមិត្តជាមួយអ្នកមានសម្បត្តិស្ដុកស្ដម្ភ ។ ផ្ទុយទៅវិញ កាលណាជនណាម្នាក់ធ្លាក់ខ្លួនក្ររហេមរហាមហើយ អ្នកផងមុខជាគេចចេញ មិនហ៊ានទៅជិត ព្រោះគេយល់ថា វាគ្មានប្រយោជន៍អ្វីដល់គេ ហើយវាអាចបណ្ដាលឲ្យមានការបង់ខាតដោយសារការបុលខ្ចីដែលមិនមាន សង្ឃឹមថា អាចនឹងសងវិញបាន ។ ហេតុនេះ បើអ្នកសម្បូណ៌មិត្ត គប្បីខិតខំរកស៊ីធ្វើការ កសាងខ្លួនឲ្យក្លាយទៅជាអ្នកមាននោះ មិត្តនឹងហូរចូលឯង មិនបាច់ខំប្រឹងរកទេ ៕ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា
និយមន័យៈ កម្លាចមិនសមហេតុផល ។អត្ថាធិប្បាយ
ខ្លានៅពេលនេះ លោកពោលសំដៅទៅលើអ្នកមានអំណាចណាម្នាក់ ។ ឯអាចម៍ខ្លា លោកសំដៅទៅលើអ្នកដែលនៅអែបអង្គអ្នកមានអំណាចនោះ ។ បើកាលណាគេចង់ចូលទៅជួបប្រាស្រ័យទាក់ទងនឹងអ្នកធំនោះ គេត្រូវរិះរកមធ្យោបាយយ៉ាងណាដើម្បីចូលទៅជួបនឹងអ្នកធំនោះឲ្យ បាន ។ មានអ្នកខ្លះគ្រាន់តែទៅដល់មាត់ទ្វារ ក៏ត្រូវអ្នកយាមទ្វារសម្លុតតែបន្តិច ក៏ខ្លាចលែងហ៊ានទៅរកអ្នកធំនោះតែម្ដង ។ ត្រង់នេះហើយដែលលោកពោលថា «ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា» ។ តាមពិតទៅ អ្នកចាំទ្វារតែងតែកាចបន្តិច ហើយបើមិនកាចក៏គេមិនឲ្យចាំយាមមាត់ទ្វារដែរ ។ ប៉ុន្តែបើគេចេះមានទំនាក់ទំនងល្អវិញ គេនឹងចូលបានយ៉ាងស្រួល ។ មិនតែប៉ុណ្ណឹង អ្នកយាមទ្វារថែមទាំងជួយណែនាំអំពីរបៀបដែលត្រូវចូលទៅជួបទៀត ផង ៕អ្នកមានមិនដែល៣ត អ្នកក្រមិនដែល៣ជួរ
អត្ថាធិប្បាយ
នេះគឺជាពាក្យព្រមានចំពោះអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏ជាពាក្យកម្លាលើកទឹកចិត្តដល់ពួកអ្នកខ្សត់ផងដែរ ។តាមការដែលគេសង្កេតហូរហែមក អ្នកមានទ្រព្យសម្បត្តិ ច្រើនមានចរិតម្យ៉ាងដែលគេហៅថា «ក្រអឺក្រទម» ដែលមានន័យថា មិនដាក់ខ្លួន វាយឫកធំ មើលងាយគេ កោង ពើងទ្រូង សម្ដីថ្លោស ក្អេងក្អាង… ។
មិនជាការប្លែកអ្វីទេ អ្នកមានមើលងាយអ្នកក្រ អ្នកក្រមិនចូលចិត្តអ្នកមាន ។ អ្នកចេះមើលងាយអ្នកល្ងង់ ហើយអ្នកល្ងង់ស្អប់អ្នកចេះ ។ អ្នកធំសង្កត់សង្កិន ជិះជាន់រាស្ត្រ ហើយរាស្ត្រស្អប់នាម៉ឺន ។ល។ នេះគឺជារឿងធម្មតារបស់មនុស្ស ជាពិសេសរបស់ខ្មែរដែលមានមករាប់រយពាន់ឆ្នាំមកហើយ ដោយគ្មានការកែប្រែអ្វីសោះឡើយ ។
សម្អប់ដែលកើតមានឡើងរវាងមនុស្សមានឋានៈខុសគ្នាដូចដែលបាន រៀបរាប់ខាងលើ បានទាក់ទាញចិត្តបុព្វបុរសដែលមើលឃើញនូវការបាត់បង់សាមគ្គី និងក្ដីវិនាសអន្តរាយកើតមកពីសម្អប់នេះ ទើបចែងជាពាក្យព្រមានឲ្យយើងគ្រប់គ្នាចាំថា ជីវិតពោរពេញទៅដោយការប្រែប្រួល… ម្ដងជាអ្នកក្រ… ម្ដងជាអ្នកមាន… ម្ដងធ្វើលោកធំ… ម្ដងធ្វើលោកតូច ។ល។
អ្នកមានមិនដែល៣ត
ពាក្យនេះបានសេចក្ដីថា បើមាតាបិតាជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កូនអាចក្លាយជាអ្នកមានប្រហាក់ប្រហែលមាតាបិតានោះដែរដោយសារបាន ទទួលកេរ្តិ៍ ។ តែទោះបីយ៉ាងណា ភាពស្ដុកស្ដម្ភនោះ កម្រនឹងធ្លាក់មកលើចៅៗដែលជាតំណទី៣នោះណាស់ ។ នេះគឺជាការពិតនៃជីវិតមនុស្សរាល់រូប ។អ្នកក្រមិនដែល៣ជួរ
ជាពាក្យផ្ទុយនឹងពាក្យខាងលើ ។ យ៉ាងណាមិញ បើមាតាបិតាជាមនុស្សទីទ័ល កូនអាចជាមនុស្សទីទ័លដូចមាតាបិតាដែរ ព្រោះមិនបានទទួលកេរ្តិ៍អ្វីសោះសម្រាប់ចាប់ផ្ដើមជីវិតរបស់ពួក គេ ។ ប៉ុន្តែរឿងនេះមិនមែនស្ថិតនៅរបៀបនេះគ្រប់ត្រកូលទេ ។ កូនខ្លះមានប្រាជ្ញា ចេះរកទ្រព្យសម្បត្តិ មិនចាយវាយខ្ជះខ្ជាយ ប្រឹងសន្សំ មិនខ្ជិលច្រអូស ។ល។ ក៏គេចផុតពីទុគ៌តភាពត្រឹមជួរទី២នេះតែម្ដង មិនបាច់រង់ចាំដល់ជួរទី៣គឺចៅនោះឡើយ ។ទោះបីយ៉ាងណា តាមការអង្កេតរបស់បុព្វបុរសយើង លោកមើលឃើញថា ទុគ៌តភាពច្រើនចប់នៅត្រឹមជួរទី៣នេះឯង បានសេចក្ដីថា ការប្រែប្រួលច្រើនចាប់ផ្ដើមនៅជួរទី៣នេះ ។
ដោយហេតុនេះ អ្នកមាន ឬអ្នកធំ មិនគួរពើងទ្រូង កាច់ឫក កាច់រាង ក្រអឺតក្រទម កោងកាចដាក់អ្នកក្រ ឬអ្នកតូចតាចនោះទេ ព្រោះថ្ងៃនេះអ្នកមានវាសនាល្អ ប្រយ័ត្នថ្ងៃស្អែកមានការប្រែប្រួលកើតឡើង តើអ្នករត់គេចទៅទីណាដើម្បីឲ្យផុតពីពពួកមនុស្សដែលអ្នកមើលងាយ នោះ ?
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន
និយមន័យៈ កម្លាំងខាងក្រៅធ្វើការបានល្អ ដោយមានកម្លាំងបង្កប់ខាងក្នុង ។អត្ថាធិប្បាយ
ខ្មោចស្រុក ខ្មោចព្រៃ ក្នុងពេលនេះ លោកនិយាយពីមនុស្សទុច្ចរិតដែលចង់វាយប្រហារគោលដៅណាមួយ ។ ពួកវាតែងមានអ្នករនុកក្នុងជាអ្នកឲ្យការណ៍ ទើបធ្វើការនោះបានសម្រេចល្អ ។ ឧទាហរណ៍ៈ មានចោរមួយក្រុមចង់ចូលលួច ឬប្លន់ផ្ទះមួយ ឬអង្គភាពមួយ ។ ពួកវាតែងមានរនុកក្នុងជាអ្នកផ្ដល់ព័ត៌មាន ។រនុកក្នុងនេះ ជួនជាអ្នកបម្រើក្នុងផ្ទះ ឬក្នុងអង្គភាព ។ ជួនជាកូនក្មួយ ឬសាច់ញាតិ ឬក៏ជាបុគ្គលិកក្នុងអង្គភាព ។ កាលបើរនុកក្នុងផ្ដល់ព័ត៌មានបានល្អ ពួកវាក៏វាយលុកចូលយ៉ាងជោគជ័យ ។
ឯរឿងនយោបាយ អ្នកដឹកនាំដ៏ឆ្លាតវៃក៏អនុវត្តតាមរូបមន្តនេះដែរ ។ ដូចជា គេចង់ចូលវាយលុកបន្ទាយខ្មាំង គេត្រូវរករនុកក្នុងឲ្យបានទើបវាយលុកចំៗគោលដៅតែម្ដង ។
ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឱបភ្នំ
និយមន័យៈ មុនប្រាថ្នាធ្វើអ្វីមួយ តោងស្គាល់ពីសមត្ថភាពរបស់ខ្លួនឲ្យច្បាស់លាស់សិន ។អត្ថាធិប្បាយ
ខ្លួនតូចកុំតោង
ខ្លួនតូចក្នុងពេលនេះ លោកសំដៅយកឋានៈជីវភាពឋានន្តរស័ក្តិ ។ អ្នកទន់ខ្សោយបែបនេះ មិនគួរមានចិត្តលោភលន់ ចង់តោងចាប់យកនូវអ្វីដែលខ្ពស់ហួសពីឋានៈ ឬសមត្ថភាពខ្លួន ។ តួយ៉ាងដូចជា ៖- កម្មករតូចតាចម្នាក់ប្រាថ្នាចង់ធ្វើអគ្គនាយកក្រុមហ៊ុន
- ជនអវិជ្ជាម្នាក់ប្រាថ្នាចង់ធ្វើប្រធានតុលាការ
- ស្មូមយាចកម្នាក់ប្រាថ្នាចង់ក្លាយខ្លួនជាវិនិយោគិន ។
ដៃខ្លីកុំឈោងប្រវាឱបភ្នំ
ពំនោលនេះ ក៏មានន័យប្រហែលនឹងខ្លួនតូចកុំតោងដែរ ព្រោះពាក្យថា «តោង» និង «ឈោង» មានន័យដូចគ្នា ។ គ្រាន់តែលោកចង់បញ្ជាក់បន្ថែមឲ្យរឹតតែច្បាស់ឡើងទៀតប៉ុណ្ណោះ ។ ព្រោះមនុស្សដែលពុំស្គាល់សមត្ថភាពខ្លួន ច្រើនតែមានមហិច្ឆិតាលោភលន់ឥតព្រំដែន ។ ការដែលប្រាថ្នាលោភលន់ចង់បាន ឬចង់ធ្វើអ្វីមួយដែលហួសពីសមត្ថភាពខ្លួនខ្លាំងពេក សុទ្ធតែនាំមកនូវសេចក្ដីវិនាសអន្តរាយទាំងអស់ ។ ដូចជា ទុរគតជនម្នាក់ដេកប្រាថ្នាចង់បានកូនក្រមុំមហាសេដ្ឋីមកធ្វើជា ប្រពន្ធ ឬដូចអនក្ខរជនម្នាក់ចង់ធ្វើអ្នកដឹកនាំប្រទេសជាតិ ។ ឧបមាថា បើគេបានធ្វើអ្នកដឹកនាំដោយប្រការណាមួយ ក៏ប្រទេសជាតិនោះគ្មានការរីកចម្រើនដែរ ។ ទីបំផុតក៏វិនាសខ្លួនឯងទៀត ។ ព្រះពុទ្ធភាសិតបានចែងថា «យម្បិច្ឆំ នលភតិ តម្បិ ទុក្ខំ ការប្រាថ្នាមិនបានសម្រេច នាំមកនូវសេចក្ដីទុក្ខ» ។ខឹងខំអត់ ខ្សត់ខំរក
និយមន័យៈ ខន្តីអំណត់ និងការតស៊ូ ។អត្ថាធិប្បាយ
ខឹងខំអត់
ធម្មតាមនុស្សបថុជ្ជន កាលបើមានអារម្មណ៍ពីខាងក្រៅមកប៉ះទង្គិចនឹងអារម្មណ៍ខាងក្នុង កំហឹងក៏ស្ទុះពុះកញ្ជ្រោលឡើងភ្លាម ។ កាលបើកំហឹងឆេះឡើងហើយ អ្វីៗក៏ភ្លាត់ចាកប្រក្រតីអស់រលីង គឺភ្លាត់ពីល្អមកអាក្រក់ ពីត្រូវមកខុស ។ ប៉ុន្តែបើមនុស្សចេះយកជ័យជម្នះលើផ្លូវចិត្តបានមិនឲ្យក្រេវ ក្រោធហើយនោះ អ្វីៗក៏វិលមករកផ្លូវត្រូវ ផ្លូវល្អវិញ ។ ហេតុនេះហើយ បានជាលោកប្រាប់ថា «កុំខឹង បើខឹងត្រូវខំអត់» ។ខ្សត់ខំរក
អ្នកក្រខ្សត់ទ្រព្យ ត្រូវរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរកទ្រព្យឲ្យមានឡើង ។ ការប្រឹងប្រែងរកទ្រព្យនេះទៀតសោត ក៏អាស្រ័យលើសេចក្ដីព្យាយាម និងក្ដីអំណត់តស៊ូយ៉ាងស្វិតស្វាញបំផុត ទើបស្វែងរកទ្រព្យបាន ។ ការស្វែងរកទ្រព្យគឺត្រូវសន្សំតាំងពីតូចតាចឡើងទៅ ប្រៀបដូចសត្វកណ្ដៀរធ្វើដំបូកដូច្នោះដែរ ។ខ្លួនទីពឹងខ្លួន
និយមន័យៈ ខ្លួនឯងជាទីពឹងរបស់ខ្លួនឯង ។អត្ថាធិប្បាយ
ព្រះពុទ្ធបរមគ្រូជាម្ចាស់ទ្រង់ត្រាស់ថា «អត្តា ហិ អត្តនោ នាថោ» មានតែខ្លួនឯងទេដែលទីពឹងរបស់ខ្លួន ។ ព្រះពុទ្ធភាសិតនេះ បញ្ជាក់ឲ្យឃើញថា គ្រប់សកម្មភាព ទោះខាងផ្លូវកាយក្ដី ផ្លូវចិត្តក្ដី រមែងមានខ្លួនឯងជាប្រធានទាំងអស់ ។ ចំណែកអ្នកក្រៅពីខ្លួនគ្រាន់តែជាជំនួយរួមផ្សំសម្រាប់ខ្លួនធ្វើ ជាឧបករណ៍ប៉ុណ្ណោះ ។ផ្នែកផ្លូវចិត្ត
ព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ជាក់ថា ការទៅចាប់កំណើតជាថ្មីទៀតក៏អាស្រ័យលើកុសលធម៌ដែលខ្លួនបានសាង នោះឯងជាទីពឹង ។ អ្នកដទៃក្រៅពីខ្លួនពុំអាចជាទីពឹងពំនាក់អាស្រ័យបានទេ ។ សមដូចពុទ្ធភាសិតពោលថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះថា ចិត្តជាកុសលក្ដី អកុសលក្ដី សម្រេចឡើងកើតឡើងពីខ្លួនឯងទាំងអស់ ។ផ្នែកផ្លូវកាយ
បើខ្លួនពុំមានអត្តភាពជាខ្លួនទេ តើមានអ្វីជាទីពឹងរបស់ខ្លួន ។ ខ្លួនអាស្រ័យបាយខ្លួនឯង ខ្លួនក៏ត្រូវឆ្អែតខ្លួនឯង ដែលនឹងពឹងអ្នកដទៃឲ្យអាស្រ័យបាយជំនួសរួចឲ្យឆ្អែតខ្លួនឯង គឺពុំមានឡើយ ។ឪពុកម្ដាយជាអ្នកឲ្យកំណើត និងជាអ្នកចិញ្ចឹមជីវិតឲ្យរស់ គ្រាន់តែជាឧបករណ៍សម្រាប់ទ្រទ្រង់ឲ្យមានអត្តភាពគង់នៅ ។ ដូចនេះ គ្រប់សកម្មភាព គឺខ្លួនឯងជាអ្នកធ្វើដើម្បីឲ្យជាទីពឹងដល់ខ្លួនឯង ។ បើខ្លួនឯងមិនធ្វើ ឈ្មោះថា ពំនឹងសម្រាប់ខ្លួនពុំមាន ។
សរុបសេចក្ដីមក ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃក្រៅពីខ្លួន គឺជាឧបករណ៍ ។
ខឹងខុស ខឹងខូច ខឹងខាត
និយមន័យៈ ទោសនៃកំហឹងនាំឲ្យវិនាសអន្តរាយ ។អត្ថាធិប្បាយ
ពាក្យថា «ខឹង» គឺជាអារម្មណ៍ស្ទុះឡើង ពុះកព្ជ្រោលឡើងដែលកើតឡើងពីកម្លាំងចិត្តរបស់មនុស្សបុថុជ្ជន ។ តាមព្រះពុទ្ធដីកាទ្រង់ត្រាស់ថា «លោភៈ» គឺសេចក្ដីលោភចង់បានជាឫសគល់នៃទោសៈ (កំហឹងក្រេវក្រោធ) កាលបើទោសៈកើតឡើងហើយ «មោហៈ» ការវង្វេងវង្វាន់ ក៏កើតឡើងតាមលំដាប់គ្នា ។ កាលបើ «មោហៈ» កើតឡើងហើយ អ្វីៗក៏ដល់នូវក្ដីវិនាសអន្តរាយគ្មានសល់ ។ ព្រោះថា «មោហៈ» គឺសេចក្ដីវង្វេងវង្វាន់នេះហើយដែលនាំឲ្យធ្វើអ្វីក៏ខុស ក៏ខូច ក៏ខាត គ្រប់បែបយ៉ាង ។ខឹងខុស
បុថុជ្ជន កាលបើកំពុងខឹងខ្លាំង តែងពោលពាក្យអសុរោះ ប្រាសចាកសីលធម៌ ចាកច្បាប់ទម្លាប់ ចាកផ្លូវល្អ ផ្លូវត្រូវទាំងអស់ ។ ព្រោះអាម្មណ៍គេលែងធម្មតាអស់ហើយ ។ខឹងខូច
ខឹងខូចក៏ដូចខឹងខុសដែរ ព្រោះតែកំហឹងនាំឲ្យវង្វេង ធ្វើអ្វីគិតគូរអ្វីក៏ចេះតែមិនត្រូវទំនងតាមបែបបទ តាមវិធានក្បួនខ្នាត គឺធ្វើតូងតាង មួរម៉ៅ វាយដំសំពងគ្មានប្រណីដៃ ។ បើគេធ្វើបានក៏ពុំស្អាតល្អដែរ ។ខឹងខាត
ពេលខឹងខ្លាំងម្ដងៗ គេទប់អារម្មណ៍ឲ្យស្ងប់ពុំបាន ។ អ្នកខ្លះបោកចាន បោកឆ្នាំង ឬសម្ភារៈផ្សេងៗតាមតែប្រទះដៃ ។ អ្នកខ្លះទៀតឈានដល់ដុតផ្ទះសម្បែង ឆេះអន្តរាយគ្មានសេសសល់ ។ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង
និយមន័យៈ ការពោលសរសើរគុណពោធិសម្ភាររបស់ព្រះសម្មាសម្ពុទ្ធ ។អត្ថាធិប្បាយ
ព្រះពុទ្ធអង្គបរមគ្រូ ទ្រង់ប្រកបដោយអតិរេកគុណបារមីមហាប្រសើរយ៉ាងក្រៃលែងលើត្រ័យភពគឺ ភពមនុស្ស ភពទេព្ដា ភពឥន្ទ្រព្រហ្ម ។ខែរះឆ្លងផ្លូវ
បុរាណាចារ្យបានពោលសរសើរនូវគុណថ្ងៃមហានក្ខត្តឫក្សទាំងបីលក្ខណៈគឺ ថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ព្រោះ ៖- កាលព្រះអង្គប្រសូតក៏នៅថ្ងៃហ្នឹង
- កាលទ្រង់ត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណក៏នៅថ្ងៃហ្នឹង
- កាលទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានក៏នៅថ្ងៃហ្នឹង
ម្យ៉ាងទៀត ខែរះឆ្លងផ្លូវ លោកបានឲ្យន័យមួយបែបទៀតថា ខែពេញវង់ឆ្លងពីផ្លូវមួយទៅផ្លូវមួយទៀតគ្រប់ផ្លូវទាំងបី ឬថាថ្ងៃ១៥កើត ខែពេញបូរមី ជាថ្ងៃចប់ផ្នែកខាងខ្នើតឆ្លងចូលថ្ងៃ១រោច ខែងងឹតជាថ្ងៃដើមផ្នែកខាងរនោច ។
កូនកើតមុនឪ
កាលព្រះអង្គទ្រង់សម្រេចនូវព្រះអរហត្តផល គឺបានសម្រេចមុនព្រះវរបិតា ។ លុះព្រះអង្គបានសម្រេចនូវព្រះអរហត្តផលហើយ ទើបទ្រង់យាងទៅប្រោសព្រះវរបិតាឲ្យបានសម្រេចនូវព្រះអរហត្តផលជាខាង ក្រោយ ។ លោកប្រៀបថា «កូនកើតមុនឪ» ។ពតាដើរលេង
ព្រះពុទ្ធអង្គមានផៅពង្សចេញពី «សាក្យៈត្រកូល» សាក្យៈគឺជាគោត្តនាមដែលមានខ្សែស្រលាយជាច្រើនតំណយូរមកហើយដែលលោកប្រៀបប្រដូចទៅនឹង «ជីតា» ។ ក្រោយពេលព្រះអង្គទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរួច ហើយ ព្រះអង្គទ្រង់ស្ដេចយាងទៅគ្រប់ទិសទីដើម្បីសម្ដែងធម៌ប្រោសមហាជន ។កាលណោះមហាជនក៏បានស្គាល់ព្រះអង្គ និងបានថ្វាយព្រះនាមព្រះអង្គថា «ព្រះសាក្យមុនី» ដែលមានន័យថា «អ្នកប្រាជ្ញក្នុងត្រកូលសាក្យៈ» ។ លោកប្រៀបថា «ពតាដើរលេង» ។
ខ្មែរដេញបារាំងនឹងកាំភ្លើង ចិនដេញយើងនឹងអាចម៍
អត្ថាធិប្បាយ
នៅក្នុងអំឡុងឆ្នាំ១៩៥៣-៥៤ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រះបាទនរោត្ដម សីហនុ បានធ្វើការទាមទារឯករាជ្យពីបារាំង ដែលបានត្រួតត្រាប្រទេសនេះ តាំងតែពីឆ្នាំ១៨៦៣មកនោះ ។ ពេលនោះ ខ្មែរមួយចំនួនធំ បាននាំគ្នាធ្វើកាំភ្លើងក្លែងក្លាយច្រើនបែប ច្រើនយ៉ាងអំពីឈើ លាបពណ៌ មើលទៅឃើញហាក់ដូចជាកាំភ្លើងមែនទែន ហើយនាំគ្នាធ្វើព្យុហយាត្រាពេញក្រុង ដើម្បីបង្ហាញឲ្យបារាំងឃើញថា ខ្មែរមានអាវុធគ្រប់គ្រាន់ដើម្បីការពារខ្លួន និងដើម្បីប្រយុទ្ធជាមួយបារាំង បើបារាំងមិនព្រមចាកចេញពីកម្ពុជាទេនោះ ។ ពេលនោះគេហៅទ័ពនោះថា «ជីវពល និងនារីក្លាហាន» ។ឃើញដូច្នេះ បូកជាមួយនឹងសម្ពាធច្រើនទៀត ពីសន្និសីទអន្តរជាតិនៅហ្សឺណែវ បារាំងក៏ព្រមចាកចេញពីកម្ពុជាក្នុងឆ្នាំ១៩៥៤ ។ ត្រង់ចំណុចនេះហើយដែលគេនិយាយថា «ខ្មែរដេញបារាំងនឹងកាំភ្លើង…» ។ ឯពាក្យបន្ទាប់ «ចិនដេញយើងនឹងអាចម៍» មានន័យដូចតទៅនេះ ៖
កាលជនជាតិចិនមករស់នៅលើទឹកដីខ្មែរជាលើកដំបូង ពួកគេច្រើនជួលដីខ្មែរ សង់កូនផ្ទះមួយ រស់នៅក្បែរផ្ទះខ្មែរដែលជាម្ចាស់ដី ។ របរចិញ្ចឹមជីវិតគឺ ដាំបន្លែ និងចិញ្ចឹមជ្រូកយកសាច់លក់ ។ ជ្រូកបង្កើតកូនចៅយ៉ាងរហ័ស រស់នៅក្នុងទ្រុងមួយ ដែលជួនកាលដោយសារទ្រុងនោះមិនជិតល្អ សត្វនោះក៏ចរយាត្រា ដើរឈ្មុសដីអ្នកជិតខាង ហើយទម្លាក់អាហារចាស់ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ ចោលក្លិនអាក្រក់គ្រប់ពេលវេលា ។ ខ្មែរទ្រាំមិនបាន ហើយមិនចង់ឈ្លោះ ក៏សុខចិត្តដើរចេញ ទៅនៅកន្លែងផ្សេងទៀត ឲ្យឆ្ងាយពីខ្លិនអសោចទាំងនោះ ។ កន្លងយូរមក ចិនចេះតែដើរវាតលំនៅដ្ឋានរបស់ខ្លួន ដោយពង្រីកទ្រុងជ្រូក… ហើយដេញខ្មែរឲ្យរុះផ្ទះម្ដងមួយៗ ដោយប្រើ «អាចម៍ជ្រូក» ជាអាវុធ ។
ក្អេងក្អាងដូចក្អាត់ក្នុងក្អម
និយមន័យៈ មនុស្សអំនួតហួសមាឌ តែធ្វើអ្វីពុំកើត ។អត្ថាធិប្បាយ
អត្ថានុរូប
សត្វក្អាត់ដែល គេចាប់ដាក់ក្នុងក្អម ហែលចេញទៅណាពុំរួច ម្ល៉ោះហើយវាគិតតែពីស្រែកយំ ។ សំឡេងវាលាន់ខ្ទ័រខ្លាំង ស្រកៀរត្រចៀកដោយរំពងនឹងក្អម ។អត្ថប្បដិរូប
លោកប្រៀបមនុស្សណាដែលបានតែសម្ដីអួតក្អេងក្អាងទៅនឹងសត្វ ក្អាត់ដែលនៅក្នុងក្អម ។ មនុស្សបែបហ្នឹងគ្មានធ្វើអ្វីឲ្យចេញជាសាច់ការបានទេ គឺដូចគ្នានឹងសត្វក្អាត់ដែលចេញទៅណាពុំរួចពីក្អមដូច្នោះដែរ ។គេតែងសម្គាល់ឃើញថា ជាទូទៅមនុស្សដែលមានកាយវិការកំពូលអួតនោះ មិនដែលធ្វើអ្វីបានកើតទេ ។ ដូចជា មនុស្សខ្លះ អួតអាងខាងវាយកាប់ចាក់គ្មានអ្នកណាស្មើ ។ ប៉ុន្តែបើមានអ្នកខ្លាំងមកតតាំងតបវិញ ស្រាប់តែបាក់អំនួតបន្ថយសំឡេង រហូតដល់គេចខ្លួនបាត់ស្រមោលតែម្ដងក៏មាន ។
ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ
ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ មានដំណើរទើបរៀបសម្ពាយ ទាំងបីរលាយអសារបង់
និយមន័យៈ ដល់ពេលទើបធ្វើ គ្មានប្រយោជន៍អ្វីឡើយ ។អត្ថាធិប្បាយ
សុភាសិតនេះ លោកពោលប្រាប់ត្រង់ៗតែម្ដង គឺកិច្ចការ កាលណាដល់ពេលត្រូវការ ទើបរៀបចំធ្វើកិច្ចការនោះ រមែងពុំបានសម្រេចផលសមស្របទេ ។ក្របីបាត់ទើបធ្វើរបង
ពេលក្របីនៅមាន មិនគិតធ្វើរបងទេ ដល់ពេលក្របីបាត់អស់ ទើបធ្វើរបងការពារ តើការពារអ្វី តើមានប្រយោជន៍អ្វីទៀត ។ពេលប្រលងទើបស្វាធ្យាយ
ដល់ពេលប្រលងទៅហើយ ទើបខំរៀន ខំទន្ទេញ ខំសូត្រ ។ បើទុកជាខំយ៉ាងណា ក៏មិនទាន់ពេលវេលាដែរ ។ តើខំមានប្រយោជន៍អ្វី បើរៀបចំខ្លួនចូលប្រលងទៅហើយ ។មានដំណើរទើបរៀបសម្ពាយ
ដល់ពេលចេញដំណើរទៅហើយ ទើបងាយមករៀបចំឥវ៉ាន់វេចជាសម្ពាយ ចាប់យកនេះខ្លះ នោះខ្លះ ។ ដោយប្រញាប់ពេក អាចធ្វើឲ្យគេភាន់ច្រឡំមុខក្រោយ ភ្លេចនេះភ្លេចនោះ ពុំបានសព្វគ្រប់ ។ករណីទាំងបីខាងលើនេះ លោកពោលថា រលាយអសារបង់ គឺគ្មានបានផលល្អទេ ។ ពីព្រោះវេលាខ្លីណាស់ទៅហើយ ធ្វើអ្វីក៏ពុំទាន់ដែរ ។ ម្យ៉ាងទៀត របស់បាត់អស់ហើយ ទើបចាក់សោរ ឬមនុស្សស្លាប់បាត់ទៅហើយ ទើបនាំយកទៅមន្ទីរពេទ្យ តើមានប្រយោជន៍អ្វីទៀត ។
កូនមួយតៅ ចៅមួយថាំង
អត្ថាធិប្បាយ
«តៅ» ជាឈ្មោះរង្វាល់របស់ខ្មែរ មានរូបរាងដូចគ្នានឹងល្អី ធ្វើអំពីចម្រៀកឫស្សី មានទំហំខុសពីល្អី សម្រាប់វាល់ធញ្ញជាតិនានា ដូចជា ស្រូវ អង្ករ សណ្ដែក ពោត ។ល។«ថាំង» គឺជាទំហំរង្វាល់មួយដែលមានចំណុះស្មើនឹង២តៅ ។
ខ្មែរ កាលណាវាល់ត្រូវគេយកពាក្យ «តៅ» ឬ «ថាំង» នេះមកប្រើ ។ បើចំនួនតិចជាងមួយថាំង គេប្រើពាក្យ «តៅ» ដូចជាគេនិយាយថា ស្រូវ១តៅ ១តៅកន្លះ ។ កាលណាចំនួនហួសពី២តៅ គេប្រើពាក្យ «ថាំង» វិញ ។ មួយថាំងមានពីរតៅ ។
សុភាសិតខាងលើនេះ ពោលសំដៅទៅលើរឿងស្រលាញ់ដែលជីដូនជីតាភាគច្រើនមានទៅលើចៅរបស់ ខ្លួន ។ ទៅលើកូនផ្ទាល់ ការស្រលាញ់របស់មាតាបិតាមានទំហំត្រឹមតែ «មួយតៅ» ។ លុះដល់បានចៅ មាតាបិតាតែងមានចិត្តស្រលាញ់ចៅដល់ទៅ «មួយថាំង» មានន័យថា ទំហំនៃការស្រលាញ់កើនដល់ទៅ២ដង ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង
និយមន័យៈ កិច្ចការពារខ្លួន និងការពារលំនឹងខ្លួន ។អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតា ស្រីក្រមុំខ្មែរ ជាស្រីដែលស្ថិតនៅក្នុងឥរិយាបថប្រពៃណីនិយម គឺមិននិយាយលេងឡេះឡោះ មិនលេងសើចខុសបែបបទប្រាសចាកប្រពៃណី និងទំនៀមទម្លាប់ពីដូនតាមក ។ ម្ល៉ោះហើយ បើមានកំលោះណាមកលលេង ញ៉េះញ៉ោះលែបខាយ សើចលេងនាយអាយ នាងតែងតែមានពាក្យពុំពីរោះខ្លះ ដើម្បីការពារកិត្តិយសខ្លួនជាស្រីក្រមុំ ។ ជាការពិតណាស់ហើយ អ្នកដែលត្រូវការពារខ្លួនតែងតែម៉ឺងម៉ាត់ខែងរ៉ែងទើបអាចការពារខ្លួន បាន ។ ត្រង់ហ្នឹងហើយជាហេតុនាំឲ្យគេថា ស្រីក្រមុំខ្មែរបែបរាងកាយៗបន្តិច ។រីឯចង្កូតយាន ទាំងអស់ ទោះជើងទឹក ជើងគោក និងជើងអាកាស សុទ្ធតែមិននៅនឹងតែមួយចំណុចទេ ។ ព្រោះចង្កូតនេះសម្រាប់បត់បែនយានឲ្យទៅតាមកំណោងផ្លូវ ឬទៅតាមទិសដៅដែលគេចង់ទៅ ។ ទោះផ្លូវត្រង់ណាក៏ដោយ ក៏គេកាច់ចង្កូតទៅឆ្វេងទៅស្ដាំបន្តិចៗជានិច្ចដើម្បីទប់លំនឹង ល្បឿនយាន ។
អត្ថប្បដិរូប
ធម្មតាអ្នកដែលមាននាទីជាអ្នកការពារ តែងតែមានអាជ្ញាសិទ្ធអំណាចខ្លះ បើមិនច្រើនក៏តិច ទើបអាចការពារបាន ។ បើអ្នកការពារមានចរិតស្លូតបូត អ្នកណាយកអ្វីធ្វើអ្វីក៏បាន គេមិនចាំបាច់ឲ្យមានអ្នកការពារទេ ។រីឯអ្នកដឹកនាំរដ្ឋ ឬអង្គភាព បើមិនចេះបត់បែនឲ្យត្រូវតាមកាលៈទេសៈទេ ។ ប្រទេសជាតិ ឬអង្គភាពនឹងប៉ះទង្គិចនឹងអ្វីដែលកើតឡើងជាយថាហេតុមិនខាន ។ អ្នកដឹកនាំល្អ និងឆ្លាតវាងវៃ តែងបត់បែននយោបាយឲ្យបានមុនសភាពការណ៍ដែលបម្រុងកើតឡើងជានិច្ច ។
កូនខូចព្រោះមេបា
និយមន័យៈ កង្វះខាតការអប់រំកូន ។អត្ថាធិប្បាយ
បុរាណាចារ្យតែងបន្ទោសថា កូនខូចព្រោះតែឪពុកម្ដាយខ្វះការអប់រំទូន្មានប្រៀនប្រដៅ ។ ម្យ៉ាងទៀត ព្រះពុទ្ធដីការក៏មានចែងថា មាតាបិតាជាបុព្វាចារ្យ គឺជាគ្រូដើម ឬជាគ្រូទី១របស់កូនប្រុស្រី ។ ដូច្នេះ បើគ្រូដើមចេះអប់រំកូនឲ្យដើរត្រូវតាមគន្លងធម៌ កូនៗច្បាស់ជាក្លាយទៅជា «អតិជាតបុត្ត» គឺកូនល្អលើសជាងការអប់រំទៅទៀត ។ ព្រោះកូនៗកាលនៅតូច និស្ស័យវាប្រៀបដូចក្រដាស «ស» មួយសន្លឹក ។ បើគេផាត់ពណ៌អ្វីលើក្រដាសសនេះ វានឹងដិតច្បាស់ល្អជាមិនខាន ។ តាមន័យនេះ បើឪពុកម្ដាយខ្លះ មានការចេះដឹងខ្លួនឯងតិចមែន តែចេះអប់រំកូនឲ្យល្អតាំងពីនៅក្មេង លុះដល់កូនធំឡើង ទោះបីសង្គមដឹកនាំឲ្យខិលខូចខ្លះ ក៏គង់នៅល្អមួយកម្រិតដែរ ។ ជាពិសេស ឪពុកម្ដាយខ្លះស្រលាញ់កូនខ្លាំងពេក ទំយើកូនខ្លាំងពេក បណ្ដែតបណ្ដោយកូនខ្លាំងពេក លុះដល់កូនធំឡើង ច្បាស់ជាប្រាសចាកសីលធម៌ ប្រព្រឹត្តតែអំពើពាលា មានចោរកម្ម ជាដើមមិនខាន ។ម្យ៉ាងទៀត ឪពុកម្ដាយខ្លះជាមនុស្សអវិជ្ជា ប្រព្រឹត្តតែអំពើថោកទាប មានការឆក់ កាប់សម្លាប់គេជាដើម ។ ឪពុកម្ដាយប្រភេទនេះ មិនបានអប់រំកូនទាល់តែសោះ ។ ម្ល៉ោះហើយ កូនក៏ក្លាយជា «អវជាតបុត្ត» មិនខាន គឺកូនដែលអាក្រក់ជាងឪម៉ែទៅទៀត ។
ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់
និយមន័យៈ ការអាងតាមវ័យរបស់ខ្លួន ។អត្ថាធិប្បាយ
មនុស្សម្នាក់ៗមិនថាក្មេង ឬចាស់ទេ សុទ្ធតែមានការអាងរៀងៗខ្លួន ដើម្បីការពារផលប្រយោជន៍ ឬការពារខ្លួន ។ក្មេងអាងយំ
កាលណាក្មេងចង់ បានអ្វីតាមបំណង វាបានជ្រើសយកការយំជាអាវុធសំខាន់របស់វា ។ ហេតុដូច្នេះហើយបានជាគេឃើញក្មេងៗយំច្រើនជាងគេ ទោះនៅទីណាក៏ដោយ ។ ការយំរបស់វាជាអាវុធស័ក្តិសិទ្ធិសំខាន់ណាស់ ព្រោះអាចឲ្យវាបានសម្រេចនូវគោលបំណងបានជាស្ថាបពរ ។ ដូចជា បើចង់ញ៉ាំអ្វី ឬចង់បានល្បែងលេង វាតែងយំលំអុកឲ្យម៉ែឪទិញឲ្យ ។ បើម៉ែឪមិនទិញឲ្យទេ វាប្រើការយំខ្លាំងៗភ្លាម ។ ដូចនេះ ទោះបីម៉ែឪមិនចង់ទិញឲ្យក៏ដោយ ក៏ត្រូវតែទិញឲ្យដែរ ។ ជួនកាល ម៉ែឪមិនជាប់លុយមកក៏ដោយ ក៏សុខចិត្តខ្ចីលុយគេទិញតម្រូវតាមបំណងកូនសិនដែរ ។ធំអាងកាប់
មនុស្សធំយំលែង សម ហើយក៏គ្មានឥទ្ធិពលទៅលើអ្នកណាដែរ ។ តែគេមានកម្លាំងពេញខ្លួន គេក៏ជ្រើសយកកម្លាំងបាយជាអាវុធសំខាន់របស់គេ ។ ដូច្នេះ កាលណាគេចង់សម្រេចនូវគោលបំណងអ្វីមួយ គេយកកម្លាំងក្នុងខ្លួនមកដោះស្រាយ ។ ដូចជា គេចង់យកជ័យជម្នះលើអ្នកណាម្នាក់ គេតែប្រើការដាល់តប់ទាត់ធាក់ កាប់សម្លាប់គូប្រយុទ្ធឥតប្រណី ដើម្បីបន្ថយកំហឹងក្រេវក្រោធរបស់គេ ។ចាស់អាងស្លាប់
មនុស្សចាស់កម្លាំង ខ្សោយ ម៉្លោះហើយគ្មានអ្វីអាងនឹងគេ ក៏ជ្រើសយកសេចក្ដីស្លាប់មកអាង ។ កាលណាគាត់មានកំហឹង គេតែងឮគាត់និយាយថា អញចំណាស់ហ្នឹងហើយ អញមិនខ្លាយអាណាទេ ខ្លាំងណាស់ត្រឹមស្លាប់ គ្មានអាណាជៀសស្លាប់រួចទេអ៎ា បើមិនជឿទេ សាកចូលមកមើល… បើអញមិនទាន់ដួលទេ គឺឯង… ។កោរសក់កុហកព្រះ
អត្ថាធិប្បាយ
នៅក្នុងសាសនាព្រះពុទ្ធជាម្ចាស់ តែងមានជនខិលខូចមួយចំនួនតូចចូលទោជ្រកក្រោមទង់សាសនាដើម្បីរក ស៊ីចិញ្ចឹមជីវិត និងគ្រួសារ ។ ដូចជា អ្នកខ្លះកោរសក់ ស្លៀកសពាក់ស តាំងខ្លួនជាអ្នកកាន់សីលប្រាំ ចាំសីលប្រាំបី ។ ពេលទៅណាម្ដងៗ គេស្ពាយថង់យាមមួយដាក់បរិក្ខាផ្សេងៗ មានទៀន ធូបជាដើម មើលទៅគួរឲ្យគេជឿថា ជាសំណព្វរបស់ព្រះ ។គេឃើញជនមួយចំនួនទៀត ធ្វើសកម្មភាពជាលោកអាចារ្យ ឬតាជី យាយជី ដើរកាន់ក្រដាសកម្មវិធីបុណ្យតាមតែប្រទះវត្តណាក៏បាន ។ ជននេះតែងយកលេសថា អង្គាសបច្ច័យយកទៅកសាងព្រះវិហារវត្តនេះវត្តនោះ ។ ជួនកាលគេកាន់ក្រដាសកម្មវិធីហួសកាលបរិច្ឆេទទៀតផង ។ ជនខ្លះទៀត គឺជាលោកអាចារ្យមែនទែនតែម្ដង ។ ប៉ុន្តែមានមួយចំនួនតូច ឆ្លៀតកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនដែរ ។
មានស្រមណ៍កំណោរមួយចំនួនទៀត កោរសក់បួសក្នុងសាសនាទៅហើយ តែឆ្លៀតរកស៊ីក្រោមទង់សាសនាដែរ ។ ដូចជា ធ្វើគ្រូស្រោចទឹក ធ្វើខ្សែចង្កេះ ខ្សែគាថាឲ្យរកស៊ី ឲ្យឡើងបុណ្យស័ក្តិ ។ល។ មានសង្ឃខ្លះទៀត ធ្វើកន្សែងស្នេហ៍ មន្តអាគមអូមអាម កាប់មិនមុតដុតមិនឆេះ ។ល។
អាចារ្យខ្លះ សង្ឃខ្លះ បើមានគេអញ្ជើញ ឬនិមន្តទៅសូត្រមន្តរំដោះគ្រោះ លើករាសី តែងតែសម្លឹងមើលអ្នកដែលមក តើមានឬក្រ មានឡានថ្មីថ្លៃៗឬចាស់ ។ បើអ្នកមាន និងជាពិសេសឡានថ្មី មានតម្លៃខ្ពស់ គេរៀបចំខ្លួនយ៉ាងរហ័ស ។ បើឡានចាស់ ឬថ្មើរជើង គេរាងច្រិមច្រុមបន្តិច ជួនមិនទៅតែម្ដង ដោយប្រាប់ថា ជាប់រវល់ ឬមិនស្រួលខ្លួន ។
អ្នកកោរសក់ដូចករណីខាងលើនេះ សុទ្ធតែបោកប្រាស និងកោរសក់កុហកព្រះទាំងអស់ ។
កំហឹងទល់កំហល់
និយមន័យៈ យកកំហឹងទៅទល់នឹងការក្រេវក្រោធ ។អត្ថាធិប្បាយ
ភាគីមួយកំពុងខឹងក្រេវក្រោធ ច្រឡោតតោងតូងទៅលើភាគីមួយទៀត ។ ភាគីទីពីរនេះ កាលបើដឹងថា គេកំពុងខឹងនឹងខ្លួនហើយក៏មិនបានរំងាប់ចិត្ត ឬខន្តីអត់ធន់ទេ គេបែរជាមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ។ភាគីទី១ កំពុងតែខឹងក្រេវក្រោធស្រាប់ផង លុះឃើញគេមកតតាំងដូចនេះ វិស័យដូចសាំងមកជះលើភ្លើងឆេះព្រៃ ។ កំហឹងទល់កំហល់បែបនេះ ទីបំផុតក៏ក្លាយទៅជាសោកនាដកម្មយ៉ាងសាហាវ មានស្លាប់មានរស់គួរឲ្យតក់ស្លុត យ៉ាងហោចណាស់ ក៏មានភាគីណាមួយដឹកចូលមន្ទីរពេទ្យជាមិនខាន ។
កាំបិតចិតដងឯង
និយមន័យៈ រងគ្រោះព្រោះចំណេះខ្លួនឯង ។អត្ថាធិប្បាយ
ចំណេះដែលចេញទៅហើយ ស្រាប់តែត្រលប់បែរមកឲ្យទុក្ខទោសដល់ម្ចាស់ដើមវិញ ។ ឧទារហណ៍ ៖គ្រូក្បាច់គុនម្នាក់ បានបង្រៀនក្បាច់គុនដល់សិស្សឲ្យចេះសព្វគ្រប់ទាំងអស់ ។ លុះចេះសព្វគ្រប់ស្នៀតអស់ហើយ សិស្សនោះក៏សុំសាកល្បងជាមួយគ្រូដើម្បីពិសោធនូវចំណេះរបស់ខ្លួន ។ ការប្រយុទ្ធសាកល្បងរវាងគ្រូ និងសិស្សក៏ចាប់ផ្ដើម ។ លុះប្រយុទ្ធបន្តិចទៅ ដោយគ្រូមានវ័យចាស់ខ្សោយកម្លាំងផងនោះ ក៏រាងទន់ដៃជាមួយសិស្សរបស់ខ្លួនដែលកំពុងពេញកម្លាំង ។ ទីបំផុតគេឃើញគ្រូអុកគូទដោយសារល្បិចស្នៀតខ្លួនឯងដែលបង្រៀនឲ្យទៅ សិស្ស ។ ហេតុនេះហើយបានជាគ្រូពីដើមមួយចំនួន ចេះតែលាក់ល្បិចស្នៀតខ្លះទុកគ្រាន់ការពារខ្លួន ។
ក្រពើវង្វេងបឹង
និយមន័យៈ មនុស្សអកត្តញ្ញូបំភ្លេចគុណគេ ។អត្ថាធិប្បាយ
ក្រពើ ក្នុងពេលនេះ លោកតំណាងឲ្យសភាវៈអាក្រក់ គឺមនុស្សអកត្តញ្ញូ ។បឹង ក្នុងពេលនេះ លោកប្រៀបដូចជាទីជម្រក ឬមាតាបិតា អាណាព្យាបាល ។
មនុស្សអកត្តញ្ញូ រមែងបំភ្លេចនូវឧបការគុណ អ្នកដែលធ្លាប់ចិញ្ចឹមស្ងួនគ្រង ឬអ្នកធ្លាប់ឧបត្ថម្ភខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នកខ្លះកាលនៅក្រីក្រ ឬនៅរៀន តែមកជ្រកកោនដោយវត្តអារាម ឬជ្រកកោនក្រោមការឧបត្ថម្ភពីសំណាក់សប្បុរសជនណាម្នាក់ ។ លុះដល់រៀនចប់ មានមុខងារជាមន្ត្រី ឬបានប្រកបអាជីពយ៉ាងសមរម្យហើយ ស្រាប់តែភ្លេចវត្តអារាមដែលជាជម្រកធ្លាប់ផ្ដល់នូវភាពសុខសាន្ត ភ្លេចអ្នកមានគុណដែលធ្លាប់ជួយទំនុកបម្រុង ហើយបែរទៅស្ម័គ្រស្មាគមនឹងអ្នកថ្មី ។ អាក្រក់ជាងនេះទៅទៀត អ្នកខ្លះបែរមកប្រទូស្តនឹងជម្រកចាស់ ឬអ្នកឧបត្ថម្ភចាស់ទៀតផង ។
ឧទាហរណ៍ៈ ក្មេងវត្តខ្លះ ពេលឈប់រៀនក៏ទៅធ្វើបដិវត្ត រួចបែរមកបំផ្លាញវត្ត រុះកុដិ វិហារចោល ចាប់ព្រះសង្ឃផ្សឹកអស់ ។
កូនអកត្តញ្ញូដែលភ្លេចគុណមាតាបិតា ក៏លោកចាត់ទុកថា ជាក្រពើវង្វេងបឹងដែរ ។
យកប្រពន្ធស្រុកឆ្ងាយ ច្រើនបាយដែលរុយ
អត្ថាធិប្បាយ
សុភាសិតនេះ ជាពាក្យងាយយល់ ។ តាមទំនៀមខ្មែរ មុននឹងយកស្រីណាម្នាក់មករៀបការធ្វើជាភរិយា បុរសតែងជ្រើសរើសជាបឋមគឺ «ស្រីក្រមុំព្រហ្មចារីយ» ដែលមានន័យថា «ក្រមុំបរិសុទ្ធ» មិនដែលមានប្រុសណាមករួមរក្សទេ ។នៅប្រទេសខ្មែរ ពីដើមមក ក្នុងភូមិនីមួយៗ គេច្រើនស្គាល់គ្នាទៅវិញទៅមក មិនសូវចន្លោះទេ ។ មនុស្សណាល្អ មនុស្សណាអាក្រក់… គេស្គាល់មុខទាំងអស់ ។ ស្រីណានៅក្រមុំ ស្រីណាអស់ភាពក្រមុំ… គេដឹងទូទៅ ។ ដូច្នេះ កំលោះអាចជ្រើសរើសយកនារីណាម្នាក់ដែលរស់នៅក្នុងភូមិជាមួយ ជា «ផ្កាក្រពុំ» ពិតៗ មកធ្វើជាភរិយា ដោយមិនខុសបំណងឡើយ ។
ផ្ទុយទៅវិញ បើបុរសណាម្នាក់ទៅការប្រពន្ធនៅភូមិដទៃ ឆ្ងាយពីភូមិរបស់ខ្លួន បុរសនោះច្រើន «បាយដែលរុយ» មានន័យថា ប្រពន្ធនោះមានគេធ្លាប់រួមរក្សរួចទៅហើយ ។ ព្រោះហេតុអ្វី ? ពីព្រោះគេមិនអាចធ្វើការស៊ើបពិនិត្យមនុស្សដែលនៅឆ្ងាយពីភូមិរបស់ យើងឲ្យបានដឹងច្បាស់លាស់ ដូចយើងស្គាល់មនុស្សក្នុងភូមិរបស់យើងនោះទេ ។
នេះជាអត្ថន័យរបស់សុភាសិត «ប្រពន្ធស្រុកឆ្ងាយ ច្រើនបាយដែលរុយ ឬដែលគេ» ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ក្អែកមួយជាក្អែកដប់
និយមន័យៈ មាត់មនុស្សនិយាយតៗគ្នាក្លាយពីមួយជាដប់ ។អត្ថាធិប្បាយ
ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ម្នាក់ពន្លើសបន្តិច ម្នាក់ទៀតពន្លើសបន្តិច ។ បន្តគ្នាតែដប់ដងធ្វើឲ្យបាត់ភាពដើមអស់រលីង ។ រឿងនេះ លោកបានលើកឧទាហរណ៍ដូចតទៅ ៖បុរសម្នាក់ទើបនឹងការប្រពន្ធរួចថ្មីៗ ។ ព្រឹកមួយ បុរសនោះទៅបត់ជើងក្នុងព្រៃក្រោយផ្ទះ ក៏ប្រទះឃើញកូនពាងមួយពេញដោយមាស ។ បុរសនោះក៏កាយដីកប់ទុក ។ ពេលមកដល់ផ្ទះ គេមិនហ៊ានប្រាប់ការណ៍ពិតដល់ប្រពន្ធទេ ខ្លាចនាងបិទមាត់មិនជិត ។ រួចគេក៏និយាយប្រាប់ប្រពន្ធថា នាងអើយព្រឹកមិញ ខ្ញុំបត់ជើងក្រោយផ្ទះ ស្រាប់តែមានក្អែកមួយហើរចេញពីគូទខ្ញុំ ។ ចូរនាងកុំនិយាយប្រាប់អ្នកណាឲ្យសោះ ។ ប្រពន្ធគិតថារឿងនេះចម្លែកណាស់ មិនអាចនៅស្ងៀមបាន ក៏ទៅទម្លាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា ប្ដីខ្ញុំបត់ជើងចេញក្អែកពីរ ។ មិត្តនោះនិយាយបន្តថា ចេញក្អែកបី ។ ការនិយាយប្រាប់គ្នាបន្តបែបនេះ បានកើនចំនួនឡើងដល់ដប់ ។
រឿងនេះមិនស្ងាត់ ក៏ទ្រង់ជ្រាបដល់ព្រះមហាក្សត្រ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យនាំបុរសនោះចូលមកគាល់ ។ ព្រះអង្គត្រាស់ដណ្ដឹងសួរបុរសនោះ ។ លុះទ្រង់ព្រះសណ្ដាប់ហើយ ក៏ឈ្វេងយល់ថា បុរសនេះមានប្រាជ្ញាឆ្លាតវាងវៃណាស់ ចេះពិសោធរកកម្លាយដែលនិយាយតៗគ្នា ។ ព្រះអង្គក៏ត្រាស់បង្គាប់ឲ្យរាជបុរសទៅនាំយកពាងមាសនោះ មកដាក់ក្នុងឃ្លាំងព្រះរាជទ្រព្យ រួចតែងតាំងបុរសនោះជាមន្ត្រីគ្រប់គ្រងឃ្លាំងជារៀងរហូតមក ។
កកក៏បាយ មេម៉ាយក៏ស្រី
និយមន័យៈ ការនិយាយលើកទឹកចិត្តខ្លួនឯង ។អត្ថាធិប្បាយ
កកក៏បាយ
អ្នកទទួលទានបាយកក មកពីគ្មានបាយក្ដៅ ។ បើមានបាយក្ដៅ មុខជារុញបាយកកចេញ ។ ព្រោះបាយក្ដៅ យ៉ាងណាក៏ឆ្ងាញ់ជាងបាយកកដែរ ។ ម្ល៉ោះហើយ ចេះតែទទួលទានទាំងបង្ខំចិត្តទៅ ។ ប៉ុន្តែដើម្បីលើកទឹកចិត្តខ្លួនឯង ក៏និយាយថា បាយកកក៏បាយដែរ ឆ្អែតដូចតែគ្នា ។មេម៉ាយក៏ស្រី
អ្នកដែលយកប្រពន្ធមេម៉ាយ ពុំមែនមានន័យថា រកប្រពន្ធក្រមុំពុំបាននោះទេ ។ ប៉ុន្តែមកពីមានកត្តាផ្សេងៗជាច្រើនដូចជា ៖- ស្ត្រីមេម៉ាយខ្លះ មានរូបរាងស្អាត ស្រស់ប្រិមប្រិយ
- ស្ត្រីមេម៉ាយខ្លះ មានទ្រព្យសម្បត្តិ មានកិត្តិយស មានបុណ្យស័ក្តិ
- ស្ត្រីមេម៉ាយខ្លះ មានអំណោយទាន ឬមានឧបនិស្ស័យ ។
ដូច្នេះ ដើម្បីលើកទឹកចិត្តខ្លួនឯង គេក៏ពោលថា មេម៉ាយក៏ស្រីដែរ គឺស្រីដូចតែគ្នា បង្កើតកូនបានដូចតែគ្នា ។
ការពារប្រសើរជាងព្យាបាល
និយមន័យៈ ការទប់ស្កាត់មុនប្រសើរជាងការដោះស្រាយ ។អត្ថាធិប្បាយ
ហេតុការណ៍អ្វីដែលគេបានដឹងមុនថានឹងមានផលអាក្រក់ជាវិជ្ជមាន នោះ គេត្រូវទប់ស្កាត់វាឲ្យបានមុនវាកើតឡើង ។ ដូចជាដឹងថា ៖- បើគ្មានអនាម័យនឹងមានជំងឺ
- បើមិនអប់រំកូនចៅឲ្យល្អនឹងជាប់គុក
- បើមិនធ្វើរបងការពារភូមិស្ថាននឹងបាត់បង់ទ្រព្យសម្បត្តិ
- បើមិនប្រុងប្រយ័ត្នក្នុងការធ្វើចរាចរនឹងមានគ្រោះថ្នាក់
- បើមិនរៀនសូត្រនឹងប្រឡងធ្លាក់
ត្រជាក់ត្រជុំ ដូចទឹកអង្គ បំពង់ខ្ចី
អត្ថាធិប្បាយ
ពាក្យនេះមិនមែនជាសុភាសិតទេ ។ គឺជាពាក្យប្រសិទ្ធិពរជ័យចំពោះកូនកំលោះក្រមុំនៅពេលរៀបការ ក្រាបផ្ទឹមសំពះ ។ អាចារ្យតែងចាប់ឲ្យពរបវរសួស្ដីដោយពោលពាក្យដូចតទៅនេះ ៖«… សូមឲ្យអ្នក-នាងទាំងពីរ រកស៊ីមានបាន កើតកាលវាលគុម្ព ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី…»
តើពាក្យនេះមានន័យយ៉ាងណា ?
សម័យមហានគរ ខ្មែរយើងកាន់ព្រហ្មញ្ញសាសនា គោរពព្រះឥសូរ ដូចដែលយើងគោរពព្រះពុទ្ធសមណគោតមនាសម័យបច្ចុប្បន្ន ។ក្នុងសាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា គេជឿថា ព្រះឥសូរជាអ្នកបង្កើតលោក គឺជាបង្កើតទឹក ដី ភ្លើង ខ្យល់ និងមនុស្សសត្វទាំងអស់ ។ ព្រះឥសូរមានគុណលើមនុស្សលោកច្រើនលើសលុប មិនអាចរកអ្វីមកសងគុណនោះបានឡើយ ។
បើយើងធ្វើដំណើរទៅអង្គរវត្ត ហើយហួសទៅដល់អង្គរធំ យើងនឹងបានឃើញប្រាសាទតូចធំជាច្រើន ។ នៅក្នុងប្រាសាទច្រើនមានថ្មមួយដុំមានរាងស្រដៀងអង្រែសម្រាប់បុក គ្រឿងស្ល ដាក់បន្តុបលើផែនថ្មមួយផ្ទាំង រាងបួនជ្រុងស្មើនៅចំកណ្ដាលប្រាសាទ ។ រូបចម្លាក់នេះគឺជា «លិង្គរបស់ព្រះឥសូរ» ។
សម័យនោះគេយល់ថា ដោយសារលិង្គព្រះឥសូរនេះ ទើបយើងទាំងអស់គ្នាកើតបានរូបរាងជាមនុស្សមកដល់ថ្ងៃនេះ ។ ដូច្នេះហើយគេត្រូវនាំគ្នាថ្វាយបង្គំគោរពលិង្គនេះគ្រប់ពេលវេលា ជាពិសេសនៅពេលមានពិធីពិសេសអ្វីមួយ ដូចជា ពិធីអាពាហ៍ពិពាហ៍ជាដើម ។
ក្រៅពីលិង្គព្រះឥសូរ នៅប្រាសាទខ្លះ គេឆ្លាក់រូបយោនីរបស់ព្រះនាងឧមាភគវតី ដែលមានសណ្ឋានដូចជា «ត្បាល់សម្រាប់កិនអង្ករ» ។ ចំកណ្ដាលមានប្រហោងប្រមាណប៉ុនកំភួនដៃ ឬកំភួនជើងមនុស្សចាស់ ហើយនៅជុំវិញប្រហោងមានចង្អូរ ហើយមានចំពួយដូចត្បាល់កិនម្សៅដូច្នោះឯង ។
ពេលធ្វើពិធីធំៗ ជាពិសេសពិធីអាពាហ៍ពិពាហ៍ គេអប់ទឹក រួចគេយកទឹកនោះទៅកាន់ប្រាសាទខាងលើ ដើម្បីធ្វើពិធីបួងសួង សុំពរជ័យសិរីមង្គលពីព្រះឥសូរ ។ ដំបូង គេចាក់ទឹកដែលគេអប់នោះចូលទៅក្នុងយោនី បន្ទាប់មកគេយកលិង្គព្រះឥសូរសូកចូលទៅក្នុងយោនីដែលមានទឹកពេញ ព្រៀប រួចហើយគេបុកចុះឡើងៗជានិមិត្តរូបនៃការសេពសន្ធវៈ ។ ទឹកហូរចេញមក… ធ្លាក់តាមចំពួយចូលទៅក្នុងផ្តិលដែលចាំទទួលខាងក្រោម ។ គឺនេះហើយដែលលោកអាចារ្យហៅថា «ទឹកអង្គបំពង់ខ្ចី» ។ «អង្គ» គឺអង្គជាតិ «បំពង់ខ្ចី» គឺយោនី ។ គេយកទឹកនេះទៅលុបលាងមុខ ឬស្រឡាបខ្លួនដែលគេជឿថា នាំឲ្យមានសិរីសួស្ដី ត្រជាក់ត្រជុំ សុខដុម ទៅអនាគត ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ក្របីនឹងចេក ក្អែកនឹងពងមាន់
និយមន័យៈ របស់ជាទីចូលចិត្តនៃភាគីមួយ ។អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតា ក្របី កាលណាឃើញស្លឹកចេក វាបោលតម្រង់ទៅរកស៊ីភ្លាម ព្រោះស្លឹកចេកជាចំណីយ៉ាងឆ្ងាញ់សម្រាប់វា ។ ឯពងមាន់ក៏ជាទីចូលចិត្តនៃសត្វក្អែកដែរ ។អត្ថប្បដិរូប
សុភាសិតទាំងពីរឃ្លាខាងលើនេះ មានន័យតែមួយដូចគ្នា ។ លោកចង់និយាយដៅទៅលើរបស់ដែលជាកម្មវត្ថុ និងជាទីពេញចិត្តនៃភាគីមួយ ។ ដូចជា មនុស្សកាលណាបានឃើញមាសប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត តែងលោភលន់ចង់បានតាមតណ្ហារបស់ខ្លួន ។គេអាចចែកសុភាសិតនេះបានម្យ៉ាងទៀតថា មនុស្សដែលស្រលាញ់គ្នា ត្រូវចិត្តគ្នា កាលណាបានឃើញគ្នា គេតែងរត់រកគ្នាជានិច្ច ។
កុំប្រដៅក្រពើឲ្យហែលទឹក
និយមន័យៈ មុនប្រដៅគេ ត្រូវដឹងពីសមត្ថភាពគេសិន ។អត្ថាធិប្បាយ
អត្ថានុរូប
សត្វក្រពើ មានការស្ទាត់ជំនាញបំផុតក្នុងការហែលទឹកតាំងពីកំណើតវាមក ព្រោះវាធ្លាប់រស់នៅតែក្នុងទឹកមួយជីវិត ។ ដូច្នេះមិនបាច់បង្វឹកវាឲ្យចេះហែលទឹកទេ ។អត្ថប្បដិរូប
បើអ្នកចង់និយាយពីអ្វីដែលមានន័យប្រហាក់ប្រហែលនឹងការប្រៀនប្រដៅ គេតោងដឹងពីជំនាញរបស់គេសិន ។ ឧទាហរណ៍ៈ- មិនត្រូវនិយាយពីបច្ចេកទេសធ្វើតុ ទូ តាំង ប្រាប់ដល់ជាងអាជីពតុ ទូ តាំងទេ ។
- មិនត្រូវនិយាយពីច្បាប់ប្រាប់បណ្ឌិតច្បាប់ទេ ។
- មិនត្រូវនិយាយពីគរុកោសល្យប្រាប់លោកសាស្ត្រាចារ្យទេ ។
ពាក្យត្រូវនៅមាត់អ្នកតូចស្ដី មិនស្មើមន្ត្រីនិយាយលេង
ពាក្យត្រូវនៅមាត់អ្នកតូចស្ដី មិនស្មើមន្ត្រីនិយាយលេង ធម៌អាថ៌ទេសនាមិនស្មើភ្លេង គេច្រើនវង្វេងចូលចិត្តជាង
អត្ថាធិប្បាយ
នេះគឺជាកំហុសមួយដែលជនជាតិខ្មែរយើងបានធ្វើ ក្លាយជាទំនៀមឆ្លាក់ជាប់ក្នុងចិត្ត មិនងាយអ្នកណាកែបានទេ ។ ខ្មែរយើងមួយភាគធំជឿថា ឲ្យតែអ្នកធំ (មន្ត្រី) ឬអ្នកមានបណ្ដាស័ក្តិ សុទ្ធតែនិយាយត្រូវទាំងអស់ ដោយសម្អាងថា ពួកនេះគឺជាពួកអ្នកចេះ អ្នកមានសញ្ញាបត្រខ្ពស់ អ្នកមានចំណេះខ្ពង់ខ្ពស់ អ្នកកាច់ចង្កូតនគរ ភ្លេចគិតពិចារណាថា មន្ត្រីមួយចំនួនបានទទួលបុណ្យស័ក្តិដោយសារបក្សពួក សំណូក អែបអប លុតក្រាប… ជាមន្ត្រីប្រហោងក្នុង…គ្មានវិចារណញ្ញាណអ្វីសោះ ។ការនិយមបែបខាងលើនាំឲ្យមានជាពាក្យស្លោកថា ពាក្យត្រូវនៅមាត់អ្នកតូចស្ដី មិនស្នើមន្ត្រីនិយាយលេង ។ បានសេចក្ដីថា អ្នកតូចតាច (អ្នកស្រែចម្ការ រាស្ត្រប្រជា) ទោះបីនិយាយ «ពិតត្រូវ» យ៉ាងណា ក៏គេមិនសូវជឿ ឬចិត្តទុកដាក់ស្ដាប់ដែរ ។ ឯចំណែកសម្ដីអ្នកធំវិញ ទោះបីជាសម្ដីនិយាយលេងសើចសោះក៏ដោយ ក៏អ្នកផងនាំគ្នាស្ដាប់ចំហមាត់ ។ នេះគឺជាការវង្វេងមួយដ៏ធំរបស់មនុស្សភាគច្រើន ។
រីឯ «ធម៌» និង «ភ្លេង» ក៏ស្ថិតនៅក្នុងដំណើរដូចគ្នា គឺថា គេចូលចិត្តស្ដាប់ភ្លេងជាជាងស្ដាប់ធម៌ ៕
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ស៊ីតិចជុះច្រើន តែងមិនធាត់
ស៊ីតិចជុះច្រើន តែងមិនធាត់ អ្នករៀននៅវត្ត ខ្ជិលមិនចេះ ព្រោកប្រាជ្ញ តែមិនហួសចំណេះ អ្នកដែលចង់ចេះ មិនហួសបុណ្យ
អត្ថាធិប្បាយ
«ស៊ីតិច ជុះច្រើន តែងមិនធាត់» មានន័យវែងឆ្ងាយដូចតទៅនេះ ៖- ចំណូលតិច ចំណាយច្រើន
- ធ្វើការតិច ដើរប៉ោឡែច្រើន
- ចេះតិច ល្ងង់ច្រើន
- ឆ្លាតតិច ភ្លើច្រើន
- សំចៃតិច ខ្ជះខ្ជាយច្រើន
- គេងនៅផ្ទះតិច គេក្រៅ…ច្រើន
- រៀនតិច ដើរលេងច្រើន
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ក្រក៏ក្រចុះឲ្យតែមាន
និយមន័យៈ ក្រទ្រព្យសម្ប័ទចុះឲ្យតែមានចំណេះវិជ្ជា ។អត្ថាធិប្បាយ
មនុស្សគ្រប់គ្នាកើតឡើងសុទ្ធតែចង់មាន ចង់បានទ្រព្យសម្ប័ទ និងបុណ្យស័ក្តិ ។ តែការចង់បាននេះ វាពុំប្រាកដថាបានសមតាមបំណងទេ ។ពេលនេះ លោកចង់ពោលថា បើបានជាកើតមកហើយក្រីក្រក៏ក្រទៅចុះឲ្យតែមានចំណេះវិជ្ជា ។ លោកបានឲ្យតម្លៃទៅចំណេះវិជ្ជាថា ជាទ្រព្យសម្ប័ទប្រសើរឧត្ដុង្គឧត្ដមបំផុត ព្រោះគ្មានអ្នកណាមកឆក់ដណ្ដើម ឬលួចប្លន់បានទេ សូម្បីតែភ្លើងក៏មិនអាចឆេះបានផង ។ ឯទ្រព្យសម្ប័ទប្រើប្រាស់នានា ចោរអាចឆក់ប្លន់ ឬភ្លើងឆេះអន្ដរធានក្នុងរយៈពេលខ្លីបំផុត ។
ដូច្នេះ លោកឲ្យស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួន ។ កាលបើមានចំណេះវិជ្ជាហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើតតាមក្រោយយ៉ាងងាយបំផុត ។
បានត្រីស្រស់ កុំចោលត្រីងៀត
បានត្រីស្រស់ កុំចោលត្រីងៀត បានអ្នកកន្តៀត កុំចោលញាតិ បានគង កុំចោលរនាត បានជាអាពាធ កុំចោលថ្នាំ
អត្ថាធិប្បាយ
មានមនុស្សមួយចំនួនមានចិត្តប្រែប្រួលរហ័ស មិនសូវចេះគិតវែងឆ្ងាយ ឲ្យតែបានរបស់អ្វីមួយថ្មី ក៏តាំងគ្រវែងចោលរបស់ចាស់មួយរំពេច ។ ដោយហេតុនេះហើយ ទើបមានពាក្យប្រដៅនេះកើតឡើង ។បានត្រីស្រស់ កុំចោលត្រីងៀត
ពាក្យនេះមានន័យវែងឆ្ងាយ ហួសពីត្រីងៀតទៅទៀត ។ ត្រីងៀត សំដៅទៅលើវត្ថុផ្សេងៗដែលជាវត្ថុអម្រស់អម្ររសម្រាប់គ្រាកំសត់ គ្រាអត់ឃ្លាន ។ពេលមួយដែលយើងទិញបាន ឬរកបានវត្ថុថ្មី យើងមិនត្រូវគ្រវែងចោលវត្ថុចាស់ៗដែលធ្លាប់មានពីដើមនោះទេ ប្រសិនបើវត្ថុនោះ អាចនៅប្រើការបាន (មិនទាន់ខូច) ។ ព្រោះថា ពេលខ្លះវត្ថុចាស់ៗនោះ អាចយកមកប្រើការឡើងវិញដើម្បីបំពេញបំណងផ្សេងទៀត ។ ឧទាហរណ៍ៈ ទូថ្មីដែលទើបនឹងបានមកអាចយកជំនួសទូចាស់សម្រាប់ដាក់ខោអាវ កែវកង គ្រឿងអលង្ការ ។ល។
រីឯទូចាស់ដែលនៅប្រើការកើត គួរយកទៅប្រើការសម្រាប់ដាក់វត្ថុកំប៉ិកកំប៉ុកនៅកន្លែងណាមួយដែល គេមើលមិនសូវឃើញ (ព្រោះវាចាស់មិនសូវគាប់ភ្នែក) ។
ត្រីស្រស់ ប្រាកដជាមានរសជាតិជាងត្រីងៀតដែលគេតែងបរិភោគស្ទើរតែរាល់ថ្ងៃមក នោះ ។ ប៉ុន្តែសុំកុំបោះចោលវានៅពេលដែលខ្លួនបានត្រីស្រស់ ព្រោះថា យើងប្រហែលជាត្រូវការត្រីងៀតនោះសារជាថ្មីក៏មិនដឹង ។
បានអ្នកកន្តៀត កុំចោលញាតិ
អ្នកកន្តៀត គឺជាភ្ញៀវដែលទើបនឹងស្គាល់គ្នា មកសុំស្នាក់នៅជាមួយក្នុងរយៈពេលដ៏ខ្លីមុននឹងបន្តដំណើរទៅមុខ ទៀត ។ អ្នកខ្លះ នៅពេលដែលមានមនុស្សថ្មីចូលមកស្នាក់នៅក្នុងផ្ទះខ្លួន ក៏តាំងវាយឫកពារធ្វើហីដាក់ញាតិជិតខាង ហាក់មានកិត្តិយសចម្លែកដោយសារអ្នកកន្តៀតនោះ ។ចរិយាបែបនេះគឺជារឿងខុសធំណាស់ បើជនណាធ្លាប់ធ្វើ គួរតែលះបង់ចោលជាបន្ទាន់ ព្រោះវាមិនបាននាំផលល្អណាមួយមកឲ្យខ្លួនក្រៅពីសម្អប់នោះទេ ។ សុខទុក្ខភាគច្រើនកើតពីអ្នកជិតខាង មិនមែនបានមកពីអ្នកកន្តៀតនោះទេ ។ បើញាតិជិតខាងស្រឡាញ់យើង ប្រហែលជាគេជួយយើងនៅគ្រាអាសន្ន មិនមែនអ្នកកន្តៀតនោះទេ ។ ដូច្នេះហើយទើបបុព្វបុរសយើងប្រដៅ «បានអ្នកកន្តៀត កុំចោលញាតិ» ។
បានគង កុំចោលរនាត
គង និង រនាត គឺជាឧបករណ៍ភ្លេងនៅក្នុងវង់ភ្លេងពិណពាទ្យរបស់ខ្មែរយើង មិនអាចចោលណាមួយបានទេ ។ ពាក្យនេះត្រូវបានដាក់ចូលមកសម្រាប់ចាប់ចុងចួននៅក្នុងកំណាព្យ ។បានជាអាពាធ កុំចោលថ្នាំ
មានមនុស្សជាច្រើនដែលត្រូវសុភាសិតនេះប្រៀនប្រដៅ ឬព្រមានក្នុងរឿងប្រើប្រាស់ថ្នាំកែរោគ ។ មនុស្សភាគច្រើន កាលណាឈឺ តែស្ទុះស្ទារត់រកឱសថមកព្យាបាល ទោះថ្លៃប៉ុន្មានក៏ហ៊ានទិញដែរ ។ លុះដល់ជាសះស្បើយគេក៏លែងរវីរវល់ពីរឿងថ្នាំ ។ គេមិនយកទៅទុកដាក់ឲ្យបានត្រឹមត្រូវសម្រាប់ការឈឺចាប់ថ្ងៃក្រោយ ទៀតទេ ។លុះដល់ថ្ងៃក្រោយមក ចាប់ឈឺម្ដងទៀត ក៏ស្ទុះរកទិញថ្នាំសារជាថ្មី ខាតពេលផង ខាតប្រាក់ផង មិនទាន់ចិត្តផង ។ ដោយហេតុនេះ អ្នកប្រាជ្ញគួរយល់ពីដំបូន្មាននេះ ហើយអនុវត្ត ពិតជាអាចផ្ដល់ផលប្រយោជន៍ ជាទីពេញចិត្តមិនខាន ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
កង់ត្រាចកង់ធ្នង់
និយមន័យៈ វាសនាកម្មមនុស្សម្នាក់ៗមិនមានភាពប្រាកដនិយមទេ ។អត្ថាធិប្បាយ
អត្ថានុរូប
រទេះគោ ឬក្របី មានកាំ និងខ្នងកង់ធ្វើពីឈើខ្លឹម ស្វិតជាប់ល្អ ។ខ្នងកង់ ផ្គុំឡើងពីឈើច្រើនកំណាត់ ។ កំណាត់នីមួយៗមិនប្រាកដជាប្រភេទឈើតែមួយមុខទេ ។ គេជ្រើសយកឈើដែលស្វិតមាំ ។ ជួនគេយកឈើត្រាចខ្លះ ឈើធ្នង់ខ្លះ មកផ្គុំចម្រុះគ្នា ។
ពេលគេបររទេះទៅ គេឃើញកំណាត់ឈើត្រាចនៅលើ ឈើធ្នង់នៅក្រោម ។ បន្ទាប់មក ឈើធ្នង់ឡើងលើ ឈើត្រាចមកនៅក្រោមម្ដងវិញ ។ កង់ត្រាច កង់ធ្នង់ ចេះតែផ្លាស់ប្ដូរគ្នាជារហូតទៅ ។
អត្ថប្បដិរូប
មនុស្សម្នាក់ៗរមែងមានវាសនាកម្មខុសៗគ្នា ។ ជួនកាល គេឃើញបុរស «ក» មានបុណ្យស័ក្តិខ្ពស់ ឬមានទ្រព្យសម្បត្តិស្ដុកស្ដុម្ភ ។ ឯបុរស «ខ» មានជីវភាពជាជនសាមញ្ញ ឬ ក្រីក្រតោកយ៉ាក ។ បន្ទាប់មក គេឃើញលោក «ក» ប្រព្រឹត្តខុសធ្លាក់បុណ្យស័ក្តិ ឬចាញ់ល្បែងធ្លាក់ខ្លួនក្រីក្រលំបាកលំបិនពេកក្រៃ ។ ឯបុរស «ខ» ស្រាប់តែរកស៊ីកាក់កប មានលុយចាយសម្បូរសប្បាយ មានឡានវីឡា ឡើងជាអ្នកមានស្ដុកស្ដម្ភ មានគេគោរពកោតក្រែងរអែងបុណ្យស័ក្តិទៀតផង ។ក្បាលអ្នកណាសក់អ្នកហ្នឹង
និយមន័យៈ អ្នកណាធ្វើ អ្នកនោះទទួល ។អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតាក្បាល និងសក់ ជា របស់នៅជាប់ជាមួយគ្នា ។ សក់ដុះនៅលើក្បាលអ្នកណា វាជាសម្បត្តិរបស់អ្នកនោះឯង ។ គឺគ្មានអ្នកណាផ្សេងយកក្បាលមកទទួល ឬរំលែកបានទេ ឬមានអ្នកណាផ្សេងមកតវ៉ាថា សក់លើក្បាលអ្នកឯងជារបស់ខ្ញុំដែរ ។អត្ថប្បដិរូប
ពាក្យនេះលោកនិយាយប្រៀបធៀបទៅលើទង្វើអ្វីមួយដែលអ្នកណាម្នាក់ បានប្រព្រឹត្ត បានធ្វើ បានសាង ។ រីឯលទ្ធផលដែលត្រូវផ្ដល់ឲ្យមកវិញគឺអ្នកធ្វើនោះឯងជាអ្នកទទួល ដោយមិនអាចអំពាវនាវហៅរក ឬជួលអ្នកណាផ្សេងឲ្យមកជួយទទួលរងទុក្ខទោស ឬជួយរំលែកបានទេ ។ករណីនេះ សមដូចពាក្យចាស់លោកពោលថា «ភ្លើង អ្នកណាជាន់ អ្នកនោះឯងជាអ្នកក្ដៅ» ។
ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត
និយមន័យៈ គ្មានភ្លើងអ្វីក្ដៅស្មើនឹងភ្លើងទោសៈ ។អត្ថាធិប្បាយ
កម្ដៅព្រះអាទិត្យ ឬកម្ដៅថ្ងៃ អ្នកប្រាជ្ញខាងវិទ្យាសាស្ត្របានពោលថា វាមានកម្ដៅរាប់ពាន់ម៉ឺនអង្សាសេ ។ប៉ុន្តែទោះបីវាមានឋាមពលខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏នៅតែចាញ់កម្ដៅចិត្តទោសៈមនុស្សលោកដែរ ។ ព្រោះកម្ដៅថ្ងៃមិនអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះសម្លាប់មនុស្សលោកបានទេ ។ ផ្ទុយទៅវិញ កម្ដៅភ្លើងចិត្តទោសៈមនុស្សលោកមានឋាមពលអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះមនុស្សលោកខ្លួនឯងបាន ។ ព្រោះថាកាលណាមនុស្សលោកក្ដៅចិត្តហើយ គេធ្វើអាវុធប្រល័យលោក បំផ្លាញភពផែនដី និងជីវិតមនុស្ស សត្វ រុក្ខជាតិ ឲ្យអន្ដរធានតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ៕
កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ
និយមន័យៈ ជនល្មើសភ្លេចគុក តែគុកមិនភ្លេចជនល្មើសទេ ។អត្ថាធិប្បាយ
អត្ថានុរូប
ជង់ ជាអន្ទាក់តឿឥតដង មានតែជើងស្រួចខ្លីសម្រាប់ដោតជាប់ទៅក្នុងដី ។កុកដើរមកចំ រង្វង់ខ្សែធ្នាក់ៗក៏រឹតជើងជាប់ ។ ជួនកាលវារលាស់ជើងរួចផុត ។ ពេលវាដើរទៅ វាឥតគិតខ្វល់នឹងខ្សែអន្ទាក់ជង់ទៀតទេ ។ ប៉ុន្តែខ្សែធ្នាក់ជង់នៅតែរង់ចាំទទួលជើងកុកជានិច្ច ។
អត្ថប្បដិរូប
ជនល្មើសដែល ប្រព្រឹត្តកំហុសឆ្គងរួចហើយៗរត់គេចខ្លួន ឬរត់ចោលស្រុកបាត់ទៅ តែនឹកគិតថា គ្មានអ្នកណាដឹងទេ គឺវាភ្លេចសមត្ថកិច្ចអស់ហើយ ។ ប៉ុន្តែសមត្ថកិច្ចឥតមានភ្លេចវាទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេខំប្រឹងធ្វើការតាមដានស្រាវជ្រាវជាប់ជាប្រចាំដើម្បីឈានទៅរក ការចាប់ខ្លួន ។ កាលណាកិច្ចការគេមានលក្ខណៈគ្រប់គ្រាន់ហើយ គេក៏ចាប់ខ្លួនវាយកមកដាក់គុកទៀត ៕កំភ្លាញស្លាប់ពីព្រោះមាត់
និយមន័យៈ ការនិយាយពុំស្គាល់កាលគួរ ឬពុំគួរ ។អត្ថាធិប្បាយ
អត្ថានុរូប
ត្រីកំភ្លាញ ទោះនៅទីណាក៏មិនស្ងាត់កំបាំងដែរ ។ ជាទម្លាប់ពីកំណើតរបស់វាៗតែងធ្វើមាត់ចឹបៗ នាំឲ្យមានរលកដល់ផ្ទៃទឹកខាងលើ ។ ឯមនុស្សឃើញហើយក៏យកសន្ទូចមកស្ទូច ឬយកឈ្នាងមកជញ្ជាត់ ។ ត្រីកំភ្លាញក៏ងាប់អសារបង់ ។អត្ថប្បដិរូប
មានមនុស្សមាត់ដាច ខ្លះ និយាយអ្វីៗពុំសូវបានគិតដល់បរិយាកាសនៅជុំវិញខ្លួនទេ ។ គេនិយាយតាមការនឹកឃើញ ដោយពុំបានគិតថា រឿងនេះគួរនិយាយ ឬមិនគួរទេ ។ ជួនកាល គេនិយាយទៅប៉ះពាល់ដល់កិត្តិយសអ្នកមានអំណាចណាម្នាក់ ។មិនស្ងាត់កំបាំង ស្រាប់តែគេមកចាប់យកទៅធ្វើទោសទណ្ឌ ជួនកាលរហូតដល់ស្លាប់ក៏សឹងមាន ៕
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ
និយមន័យៈ វិប្បដិសារីនៅពេលកាត់កាល់កូនចៅ ។អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតាទឹក គេមិនអាចកាត់ដាច់ទេព្រោះវាជាវត្ថុរាវ ។ ឯសាច់មនុស្សជាសាច់រស់ បើមានរបួស ឬកាត់ត្រង់ណាមួយដុំឲ្យដាច់ ទោះបីជាតូចប៉ុណ្ណាក៏ដោយ ក៏ប្រាកដជាឈឺមិនខាន ។អត្ថប្បដិរូប
ពាក្យថា កាត់ទឹកមិនដាច់ លោកលើកយកមកគ្រាន់តែជាការឧបមា និងប្រៀបធៀបប៉ុណ្ណោះ ។ តាមការពិត លោកនិយាយទៅដល់ឪពុកម្ដាយខ្លះដែលខឹងក្រេវក្រោធជាខ្លាំងនឹងកូនចៅ ដែលប្រព្រឹត្តអនាចារ អសីលធម៌ និងប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ។ ជាពិសេសគឺកូនមិនលុះដោយដំបូន្មានឪពុកម្ដាយ ឬ អាណាព្យាបាល ។ ទីបំផុតដោយទ្រាំមិនបាន គាត់ក៏សម្រេចិត្តកាត់កាល់វាចោលទៅ ។ ប៉ុន្តែលុះដល់ថ្ងៃក្រោយ ពេលរំសាយកំហឹង គាត់ក៏មានវិប្បដិសារី នឹកអាណិតអាសូរកូនចៅតាមក្រោយ ។ដោយព្រហ្មវិហារធម៌ដែលគាត់ធ្លាប់មាន និងមិនអាចកាត់ផ្ដាច់បាននោះ ចេះតែធ្វើឲ្យអារម្មណ៍គាត់នឹកមមៃពីសុខទុក្ខរបស់កូនចៅដែលឃ្លាត មិនដឹងទៅទីណា ។
ទោះគាត់ខំប្រឹងបំភ្លេច ឬខំប្រឹងយកជ័យជំនះលើចិត្តរបស់គាត់យ៉ាងណាក៏គាត់មិនអាចកាត់ ផ្ដាច់មនោសញ្ចេតនាបានដែរ ។ បើទុកណាជាគាត់មិនសម្ដែងអាការៈឲ្យគេដឹងក៏ដោយ ៕
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត
អត្ថាធិប្បាយ
ក្រមុំដណ្ដឹងម្ដាយ
តាំងពីបុរាណកាលមក ប្រពៃណីទំនៀមទម្លាប់ខ្មែរតម្រូវឲ្យមានការចូលស្ដីដណ្ដឹងស្ត្រីក្រមុំដល់មេបាចាស់ទុំគឺ ម៉ែ‑ឪ ដែលភាសាបច្ចេកទេសថាចូល «ចែចូវ» ។ ស្ត្រីក្រមុំក្នុងសង្គមខ្មែរពុំមានសិទ្ធិសម្រេចក្នុងការរើស គូស្រករដោយខ្លួនឯងឡើយ ។ ព្រោះគេយល់ថា នាងជាស្ត្រីវ័យក្មេងពុំទាន់បានយល់ការណ៍រាក់ជ្រៅនៅក្នុងជីវភាព គ្រួសារនៅឡើយ ។ ម្យ៉ាងទៀត កូនក្រមុំគេទុកជាកិត្តិយសល្អ ប្រសើរដូចផ្ការីក ចេកទុំ ។ ដូច្នេះ ឪពុកម្ដាយជាអ្នកមានសិទ្ធិសម្រេចគ្រប់បែបយ៉ាងក្នុងការជ្រើសរើស គូស្រករឲ្យកូន ។ចែចូវ ៖ ចែឲ្យដល់ម៉ូល ចូវឲ្យដល់អូល (ចូលឲ្យដល់ម៉ែ ចូលឲ្យដល់ឪ)
ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់បានជា ចូវដើម្បីបែកផ្លែ (ចែដើម្បីបើកផ្លូវ, បើកផ្លូវស្ទង់ស្ថានការណ៍)
មេម៉ាយដណ្ដឹងចិត្ត
ស្ត្រីមេម៉ាយ គឺស្ត្រីដែលធ្លាប់មានប្ដីរួចម្ដងហើយៗបាត់បង់ប្ដីដោយប្រការណា នីមួយ ។ ដូច្នេះ គេយល់ថាស្ត្រីមេម៉ាយនេះចាស់ចិត្តចាស់គំនិតអាចដឹងអាចយល់ពី កិច្ចការណ៍រាក់ជ្រៅ និងមានបទពិសោធន៍ក្នុងជីវភាពគ្រួសាររួចហើយ ។ ឪពុកម្ដាយ ឬអាណាព្យាបាលហាក់ដូចជាបើកសិទ្ធិសម្រេចឲ្យដល់កូនដែលមេម៉ាយក្នុង ការជ្រើសរើសគូស្រករថ្មីដោយខ្លួនឯង ។ ដូច្នេះ បុរសណាដែលពេញចិត្តចង់ភ្ជាប់និស្ស័យនឹងនាង គេមិនបាច់ចូលទៅដល់ឪពុកម្ដាយ ឬអាណាព្យាបាលដូចកាលនាងនៅក្រមុំនោះឡើយ ។ គឺគេចូលសួរផ្ទាល់ខ្លួននឹងនាងដោយត្រង់ៗតែម្ដង ។ ប្រសិនបើនាងយល់ព្រមហើយ ទើបគេចូលស្ដីដណ្ដឹងដល់ម៉ែឪជាក្រោយ ។ នៅពេលនេះ ឪពុកម្ដាយអស់មានសិទ្ធិសម្រេចជាយ៉ាងណាហើយ គឺគ្រាន់តែមានសិទ្ធិជួយជាយោបល់ និងជួយសម្រួលឲ្យសមរម្យប៉ុណ្ណោះ ។ប៉ុន្តែចំពោះកូនស្រីដែលមេម៉ាយក្មេងវ័យពេក ឪពុកម្ដាយក៏បានយកមកចិញ្ចឹមថែរក្សាដូចកាលនៅក្រមុំនោះ ឪពុកម្ដាយក៏នៅតែមានសិទ្ធិសម្រេចដូចកាលនាងនៅក្រមុំដែរ ៕
ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ
និយមន័យៈ អ្វីដែលខុសប្រក្រតី បុគ្គលិកលក្ខណៈក៏ខុសប្រក្រតីដែរ ។អត្ថាធិប្បាយ
មនុស្សក្ដី សត្វតិរច្ឆានក្ដី ដែលមានលក្ខណៈកាយវិការដូចខាងលើ លោកប្រាប់ថាគួរឲ្យប្រុងប្រយ័ត្ន ។ក្របីស្នែងកែក
មានសត្វជាច្រើនដែលមានលក្ខណៈមិនប្រក្រតី តែពេលនេះលោកលើកយកសត្វក្របីស្នែងកែកមកធ្វើជាតួយ៉ាង ។ លោកថាសត្វក្របីស្នែងកែកតែងកាច និងមានភាពអំនួតជាងក្របីធម្មតា ។ ឫកពាវាក្រអឺតក្រទម មិនខ្លាចគេទេ ។ កាលណាវាឃើញក្របីដូចគ្នា ឬមនុស្សទៅជិតវាៗតែងអើតក្បាលស្ងើន បង្ហាញនូវភាពអំនួត និងកាច ។មនុស្សស្រលៀងភ្នែក
តាមការកត់សម្គាល់ឃើញថា មនុស្សស្រលៀងភ្នែកតែងមានអ្វីដែល«លើស» គឺថាល្អ ក៏ល្អលើសគេ បើអាក្រក់ក៏លើសគេ បើស្លូតបើកាចក៏លើសគេដែរ ។ ហេតុនេះហើយបានជាលោកប្រាប់ថា ឲ្យប្រុងប្រយ័ត្ន ។ ព្រោះបើសេពគប់ចំលើអ្នកដែលល្អលើសគេជាការប្រសើរ ។ តែបើចំលើអ្នកអាក្រក់លើសគេវិញគួរឲ្យស្ដាយ ។ក្រពើកំបុតកន្ទុយ
ចាស់ៗតែងនិយាយប្រាប់កូនចៅថា នៅក្នុងបឹងនេះមានក្រពើកំបុតកន្ទុយមួយ កាចសាហាវខ្លាំងណាស់ ។ បើមានសត្វព្រៃណាចុះផឹកទឹក វាត្របាក់ស៊ីគ្មានឲ្យរួចទេ ។ គេសម្គាល់ឃើញថា ក្រពើកំបុតកន្ទុយកាចសាហាវខ្លាំងក្លាជាងក្រពើធម្មតា ។ មនុស្សម្នាតែងខ្លាចរអានឹងវាគ្រប់ៗគ្នា ។ដូច្នេះ ឃើញថា អ្វីៗដែលខុសប្រក្រតី អត្តចរិតក៏ខុសប្រក្រតីដែរ ៕
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល
និយមន័យៈ ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ ។អត្ថាធិប្បាយ
កុំទុកចិត្តមេឃ
មេឃជារបស់ ធម្មជាតិ គេមិនអាចកំណត់ ឬបង្គាប់បញ្ជាបានទេ ដូចជា ពេលខ្លះមេឃរកកលចង់ភ្លៀង ស្រាប់តែមិនភ្លៀងទៅវិញ ។ ជួនគេឃើញមេឃស្រឡះសោះស្រាប់តែភ្លៀងភ្លាម ។ ជួនកាលទៀត គេឃើញមេឃបើកថ្ងៃធម្មតាទេ ស្រាប់តែមានភ្លៀងរ៉ុយៗចុះមកដែលគេហៅថា មេឃភ្លៀងបើកថ្ងៃ ។ដូច្នេះ ឃើញថាគ្មានអ្វីគួរឲ្យគេទុកចិត្តបានឡើយ ។កុំទុកចិត្តផ្កាយ
ផ្កាយក៏ជារបស់ ធម្មជាតិដូចមេឃដែរ ដូច្នេះក៏មិនគួរឲ្យទុកចិត្តបានឡើយ ។ ដូចជាកណ្ដាលអាធ្រាត្រផ្កាយនេះឃើញនៅចំពីលើក្បាល បន្ទាប់មកឃើញនៅទិសខាងលិចវិញ ។ ដូច្នេះ ឃើញថា គេមិនអាចកំណត់ ឬទុកចិត្តថា វានៅនឹងនមួយកន្លែងបានឡើយ ។កុំទុកចិត្តប្រពន្ធថាគ្មានសហាយ
នៅក្នុងសង្គមខ្មែរ ភរិយាជា ចំនួនច្រើនណាស់ដែលប្រកាន់ខ្ជាប់នូវប្រពៃណីជាតិ និងមួយចំនួនធំទៀតជាឧត្ដមភរិយា ទោះបានរៀនសូត្រចេះតិចក្ដី ច្រើនក្ដី ។ប៉ុន្តែទោះបីភរិយានោះស្ថិតនៅក្នុងករណីដូចម្ដេចក្ដី ក៏គង់នៅមានភរិយាមួយចំនួនតូចដែលបណ្ដោយខ្លួនឲ្យដួលទៅតាម ទំនើបនិយម សម្ភារៈនិយមអូសទាញ ។ ភរិយាខ្លះទៀតចាកប្រពៃណីដោយសារភាពក្រីក្រ ទីទ័លពេក ។ ខ្លះទៀតភ្លាត់ខ្លួនដោយសារសម្រស់គេ ។ ខ្លះទៀតលង់ខ្លួនតាមពាក្យលួងលោម ថ្នាក់ថ្នមរបស់គេ ។ ខ្លះទៀតភ្លើតភ្លើនស្រើបស្រាលតាមកាមតណ្ហាអូសទាញ ។ ដោយសារមានករណីជាច្រើនចាំអូសទាញបែបនេះហើយ ទើបលោកប្រាប់ថា កុំទុកចិត្តខ្លាំងពេក ។
កុំទុកម្ដាយថាគ្មានបំណុល
អ្នកម្ដាយជាទី គោរពគ្រប់មជ្ឈដ្ឋាន ទោះថ្នាក់លើ មធ្យម និងក្រោមក្ដី គេកម្រជួបនូវអ្នកម្ដាយដែលមិនជំពាក់បំណុលគេសោះនោះទេ ។ អ្នកម្ដាយខ្លះ ស្ថិតក្នុងលំដាប់ថ្នាក់ឧត្ដមមានលុយ ឡាន វីឡា មានគ្រឿងប្រើប្រាស់សុទ្ធតែទំនើប ពាក់សុទ្ធតែត្បូងមានតម្លៃ មើលទៅមិនគួរឲ្យជឿថា គាត់ខ្វះលុយទេ ។ ប៉ុន្តែថ្ងៃណាមួយអ្នកម្ដាយចាញ់ល្បែង ជំពាក់គេម្ដងម្កាលដែរ ។ អ្នកម្ដាយខ្លះទៀត មានមុខរបរពាណិជ្ជកម្មយ៉ាងធំ គឺដល់ខ្នាតអន្តរជាតិ ។ ប៉ុន្តែគាត់ក៏ជំពាក់គេដល់ខ្នាតអន្តរជាតិដែរ សមដូចពាក្យចាស់ថា «ទូកធំក្ដោងធំមែន» ។ សរុបមក អ្នកម្ដាយភាគច្រើនណាស់ដែលជំពាក់គេទៅតាមឋានៈខ្លួន ៕កុំស្លាប់ដូចពស់រស់ដូចកង្កែប
និយមន័យៈ កុំធ្វើខ្លួនឲ្យគេខ្លាចគ្រប់កាល និងរស់គ្មានន័យ ។អត្ថាធិប្បាយ
ធម្មតាសត្វសាហាវយ៉ាងណាក៏ដោយ ពេលងាប់ទៅគេលែងខ្លាចវាអស់ហើយ ។ ប៉ុន្តែសត្វពស់វិញងាប់ក៏ដោយ ក៏គេនៅតែខ្លាចដដែល ។អត្ថានុរូប
ពស់នៅពេលនេះ លោកសំដៅយកពស់ដែលមានពឹស ។ ពេលវានៅរស់ អ្នកផងទាំងពួងតែងតែខ្លាចរអាគ្រប់ៗគ្នាទាំងក្មេងទាំងចាស់ ។ លុះពេលវាងាប់ទៅក៏គេនៅតែខ្លាចវាដដែល ។ កម្លាចនេះដោយគិតថាវាមិនទាន់ងាប់មែនទែន ។ បើឃើញវាហើមស្អុយរលួយក៏នៅគិតថាក្រែងពឹសវានៅជាប់តាមឆ្អឹង ឆ្អែងទៀត ។រីឯសត្វកង្កែប គឺជាសត្វស្លូតហើយល្ងង់ ។ វាខ្លាចគេណាស់ ។ វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។ ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែក ទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបាន ឆ្ងាយដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។
ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិន ចេះកាយរូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។ វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវា ដោយទាំងក្ដាមម្ចាស់រូងទៀត ។
អត្ថប្បដិរូប
សត្វពស់ក្នុងន័យខាងលើនេះ លោកប្រៀបធៀបទៅមនុស្សពាលយង់ឃ្នងកាចសាហាវ ។ មនុស្សពាលនេះកាលបើរស់នៅត្រង់ណា អ្នកផងទាំងពួងតែងមានការភ័យខ្លាចរអាជាខ្លាំង ។ ព្រោះវាបង្កអសន្តិសុខ និងគ្រោះមហន្តរាយ ។ វាគ្មានមនោសញ្ចេតនា អាណិតអាសូរដល់អ្នកណាម្នាក់ឡើយ សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិមិត្តវាក៏ដោយ ។ដូច្នេះ ពួកវាជាទីស្អប់ខ្ពើមនៃសង្គមមនុស្ស និងសង្គមជាតិ ។ លុះដល់ពួកវាស្លាប់ទៅ មនុស្សផងទាំងពួងក៏នៅតែស្អប់ខ្ពើម មិនហ៊ានទៅជិតខ្មោចវាដដែល ព្រោះគេយល់ថា ខ្មោចវាលងសាហាវណាស់ ហើយគេក៏ពុំចូលបុណ្យដែរ ។ គេខ្លាចកើតឡើងជួបវាទៀត ។
រីឯសត្វកង្កែប លោកប្រៀបទៅនឹងមនុស្សអាប់ឥតប្រាជ្ញា គ្មានចេះគ្មានយល់អ្វីទាំងអស់ គឺជាមនុស្សកំសោយ ។ ប្រសិនបើមនុស្សនេះស្លូតក៏គ្មានប្រយោជន៍អ្វីប៉ុន្មានដល់សហគមន៍ ជាតិដែរ ។ គេរស់នៅដោយគ្មានន័យ គឺរស់នៅបានត្រឹមតែមានឈ្មោះថាបានរស់ជាមនុស្សនឹងគេដែរ ប៉ុណ្ណោះ ៕
កុំធ្វើស្រែប្រវាស់កុំសង់ផ្ទះចូលគ្នា
និយមន័យៈ ផលវិបាកនៃទង្វើរួមគ្នា ។អត្ថាធិប្បាយ
ធម្មតាការរកស៊ី បើមុខរបរនោះធំ តម្រូវឲ្យមានភាគហ៊ុនច្រើន គេតែងចូលហ៊ុនគ្នា ទើបប្រកបមុខរបរនោះទៅបាន ។ ក៏ប៉ុន្តែចំពោះការចូលហ៊ុនគ្នា២មុខលោកហាមជាដាច់ខាតពីព្រោះវា បង្កឲ្យមានបញ្ហាខ្លាំងណាស់ គឺ ៖កុំធ្វើស្រែប្រវាស់
ការធ្វើស្រែប្រវាស់ ដូចជា ម្នាក់មានដីស្រែ ម្នាក់ទៀតមានពូជស្រូវ ឬម្នាក់មានដីស្រែ ម្នាក់ទៀតមានឧបករណ៍ គោ ក្របី នង្គ័ល រនាស់ជាដើម ។ការប្រវាស់គ្នានេះ អាចឲ្យគេចំណេញបានទាំងសងខាង ក៏ប៉ុន្តែបើការប្រវាស់គ្នានេះធ្វើបានត្រឹមតែពាក់កណ្ដាលដៃ ដូចជា ស្រូវមិនទាន់ចេញផ្លែ ឬកំពុងចេញផ្លែ ស្រាប់តែជួបចៃដន្យចង្រៃ ភាគីទាំងពីរនេះមានជម្លោះដោយប្រការណានីមួយ តើគេបែងចែកភាគផលគ្នាដូចម្ដេចកើត ? ដូច្នេះប្រកដជាជម្លោះនេះរីករាលដាលដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ និងអាចឈានទៅរកការវាយប្រហារគ្នាក៏សឹងមាន ។
កុំសង់ផ្ទះចូលគ្នា
ការសង់ផ្ទះចូលគ្នាក៏មានន័យ ដូចខាងលើដែរ ។ ពីដំបូងដៃ ភាគីទាំងពីរស្រឡាញ់គ្នាជិតស្និទ្ធចាក់ទឹកមិនលិច រហូតដល់ស្រុះស្រួលគ្នាសង់ផ្ទះរួម ។ លុះដល់ទៅជិតគ្នាយូរបន្តិចទៅ ក៏ស្រាប់តែមានទំនាស់ដែលបណ្ដាលមកពីកត្តាផ្សេងៗ ។ បើទំនាស់មានហើយ តើគេអាចនៅជិតគ្នាបានឬទេ ? តើគេអាចរើផ្ទះចែកគ្នាបានទេ ? ចម្លើយមានតែមួយ គឺគេមិនអាចធ្វើទៅកើតទេ ។ បើមិនកើតទេ គេនឹងឈ្លោះគ្នារាល់ថ្ងៃដែលអាចប្រឈមមុខនឹងការវាយប្រហារគ្នា រាល់ថ្ងៃដូចករណីខាងលើដែរ ។សរុបមក ការរកស៊ីរួមគ្នា ទោះតូចធំក្ដីសុទ្ធតែមានផលវិបាកទាំងអស់ ។ ប៉ុន្តែផលវិបាកដែលលេចធ្លោជាងគេគឺករណីទាំងពីរខាងលើនេះឯង ព្រោះមនុស្សមួយចំនួនសុទ្ធតែមានមហិច្ឆិតាលោភលន់ ចង់បានផលប្រយោជន៍តែរៀងៗខ្លួន ទោះបីជាបងប្អូនបង្កើតក៏ដោយ ៕
កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ
និយមន័យៈ ការកាន់ក្ដីក្ដាំត្រូវក្ដាប់ឲ្យណែន ប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួន ។អត្ថាធិប្បាយ
អត្ថានុរូប
ពស់ក្នុងពេលនេះ លោកសំដៅយកពស់ដែលមានពឹសខ្លាំង ។ លោកចង់និយាយប្រាប់ថា បើបានជាជ្រុលកាន់កពស់ហើយ ត្រូវក្ដាប់ឲ្យណែនជាប់ក្នុងដៃ ។ ព្រោះបើធ្វេសតែបន្តិច ពស់នោះនឹងក្រឡាស់បែរមកចឹកអ្នកកាន់វិញមិនខាន ។អត្ថប្បដិរូប
ពំនោលខាងលើនេះ លោកចង់និយាយថា មុននឹងចោទប្រកាន់ទៅលើភាគីណាមួយ អ្នកដើមចោទតោងត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យបានហ្មត់ចត់ល្អិតល្អន់ជាមុនសិន ។ ព្រោះថាការចោទប្រកាន់ដែលគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងមិនត្រឹមត្រូវ វានឹងមានផលអាក្រក់ស្រោចមកលើដើមចោទវិញ ជាហេតុនាំឲ្យមានផលវិបាកជាខ្លាំង ៕កាប់បំពង់រង់ទឹកភ្លៀង
និយមន័យៈ ការរង់ចាំដែលមិនច្បាស់លាស់ ។អត្ថាធិប្បាយ
អត្ថានុរូប
មានមនុស្សខ្លះដោយគ្រាន់តែបានឮសូរផ្គរលាន់ ក៏នឹងស្មានថា នឹងមានភ្លៀងធំហើយ ។ គេក៏បោះបង់ការងារដែលកំពុងធ្វើនៅដៃចោល រួចក៏ប្រញាប់ប្រញាល់ទៅកាប់ឫស្សីធ្វើបំពង់រង់ចាំត្រងទឹកភ្លៀង ដែលមិនទាន់ទាំងដឹងច្បាស់ថា មានភ្លៀងឬក៏អត់ផង ។អត្ថប្បដិរូប
កិច្ចការអ្វីក៏ដោយ បើមិនទាន់ដឹងច្បាស់លាស់ទេ គេមិនត្រូវសង្ឃឹមខ្លាំងក្លារហូតដល់សុខចិត្តចោលការងារដែលកំពុង ធ្វើនៅដៃនោះទេ ។ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបការងាររោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។
ដូច្នេះការដែលឮសូរ ហើយរង់ចាំនេះពុំល្អឡើយ ៕
កូនក្រោលបង្គោលស្នឹង
និយមន័យៈ មនោសញ្ចេតនាលើអ្នកដែលនៅជាមួយគ្នាយូរ ។អត្ថាធិប្បាយ
អត្ថានុរូប
គោ ក្របី ដែលម្ចាស់ចិញ្ចឹមយូរជាងគេ ទុកដូចជាម្ចាស់ក្រោល ។ ជារៀងរាល់ថ្ងៃ គេដឹកវាទៅបោះស្នឹងឲ្យស៊ីស្មៅនៅឯវាល ដោយគេចិញ្ចឹមវាទុកប្រចាំក្រោលយូរយ៉ាងនេះហើយ គេក៏មានចិត្តអាណិតស្រឡាញ់វាជាងគេ ។ដូច្នេះហើយម្ចាស់ក៏មិនលក់ដូរវាដែរ គឺគេទុកវាទ្រព្យសម្អប់ ។ គេហៅវាថា កូនក្រោលបង្គោលស្នឹង ។អត្ថប្បដិរូប
មនុស្សណាដែលរស់នៅក្នុងស្រុកភូមិយូរជាងគេ លោកហៅថា «ចាស់ស្រុក» ។ លោកប្រៀបធៀបមនុស្សនេះដូចគោ ក្របីប្រចាំក្រោលដែរ ។ មនុស្សនេះបើមានបញ្ហាអ្វីល្មមៗ គេច្រើនលើកអភ័យឲ្យ ព្រោះគេយល់ថា ជាចាស់ទុំប្រចាំស្រុកភូមិទៅហើយ ។ម្យ៉ាងទៀត មនុស្សណាដែលធ្វើការក្នុងអង្គភាពបានយូរជាងគេមិនផ្លាស់ប្ដូរទៅណា គឺយូរជាច្រើនតំណចៅហ្វាយនាយ ។ មនុស្សនេះក៏គេចាត់ទុកថាជាព្រឹទ្ធាចារ្យប្រចាំអង្គភាពដែរ ។
ពំនោលខាងលើនេះ ពុំមែនជាពាក្យប្រៀនប្រដៅអប់រំអ្វីទេ គឺគ្រាន់តែចង់បញ្ជាក់ថា មនុស្សណាដែលនៅយូរក្នុងកន្លែងណាមួយ តែមានគេរាប់អានច្រើន និងគេស្គាល់ច្រើនពីសំណាក់មហាជនប៉ុណ្ណោះ ។
កុំតូចចិត្តនឹងវាសនាកុំតវ៉ានឹងព្រហ្មលិខិត
អត្ថាធិប្បាយ
វាសនា = សំណាង, សំណាង = ការសាងកុំតូចចិត្តនឹងវាសនា
វាសនា ជាបច្ច័យបានមកពីការកសាង ។ ការកសាងនេះជួនមានមកពីអតីតជាតិ ជួនមានក្នុងបច្ចុប្បន្នជាតិ ។តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាបានបញ្ជាក់ថា វាសនារបស់បុគ្គលម្នាក់ៗសុទ្ធតែកើតមានឡើងអំពីអំពើរបស់ខ្លួន ម្នាក់ៗជានិច្ច ។ បើខ្លួនបានសាងសន្សំនូវកម្មអ្វី កម្មនោះនឹងផ្ដល់មកឲ្យខ្លួនវិញ ។ ដូចជា បើបុគ្គលសាងនូវសុកលកម្មរមែងបានទទួលនូវកុសលធម៌ (ភាវៈល្អ) ។ បើបុគ្គលសាងអកុសលកម្មរមែងបានទទួលនូវអកុសលធម៌ (ភាវៈអាក្រក់) ។ ន័យនេះមានការប្រៀបធៀបដូចអ្នកដែលដាំដើមខ្នុរ តែងទទួលបានផ្លែខ្នុរ (ផ្អែមល្អ) ។ ឯអ្នកដែលដាំដើមស្លែង តែងបានទទួលផ្លែស្លែង (ពុល) ។
បើយោលតាមទ្រឹស្ដីព្រះពុទ្ធសាសនាខាងលើនេះ បុគ្គលម្នាក់ៗមិនត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនទេ ។ ព្រោះអ្វីៗសុទ្ធតែកើតឡើងអំពីអំពើរបស់ខ្លួនទាំងអស់ ។ សមដូចពុទ្ធភាសិតពោលថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វទាំងឡាយរមែងទទួលនូវកម្មដែលខ្លួនបានសាង ។
កុំតវ៉ានឹងព្រហ្មលិខិត
ព្រហ្មលិខិត = ចំណារព្រះព្រហ្ម ឬចំណារដ៏ប្រសើរព្រហ្មលិខិត ដែលមានន័យថា ចំណាររបស់ព្រះព្រហ្មនោះ តាមពិតទៅពុំមានព្រះព្រហ្មឯណាមកចារឲ្យទេ ។ វាគឺជា «កម្ម» ដែលខ្លួនបានសាងនោះឯងចារមកឲ្យ ។
ដូច្នេះ ព្រហ្មលិខិតមានន័យម្យ៉ាងទៀតថា «កម្មលិខិត» ។ កម្មលិខិតនេះ គឺជាចំណារ ឬជាកំណត់ហេតុនៃទង្វើដែលសត្វលោកម្នាក់ៗបានធ្វើរួចមកហើយ ។
តាមទស្សនៈពុទ្ធនិយមបានបញ្ជាក់យ៉ាងច្បាស់ថា ព្រហ្មលិខិត ឬកម្មលិខិតហ្នឹងឯងជាអ្នកផ្ដល់វាសនា ឬបែងចែកនូវកំណើតមនុស្សលោកគ្រប់ៗគ្នា (កម្មយោនី) ។
សុភាសិតទាំងពីរឃ្លាខាងលើនេះ គង់មានន័យប្រហែលគ្នា ។ បើដូច្នេះ តើមានអ្វីដែលមនុស្សលោកត្រូវតូចចិត្ត ត្រូវតវ៉ា បើអ្វីៗទាំងអស់សុទ្ធតែកើតឡើង សម្រេចឡើងដោយខ្លួនឯងជាអ្នកធ្វើ អ្នកសាងទាំងអស់ ។
«ព្រហ្មលិខិត ឬកម្មលិខិត» គ្រាន់តែជាវិញ្ញាបនបត្របញ្ជាក់នូវកម្រិតនៃទង្វើ ឬការសាងរបស់មនុស្សលោកដែលធ្វើតិច ឬច្រើនប៉ុណ្ណោះ ៕
កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី
និយមន័យៈ ការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព ។អត្ថាធិប្បាយ
អត្ថានុរូប
ត្រដោក ជាប្រដាប់ធ្វើពីឈើ ឬឫស្សី និងមានគ្រាប់នៅខាងក្នុងសម្រាប់ចងនៅកក្របី ។ កាលណាវាឱនស៊ីស្មៅ គ្រាប់នោះប៉ះទង្គិចនឹងមាត់ត្រដោកឮសូរប៉ូកៗ ។ទោះជាសំឡេងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា ។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឲ្យសឹករេចរឹល មាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាត ឬចំណេញដល់វាទេ ។
អត្ថប្បដិរូប
លោកបានប្រៀបធៀបន័យខាងលើនេះទៅនឹងមនុស្សខ្លះ ដែលឪពុកម្ដាយ អាណាព្យាបាល ឬគ្រូបាអាចារ្យខំប្រឹងប្រៀនប្រដៅអប់រំទូន្មានយ៉ាងណាក៏ដោយ ក៏គេពុំខ្ចីធ្វើដឹង ធ្វើឮអ្វីដែរ ។ គេគិតតែពីធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់គេ ។ អ្នកទូន្មានខំប្រឹងនិយាយប៉ោចៗបានត្រឹមតែសឹកបបូរមាត់ឥត ប្រយោជន៍ ។ ឯកូនចៅ សិស្ស ធ្វើព្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់ ។ ន័យនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងសំឡេងត្រដោកដូច្នោះ ដែរ ៕កុំពត់ស្រឡៅកុំប្រដៅស្រីមានះ
និយមន័យៈ ភាពរឹងត្អឹងរបស់ស្រីមានះ ។អត្ថាធិប្បាយ
កុំពត់ស្រឡៅ
ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរ ដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។កុំប្រដៅស្រីមានះ
ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រី ភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ បើមានប្ដីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឲ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្ដង ។ ហេតុនេះហើយបានជាលោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៕
កុំទុំមុនស្រគាល
និយមន័យៈ កុំតាំងខ្លួនធ្វើគ្រាន់មុនចេះដឹង ។អត្ថាធិប្បាយ
អត្ថានុរូប
ផ្លែឈើទាំងអស់ត្រូវមានលក្ខណៈ៥យ៉ាងទើបត្រឹមត្រូវតាមលក្ខណៈធម្មជាតិគឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និងទុំ ។ប្រសិនបើគ្រប់លក្ខណៈទាំង៥នេះហើយ ផ្លែឈើនោះទើបមានរសជាតិផ្អែមឆ្ងាញ់ពិសា ។ ប្រសិនបើមានគេយកផ្លែឈើដែលស្ទើរចាស់ទៅបន្ទុំថ្ម វាអាចទុំបានដែរ ប៉ុន្តែមិនសូវមានរសជាតិផ្អែមល្អ មិនគួរឲ្យចង់បរិភោគទេ ព្រោះវាទុំទាំងបង្ខំ ។
អត្ថប្បដិរូប
ទង្វើអ្វីក៏ដោយ ប្រសិនបើធ្វើដោយច្រូតកាត់ច្រើនតែជួបនឹងផលវិបាកផ្សេងៗ ។ ម្យ៉ាងទៀតមុននឹងចូលទៅប្រកបការងារអ្វីមួយ ត្រូវស្វែងយល់ ស្វែងចេះអំពីកិច្ចការនោះជាមុនសិន សឹមចាប់ការងារនោះជាខាងក្រោយទើបមានប្រសិទ្ធភាព ។ទំនៀមទម្លាប់ប្រពៃណីបានដឹកនាំឲ្យស្ត្រីខ្មែរមានចរិយា និងសណ្ដាប់ធ្នាប់ល្អណាស់ គឺមុននឹងមានប្ដី ត្រូវមានគេចូល “ចែចូវ” តាមច្បាប់ទម្លាប់ ។ ប៉ុន្តែបើមានស្ត្រីណាមានប្ដីខ្លួនឯង ឬមានទម្ងន់ទើបរៀបការជាក្រោយ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
មានមន្ត្រីខ្លះបានចូលធ្វើការរដ្ឋ ឬចូលកាន់តំណែងខ្លឹមណាមួយតាមរយៈបក្សពួក ឬតាមរយៈសំណូក ។ ប៉ុន្តែគ្មានចេះអ្វីសោះ ។ លុះបានចូលធ្វើការ ឬចូលកាន់មុខតំណែងហើយទើបរៀនតាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
សមណៈខ្លះបានបួសរួចហើយ ទើបរៀនអក្សរ ឬរៀនធម៌តាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលដែរ ៕
កុំបោះសន្ទូចរំលងភ្នំ
និយមន័យៈ ទង្វើអ្វីៗត្រូវធ្វើតាមឋានានុក្រម ។អត្ថាធិប្បាយ
សន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើ ។ ភ្នំក៏ជាតំណាងតួអង្គមន្ត្រីអ្នកមានបុណ្យសក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ ។កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។
ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។
ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុក ដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយ អាចនឹងនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ។
រួមសេចក្ដីមក មន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះ មិនគួរគប្បីរំលងជាដាច់ខាត ដើម្បីឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ៕
កុំខ្វើកតាមខ្យល់កុំខ្វល់តាមស្រី
និយមន័យៈ ធ្វើអ្វីៗត្រូវចេះគិតពិចារណាកុំស្ទុះតាមគេញាក់ ។អត្ថាធិប្បាយ
កុំខ្វើកតាមខ្យល់
ពាក្យថា «ខ្វើក» មានន័យថាកម្រើកតិចៗ ។ តែខ្វើកក្នុងទីនេះមានន័យថា «ងាកភ្លេតទៅលិច ងាកភ្លេតទៅកើត» ។ លោកចង់បញ្ជាក់ប្រាប់ថា កិច្ចការសព្វសារពើមុននឹងធ្វើត្រូវចេះគិតពិចារណាឲ្យគ្រប់ ជ្រុងជ្រោយជាមុនសិន កុំចេះតែខ្វើកទៅតាមគេញាក់ គេបបួលម្ដងទៅឆ្វេង ម្ដងទៅស្ដាំឲ្យសោះ ។កុំខ្វល់តាមស្រី
ពាក្យថា «ស្រី» ក្នុងទីនេះលោក ពោលយកស្ត្រីដែលវប្បធម៌នៅមានកម្រិត ព្រោះស្ត្រីប្រភេទនេះច្រើនចិត្តស្រាលគិតខ្លី ។ បើគេឈ្លោះនឹងអ្នកណា ឬខឹងនឹងអ្នកណា សឹងតែស្ទុះទៅប្រហារគេតាមកម្លាំងបាយ ឬតាមកម្លាំងអំណាចបុណ្យសក្តិប្ដី ។ សមដូចពាក្យលោកថា ប្ដីសក្ដិបួនប្រពន្ធសក្ដិប្រាំ ឬច្រើនជាងនេះទៀត ។ដូចនេះ អ្នកប្រុសជាប្ដីត្រូវចេះគិតពិចារណាឲ្យម៉ដ្ឋចត់ល្អិតល្អន់មែនទែន កុំចេះតែខ្វល់ខ្វាយខឹងច្រឡោតតោតតូងទាំងកំរោលទៅតាមប្រពន្ធញាក់ ឲ្យសោះ ។
ពាក្យចាស់លោកថា បើស្រីៗឈ្លោះគ្នាខ្លាំងណាស់ត្រឹមរហែកអាវ និងដាច់សាច់មុខប៉ុណ្ណោះ ។ ប៉ុន្តែបើប្រុសៗឈ្លោះគ្នាវិញ គឺមានស្លាប់មានរស់ យ៉ាងហោចណាស់ក៏ត្រូវមានចូលមន្ទីរពេទ្យមិនខាន ។
ពាក្យខាងលើនេះ ព្រះរាជសម្ភារលោកសង្កត់ធ្ងន់ទៅលើអ្នកជាប្ដីថា កុំឲ្យខ្វល់តាមប្រពន្ធពេក ៕
ក្រមុំសាបដូចទឹកទន្លេប្រពន្ធគេឈ្ងុយដូចដូងដុត
និយមន័យៈ គ្រោះថ្នាក់នៃប្រព្រឹត្តិកម្មក្នុងផ្លូវស្នេហាលើប្រពន្ធគេ ។អត្ថាធិប្បាយ
នារីដែលនៅក្នុងវ័យក្រមុំជាវ័យដែលល្អប្រសើរ បំផុត ។ ប៉ុន្តែនៅពេលនេះ លោកពុំមានចេតនាចង់និយាយពីតម្លៃរបស់ស្ត្រីក្រមុំទេ គឺលោកចង់និយាយអំពីគ្រោះថ្នាក់នៃអ្នកដែលសហាយស្មន់នឹងប្រពន្ធ គេ ។ក្រមុំសាបដូចទឹកទន្លេ
ស្ត្រីក្រមុំគឺជាស្ត្រីស្ថិតនៅក្នុងវ័យ «រង់ចាំ» ។ ពេលដែលនាងស្ថិតនៅក្នុងវ័យរង់ចាំនេះ បើមានកំលោះណាទៅញ៉េះញ៉ោះ លែបខាយពាក្យសម្ដីក្នុងផ្លូវលោកីយ៍ក៏ដោយ ក៏ចាស់ទុំពុំសូវចាប់ទោសអូសដំណើរខ្លាំងក្លា រហូតដល់ប្ដឹងឡើងតុលាការដែរ គឺគ្រាន់តែស្ដីបន្ទោស និងធ្វើការព្រមានប៉ុណ្ណោះ ។ ប្រសិនបើរឿងនេះឈានទៅដល់ការប្រាសចាកប្រពៃណីដោយសាមីជនទាំងពីរ ព្រមព្រៀងគ្នាទៀតផងនោះ គេក៏ពុំសូវដែលឃើញ ដែលឮថាឪពុកម្ដាយ អាណាព្យាបាល ឬបងប្អូនញាតិខាងស្រីដេញបាញ់ ដេញកាប់ សម្លាប់កូនប្រុសនោះដែរ ដោយគ្រាន់តែប្ដឹងទៅសមត្ថកិច្ចដើម្បីទាមទារឲ្យភាគីខាងកូនប្រុស បង់ជំងឺចិត្តប៉ុណ្ណោះ ។ ជួនកាល បើវាសនាមាន គេចាប់ឲ្យរៀបការទៀតក៏សឹងមានដែរ ។ប្រពន្ធគេឈ្ងុយដូចដូងដុត
ប្រពន្ធគេគឺស្ត្រីដែលច្បាប់រដ្ឋទទួលស្គាល់ ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនណាម្នាក់ ។ បានសេចក្ដីថា ស្ត្រីប្រភេទនេះមានម្ចាស់ហួងហែង ថែរក្សាហើយ ។ដូងដុតៈ គឺសាច់ដូងទុំដែលគេដុត វាមានក្លិនឈ្ងុយឆួល ។ គេតែងយកវាទៅធ្វើជានុយសម្រាប់ស្ទូចត្រី ។ ត្រីធុំក្លិនភ្លាម ត្របាក់ភ្លាម តែវាក៏ងាប់ភ្លាមដែរ ។
ហេតុបានជាលោកពោលថា ប្រពន្ធគេឈ្ងុយដូចដូងដុត ព្រោះប្រសិនណាបើមានបុរសល្មោភកាមណាម្នាក់ប្រថុយផ្សងស្នេហ៍ជាមួយ ប្រពន្ធគេ វាសនារបស់គេប្រហែលមិនខុសពីត្រីដែលត្របាក់ដូងដុតប៉ុន្មាន ដែរ ។
ជាញឹកញាប់ណាស់ គេតែងឮថា បុរសដែលផ្សងស្នេហ៍ជាមួយប្រពន្ធគេនោះ ក្បាលរបស់គេត្រូវគ្រូពេទ្យដេរម្ភៃសាមសិបថ្នេរ ។ ជួនកាលឮថា មិនពិបាកគ្រូពេទ្យដេរទេ ព្រោះគេត្រូវរលត់ធាតុបាត់ទៅហើយ ។
ការណ៍ដែលលោកលើកឡើងថា ក្រមុំសាបដូចទឹកទន្លេនោះ គឺក្នុងន័យចំអកផង ក្នុងន័យប្រៀបធៀបជាឧបមាណវិធីផង ។ ម្យ៉ាងទៀតលោកចង់ពោលត្រង់ៗថា ក្រមុំសាបណាស់ទៅឬ ? បានជាទៅស្រឡាញ់ប្រពន្ធគេ ទោះបីដឹងថាមានគ្រោះថ្នាក់ច្រើនក៏ដោយ ៕
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
និយមន័យៈ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។អត្ថាធិប្បាយ
អត្ថានុរូប
ក្ដៅស៊ីរាក់ៈ ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅបានទេ ព្រោះវានាំឲ្យរលាកមាត់ ។ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។
អត្ថប្បដិរូប
មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ មនុស្សនេះ បើធ្វើការអ្វីឲ្យតែទាស់ចិត្តបន្តិច គេច្រលោតតោតតូង បោកប្រាស់ខូចខ្ទេចខ្ទីរអស់ ។បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។
រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់ រួចធ្វើតទៅទោតទាល់តែបានសម្រេចផល ។
មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។
ម្យ៉ាងទៀត បើអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេៗចេះបន្ទន់ឥរិយាបថ អង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសលែងកើត ៕
កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្ដិតឈ្លូស
និយមន័យៈ និទណ្ឌភាពរបស់អ្នកខ្លាំង និងភាពរងគ្រោះរបស់អ្នកខ្សោយ ។អត្ថាធិប្បាយ
សុភាសិតនេះពុំមានន័យយោលទៅផ្នែកអត្ថានុរូបទេ គឺមានន័យជាអត្ថប្បដិរូបសុទ្ធសាធ ។កំប្រុកស៊ីផ្លែល្វា
ពាក្យនេះលោកសំដៅទៅលើមន្ត្រីពុករលួយដែលស៊ីសំណូក ។ សំណូកលោកប្រៀបទៅនឹងផ្លែល្វាដែលជាផ្លែមិនស្អាតល្អដូចផ្លែឈើឯទៀតៗ ។ហេតុដែលលោករើសយកសត្វកំប្រុក នេះមកដើរតួក្នុងសុភាសិតនេះ ព្រោះសត្វកំប្រុកអាចរស់នៅក្នុងស្រុកក៏បាននៅក្នុងព្រៃក៏បាន ឲ្យតែមានដើមឈើដែលមានផ្លែអាចឲ្យវាស៊ីចិញ្ចឹមជីវិតបាន ។ ម្យ៉ាងទៀតលោកបានលើកយកសត្វកំប្រុកនេះមកធ្វើការប្រៀបធៀប ព្រោះវាជាសត្វរស់នៅតែលើដើមឈើជាតំណាងឲ្យមន្ត្រីថ្នាក់លើ ថ្នាក់ខ្ពស់ ថ្នាក់ធំ ។
រមួលកទា
សត្វទានៅពេលនេះលោកសំដៅយក សត្វទាស្រុកដែលឡើងទ្រនំមិនរួច គឺរស់នៅផ្ទាល់តែនឹងដីឲ្យជាតំណាងបុគ្គលិកតូចទាប ។ គឺបុគ្គលិកដែលមន្ត្រីធំប្រើឲ្យរត់ការ ឬធ្វើការងារដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ ។ផ្សាក្ដិតឈ្លូស
ឈ្លូសគឺជាសត្វរស់នៅក្នុង ព្រៃ ហើយស៊ីស្មៅជាអារហារ ។ វាមិនដែលស៊ីជីវិតគេទេ ។ ឈ្លូសជាសត្វស្លូតបំផុត និងខ្លាចគេខ្លាំងណាស់ ។ លោកលើកយកសត្វនេះឲ្យជាតំណាងប្រជាពលរដ្ឋស្លូតត្រង់ និងសាមញ្ញបំផុត ហើយរស់នៅឆ្ងាយពីមន្ត្រីជាន់ខ្ពស់ ។សំយោគន័យ
ពិតមែនតែសុភាសិតនេះមានបីឃ្លាមែន តែមានន័យជាប់ទាក់ទងគ្នាតែមួយ គឺលោកចង់និយាយថា មានមន្ត្រីពុករលួយម្នាក់ស៊ីសំណូកយ៉ាងឆ្ងាញ់ពេញមាត់ ដោយគ្មានគិតក្រែងអ្វីទាំងអស់ ។ គេត្របាក់ស៊ីដោយសុវត្ថិភាព ។ ប៉ុន្តែ បុគ្គលិកក្រោមឱវាទដែលលោកធំប្រើឲ្យធ្វើកិច្ចការនោះវិញទេ ដែលជាអ្នករងគ្រោះជំនួស ។ អ្នករងគ្រោះនេះមិនហ៊ានថ្លែងការណ៍ពិតទេដោយខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន ។ ម្ល៉ោះហើយ សុខចិត្តទ្រាំលេបថ្ម លេបក្រួសទាំងបង្ខំចិត្ត យ៉ាងរមួលកទៅចុះ ។រីឯប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងរឿងនេះបានត្រឹមតែឈឺចាប់ប៉ុណ្ណោះឯង ។
ឧទាហរណ៍ៈ អ្នកវិនិយោគទុនម្នាក់បនាទៅឃុបឃិតជាមួយមន្ត្រីមានអំណាចម្នាក់ ដើម្បីធ្វើប្លង់កាន់កាប់ដី ។ លោកធំប្រើឲ្យភ្នាក់ងារទៅដេញប្រជាពលរដ្ឋចេញដោយជ្រកក្រោមផ្លាកដី អភិវឌ្ឍន៍ ។ ជួនកាលគេរុះរើផ្ទះសម្បែងគ្នាអស់ទៀតផង ។ ឯប្រជាពលរដ្ឋគ្មានអ្វីទៅតវ៉ាឲ្យឈ្នះគេទេ ព្រោះអង្ករក្លាយជាបាយអស់ហើយ ។ ម្ល៉ោះហើយមានតែក្ដីក្ដៅក្រហាយ និងឈឺចាប់យ៉ាងខ្លោចផ្សាតែប៉ុណ្ណោះឯង ៕
No comments:
Post a Comment