សុខភាពផ្លូវចិត្ត

វិធី​លម្ហែ​អារម្មណ៍

លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​តែងតែ​មាន​អារម្មណ៍​តានតឹង និង​មិនមាន​ភាព​សប្បាយ​រីករាយ​ដូច​លោកអ្នក​ដែលមាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​គ្រប់​ពេលវេលា​នោះទេ។ នេះ​គឺជាបញ្ហា​ចោទ​យ៉ាង​សំខាន់​ដែល​លោកអ្នក​មួយចំនួន​នោះ​មិនទាន់​បាន​ ជ្រាបច្បាស់​ពីវិធី​សាស្ដ្រ​អ្វីខ្លះ ដើម្បី​ឱ្យខ្លួន​ចៀសផុត​ពីបញ្ហា​ផ្លូវចិត្ដ​ទាំងនោះ។


រូបភាពទស្សនាវដ្ដីសុខភាពយើង
នៅពេល​នេះ ប្រិយមិត្ដ​នឹងបាន​ជ្រាប​ពីវិធី​លម្ហែ​អារម្មណ៍​ដើម្បី​បំបាត់​បញ្ហា​ ផ្លូវចិត្ដ ដែល​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ អត្ថា​ធិប្បាយ​នៅលើទំព័រ​ទស្សនាវដ្ដី សុខភាពយើង។
ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​សំខាន់
វិបត្ដិ​ផ្លូវចិត្ដ​នឹង​បណ្ដាល​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ តានតឹង ស្ដ្រេស ពិបាក​ដោះស្រាយ ធុញថប់ និង​គិតច្រើន​ទៅលើ​រឿង​ការងារ​ក៏ដូចជា​រឿង​ក្រុមគ្រួសារ។ លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ត្រូវធ្វើ​យ៉ាងណា​ថែទាំ​សុខភាព​ផ្លូវចិត្ដ និង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ស្បើយ ដើម្បី​បញ្ចៀស​ពីវិបត្ដិ​ផ្លូវចិត្ដ​ទាំងឡាយ។ ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​ដែល​សំខាន់​សម្រាប់​លោកអ្នក ហើយ​លោកអ្នក​ត្រូវដឹង និង​បាន​ស្វែងយល់​ពីការ​ថែទាំ​សុខភាព​ផ្លូវចិត្ដដោយ​ខ្លួនឯង​ទើប​អាច​ចៀសផុត ​ពីបញ្ហា​នេះបាន។ ខាងក្រោម​នេះជា​ប្រការ​ដែល​លោកអ្នក​គប្បី​ប្រតិបត្ដិ និង​មិនគួរ​ប្រតិបត្ដិ ៖
  • ប្រការ​មិនគួរ​ធ្វើ ៖ គ្រប់ប្រភេទ​នៃជម្ងឺ​ផ្លូវចិត្ដ​ទាំងអស់​ផ្ដើមចេញ​ជាអាការ ដូចជា​បណ្ដាល​ឱ្យលោកអ្នក​ឈឺក្បាល គេង មិនលក់ និង​គិតទៅ​លើបញ្ហា​ស្មុគស្មាញ​ច្រើន​ជាដើម។ ដូចនេះ​ប្រការ​ដែល​លោកអ្នក​មិនគួរ​ប្រតិបត្ដិ គឺការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ផ្ដេសផ្ដាស ព្រោះ​ថ្នាំ​ងងុយគេង​ដែល​ប្រើប្រាស់​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​អាច​ បណ្ដាល​ឱ្យ​ញៀន និង​បង្កឱ្យ​មាន​បញ្ហាសុខភាព​ថែមទៀត​ផង។ មួយ​វិញទៀត​លោកអ្នក​មួយចំនួន​នៅពេល​ដែលមាន​វិបត្ដិ​ដំណេក​ក៏ទទួលទាន​សុរា​ បន្ដិចបន្ដួច ដើម្បី​ឱ្យ​គេងលក់ ហើយ​មួយចំនួន​ទៀត​ពិបាកចិត្ដ​ខ្លាំង ពិបាក​ដោះស្រាយ​បញ្ហាក៏​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំញៀន ដើម្បី​ភាព​សប្បាយ និង​បំបាត់​អារម្មណ៍​តានតឹង។ រីឯ​លោកអ្នក​មួយចំនួន​ទៀត​នោះ​ឈានទៅ​រកការ​លេងល្បែង ប្រព្រឹត្ដ​អំពើ​ពាលា ប៉ោឡែ ដោយសារ​ការ​ពិបាកចិត្ដ និង​ធុញថប់​ទៀតផង។ ប្រការ​ទាំងនេះ​សុទ្ធតែ​ជាប្រការ​គួរ​ចៀសវាង​ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​ ផ្លូវចិត្ដ ព្រោះ​វាអាច​ជាដើម​ហេតុ​កាន់តែ​ធ្វើឱ្យ​សុខភាព​របស់លោកអ្នក​មាន​បញ្ហា​ទាំង​ ផ្លូវកាយ និង​ផ្លូវចិត្ដ។
  • ប្រការ​គួរធ្វើ ៖ នេះជា​ប្រការ​សំខាន់​សម្រាប់​លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​គួរ​ ប្រតិបត្ដិ​ក្នុងការ​ដោះស្រាយ​នូវ​អារម្មណ៍ តានតឹង ភាព​ស្មុគស្មាញ និង​បញ្ហា​ពិបាក​ដោះស្រាយ។ លោកអ្នក​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមស្រប និង​គ្រប់គ្រាន់ ទាំងក្នុង​នាម​ជានិស្សិត ជាមន្ដ្រី​រាជការ ជា​អ្នកជំនួញ ឬ​ជាអ្នក​ការិយាល័យ ដើម្បី​ផ្ដល់​ចំណី​អាហារ​ផ្នែក​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ត្រឹមត្រូវ និង​មានភាព​រឹងមាំ។ សូម​លោកអ្នក​កុំ​ប្រើប្រាស់​ពេលវេលា​នោះ​ដោយដាក់​សម្ពាធ​ទៅលើ​ខួរក្បាល​ ច្រើនពេក។ និយាយ​ជារួម​លោកអ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ក្នុងការ​សម្រាក​ លម្ហែកាយ និង​ចិត្ដ នៅក្នុង​ចុង​សប្ដាហ៍ ឬ​ពេលវេលា​ឈប់​សម្រាក​ណាមួយ។ លោកអ្នក​មិនត្រូវ​បិទឱកាស​ខ្លួនឯង​ក្នុងការ​សម្រាក​លម្ហែ​ខួរក្បាល​នោះទេ។ បើ​មិនមាន​ការឈប់​សម្រាក​លម្ហែ​អារម្មណ៍ បញ្ហា​សុខភាព​ផ្លូវចិត្ដ​នឹងអាច​កើតមាន​ឡើង​នៅពេល​ណាមួយ​ដែល​លោកអ្នក​ទទួល​ អារម្មណ៍​ថា​តានតឹង។

រូបភាពទស្សនាវដ្ដីសុខភាពយើង
វិធី​លម្ហែ​អា​រម្មណ៍
លោកអ្នក​អាច​ជ្រើសរើស​ការ​លម្ហែ​សម្រាក​កាយ និង​ចិត្ដ តាម​វិធី​ជាច្រើន​ដែល​លោកអ្នក​ចូលចិត្ដ ដូចជា​ការ​ចំណាយ​ពេលវេលា​នៅចុង​សប្ដាហ៍ ឬ​ថ្ងៃឈប់​សម្រាក​ណាមួយ​ដើម្បី​ដើរ​លម្ហែកម្សាន្ដ​នៅតាម​រមណីយដ្ឋាន ការ​ជួបជុំ​ជជែក​ជាមួយ​មិត្ដភក្ដិ​រឿង​សប្បាយៗ ការ​ដើរ​កម្សាន្ដ ស្ទូចត្រី និង​ការដើរ​កម្សាន្ដ​នៅតាម​ទីជនបទ​ដែលមាន​បរិយាកា​សស្រស់​ស្រាយ​ ខ្យល់បរិសុទ្ធ​ពីធម្មជាតិ។ ការ​ដើរ​កម្សាន្ដ​ជាមួយ​មិត្ដភក្ដិ​ឬ​ក្រុមគ្រួសារ​នៅតាម​ចម្ការ បង្កើត​កម្មវិធី​ជប់លៀង​ក្នុង​ឱកាស​ណាមួយ​ជួប​ជាមួយ​មិត្ដភក្ដិ​ ស្និទ្ធស្នាល ជជែក​ពិភាក្សា​ឬ​ប្រាប់ពី​បញ្ហា​លំបាក​ក្នុងចិត្ដ​ជាមួយ​មិត្ដ​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ និង​ជួយ​លើក​ទឹកចិត្ដ​គ្នា​ទៅវិញ​ទៅមក។ បើសិន​ជា លោកអ្នក​មិនមាន​ពេល​ច្រើន​ក្នុងការ​ដើរ​កម្សាន្ដ​ចេញ​ទៅក្រៅ លោកអ្នក​អាច​ជ្រើសរើស​វិធីហាត់​ប្រាណ​ណាមួយ​ក៏បាន ដើម្បី​សម្រួល​ដល់​សុខភាព​រាងកាយ​ក៏ដូចជា​ផ្លូវចិត្ដ​ផងដែរ។ ការធ្វើ​លំហាត់​ប្រាណ​មាន​វិធី​ជាច្រើន ដូចជា​ការ​ដើរ រត់ រាំ ឬការ​ហាត់​កីឡាកាយ វប្បកម្ម និង​ការធ្វើ​លំហាត់ប្រាណ តាមវិធី​សម្មាធិ វិធី​យូហ្គា ឬវិធី​ហាត់​ថៃជិ នេះក៏​ជាវិធី​មួយដែល​ជួយ​កាត់បញ្ហា​ផ្លូវចិត្ដ​ផងដែរ។ វិធីសាស្ដ្រ​ដែល​ការពារ​កុំឱ្យ​មាន​បញ្ហា​ផ្លូវចិត្ដ​នេះ គឺ​អាស្រ័យ​ទៅលើ​ចំណង់​ចំណូលចិត្ដ និង​ពេលវេលា​សមស្រប​ណាមួយ​របស់​លោកអ្នក។
ការ​លើក​ទឹកចិត្ដ
គ្រប់ពេល​ដែល​មនុស្ស​នៅជិត​ខ្លួនមាន​បញ្ហា​ផ្លូវចិត្ដ លោកអ្នក​អាច​បញ្ចេញ​ការ​លើកទឹក​ចិត្ដ​របស់ខ្លួន​ទៅដល់​មិត្ដភក្ដិ​ឬ មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ព្រោះនេះ​គឺកត្ដា​រួមចំណែក​មួយ​ដែលជួយ​ស្រោចស្រង់​អារម្មណ៍ និង​សុខភាព​ផ្លូវចិត្ដ​របស់​មនុស្ស​ម្នាក់។ បើសិន​ជាការ​ជ្រើសរើស​យកវិធី​លម្ហែ​អារម្មណ៍​ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ ទៀតនោះ គឺ​ត្រូវតែ​មានការ​ជួយ​លើក​ទឹកចិត្ដ​ពីមនុស្ស​ដែល​នៅជុំវិញ​ខ្លួន ដូចជា​សហគមន៍ មិត្ដភក្ដិ ក្រុមគ្រួសារ ជាពិសេស​គឺមនុស្ស​ជាទី​ស្រឡាញ់​រាប់អាន ដើម្បី​មានអ្នក​ផ្ដល់​កម្លាំងចិត្ដ និង​លើក​ទឹកចិត្ដ។ ក្នុង​ដំណាក់​កាល​ចុងក្រោយ​នៅតែ​មិនអាច​ស្រោចស្រង់​បានទៀ​តនោះ គឺ​មានតែ​ការ​សម្រាក និង​ព្យាបាល​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ដ ទើបអាច​ជួយ​ដោះស្រាយ​បញ្ហានេះ​បាន។
ដំបូន្មាន​អ្នក​ជំនាញ
លោកអ្នក​ត្រូវ​បែងចែក​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​សម្រាក​លម្ហែ​ អារម្មណ៍ រឿង​ការងារ និង​រឿង​ដទៃទៀត។ លោកអ្នក​មិនអាច​យកបញ្ហា​ទាំងនោះ​មក​លាយឡំ​គ្នា​ក្នុងពេល​តែមួយ​បាន​នោះទេ ព្រោះ​វានឹង​បណ្ដាល​ឱ្យអារម្មណ៍​របស់​លោកអ្នក​កាន់តែ​មានភាព​ស្មុគស្មាញ និង​មិនអាច​ទទួលបាន​ឱកាស​រីករាយ​នោះទេ។

មនុស្ស​ខូចចិត្ដ

ចិត្ដគំនិត​របស់​មនុស្ស​គឺជា​មុខ​សញ្ញាមួយ​សម្រាប់​តម្រង់​ ទិសទៅ ​មុខ​ក្នុងការ​ប្រព្រឹត្ដ​អ្វីមួយ ក្នុង​ន័យ​ជាច្រើន​ដែល​មនុស្ស មួយចំនួន​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស។ មួយចំនួន​ទៀត​គេ​ជ្រើសរើស​យកការ​ប្រព្រឹត្ដ​ត្រឹមត្រូវ​សមស្រប​ទៅតាម​គតិ​ បណ្ឌិត​ឬការ​ច្នៃប្រឌិត។ ប៉ុន្ដែ​បើ​លោកអ្នក​មួយចំនួន​បាក់​ទឹកចិត្ដ និង​ខូចចិត្ដ​ទៅលើ​បញ្ហា​អ្វីមួយ​ដែលបាន​កើតឡើង​ហើយ តើវា​អាច​ប៉ះពាល់​អ្វីខ្លះ​ដល់ សង្គម​គ្រួសារ និង​ខ្លួនឯង?


រូបភាពទស្សនាវដ្ដីសុខភាពយើង
ខាងក្រោម​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង គឺជា​ការ​បកស្រាយ​ចំពោះ​មនុស្ស​ខូចចិត្ដ ដោយ​លើកយក​ប្រសាសន៍ ផ្ទាល់​របស់​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត។
ខូចចិត្ដ​គឺជា​អ្វី?
ខូចចិត្ដ​គឺការ​ស្ដែងឱ្យ​ឃើញនូវ​អាកប្ប​កិរិយា​ឈឺផ្សា ចុកចាប់ បង្ហាញ​នូវភាព​សោក​សៅ សោក​សង្រេង ចូលចិត្ដ​នៅម្នាក់​ឯង ។ ជាពិសេស​មនុស្ស​ដែល​ខូចចិត្ដ​នេះអាច​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស ឈាន​ដល់ការ​សម្លាប់​ខ្លួនឯង​ទៀតផង ដោយការ​សោកស្ដាយ​ទៅ លើ​រឿងរ៉ាវ​មួយចំនួន​ដែលខ្លួន​បាន​ប្រព្រឹត្ដ ឬគេ​ប្រព្រឹត្ដ​មកលើ​ខ្លួនឯង​ជាដើម។ មនុស្ស​ប្រភេទ​នេះឆាប់​បង្ហាញ​ឱ្យដឹង​នូវ​កាយ​វិការ ដោយ​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស ទាំង​សម្ដី និង​រូបភាព​ផ្សេងៗ​ជាដើម។
មូលហេតុ​ដែល​ធ្វើឱ្យ​ខូចចិត្ដ
មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ខូចចិត្ដ គឺដោយ​សារតែ​ការ​ប៉ះទង្គិច​លើ​ផ្លូវ​អារម្មណ៍ ជាពិសេស​ផុសចេញ​ពីការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែលបាន​កើតឡើង ដែលបាន​ជំរុញ​ឱ្យមាន​ភាព​រន្ធត់​ញាប់ញ័រ​ដល់​ប្រព័ន្ធ​បញ្ជា​នានា ដូចជា​ខួរក្បាល បេះដូង និង សរីរាង្គ​ផ្សេងៗ​ទៀត ដែលបាន​កន្ដ្រាក់​មកពី​ការ​ភ័យខ្លាច​របស់ចិត្ដ​លោកអ្នក។ បើតាម​ផ្នែក​វេជ្ជសាស្ដ្រ គេបាន​កត់​សម្គាល់​ថា មូលហេតុ​ដែល​ឆាប់ឱ្យ​មនុស្ស​ខូចចិត្ដ​នោះ គឺ​បណ្ដាល​មកពី​តំណ​ពូជ ឬ​កើតឡើង​ដោយ​សារតែ​ភាព​រន្ធត់ និងការ​តក់ស្លុត​ដែលកើត​មាន ជា​ញឹកញាប់ ឬ​កើតមាន​តែម្ដង​ហើយ​បង្កជា​មហាវិនា​សកម្ម​ធំធេង។ ឧទាហរណ៍​ដូចជា​គ្រួសារ​ត្រូវភ្លើង​ឆេះផ្ទះ​ហើយ​ស្លាប់​ទាំងអស់ ដោយ​ពុំមាន​សល់​ទ្រព្យ​សម្បត្ដិ ឬ​គ្រួសារ​ត្រូវ​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម។ ជាពិសេស​យុវវ័យ​មួយចំនួន​បាត់បង់​មនុស្ស​ដែល​ខ្លួន ស្រឡាញ់​បែកចិត្ដ​ទៅ​រៀបការ​ចោល​ក៏បង្កឱ្យ​មាន​អារម្មណ៍​មួយ​ដែលខូចចិត្ដ​ បាន​ដែរ។ អាការ​ខូចចិត្ដ​ប្រភេទ​នេះគឺ​លំបាក​ក្នុងការ​ព្យាបាល។ ហេតុនេះ​គួររក​មនុស្ស​ណាម្នាក់​ដែល​ស្និទ្ធស្នាល​ជាមួយ​អ្នក​ខូចចិត្ដ​ ដើម្បី​ជួយ​ពន្យល់ និង​ដើរ​លេង​កម្សាន្ដ​ជាមួយ ហើយ​ផ្ដល់​ប្រឹក្សា​ល្អៗ ណែនាំ​ច្រើន​លើក​ច្រើន​សា អាច​ធ្វើឱ្យ​អ្នក​ខូចចិត្ដ​វិលទៅ​រកសភាព​ដើម​វិញ។ ជា​រួមការ​ខូចចិត្ដ​គឺ​កើតឡើង​ដោយសារ​សតិ អារម្មណ៍​របស់​ខ្លួន និង​ភាព​សោកស្ដាយ។
ដំបូន្មាន​អ្នក​ជំនាញ
លោកអ្នក​គួរតែ​កាត់ចិត្ដ​នូវអ្វី​ដែលបាន​កើតឡើង​រួចហើយ ទោះបី​អាក្រក់​ក្ដីល្អ​ក្ដី ដែល​បង្កភាព​សោកសៅ ឬ​រន្ធត់ យ៉ាងណា​ក៏ដោយ មិនត្រូវ​រក្សាទុក​ក្នុង​ខួរក្បាល ឬ​មិនត្រូវ​រម្លឹក​នូវរឿង​រ៉ាវ​ទាំងនេះ​ឡើយ។ ព្រោះ​អាចបង្ក​ឱ្យ​លោកអ្នក​មានការ​លំបាក ទៅថ្ងៃ​មុខ មាន​ជម្ងឺ​ប្រចាំ​កាយ និងមាន​គំនិត​ខ្មាសគេ នឹង​អាច​ក្លាយជា​មនុស្ស​ចង់​សម្លាប់​ខ្លួនទៀត​ផង។ ដូច្នេះ​លោកអ្នក​ត្រូវតែ កាត់ចិត្ដ​ឱ្យបាន ហើយ​ជ្រើស​រើសយក​វិធី​ដែល​ល្អៗ ដើម្បី​ចូលរួម​ក្នុង​សង្គម និង​គ្រួសារ ដោយ​សុភមង្គល។
 អាហារ​​​​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​​​​អារម្មណ៍​​​​ប្រែ​ប្រួល
ក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិកនិយាយថា សារធាតុគីមីនៅក្នុងសូកូឡា ផ្លែប៊្លូប៊ើរី រ៉េបប៊ើរី ស្រ្តប៊ើរី តែ ព្រមទាំងអាហារមួយចំនួនទៀត អាចធ្វើឲ្យអារម្មណ៍របស់អ្នក ទទួលទានមានការប្រែប្រួល។


រូបភាពគេហទំព័រ Looking Today
យោងទៅតាមការសិក្សា របស់វិទ្យាស្ថានគីមីវិទ្យា នៃប្រទេសមិចស៊ីកូ បានឲ្យដឹងថា ម៉ូលេគុលនៅក្នុងសូកូឡា សារធាតុ​​​ខុសគ្នា​​​នៅក្នុង​​​ផ្លែប៊ើរី ព្រមទាំងអាហារ​​​មួយចំនួន ដែលផ្ទុក​​​ទៅដោយ​​​អាស៊ីដខ្លាញ់​​​អូមេហ្គា ៣ បានបង្ហាញ​​​ឲ្យឃើញពី ផល​​​ប៉ះពាល់​​​វិជ្ជមាន ទៅលើ​​​អារម្មណ៍​​​របស់មនុស្ស។
ជាមួយគ្នានេះដែរ ការសិក្សា​​​បានរក​​​ឃើញថា លទ្ធភាព​​​នៃការបង្កើន​​​អារម្មណ៍ បានជាប់​​​ពាក់ព័ន្ធ​​​ជាមួយនឹង រសជាតិ​​​របស់​​​អាហារ ដែលពួកវា​​​មានប្រសិទ្ធភាព ប្រហាក់ប្រហែល​​​នឹងថ្នាំ​​​រំងាប់អារម្មណ៍ដែរ។
ដោយឡែក អាស៊ីដ Valproic ដែលត្រូវបានដាក់លក់នៅតាម យីហោមួយចំនួនរួមមាន Depakene, Depakote និង Stavzor ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីជួយព្យាបាលអារម្មណ៍ រវើរវាយ ព្រមទាំងធ្វើឲ្យមាន អារម្មណ៍ប្រសើរឡើង។
ការសិក្សាបានជាប់ទាក់ទងជាមួយនឹង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៃ ស្វ័យគីមី chemoinformatics ដែលជាប្រព័ន្ធបញ្ចូនព័ត៌មាន ដើម្បីដោះស្រាយបញ្ហា និងពិនិត្យសារធាតុគីមី នៅក្នុងអាហារដែលអាចជួយ ឲ្យមានអារម្មណ៍ ធូរស្រាលពីបញ្ហាតានតឹងចំនួន ១៧០០មុខ។
អ្នកស្រី Martinez-Mayorga បាននិយាយថាៈ “វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីចងចាំពីអាហារ ដែលជួយធ្វើឲ្យអារម្មណ៍ របស់យើងប្រសើរឡើង ដើម្បីចៀសឲ្យផុត ពីការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលបញ្ហាផ្លូវចិត្តអស់ទាំងនោះ”។
គួរបញ្ជាក់ដែរថា ការរកឃើញនេះត្រូវបានធ្វើ កិច្ចបង្ហាញនៅក្នុងការប្រជុំជាតិ និង ពិព័រណ៍នៃសង្គមសារធាតុគីមី អាមេរិកនៅក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក ភាគឥសាន។

 វិធី​សាស្ដ្រ​ផ្ដល់​កម្លាំង​ចិត្ដ

ការ​ផ្ដល់​កម្លាំង​ចិត្ដគឺ​ ជារង្វាន់​មួយដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​បាត់បង់​ទឹកចិត្ដ ឬបាក់​ទឹកចិត្ដ​ហើយ​ដែល​មិនអាច​ប្រឈម ទៅនឹង​រឿង​រ៉ាវ​ផ្សេងៗ​តទៅ​ទៀត​បាន។ មនុស្ស​ភាគ​ច្រើន​តែងតែ​ចង់ឱ្យ​អ្នកនៅ​ជុំវិញ​ខ្លួនមាន​ការយល់​ចិត្ដ​និងចេះ ​ជួយគ្នា​ទៅវិញ​ទៅ មកនៅ​ពេល​មាន​អាសន្ន​ម្ដងៗ។ ការ​ស្គាល់​សុខទុក្ខ​គ្នា និងការ​ចេះ​អធ្យា​ស្រ័យ​ទៅវិញ​ទៅមក​គឺជា​ការផ្ដល់​កម្លាំង​ចិត្ដមួយ​ក៏​ ប្រសើរ សម្រាប់​មនុស្ស​ទូទៅ។ តើមាន​វិធី​សាស្ដ្រ​យ៉ាងណា​ខ្លះ​សម្រាប់​ផ្ដល់​កម្លាំង​ចិត្ដ?

រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​វេជ្ជ​បណ្ឌិត ស៊ិន ប៉ូលី អ្នក​ឯកទេស​ជម្ងឺ​ផ្លូវ​ចិត្ដ នៃអង្គ​ការចិត្ដ​សង្គម​អន្ដរ​វប្បធម៌ (ធីភីអូ)​នឹង​លើក​យកពី​របៀប ផ្ដល់​កម្លាំង​ចិត្ដមក​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នកអាន​តាម​រយៈ​ទស្ស​ នាវដ្ដី សុខភាព​យើង។
ការ​ផ្ដល់​កម្លាំង​ចិត្ដ ជាអ្វី?
ការ​ផ្ដល់​កម្លាំង​ចិត្ដ​សំដៅ​លើការ​ផ្ដល់​នូវ​ការ​យល់​ចិត្ដ ផ្ដល់​ឱកាស​ក្នុងការ​និយាយ​នូវរឿង​រ៉ាវ​ដែល​កើត​មាន​ឡើង​ទម្លាយ ការ​ឈឺចាប់​ទាំង​នោះ​ចេញ​មក​ខាង​ក្រៅ ដើម្បី​ឱ្យចិត្ដ​របស់​អ្នក​ដែល​បាក់ទឹក​ចិត្ដនោះ​ស្ងប់ និងមិន​គិត​ច្រើន​ពេក។ ការ​លាក់​ទុកនូវ​ទុក្ខ ព្រួយ​ច្រើន​ពេកនៅ​ក្នុងចិត្ដ​ធ្វើឱ្យ​មនុស្ស​មួយ​ចំនួន​ដែល​មានចិត្ដ​ទន់​ ងាយ​រង ឬងាយ​ទទួល​នូវអ្វី​មិនល្អ​អាច​គិតឬ​ធ្វើអ្វីៗ​ដែល​ផ្ទុយ​ពី សតិ​សម្ប​ជញ្ញៈ។ ដូច្នេះ​ការយល់​ចិត្ដ​ដោយ​ការលួង​លាម និងផ្ដល់​នូវក្ដី​សង្ឃឹម​នោះ​ជា​តម្រូវ​ការ​មួយដ៏​ប្រពៃ​សម្រាប់​មនុស្ស​ដែល បាត់បង់​នូវ​ជំនឿ​ចិត្ដ​របស់​ខ្លួន​ឯង។
អ្នក​ដែល​ត្រូវការ​ការ​ផ្ដល់​កម្លាំង​ចិត្ដ
មនុស្ស​បែប​ណាក៏​ត្រូវការ​ការ​ផ្ដល់​កម្លាំង​ចិត្ដ​ដែរ គ្រាន់តែ​ច្រើន​ឬតិច​តួចទៅ​តាម​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ។ ការ​ផ្ដល់ទឹក ចិត្ដទៅ​មនុស្ស​ដែល​មាន​ទឹកចិត្ដ​ខ្សោយ ធ្លាក់ទឹក​ចិត្ដ ខ្វះ​កម្លាំង​ចិត្ដ មិនមាន​ភាព​ក្លាហាន មិនអាច​ធ្វើអ្វី​បាន ខ្លាចគេ​មិន​ហ៊ាន​ប្រឈម មុខនឹង​អ្នក​ដទៃ។ល។ គឺសុទ្ធ​តែជា​ករណី​កិច្ច​របស់​លោកអ្នក​ដែលជា​សមាជិក​ឬជា​អ្នក​ដែល​នៅ​ជុំវិញ ​ខ្លួន​របស់​អ្នក​មាន​វិបត្ដិ​នោះ ត្រូវ ធ្វើ​ដើម្បី​ឱ្យ​ស្ថាន​ភាព​វិល​ត្រឡប់​មករក​សភាព​ប្រក្រតី​វិញ។
វិធី​សាស្ដ្រ​ផ្ដល់​កម្លាំង​ចិត្ដ
ការ​ផ្ដល់​កម្លាំង​ចិត្ដទៅ​ឱ្យ​នរណា​ម្នាក់​បានល្អ លុះត្រា​តែ​យើង​បានដឹង​ពី​ស្ថានភាព​របស់​គេជា​មុនសិន​ថាតើ​គេមាន​វិបត្ដិ​ យ៉ាង ណា​ខ្លះ។ លោកអ្នក​អាចដឹង​ពីរឿង​រ៉ាវទាំង​នោះបាន​តាម​រយៈ​កាយ​វិការ សម្ដី​សំដៅ ការ​ស្លៀកពាក់​ជាដើម។ មាន​វិធី​៣បែប​សម្រាប់ ផ្ដល់​កម្លាំង​ចិត្ដ។
1 . វិធី​សាស្ដ្រ​បែប​សាមញ្ញ វិធី​ នេះ​សំដៅ​លើការ​លួង​លោម ពាក្យ​សម្ដី ការ​ផ្ដល់ជា​ប្រាក់​កាស​និង​របស់​របរ​ជាដើម។ ទង្វើ​ទាំង​នោះជា​ការ​បង្ហាញ​នូវការ​យកចិត្ដ​ទុកដាក់​រវាង​គ្នានឹង​គ្នា​ហើយ ​ជាការ​លើក​ទឹកចិត្ដ​មួយ​បែប​ដែល​លោក​អ្នក​ឧស្សាហ៍​ឃើញ ញឹក​ញាប់។
2 . វិធី​សាស្ដ្រ​ផ្ដល់​ប្រឹក្សា ៖ អ្នក​ជំនាញ​អាច​សាក​សួរពី​ដើម​ចមរឿង ឬរឿង​រ៉ាវ​ទាំង​ឡាយ​ដែល​ធ្វើឱ្យ​ពិបាក​ចិត្ដ​ដើម្បី ធ្វើការ​ស្គាល់​ចិត្ដ​របស់​អ្នក​ជម្ងឺជា​មុនសិន។ ការ​ស្ទាប​ស្ទង់​ចិត្ដ​ថ្លើម​នេះ​គឺជា​វិធី​សាស្ដ្រ​មួយ​ធ្វើ​យ៉ាងណា​ ឱ្យអ្នក​ជម្ងឺ​បាន​និយាយ​នូវអ្វី​ដែល ឈឺចាប់​ចេញ​មកខាង​ក្រៅឱ្យ​បានធូរ​ស្រាល​មួយ​កម្រិត។ លើស​ពីនេះ​អ្នក​ជំនាញ​ក៏អាច​រក​មូល​ហេតុនៃ​រឿងរ៉ាវ​ទាំងនោះ ដើម្បី​រកច្រក ចេញ​សម្រាប់​អ្នកជម្ងឺ​ក្នុងការ​ជ្រើស​រើស​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ អ្នក​ជំនាញ​គ្រាន់តែ​ប្រើ​វិធី​សាស្ដ្រ​ត្រជាក់​ក្នុងការ​ណែនាំ ដោយ​មិនមាន​ការស្ដី​បន្ទោស​អ្នក​ជម្ងឺ​នោះទេ​បើទោះ​បីជា​ដឹងថា​រឿង​នោះជា​ កំហុស​របស់​អ្នក​ជម្ងឺ​យ៉ាង​ណាក៏​ដោយ។
3 . វិធី​សាស្ដ្រ​វេជ្ជ​សាស្ដ្រ ប្រសិន ​បើអ្នក​ជម្ងឺ​មាន​អាការ​ធ្ងន់ធ្ងរ​មិនអាច​ប្រើ​វិធី​ពិភាក្សា​គ្នាបាន​ នោះអ្នក​ជំនាញ​អាច​ប្រើ ប្រាស់​ថ្នាំ​សម្រាប់​ទប់​ស្កាត់​អារម្មណ៍ ឬក៏​អាច​ដល់ថ្នាក់​ឆក់ខ្សែ​ភ្លើងក៏​មានផង​ដែរ។
ផល​វិបាក​នៃការ​ផ្ដល់​កម្លាំង​ចិត្ដ
បើទោះ​បីជា​ការផ្ដល់​កម្លាំង​ចិត្ដអាច​ជួយ​ដល់​លោកអ្នក​បាន​ច្រើនក៏​ ពិតមែន តែក៏​ធ្វើឱ្យ​អ្នកខ្លះ​មាន​បញ្ហា​ផងដែរ​ប្រសិន​បើ កម្លាំង​ចិត្ដនោះ​ផ្ដល់​ទៅមិន​សក្ដិ​សម​នឹង​កាលៈ​ទេសៈ។ លោកអ្នក​គួរគិត​ថា​តើនៅ​ពេល​ណាខ្លះ​ដែល​លោកអ្នក​ទទួល​កម្លាំង​ចិត្ដពី​អ្នក ដទៃ ដើម្បី​ធ្វើអ្វី​មួយ​ដែល​ប្រាស​ចាកពី​សីលធម៌​សង្គម? តើលោក​អ្នកអាច​ទទួល​បាន​ឬទេ? រីឯ​ចំពោះ​ក្រុម​គ្រួសារ​វិញ តើអាច​ទទួល យក​ទង្វើ​ទាំងអស់​នេះ ឬក៏​យ៉ាង​ណា?
ដំបូន្មាន​អ្នក​ប្រឹក្សា
ចំពោះ​លោកអ្នក​ដែល​បាក់ទឹក​ចិត្ដ ភាគ​ច្រើន​តែងតែ​គិតអ្វីៗ​ដែល​អាក្រក់​ៗច្រើន។ ដូច្នេះ​លោកអ្នក​គួរ​ព្យាយាម​គិតអ្វី​ដែល ប្រសើរ​មកវិញ ដើម្បី​ទប់​ស្កាត់​នូវការ​ធ្លាក់ទឹក​ចិត្ដកាន់​តែខ្លាំង។ ប្រសិន​បើ​លោកអ្នក​មាន​បញ្ហា​ផ្លូវចិត្ដ​នោះ​គួរ​ទៅរក​ការ​ពិភាក្សា​ជា មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ផ្ដល់​ជាប្រឹក្សា​មួយដ៏​ប្រសើរ​សម្រាប់​លោក​អ្នក។ ក៏គួរ​រកអ្នក​ណា​ម្នាក់​សម្រាប់​ពិភាក្សា​នូវរឿង​រ៉ាវ​ទាំងនោះ ផងដែរ ចៀស​វាង​កុំលាក់​ទុកតែ​ម្នាក់​ឯង។

ជម្ងឺ​បាក់​ស្បាត

នៅក្នុង​សង្គម​ខ្មែរ គេ​សង្កេត​ឃើញ​ជម្ងឺ​បាក់​ស្បាត​កើត​មាន​នៅលើ​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ។ អ្នក​ដែល​បាន​កើត​ជម្ងឺ​នេះ ពុំបាន​ចាប់​អារម្មណ៍​ពី​អាការ​ដែល​ស្ដែង​ចេញ​មក​ឡើយ។ ម្យ៉ាង​ទៀត​អ្នក​ជម្ងឺ​តែង​ជួប​ព្រឹត្ដិ​ការណ៍​ឬរូបភាព​ដែល​មិន​អាច​ទទួល​យក បាន ហើយ​បណ្ដាល​ឱ្យមាន​ការ​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​ទៅ​ដល់់​ផ្លូវ​ចិត្ដ។ ទោះបី​ជា​ស្ថាន​ភាព​នោះ​បាន​កើត​ឡើង​យូរ​ហើយ​ក៏ដោយ ប៉ុន្ដែ​រូប​ភាព នោះវា​ដិត​ដាម​នៅក្នុង​អារម្មណ៍​អ្នក​ជម្ងឺ​ជានិច្ច ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​ចេះ​តែ​នឹក​ឃើញ​ហើយ​មាន​អារម្មណ៍​ខ្លាច​ជួប​ស្ថាន​ ភាព​ដូច​នេះ ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង
សម្រាប់​លេខ​នេះ ទស្សនា​វដ្ដី សុខភាពយើង ​សូម​លើក​យក​ជម្ងឺ​បាក់​ស្បាត​មក​បង្ហាញ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យបាន​ ជ្រាប តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត យឹម សុបុត្រា អ្នក​ឯក​ទេស​ជម្ងឺ​ផ្លូវ​ចិត្ដ​នៅមន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត។
ជម្ងឺ​បាក់​ស្បាត ជា​អ្វី?
បាក់​ស្បាត គឺជា​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ដ​ដោយ​សារ​ការ​គំរាម​កំហែង​ពី​បុគ្គល​ណា​មួយ ​មក​លើ​ខ្លួន​ឬដោយ​ជួប​ព្រឹត្ដិ​ការណ៍​ធ្ងន់ធ្ងរ ណា​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​តក់​ស្លុត។ ស្ថាន​ភាព​នេះនៅ​តែដក់​ជាប់​មកលើ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បណ្ដាល​ឱ្យកត្ដា​ ចិត្ដ​សាស្ដ្រ របស់​អ្នក​ជម្ងឺ​មាន​សភាព​មិន​ប្រក្រតី​ជា​ច្រើន​ខែ​ឆ្នាំ និង​បន្ដឱ្យ​អ្នក​ជម្ងឺ​ចេះតែ​មាន​អារម្មណ៍​ខ្លាច ឆាប់​ភ័យ​ដោយ​គ្មាន​ហេតុ​ផល។
មូល​ហេតុ​បង្ក​ជម្ងឺ​បាក់​ស្បាត
ជម្ងឺ​បាក់​ស្បាត​បាន​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​មាន​នៅ​ក្នុងសង្គម​និង​ក្នុង​ក្រុម​គ្រួសារ​ដូច​ខាង​ក្រោម។
1 . ការ​គំរាម​កំហែង នៅក្នុង​ផ្ទះ​ មួយ​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ស្ដុក​ស្ដម្ភ ត្រូវ​បាន​ចោរ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​ហើយ​គំរាម កំហែង​បាញ់​សម្លាប់​ប្ដី ដោយ​ឱ្យ​ប្រពន្ធ​ប្រគល់​មាស​ប្រាក់​ទៅ​ឱ្យ​វា។ ដូច​នេះប្ដី​ប្រពន្ធ​ដែល​ជួប​នូវ​ព្រឹត្ដិ​ការណ៍​នេះ​ធ្វើឱ្យ​មាន​ការភ័យ ខ្លាច​រហូត​បាក់​ស្បាត ដោយ​មិន​ចង់​ជួប​ស្ថាន​ភាព​បែប​នេះ​ទៀត។
2 . ការចាប់​ជំរិត បុគ្គល​ដែល​រួច​ ខ្លួន​មក​វិញ ក្រោយ​ពីត្រូវ​បាន​គេ​ចាប់​យក​ទៅ​ឃុំ​ទុក ដើម្បី​ជំរិត​យក​លុយ​ឬ​ទាម​ទារ​ដោះ ដូរ​នូវ​របស់​មាន​តម្លៃ​ផ្សេង​ទៀត​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។ ស្ថាន​ភាព​នេះបាន​ធ្វើឱ្យ​ជនរង​គ្រោះ​មាន​ការតក់​ស្លុត​ភ័យ​រន្ធត់​បង្ក​ឱ្យ ​មាន ជម្ងឺ​បាក់​ស្បាត។
3 . ការ​ទទួល​រងនូវ​អំពើ​ហិង្សា​ចាប់​រំលោភ​ផ្លូវ​ភេទ ស្ដ្រីដែលត្រូវគេវាយដំលើរាងកាយ ​និង​ចាប់​បង្ខំ​រំលោភ​ផ្លូវ​ភេទ បន្ទាប់​ពីបាន​ទទួល​ទារុណ​កម្ម​នេះ​ហើយ បាន​ធ្វើឱ្យ​ស្ដ្រី​រង​គ្រោះ​មាន​ភាព​តក់​ស្លុត បង្កឱ្យ​មាន​ជម្ងឺ​បាក់​ស្បាត​ឬភ័យ​ខ្លាច​ជួប​ប្រទះ​នូវ​រូប ភាព​នេះ​កើត​ឡើង​មក​លើខ្លួន​ម្ដង​ទៀត។
4 . ព្រឹត្ដិ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ធំៗ ឡាន ​នឹង​ឡាន​បុក​គ្នា​ធ្ងន់​ធ្ងរ។ មនុស្ស​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដ​បាន​ខ្ទាត​ចេញ ពីក្នុង​ឡាន ដេក​ស្លាប់​នៅ​លើ​ថ្នល់ ហើយ​មាន​ឈាម​ពេញ​ខ្លួន។ ស្ថាន​ភាព​នេះបាន​ធ្វើឱ្យ​បុគ្គល​ដែល​នៅក្នុង​ហេតុ​ការណ៍​នោះ​មាន ការ​តក់​ស្លុត ចេះតែ​មាន​អារម្មណ៍​ខ្លាច ធ្វើឱ្យ​មាន​ជម្ងឺ​បាក់​ស្បាត​ដោយមិន​ហ៊ាន​ធ្វើ​ដំណើរ​តាម​រថយន្ដ​ទៀត។
5 . សង្គ្រាម ៖ យុទ្ធ​ជន​ធ្វើ​ទាហាន​ច្បាំង​ក្នុង​សមរ​ភូមិ​ទទួល​គ្រោះ​ថ្នាក់​ដោយ​សារ​ គ្រាប់​រំសេវ ឬ​មីន​បាន​ធ្វើឱ្យ​ពិការ​ជើង ម្ខាង ឬ​ទាំង​ពីរ។ ហេតុ​ការណ៍​អាក្រក់​នេះធ្វើ​ឱ្យ​យុទ្ធ​ជន​គ្រោះ​ថ្នាក់​នោះ​មាន​ការ​បាក់​ ស្បាត។ ជួន​កាល​បុគ្គល​ដែល​បាន​ឃើញ​មិត្ដ​ភក្ដិ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​គ្នា ដោយ​សារ​ត្រូវ​គ្រាប់​កាំ​ភ្លើង ឬជាន់​មីន​ជា​ដើម។ ស្ថាន​ភាព​នេះធ្វើ​ឱ្យ​បុគ្គល​ដែល​ឃើញ​នោះ មាន​ការ​តក់ ស្លុត រន្ធត់ និង​បង្ក​ឱ្យ​មាន​ជម្ងឺ​បាក់​ស្បាត​ដែរ។
6 . របប​វាល​ពិឃាត​(១៩៧៥-១៩៧៩) នៅ​ ក្នុង​រយៈ​ពេល​នេះ​គឺ​ព្រឹត្ដិ​ការណ៍​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​គ្រប់​រូប​ បាន ដឹង​ឮ និង​ឃើញ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​មក​ដល់​សព្វ​ថ្ងៃ​ប្រហែល​វ័យ​៣៥​ឆ្នាំ​ឡើង​ទៅ​ ទទួល​នូវ​ភាព​តក់​ស្លុត​ពី​សំណាក់​របប​នេះ យ៉ាង​រន្ធត់ ដោយ​ការ​គំរាម​សម្លាប់ ឬ​បង្អត់​អាហារ បង្ខំ​ធ្វើ​ការ​ងារ​ធ្ងន់​ធ្ងរ គ្មាន​ពេល​សម្រាក​ឈឺ​ថ្កាត់​គ្មាន​ថ្នាំ​សង្កូវ។ល។ ទាំង​នេះ ក៏ជា​មូល​ហេតុ​ជាក់​ស្ដែង​ដែល​ប្រជាជន​ខ្មែរ​យើង​បាន​ឆ្លង​កាត់​ព្រម​ទាំង​ បណ្ដាល​ឱ្យ​បុគ្គល​មួយ​ចំនួន​មក​ទល់​ពេល​នេះ​មាន​ជម្ងឺ​បាក់ ស្បាត។
រោគ​សញ្ញា​ជម្ងឺ​បាក់​ស្បាត
បុគ្គល​ដែល​មាន​ជម្ងឺ​បាក់​ស្បាត គឺ​អាស្រ័យ​ដោយ​បុគ្គល​នោះ​បាន​ឆ្លង​កាត់​នូវ​ព្រឹត្ដិ​ការណ៍​សាហាវ​ដែល​ ធ្វើឱ្យ​មាន​ការ​ភ័យ រន្ធត់​តក់​ស្លុត​ណា​មួយ ដែល​លេច​ចេញ​ជា​សញ្ញា​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។
1 . រោគ​សញ្ញា​ផ្លូវ​ចិត្ដ ឆាប់​ ភ័យ ឆាប់​រន្ធត់​តក់​ស្លុត ធ្លាប់​ជា​មនុស្ស​ដែល​មាន​ភាព​ចង​ចាំ​ល្អ​បែរទៅ​ជា​មនុស្ស​ឆាប់​វង្វេង វង្វាន់ ឆាប់​ភ្លេច ឆាប់​ភ្ញាក់​ផ្អើល ឆាប់​មួម៉ៅ​ឡេះ​ឡះ ផ្លាស់​ប្ដូរ​អាកប្ប​កិរិយា​ពី​សុភាព​រាបសារ​ទៅជា​ឆាប់​ឆេវ​ឆាវ​ឆាប់​ខឹង មាន​អារម្មណ៍​ស្ពឹក​ខ្លួន ដូច​ជា​ពិការ​មួយ​ចំហៀង​ខ្លួន មាន​អារម្មណ៍​ទុក្ខ​សោក ចេះ​តែ​កើត​ទុក្ខ​សម័យ​នឹក​សុបិន​ឃើញ​នូវ​រូប​ភាព ឬ​ព្រឹត្ដិ​ការណ៍​ស្រស់ៗ ដែល​បាន​ឆ្លង​កាត់ ជា​ហេតុ​ធ្វើឱ្យ​មាន​ភ័យ​ខ្លាច​មួយ​រំពេច។
2 . រោគ​សញ្ញា​ផ្លូវ​កាយ ញ័រ​ដើម​ ទ្រូង ញ័រ​ដៃ​ជើង អស់​កម្លាំង​ល្ហិត​ល្ហៃ ស្រវាំង​ភ្នែក​មើល​អ្វីឃើញ​តែ​រាង​ព្រិលៗ​វិល​មុខ គេង​មិន​លក់ ចេះតែ​ធេង​ធោង​រសាប់​រសល់ បែក​ញើស​ពេញ​ខ្លួន ត្រជាក់​ចុង​ដៃ​ជើង ឆ្អល់​ពោះ ញ៉ាំ​អ្វី​មិន​បាន​ឈឺ​ក្បាល ចុក​ចាប់​ពេញ រាង​កាយ និង​ធ្វើឱ្យ​អ្នក​ជម្ងឺ​អាច​ក្អួត​ចង្អោរ​ជា​ដើម។
ផល​វិបាក​នៃ​ជម្ងឺ​បាក់​ស្បាត
អ្នក​ដែល​មាន​ជម្ងឺ​បាក់​ស្បាត គឺជា​អ្នក​ដែល​ចេញ​ប្រឡូក​ការងារ​ក្រៅ​ច្រើន​ជាង​គេ​ហើយក៏​ជួប​ព្រឹត្ដិ​ ការណ៍​ច្រើន​ជាង​គេ​ដែរ។ ពេល​បុគ្គល​នោះ​ឆ្លង​កាត់​នូវ​ព្រឹត្ដិ​ការណ៍​ធ្ងន់ធ្ងរ​ណា​មួយ ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​ការ​ភ័យ​ខ្លាច រន្ធត់​តក់​ស្លុត​រហូត​មាន​ជម្ងឺ​បាក់ ស្បាត។ បែប​នេះ​បណ្ដាល​ឱ្យមាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​ទៅលើ​ផ្នែក​ផ្លូវ​ចិត្ដ និង​ផ្លូវ​កាយ ដូចជា​ឈឺ​ក្បាល វិល​មុខ​ញ៉ាំអ្វី​មិន​បាន ធ្វើឱ្យ​រាង​កាយ​ស្គម​ស្គាំង មាន​ជម្ងឺ​ក្រពះ មាន​ជម្ងឺ​ថប់​អារម្មណ៍ មាន​ស្មារតី និង​អារម្មណ៍​មិន​ល្អ ឆាប់​ឆេវ​ឆាវ​ខឹង​ដោយ​គ្មាន​ហេតុ​ផល គ្មាន​សីល​ធម៌​ក្នុង​ខ្លួន​ជា​ដើម។ មិនតែ​ប៉ុណ្ណោះ ធ្វើឱ្យ​ឆាប់​វង្វេង ចង​ចាំអ្វី​មិន​បាន​ល្អ​ធ្លាក់​ចុះនូវ​កិច្ច​ការ​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ ថ្ងៃ ឬកិច្ច​ការ​សង្គម ប្ដូរ​ឥរិយា​បថ​សុភាព​រាបសារ​ទៅជា​ព្រហើន​កោង​កាច និង​ទៅជា​អ្នក​សេព​សុរា​ឬជក់​ថ្នាំ​ញៀន​ជាដើម។
វិធី​កាត់​បន្ថយ​ជម្ងឺ​បាក់​ស្បាត
បុគ្គល​មាន​ជម្ងឺ​បាក់​ស្បាត​ដោយ​ជួប​ប្រទះ​នូវ​ហេតុ​ការណ៍​ជាក់​ស្ដែង​ ធ្ងន់​ធ្ងរ​ត្រូវ​ចេះ​និយាយ​រឿង​ដែល​ឆ្លង​កាត់​នេះ​ប្រាប់​ទៅ មិត្ដ ឬអ្នក​ជាទី​ស្រឡាញ់ ដើម្បី​រំសាយ​ភាព​ដិត​ដាម​ចង​ចាំ​នៅ​ខួរ​ក្បាល​ហើយ​ចៀស​វាង​បៀម​ទុក្ខ​ ម្នាក់​ឯង​នាំឱ្យ​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ។ ឧទា​ហរណ៍ នារី​ម្នាក់​ត្រូវ​គេ​ចាប់​រំលោភ​ផ្លូវ​ភេទ ហើយ​វាយ​ដំ​រាង​កាយ។ នារី​នេះ​មិន​និយាយ​ប្រាប់​នរណា​ម្នាក់​ឡើយ​ព្រោះ​ខ្មាស​អៀន សុខ​ចិត្ដ​សម្ងំ​បៀម​ទុក្ខ​រឿង​អាស្រូវ​នេះ​ម្នាក់​ឯង។ ការ​ធ្វើ​បែប​នេះ​មិន​ល្អ​ទេ​ព្រោះ​អាច​ឱ្យ​នារី​រង​គ្រោះ​មាន​ជម្ងឺ​ផ្លូវ​ ចិត្ដ ហើយ​ត្រូវ​គិត​ថា នេះ​មិន​មែន​ជាកំហុស​របស់​ខ្លួន​ទេ។ ម្យ៉ាង​ទៀត​ត្រូវ​គិត​ថា រឿង​អតីត​កាល​គ្រាន់​តែជា​ការ​យល់​សប្ដិ​មិន​មែន​ជាការ​ពិត​ទេ។ ទន្ទឹម​នឹង នោះ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​នេះ​គឺជា​ថ្ងៃ​នេះ មិន​មែន​ជាថ្ងៃ​មុន​ឡើយ។ ម្យ៉ាង​ទៀត​ត្រូវ​ធ្វើ​សម្មា​ធិ ឬទៅ​វត្ដ​អារាម​ស្ដាប់​លោក​ទេស​នា ដើម្បី​លុប​បំបាត់​រឿង​អាក្រក់​ដែល​ជួប​ប្រទះ​បន្ដិច​ម្ដង។
ដំបូ​ន្មាន​អ្នក​ឯក​ទេស
ការជួប​នូវ​ហេតុ​ការណ៍​ធ្ងន់ធ្ងរ​ដែល​នាំឱ្យ​មាន​ភាព​តក់​ស្លុត បង្ក​ឱ្យមាន​ជម្ងឺ​បាក់​ស្បាត​សូម​កុំ​បណ្ដែត​បណ្ដោយ​និង​ចេះតែ​សម្ងំ បៀម​ទុក្ខ​រឿង​អាក្រក់​ដែល​ជួប​ប្រទះ​តែម្នាក់​ឯង ព្រោះ​អាចឱ្យ​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ។ លោក​អ្នកគួរ​ប្រាប់​ទៅកាន់​មិត្ដ ឬអ្នក​ជាទី ស្រឡាញ់ ឬអ្នក​ជំនាញ​ណា​មួយ ដែល​គិតថា​ផ្ដល់។

 មូលហេតុ​ចិត្ដ​ទន់ជ្រាយ
លោកអ្នក​ប្រាកដ​ជាបាន​ឮពាក្យ​ថា“បើចិត្ដ​មនុស្ស​ដូចគ្នា គឺ​មិនមាន​សង្គ្រាម​ឡើយ”។ នេះ​បញ្ជាក់​ថា អ្នកខ្លះ​មានចិត្ដ​ទន់ អ្នកខ្លះ​ទៀតមាន​ចិត្ដរឹង​មានៈ។ ជួនកាល​អ្នកខ្លះ​ចូលចិត្ដ​ប្រើពាក្យ​សម្ដី​គំរោះ​គំរើយ​មិន​ពីរោះ តែបើ​និយាយ​ពីចិត្ដ​វិញ អាចជា​មនុស្ស​មានចិត្ដ​ល្អ ឆាប់ទន់ជ្រាយ​អាណិត​អាសូរ​គេ​។ ​មនុស្ស​មួយចំនួន​ទៀត​ចូលចិត្ដ​ប្រើពាក្យ​សម្ដី​ពីរោះ​ផ្អែម សម្ដែង​អាកប្បកិរិយា​ស្លូតបូត តែធាតុ​ពិត​នៃ​ចិត្ដ​អាចជា​មនុស្ស​មានចិត្ដ​អាក្រក់ ដូច​សុភាសិត​ខ្មែរ​បានពោល​ថា “ក្ដៅ​ស៊ីរាក់ ត្រជាក់​ស៊ីជ្រៅ​”។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​ណាត់ជួប​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជា​អនុប្រធាន ដេប៉ាតឺម៉ង់​ចិត្ដ​វិទ្យា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ធ្វើការ​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់។
ចិត្ដទន់​ជ្រាយ ជា​អ្វី?
ចិត្ដ​ទន់ជ្រាយ​គឺជា​បាតុភូត​ចិត្ដ​របស់​មនុស្ស​ម្យ៉ាង​ដែលមាន​អារម្មណ៍ និង​សណ្ដាន​ចិត្ដល្អ ហើយ​ប្រទាន​ផ្ដល់ឱ្យ​អ្នកដែល​ខ្លួនអាណិត​ស្រឡាញ់ មិន​ចេះចប់​មិនចេះ​ហើយ ធ្វើឱ្យ​ចិត្ដនៅ​ជាប់​ជំពាក់​ទៅនឹង​អ្វីដែល​ខ្លួន​ស្រឡាញ់។
លក្ខណៈ​ទូទៅ​នៃចិត្ដ
មនុស្ស​កើតមក​ធម្មជាតិ​បានផ្ដល់​ពណ៌​សម្បុរ​ស្បែក​មិនដូច​គ្នាទេ អ្នកខ្លះ​មាន​សម្បុរស ខ្មៅ លឿង​ជាដើម។ ដូចនេះ​ចិត្ដ របស់​មនុស្ស​គ្រប់រូប ធម្មជាតិ​បានផ្ដល់​ឱ្យ​ក៏មិន​ដូចគ្នា​ដែរ។ អ្នកខ្លះ​មានចិត្ដ​រឹងរូស មានៈ​ ឬមាន​ចិត្ដទន់ ស្រាល​ធ្ងន់ និងមាន​ចិត្ដឆាប់​ខឹង ឆេវឆាវ​ជាដើម។ មិនថា​ក្មេងចាស់ ជាតិ​សាសន៍​ណាទេ សុទ្ធតែ​មានចិត្ដ​បែបនេះ​ទាំងអស់។ គ្រាន់តែ​អ្នកមាន​ចិត្ដទន់ជ្រាយ​នោះ ទៅតាម​កាលៈទេសៈ ​និង​ទំហំ ឬ​សណ្ឋាន​ខុសៗ​គ្នាតែ​ប៉ុណ្ណោះ។
អ្នកណា​ដែលមាន​ចិត្ដ​ទន់ជ្រាយ​ច្រើនជាង?
ធាតុពិត​នៃមនុស្ស​គ្រប់រូប​សុទ្ធតែ​មានចិត្ដ​ទន់ជ្រាយ មិនថា​ប្រុសឬ​ស្រី ក្មេង​ឬចាស់​ឡើយ។ តាមការ​សិក្សា​ស្រាវជ្រាវ​អំពី ចិត្ដ​របស់​មនុស្ស​នៅក្នុង​សង្គមខ្មែរ ជា​លទ្ធផល​បាន​បង្ហាញ​ថា មនុស្ស​ប្រុស​មាន​ចិត្ដ​៤៩​ប្រភេទ​ដែល​ស្ដែងចេញ​ទៅតាម​អត្ដចរិត គឺ​សកម្ម ចូលចិត្ដ​ផ្សង​ព្រេង គឃ្លើន​(កោងកាច) មាន​មហិច្ឆតា ក្រអឺត​ក្រទម ប្រាកដ​ប្រជា ឬហ៊ាន​បញ្ចេញ​មតិ​អារម្មណ៍ អត្ដធិបតេយ្យ​តាំងខ្លួន ឯងធំ​លើសគេ អួតអាង គិត​ច្បាស់លាស់ គំរោះ​គំរើយ ជឿជាក់ ក្លាហាន ឃោរឃៅ ហ៊ាន មានការ​ប្ដេជ្ញា​ចិត្ដ គ្មាន​របៀប​រៀបរយ ចូលចិត្ដ​ត្រួតលើ​គេ អត្ដទត្ថបុគ្គល ស្វាហាប់ មាន​គំនិតថ្មីៗ​ច្រើន ចូលចិត្ដ​បង្ខំគេ មានៈ​ចចេស គ្មាន​ចិត្ដ​អាសូរ ចូលចិត្ដ​កំប្លែង ឯករាជ្យ មាន​គំនិត​ឆ្លាតថ្មីៗ​ច្រើន មាន​គំនិត​ផ្ដួចផ្ដើម ចេះ​ច្នៃប្រឌិត ខ្ជិល មាន​ហេតុផល​ជាក់ស្ដែង និយាយ​ក្ដុងក្ដាំង មាន​លក្ខណៈ​ជាបុរស គួរឱ្យ​សែនស្អប់ ឱកាស​និយម គំនិត​ជឿនលឿន មាន​ហេតុផល ប្រាកដ​និយម មិនចេះ​គួរសម មុតមាំ ឈ្លើយ ជឿជាក់​លើ​ខ្លួនឯង មិនលេង​សើច ម៉ឺងម៉ាត់​ខ្លាំង មុខមាំ​(ចូលចិត្ដ​ឱ្យគេ​ស្ដាប់​បង្គាប់) ស្មើ​(មិនសូវ​បញ្ចេញ​អារម្មណ៍) រឹងប៉ឹង គ្មាន​មនោ​សញ្ចេតនា ចិត្ដ​អាក្រក់ និង​ឆ្លាតវៃ។
ចំណែក​ឯមនុស្ស​ស្រីវិញ មានចិត្ដ​២៥​ប្រភេទ​ដែល​លេចចេញ​តាម​អត្ដចរិត​ដូចគ្នា​គឺ​ប្រកប​ទៅដោយ​ មហច្ឆិតា ចរិយា បញ្ចេញ​សេចក្ដី​ស្រឡាញ់ អន្ទះ​អន្ទែង ទាក់ទាញ​ចិត្ដ មាន​មន្ដ​ស្នេហ៍ ចង់​ចេះចង់​ដឹង ពឹងពាក់​អ្នកដទៃ ស្រមើ​ស្រមៃ មាន​មនោ​សញ្ចេតនា ខ្លាច មាន​លក្ខណៈសម​ជាស្ដ្រី​ទន់ភ្លន់ ចិត្ដល្អ ញបៗ ខ្លាចគេ ចិត្ដស្រាល ឬ​មិនងាយ​ខឹង រួសរាយ ឆាប់​រំភើប ចូលចិត្ដមនោ​សញ្ចេតនា សិចស៊ី អៀន​​ប្រៀន ចិត្ដទន់ (ចិត្ដធម៌) ចូលចិត្ដ​ស្ដាប់​បង្គាប់ ឬ​ធ្វើតាម​គេ មានអបិយ​ជំនឿ ឬមាន​ជំនឿ​ធ្វេង និយាយ​ច្រើន និង​ទន់ខ្សោយ។ នៅក្នុង​លទ្ធផល​នេះ​បញ្ជាក់​ថា មនុស្ស​ស្រីមាន​ចិត្ដទន់​ជ្រាយ រីឯ​មនុស្ស​ប្រុសគ្មាន​ចិត្ដទន់​ជ្រាយ​ដូច មនុស្ស​ស្រី​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
មូលហេតុ​ចិត្ដ​ទន់ជ្រាយ
ការ​ពេញចិត្ដ ឬ​ជាប់ចិត្ដ​ទៅលើ​របស់​អ្វីមួយ​ដែលធ្វើ​ឱ្យចិត្ដ​និង​គំនិត​គិតឃើញ​ថាល្អ ហើយ​ស្រឡាញ់​ដក់ជាប់​នៅក្នុង​ដួងចិត្ដ ដោយ​មិនចង់​ឱ្យ​របស់​ដែលខ្លួន​ស្រឡាញ់​នោះបាត់បង់​ឡើយ។ តែការ​ស្រឡាញ់​ប៉ុនប៉ង​នូវអ្វី​ដែលខ្លួន​ស្រឡាញ់ គឺ​អ្នកខ្លះ​បាន​ទទួល លទ្ធផល​សមតាម​សេចក្ដី​ប្រាថ្នា។ អ្នកខ្លះ​ត្រូវ​ទទួល​បរាជ័យ​ដូចជា​នៅក្នុង​ន័យ​រឿង​ស្នេហា ដោយ​មាន​សង្សារ​ក្បត់ចិត្ដ​បោះបង់​ចោល រីឯ​អ្នកខ្លះ​ទៀត​ត្រូវមាន​ស្វាមី​មិនសម​ប្រកប វាយ​ដំធ្វើ​បាបស្ទើរ​រាល់ថ្ងៃ។ ប៉ុន្ដែការ​ខូចចិត្ដ​ទាំងនោះ មិនបាន​ធ្វើឱ្យ​អ្នក​ទទួល​នូវការ ឈឺចាប់ ចាត់ទុក​ជាមេរៀន​ជូរចត់​ហើយ​រាងចាល​ទេ បែរជា​សិក្សា​មេរៀន​ដ៏ជូរ​ចត់នេះ​ម្ដងហើយ​ម្ដងទៀត​ទៅវិញ។ នៅពេល​ដែលត្រូវ បានគេ​លួងលោម បណ្ដាល​ឱ្យចិត្ដ​ខ្លួនឯង​មិន​រឹងប៉ឹង​ទៅជា​អាណិត​អាសូរ​គេ។ ដូចនេះ​កត្ដាដែល​ធ្វើឱ្យ​មានចិត្ដ​ទន់ជ្រាយ​គឺ​បណ្ដាល​មក​ពី​កត្ដា​ដូចត​ទៅ។
1 . អបិយ​ជំនឿ ៖ ខ្មែរយើង​តែងតែ​ចំណាំ​បែប​ជំនឿ​សាសនា​ថា មនុស្ស​ប្រុស​ស្រី​ទាំងឡាយ​ដែល​កើតនៅ​ថ្ងៃច័ន្ទ និង​ថ្ងៃពុធ គឺមាន​ចិត្ដទន់។
2 . ផ្លូវ​ចិត្ដ ៖ នារី​ម្នាក់​ចេះតែ​គិតថា ខ្លួនឯង​កើតមក​ជាកូន​អ្នកក្រ រៀនក៏​មិនបាន​ខ្ពស់ ហើយ​ឪពុកម្ដាយ​មានជម្ងឺ​ជា​ទម្ងន់​ទៀត តើធ្វើ​ម្ដេចនឹង​មានប្រាក់​មក​ព្យាបាល​ជម្ងឺ​ឪពុកម្ដាយ និង​ជួយ​ជីវភាព​គ្រួសារ​ឱ្យបាន​ធូរធារ។ ការគិត​ទាំងអស់​នេះ​ត្រូវបាន​ជន​ដែលមាន​គំនិត​ខូចឆ្លៀត​ឱកាស​មក​លួងលោម​ ចង់យក​ទៅលក់។ ដោយជន​អាក្រក់​នោះ​ពូកែ​និយាយ​ថា នឹង​រកការងារ​ឱ្យធ្វើ​ហើយ ទទួល​បាន​ប្រាក់ច្រើន​អាចមក​ជួយ​គ្រួសារ រហូត​ដល់​ពង្វក់​ចិត្ដនារី​ម្នាក់នេះដល់​ទន់ចិត្ដ ជឿលើ​សម្ដី​បោកប្រាស់​គេ។
3 . លួង​លោម ៖ គេសង្កេត​ឃើញថា នៅក្នុង​គ្រួសារ​ដែលមាន​អំពើ​ហិង្សា ប្ដីវ៉ៃ​ប្រពន្ធស្ទើរ​រៀងរាល់​ថ្ងៃ បែរជា​មានកូន ច្រើន​ទៅវិញ។ នេះ​ដោយតែ​ប្ដីវ៉ៃ​ប្រពន្ធ​ហើយ មក​លួងលោម​ប្រពន្ធ​វិញ​រាល់ពេល​ដែល​វ៉ៃហើយ រួច​ប្រពន្ធ​ចិត្ដទន់​លើកលែង​ទោស​ឱ្យប្ដី ក៏បង្កើត​បានជា​កូនច្រើន​(ខ្មែរយើង​ច្រើន​ហៅថា កូនមួយ​កន្ទេល)។
4 . គ្មានការ​ពិចារណា ៖ កុមារ​អាច​ក្លាយជា​ឃាតករ​ដោយ​មិនដឹង​ខ្លួន នៅពេល​ដែលមនុស្ស​ធំមក​លួងលោម​ឱ្យធ្វើ​អំពើ​មិន​គប្បី ដោយ​សន្យាថា​នឹងឱ្យ​របស់អ្វី​មួយដែល​កុមារ​ពេញចិត្ដ។ ភាព​លួងលោម​នេះធ្វើ​ឱ្យកុមារ​មិនបាន​គិតវែង​ឆ្ងាយ​ដូចមនុស្ស​ធំទេ បណ្ដាល​ឱ្យកុមារ​ចិត្ដ​ទន់ប្រព្រឹត្ដ​តាម​បញ្ជាគេ។
5 . ការ​បង្ខិតបង្ខំ ៖ អ្នកខ្លះ​ចិត្ដទន់​ដោយ​សារការ​បង្ខិត​បង្ខំ ជា​ឧទាហរណ៍ ដូចជា​ចៅហ្វាយ​នាយ និង​កូនចៅ។ ការងារ លំបាក​ខ្លាំង​ដែល​កូនចៅ​មិនចង់​ធ្វើ បើសិន​ចៅហ្វាយ​ប្រើឱ្យធ្វើ​កូនចៅ​ត្រូវតែ​ធ្វើ​ទាំងមិន​ពេញចិត្ដ។
ផល​វិបាក​នៃចិត្ដ​ទន់ជ្រាយ
ចិត្ដ​ទន់ជ្រាយ​អាចបង្ក​ឱ្យមាន​ផលវិបាក​ជាច្រើន។
  • ងាយ​រងគ្រោះ​ក្លាយជា​ឃាតករ
  • រស់នៅ​ដោយគ្មាន​សេរីភាព
  • ធ្វើឱ្យ​ការ​រស់នៅ​មានការ​លំបាក
  • ធ្វើឱ្យ​បាត់បង់​ជីវិត​ជាដើម។
ដំបូន្មាន​អ្នក​ឯកទេស
តាមការ​ស្រាវជ្រាវ​គេឃើញ​ថា អ្នកដែល​មានចិត្ដ​ទន់ជ្រាយ​ច្រើនគឺ​ជាស្ដ្រី។ ដូចនេះ ដើម្បី​ចៀសវាង​ផលវិបាក​ទៅថ្ងៃ ក្រោយ​ដោយសារ​មានចិត្ដ​ទន់ជ្រាយ ស្ដ្រីត្រូវ​យល់ដឹង​ពីអត្ដចរិត និងចិត្ដ​ខ្លួនឯង​ឱ្យបាន​ច្បាស់ជា​មុនសិន ទើបយល់​ច្បាស់ពី​អត្ដចរិត និង​ចិត្ដអ្នក​ដទៃ​ជាក្រោយ។ ការធ្វើ​ដូចនេះ​អាចជួយ​កាត់​បន្ថយ​ចិត្ដ​ទន់ជ្រាយ​បាន។

ជម្ងឺវក់ចិត្ដ

ការ​វក់ចិត្ដ​គឺជា​ជម្ងឺ​ផ្លូវចិត្ដ​ម្យ៉ាង​ដែល​ទាក់ទង​ ជាមួយ​ សុខភាព​អារម្មណ៍ និង​ទម្លាប់​របស់​មនុស្ស។ ភាព​រសាប់​រសល់ ការ​ចង់ បាន​មិន​អស់​ចិត្ដ និង​ទម្លាប់​ដែល​ខ្វះ​ការ​គ្រប់​គ្រង់​សតិ​របស់​ខ្លួន​ឱ្យ​យល់ពី​ព្រំដែន​នៃ ​ទង្វើ​ទាំងនោះ ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោកអ្នក ធ្លាក់ខ្លួន​វង្វេង​ទៅ​ក្នុង​សកម្មភាព​របស់ខ្លួន​ដោយ​មិន​ដឹង និង​មិនអាច​ដក​ខ្លួន​ចេញ​ពី​ទម្លាប់​នោះ​បាន។
លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ជាអ្នក​ជំនាញ​ឯកទេស​ផ្នែក​ជម្ងឺ​ផ្លូវចិត្ដ​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ ខ្មែរសូវៀត នឹង​បកស្រាយ បំភ្លឺ​អំពី​ការ​វក់ចិត្ដ ជូន​ដល់​ប្រិយមិត្ដ​ឱ្យ​បាន​ជ្រាប និង​ទុកជា​ចំណេះ​ដឹង​តាម​រយៈ​ទស្សនាវដ្ដី សុខភាព​យើង។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ជម្ងឺ​វក់ចិត្ដ
ជម្ងឺ​វក់់ចិត្ដ​កើតមានឡើងលើ​មនុស្ស​ដែល​មាន​ទម្លាប់ និង​បន្ទុក​ច្រើន តម្រូវ​ឱ្យមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​ដោះ ស្រាយ​កិច្ច​ការ​ទាំង​នោះ ឬ​ប្រភេទ​មនុស្ស​ដែល​គិត​អ្វីៗ​បែប​សាំញ៉ាំ ឆាប់​តូច​ចិត្ដ រហ័ស​ខឹង គ្មាន​ជំនឿ​ចិត្ដ​លើខ្លួន​ឯង និង​មាន​អារម្មណ៍ មិន​ដាច់​ស្រាច់ ឬជ្រះ​ស្រឡះ ដោយ​សារ​មាន​ការ​គ្រប់គ្រង​សតិ​ទាប ព្រោះតែ​ការ​ផ្ដោត​ចិត្ដ ឬ​ចង់បាន​ហួសហេតុ​ពេក។
រោគ​សញ្ញាណ​ជម្ងឺ​វក់​ចិត្ដ
យើងអាច​សម្គាល់​ឃើញ​ថា អ្នកដែល​មាន​អារម្មណ៍​ងប់ងល់ ឬ​អ្នក​ជម្ងឺ​វក់ចិត្ដ តាម​រយៈ​សកម្ម​ភាព និង​អាការ​មួយ​ចំនួន ដូច​ខាង​ក្រោម ៖
  • មាន​អារម្មណ៍វិ​លវល់ ចេះតែ​សង្ស័យ​ជាមួយ​នឹង​ភាព​ក្រៀមក្រំ ដែល​បង្ហាញ​ពីភាព​មិនដាច់​ស្រេច និង​ជ្រះ​ស្រឡះ​ពីការ ងារ​របស់​ខ្លួន តាម​រយៈ​ការសម្ដែង​ចេញ​តាម​ផ្ទៃមុខ​របស់​អ្នកជម្ងឺ។
  • ពុំមាន​អារម្មណ៍ ឬ​ពុំ​សប្បាយ​រីករាយ​ចំពោះ​អ្វីផ្សេងៗ​ទៀត ក្រៅ​ពី​សកម្មភាព​របស់​ខ្លួន​ឯង។
  • ភ្លេចភ្លាំង​ច្រើន ចូលចិត្ដ​ភាព​ឯកោ និង​ធ្វើអ្វី​ដែល​អាថ៌​កំបាំង ប្លែកៗ ដែល​មើលទៅ​មាន​បញ្ហា។
  • ទទួលទាន​ដំណេក​ពុំសូវ​លក់ គ្មាន​កម្លាំង​កំហែង បរិភោគ​មិនបាន ដោយ​សារ​ការ​ជំពាក់​ចិត្ដ​លើ​ការងារ។
  • អសកម្ម និង​គ្មាន​ទំនាក់​ទំនង​ចំពោះ​អ្នក​ជុំវិញ​ខ្លួន។
  • ខ្វាយខ្វល់ គិត​ព្រួយ​ច្រើន ផ្ចង់​អារម្មណ៍​ក្នុង​ការ​បំពេញ​ការងារ​ហួសកម្រិត ព្រោះ​តែស្លុង​ចិត្ដ។
មូលហេតុ​បង្កការ​វក់ចិត្ដ
ជា​ទូទៅ​ការ​វក់ចិត្ដ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង ដូច​ជា​កត្ដា​សុខភាព​ផ្លូវចិត្ដ កត្ដា​សុខភាព​ផ្លូវកាយ រួម​ទាំង មជ្ឈដ្ឋាន​ជុំវិញ​ខ្លួនជា​ដើម មូល​ហេតុ​ទាំង​អស់​នោះ​មាន​ដូចជា ៖
  • កត្ដា​សុខភាព​ផ្លូវចិត្ដ ៖ ដោយ​ផ្ដោត​ទៅលើ​សុខភាព​ផ្លូវចិត្ដ ការ​វក់ចិត្ដ​គឺជា​អាការ​មួយ​ដែល​បង្ក​ដោយ​ជម្ងឺ​ផ្លូវចិត្ដ ពិសេស ទាក់​ទង​ទៅ​នឹង​ការ​គិត​ច្រើន ការ​ចង់បាន ការ​មួម៉ៅ ការ​តូចចិត្ដ ភាព​ស្រពេច​ស្រពិល​ដែល​មាន​ប្រភព​ពីការ​ខ្វះជំនឿ​ជាក់។ ការ​ប៉ះទង្គិច​លើផ្លូវចិត្ដ​បែបនេះ នាំ​ឱ្យ​អារម្មណ៍​របស់​អ្នក​ជម្ងឺ​ជួប​បញ្ហា​ធ្ងន់ធ្ងរ អាច​ឈាន​ទៅដល់​ការ​បាត់បង់​អារម្មណ៍។
  • សុខ​ភាព​ផ្លូវកាយ និង​មជ្ឈដ្ឋាន​ជុំវិញ ៖ ដោយសារ​តែប្រព័ន្ធ​សរសៃ​ប្រសាទ​មិន​អាច​បែង​ចែក​ការងារ និង​ការគិត​ឱ្យបាន
    ល្អ ជា​មូលហេតុ​ដែល​ធ្វើឱ្យ​សរសៃ​ខួរក្បាល​រង​នូវ​សម្ពាធ​ធ្ងន់​ធ្ងរ​ក្នុង​ ទំនួល​ខុសត្រូវ​ចេញពី​ប្រភព​ការងារ គ្រួសារ បូករួម​នឹង​មជ្ឈដ្ឋាន
    ដែល​កំពុង​ត្រូវទទួលរង​បំពុល​ពីសារ​ធាតុ​ពុល និង​ជាតិ​គិមី​ផ្សេងៗ​នោះ មាន​ឥទ្ធិពល​លើដំណក​ដង្ហើម​របស់​មនុស្ស។ ការ​ស្រូប​ចូល សារ​ធាតុជាតិ​ពុល​គីមី​ទាំង​នោះ ជា​ដើម​ហេតុដែល​ធ្វើឱ្យ​មាន​ភាព​ចុះ​ខ្សោយញាណ​នៃ​ការ​ទទួល​ដឹងយល់ និង​បែង​ចែក​ចំណាត់​ថ្នាក់វត្ថុ នៅ​ជុំវិញ​ខ្លួន។
ផល​ប៉ះពាល់​នៃជម្ងឺ​វក់ចិត្ដ
ភាព​ងប់ងល់​នៃការ​វក់ចិត្ដ​នេះ​ធ្វើឱ្យ​លោក​អ្នក​ជួប​បញ្ហាជា​ច្រើន។ ការ​វក់​ចិត្ដ​មាន​ផលប៉ះពាល់​យ៉ាងច្រើន​ប្រការ​ចំពោះ​ខ្លួន លោក​អ្នក​ផ្ទាល់ខ្លួន និង​អ្នកដទៃ។ ការ​វក់​នេះ​ជា​មូលហេតុ​ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការងារ គ្រួសារ ធ្វើ​​ឱ្យ​លោក​អ្នក​មាន​ការ​ខ្វល់ ខ្វាយ​ច្រើន​ចំពោះ​កិច្ច​ការ​ដដែល ប៉ះ​ទង្គិច​ទៅ​លើផ្លូវ​ចិត្ដ បាត់​បង់​នូវ​ការ​គ្រប់គ្រង​អារម្មណ៍​បន្ដិច​ម្ដងៗ រហូត​បង្ក​ជា​ជម្ងឺផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ ប្រសិន​បើលោកអ្នក​មិន​រកវិធី​ទប់ស្កាត់ ឬ​ក៏ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវតាម​ក្បួន​ចិត្ដ​វិទ្យា​នោះទេ។
វិធី​សាស្ដ្រ​ព្យា​បាល​ជម្ងឺ​វក់​ចិត្ដ
នៅពេល​ដែល​លោក​អ្នក​សង្កេត​ឃើញ និង​ដឹង​ថា​បុគ្គល​ណាម្នាក់​មាន​ជម្ងឺ​វក់ចិត្ដ លោកអ្នក​ត្រូវ​ខិតខំ​ពង្រឹង​ផ្លូវចិត្ដ​អ្នក​ទាំង នោះ​ជាប្រចាំ និង​រក​ដំណោះ​ស្រាយ។ ព្រោះ​ថា​អ្នក​ជម្ងឺ​ផ្លូវចិត្ដ​បែប​នេះ ពុំមាន​អារម្មណ៍​ប្លែក​ពី​សកម្មភាព​ខ្លួន​ឯង​ឡើយ ជា​ពិសេស​ពួក គាត់​ក៏មិន​អាច​ជួយ​ខ្លួនឯង​បាន​ផង​ដែរ។ មធ្យោបាយ​បំបាត់​ជម្ងឺនេះ​មាន​ច្រើន​បែប ដែល​អាច​ឱ្យយើង​យក​វិធីទាំង​នោះ​មក​អនុវត្ដ​បាន ដូចជា ៖
1. ចិត្ដ​សាស្ដ្រ ៖ សមា​ជិក​ក្រុមគ្រួសារ មិត្ដ​ភក្ដិ និង​អ្នកជុំវិញ​អ្នក​ជម្ងឺ​មាន​តួនាទី និង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលី​អ្នក​ជម្ងឺ។ លោកអ្នក​មាន​កាតព្វកិច្ច​ក្នុង​ការ​ចង្អុល​បង្ហាញ​ដល់​អ្នក​ជម្ងឺ​រាល់ភាព​ ប្រក្រតី​របស់​ពួក​គេ ដោយ​ការ​លើក​ទឹកចិត្ដ​ពោរពេញ​ដោយ​សម្ដីឬ ពាក្យ​ផ្អែម​ល្ហែម​ក្នុងការ​ពន្យល់​ប្រាប់​ពួកគេ វា​ជា​ប្រការ​មួយ​ដ៏ប្រសើរ​ដល់​អ្នក​ជម្ងឺ និង​ធ្វើឱ្យ​អ្នក​ជម្ងឺ​អាច​កាត់​បន្ថយ​នៃការ​វក់​នោះ​បាន មួយ​ផ្នែក។
2. ការ​ព្យាបាល ៖ ជម្ងឺ​វក់ចិត្ដ​ជា​ជម្ងឺ​ដែល​អាច​ព្យាបាល​បាន បើសិន​ជាអ្នក​ជម្ងឺ​ពុំទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ។ ក្រុម គ្រួសារ​គួរ​គប្បី​នាំ​អ្នក​ជម្ងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ពី​សំណាក់​អ្នក​ឯកទេស​ផ្លូវចិត្ដ។
ដំបូន្មាន​អ្នកជំនាញ
សេច​ក្ដីសុខ​ខាង​អារម្មណ៍​ជា​កត្ដា​ចាំបាច់​របស់​មនុស្ស​ម្នាក់ៗ ដែល​កើត​មាន​ជាមួយ​មនុស្ស​តាំង​ពី​កំណើត​មក​ម្ល៉េះ។ ការ​ថែ រក្សា​សុខភាព​ផ្លូវចិត្ដ​ឱ្យ​បាន​ល្អ វា​ទាក់ទង​ទៅ​នឹ​ង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​មនុស្ស​ម្នាក់ រួម​មាន​គ្រួសារ មិត្ដ​ភក្ដិ អ្នក​នៅ​ជុំវិញ​ខ្លួន និងជំនឿ របស់សង្គមជាដើម។ មាតាបិតាគ្រប់រូបគួរយកចិត្ដទុកដាក់ និងស្ដីប្រដៅកូនចៅឱ្យបានល្អ ចៀសវាងពាក្យសម្ដី ឬ​សកម្ម​ភាព​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួកគេ។

មើល​ទូរទស្សន៍ ប៉ះពាល់​ផ្លូវចិត្ដ​កុមារ

រូបភាព​ដែលបាន​ស្ដែងចេញ​ពីការ​មើល​ទូរទស្សន៍​អាច​ធ្វើឱ្យ​ លោកអ្នក និង​កុមារ​ដិតអារម្មណ៍​ជាប់​ក្នុងចិត្ដ​ជានិច្ច ទាំងរូបភាព​សំណើច បាញ់​ប្រហារ កាប់​សម្លាប់ ភ័យ​តក់ស្លុត រន្ធត់ញាប់ញ័រ ឬការ​កម្សាន្ដ​សប្បាយៗ​ជាដើម។ ការដែល​ទស្សនា​ខ្សែភាពយន្ដ បែប​ភ័យខ្លាច ព្រឺព្រួច ផ្សង​គ្រោះថ្នាក់ ជួប​ហេតុការណ៍​អាក្រក់ ការស្លាប់​បាត់បង់​ជីវិត ឬអំពើ​ឃោរឃៅ គឺអាច​នឹង​ធ្វើឱ្យ​លោកអ្នក​មួយចំនួន​ដែលមាន​សុខភាព​ផ្លូវចិត្ដ​មិន​រឹងមាំ ជាពិសេស​កុមារ​ងាយ​មាន​អារម្មណ៍​ភ័យខ្លាច​នឹង​ហេតុការណ៍​ដែលបាន​កើតឡើង​ នៅក្នុង​សាច់រឿង​បំផុត ដោយ​សារតែ​បុគ្គល​ទាំងនោះ​មិនទាន់​មានចិត្ដ​ក្លាហាន​ប្រឈម​នឹងហេតុ​ទាំងអស់​ នោះបាន។


រូបភាពទស្សនាវដ្ដីសុខភាពយើង
វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត បកស្រាយ​ពីការ​មើល ទូរទស្សន៍ និង​ផ្លូវចិត្ដ​កុមារ​ជូន​ប្រិយមិត្ដ​ឱ្យបាន​ជ្រាប តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។
ហេតុអ្វី​កុមារ​ចូលចិត្ដ​មើល​ទូរទស្សន៍​ដូច​មនុស្ស​ធំដែរ?
កុមារ​មួយចំនួន​ចូលចិត្ដ​តាមដាន​សាច់រឿង​ដូច​មនុស្ស​ធំអ៊‌ីចឹង​ដែរ កុមារ​ខ្លះ​ចូលចិត្ដ​មើល​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ខ្លះ​ចូលចិត្ដ​មើល​កម្មវិធី​ចម្រៀង ខ្លះ​ចូលចិត្ដ​មើល​កម្មវិធី​កុមារ​ដូចគ្នា ហើយ​កុមារ​ខ្លះទៀត​ចូលចិត្ដ​មើល​តាម​សារជាតិ​ជាកុមារ គឺ​មើលតែ​គំនូរ​ជីវចល​តែ​ប៉ុណ្ណោះ។ ការដែល​កុមារ​ចូលចិត្ដ​ទស្សនា​កម្មវិធី​ប្រភេទ​ផ្សេងៗ​គ្នាបែប​នេះគឺមក​ ពីចំណង់​ចំណូល​ចិត្ដ​របស់កុមារ​ម្នាក់ៗ ហើយក៏​មកពី​និស្ស័យ​ខុសៗគ្នា​របស់​កុមារ​ផងដែរ។ ការ​ទស្សនា​ទូរទស្សន៍​ក៏អាច​ធ្វើឱ្យ​កុមារ​មានការ​រីកចម្រើន​ផ្នែក​បញ្ញា​ ស្មារតី​មួយចំនួន​ផងដែរ តែ​ទន្ទឹមនឹង​នេះការ​មើល​ទូរទស្សន៍​ក៏អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​កុមារ​ ផងដែរ។
ទំនាក់​ទំនង​ការមើល​ទូរទស្សន៍ និង​ផ្លូវចិត្ដ​កុមារ
កុមារ​ភាគច្រើន​ចូលចិត្ដ​មើល​តុក្កតា​ឬគំនូរ​ជីវចល​ច្រើនជាង​ខ្សែភាពយន្ដ ហើយ​គំនូរ​ជីវចល​ភាគច្រើន​បានផ្ដល់​នូវ​ចំណេះដឹង​ជាច្រើន​ដល់​កុមារ។ ដូចនេះ​កុមារ​ដែលបាន​ទស្សនា​គំនូរជីវចល​ប្រភេទ​ទាំងនោះ​ធ្វើឱ្យ​ទទួលបាន​នូវ ​ចំណេះដឹង​មួយចំនួន ជា​ឧទាហរណ៍​ដូចជា​ការសរសេរ​ជាភាសា​អង់គ្លេស​ជាដើម។ ផ្ទុយ​ទៅវិញ​ក៏មាន​កុមារ​មួយចំនួន​ចូលចិត្ដ​មើល​ទូរទស្សន៍​បែបខ្សែ​ភាពយន្ដ ដូចមនុស្ស​ធំ​ផងដែរ ហើយ​ការមើល​នោះទៀត​សោត​ច្រើនតែ​ខ្សែ​ភាពយន្ដដែល​បង្ហាញ​ពីការ​សប្បាយ​រីករាយ កំប្លុក​កំប្លែង គឺ​មិនចោទ​ជាបញ្ហា​អ្វីចំពោះ​កុមារ​នោះទេ។ តែបើសិនជា​សាច់រឿង​នោះមាន​ភាព​ភ័យរន្ធត់ ខ្មោច ផ្សងព្រេង​គ្រោះថ្នាក់​ដល់​ជីវិត គឺអាច​នឹងធ្វើឱ្យ​អារម្មណ៍​កុមារ​ដិតជាប់​នូវ​រូបភាព​ដ៏គួរឱ្យ​ភ័យខ្លាច និង​អាកប្ប​កិរិយា​កាចសាហាវ​ទាំងនោះ។ ដូចនេះ​ការមើល​ខ្សែភាពយន្ដ​បែបភ័យ​ខ្លាច រន្ធត់ គឺងាយ​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ចំពោះ​ផ្លូវចិត្ដ​កុមារ​ខ្លាំង​បំផុត។ ចំពោះ​សាច់រឿង​ដែល​បង្ហាញ​ពីការ​កាប់សម្លាប់ អំពើ​កាចសាហាវ​វិញ​នោះ ក៏ងាយ​នឹងធ្វើ​ឱ្យកុមារ​ធ្វើតាម​អាកប្បកិរិយា​ទាំងនោះ​ដែរ។ ដូចនេះ​កុមារ​មិនត្រូវ​មើលរូបភាព​ទាំងអស់​នោះទេ ព្រោះ​វាអាច​បង្កឱ្យ​មានផល​ប៉ះពាល់។ លោកអ្នក​អាចឱ្យ​កុមារ​ទស្សនាខ្សែ​ភាពយន្ដ​គំនូរជីវចល​បែប​​​​​​ការ​អប់រំ ឬ​ភាព​សប្បាយ​រីករាយ​ជាដើម គឺមាន​ភាព​ប្រសើរ​ជាជាងឱ្យ​កុមារ​ទស្សនា​ខ្សែភាពយន្ដ​បែប​ភ័យខ្លាច និង​កាច​សាហាវ។
ផល​ប៉ះពាល់​ចំពោះ​កុមារ
បើមាន​ប្រដាប់​ប្រដាក្មេង​លេង គួរទុក​ឱ្យកុមារ​អង្គុយ​លេង ឬមាន​កុមារ​ដទៃ​មកលេង​ជាមួយ។ ដូចនេះ​កុមារ​មិនសូវ​ជាចាប់អារម្មណ៍​មកមើល​ទូរទស្សន៍​នោះទេ។ ការ​មើលទូរទស្សន៍​ក៏អាច​មានផល​ប៉ះពាល់​ចំពោះ​កុមារ​ផងដែរ ជាពិសេស​គឺ​ប៉ះពាល់​ផ្នែក​សុខភាព​ផ្លូវចិត្ដ​កុមារ។ បើកុមារ​ទស្សនា​រឿងកម្សាន្ដ​សប្បាយៗ មានការ​អប់រំ​ល្អៗ កុមារក៏​ទទួល​បាននូវ​អ្វី​ទាំងនោះ​ដែរ តែ​បើកុមារ​ទស្សនា​រឿង​ភ័យខ្លាច បាញ់​ប្រហារ សម្លាប់ កុមារ​ក៏មាន​ប៉ះពាល់​អារម្មណ៍​ទៅតាម​នោះដែរ។ បើឱ្យ​កុមារ​មើល​ទូរទស្សន៍​ច្រើនពេក កុមារ​មិនមាន​ការ​លូតលាស់ ទាំងផ្នែក​បញ្ញាស្មារតី និង​រូបរាងកាយ​នោះឡើយ។ កុមារ​ត្រូវការ​លេង​ដើម្បី​បញ្ចេញ​ថាមពល និងមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែលនៅ​ជុំវិញខ្លួន។ នៅពេល​ដែល​កុមារ​មើល​ខ្សែភាពយន្ដ​បែប​ភ័យខ្លាច តក់ស្លុត រន្ធត់ អារម្មណ៍​កុមារ នៅតែ​មាន​ភ័យខ្លាច​នឹង​រូបភាព​ទាំងអស់​នោះ ហើយ​អាចធ្វើ​ឱ្យក្មេង​គេងមមើ និង​មានយល់​សប្ដិ​អាក្រក់​ផងដែរ។ បើសិន​ជាក្មេង មើល​ខ្សែភាពយន្ដ​ភ័យខ្លាច រួចហើយ​មានអាការ​មិនធម្មតា​ផ្នែក​ផ្លូវចិត្ដ ដូចជា​ខ្លាច​ញឹកញាប់ ឬ​និយាយ​តែ​ម្នាក់ឯង ត្រូវ​ប្រញាប់​យកទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ដ​កុមារ​ ឱ្យបាន​រួសរាន់ ដើម្បី​បញ្ជាក់​ឱ្យច្បាស់​ពីអាការ​ទាំងនោះ។
សូម​កាត់បន្ថយ​កុំឱ្យ​កុមារ​មើល​ទូរទស្សន៍​ច្រើនពេក
ដើម្បី​កាត់បន្ថយ​ការមើល​ទូរទស្សន៍​របស់​កុមារ គឺ​ត្រូវឱ្យ​កុមារ​មាន​សកម្មភាព​ផ្សេងៗ​ឱ្យបាន​ច្រើន​ជាងការ​មើល​ទូរទស្សន៍ ដូចជា​ការលេង​ល្បែង​ដែលមាន​ប្រយោជន៍​ចំពោះ​ការគិត​របស់​កុមារ ឬ​ទៅលេង​ជាមួយ​មិត្ដភក្ដិ។ មិនត្រូវ​តាមចិត្ដ​រាល់ពេល​ដែល​កុមារ ទាមទារ​មើល​ទូរទស្សន៍​នោះទេ ប៉ុន្ដែ​បើសិន​ជាកុមារ​មាន​ភាពមានៈ លោកអ្នក​ត្រូវដាក់​កំណត់​ពេលវេលា​ជាមួយ​កុមារ ដល់​ពេលចប់ បើកុមារ​មិនព្រម​ឈប់មើល លោកអ្នក​គប្បី​សម្រួល និង​រិះរក​អ្វីមក​ជំនួស​ពីការ​មើល​ទូរទស្សន៍​មក​ជាការ​លេងអ្វី​ផ្សេងវិញ តែត្រូវ​ចៀសវាង​ការ​ស្រែក​គំហក និង​ការ​វាយដំ​កុមារ។
ដំបូន្មាន​អ្នក​ជំនាញ
លោកអ្នក​មិនត្រូវ​មានភាព​តឹងតែង ឬដាក់​សម្ពាធ​ទៅលើ​កូន​នោះទេ ការ​ដែលធ្វើ​ដូចនេះ​នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ។ លោកអ្នក​គប្បី​ផ្ដល់​ភាព​កក់ក្ដៅ ក្ដីស្រឡាញ់​ថ្នាក់ថ្នម​ចំពោះ​កូន​ឱ្យបាន​ច្រើន ពុំគប្បី​អប់រំ​កូន​ដោយ​ប្រើអំពើ​ហិង្សា​នោះទេ ត្រូវ​លើក​ទឹកចិត្ដ ផ្ដល់ភាព​ជឿជាក់ និងមាន​ភាព​ម៉ត់ចត់​ចំពោះ​កូន ហើយ​ត្រូវ​ស្វែងយល់​ចិត្ដកូន​ថាកូន​កំពុង​ត្រូវការ​អ្វីខ្លះ​ពី​លោកអ្នក។

ជម្ងឺ​កម្សត់

លោកអ្នក​មួយចំនួន​តែងតែ​មានការ​ ប៉ះទង្គិច​ផ្នែកផ្លូវ​អារម្មណ៍​ដែលជា​ហេតុការណ៍​មួយ​កើតឡើង​ដោយសារ​ ភាពរន្ធត់ ឈឺចាប់ អារម្មណ៍​ខ្លោចផ្សា រហូត​ធ្វើឱ្យ​ស្រមោល​អតីតកាល​ទាំងនេះ​ដិតដាម​ដោយភាព​ហ្មងសៅ​ដក់ជាប់​ក្នុង​ ខួរក្បាល។ លើសពី​នេះ លោកអ្នក​មួយចំនួន​ទៀត​មានអាការ​ខូចចិត្ដ សោកស្ដាយ ឬមាន​ជម្ងឺ​ស្ដាយក្រោយ​ជាដើម។ អាការ​ទាំងនេះ​ហើយបាន​បញ្ជ្រាប​ឱ្យមនុស្ស​ដែល​ទទួលរង ឬ​ប៉ះទង្គិច​នូវ​ហេតុការណ៍​ខាងលើនេះ​បង្កឱ្យ​មានជម្ងឺ​កម្សត់​តែម្ដង។


រូបភាពទស្សនាវដ្តីសុខភាពយើង
ដើម្បី​ជម្រាបជូន​លោកអ្នក​ឱ្យយល់​ច្បាស់អំពី​ជម្ងឺ​ខាងលើ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ​នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ធ្វើការ​បកស្រាយ​ដូចតទៅ។
ជម្ងឺ​កម្សត់​ជាអ្វី?
ជម្ងឺកម្សត់​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតឡើង​ដោយសារ​ព្រឹត្ដការណ៍​រន្ធត់ ឈឺចាប់ ស្ដាយក្រោយ។ ភាគច្រើន​នៃអ្នក​ដែលមាន​ជម្ងឺនេះ ច្រើន​កើតមាន​ឡើង​ចំពោះ​គ្រួសារ​ខ្លួនឯង​ដែល​បាត់បង់​អ្វីមួយ​ឬបាត់បង់​ សមាជិក​គ្រួសារ​ដែល​ជាទី​ស្រឡាញ់ ក្នុង​ហេតុការណ៍​ដ៏អាក្រក់​បំផុត។ ហើយ​កត្ដា​ទាំងនេះ​បានជំរុញ​ឱ្យមាន​អនុស្សាវរីយ៍​ឈឺផ្សា​ដក់ជាប់​ក្នុង​ ខួរក្បាល ឬ​បេះដូង​តែម្ដង។ មនុស្ស​ប្រភេទ​នេះ ងាយ​ធ្វើឱ្យ​មានការ​ប៉ះទង្គិច​ផ្នែកផ្លូវ​អារម្មណ៍ ឱ្យតែមាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ក៏ដោយ សូម្បីតែ​អ្នកដទៃ​ពេលដែល​បានឮ​គេនិយាយ​ឬគេប្រាប់​គឺហូរទឹកភ្នែក​ដោយ​ មិនដឹងខ្លួន​តែម្ដង។
កត្ដា​ដែលបាន​ជំរុញ​ឱ្យមាន​ជម្ងឺកម្សត់
លោកអ្នក​មួយចំនួន​ដែលមាន​ជម្ងឺ​កម្សត់​នោះ អាចមាន​កត្ដា​៣យ៉ាង។ កត្ដា​ទីមួយ​មកពី​កត្ដាសង្គម កត្ដាទីពីរ​មកពី​កត្ដាចិត្ដសាស្ដ្រ កត្ដាទី៣​មកកត្ដា​ជីវសាស្ដ្រ។
1 . កត្ដា​ដែលកើត​ចេញពី​សង្គម ៖ គឺ​កើតឡើង​ដោយសារ​មានតំណពូជ ព្រោះ​តែបាត់បង់​មនុស្ស​ដែលខ្លួន​ស្រឡាញ់ ឬ​រស់ នៅក្នុង​បរិយាកាស​ស្រងេះ​ស្រងោច​ម្នាក់ឯង មាន​អារម្មណ៍​ឯកា​មិនហ៊ាន​ចេញទៅ​ណាមកណា​នោះទេ គឺ​ចូលចិត្ដ​សម្ងំ​នៅក្នុង​បន្ទប់តែ​ម្នាក់ឯង ហើយ​មិនសូវ​ចូលចិត្ដ​និយាយ​ទៅកាន់​អ្នកដទៃ​ឡើយ។ បញ្ហានេះ​ហើយ​បានជំរុញ​ឱ្យមនុស្ស​ប្រភេទ​នេះ មានជម្ងឺ​កម្សត់​តែម្ដង។
2 . កត្ដា​ចិត្ដសាស្ដ្រ ៖ គឺជា​កត្ដាមួយ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺកម្សត់​ផងដែរ។ កត្ដានេះ​សំខាន់​ណាស់ ព្រោះ​វាអាច​ប៉ះពាល់ ដល់​សតិអារម្មណ៍ទាំ​ងមូល និង​ចិត្ដគំនិត អាច​ធ្វើឱ្យ​បុគ្គល​ក្លាយជា​មនុស្ស​វិកលចរិត​ដោយមិន​ដឹងខ្លួន។
3 . កត្ដា​ជីវសាស្ដ្រ ៖ គឺជាការ​រស់នៅ​ជួបផល​លំបាក ទុក្ខវេទនា ជីវភាព​រកព្រឹក​ខ្វះល្ងាច។ កត្ដានេះ​ហើយ​ក៏អាច​ជំរុញ​ឱ្យ លោកអ្នក​មានជម្ងឺ​កម្សត់​បានដែរ។
រោគសញ្ញា​ជម្ងឺ​កម្សត់
រោគសញ្ញា​ជម្ងឺក​ម្សត់​អាចចែកចេញ​ជាពីរ ៖ រោគសញ្ញា​ស្ដែងចេញ​ឱ្យឃើញ​ជាក់ស្ដែង និង​រោគសញ្ញា​មិន​ពិតប្រាកដ។
1 . រោគសញ្ញា​កម្សត់​ស្ដែងចេញ​ឱ្យឃើញ ៖ គឺជាការ​បង្ហាញ​នូវអត្ដចរិត​ស្រងេះស្រងោច ស្រគត់​ស្រគំ ហើយជា​មនុស្ស​ចូល ចិត្ដ​សម្ងំ​នៅក្នុង​បន្ទប់​តែម្នាក់ឯង មិនសូវ​ចូលចិត្ដ​ភាពអ៊ូអរ ហើយមិន​ចូលចិត្ដ​និយាយ​ច្រើន។ អ្នកមាន​ជម្ងឺ​កម្សត់​ប្រភេទ​នេះ ជាមនុស្ស អៀន​ច្រើនផង​ដែរ។ មិនតែ​ប៉ុណ្ណោះ​ធ្វើឱ្យ​អ្នកជម្ងឺ​ដេក​មិនលក់ អស់​កម្លាំង ទទួលទាន​អាហារ​មិនសូវ​បាន។ ក្រៅពីនេះ​អ្នកដែល​មានជម្ងឺកម្សត់​មិនសូវ​ចូលចិត្ដ​ធ្វើការងារ​ប៉ុន្មាន​ឡើយ ហើយ​បាត់បង់​ភាព​ជឿជាក់ អស់សង្ឃឹម ពេលខ្លះ​អាចឈាន​ដល់ការ​ចង់សម្លាប់​ខ្លួន មាន​អារម្មណ៍​ឯកោ មានអារម្មណ៍​ធុញទ្រាន់។
2 . រោគសញ្ញា​កម្សត់​មិន​ពិតប្រាកដ ៖ អ្នកជម្ងឺ​ប្រភេទនេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​រាងកាយ ព្រោះ​វាអាច​កើតឡើង​ដោយសារ បរិយាកាស​សង្គម មានគ្រោះ​ទុរក្ភិក្ស មានរឿង​ចលាចល ស្រុក​ក្រខ្សត់​ជាដើម។ អ្នកដែល​យកហេតុការណ៍​នេះមកដាក់​ក្នុងចិត្ដ ឬ​បេះដូង​ភាគច្រើន​ធ្វើឱ្យ​ខ្លួនឯង​កម្សត់​ដោយមិន​ដឹងខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង
វិធី​ព្យាបាល​ជម្ងឺកម្សត់
ប្រសិនបើ​លោកអ្នក​មានបងប្អូន ឬ​ក្រុមគ្រួសារ​មានជម្ងឺ​នេះ​កើតឡើង គឺត្រូវ​យកអ្នកជម្ងឺ​ទៅព្យាបាល​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ដ។ បន្ទាប់មក​ត្រូវធ្វើការ​គាំទ្រ​ទៅលើ​អ្នកជម្ងឺ​ឱ្យលុប​បំបាត់ភាព​សៅហ្មង ភាព​ឈឺចាប់ ឬភាព​ស្ដាយក្រោយ។ ជាពិសេស​រឿងរ៉ាវ​អាក្រក់ៗ​ដែល​កើតឡើង​ពីអតីតកាល ឬ​បច្ចុប្បន្នកាល​ជាដើម។ អ្នកជម្ងឺ​ប្រភេទ​នេះ ត្រូវធ្វើ​យ៉ាងណា​ជំរុញដល់​ពួកគេ​ឱ្យបង្ក​បរិយាកាស​ក្នុងសង្គម​ឱ្យបាន​ច្រើន បង្កភាព​សប្បាយរីករាយ និង​កម្សាន្ដនានា។ ព្រោះវា​អាចចៀស​ផុតនូវ​ស្លាកស្នាម​អនុស្សាវរីយ៍​ឈឺចាប់​កន្លងមក។
វិធី​ការពារ​ជម្ងឺកម្សត់
ដើម្បី​ការពារ​កុំឱ្យ​មានជម្ងឺ​កម្សត់នេះ លោកអ្នក​ត្រូវតែ​តាំងអារម្មណ៍​ខ្លួនឯង​ថា ត្រូវធ្វើ​យ៉ាងណា​បំភ្លេច​រឿងរ៉ាវ​អាក្រក់ៗ​ចោលឱ្យ​អស់ លុបបំបាត់​ការ​ឈឺចាប់ ភាព​សៅហ្មង ហើយ​ត្រូវស្វែងរក​បរិយាកាស​ក្នុងសង្គម​ណាដែល​ល្អៗ ឧស្សាហ៍​ចូលរួម​ជាក្រុម​ជាមួយ​មិត្ដភក្ដិ ក្រុមគ្រួសារ។ ត្រូវ​ចៀសវាង​ដាច់ខាត​ការពារ​ឱ្យបាន​នូវជម្ងឺ​ស្ដ្រេស ព្រោះ​វាជាដើម​ចមបង្ក​ឱ្យមាន​ជម្ងឺកម្សត់​នេះតែម្ដង។ ប្រសិនបើ​ស្ដ្រេសនេះ​កើតមាន​រ៉ាំរ៉ៃ​ក្នុងខ្លួន​លោកអ្នក​នោះ យូរទៅៗ​វាអាច​បង្កឱ្យ​មានជម្ងឺ​វិកលចរិត​តែម្ដង។ ដូច្នេះ​ហើយ​ត្រូវ​ការពារ​យ៉ាងណា ត្រូវ​ធ្វើការ​កែអារម្មណ៍​ខ្លួនឯង​ឱ្យបានល្អ ទទួលយក​ខ្យល់​ឬបរិយាកាស​បរិសុទ្ធ លះបង់ភាព​សោកសៅ។ បញ្ហានេះ​អាចការពារ​កុំឱ្យ​មានជម្ងឺ​ស្ដ្រេស​ជ្រៀតចូល​បានទៀតផង។
ផលប៉ះពាល់​នៃជម្ងឺ​កម្សត់
ប្រសិនបើ​លោកអ្នក​មិនយក​អ្នកជម្ងឺ​កម្សត់​ទៅព្យាបាល​ឱ្យទាន់​ពេលវេលា​ ទេនោះ អ្នកជម្ងឺ​អាចក្លាយ​ទៅជា​មនុស្ស​វិកលចរិត ឬ​មានជម្ងឺ​សរសៃ​ប្រសាទ​នៅថ្ងៃ​ណាមួយ​មិនខាន​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺនេះ​ប្រសិនបើ​គ្មានអ្នក​គាំពារ ឬ​អ្នកមើល​ការ​ខុសត្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ អាចធ្វើ​ឱ្យអ្នក​ជម្ងឺបាក់​ទឹកចិត្ដ មាន​អារម្មណ៍​មួហ្មង ហើយ​អាចឈាន​ដល់ការ​សម្លាប់ខ្លួន​ផងដែរ។
ដំបូន្មាន​អ្នកជំនាញ
ដើម្បី​ចៀសផុត​ជម្ងឺកម្សត់ លោកអ្នក​ត្រូវតែ​លុបបំបាត់​ស្លាកស្នាម​អនុស្សាវរីយ៍​ដែល​កើតឡើង​អាក្រក់ៗ ឬ​បំផ្លាញ​បរិយាកាស​អួអាប់​ចេញពី​ក្នុងខ្លួន ស្វែងរក​ទីតាំង​ណាមួយ​ដែល​ប្រកបដោយ​សុវត្ថិភាព ដើម្បី​លំហែ​អារម្មណ៍​ឱ្យបាន​ស្រស់ថ្លា។ ត្រូវ​បំភ្លេច​អាការ​ឈឺចាប់ ភាព​សៅហ្មង ហើយត្រូវ​ចេះស្វែងរក​ដៃគូល្អ​មកសាសង​ជាមួយគ្នា​ពីនេះ​ពីនោះ​លេងកម្សាន្ដ។ បើសិន​លោកអ្នក​ប្រើវិធី​របៀប​នេះបាន នឹង​កាត់បន្ថយអា​រម្មណ៍​ធុញថប់ ហើយជម្ងឺ​កម្សត់​មិនអាច​ចូលលុក​លុយបាន​ឡើយ។

មនុស្ស​ត្រូវ​ការ​ការ​លួង​លោម

បញ្ហា​ជា​ច្រើន​ដែល​ កើត​ឡើង អាច​ធ្វើឱ្យ​លោក​អ្នក​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ ធ្លាក់​ទឹក​ចិត្ដ មិន​សប្បាយ​ចិត្ដ​ខកចិត្ដ​អស់ សង្ឃឹម ឬបាត់​បង់​កម្លាំង​ចិត្ដ​ជាដើម។ មនុស្ស​ជាច្រើន​មាន​ការ​ពិបាក​ចិត្ដ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​រឿង​រ៉ាវ​កើត​ ឡើង​ផ្ទុយ​ពីអ្វី​ដែល ខ្លួន​ឯង​ចង់​បាន។ បញ្ហា​ស្មុគ​ស្មាញ​ទាំង​នេះ​​អាច​ធ្វើឱ្យ​មាន​ផល​វិបាក​ក្នុង​ការ​រស់​នៅ​ ប្រចាំ​ថ្ងៃ​ព្រោះ​មិន​ដឹងថា​ត្រូវ​សម្រួល​ចិត្ដ​យ៉ាង​ណា ដើម្បី​​បំភ្លេច​ចោល​នូវ​បញ្ហា​នោះ។ ដូច​នេះ​ការ​ផ្ដល់​នូវ​ភាព​លួង​លោម លើក​ទឹក​ចិត្ដ​ជាកត្ដា​សំខាន់​មួយ​អាច​ធ្វើឱ្យ​មនុស្ស​មាន​កម្លាំង ចិត្ដ មាន​សេក្ដី​សុខ​ស្ងប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​សាស្ដ្រា​ចារ្យ សោម​ច័ន្ទ សុវណ្ណ​តារា ជា​អនុ​ប្រធាន​ដេប៉ា​តឺម៉ង់​ចិត្ដ​វិទ្យា នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​មាន វត្ដ​មាន​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ស្វែង​យល់ តាម​រយៈ​ការធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនា​វដ្ដី​សុខភាពយើង។
អ្វី​ទៅ​ហៅ​ថា លួង​លោម?
លួង​លោម គឺជា​ការ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម ផ្ដល់​កម្លាំង​ចិត្ដ ឬ​ផ្ដល់​នូវ​សមាន​ចិត្ដ ដល់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ឬអ្នក​ដទៃ ដោយ​មិន​ស្ដី​បន្ទោស ឬ​ប្រមាថ​មើល​ងាយ​ឡើយ។
មូល​ហេតុ​ដែល​ត្រូវ​ការ​ការ​លួង​លោម
មាន​មូល​ហេតុ​ជា​ច្រើន​យ៉ាង ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ​ត្រូវ​ការនូវ​ការ​លួង​លោម​ពីអ្នក​ ដទៃ​ដើម្បី​ជួយ​រំសាយ បំបាត់​ទុក្ខ​សោក ពេល​ដែល​មាន​ការ​ប្រឈម​មុខ។
  • ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​និង​ជាទី​គោរព ជា​ហេតុ​ធ្វើឱ្យ​ខ្លួន​ខូច​ចិត្ដ ក្លាយ​ជាជន​កំព្រា
  • ការ​ផ្ដាច់​ទំនាក់​ទំនង​គ្នា និង​ការ​បាត់​បង់នូវ​សម្ព័ន្ធ​ភាព ធ្វើឱ្យ​ខ្លួន​មាន​ការ​ពិបាក​ចិត្ដ ឯកោ
  • ការ​ជេរ​ស្ដី​បន្ទោស ចំពោះ​កំហុស​បន្ដិច​បន្ដួច អាច​ធ្វើឱ្យ​ខ្លួន​មាន​ការ​អស់​សង្ឃឹម
  • ការ​ប្រមាថ មើល​ងាយ និង​ជាន់​ឈ្លី​កិត្ដិយស បណ្ដាល​ឱ្យ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ
  • ភាព​ឆ្មើង​ឆ្មៃ ក្រអឺត​ក្រទម និង​ព្រងើយ​កន្ដើយ​ពី​មនុស្ស​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​ក៏ធ្វើ​ឱ្យខ្លួន​មាន​ ការ​មិន​សប្បាយ​ចិត្ដ​ហើយ​គិត​ថាខ្លួន​ជា​មនុស្ស​មិន​ល្អ ដែល​ធ្វើឱ្យ​គេមិន​រាប់​អាន​ជាមួយ​ខ្លួន។
  • ការ​និយាយ​ភូត​កុហក​ទៅលើ​អ្នក​ដទៃ​ដោយ​មិន​មាន​បំណង ធ្វើឱ្យ​ខ្លួន​មាន​ចិត្ដ​មិន​ស្ងប់។
វិធី​សាស្ដ្រ​នៃ​ការ​លួង​លោម
ជា​ទូទៅ​មនុស្ស​គ្រប់​ភេទ គ្រប់​វ័យ នៅ​ពេល​ដែល​មាន​បញ្ហា​ជា​ច្រើន​តែង​តែត្រូវ​ការ​ការ​លួង​លោម​ពីអ្នក​ដទៃ​ជា​ ជំនួយ។ វិធី​សាស្ដ្រ​លួង​លោម​ចិត្ដ ជួយ​ឱ្យ​មាន​កម្លាំង​ចិត្ដ និង​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។ វិធី​សាស្ដ្រ​នៃការ​លួង​លោម​ចិត្ដ​មាន​ច្រើន ដែល​ប្រើ ទៅ​តាម​បញ្ហា​របស់​បុគ្គល​នីមួយៗ។
  • សូម​កុំគិត​ពី​រឿង​ដែល​ធ្វើឱ្យ​ខ្លួន​មិន​មាន​សេចក្ដី​សុខ មិន​មាន​ការ​សប្បាយ​ចិត្ដ ត្រូវ​ចាត់​ទុក​ថា​ជាការ​យល់​សប្ដិ​អាក្រក់ ប្រសិន​បើ​មាន​រឿង​អាក្រក់​កើត​ឡើង មិន​អាច​ទទួល​យក​បាន។
  • ត្រូវ​រឹង​ប៉ឹង ធ្វើ​ចិត្ដ​ឱ្យ​ស្ងប់ បើ​សិន​បាត់​បង់​អ្នក​ជាទី​ស្រឡាញ់ ជា​ទី​គោរព
  • ធ្វើ​ការ​កោត​សរសើរ លើក​ទឹក​ចិត្ដ ដើម្បី​ឱ្យ​អ្នក​នោះ​កាន់​តែមាន​កម្លាំង​ចិត្ដ ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ប្រសិន​បើ​បុគ្គល នោះ​បាន​ធ្វើ​កិច្ចការ​ត្រឹម​ត្រូវ ហើយ​ទទួល​លទ្ធផល​ជោគ​ជ័យ។
  • ត្រូវតែ​មាន​សេចក្ដី​តស៊ូ​ដូច​ពាក្យ​ចាស់​ពោល​ថា​ព្យាយាម​គង់តែ​បាន​ សម្រេច។ ត្រូវធ្វើ​ឱ្យ​មាន​ក្ដី​សង្ឃឹម ជឿ​ជាក់​ប្រសិន​បើ ចង់​រៀន​សូត្រ​ឱ្យបាន​ពូកែ និង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​មាន​តួនាទី​នៅ​ក្នុង​សង្គម។
  • ត្រូវ​មាន​ឆន្ទៈ​សម្រេច​ការងារ​ឱ្យ​បាន ប្រសិន​បើ​ការងារ​មាន​ឧបសគ្គ​ច្រើន
  • នរណាៗ​ក៏ធ្លាប់​មាន​កំហុស​ខុស​ឆ្គង​ដែរ ដូច​នេះ​បើ​ដឹងពី​កំហុស​ខ្លួន​ឯង​គឺជា​ការ​ប្រសើរ។ ជា​មនុស្ស​ត្រូវតែ​ក្លាហាន ហ៊ាន ទទួល​ខុស​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិត ប្រសិន​បើ​បុគ្គល​នោះ​មាន​ទំនាស់​ទាស់​គ្នា​ហើយ​គិត​ថាខ្លួន​ឯងជា​អ្នកខុស​ ដែល​នាំឱ្យ​មាន វិប្បដិ​សារី។
ផល​ប៉ះ​ពាល់​នៃ​ការ​លួង​លោម
រាល់​ពេល​មាន​បញ្ហា​កើត​ឡើង ធ្វើឱ្យ​មនុស្ស​មាន​ការ​ពិបាក​ចិត្ដ តប់​ប្រមល់ និង​ស្មុគ​ស្មាញ នៅ​បញ្ហា​ជុំវិញ​ខ្លួន​ជា​ហេតុ​ធ្វើ​ឱ្យ ខ្លួន​ឯង​ត្រូវ​ការ​ការ​លួង​លោម​ពីអ្នក​ដទៃ។ ការ​ចង់​បាន​នូវ​ភាព​លួង​លោម​ពីអ្នក​ដទៃ​មិន​ប្រាកដ​ថា​ជាការ​លួង​លោម​ក្នុង ​គោល​បំណង ល្អ​ទេ អាច​ធ្វើឱ្យ​គេ​មាន​ការ​ឆ្លៀត​ឱកាស​ធ្វើ​បាប​មក​លើ​ខ្លួន​វិញ។ ឧទាហរណ៍ ទំនាក់​ទំនង​រវាង​ប្ដី​និង​ភរិយា​មាន​សម្ព័ន្ធ​ភាព​នឹង គ្នាល្អ​ណាស់ មាន​ថ្ងៃ​មួយ​មាន​ការ​ទាស់​ទែង​គ្នា ហើយ​ឈាន​ទៅ​ដល់​ចែក​ផ្លូវ​គ្នាដើរ​ដោយ​សារ​ការ​លួង​លោម​ពីជន​ទីបី​ឆ្លៀត​ ឱកាស​ធ្វើ បាប។ ក្នុង​គ្រួសារ​ដែល​មាន​តែ​អំពើ​ហិង្សា​ជា​ប្រចាំ ធ្វើ​ឱ្យ​កូន​មិន​មាន​សេចក្ដី​សុខ​ហើយ​ចង់​ចាក​ចេញ​ទៅឱ្យ​ឆ្ងាយ​ផុត​ពីអំពើ​ ហិង្សា នេះ។ ទី​បំផុត​កូន​ត្រូវ​បាន​ក្លាយ​ជាក្មេង​គ្មាន​អនា​គត​រស់​នៅ​ក្រៅ​សង្គម​ដោយ​ សារ​តែអ្នក​ដទៃ​មក​ប្រើ​វិធី​សាស្ដ្រ​លួង​លោម បោក​យក ទៅ​ធ្វើបាប។ ចំពោះ​អ្នក​ខ្លះ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​សោះ​តែ​បែរ​ជាត្រូវ​ចាញ់​បោក​ការ​លួង​លោម​របស់​ អ្នក​ដទៃ​ទៅ​វិញ។ ឧទា​ហរណ៍ កុមារ​ម្នាក់​ជា​ក្មេង​ល្អ រៀន​សូត្រ​ពូកែ​មាន​ថ្ងៃ​មួយ​មិត្ដ​រួម​ថ្នាក់​មក​លួង​លោម​រហូត​ធ្វើឱ្យ​ កុមារ​ម្នាក់​នេះ​ត្រូវ​ភ្លើត​ភ្លើន ប្រព្រឹត្ដ​អំពើ​សង្គម​មិន​ឱ្យ​តម្លៃ។ ដូច​នេះ​ការ​ចាញ់​បោក​ដោយ​សារ​ការ​លួង​លោម​អ្នក​ដទៃ​មាន​ច្រើន​ណាស់ ដោយ​សារ​ការ​ប៉ិន​ប្រសព្វ ប្រើ​វិធី​សាស្ដ្រ​ល្បិច​កល​លួង​លោម​ធ្វើ​បាប​មិន​ចាំ​បាច់​រាល់​ពេល​ដែល​ លោក​អ្នក​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង​ឡើយ។
ប្រការ​គួរ​ប្រតិ​បត្ដិ​ទប់​ស្កាត់​អំពើ​លួង​លោម
ការ​ពិចារ​ណាជា​ចំណុច​សំខាន់​សម្រាប់​លោក​អ្នក រាល់​ពាក្យ​សម្ដី​លួង​លោម​ពីបង​ប្អូន មិត្ដ​ភក្ដិ ឬអ្នក​ជាទី​ស្រឡាញ់​នៅ​ពេល​ដែល​លោក​អ្នក​អស់​សង្ឃឹម គ្មាន​កម្លាំង​ចិត្ដ និង​បញ្ហា​អ្វី​មួយ។ ពាក្យ​សម្ដី​លួង​លោម​ពីអ្នក​ដទៃ​ជា​ជំនួយ​មិន​មែន​ជា​ឱសថ​ទិព្វ ទាំង​អស់​ទេ។ ជួន​កាល​អាច​ជា​ឱសថ​សម្លាប់​លោក​អ្នក​ទៅ​វិញ។ ដូច​នេះ​លោក​អ្នក​ត្រូវ​ត្រិះរិះ​ពិចារ​ណា​ជាមុន​សិន​មុន​អនុវត្ដ​តាម ពាក្យ​សម្ដី​លួង​លោម​របស់​អ្នក​ដទៃ ដើម្បី​កុំឱ្យ​មាន​ការ​ឈឺ​ចាប់។
ដំបូ​ន្មាន​អ្នក​ឯក​ទេស
ការ​លួង​លោម​ពីអ្នក​ដទៃ មិន​មែន​ជាការ​លួង​លោម​ក្នុង​គោល​បំណង​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​លួង​លោម​ដោយ​បំណង​ល្អ​ស្មោះ ត្រង់ អ្នក​ខ្លះ​ទៀត​លួង​លោម​ឆ្លៀត​ឱកាស​ធ្វើ​បាប។ អ្វី​ដែល​សំខាន់ លោក​អ្នក​គិត​ពាក្យ​សម្ដី​ដែល​គេ​លួង​លោម​សិន​ថា​ពាក្យ​សម្ដី​នោះ ត្រឹម​ត្រូវ​ដែរ​ឬទេ ដែល​មក​ប្រាប់​ខ្លួន​ថា ឱ្យ​ខ្លួន​ត្រូវ​ប្រតិ​បត្ដិ​បែប​នេះ ឬ​បែប​នោះ​នៅ​ពេល​លោក​អ្នក​ប្រឈម​មុខនឹង​បញ្ហា​អ្វី​មួយ។ ថ្វី​ត្បិត​តែ​អ្នក​ដទៃ​មក​លួង​លោម​ធ្វើឱ្យ​លោក​អ្នក​មាន​កម្លាំង​ចិត្ដ មាន​សេចក្ដី​សង្ឃឹម​ក៏ពិត​មែន​ប៉ុន្ដែ​ការ​អនុវត្ដន៍​តាម​ពាក្យ​សម្ដី​លួង លោម​របស់​អ្នក​ដទៃ​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ​ទាំង​អស់​ទេ។

មូលហេតុ​៧យ៉ាង​បង្កការ​លែងលះ

នៅពេល​មនុស្ស​ចាប់ផ្ដើម​ស្រឡាញ់​គ្នា ក៏បាន​រៀបការ​បង្កើតជា​គ្រួសារ​ឡើង។ ការ​កសាង​គ្រួសារ​ជារឿង​ដែល​លំបាក ហើយមាន​មនុស្ស​មិនតិចទេ​ដែល​បរាជ័យ​នៅក្នុង​រឿងនេះ។ ការចង​ចំណង​អាពាហ៍ពិពាហ៍​ជារឿង​ពិបាក​មួយទៅ​ហើយក្នុង​ការរកមនុស្ស​ដែលខ្លួន​ ពេញចិត្ដ​បាន តែការ​រក្សា​ចំណង​នេះឱ្យ​បាន​​​​​គង់វង្ស​វារឹតតែ​ពិបាក​ថែមទៀត។ គូស្វាមី​ភរិយា​មិនតិច​ទេ ដែល​ទីបំផុត បាន​រំដោះ​ខ្លួន​ចេញពី​នឹម​អាពាហ៍ពិពាហ៍​ដោយការ​លែងលះ។ មាន​ហេតុផល​ជាច្រើន​ដែលធ្វើ​ឱ្យ​លោក​អ្នក​​ទ្រាំរស់នៅ​ជាមួយ​គ្នាតទៅ ទៀតលែង​បាន។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ប្ដីប្រពន្ធ​ជាបុគ្គល​ពីរនាក់​ដែលមាន​ទំនាក់ទំនង​គ្នាយ៉ាង​ស៊ីជម្រៅ ដែល​ចំាបាច់​ត្រូវតែ​គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅមក ឬចេះ​ឱ្យ តម្លៃគ្នា​កុំឈ្លាន​ពានគ្នា។ ចំពោះ​គូស្វាមី​ភរិយា​ដែល​កំពុង​ស្រឡាញ់​គ្នា ស្រាប់តែ​ថ្ងៃមួយ​ពួកគេ​ព្រោះតែ​គ្រួសារ​គេបាន​ជំពាក់​នឹងអ្វី​មួយ មិនអាច​អធ្យាស្រ័យ​ឱ្យគ្នា​បាន។ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ហេតុផល​ដែលនាំ​ឱ្យថ្នាំង​ថ្នាក់នេះ ៧ប្រការ​មក​ជម្រាប​ជូន។
1 . ខ្វះភាព​ស្មោះត្រង់​នឹងគ្នា
ការ​លាក់លៀម​មិន​ស្មោះត្រង់​នឹងគ្នា បញ្ហាហិរញ្ញ​វត្ថុ មានការ​លាក់​កំបាំង ការមិន​គោរព​ពាក្យសច្ចៈ ការបិត​កំបាំង​មិនឱ្យ ស្គាល់ភាព​លម្អៀង​ជាដើម។ ទាំងនេះ​សុទ្ធតែជា​រឿង​ដែលមិន​អាច​លើកលែង​ឱ្យបាន ព្រោះជា​ប្ដីប្រពន្ធ​នឹងគ្នា​មិនគប្បី​មាន​អាថ៌កំបាំង ជាមួយ​គ្នាឡើយ។ ភាព​ស្មោះត្រង់​ជាសសរ​គ្រឹះយ៉ាង​រឹងមាំ​សម្រាប់​ជីវិត​ប្ដីប្រពន្ធ។
2 . ប្ដីប្រពន្ធ​មានគំនិត​មិនល្អ​ចំពោះគ្នា
អាចផ្សំ​គ្នា​កើតឡើង​បណ្ដាលមក​ពីអ្នក​ទាំងពីរ​ពុំចុះសម្រុង​នឹងគ្នា ឬអ្នក​ទាំងពីរ​ពុំ​សក្ដិសម​គ្នា ឬមកពី​អ្នក​ទាំងពីរ​មាន​គំនិត​មិន​ដូច​គ្នា ឬរបៀប​រស់នៅ​ខុសគ្នា ដូចជា​ប្រពន្ធ​ចូលចិត្ដ​តែងខ្លួន ប្ដីពុំ​ចូលចិត្ដ​ជាដើម។ ប្រពន្ធ​មាន​របៀប​ប្ដីឥត​របៀប ប្រពន្ធ​ស្លៀកពាក់ស្អាត ប្ដី​គគ្រិច​រញ៉េរញ៉ៃ ការ​រស់នៅ​ដោយ​ចែកផែនដី​ម្ខាងម្នាក់ និង​សេពគប់​មនុស្ស​ក្នុងសង្គម​ខុសគ្នា ទាំងនេះ​ជាកត្ដា​ឈានទៅ​រកការបែក​បាក់គ្នា។
3 . មិនលើក​តម្កើង​គំនិតគ្នា
ជាប្ដីប្រពន្ធ​និងគ្នា​ចំាបាច់​ត្រូវតែ​មានការ​គោរព​គ្នា​ទៅវិញ​ទៅមក ស្គាល់​តួនាទី​រៀងៗ​ខ្លួន ពុំចាំបាច់​ទាមទារ​ឱ្យអ្នក​ណាមាន សិទ្ធ​អំណាច​លើនរណា​នោះទេ។ បើប្ដី​ចេញទៅ​ធ្វើ​ការងារ​រកប្រាក់​ចំណូល​ចូលផ្ទះ ស្ដ្រីជា​ប្រពន្ធ​ត្រូវមាន​ភារកិច្ច​ចាត់ចែង​រៀបចំ​ផ្ទះ សម្បែង ទោះបីជា​ការងារ​ទាំងនេះ​មិនអាច​វាស់វែង​ជាទឹក​ប្រាក់បាន​ក៏ដោយ ក៏បុរស​ជាប្ដី​មិនត្រូវ​បន្ទាប​បន្ថោក​ការងារ​ទាំងនេះ​ដែរ ចាំបាច់​ត្រូវ​តែ​ឱ្យតម្លៃ ហើយជួយ​កិច្ចការ​ទាំងនេះ​ដោយ​មិនត្រូវ​មើលនឹង​ភ្នែកទេ។ ធ្វើ​ដូចនេះ​ទើបរឿង​វិវាទ​មិន​កើត​មានឡើង​បាន។
4 . រវាង​អ្នក​ទាំងពីរ​ចាយវាយ​ពុំត្រូវ​គោលដៅ
បញ្ហានេះ ភាគច្រើន​តែងធ្លាក់​ទៅលើ​នារី​ភេទ​ជាចម្បង ព្រោះស្ដ្រី​ជាអ្នក​ចំណាយ​សព្វបែប​យ៉ាង​ចំពោះ​​គ្រួសារ នេះជា​បញ្ហា មួយ​ដែលស្ដ្រី​ធ្វើក៏ខុស ពុំធ្វើ​ក៏ខុស។ ដូច្នេះ​តើស្ដ្រី​ត្រូវធ្វើ​ដូចម្ដេច​កុំ​ឱ្យ​ខុស? បញ្ហានេះ​ត្រូវធ្វើ​ឡើង​ដោយយើង​ត្រូវមើល​ចំណូល​ជាប្រចាំ របស់​គ្រួសារ(មធ្យម តិច ច្រើន)។ សុភាពស្ដ្រី​ត្រូវចេះ​លៃលក​ទិញដូរ​ទុកដាក់​ទៅតាម​កម្រិត​ដែលមាន កុំឃ្លាន​ចង់ទិញ​តាមអ្នក​មាន នាំ​ឱ្យវ័ណ្ឌក​ដល់​ខ្លួនឯង បង្កើតជា​បំណុល​ឱ្យគ្រួសារ​កើតក្ដីក្ដៅ​ក្រហាយ មាត់ធំ​មាត់តូច​ដាក់គ្នា ច្បាស់​ជា​ឈានដល់​ការ​លែងលះ​ជាពុំខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង
5 . រឿង​លើគ្រែ
ក្នុង​ស្ថានភាព​គ្រួសារ​របស់​ប្ដីប្រពន្ធ រឿង​លើគ្រែ​ជាបញ្ហា​សំខាន់​បំផុត ការងារ​នេះ​បើយើង​យល់ព្រម​ជាការ​ងាយ តែបើ​ផ្ទុយ ទៅវិញ​ងាយនឹង​ក្លាយជា​គ្រោះថ្នាក់​ចំពោះ​មនោសញ្ចេតនា​ប្ដីប្រពន្ធ​ណាស់។ ជាធម្មតា​ការរួមរ័ក​ស្នេហា បុរសច្រើន​មានចំណង់​ជាងស្ដ្រី ព្រោះ​ធម្មជាតិ​បាន​តាក់តែង​មកយ៉ាង​ដូច្នេះ​។ ចំណុចនេះ​ហើយ​ដែល​ទាមទារ​ឱ្យភរិយា​យោគយល់​ឱ្យបាន​ច្រើន​អំពី​បញ្ហានេះ។ ការ​មិន ចេះ​យល់​ទុក្ខធុរៈ​គ្នា ពេលខ្លះ​អាចក្លាយ​ទៅបញ្ហា​ដែលបង្ក​ឱ្យមាន​ការ​លែងលះ​បាន។
6 . ទំនាក់ទំនង​ចំពោះ​ញាតិមិត្ដ
មិនមែន​គោលដៅ​អាច​ចំពោះតែ​ឪពុកម្ដាយ​ខាងប្ដី ហើយមិន​រវល់​ដល់​ឪពុកម្ដាយ​បងប្អូន​ខាង​ប្រពន្ធ​ឡើយ។ មនុស្ស​នៅជុំវិញ​លោកអ្នក​និង​ក្លាយជា​របង​ការពារ​គ្រួសារ​ឱ្យ​រឹងមាំ ត្រូវចេះ​យកចិត្ដ​ទុកដាក់​ចំពោះ​ញាតិមិត្ដ​ដែលនៅ​ជុំវិញ កុំមើល​រម្លង ហើយស្មាន​ថាគេមិន​ស្មើយើង នោះជា​ការខុស​ទាំង​ស្រុង​។ ការ​រស់នៅ​ក្នុងសង្គម ភាព​ឯកោ​មិនមែន​បាន​សេចក្ដី​ថា​លោកអ្នក​បានសុខ​ឡើយ ថ្ងៃណា​មួយ​លោកអ្នក​ជួបនឹង​ឧបសគ្គ មានតែ​ញាតិនោះ​ឯងដែល​តែងជួយ​គ្រួសារ​លោកអ្នក​ឱ្យចាក​ផុតពី​ទុក្ខវេទនា។
7 . អំពើ​ហិង្សា​ក្នុង​គ្រួសារ
នេះជា​ទង្វើ​ដែលមិន​អាចអត់​ឱនឱ្យ​បានទេ ព្រោះ​បើកាលណា​ប្ដីប្រពន្ធ​ដាច់ចិត្ដ​លើកដៃ​វ៉ៃគ្នា​ហើយ បាន​ន័យថា​ពួកគេ​លែង មាន​មនោសញ្ចេតនា​ការ​ស្រឡាញ់​ចំពោះគ្នា​ទៀតហើយ ស្នេហា​របស់​ពួក​គេ​​បានស្លាប់​រលត់​ទៅហើយ។ ប្ដីប្រពន្ធ​ជាមនុស្ស​ពីរនាក់​ដែល ស្និទ្ធស្នាល​និងគ្នា​ជាងនរណា​ទាំង​អស់ ទោះជា​ឪពុកម្ដាយ​ក៏នៅ​តិចជាង​ដែរ ហេតុនេះ​មិនគួរ​ព្រោះតែ​កំហឹង​ធ្វើឱ្យ​បាត់បង់​នោះ​ទេ។ អំពើហិង្សា​មិនតែ​មិនគប្បី​ចំពោះ​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់​នោះទេ ថែមទាំង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ទៀតផង។
អ្វីដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ គ្រាន់តែ​ជាចំណុច​មួយចំនួន​តែ​ប៉ុណ្ណោះ នៅមាន​បញ្ហា​ផ្សេង​ៗ​ជាច្រើន​ទៀតដែល សុទ្ធតែ​ជារឿង​ផ្ទៃក្នុង​របស់​បុគ្គលម្នាក់ៗ ដូចពាក្យ​ដែលថា ចង្កៀង​ផ្ទះ​នរណា​ភ្លឺផ្ទះ​អ្នកនោះ។ មាន​គូស្វាមី​ភរិយា​មិនតិច​ទេ ដែល​អ្នក ជិតខាង​មិនបាន​ឮសូរ​សម្លេង​ឈ្លោះ​ប្រកែក​គ្នា ឬក៏​សញ្ញានៃ​ការលែងលះ​នោះ ស្រាប់តែ​ពួកគេ​ដឹកដៃ​គ្នាទៅ​តុលា​ការ​លែងលះ​គ្នាតែ​ម្ដង។ ទាំងនេះ​អាចបញ្ជាក់​ថា​ពួកគាត់​ប្រាកដជា​មានរឿង​អ្វីដែល​មិនអាច​ទ្រាំរស់​ ជាមួយ​គ្នាតទៅ​បាន​ហើយ។ ក្រៅពី​នេះក៏​នៅមាន​ប្ដី ប្រពន្ធ​ខ្លះឈ្លោះ​គ្នា​រាល់ថ្ងៃ វាយដំ​គ្នា​បែកក្បាល​ហូរឈាម​ក៏នៅ​តែ​លែងគ្នា​មិនដាច់ នេះបាន​ពិតជា​កម្មពារ​មែនហើយ។
បណ្ដាំ​ផ្ញើ
ជីវិត​ប្ដីប្រពន្ធ​ប្រៀប​ដូចជា​សម្ល​មួយឆ្នាំង ទាល់តែ​ចុងភៅ​ប្រសប់ផ្សំ​គ្រឿង​ទើបមាន​រសជាតិ​ឆ្ងាញ់។ ហេតុនេះ​ជាការ​ពិត ហើយ​ដែលអ្នក​ទាំងពីរ​ត្រូវតែ​រួមគ្នា​ឱ្យអស់​ពីលទ្ធភាព ដើម្បី​សុភមង្គល​នេះ។ ប្រសិនបើ​មាន​ចំណុច​ណាមួយ​ដែលនាំ​ឱ្យអាក់អន់​ស្រពន់ចិត្ដចំពោះ​គ្នា គប្បី​ប្រញាប់​និយាយ​ដោះ​ស្រាយ​គ្នាភ្លាមៗការ​គុំគួន​ទុកក្នុង​ចិត្ដ​នាំឱ្យ​អារម្មណ៍​មួម៉ៅបណ្ដាល​ឱ្យមាន​ជម្លោះ​កាន់តែ​ខ្លាំងឡើង​។

អំពើ​ហិង្សា​នាំឱ្យ​កើត​ជម្ងឺ​ផ្លូវ​ចិត្ដ

ជាធម្មតា​កាលណា​គ្រួសារ​មួយមាន​អំពើ​ហិង្សា នោះធ្វើ​ឱ្យសមាជិក​គ្រួសារ​ទាំងអស់​មិនមាន​សេចក្ដី​សុខ និង​សុមង្គល​ឡើយ។ សេចក្ដី​សុខកើត​ឡើងពី​ការយល់​ចិត្ដយល់​ថ្លើមគ្នា​ទៅវិញ​ទៅមក តែបើ​មាន​ជម្លោះ​រវាង​គ្នាហើយ​នោះ ភាពស្និទ្ធ​ស្នាល និង​ទំនាក់ ទំនង​ក៏មានការ​បាត់បង់​បន្ដិច​ម្ដងៗ រហូត​ដល់ថ្ងៃ​ណាមួយ​វានឹង​អស់រលីង​តែម្ដង។ ក្នុង​គ្រួសារ​ដែលមាន​ការ​រកាំរ​កូសគ្នា ធ្វើឱ្យគូ ភាគី​ទាំង​សងខាង​អាចមាន​បញ្ហា​ផ្លូវចិត្ដ និងអាច​ឈានទៅ​រកជម្ងឺ​ផ្លូវចិត្ដ​បាន​ដោយ​មិនដឹង​ខ្លួន ព្រោះ​ការគិត​ច្រើនពី​រឿង​ជម្លោះ​នោះ។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ឱ្យកាន់​តែច្បាស់​ជាងនេះ​ទៅទៀត​នោះ ទស្សនា​វដ្ដី សុខភាព​យើង បានធ្វើ​បទ​សម្ភាសន៍​ជាមួយ​វេជ្ជ​បណ្ឌិត ចក ធីតា ឯកទេស​វិកល​វិទ្យា និងជា​អនុ​ប្រធាន​កម្មវិ​ធីជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​នៃមន្ទីរ​ ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត ដើម្បី​បកស្រាយ​នូវ ប្រធាន​បទខាង​លើនេះ។
អំពើ​ហិង្សា ជាអ្វី?
អំពើ​ហិង្សា​ជាទង្វើ​មួយ​ដែលមាន​ការប៉ះ​ទង្គិច​ផ្លូវ​កាយ តាម​រយៈ​ពាក្យ​សម្ដី និងការ​វាយដំ​ពីមនុស្ស​ម្នាក់ទៅ​លើមនុស្ស​ម្នាក់ ទៀត ឬពី​ក្រុមមួយ​ទៅលើ​ក្រុមមួយ​ទៀត ដែលមាន​ឥទ្ធិ​ពល និង​ប៉ះពាល់​ខ្លាំងទៅ​លើ​បុគ្គល និ​ងសង្គម។ អំពើ​ហិង្សា​គឺចែក​ចេញជា​២ ផ្នែក គឺអំពើ​ហិង្សា​តាមរយៈ​ការ​រំលាភ​បំពាន​ខាងផ្លូវ​ចិត្ដ និង​អំពើ​ហិង្សា​ដោយ​ការបំពាន​ផ្នែករាង​កាយ។ ហិង្សា​ខាងផ្លូវ​ចិត្ដបង្ក​ការ​ ប៉ះពាល់ដល់​ផ្លូវចិត្ដ តាម​រយៈពាក្យ​សម្ដីទៅ​វិញទៅ​មក ដូចជា​ការជេរ​ប្រមាថ​គ្នា ដែលធ្វើ​ឱ្យ​អារម្មណ៍​អ្នកទី​២មាន​ការមិន​ពេញ​ចិត្ដ និ​ងឈាន​ទៅរក​អំពើ​ហិង្សា។ ចំណែក​ឯហិង្សា​តាម​រយៈ​កាយវិការ​វិញនោះ​ គឺជា​ការ​រំលោភ​បំពាន​ផ្នែក​រាងកាយ​បុគ្គល​ម្នាក់ ដោយ​ការ វាយធ្វើ​បាប​ដែលបង្ក​ឱ្យមាន​របួស​ស្នាម​ផ្សេងៗ។
មូល​ហេតុធ្វើ​ឱ្យមាន​អំពើ​ហិង្សា
មានកត្ដា​ជាច្រើន​ដែលធ្វើ​ឱ្យមាន​អំពើ​ហិង្សា​កើតមាន​ឡើងនៅ​ក្នុង​ គ្រួសារ ក៏ដូច​ជាក្នុង​សង្គម​ជាតិទាំង​មូល។ ទំនាស់​តែងតែ កើតឡើង​ជានិច្ច​ជាកាល​នៅក្នុង​សង្គម​រស់នៅ​ប្រចាំថ្ងៃ​របស់យើង គ្រាន់តែ​ថាទំនាស់​នោះខ្លាំង ឬក៏​ខ្សោយតែ​ប៉ុណ្ណោះ។ ភាគ​ច្រើន​យើង ឃើញថា​ហិង្សាកើត​ឡើងចំពោះ​បុគ្គល​និងបុគ្គល​គ្នាឯង អាចជា​ក្រុម ជាបក្ស​ពួកផ្សេងៗ​គ្នា។ ពេលខ្លះ​អំពើ​ហិង្សាកើត​ឡើងដោយ ពាក្យសម្ដី​ដែលធ្វើ​ឱ្យគូ​ទំនាស់​មិនពេញ​ចិត្ដនឹង​សម្ដីដែល​បុគ្គល​មួយទៀត​ និយាយ​ចេញមក ទើបធ្វើ​ឱ្យមាន​ទំនាស់ និងកើត​មានជា​អំពើ ហិង្សាឡើង។ ប៉ុន្ដែ​ពេលខ្លះ​ទៀត​ហិង្សាកើត​ឡើងដោយ​មិនបាន​ចាប់ផ្ដើម​ចេញពី​ពាក្យ​ សម្ដីទេ តែវាកើត​ឡើងដោយ​សារតែ​កាយ វិការ​ទៅវិញ ដោយ​បុគ្គល​មួយមាន​ឫកពា​ច្រឡើស​បើស មិន​សមរម្យ មាន​ទង្វើកោង​កាចជា​ដើម ក៏អាច​ធ្វើឱ្យ​មានអំពើ​ហិង្សា កើតមាន​ដែរ ដោយ​មិន​ចាំបាច់​បញ្ចេញ​តាមរយៈ​ពាក្យ​សម្ដីនោះ​ទេ។ លើសពី​នេះទៀត​អំពើ​ហិង្សា​ច្រើនតែ​កើតចេញ​ពីបុគ្គល​ដែល​ផឹក ស្រា​ស្រវឹង ឬក៏​ប្រើប្រាស់​សារធាតុ​ញៀនផ្សេងៗ​ទៀត។
ដូចនេះ​ហិង្សាភាគ​ច្រើនកើត​ឡើងពី​ពាក្យសម្ដី​ជាមុន ដែល​ធ្វើឱ្យ​គូទំនាស់​នោះមាន​ភាពតាន​តឹងចិត្ដ ទប់ចិត្ដ ទប់​អារម្មណ៍ មិន​បាន ទើប​ក្លាយទៅ​ជាអំពើ​ហិង្សា​កើតឡើ​ង។ អំពើ​ហិង្សា​កើតមាន​គ្រប់ទីក​ន្លែងបាន​គ្រប់ពេល​វេលា ហើយវា​ថែមទាំង​ធ្វើឱ្យ​អ្នក ដែល​មាន​ទំនាស់​ទាំងសង​ខាងនោះកើ​​តមានបញ្ហា​ផ្លូវចិត្ដ និងអាច​ឈានទៅ​កើតជម្ងឺ​ផ្លូវចិត្ដ​ផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ផល​ពិបាក​ដែលកើត​ឡើង​អំពី​អំពើ​ហិង្សា
កាលណា​មាន​អំពើ​ហិង្សា​ហើយ​នោះ តែងតែ​មានផល​ប៉ះពាល់​ចំពោះខ្លួន​ឯងផ្ទាល់ និងអ្នក​ជិតខាង​ដែលនៅ​ជុំវិញ​ខ្លួនយើង​ ជាពិសេស​នោះគឺ​ញាតិមិត្ដ​ដែល​រស់នៅ​ជាមួយ​តែម្ដង។ ឧទាហរណ៍​ចំពោះ​មនុស្ស​ពីរនាក់​ប្ដីប្រពន្ធ​ដែលមាន​ជម្លោះ ឈាន​រហូត ដល់មាន​ហិង្សា​កើត​ឡើង ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់​កូនៗ ធ្វើឱ្យ​សតិ​អារម្មណ៍​របស់ពួក​គេភ័យ​ខ្លាច និង​ទង្វើ​របស់​ឪពុក​ចំពោះ​ម្ដាយ។ ពេលខ្លះ​ទៀតនោះធ្វើ​ឱ្យក្មេង​ចងចាំ​នូវទង្វើ​របស់​ឪពុក នៅពេល​ដែលគេ​មានគ្រួសារ​ទៅ គេអាច​ធ្វើបាប​គ្រួសារ​គេ ដូចជា​ឪពុក​គេ ធ្វើបាប​ម្ដាយគេអញ្ចឹង និងប៉ះ​ពាល់ដល់​ការសិក្សា​របស់កូន​ផងដែរ។ វាថែម​ទាំងមាន​ផលអាក្រក់​ចំពោះអ្នក​ដែលរស់​នៅជា​មួយ ដូច​ជា បងប្អូន​ ឪពុក​ម្ដាយ មីងមា​ជា​ដើម។
ម្យ៉ាងទៀត​វាធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ចំពោះ​សង្គម​ថែមទៀត​ផង ព្រោះថា​អំពើ​ហិង្សា​ខ្លះអាច​ឈានដល់​ការ​សម្លាប់ ធ្វើ អត្ដឃាត​រវាង​គ្នា និងគ្នា​ថែមទៀត​ផង។ កត្ដានេះ​ធ្វើឱ្យ​សង្គម​មិនមាន​ស្ថិរភាព គ្មាន​សន្ដិសុខ ធ្វើឱ្យ​ពលរដ្ឋ​ខ្លាចរអា ព្រមទាំង​មានការ ភិតភ័យ និង​អំពើ​ហិង្សា​បែបនេះ​​ខ្លាំង​ណាស់។
ប្រការ​គួរចៀស​វាង
នៅក្នុង​គ្រួសារ​មួយបើ​មាន​ករណី​ទំនាស់​កើត​ឡើង មិនត្រូវ​ប្រើអំពើ​ហិង្សា​ទេ ត្រូវ​និយាយ​គ្នាដោយ​សន្ដិវិធី ដោយ​ពាក្យ​សម្ដី និងមាន​ការយល់​ចិត្ដគ្នា​ទៅគ្នា​ទៅវិញ​ទៅមក ត្រូវមាន​អធ្យា​ស្រ័យ​ចំពោះ​គ្នា​ទៅវិញ​ទៅមក មិនត្រូវ​យក​កំហឹង​ទល់នឹង​កំហល់​ទេ។ បើ មាន​មនុស្ស​ពីរនាក់​មានការ​ឈ្លោះ​ប្រកែក​គ្នា អ្នកទី​មួយឬ​ក៏អ្នក​ទីពីរ​ត្រូវដើរ​ចេញឆ្ងាយ​ពីស្ថាន​ភាពមួយ​រយៈ ដើម្បី​កុំឱ្យ​ការមិន​យល់ ចិត្ដកើតឡើង​កាន់តែ​ខ្លាំង ធ្វើបែប​នេះវាធ្វើ​ឱ្យកាត់​បន្ថយ​នូវអំពើ​ហិង្សា​បានមួយ​កម្រិត​ដែរ។ ម្យ៉ាង​វិញទៀត​ត្រូវស្វែង​យល់ថា ហេតុអ្វី ទើប​មាន​ទំនាស់​កើតមាន​ឡើង។
ជាធម្មតា​ទំនាស់​កើតឡើង​ដោយការ​មិនពេញ​ចិត្ដ មិនយល់​ចិត្ដគ្នា​ជាដើម។ ទង្វើ​បែបនេះ​ចេះតែ​កើតឡើង​យូរទៅៗ ធ្វើឱ្យ​ អ្នកដែល​មានទំនាស់​នោះមាន​ការពិបាក​ចិត្ដយ៉ាង​ខ្លាំង បណ្ដាល​ឱ្យមាន​ការគិត​វិលវល់ និងអាច​ឈានទៅ​ដល់កើត​មានបញ្ហា​ផ្លូវចិត្ដ​បាន ដោយ​ងាយថែម​ទៀត​ផង។ កាលណា​មានការ​មិនយល់​ចិត្ដច្រើន ទើប​បណ្ដាល​ឱ្យមាន​ទំនាស់ ហើយក៏​អាចមាន​អំពើ​ហិង្សាផង​ដែរ។
ដំ​បូន្មាន​អ្នក​ជំនាញ
សូម​កុំយក​អារម្មណ៍​ពេលខឹង​មួយភ្លែត​នោះធ្វើ​ឱ្យអ្វី​ទាំងអស់​បាត់បង់​ ពីរូប​លោកអ្នក​ឱ្យសោះ ត្រូវគិត​ថាគ្រួសារ​គឺសំខាន់​ជាង អ្វីទាំង​អស់ក្នុង​ឆាកជីវិត​របស់លោក​អ្នក និងមាន​សុភមង្គល​បំផុតផង​ដែរ។ មុននឹង​ធ្វើអ្វី​មួយត្រូវ​គិត​ពិចារណា​ឱ្យគ្រប់​ជ្រុង​ជ្រោយ ចៀស​វាងការ​មិនសួរ​ហេតុផល​ហើយ​ប្រព្រឹត្ដ​អំពើ​ហិង្សា​ទៅលើ​អ្ន​កទីពីរ​នោះ។ លោកអ្នក​ត្រូវរក​អ្នកប្រឹក្សា​ដែលល្អបំ​ផុត ក្នុង​ការ និយាយ​រឿង​រ៉ាវ​របស់​លោកអ្នក​ប្រាប់ពួក​គេ ដើម្បី​ធ្វើឱ្យ​ចិត្ដធូរ​ស្រាលជាង​នេះ។ កំហឹង​ត្រូវចាំ​ថា វាកើត​ឡើងតែ​រយៈមួយ​ខ្លីបើយើងចៀស​វាងបាន​ដំណាក់​កាលដ៏ខ្លី​នេះកំហឹង​នឹងរសាយ​។

កត្តាធំៗ​ចំនួន​៤បណ្តាល​ឲ្យមនុស្ស​មានជម្ងឺ​ផ្លូវចិត្ត

និយាយ​ដល់​ផ្លូវចិត្ត គឺ​និយាយ​ដល់​ប្រភេទ​ម្យ៉ាង​ដែល​មិនអាច​មើលឃើញ និង​គ្មាន​ឧបករណ៍​វេជ្ជ​សាស្រ្ត​ពិនិត្យ​រកឃើញ​ទ្បើយ ប៉ុន្តែ​វាជា​ប្រភេទ​មួយ​ធ្ងន់ធ្ងរ មិនចាញ់​ដែលបង្ក​ដោយ​មេរោគ​ទ្បើយ។


រូបភាពគេហទំព័រសុខភាពកម្ពុជា
លោក​សាស្រ្តាចារ្យ​ជំនួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អនុ​ប្រធាន​ផ្នែកសុខភាព​​ផ្លូវចិត្ត​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត និង​ជានាយក​មន្ទីរ​សម្រាក​ព្យាបាល​​ផ្លូវចិត្ត​សាន់រ៉ាយ បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពី​ថ្ងៃសុក្រ ទី២៦​តុលា​​កន្លង​មកថា ផ្លូវចិត្ត​បណ្តាល​មកពី​បញ្ហា​សំខាន់ៗ​ចំនួន៤ ដូច​ជា​​កត្តាសង្គម កត្តា​ចិត្តសាស្រ្ត កត្តា​ជីវសាស្រ្ត និង​កត្តា​ផ្លូវកាយ។ កត្តា​សង្គម​ ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត ដូចជា​ការ​បែកបាក់​គ្រួសារ ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ការ​ធ្លាក់​ទឹកចិត្ត ការខក​ចិត្ត ការ​​មិនចុះ​សម្រុង​ក្នុងជីវិត​គ្រួសារ ដែលគេ​ហៅថា​ចំណង​ប្រាំប្រការ​ជាដើម។
កត្តា​ចិត្តសាស្រ្ត ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត គឺ​ទាក់ទង​នឹងការ​លូតលា​ស់​របស់​មនុស្ស​ទាំង​រាង​កាយ និង​ផ្លូវចិត្ត ឧទាហរណ៍​គ្រួសារ​មួយ​បែកគ្នា​កូនត្រូវ​ទៅរស់នៅ​ជាមួយ​ឪពុកម្តាយ ឬ​មាមីង​​បង​ប្អូន​បីបាច់​ថែររក្សា ដែល​រាងកាយ​ពួកគេ​មានការ​លូតលាស់​ល្អ ប៉ុន្តែ​ផ្លូវចិត្ត​ពួកគេ​មាន​បញ្ហា​ជា​ដើម។ មាន​មនុស្ស​ខ្លះគ្រាន់តែ​ឪពុកម្តាយ​ពួកគេ​ស្តីបន្ទោស​បន្តិចបន្តួច ក៏​លេបថ្នាំ​សម្លាប់ខ្លួន ប៉ុន្តែ​អ្នកខ្លះ​មិន​អី​នេះ គឺ​ដោយ​សារការ​លូតលាស់​រាងកាយ និង​ផ្លូវចិត្តរបស់​ពួកគេ​តាំងពី​តូចមក​ថា​មាន​ភាព​រ៉ឹង​មាំ​ដែរឬ​ទេ?។ ចំណែក​កត្តា​ជីវសាស្រ្ត គឺ​ពាក់ព័ន្ឋ​ការ​ចរាចរ​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ញៀន ការផឹក​សុរា ការ​ប្រើ​ឳសថ​មិនបាន​ត្រឹមត្រូវ​ជាដើម ដែល​សុទ្ឋតែ​បណ្តាល​ឲ្យ​ប៉ះពាល់សមត្ថភាព​ខួរ​ក្បាលក្នុ​ងការ​គិតវិនិច្ឆ័យ​​ អ្វីខុស​អ្វីត្រូវ។
កត្តា​ផ្លូវកាយ គឺពេល​បច្ចុប្បន្ន​នេះ សង្គម​មាន​សុខសន្តិភាព​​សុវត្ថិភាព និងមាន​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​តម្រូវ​ឲ្យអ្នក​បើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព។ ការ​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យមាន​ការ​ប៉ះ​ក្បាល ​របួស​ក្បាល ដល់ពេល​ជាទ្បើង​​វិញ​ទៅជា​វិកលចរិក​ឬល្ងីល្ងឺ​ជាដើម នេះ​សុទ្ឋតែ​ជាផ្លូវចិត្ត។ លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។

រូបភាពគេហទំព័រសុខភាពកម្ពុជា
លោកបន្ត​ថា “ផ្លូវចិត្ត ជាអាថ៌​កំបាំង មើល​មិនដឹង​នោះទេ ប៉ុន្តែគេ​អាច​សម្គាល់​នេះតាម​រយៈ​រោគ​សញ្ញា​មួយចំនួន ដូចជា​ការឆាប់​​ផ្លាស់ប្តូរ​អារ​ម្មណ៍ ទឹកមុខ ដំណេក ការ​ទទួលទាន អាកប្ប​កិរិ​យា​ឆាប់​ប្រែប្រួល​ជាដើម ”។ ​លោក​បន្តថា “នេះពេល​ស្ថិតក្នុង​ដំណាក់​កាល​ស្រាល គេអាច​គ្រាន់​តែ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំ​នាញ បើ​កំរិត​មធ្យម​គេប្រើ​ឳសថ និង​ដំណាក់​​កាល​ធ្ងន់​ធ្ងរ​គេប្រើ​ឳសថ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ”។
លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បាន​បន្តថា ផ្លូវចិត្ត​ត្រូវបាន​គេបែង​ចែក​ជាង​៨០ក្រុម ហើយ​ក្រុម​និមួយៗ​មាន​រាប់រយ​ទៀត​នៅក្នុង​នោះ ប៉ុន្តែ​ជម្ងឺផ្លូវចិត្ត ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺជម្ងឺ​ធ្លាក់​ទឹកចិត្ត ការចង់​សម្លាប់​ខ្លួន ការ​ទទួលទាន​ដំណេក​មិនបាន លែង​ចង់​តែង​ខ្លួន លែងចង់​ធ្វើការងារ​ជាដើម។

វិធី​រម្ងាប់​កំហឹង

កំហឹង​ជា​ប្រតិកម្ម​ច្រឡោត​នៃ​អារម្មណ៍ ​ដែល​តែងតែ​កើតមាន​លើ​បុគ្គល​ម្នាក់ៗ​មិនអាច​ចៀសផុត។ ការថប់​អាម្មណ៍ និង ភាព​តានតឹង​ក្នុងចិត្ដ​បង្កជា​មូលហេតុ​នៃការ​មួម៉ៅ​ក្ដៅ​ក្រហាយ​ចំពោះ​ អ្វីដែល​នៅ​ជុំវិញ​ខ្លួនយើង ធ្វើឱ្យ​យើង​ខាតបង់​ផល​ប្រយោជន៍ យ៉ាង​ច្រើន និងផ្ដល់​នូវ​បញ្ហា​តាម​ក្រោយ​មិន​ចេះចប់ ក្រោយ​ទង្វើ​ដែល​យើងធ្វើ​ប្រកប​ដោយការ​ខឹងនោះ។ ដូចនេះ​មនុស្ស​ម្នាក់ៗ​គួរតែ ស្វែង​យល់ និងធ្វើ​លំហាត់​ប្រាណ​ចិត្ដគំនិត​ទើប​ជាការ​ប្រសើរ​ក្នុងការ​រម្ងាប់​កំហឹង។


រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ជំនាញ​ផ្លូវចិត្ដ​នៅមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ចូលរួម​ធ្វើការ​បកស្រាយ ប្រធាន​បទ​ខាងលើ​នេះជូន​ប្រិយមិត្ដ​ទាំងអស់ តាមរយៈ​ការផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។
កំហឹង​ជាអ្វី?
កំហឹង​គឺជា​ប្រតិកម្ម​នៃ​អារម្មណ៍​របស់ចិត្ដ​ដែលក្ដៅ​ឆួលឆេះ ក្រហល់​ក្រហាយ និងការ​ពុះ​កញ្ជ្រោល។ កំហឹង​ជា​សភាវៈ​គតិ ដែល​តោង​ជាប់មក​ជាមួយ​មនុស្ស​តាំងពី​ថ្ងៃដែល​ប្រសូត​ចេញពី​ផ្ទៃ​របស់​ម្ដាយ​ មកម្ល៉េះ។
មូលហេតុ​បង្ក​ការខឹង
ការខឹង​គឺជា​អាការ​មិនសុខ​នៃចិត្ដ​ចំពោះ​សកម្មភាព​ផ្សេងៗ​ដែលមាន​ឥទ្ធិពល ​ចំពោះ​មនោ​ចិត្ដ​របស់​មនុស្ស​ម្នាក់ៗ ជាពិសេស វា​តែង​កើតឡើង​ចំពោះ​មនុស្ស​ដែល​ពុំសូវ​ប្រើ​មនោគិត​ក្នុងការ​ដោះស្រាយ​ បញ្ហា។ ការខឹង​សម្បា​ផ្សេងៗ​កើតចេញ​ពី​មនោ​ចិត្ដទាំង​៥ ដែលមាន​នៅក្នុង​បុគ្គល​ម្នាក់ៗ ដូចជា​ការចង​គំនុំ​សងសឹក ការគិត​ប្រទូស​រ៉ាយ​ជាមួយ​គំនិត​អ្នកដទៃ ការក្ដៅ​ពុះ​កញ្ជ្រោល​នៃ​អារម្មណ៍ ការ​ទាស់ចិត្ដ និងការ​មិនពេញ​ចិត្ដ។ សេចក្ដី​ទាំងប្រាំ​អង្គនេះ គឺជា​ភាវៈ​គំនិត​អរូបិយ​របស់​ភាវៈ​មានជីវិត​ទាំងអស់ មិនថា​មនុស្ស​ឬក៏សត្វនោះ​ទេ។
ផល​ប៉ះពាល់​នៃកំហឹង
ការខឹង​ជាផ្នែក​នៃចិត្ដ​គំនិត​មួយ​ដែលជា​ទូទៅ​ពុំសូវ​នាំមក​នូវផល​ចំណេញ​ មកឱ្យ​មនុស្ស​ប៉ុន្មាន​នោះទេ។ ព្រោះ​រាល់កាយ វិការ​របស់​មនុស្ស​ដែលបាន​ធ្វើនៅ​ក្នុង​ខណៈពេល​ដែលខ្លួន​កំពុង​ត្រាំក្នុង​ សេចក្ដី​ក្រោធនោះ សុទ្ធសឹង​តែចេញ​ពី​អាសេវៈ​ដែល​រស់ក្នុង មនោចិត្ដ​ដែលមាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ដែលខ្លួន​មិនពេញ​ចិត្ដ។ បើសិន​មនុស្សម្នាក់​បណ្ដោយ​ឱ្យមនោ​ចិត្ដ​របស់ខ្លួន​គាបសង្កត់​លើ មនោគិត​នោះ ប្រាកដថា​ជួបការ​លំបាក​ជាច្រើន​ក្នុងការ​រស់នៅ ដូចជា​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញខ្លួន គ្មាន​សុភមង្គល​ក្នុង អារម្មណ៍​ដែលពេល​ខ្លះអាច​បង្កជា​ជម្ងឺ​ផ្លូវចិត្ដ​ក៏មាន។
វិធិ​សាស្ដ្រ​ក្នុងការ​រម្ងាប់​កំហឹង
គ្មាន​មនុស្ស​ណាម្នាក់​នៅលើ​លោក​អាច​រម្ងាប់​កំហឹង​របស់ខ្លួន​ឯង​ បានភ្លាម​មួយ​រំពេច​នោះទេ។ ការ​រម្ងាប់​កំហឹង​ពុំមែន​ជា​រឿងងាយៗ​នោះទេ តែមិន​ពិបាក​ដូចជា​រឿង​និទាន​ស្ដីពី​ការសុំ​ភ្លើងយក្ស​នោះដែរ។ ព្រះបាន​បង្កីត​មនុស្ស​ឱ្យមាន​សភាវៈ​គតិខុស និងត្រូវ។ មានការ​ខឹងក៏​មានការ​រម្ងាប់​ទៅវិញ​ដោយ​ខ្លួនឯង​បាន នេះជា​មូលហេតុ​មួយ​ដែល​សបញ្ជាក់​ឱ្យឃើញ​ថា អ្វីៗ​ទាំងអស់​វាមាន​ព្រំដែនរបស់​វា។ រួម​សេចក្ដី​មកអ្នក​ដែល​ចងខ្សែ​តែងរមែង​យល់នូវ​វិធី​ស្រាយ​ដូចគ្នា ដើម្បី​រម្ងាប់​កំហឹង​បាន​លុះត្រា​តែមាន​ការ​តាំងចិត្ដយ៉ាងពិត​ប្រាកដ និងធ្វើ​តាម​លំដាប់​នៃ​អារម្មណ៍​បាន​ត្រឹមត្រូវ។ ខាងក្រោម​នេះជា​វិធី​សាស្ដ្រ​ដែលអាច​ឱ្យ​លោកអ្នក​អាចយក​ទៅសាកល្បងបានក្នុង​ ការ​រម្ងាប់​កំហឹង​របស់ខ្លួន។
  • ត្រូវមាន​សម្មាធិ​ឱ្យបាន​ច្រើនក្នុង​ការយល់​នូវ​ហេតុផល​នៃសេចក្ដី​ ខឹងសម្បា​របស់ខ្លួន ហើយ​ធ្វើការ​​ស្វែងយល់អំពី​ទោស និងការ​ខាតបង់​នៃការ​ខឹង។
  • ពិចារណា​ឱ្យឃើញ​នូវផល​ប្រយោជន៍​ដែលនាំ​ឱ្យចិត្ដ​បានស្ងប់ និងក្ដៅ​ក្រហាយ​ពីការ​មិនខឹង។
  • ផ្ដល់នូវ​កម្លាំង​ចិត្ដ​ចំពោះខ្លួន ហើយ​មិនត្រូវ​ប្រកាន់​ចំពោះ​ទង្វើ​ដែល​ប៉ះពាល់​អារម្មណ៍​ដោយការ​ដើរចេញ​ពី​ស្ថានភាព​តឹង តែង
  • ប្រើ​វិធី​បន្លប់​សាច់រឿង​ក្នុងចិត្ដ​លោកអ្នក ដោយការ​ទន្ទេញ​ឈ្មោះអ្នក​ដែលខ្លួន​ស្រឡាញ់ ឬការ​រាប់ពី​១ទៅ​ដល់ចំនួន ១០០០០ ដើម្បី​ឱ្យចិត្ដ​លោកអ្នក​ធ្វើ​ពលកម្ម​ដែលគ្មាន​សម្រាក ឬថេរៈ​វេលា​ចំពាះ​ការខឹង ធ្វើការ​សម្រាក​នៃ​អារម្មណ៍​ចំពោះស្ថាន ការណ៍​ចំពោះ​មុខ ដោយការ​បិទភ្នែក​ស្ដាប់​សម្លេង​ខ្យល់ ហើយ​ចាប់ផ្ដើម​ដកដង្ហើម​ចេញចូល​របស់ខ្លួន​ឱ្យបាន​វែងៗ​ជាទី​បំផុត​ចំនួន១០ ដង។ នៅពេល​ដែល​កំពុង​ដកដង្ហើម​ត្រូវធ្វើ​លំហាត់​ប្រាណ​នៃអារម្មណ៍​ដោយការ​រាប់ និងដឹង​ពីខ្យល់​ចេញ និងខ្យល់​ចូលក្នុង​សួត​របស់អ្នកធ្វើ​បែបនេះ នោះ​ការខឹង​របស់​លោកអ្នក​នឹងបង្អង់​ល្បឿន​ជាលំដាប់ បន្ដិចម្ដងៗ​ពីការ​ខឹងខ្លាំង​ទៅជា​ការស្ងប់​វិញ។
  • ចម្រើន​ចិត្ដ​អាណិត​ចំពោះខ្លួន ពោលគឺ​ការ​ស្វែងយល់​រក​សេចក្ដី​សុខមក​ឱ្យអារម្មណ៍ មិនត្រូវ​គិតពី​ការចង​អាឃាត ការសងសឹក គំនិត​ទុទ្ទិដ្ឋិនិយម ដែលកើត​មាន​នៅក្នុង​ចិត្ដ ឬគំនិត​អញ​នៅក្នុង​ខ្លួនដែល​នាំឱ្យ​វង្វេង​ក្នុង​ប្រភព​នៃបញ្ហា។
ទាំងនេះ​ជាវិធី​សាស្ដ្រ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​នាំចិត្ដ​ គំនិត​របស់​លោកអ្នក​ឆ្ពោះ​ទៅរក​សេចក្ដីសុខ ទាំងរូប​កាយ និង​ចិត្ដ​គំនិត ព្រោះ​សុខភាព​ផ្លូវចិត្ដ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅវិញ​ទៅមក។
ដំបូន្មាន​អ្នក​ឯកទេស
សេចក្ដី​ក្រោធ​ជាវត្ថុ​ដែល​មនុស្ស​គ្រប់រូប​គួរតែ​រើសអើង​ក្នុងការ​ សេពគប់។ ការកើត​នូវកំហឹង​បើកើត​មាននៅ​លើ​មនុស្ស វាមិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​ជួបនូវ​ការ​លំបាក​ក្នុងការ​រស់នៅ​ប៉ុណ្ណោះ​ ទេ ថែមទាំង​បាត់បង់​កេរ្ដិ៍ឈ្មោះ និង​ទ្រព្យសម្បត្ដិ​ថែមទៀត​ផង ។ ការ​រស់ដែល​ប្រកប​ដោយ​សេចក្ដីសុខ គឺជា​ប្រការ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន។ ដូចនេះ​លោកអ្នក​គួរតែ​ចេះបង្កើន​នូវ​អារម្មណ៍​មេត្ដា ករុណា​នៅក្នុង​ចិត្ដឱ្យ​បានច្រើន។ បុព្វជន​ដែលយក​ឈ្នះ​លើ​ខ្លួនឯង​បាន មាន​ន័យថា​ជាអ្នក​ដែល​ចេះដឹង​អំពី​ផលពិបាក​របស់​អ្នកដទៃ។

ម៉េចមិន​យល់ចិត្ដ​ខ្ញុំ?

មនុស្សយើង​មិនមែន​ចេះតែ​មានអ្នក​ យល់ចិត្ដ​យកចិត្ដ​ទុកដាក់​រហូត​នោះទេ ពេលខ្លះ​ក៏គ្មាន​អ្នកណា​ដឹងពី​ជម្រៅ​ចិត្ដរបស់ យើង​ដែរ នេះជាការ​ពិតមួយ​ដែល​មនុស្ស​តែងតែ​ជួបប្រទះ។ អ្នក​រាល់គ្នា​ចង់ឱ្យ​អ្នក​ដទៃ​ដឹងពី​ទុក្ខធុរៈ​របស់ខ្លួន ភាព​ឈឺចាប់​ទុក្ខសោក បញ្ហា​ផ្សេងៗ​ដែលមាន​នៅក្នុង​រាងកាយ ឬ​ក្នុង​​អារម្មណ៍​ចង់​បញ្ចេញ​មក​ខាងក្រៅ ដើម្បី​ឱ្យអ្នក​ដទៃ​ជួយ​ដោះស្រាយ​ទៅតាម​រូបភាព ផ្សេងៗគ្នា​តាមបែប​ផែននៃ​និស្ស័យ​របស់​មនុស្ស​ម្នាក់ៗ។


រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត​មកស្រាយ​បំភ្លឺ​ជូនមិត្ដ​អ្នកអាន​ឱ្យ បានជ្រាប តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។
ការ​មិនយល់​ចិត្ដគ្នា ជាអ្វី?
ការមិន​យល់ចិត្ដ​ជាភាសា​នៃអារម្មណ៍​អវិជ្ជមាន​មួយ ហើយ​អារម្មណ៍​នោះ​កើតឡើង​ពីការ​បញ្ជូន​ពី​បុគ្គល​មួយទៅ​ឱ្យបុគ្គល ផ្សេង​មួយទៀត ឬ​បុគ្គល​ជាច្រើន​ដែលនៅ​ជុំវិញ​ខ្លួន។ ហើយ​បុគ្គល​ផ្សេង​មួយនោះ​នឹងធ្វើ​ការ​បញ្ជូន​សារនោះ​ត្រឡប់​ទៅកាន់​ បុគ្គលទីមួយ​វិញ​តាមរយៈ​ពាក្យសម្ដី កាយវិការ និង​អារម្មណ៍។ ការមិន​យល់ចិត្ដ​ពុំមែន​មាន​ន័យថា​យើងឈាន​ទៅរក​ភាពមាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវ​ចិត្ដ​នោះទេ តែវា​អាស្រ័យ​ដោយ​មនុស្ស​ពីរនាក់​ដែលធ្វើ​ការផ្ទេរ​អារម្មណ៍​រវាងគ្នា និង​គ្នាតែ​ប៉ុណ្ណោះ។
កត្ដាអ្វីខ្លះ​ដែល​ធ្វើឱ្យ​មានការ​មិនយល់​ចិត្ដគ្នា?
ជាការពិត​បើខ្លួន​យើងមិន​មានអ្នក​ដែល​យល់ចិត្ដ មិនមាន​អ្នកដែល​ដឹងពី​ជម្រៅចិត្ដ ពីទុក្ខ​លំបាក​នា​នា អ្វីដែល​យើង​កំពុងគិត ឬកំពុង​មាននោះ ពិតជាកត្ដា​មួយដែល​ធ្វើឱ្យ​អារម្មណ៍​យើងមាន​ការលំ​បាក​​ខ្លាំងណាស់។ វាធ្វើឱ្យ​យើង​គិតថា​យើងមាន​តែម្នាក់​ឯងឯកោ គ្មានអ្នក​គិតដល់​យើង​សូម្បី​តែ​ម្នាក់។ គ្រួសារ បងប្អូន ឬអ្នក​ណាម្នាក់​មិនបាន​ដឹងពីទុក្ខ​របស់យើង​នោះទេ បើយើង​មិនបាន​បញ្ចេញ​ប្រាប់ ពួកគេ​ដោយ​ទង្វើ ឬពាក្យ​សម្ដី​អ្វីមួយ​ទេនោះ។ ករណី​ដែលនាំ​ឱ្យមាន​ការមិន​យល់ចិត្ដ​វាអា​ស្រ័យ​ទៅលើ​កត្ដា​ជាច្រើនដូចជា ៖
  • កត្ដានៃ​ការ​យល់ដឹង​របស់​បុគ្គលម្នាក់​នោះ​(ចំណេះដឹង​របស់​មនុស្សម្នាក់ៗ)
  • កត្ដា​សង្គម​វប្បធម៌​របស់​បុគ្គលនោះ
  • កត្ដាភាសា​(មាន​ទាំងសម្ដី និង​កាយវិការ​ជាដើម)
  • កត្ដា​ជនជាតិ​ជាដើម
កាលណា​បុគ្គលម្នាក់​មិនមាន​កត្ដា​ទាំងអស់នោះ ធ្វើឱ្យ​ការបញ្ជូន​សារព័ត៌​មានរបស់​គេនោះ​ទៅមិន​ដល់បុគ្គល​មួយទៀត ដែលយើង​ចង់ផ្ទេរ​សារទៅ​ឱ្យគេ​ឡើយ ជាលទ្ធផល​ធ្វើឱ្យ​ពួកគេ​ពុំយល់​ចិត្ដ​យើង​ឡើយ។ ជាការពិត​បុគ្គល​ដែលគ្មាន​អ្នក​យល់ចិត្ដ​គឺមាន ចិត្ដ​ចង់ឱ្យ​អ្នកដទៃ​ដឹងពី​ទុក្ខលំបាក​របស់ខ្លួន ចង់ឱ្យ​គេជួយ​រំលែក​ទុក្ខ​របស់ខ្លួន។ តែដោយ​សារតែ​ភាសា ដោយ​សារតែ​ចំណេះដឹង សង្គម និង​វប្បធម៌ ធ្វើឱ្យគេ​និយាយ​ចេញមក​អ្នកទីពីរ​ទទួលយក​មិនបាន ទទួល​ដឹងពី​អ្វីដែល​អ្នក​ទីមួយ​ចង់ប្រាប់​ចង់បញ្ចេញ​មកមិនបាន នេះ ហើយ​ជាបញ្ហា​ដែលអ្នក​ទីពីរ​មិនយល់​ចិត្ដអ្នក​ទីមួយ​នោះ។ តាមការពិត​វាជារឿង​ធម្មតា​របស់​មនុស្សទេ មិនមែន​អាចរាប់​បញ្ចូល​ជា ជម្ងឺ​ផ្លូវចិត្ដ​ឡើយ។
ករណី​មួយទៀត​គឺគាត់​មានការ​យល់ដឹង​អាចដឹង​អ្វីៗបាន វប្បធម៌​គាត់មាន ភាសា​គាត់​តែមួយ និយាយ​​ស្ដាប់គ្នា​បានជាធម្មតា ប៉ុន្ដែអ្នក​ទទួល​គាត់​មិនព្រម​ទទួល​ដោយសារ​តែគាត់​មានបញ្ហា​ក្នុង​អារម្មណ៍​ របស់គាត់​រួចទៅ​ហើយ។ ជា​ឧទាហរណ៍​មនុស្សពីរ នាក់ អ្នក​ទីមួយ​គាត់មាន​បញ្ហា​ផ្លូវចិត្ដ ហើយ​អ្នក​ទីពីរ​ក៏មាន​បញ្ហា​ផ្លូវចិត្ដ​ដូចគ្នា​ដែរ ពេលអ្នក​ទី១​ធ្វើការ​បញ្ជូន​ព័ត៌មាន​ទៅឱ្យ​អ្នក​ទីពីរ នោះ​អ្នក​ទីពីរ​មិនអាច​ទទួល​យកបាន​ទេ ដោយសារ​តែអ្នក​ទីពីរ​ក៏មាន​បញ្ហា​ដូចជា​អ្នក​ទីមួយ​ដែរ។ អារម្មណ៍​​របស់គេ​ពោរពេញ​ទៅដោយ​បញ្ហា ពេញ​ដោយ​រឿងរ៉ាវ​ផ្សេងៗ​ជាច្រើន​ទៅហើយ ដូចនេះ​គាត់មិន​រវីរវល់​អ្វីៗ​ទាំងអស់ ដែលនៅ​ជុំវិញ​ខ្លួន​របស់គាត់​ទៀតឡើយ។
ពេលខ្លះ​ប្ដីប្រពន្ធ​ពីរនាក់ ប្ដីអញ្ជើញ​ទៅធ្វើ​ការងារ​ខាងក្រៅ​ផ្ទះ ការងារ​ច្រើននៅ​កន្លែង​ធ្វើការ គាត់​មាន​​ភាព​តានតឹង​ចិត្ដ ពិបាក​ក្នុងការ​ដោះស្រាយ។ ចំណែក​ឯភរិយា​វិញនៅ​ឯផ្ទះ ក៏មាន​បញ្ហាច្រើន​នឹងត្រូវ​ធ្វើ ដូចជា​ការមើលថែ​ទាំកូនៗ ការងារ​ផ្ទះ​ជាដើម ធ្វើឱ្យ​គាត់ក៏​មានភាព​តានតឹង​ចិត្ដដែរ។ ពេល​ប្ដី​ត្រឡប់​មកដល់​ផ្ទះវិញ គាត់ចង់​ផ្ដល់​ព័ត៌មាន ឬភាព​ស្មុគស្មាញ​របស់គាត់​ទៅឱ្យ​ប្រពន្ធខ្លះ ប៉ុន្ដែ​ខាង​ប្រពន្ធ​វិញនោះ​ទទួលយក​មិនបាន​ឡើយ។ យ៉ាងណា​មិញបើ​ភរិយាយ​ចង់បញ្ជូន​សារនោះ​ទៅឱ្យ​ប្ដីនោះ​ប្ដីក៏​ទទួលយក​មិនបាន ដូចគ្នា។ ព្រោះ​អ្នកទាំង​ពីរមាន​អារម្មណ៍​តានតឹង​ចិត្ដ និងភាព​ស្មុគស្មាញ​ដូចគ្នា។ វាជា​កត្ដា​ធ្វើឱ្យ​អ្នក​ទាំងពីរ​នាក់នោះ​មិនយល់​ចិត្ដគ្នា ហើយ​អាចនឹង​ឈានដល់​បញ្ហា​គ្រួសារ និងអាច​ឈានទៅ​ដល់ការ​លះលែង​គ្នាក៏​សឹងមាន។
ករណី​មួយទៀត​មាន​មនុស្ស​ពីរនាក់​មិនយល់​ចិត្ដគ្នា​ក៏ដោយ​សារតែ​អ្នកទី១​ មិនមាន​បញ្ហាអ្វី​កើត​ឡើង​​ក្នុងអារម្មណ៍​នោះទេ ហើយចង់​ឱ្យអ្នក​ទី២​យល់ចិត្ដ​របស់ខ្លួន។ ប៉ុន្ដែអ្នក​ទី២​គាត់មាន​បញ្ហា​ជាប់​នៅ​នឹងខ្លួន​ស្រាប់ទៅ​ហើយ។ ដូចនេះ​អ្នកទី២​ក៏មិន​អាចធ្វើ​ការ យល់ចិត្ដ​អ្នកទី១​បានទេ ទោះបី​បុគ្គល​នោះ​មានភាសា​ដូចគ្នា ពូជសាសន៍​ដូចគ្នា​ក៏ដោយ។ ករណី​ដូចបាន​បង្ហាញ​ខាងលើ​នេះហើយ ដែល ធ្វើឱ្យ​អ្នក​ទាំងពីរ​មិនយល់​ចិត្ដគ្នា និង​​​​​​​​​​​​​ខ្វែង​គំនិតគ្នា។
ផល​ពិបាក​នៃភាព​មិនយល់​ចិត្ដគ្នា
កាលណា​បុគ្គលមួយ​មិនយល់​ចិត្ដ​ជាមួយ​បុគ្គល​មួយ​ផ្សេងទៀត យូរអង្វែង​ទៅធ្វើ​ឱ្យមាន​បញ្ហា ដូច​ជា​​នៅក្នុង​គ្រួសារ​អាច ឈាន​ទៅរក​ភាព​បែកបាក់​គ្នា លះលែង​គ្នា ឬអាច​បណ្ដាលឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀតផង ដោយសារ​តែភាព​មិនយល់​ចិត្ដគ្នា។ បើជា​មិត្ដភក្ដិ​អាច​ប្រែក្លាយ​ជា​ប្រេះស្រាំ​សាម​គ្គីគ្នា ឃ្លាត​ពីគ្នា លែងទុក​​​​ចិត្ដគ្នា មិន​ជឿជាក់​លើគ្នា មិនអាច​មើលមុខ​គ្នា​ចំជារៀងរហូត។ ចំពោះ​កត្ដាមួយ​​​ទៀតវិញ​គឺ អាចឱ្យ​អ្នកដែល​គ្មានអ្នក​យល់ចិត្ដ​នោះកើត​ជាជម្ងឺ​ផ្លូវចិត្ដ​បានយ៉ាង​ ងាយ​បំផុត។
ក្នុងរបប​ប៉ុលពត ពួកគេ​បាន​បណ្ដុះ​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យមាន​ការមិន​យល់ចិត្ដ​គ្នាទៅ​ វិញទៅ​មក មានការ​សង្ស័យ​ចំពោះ គ្នា​និងគ្នា ចង់ធ្វើ​អ្វីមួយ​ត្រូវតែ​ចាំមើល​គ្រប់​ជ្រុងជ្រោយ​ដោយសារ​តែភាព​មិន​យល់​ ចិត្ដគ្នា​របស់អ្នក​ទាំងនោះ ព្រមទាំង​ផ្ដល់កាក​សំណល់ រហូត​មកដល់​សព្វថ្ងៃ​នេះ។
វិធី​ដោះស្រាយ​បញ្ហា​ការមិន​យល់ចិត្ដ​គ្នា
ដើម្បី​ដោះស្រាយ​បញ្ហានេះ​បានទាល់តែ​យើងមាន​សង្គម​វប្បធម៌​ដូចគ្នា មានភាសា​និយាយ​ដូចគ្នា។ បើ​លោកអ្នក​ចង់យល់ចិត្ដអ្នក​ណាម្នាក់ លោកអ្នក​ត្រូវតែ​ចេះភាសា​គេ ហើយគេ​ក៏ចាំបាច់​ត្រូវតែ​ចេះ​ភាសា​របស់​លោកអ្នក​វិញដែរ។
បើ​លោកអ្នក​មាន​បញ្ហា​ផ្លូវចិត្ដ ត្រូវរក​មនុស្ស​ដើម្បី​ពិភាក្សា ពិគ្រោះ​យោបល់ និង​ដោះស្រាយ​រាល់​រឿង​រ៉ាវ​ឱ្យអស់ ដើម្បីធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា​ឡើងវិញ អាច​ទទួលយក​សំណូមពរ អារម្មណ៍​ពីអ្នក​ដទៃ និងចេះ​យល់ចិត្ដ​អ្នកដទៃ ពេលនោះ​លោកអ្នក​នឹង​យល់ពី ចិត្ដអ្នក​ដទៃបាន។
ទន្ទឹមនឹង​នោះដែរ អ្នកដែល​ចង់ឱ្យ​គេយល់​ចិត្ដ​របស់ខ្លួន​ទាល់តែ​ខ្លួនសម្ដែង​ចេញនូវ​ទង្វើ​ របស់ខ្លួន តាម​រយៈ​ពាក្យសម្ដី កាយ វិការ ភាសា នោះទើប​អ្នកដទៃ​អាចដឹង​ពីទុក្ខ​របស់យើង និងអាច​ធ្វើការ​យល់ចិត្ដ​គ្នាបាន។ ពេលដែល​មានការ​ពិបាកចិត្ដ ត្រូវ​ប្រាប់ដល់ អ្នកដទៃ​ឱ្យគេ​បានដឹង ដូចជា​មិត្ដភក្ដិ​ដែលយើង​អាចទុក​ចិត្ដបាន ឪពុកម្ដាយ បងប្អូន​ជាដើម។ កុំគិត​តែរក្សា​រឿងនោះ​ជារឿង​សម្ងាត់ឱ្យ​សោះ ព្រោះ​ពេលណា​មួយបញ្ហា​មាន​កាន់តែ​ច្រើនទៅ លោកអ្នក​គិតមិន​ចេញក៏​សម្រេចចិត្ដ​ធ្វើអំពើ​ផ្ដេសផ្ដាស ធ្វើ​អត្ដឃាត ឬសម្លាប់​ខ្លួនជាដើម នេះជា​ហេតុផល​មួយដែល​អាចឱ្យ​យើងមាន​ការ​ឈឺ​ចាប់ និង​សោកស្ដាយ​អស់មួយ​ជីវិត។
ដំបូន្មាន​អ្នក​ជំនាញ
ជា​ចុងក្រោយ​បុគ្គល​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ក្ដី ឬមាន​ជម្ងឺផ្លូវ​ចិត្ដក្ដី កាលណា​មាន​អារម្មណ៍​អាក់អន់​ក្នុងចិត្ដ និងមាន​អារម្មណ៍ ថា គ្មានអ្នក​ទី២​យល់ចិត្ដ​ខ្លួន ឬ​ក្រុមគ្រួសារ​ទាំងអស់​មិន​យល់ចិត្ដ គួរតែ​ស្វែងយល់​ថា តើខ្លួន​បានសម្ដែង​អារម្មណ៍​ឱ្យគេ​យល់ចិត្ដ​ខ្លួន ហើយ​ឬនៅ ឬក៏​យ៉ាងណា។ បើមាន​បុគ្គល​ពីរនាក់​ដែលមិន​យល់ចិត្ដ​គ្នា ដើម្បីឱ្យ​អស់ការ​សង្ស័យថា​ខ្លួនមាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវចិត្ដ សូមទៅ​ពិគ្រោះ និងស្ដាប់​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ជម្ងឺ​ផ្លូវចិត្ត។

ខ្ញុំ​យល់សប្ដិ​អាក្រក់​ណាស់

សុបិន​ល្អ និង​សុបិន​អាក្រក់ គឺជា​រឿងរ៉ាវ​ដែល​ប្រឌិត​ឡើង​តាមរយៈ​ការលង់​ក្នុង​ដំណេក​របស់​មនុស្ស​ ម្នាក់ៗ ដែល​ក្នុងការ យល់​សប្ដិ​មួយចំនួន​ជាបញ្ហា​ជួប​ប្រទះ​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ។ មាន​លោកអ្នក​មួយចំនួន​សុបិន​ឃើញរឿង​ល្អផង និង​អាក្រក់​ផង ឯអ្នក ខ្លះទៀត​តែងតែ​សុបិន​ជួបរឿង​អាក្រក់​រហូត។ បញ្ហា​ដែលអាច​បណ្ដាល​មកពី​អារម្មណ៍​របស់​លោកអ្នក​គិតច្រើន សប្បាយ​ចិត្ដ រីករាយ នឹងរឿង​អ្វីមួយ ពិបាក​ចិត្ដខ្លាំង និង​មានការ​ព្រួយបារម្ភ​មិន​ចេះឈប់។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ​កិច្ច​សម្ភាសន៍​​ជាមួយ​នឹង​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវ ចិត្ដ​នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ដើម្បី​បកស្រាយ​អំពី​បញ្ហា​សុបិន​អាក្រក់។
ហេតុអ្វី​បានមាន​សុបិន​អាក្រក់?

ការយល់​សុបិន​តែងតែ​មានទាំង​រឿងល្អ និង​អាក្រក់ ហើយ​មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យយល់​សប្ដិ​អាក្រក់។ ទាំង នោះគឺ​ជារឿងរ៉ាវ​ទាំងឡាយ​ដែលបាន​ដិតជាប់​ក្នុងអារម្មណ៍​របស់​លោកអ្នក​បានកើត ​ឡើងក្នុង​រយៈពេល​ខ្លី ឬយូរ​មកហើយ។ លោកអ្នក មួយចំនួន​បានជួប​ប្រទះ​ការយល់​សប្ដិ​អាក្រក់​ជារឿយៗ ចំណែក​លោកអ្នក​មួយចំនួន​ទៀតការ​យល់សប្ដិ​អាក្រក់​បានរំខាន​ដំណេក​របស់ ពួកគេ​ជាញឹកញាប់​តែម្ដង។
1 . យល់​សប្ដិ​អាក្រក់​ជារឿយៗ ៖ អ្នកប្រាជ្ញ​ចិត្ដវិភាគ​បាន​និយាយ​ថា សុបិន​ដែល​អាក្រក់ក្ដី​ល្អក្ដី គឺវា​ឆ្លុះបញ្ចាំង​ពីរឿង​រ៉ាវ នៅក្នុង​ខួរក្បាល​របស់​លោកអ្នក​ដោយការ​គិតឃើញ​មិនល្អ ហើយ​បានស្ដែង​ចេញ​តាមរយៈ​ការយល់​សប្ដិ។ ការ​ពិបាកចិត្ដ ហើយ​មិនអាច​និយាយ​ប្រាប់​អ្នកដទៃ ក៏អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍​ដែល​បណ្ដាល​ឱ្យសុបិន​អាក្រក់។ ការ​ប្រទះ​ឃើញ​ព្រឹត្ដិការណ៍​អ្វីមួយ​ដែល​តក់ស្លុត ឬភ័យ​ខ្លាចខ្លាំង ក៏អាច​ឱ្យយល់​សប្ដិ​អាក្រក់​ឃើញ​រឿងរ៉ាវ​នោះឡើង​វិញ។ មិនតែ​ប៉ុណ្ណោះ​ការ​ទទួលទាន​អាហារ​ក៏មាន​ឥទ្ធិពល ដល់​សុបិន​ផងដែរ ដូចជា​ពពួក​កាហ្វេ​ធ្វើឱ្យ​គេងមិន​លក់ ហើយ​បណ្ដាលឱ្យ​សុបិន​អាក្រក់​ផងដែរ។ ស្រា​កាន់តែ​ធ្វើឱ្យមាន​បញ្ហា​ថែមទៀត ចំពោះ​ការ​ទទួលទាន​ដំណេក និង​ប៉ះពាល់​ទៅដល់​សុបិន​ផងដែរ។ រីឯថ្នាំ​មួយចំនួន​ដូចជា​ពពួក​ថ្នាំជម្ងឺ​បេះដូង ហឺត សួត និង​ឈឺ​ចុកចាប់​សន្លាក់ដៃ​សន្លាក់ជើង ក៏អាច​ជះឥទ្ធិពល​ទៅលើ​ការ​ទទួលទាន​ដំណេក ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់សុបិន​ផងដែរ។ ការ​រៀបចំ កន្លែង​ដំណេក​មិនស្រួល​ក៏អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​សុបិន​ផងដែរ ដូចជា​ការគេង​សង្កត់​ទៅលើ​អ្វីមួយ តែបញ្ហា​នេះវា​មិនអាច​បណ្ដាល ឱ្យយល់​សុបិន​អាក្រក់​រហូត​នោះទេ។ យ៉ាងណា​មិញ ចំពោះ​អ្នកដែល​មានជម្ងឺ​ប្រចាំ​កាយក៏​អាចធ្វើ​ឱ្យយល់​សុបិន​អាក្រក់​ម្ដងកាល ​ផងដែរ។ នៅពេល​លោកអ្នក​មាន​អារម្មណ៍​ស្ដ្រេស្ស ថប់​អារម្មណ៍ ពិបាក​ចិត្ដ ព្រួយបារម្ភ​ខ្លាំង និង​ខ្វល់ខ្វាយ​ច្រើន បញ្ហា​ទាំងអស់​នេះអាច បណ្ដាល​ឱ្យសុបិន​អាក្រក់ តែមិន​ញឹកញាប់​នោះទេ។
2 . យល់​សប្ដិ​អាក្រក់​ញឹកញាប់ ៖ បើការ​យល់សប្ដិ​ឃើញរឿង​អាក្រក់​ជា​ញឹកញាប់​ដដែលៗ​នោះ លោកអ្នក​អាច​សម្គាល់​ទៅលើ​ជម្ងឺមួយ ដែលមាន​សញ្ញា​សុបិន​អាក្រក់​នេះគឺ​ជម្ងឺ​បាក់ស្បាត។ អ្នកដែល​អាការ​បែបនេះ​គឺជា​បុគ្គល​ដែលធ្លាប់​ជួប​រឿងរ៉ាវ និង ព្រឹត្ដិការណ៍​អាក្រក់​ចំពោះ​ខ្លួនផ្ទាល់​ពីមុន ដូចជា​សង្គ្រាម ភ្លើង​ឆេះផ្ទះ ទឹកជំនន់ ចោរប្លន់ ឬជួប​ប្រទះ​ឃើញ​រឿង​អាក្រក់​ជាដើម ដែល​បញ្ហា​ទាំងនេះ​មិនអាច​ដោះស្រាយ​ចេញពី​អារម្មណ៍​ខ្លួនឯង​បានក៏​ធ្វើឱ្យ​ ខ្លួន​ទទួលរង​ឥទ្ធិពល​យ៉ាងខ្លាំង​ពីការ​យល់សប្ដិ​អាក្រក់។ នៅ មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​គ្រូពេទ្យ​នឹងអាច​វិនិច្ឆ័យ​បានយ៉ាង​ត្រឹមត្រូវ នៅពេល​ដែល​លោកអ្នក​មានបញ្ហា​យល់សប្ដិ​អាក្រក់​ញឹក ញាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដំណោះ​ស្រាយ​នៅពេល​ជួបរឿង​យល់​សប្ដិ​អាក្រក់
បើ​លោកអ្នក​ជួប​ប្រទះ​ការយល់​សប្ដិ​អាក្រក់​ម្ដងម្កាល​នោះទេ លោកអ្នក​ត្រូវ​ស្វែងរក​មូលហេតុ​ដែល​បណ្ដាលឱ្យ​សុបិន​អាក្រក់។ មូលហេតុ​ច្រើនតែ​បណ្ដាល​មកពី​ការគិត​ច្រើន ភ័យខ្លាច ឬការ​ព្រួយបារម្ភ​នឹងរឿង​អ្វីមួយ។ លោកអ្នក​ត្រូវ​ដោះស្រាយ​បញ្ហា ទាំងអស់​នោះដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ឱ្យមាន​ភាពល្អ​ប្រសើរ និងឱ្យ​ជ្រះស្រឡះ​ឡើងវិញ។ លោកអ្នក​នឹងមិន​មានរឿង​រ៉ាវដែលត្រូវ​ព្រួយបារម្ភ ពិបាក​ចិត្ដ និង​ខ្វល់ខ្វាយ​ច្រើនទៀត​នោះទេ ហើយ​ពេលនោះ​ដំណេក​ក៏ពោរពេញ​ទៅដោយ​ភាព​សុខស្រួល​ពេញ​មួយយប់។
ផ្ទុយមក​វិញ បើ​លោកអ្នក​ពិនិត្យ​ឃើញថា​បញ្ហា​សុបិន​អាក្រក់​ញឹកញាប់​ជាសញ្ញា​នៃជម្ងឺ​ បាក់ស្បាត ដូចនេះ​គប្បី​ត្រូវទៅ​ជួប ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​កុំឱ្យ​ឈានទៅ​ដល់​ដំណាក់​កាល​ ធ្ងន់ធ្ងរ​នៃជម្ងឺ​ផ្លូវចិត្ដ។ ដូចនេះ នៅ​ពេលដែល​យល់សប្ដិ​អាក្រក់​ញឹកញាប់ ត្រូវ​រូតរះ​ទៅជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដែលមាន​ជំនាញ ដើម្បី​រកឱ្យ​ឃើញនូវ​មូលហេតុ ឱ្យកា​​​ន់​តែច្បាស់ ដែល​បណ្ដាលឱ្យ​មាន​សុបិន​អាក្រក់​នេះឡើង។
របៀប​ការពារ​មិនឱ្យ​សុបិន្ដ​អាក្រក់
ការ​ការពារ​មិនឱ្យ​មាន​សុបិន្ដ​អាក្រក់​នោះ គឺ​លោកអ្នក​គប្បី​ស្វែងរក​ឱ្យឃើញ​ពីប្រភេទ​ជម្ងឺដែល​សង្ស័យ​ថាកើត​មាន។ នៅពេល​ដែលដឹង​ថាមាន​ប្រភេទ​ជម្ងឺ​ផ្លូវចិត្ដ​ណាមួយ​ដែលធ្វើ​ឱ្យអ្នក​ ជម្ងឺគេង​មិនលក់ ហើយ​បណ្ដាល​ឱ្យមាន​សុបិន្ដ​អាក្រក់​នោះ គឺ​ការ​ការពារ​មានតែ​ការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​សម្រួល​ទៅដល់​ដំណេក​ របស់អ្នក​ជម្ងឺ។ ទន្ទឹម​នឹងនោះ​ចំពោះអ្នក​ដែល​មិនមាន​ជម្ងឺ​ផ្លូវចិត្ដ​ក៏ធ្លាប់ ជួបនឹង​សុបិន្ដ​អាក្រក់​ម្ដងម្កាល​ផងដែរ។ ដូចនេះ​ដើម្បី​ការពារ​កុំឱ្យ​យល់សប្ដិ​អាក្រក់​នោះ គឺគប្បី​ចៀសវាង​ការមើល​រូបភាព ឬ ព្រឹត្ដិការណ៍​អ្វីដែល​គួរឱ្យ​តក់ស្លុត។ ព្រោះ​រឿងរ៉ាវ​ដ៏គួរ​ឱ្យភ័យ​ខ្លាច​វានឹង​ដិតជាប់​អារម្មណ៍ ហើយ​វានឹង​ទៅ​រំខាន​ដល់​ដំណេក​របស់​លោក អ្នក។
ដំបូន្មាន​អ្នក​ជំនាញ
ការ​យល់សប្ដិ​អាក្រក់​ជារឿយៗ វានឹង​ងាយឱ្យ​ជះឥទ្ធិពល​ដល់ផ្នែក​សុខភាព​ផ្លូវចិត្ដ។ ដូចនេះ​ដើម្បី​ការពារ​ចំពោះ​បញ្ហា​នេះ ត្រូវ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា។ លោកអ្នក​ត្រូវ​ព្យាបាល​ដោយការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែលបាន​កើតឡើង​ឱ្យអស់ ​ជ្រះ ស្រឡះ​ពីក្នុង​អារម្មណ៍ និង​ចិត្ដគំនិត​របស់ខ្លួន។ យ៉ាងណា​មិញការ​ហាត់ប្រាណ​ក៏ជា​ផ្នែកមួយ​ដែលជួយ​ឱ្យ​លោកអ្នក​ធូរស្រាល​ ក្នុងការ គិតច្រើន​ផងដែរ។

ច្រណែន

ច្រណែន​គឺជា​អារម្មណ៍​របស់​បុគ្គល​ ម្នាក់ៗ ហើយ​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ។ ភាព​ច្រណែន​អាច​សម្គាល់​តាមរយៈ ទឹកមុខ កាយវិការ និង​ពាក្យ​សម្ដី។ ចំពោះ​បុគ្គល​មួយចំនួន ការ​សម្ដែង​ចេញនូវ​ភាព​ច្រណែន​មិនងាយ​នឹងមើល​ដឹង ឬក៏​ឃើញ​ប៉ុន្មាន​នោះទេ ព្រោះ​ដោយសារ​ការ​ចម្រើន​ពេញវ័យ​របស់​មនុស្ស​ម្នាក់ៗ ដូចនេះ​គឺ​ពិបាក​មើលឃើញ​ណាស់​ក្នុង​កម្រិត​ធម្មតា។ ប៉ុន្ដែ​បើភាព​ច្រណែន​នេះមាន​រូបភាព​ធ្ងន់ធ្ងរ បុគ្គល​នេះអាច​នឹងស្ដែង​ចេញ​តាមរយៈ​ទឹកមុខ ពាក្យ​សម្ដី អាកប្ប​កិរិយា ដូចជា​លែង​ស្និទ្ធស្នាល ជាមួយ​អ្នកដែល​គេ​ច្រណែន លែង​ចង់និយាយ​ស្ដី លែង​រវល់​ជាមួយ​ជាដើម។ ភាពច្រណែន​អាចនឹង​កើតមាន​បញ្ហា​ផ្លូវចិត្ដ បើសិន​ជា មាន​ការ​រួមផ្សំ និង​កត្ដាផ្សេងៗ​ជាច្រើន​ទៀត​ដែល​ទាក់ទង​ទៅនឹង​ភាព​ច្រណែន។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ បកស្រាយ​អំពី​ភាពច្រណែន ដើម្បី​ឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប និង​យល់​ឱ្យកាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។
ច្រណែន​កើតមាន​ទៅតាម​វ័យ
ច្រណែន​គឺជា​អារម្មណ៍​របស់​មនុស្ស​លោក​និងរបស់​បុគ្គល​ម្នាក់ៗ ដែល​តែងតែ​មាន​ស្ថានភាព​ច្រណែន។ ភាពច្រណែន​កើតមាន​ច្រើន​ចំពោះ​កុមារ​ដែល​មិនទាន់​ពេញវ័យ។ សម្រាប់​មនុស្ស​ចាស់ មនុស្ស​វ័យ​ចំណាស់ និង​វ័យជំទង់​ក៏មាន​ភាពច្រណែន​ដែរ។
1 . ភាពច្រណែន​របស់​កុមារ ៖ ជាទូទៅ​កត្ដា​ចិត្ដសាស្ដ្រ​របស់​កុមារ​ដែល​មិនទាន់​បាន​លូតលាស់​ពេញលេញ មិន​ទាន់មាន​បទពិសោធន៍​គ្រប់គ្រាន់​ដូចជា​មនុស្ស​ពេញវ័យ​នៅឡើយ ការ​បញ្ចេញ​អារម្មណ៍​នៃភាព​ច្រណែន​របស់​គេគឺ​អាចឱ្យ​អ្នក​ដែល​នៅជុំវិញ​ ខ្លួន​អាចមើល​ដឹង។ អារម្មណ៍​ដែល​កុមារ​បញ្ចេញ​មក​ខាងក្រៅ ស្ដែងឱ្យ​កុមារ និង​ក្មេងៗ​ដទៃផ្សេងៗ​ទៀត​បានឃើញ​ភ្លាមៗ ដោយសារ​តែកត្ដា​ចិត្ដសាស្ដ្រ​ឬក៏ការ​លូតលាស់​អារម្មណ៍​មិនទាន់​ពេញវ័យ។ ដូចជាករណី​នៅក្នុង​ក្រុមគ្រួសារ​មួយ កូនៗ​ទាំងឡាយ​នៅពេល​ដែល​ឪពុកម្ដាយ​ទិញ​របស់​របរ​ឱ្យដែល​ចែកឱ្យ​ផ្សេងៗ​ ពីគ្នា មានក្មេង​ខ្លះ​សម្ដែង​ចេញនូវ​ឥរិយាបទ​មិនល្អ ដូចជាទឹ​កមុខ​មិន​សមរម្យ អ្នក​ខ្លះមិន​ទទួលទាន​អាហារ​ដោយ​សារតែ​ភាពច្រណែន​នឹង​ឪពុកម្ដាយ ដែលផ្ដល់​សម្ភារៈ​មិន​ស្មើគ្នា។ នេះគឺជា​ប្រតិកម្ម​ធម្មតា​របស់​កុមារ ដែល​ស្ដែងចេញ​ឱ្យឃើញ​នៅក្នុង​ក្រុម​គ្រួសារ ដោយសារ​តែកុមារ​មិនទាន់​ចម្រើន​វ័យបាន​ល្អដូចជា​មនុស្ស​ពេញវ័យ។ ទាក់ទិន​ទៅនឹង​បញ្ហា​ផ្លូវចិត្ដ ឬ​ជម្ងឺ​ផ្លូវចិត្ដ​ឃើញ​ថាភាព​ច្រណែន​របស់​កុមារ​កើតមាន​ដែរ។ ប៉ុន្ដែ​បើទាក់​ទិនទៅនឹង​បញ្ហា​ផ្លូវចិត្ដ​យើង​មិនអាច​ថា យកភាព​ច្រណែន​មួយនេះ​មកធ្វើ​ជាសម្ភារៈ ធ្វើជា​ឧបករណ៍​ថាអាច​កើតមាន​ជម្ងឺ​ឬក៏​បញ្ហា​ណាមួយ​នេះទេ ដោយ​ត្រូវមាន​រួមផ្សំ​នឹង​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​យើងអាច​សន្មតថា​មានជម្ងឺ ​ផ្លូវចិត្ដ​ឬក៏​បញ្ហា​ផ្លូវចិត្ដ។ គ្រាន់តែ​ភាពច្រណែន​ធម្មតា​យើង​មិនអាច​និយាយ​បាន ថាវាជា​បញ្ហា​ផ្លូវចិត្ដ ឬក៏ជម្ងឺ​ផ្លូវចិត្ដ​នោះទេ យើងអាច​និយាយ​ថាជា​ប្រតិកម្ម​កុមារ​ទៅនឹង​សេចក្ដី​ត្រូវការ​របស់គេ។
2 . ភាពច្រណែន​មនុស្ស​ពេញវ័យ ៖ ចាប់ពី​អាយុ​១៨ឆ្នាំ​ឡើងទៅ ភាពច្រណែន​គឺមាន​ទៅតាម​ចិត្ដ​របស់​បុគ្គល​នីមួយៗ។ ភាព​ច្រណែន​នេះ​មិនមែន​ជាជម្ងឺ​នោះទេ វាគឺជា​អារម្មណ៍។ ក៏ប៉ុន្ដែ​ភាពច្រណែន​នេះវា​អាស្រ័យ​ទៅលើ​បុគ្គល​នីមួយៗ​ដែរ។ ហើយ​អ្នកខ្លះ​ក៏មាន​ភាពច្រណែន​ដែរ ប៉ុន្ដែ​ដោយសារ​គេពេញវ័យ ចរិត​លក្ខណៈ​លូតលាស់​បាន​ប្រក្រតី បាន​គ្រប់គ្រាន់ ភាពច្រណែន​នេះ​មិនបាន​បង្ហាញ​ឱ្យឃើញ​ច្បាស់ឱ្យ​សង្គម​ខាងក្រៅ​បានឃើញ​ច្បាស់ ​នូវភាព​ច្រណែន​នោះទេ។ ជួនកាល​បុគ្គល​ប្រភេទនេះ​បាន​បញ្ជាក់​តាម ទឹកមុខ​ខ្លះៗ ហើយ​បើអ្នក​នៅជុំវិញ​មិនបាន​អង្កេត​មិនបាន​សួរនាំ​តាមដាន​ឱ្យបាន​ត្រឹមត្រូវ នោះ​មិនអាច​ដឹងថា​បុគ្គលនេះ​កំពុងតែ​មាន​អារម្មណ៍​ច្រណែន​នោះទេ។ ដូចនេះ​វានៅតែ​ស្ថិត​នៅក្នុង​ស្ថានភាព​មួយដែល​មិនទាន់​ឈានទៅ​ដល់បញ្ហា​ ផ្លូវចិត្ដ គឺ​ស្ថិត​នៅក្នុង​ក្របខណ្ឌ ច្រណែន​នៃអារម្មណ៍​របស់​មនុស្ស​ធម្មតា ឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវការ​ជុំវិញ​របស់ខ្លួន។ ភាពច្រណែន​របស់​មនុស្ស​ពេញវ័យ​មិនសូវ​បង្ហាញ​អាកប្ប​កិរិយា ឬក៏​មិនសូវ​សម្ដែង​នូវទឹក​មុខឬ​ក៏ពាក្យ​សម្ដី​ឱ្យឃើញ​ជាក់ស្ដែង​ដូចកាល​ ពីកុមារ​នោះទេ។
រោគ​សញ្ញា​ភាពច្រណែន
ភាព​ច្រណែន​ខ្លាំង​គឺស្ដែង​ឱ្យឃើញ​តាមរយៈ​ការបញ្ចេញ​អាកប្ប​កិរិយា​ មិនល្អ អាចឈាន​ទៅដល់​មាន​អារម្មណ៍​ឆេវឆាវ មួម៉ៅ ខឹង គេង​មិនលក់ ទទួលទាន​មិនបាន​ជាដើម។ មិន​ត្រឹមតែ​ភាព​ច្រណែន​នោះទេ វានឹង​អាច​ឈានទៅ​ដល់​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ធ្វើឱ្យ​បុគ្គល​ដែលច្រណែន​នេះ​ដកខ្លួន​ចេញពី​ក្រុមគ្រួសារ មិនចង់​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ អាច​ទៅជួប​មិត្ដផ្សេង​ទៀត អាច​ឈានទៅ​ដល់​តូចចិត្ដ អ្នកខ្លះ​ឈានទៅ​ដល់ការ​សេពគ្រឿង​ញៀន​គ្រឿង​ស្រវឹង​បាន​ផងដែរ។ វាអាច​កើតជម្ងឺ​ធ្លាក់​ទឹកចិត្ដ ដែល​កើតឡើង​ដោយភាព​ច្រណែន​ចំពោះ​ឪពុកម្ដាយ​ស្រឡាញ់​មិនស្មើ។ យើង​មិនអាច​និយាយ​បានថា​បុគ្គល​ដែល​ច្រណែន​អាចមាន​បញ្ហាផ្លូវចិត្ដ​ទាំងអស់​ នោះទេ។ មាន​បុគ្គលខ្លះ​តូចចិត្ដ​រហូតដល់​អស់សង្ឃឹម​ស្ដី​បន្ទោស​ខ្លួនឯង ក៏អាច​គិតទៅ​រកសេចក្ដី​ស្លាប់​បានដែរ។ ភាព​ច្រណែន​ខ្លះក៏​អាច​ឈាន​ទៅជា​បញ្ហា​ផ្លូវចិត្ដ​ឬជម្ងឺ​ផ្លូវចិត្ដ ភាគច្រើន​សង្កេត​ឃើញថា​កើតមាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ​ដោយ​ច្រណែន ដោយ​អន់ចិត្ដ និង​ខកចិត្ដ។ ជាទូទៅ​បុគ្គល​ដែល​ច្រណែន​ខ្លះអាច​ឈានទៅ​ដល់ការ​ប្រើប្រាស់​អំពើ​ហិង្សា ឆេវឆាវ អាចមាន​ឃាតកម្ម​ថែមទៀត​ផង។ ក៏ប៉ុន្ដែ​ពេលខ្លះ​បុគ្គល​មួយចំនួន​នោះ​មិនបាន​ដឹងខ្លួន​ថាមាន​បញ្ហា​ ផ្លូវចិត្ដ​ឬក៏​ជម្ងឺ​ផ្លូវចិត្ដ​នោះទេ។ ជួនកាល​បុគ្គល​ម្នាក់មាន​គំនិត​ច្រណែន​ដែរ តែ​ដោយ​សារ​បុគ្គល​ប្រភេទនេះ​មាន​គំនិតគិត​វែងឆ្ងាយ ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ​ចម្រើន​ពេញវ័យ និង​ដោយ​ចេះ​ពិចារណា​ចេះបែង​ចែកបាន​ត្រឹមត្រូវ ភាព​ច្រណែន​មិន​រីកធំ​លូតលាស់ ហើយ​បង្កឱ្យ​គាត់​កើតមាន​បញ្ហា​ចិត្ដដែរ។
ភាពច្រណែន​បង្ក​បញ្ហា​ផ្លូវចិត្ដ
ភាពច្រណែន​ខ្លាំង​កើតមាន​ការ​ឈ្នានីស និន្ទា ដែល​ឈានទៅ​ដល់បញ្ហា​ផ្លូវចិត្ដ គឺបណ្ដាល​ឱ្យ​កើតមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា ៖
  • ប៉ះ​ពាល់​ទៅដល់​បុគ្គល​ខ្លួនឯង៖ អាច​កើតជា​ជម្ងឺ​ផ្លូវចិត្ដ ឬក៏​បញ្ហា​ផ្លូវចិត្ដ​ធ្វើឱ្យ​ក្ដៅក្រហាយ ទទួលទាន​អាហារ​មិនបាន ទទួល​ទាន​ដំណេក​មិនបាន កើត​ចំពោះ​បុគ្គល​ដែល​កំពុងតែរៀន​សូត្រ កើត​កំពុងតែ​ធ្វើ​ការងារ ស្រាប់តែ​លែងចង់​ធ្វើ​ការងារ ឬក៏​លែងចង់​សិក្សា ជាហេតុដែល​បណ្ដាល​ឱ្យបុគ្គល​ប្រភេទនេះ​កើតទៅ​ជាអស់​សង្ឃឹម ទៅជា​តូចចិត្ដ ទៅជា​មនុស្ស​មួយ​ដែលមាន​បញ្ហា​ផ្លូវចិត្ដ ដែលអាច​បង្កឱ្យ​បាត់បង់​ការងារ ដែលធ្វើ​ឱ្យ​សេដ្ឋកិច្ច​ថវិកា​ថយចុះ បាត់បង់​ចំណូល ដោយសារ​តែមាន​ភាព​ច្រណែន។ ភាព​ច្រណែន ធ្វើឱ្យ​សម្ដី​ឬអាកប្ប​កិរិយា​បុគ្គល​ប្រភេទនេះ​មិនបាន​ល្អ និយាយ​គ្មាន​សីលធម៌ ដែលធ្វើ​ឱ្យអាប់ឱន​ទៅតាម​ពាក្យ​សម្ដី ទៅតាម​ការ​ប្រតិកម្ម​ឆ្លើយតប​ជាមួយ​អ្នកដែល​ច្រណែន។
  • ប៉ះពាល់​ទៅដល់​ក្រុម​គ្រួសារ៖ ភាព​ច្រណែន​នេះជា​រូបភាព​តូចតាច ជួនកាល​ការ​ទំនាក់ទំនង​នៅក្នុង​ក្រុម​គ្រួសារ ក៏​មិនសូវ​ល្អដែរ។ តែបើ​ច្រណែន​វាជា​រូបភាព​ធំ ដោយសារ​ការ​បែងចែក​ទ្រព្យសម្បត្ដិ​មិនបាន​ត្រឹមត្រូវ បែងចែក​សេចក្ដី​ស្រឡាញ់ មិន​ស្មើគ្នា ឈាន​ទៅដល់ការ​ប្រើប្រាស់​អំពើ​ហិង្សា ឃាតកម្ម​ផ្សេងៗទៀត​ជាដើម។
  • ប៉ះពាល់​ទៅដល់​សង្គម ៖ បើសិន​ជាមាន​បញ្ហា​ហិង្សា​ឬក៏​មនុស្ស​ឃាត ដែល​ប៉ះពាល់ទៅដល់​គ្រួសារ និង​សង្គម ធ្វើឱ្យ​សង្គម​មើលទៅ​វាហាក់​បីដូចជា​អាប់អួ បង្កឱ្យ​មានភាព​រញ៉េរញៃ គ្មាន​សីលធម៌ ឪពុក​សម្លាប់​កូន កូន​សម្លាប់ឪ ជីដូន​ជីតា មាមីង បងប្អូន នេះជា​រូបភាព​មួយ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សង្គម។ បុគ្គលខ្លះ​អាចឈាន​ទៅដល់​ការ​សេពគ្រឿង​ញៀន​គ្រឿង​ស្រវឹង។
វិធី​ព្យា​បាល​បុគ្គល​ច្រណែន​ហើយមាន​បញ្ហា​ផ្លូវចិត្ត
កាលណា​ភាពច្រណែន​បង្កឱ្យ​មានបញ្ហា​ផ្លូវចិត្ត​ឬក៏​ជម្ងឺ​ផ្លូវចិត្ត លោកអ្នក​គួរតែ​នាំសមាជិក​គ្រួសារ​មកពិគ្រោះ​ជាមួយ​អ្នកជំនាញ ដើម្បី​ព្យាបាល​តាម​បែបចិត្ត​សង្គម។ នៅពេល​ដែលមក​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ អ្នក​ជំនាញ​តែងតែ​ផ្តល់​ប្រឹក្សា​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែលមាន​បញ្ហា​ ផ្លូវចិត្ត​កើតឡើង​ដោយ​សារភាព​ច្រណែន ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​ច្រណែន​ដែល​ឈាន​ទៅដល់​បញ្ហ​ផ្លូវចិត្ត។ នេះ​គឺជាវិធី​ព្យាបាល​តាមបែប​ចិត្តសាស្ត្រ ក្នុងការ​ដោះស្រាយ​សម្រាប់​អ្នកដែល​មានបញ្ហា​ផ្លូវចិត្ត។ ចំពោះ​អ្នកដែល​មានបញ្ហា​ផ្នែក​ផ្លូវចិត្ត​ធ្ងន់ធ្ងរ គឺអាច​ព្យាបាល​ដោយការ​ប្រឹក្សា និង​ថ្នាំព្យាបាល។
វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ច្រណែន​និង​វិបត្តិ​ផ្លូវចិត្ត
ប្រសិន​បើមាន​លក្ខណៈ​បែបនេះ​កើ​តឡើង​ដោយ​ច្រណែន​ខ្លះបាន​បង្ហាញ​ឱ្យដឹង​ ឱ្យឃីញ​ដោយ​បញ្ចេញ​តាមរយៈ​ទឹកមុខ តាមពាក្យ​សម្តី តាម​កាយវិការ កាលណា​លោកអ្នក​ដែលជា​ឧពុកម្តាយ បង​ប្អូន មិត្តភក្តិ ឃើញ​បែបនេះ​ហើយ លោកអ្នក​ត្រូវពន្យល់​ណែនាំ ផ្តល់​ហេតុផល​ដល់អ្នក​ដែលកើត​មានភាព​ច្រណែន។ ត្រូវ​ពន្យល់​ហេតុផល​ឱ្យបុគ្គល​ប្រភេទនេះ​បានយល់​ឱ្យបាន​ច្បាស់ ហើយ​បើសិនជា លោកអ្នក​មិនអាច​ជួយ​បុគ្គលនេះ​បានទេ លោកអ្នក​គួរតែ​នាំមក​ជួប​គ្រូពេទ្យ​ដើម្បី​ផ្តល់​ប្រឹក្ថា ហើយ​ការពារ​កុំឱ្យ​កើតមាន​បញ្ហ ទាំង​បុគ្គល​ខ្លួនឯង គ្រួសារ និង​សង្គម​ខ្លួនឯង​ផងដែរ។
ដំបូន្មាន​អ្នក​ជំនាញ
បើសិនជា​លោកអ្នក​កំណត់​ទិសដៅ​ឃើញ​អំពី​ហេតុការណ៍​នេះហើយ លោកអ្នក​មិនគួរ​បណ្តោយ​ឱ្យបុគ្គល​ប្រភេទនេះ​កើតមាន​ភាព​ច្រណែន​តទៅទៀត​ទេ គឺ​ត្រូវណែនាំ និង​ផ្តល់​ប្រឹក្សា​ដល់បុគ្គល​នេះ។ ហើយ​បើសិន​ជាភាព​ច្រណែន​កាន់តែ​មានសភាព​ធ្ងន់ធ្ងរ ត្រូវ​នាំមក​ជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​ផ្សេង​ដែល​មិនអាច​ស្មានដល់។ ជាការ​ពិតណាស់​ភាព​ច្រណែន គឺជាបញ្ហា​អារម្មណ៍​មួយដែល​ទាមទារ​ត្រូវ​ដោះស្រាយ មិនត្រូវ​ឱ្យបញ្ហា​ឈានដល់​ធ្ងន់ធ្ងរ​នោះទេ។

ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចា​ស់

ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​គឺជា​ ជម្ងឺមួយ​ប្រភេទ​ដែល​ពិបាកនឹង​ព្យាបាល ដោយមាន​លក្ខណៈ​ខុសប្លែក​ពីជម្ងឺ​ដទៃ​ទៀត។ ហើយ​មធ្យោបាយ​ដែលល្អ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​បញ្ជូន​អ្នកជម្ងឺ​ទៅពិគ្រោះ​យោបល់​ជាមួយ​ អ្នកមាន​ឯកទេស​ខាងផ្លូវ​ចិត្ដ ដោយ​មិនត្រូវ​អូស​បន្លាយ​ពេលវេលា​ឱ្យអ្នកជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ​នោះទេ។


រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​សកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់។
ចំណាត់​ថ្នាក់​ជម្ងឺ​ផ្លូវចិត្ដ
កាល​ណានិយាយ​ពីជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​របស់​មនុស្ស តាមការ​ឱ្យនិយមន័យ​របស់​អង្គការស្បៀង​អាហារ​ពិភពលោក​ត្រូវបាន​បែងចែកចេញ​ ជាបី​ដំណាក់​គឺ ៖
1 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​កុមារ
2 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ពេញវ័យ
3 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់។
ដូច្នេះ​មនុស្ស​ដែលមាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​ចាប់ពី​អាយុ​៥០ឡើង​ទៅគេ​ចាត់ទុកថា​ជាជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដមនុស្ស​ចាស់។
មូលហេតុ​ដែលបង្ក​ឱ្យកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់ មូលហេតុ​ដែលបង្ក​ឱ្យកើត​មាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់​ មិនខុសអ្វី​នឹងបញ្ហា ឬ​មូលហេតុ​នៃជម្ងឺ​ផ្លូវចិត្ដ​កុមារ មនុស្ស​ជំទង់​និងមនុស្ស​ពេញវ័យ​ទេ។ មូលហេតុ​ដែលចម្បង​នោះរួមមាន​៤ចំណុច​សំខាន់ៗ
1 . កត្ដា​សង្គម​​​ និង​បរិស្ថាន​ជុំវិញខ្លួន ៖ ​មនុស្ស​គ្រប់ៗគ្នា​ដែលមាន​ជីវិត​រស់នៅ​ក្នុងសង្គម​មួយ​មិនអាច​រស់នៅ​ តែម្នាក់​ឯង​បានទេ។ ការរស់នៅ​បានល្អ​គឺរស់នៅ​ចាប់ពី​២នាក់​ឡើងទៅ ជាការ​ទំនាក់ទំនង​រវាង​មនុស្ស​ពីរនាក់​ប្រាកដ​ជាមាន​ផលប៉ះពាល់​ល្អ និង​ផល​ប៉ះពាល់​អាក្រក់​ហើយ។​ តែប្រសិន​បើមនុស្ស​ពីរនាក់​មានបញ្ហា​ផ្លូវចិត្ដ ការ​ទំនាក់​ទំនង​មិនល្អ​ដូចជាការ​ឈ្លោះទាស់​ទែង ការ​អាក់អន់ចិត្ដ​ដោយ​ក្របខណ្ឌ​ណាមួយ ដូចនេះ​បុគ្គល​ណាម្នាក់​មួយក្នុង​ចំណោម​បុគ្គល​ពីរនាក់​មានផល​ប៉ះពាល់​ ផ្លូវចិត្ដ​នឹងគ្នា។ ចំពោះ​ការរស់នៅ​ក្រុមគ្រួសារ​មួយវិញ ច្បាស់​ជាមាន​រកាំរកូស​នឹងគ្នា ដោយ​ក្រុមគ្រួសារ​ខ្លះគឺការ​ទំនាក់​ទំនង​ផ្នែក​ខាងផ្លូវចិត្ដ​មិនសូវ​ជាបាន​ ល្អ ដូចជា​មានការ​ឈ្លោះទាស់​ទែងនឹង​គ្នា ប្រកាន់​នឹងបញ្ហា​ផ្សេងៗ​ដែលជួប​ប្រទះ​នៅក្នុង​សង្គម​សព្វថ្ងៃ កូនមាន​ការឈ្លោះ​ជាមួយ​ឪពុកម្ដាយ កូន​ដណ្ដើម​កេរមរតក​នឹងគ្នា ឬកូន​ឈ្លោះ​ជាមួយ​ឪពុកម្ដាយ​ក្មេក។ ទាំងអស់​នេះជា​បញ្ហាមួយ​នៅក្នុង​ក្រុមគ្រួសារ និង​សង្គមជាតិ។
2 . កត្ដា​ចិត្ដសាស្ដ្រ ៖ មនុស្ស​ម្នាក់ៗ​មានកត្ដា​ចិត្ដសាស្ដ្រ​ផ្សេងៗ​គ្នា អ្នកខ្លះ​កត្ដា​ចិត្ដសាស្ដ្រ​រឹងប៉ឹង អ្នកខ្លះ​កត្ដា​ចិត្ដ​សាស្ដ្រ​ទន់ជ្រាយ។ ដូចនេះ​អ្នកដែល​មានកត្ដា​ចិត្ដសាស្ដ្រ​រឹងប៉ឹង​អាចប្រឈម​មុខនឹង​បញ្ហា​ ផ្សេងៗ​បាន។ ហើយ​សម្រាប់​អ្នកដែល​មាន​កត្ដា​ចិត្ដសាស្ដ្រ​ទន់ជ្រាយ កាលណាមា​នសម្ពាធ​ជួបនឹង​ព្រឹត្ដិការណ៍អ្វី​មួយ អាច​បណ្ដាល​ឱ្យគាត់​ឆាប់ដួល ឆាប់​ចាញ់ ឆាប់ក្លាយ​ទៅជា​អ្នកជម្ងឺ ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ​របស់គាត់​ផុយស្រួយ ទន់ជ្រាយ​ពេក។
3 . កត្ដា​ជីវសាស្ដ្រ ៖ វា​កើតឡើង​ដោយសារ​កត្ដា​ខាងក្រៅ និងកត្ដា​ខាងក្នុង។ កត្ដា​ជីវសាស្ដ្របើ​និយាយ​​ពីយុវភាព​ឥឡូវនេះ​សង្កេត​ឃើញថា​យុវភាព​ច្រើនណាស់ ​ដែលបាន​នឹងកំពុង​ប្រើប្រាស់​ថ្នាំញៀន និង​ប្រើប្រាស់​សុរា ដោយមាន​​លាយឡំ​ជាមួយ​សារជាតិ​គីមី។ ភាព​ទាំងនេះធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬ​ជាដើមហេតុ​ដែលបង្ក​ឱ្យកើត​ឡើងនូវ​​វិបត្ដិ​ផ្លូវចិត្ដ។
4 . កត្ដា​មនុស្ស ឬកត្ដា​រាងកាយ ៖ ដោយ​សង្កេតឃើញ​ថា មនុស្ស​នៅពេល​ឈានចូល​ដល់វ័យ​ចាស់​​តែងតែ​​កើត​មាន​នូវជម្ងឺ​ដោយចៀស​មិនផុត ដោយ​អ្នកខ្លះ​កើតមាន​ជម្ងឺ​ផ្លូវកាយ​រ៉ាំរ៉ៃ​ផ្សេងៗ ដូចជា​អ្នកកើត​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺលើស​ឈាម ជម្ងឺ​សន្លាក់ ជម្ងឺ​មហារីក និងជម្ងឺ​ផ្សេង​ទៀត។ នៅពេល​ដែលអាយុ​កាន់តែ​ច្រើន សុខភាព​​រាងកាយ​កាន់តែទ្រុ​ឌទ្រោម​ទៅ នេះក៏​ជាមូលហេតុ​មួយ ដែល​បង្កឱ្យ​កើតមាន​នូវវិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ចាស់ដែរ។
សរុប​សេចក្ដី​មក​មូលហេតុ​ទាំងបួន​នេះឯង​ដែលបង្ក​ឱ្យកើត​មាននូវ​បញ្ហាជម្ងឺ​ផ្លូវចិត្ដ​ទៅលើ​មនុស្ស។

រូបភាពទស្សនាវដ្តីសុខភាពយើង
ផល​ប៉ះពាល់​ចំពោះ​អ្នកកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់
បើសិនជា​នរណាម្នាក់​នៅក្នុង​ក្រុមគ្រួសារ​កើតមាន​ជម្ងឺ​វិបត្ដិ​ ផ្លូវចិត្ដ តែងតែ​ធ្វើឱ្យ​កុមគ្រួសារ​មិនមាន​សុភមង្គល ដោយ​វិបត្ដិនេះ​អាចធ្វើ​ឱ្យមនុស្ស​ឆាប់មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ឆាប់​មួម៉ៅ និង​បង្កតែ​ទំនាស់​ជាមួយ​អ្នកដទៃ។ បើ​ប្រៀបធៀប​មនុស្សចាស់​កើតមាន​នូវជម្ងឺ​វិបត្ដិផ្លូវចិត្ដ​នឹងមនុស្ស​ចាស់​ ផ្សេងទៀត ដែលមិន​កើតជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ អាច​និយាយ​បានថា​អ្នកដែល​កើតជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មិនសូវ​មាន​អាយុវែង​ ជាងមនុស្ស​ដែល​មិនកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​ទេ។ ព្រោះ​ប្រព័ន្ធ​ការពារ​មានការ​អន់ថយ ដូចជា​កត្ដាចិត្ដ​សាស្ដ្រ កត្ដា​ចងចាំ កត្ដា​រាងកាយ ដោយ​បណ្ដាល​មកពី​ការ​សម្រាន្ដ​មិនបាន​គ្រប់គ្រាន់ ការ​ទទួលទាន​មិនសូវ​បាន រហូត​ធ្វើឱ្យ​រាងកាយ ចុះស្គម​ស្គាំង ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​របស់​អ្នកជម្ងឺ​មានការ​ចុះថយ ងាយនឹង​ធ្វើឱ្យ​កើតមាន​ជម្ងឺ​ផ្លូវកាយ និង​មិនមាន​អាយុ​វែង។ ភាព​ទាំងអស់​នេះមិន​ត្រឹមតែ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់ខ្លួនឯង​ទេ អាច​នឹងបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​ក្រុម​គ្រួសារ និង​សង្គមទៀត​ផង។
មធ្យោបាយ​ទប់ស្កាត់ ឬ​ការពារ​កុំឱ្យកើត​មានជម្ងឺ​ផ្លូវចិត្ដ
បញ្ហា​វិបត្ដិ​ផ្លូវចិត្ដ​នៅក្នុង​ក្រុមគ្រួសារ​មួយ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​មក​ពិគ្រោះយោបល់ និង​ព្យាបាល​ឱ្យបាន​រួសរាន់ ទាន់​ពេលវេលា​ជាមួយ​អ្នកឯកទេស​ជំនាញ។ បើសិន​ជាទុកឱ្យ​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ​ចំពោះម​នុស្សចាស់​​យូរអង្វែង​ពេក ធ្វើឱ្យ​មាន​ផល​​ប៉ះពាល់​ដូចបាន​រៀបរាប់​ខាងដើម។ មធ្យោបាយ​ល្អ​លោកអ្នក​គួរតែ​ឆាប់​ព្យាបាល​ឱ្យទាន់​ពេល​វេលា តែ​ប្រសិនជា​លោកអ្នក​មាន​បញ្ហា វិបត្ដិអ្វី​នៅក្នុង​ក្រុម​គ្រួសារ លោកអ្នក​ឆាប់ស្វែង​រកការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​ឱ្យបានល្អ​ទើបជាការ​ ប្រសើរ។
ដំបូន្មាន​អ្នក​ប្រឹក្សា
ក្នុងនាម​ជាគ្រូពេទ្យ​ឯកទេស​ម្នាក់​ផ្នែកខាង​ផ្លូវចិត្ដ សូមឱ្យ​ប្រជាជន​ទូទៅ​មិនថា​មនុស្សចាស់​ទេ ឱ្យស្គាល់​ពី​ស្ថានភាព​សុខភាព ជាពិសេស​សុខភាព​ផ្លូវចិត្ដ​សំខាន់​ណាស់។ សំខាន់​ជាងគេ​គឺចិត្ដ​នេះឯង។ បើចិត្ដមា​ន​បញ្ហា​​ហើយ​ជម្ងឺ​ផ្លូវកាយ​ក៏ដួល​ទៅតាម​ផ្លូវចិត្ដ​នឹងដែរ។ ដូច្នេះនៅពេលដែ​លមាន​បញ្ហា​នេះកើតមាន​ឡើង ត្រូវ​ស្វែងយល់​ពីមូលហេតុ​នៃផល​ប៉ះពាល់ និង​មធ្យោបាយ​ការពារ។ គឺត្រូវ​ទទួល​ស្គាល់​ខ្លួនឯង​​ថាមាន​បញ្ហា​ផ្លូវចិត្ដ រកវិធី​សាស្ដ្រ​ដើម្បី​ជួយខ្លួនឯង និងជួយ​ក្រុមគ្រួសារ​ឱ្យបាន​ប្រសើរ។ អ្នក​ឯកទេស​រង់ចាំ​អ្នកដែល​មាននូវ​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ ឬបញ្ហា​ផ្លូវចិត្ដ​មកធ្វើការ​​ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវ និងទាន់​ពេលវេលា។

 វិធី​សាស្ដ្រ​កាត់ចិត្ដ
នៅពេល ​លោកអ្នក​ត្រូវការ​បំភ្លេច​នូវអ្វីៗ​ដែល​អាក្រក់ និង​ចង់ឱ្យ​វារលាយ​បាត់ចេញ​ពីចិត្ដ​នោះ​រិតតែ​ធ្វើឱ្យ​លោកអ្នក​នឹក និង​ត្រូវការ​របស់​នោះកាន់​តែខ្លាំង​ឡើងៗ។ ជួនកាល​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ដកាត់ចិត្ដ​ពីអ្វី​ដែលខ្លួន​ត្រូវការ​ ទាំងសោក​ស្ដាយ​និង​ឈឺចាប់ បំផុត។ មនុស្ស​ភាគច្រើន​ពិបាក​នឹង​សម្រេច​ចិត្ដ​ក្នុងការ​ជ្រើស​រើស ដោយ​មិនដឹងថា​តើត្រូវ​ធ្វើយ៉ាង​ណា​ដើម្បី​បំភ្លេច​ចោល​នូវអ្វី​ដែល ធ្វើឱ្យខ្លួន​ពិបាក​នោះ។ តើគួរ​មាន​វិធីសាស្ដ្រ​អ្វីខ្លះ ដើម្បី​កាត់ចិត្ដ?

រូបភាពទស្សនាវដ្តីសុខភាពយើង
វិធីសាស្ដ្រ​ទាំងនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​លើក​យកមក​បកស្រាយ​នៅក្នុង​ទំព័រនេះ​តាមរយៈ​ការ​សម្ភាសន៍​លោក​ វេជ្ជបណ្ឌិត ស៊ិន ប៉ូលី អ្នក​ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃអង្គ​ការចិត្ដ​សង្គម​អន្ដរ​វប្បធម៌ ហៅកាត់ថា ធីភីអូ។
អ្វីទៅ​ជាការ​កាត់ចិត្ដ?
ការ​កាត់ចិត្ដ​គឺជាការ​កាត់​ចំណង​ចិត្ដ​មួយ​ដែល​ប្រទាញគ្នា​ទៅវិញ​ទៅមក មិន​ចេះចប់​មិនចេះ​ហើយ​និងធ្វើ​ឱ្យចិត្ដ​នៅ​ជំពាក់ ទៅនឹង​អ្វីមួយ​ដែល​ជាទី​ស្រឡាញ់។ ក៏ប៉ុន្ដែ​ការ​ស្រឡាញ់​ឬ​សេចក្ដី​ត្រូវការ​នោះ​មាន​ឧបសគ្គ​មករារាំង​ធ្វើឱ្យ ​លោកអ្នក​ត្រូវបង្ខំ​ចិត្ដ​ផ្ដាច់ ចំំណង​នៃសេចក្ដី​ស្រឡាញ់​នោះចេញ​ពីខ្លួន​ដោយមិន​បានត្រៀម​ចិត្ដ​ជាមុន។ ការ​កាត់ផ្ដាច់​នូវអ្វី​មួយ​ចេញពី​ចិត្ដ​ដែល​ស្រឡាញ់​នោះមាន ការពិបាក​ជាខ្លាំង មិនមែន​ដូចកាត់​ក្រណាត់ ឬកាត់​សាច់ជ្រូក​ដែលថា​កាត់គឺ​កាត់ដាច់​នោះទេ។ ព្រោះ​មនុស្ស​មានការ​វិចារណ​ញាណ និង​មាន​អារម្មណ៍​ដែលធ្វើ​ឱ្យអ្វីៗ​ដែល​ចង់បំភ្លេច​នៅដក់​ជាប់នឹង​ចិត្ដរបស់ ​ខ្លួន។ ប្រសិនបើ​លោកអ្នក​ធ្វើការ​កាត់ចិត្ដ​ឱ្យអស់​នូវអ្វីដែល​ធ្វើ ឱ្យហ្មង​សៅ​នោះ​ចេញ​ពីចិត្ដ​មិនខុស​ពីយក​កាំបិត​មកកាត់់​សាច់ខ្លួន​ឯង​ នោះឡើយ។
អ្នកណា​ខ្លះដែល​ត្រូវ​កាត់ចិត្ដ
ការ​កាត់ចិត្ដ​ជាដំណោះ​ស្រាយ​មួយ​សម្រាប់​មនុស្ស​ដែល​មានទុក្ខ ឬ​មនុស្ស​ដែល​គ្មាន​ជម្រើស​សម្រាប់​ជ្រើស​រើស​និង​បំភ្លេច នូវរឿង​ដែល​បានកើត​ឡើង​នោះ​ចោល ដូចជា​ការលះលែង​គ្នារវាងប្ដី​ប្រពន្ធ ការកាត់​ផ្ដាច់ពី​ល្បែង​ស៊ីសង គ្រឿង​ញៀន​បាត់​របស់​ដែល ខ្លួន​ស្រឡាញ់ កាត់ចិត្ដ​ពីមិត្ដ ឬញា​តិសន្ដាន​ដែលបាន​បាត់បង់​ជីវិត។ល។ ការ​លះបង់​និងការ​បាត់បង់​ទាំងនេះ គឺសុទ្ធ​សឹងតែ​ធ្វើឱ្យ​លោក អ្នកមួយ​ចំនួន​ដែលកំពុង​ជួបប្រទះ​នឹងបញ្ហា​នេះត្រូវ​កាត់ចិត្ដ។
វិធីសាស្ដ្រ​ក្នុងការ​កាត់ចិត្ដ
ការជាប់​ជំពាក់ចិត្ដ​ទៅលើអ្វី​មួយតែង​តែធ្វើឱ្យ​អារម្មណ៍​របស់​មនុស្ស​ មានការ​ស្រឡាញ់​ពេញចិត្ដ ដោយ​មិនចង់​ឱ្យបាត់​បង់ ទៅណា​ឆ្ងាយពី​ខ្លួនឡើយ។ ដូចនេះ​ហើយ​ទើប​ពិបាក​សម្រេច​ចិត្ដថា​នឹងកាត់​ចិត្ដពីរឿង​ដែល​បានកើត​ឡើង​ ទាំងនេះ​ណាស់។ មានវិធី ដែលអាច​ជួយ​លោកអ្នក​ឱ្យបំភ្លេច ឬ​កាត់ចិត្ដបាន។
1. ចិត្ដសាស្ដ្រ សមាជិក ​គ្រួសារ និងអ្នក​នៅជុំវិញ​ខ្លួនគួរតែ​មានការ​លួងលោម និង​ចេះប្រើ​សម្ដី​ដើម្បី​លើក​ទឹកចិត្ដ​ចំពោះ​ការ​បាត់បង់​នូវអ្វី​ដែលខ្លួន ​ស្រឡាញ់ និង​ត្រូវការ​នោះ។ នេះជា​ប្រការមួយ​យ៉ាងល្អ​សម្រាប់​ធ្វើឱ្យ​អ្នកកើត​ទុក្ខ​បាន​រសាយ​អារម្មណ៎៍ សោកសៅ​បានមួយ​កម្រិត។ ទន្ទឹម​នឹង​ការលើក​ទឹកចិត្ដ​នោះដែរ លោកអ្នក​ក៏គួរតែ​ធ្វើការ​បន្ដុះ​បង្អាប់​ឬធ្វើ​ការរិះគន់​អ្វីដែល​បាត់បង់​ ទៅ ថាមិនល្អ ដើម្បី​ធ្វើឱ្យ​អ្នកមាន​ទុក្ខទទួល​អារម្មណ៍ថា​ការ​បាត់បង់​នោះមិន​ គួរឱ្យស្ដាយ​ឬ​អាល័យ​នោះឡើយ។
2. អបិយជំនឿ ជំនឿ ​សាសនាក៏​អាចជួយ​ធ្វើឱ្យ​រសាយទុក្ខ​ផងដែរ។ នៅពេល​ដែល​លោកអ្នក​បាត់បង់​អ្វីមួយ​ជាទី ស្រឡាញ់ ហើយ​មានអារម្មណ៍​សោកស្ដាយ​នោះ ការនិយាយ​លួងលោម​ជួយធ្វើ​ឱ្យអារម្មណ៍​បានធូរ​ស្រាល។ ការ​បាត់បង់នេះអាច​នឹងធ្វើ ឱ្យ​ឧបទ្រព​ចង្រៃ ឬ​គ្រោះទាំង​ពួងចៀសផុត​ពីខ្លួន​លោកអ្នក​បានទៅ​តាម​របស់​ដែល​បាត់នេះ។
3. ការប្រើ​ប្រាស់ថ្នាំ ប្រសិនបើ ​ទទួលរង​នូវការ​ឈឺចាប់​ខ្លាំងពេក ដល់ថ្នាក់​មិនអាច​គ្រប់គ្រង​ស្មារតីបាន​នោះ​គ្រូពេទ្យ ជំនាញ​អាចផ្ដល់​ជាឱសថ​សម្រាប់​ជំនួយស្មារតី ដើម្បី​រម្ងាប់​អារម្មណ៍។ ប៉ុន្ដែ​លោកអ្នក​គួរកុំ​បណ្ដោយឱ្យ​ការគិត​ខ្លាំងពេក រហូតដល់​ប្រើ ប្រាស់ថ្នាំ​សម្រាប់​ទប់ស្កាត់​អារម្មណ៍ ព្រោះវា​ជាចំណុច​ចាប់ផ្ដើម​មួយនៃ​ជម្ងឺ​សរសៃ​ប្រសាទ។
ដំបូន្មាន​អ្នកប្រឹក្សា
មុន​លោកអ្នក​ធ្វើការ​សម្រេចថា​នឹងកាត់​ចិត្ដពីអ្វី​មួយ​នោះ គួរតែ​មានការ​គិតឱ្យ​បានវែង​ឆ្ងាយ។ ព្រោះ​មានរឿងខ្លះ​មិនគួរ កាត់ចិត្ដ​ទៅតាម​កំហឹង​មួយឆាវ​នោះឡើយ ដូចជា​ការកាត់​ចិត្ដពី​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​ជាដើម។ ក៏ប៉ុន្ដែ​លោកអ្នក​គួរតែ​ធ្វើការ​កាត់ ចិត្ដពី​ល្បែង​ស៊ីសង ឬ​គ្រឿងញៀន​ផ្សេងៗ​ឱ្យបានឆាប់​ទើបជាការ​ប្រសើរ។

រូបមន្ដងាយៗជួយ បំបាត់ភាពតប់ប្រមល់

ភាពតប់ប្រមល់ភាគច្រើន មិនចេះយល់ចិត្ដនរណានោះឡើយ ក៏ប៉ុន្ដែយើងក៏មិនដឹងថា រវាងបុរស និងស្ដ្រី នរណាងាយកើតរោគតប់ប្រមល់ ច្រើនជាងគ្នានោះដែរ ។ខាងក្រោមនេះយើងមានវិធីលុបបំបាត់ ភាពតប់ប្រមល់សម្រាប់ មកផ្ញើជូនលោកអ្នក ទាំងឡាយដូចតទៅ ៖
-ជំហានដំបូងតោងសង្កេត មើលខ្លួនឯងជាមុនថា កំពុងតែបោះជំហានចូល ទៅរកភាព តប់ប្រមល់ដែរ ឬ អត់ ដោយការសង្កេតមើល ពីសង្វាក់របស់បេះដូងថា លោតញាប់ដែរ ឬ ទេ ?
-តើមានអាការហើមពោះ ដោយសារអាហារមិនរលាយល្អដែរ ឬអត់ ?
ជាធម្មតាបើមានអាការអស់ទាំងនេះ បញ្ជាក់ថាអ្នកកំពុងស្ថិតក្នុង ស្ថានភាពតប់ប្រមល់ ហើយគួរដោះស្រាយជាបន្ទាន់ផងដែរ ។ ប្រសិនបើតប់ប្រមល់ខ្លាំង ណែនាំឱ្យឈរសំឡឹង ចេញទៅតាមបង្អួច ឬក៏ព្រលែងខ្សែភ្នែកមើល ឱ្យបានឆ្ងាយស្រូបខ្យល់ ដង្ហើមចូលបានវែងៗរាប់ពី១ដល់១០ រួចទប់ខ្យល់ដង្ហើមទប់១០វិនាទី ទើបព្រលែងចេញ មកវិញម្ដងបន្ដិចៗ ។
បន្ទាប់ពីនោះគួរដើរ ទៅទិញរបស់របរដែល ខ្លួនចូលចិត្ដ ដើរលេងតុបតែងរាងកាយឱ្យបានសប្បាយចិត្ដ តែប្រសិនបើតប់ប្រមល់បន្ដិចបន្ដួចនោះ គ្រាន់តែដើរចុះដើរឡើង ធ្វើចលនា បន្ដិចបន្ដួចនៅក្នុង បន្ទប់ហើយដកដង្ហើម ឱ្យវែងៗក៏បានធូរស្រាលដូចគ្នាដែរ ។
ក្នុងករណីធ្វើហើយ នៅមិនបាត់ ណែនាំឱ្យ រកមិត្ដភ័ក្ដិមកជជែកគ្នាលេង ព្រោះការបានបញ្ចេញគំនិតឱ្យ អ្នកដទៃបានស្ដាប់ក៏ជាវិធីមួយ ជួយកាត់បន្ថយភាព តប់ប្រមល់បានដូចគ្នាដែរ ៕
Photo by LookingTODAY

No comments:

Post a Comment