ការគ្រប់គ្រង

លទ្ធិប្រជាធិបតេយ្យសេរីនិយម



ការសរសេរក្នុងប្លក់នេះក្នុងគោលបំណង ដើម្បីចែករំលែកនូវចំណេះដឹង ដល់ប្រិយមិត្តអ្នកអាននិង ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ​ (The democracy) និងរបបគ្រប់គ្រងសាធារណរដ្ឋ(The republic)  ដែលកើតមានតាំងពី ៣០០ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះឲជ្រួតជ្រាបក្នុងសង្គម ខ្មែរ។អស់រយៈ ពេល ជាច្រើនសតវត្សរ៍កន្លងមកហើយ ប្រជាពលរដ្ឋខ្មែរតែងតែទទួលរងនូវការជិះជាន់ការរំលោភបំពាន គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធររដ្ឋអំណាច។អ្នកកាន់អំណាចភាគច្រើនតែងតែលើកជើង ក្រខ្វក់ របស់ខ្លួនជាន់ឈ្លីលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដោយឥតអៀនខ្មាស។ ដោយប្រជាពលរដ្ឋ ខ្មែរយើងពុំទាន់យល់ច្បាស់អំពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យក៏ចេះតែលុតក្រាបឧិនលំទោន នូវចំពោះមុខអំពើឃោរឃៅ របស់ជនកំរោលទាំងអស់នោះ ធ្វើឲប្រជាពលរដ្ឋមានការខ្លបខ្លាច អំណាចអ្នកដឹកនាំ ។

បែរជាយល់ថាការរំលោភជិះជាន់នឹងអំពើពុករលួយ ដែលកើតមានក្នុងសង្គមខ្មែរ គឺជារឿងធម្មតា របស់មនុស្សលោកទៅវិញ។ជំនឿនេះ ជាកត្តានាំឲអំពើឃោរឃៅ ការជិះជាន់រំលោភសិទ្ធិសេរីភាព ប្រជាពលរដ្ឋកាន់តែចាក់ឫសជ្រៅទៅៗ នៅក្នុងសង្គមជាតិយើងតកូនចៅជាច្រើនជំនាន់ ។ជឿជាក់ ថាអត្ថបទនេះនឹងជាមធ្យោបាយមួយជួយណែនាំផ្តល់ចំនេះដឹង និងជាប្រទីបជួយបំភ្លឺផ្លូវ ឲ្យប្រិយ មិត្តអ្នកអានធ្វើដំណើរទៅកាន់លទ្ធិប្រជាធិបតេយ្យ ដ៏បរិសុទ្ធដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជរដ្ឋ ឡើងវិញ ៕

តើរដ្ឋាភិបាលជាអ្វី ?

មុននឹងអធិប្បាយយើងត្រូវតែយល់នូវឫសពាក្យជាមុនសិន ពាក្យថា “រដ្ឋាភិបាល​ Government” មកពីឫសពាក្យ រដ្ឋ + អភិបាល = រដ្ឋភិបាល

ពាក្យថា“រដ្ឋ”បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជោត្តញ្ញាណោជួនណាតមានន័យថា ដែន, ប្រទេស,រាស្រ្ត, ប្រជាជន, អ្នកនៅក្នុងដែន ។

ពាក្យថា “អភិបាល”តាមវចនានុក្រមខ្មែរដដែលមានន័យថា អ្នកគ្រប់គ្រង,អ្នកបីបាច់រក្សា, អ្នកថែ រក្សា ។ ការគ្រប់គ្រង,ការបីបាច់រក្សា, ការថែរក្សា ។ 

    លុះរួមទាំងពីរស័ព្ទមកបានជាពាក្យ“រដ្ឋាភិបាល”គឺមានន័យថាអ្នកត្រួតត្រាដែន,អ្នកគ្រប់គ្រងរក្សា ប្រទេស ឬជាប្រព័ន្ធនយោបាយមួយដែលចាត់ចែងដឹកនាំដោយមនុស្សមួយក្រុមសម្រាប់ធ្វើកិច្ចការ សាធារណៈនិងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។រដ្ឋាភិបាលមានអំណាច មានកម្លាំងកងទ័ព សម្រាប់បង្ករបង្កើត សន្តិសុខនិងការពារសណ្តាប់ធ្នាប់ក្នុងសង្គម រៀបចំបង្កើតច្បាប់ទម្លាប់ការពារ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចជាតិឲបានចម្រើមលូតលាស់ ពង្រឹងការសិក្សាអប់រំ បណ្តុះបច្ចេកទេសវិទ្យាសាស្រ្ត លើកតម្កើងកម្រិតជីវភាពប្រជាពលរដ្ឋ ឲល្អប្រសើរឡើងការពារ បូរណភាពទឹកដី អធិបតេយ្យភាពនិងឯករាជ្យភាពឲគង់វង្សរក្សាស្ថេរភាពនយោបាយឲរឹងមាំ។ល។

ក) ប្រវត្តិនៃរដ្ឋាភិបាល

នាទសវត្សទី ​៣ មុនគ្រឹស្តសករាជ ទស្សនៈវិទូជនជាតិក្រិចឈ្មោះ អារីស្តូល (Aristotle)និងប្លេតូ (Plato) បានពោលថា“រដ្ឋាភិបាលល្អគឺជារដ្ឋភិបាលដែលបម្រើសុខមាភាពប្រជាពលរដ្ឋរីឯរដ្ឋាភិបាលអាក្រក់ គឺជារដ្ឋភិបាលដែលរំលោភជិះជាន់និងកេងប្រវ័ញ្ចពីប្រជាពលរដ្ឋ”។ 


ទស្សនៈវិទូទាំងពីររូបនេះ បានចែកស្ថាប័នរដ្ឋាភិបាលជា បី គឺ៖

១) រាជាធិបតេយ្យ (Monarch)រដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាចដោយបុគ្គលម្នាក់មានឋានៈ ជាព្រះ មហាក្សត្រ ឬស្តេច ។

២) អភិជនាធិបតេយ្យ (Aristocracy) ដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាច ដោយមនុស្សមួយក្រុមតូច ដែលមានឋានៈខ្ពង់ខ្ពស់ ។

៣) ប្រជាធិបតេយ្យ (Democracy) ដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាចដោយ មនុស្សភាគច្រើន ឬ ប្រជាពលរដ្ឋ ។

យុគសម័យក្រោយមកទស្សនៈវិទូជនជាតិក្រិចជាច្រើននាក់ទៀតដែល បានធ្វើការសិក្សាស្រាវជ្រាវ បន្តពីអារីស្តូល (Aristotle) បានចែកស្ថាប័នរដ្ឋាភិបាលជា ៥ លក្ខណៈបន្ថែមទៀតគឺ ៖

១) រដ្ឋាភិបាលផ្តាច់ការនិយម (Absolutism)គ្រប់គ្រងដោយបុគ្កលម្នាក់ ដែលប្រើអំណាច ជិះជាន់ បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋកំទេចចោលការតវ៉ាប្រឆាំងនិង ការជំទាស់ទាំងឡាយ ដែលផ្ទុយពី គោលការណ៍របស់ខ្លួន ។

២) រដ្ឋាភិបាលអប្បជនាធិបតេយ្យ (Oligarchy)គ្រប់គ្រងដោយមនុស្ស មួយក្រុមឬគណៈបក្សមួយ ដែលធ្វើសកម្មភាព នយោបាយគ្រប់បែបយ៉ាង ដើម្បីបម្រើផលប្រយោជន៍ របស់បក្សពួកខ្លួនតែ ប៉ុណ្ណោះ ។

៣) រដ្ឋាភិបាលអនាធិបតេយ្យ (Ochlocracy) គ្របគ្រងដោយមនុស្សឃោរឃៅដែលយកច្បាប់ ព្រៃមកអនុវត្តយកការកាប់សម្លាប់មកធ្វើ  ជាមធ្យោបាយសម្រាប់ដឹកនាំប្រទេសជាតិ ។

៤) រដ្ឋាភិបាលទេវាធិបតេយ្យ (Theocracy) គ្រប់គ្រងដោយមេដឹកនាំសាសនាដែល  ប្រារព្វពិធីបូ ជាយញ្ញនិងគោរពអំណាចព្រះអាទិទេព ។ តាមរយៈសាសនាមេដឹកនាំ អាចប្រើទេវបញ្ជាឲប្រជា ពលរដ្ឋរបស់ខ្លួនធ្វើពលិកម្ម ដើម្បីបម្រើគោលការណ៍អ្វីមួយ ។

៥)រដ្ឋាភិបាលការិយាធិបតេយ្យ(Bureaucracy)គ្រប់គ្រងដោយអ្នកកាន់កាប់កិច្ចការនៅក្នុងការិយា ល័យនៃក្រសួងរដ្ឋនានា ។ ក្រសួងរដ្ឋបាលមានភារកិច្ចដ៏សំខាន់ ក្នុងការរៀបចំទំនាក់ទំនងឲបាន ល្អប្រសើររវាងប្រជាពលរដ្ឋ​ និងក្រុមរដ្ឋាភិបាល​​ ។ កិច្ចការទាំងឡាយត្រូវអនុវត្តទៅតាមឋានានុក្រម (Hierarchy) គឺធ្វតាមលំដាប់លំដោយ ពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ទាប ។

        ការតាក់តែងរៀបចំប្រព័ន្ធរដ្ឋភិបាលនៅទីក្រុងរ៉ូមនាយុគសម័យបូរាណបានជះ​ឥទ្ធិ​ ពល​ដ៏ ច្រើន​​ទៅលើការរៀបចំស្ថាប័នរដ្ឋាភិបាលនៅឯបច្ចឹមប្រទេស​។​ ចំណាត់ការដែលគេយកចិត្តទុកដាក់ ជាងគេគឺគោលការណ៍នៃ ការបង្កើតច្បាប់រដ្ឋធម្មនុញ្ញ ដែលប្រគល់អធិបតេយ្យភាព ដ៏ច្រើនសន្ធឹក ដល់ប្រជាពលរដ្ឋ ក្នុងការត្រួតពិនិត្យ ការដឹកនាំនិងការទទួលខុសត្រូវ ចំពោះវាសនាអនាគតនៃ ប្រទេសជាតិរបស់ខ្លួន។ការផ្ទេរស្ថាប័នរដ្ឋាភិបាល ឲទៅជាកម្មសិទ្ធិប្រជាពលរដ្ឋមានទំនាក់ទំនងទៅ នឹងកត្តាសំខាន់ៗ ២ យ៉ាងគឺ៖

​​១)ការកែទម្រង់ផ្នែកសេដ្ឋកិច្ចនិងការពង្រឹងផែនការពាណិជ្ជកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវ​​កា​រ និង កំណើនប្រជាពលរដ្ឋ ។

២)​ ការកែទម្រង់របៀបគ្រប់គ្រងរដ្ឋាភិបាល ដោយគេលុបបំបាត់ចោលអំណាច របស់មេដឹកនាំសា សនាទាំងឡាយ ដែលបន្លំយកសាសនាធ្វើជាមធ្យោបាយ សម្រាប់ឃោសនា ដើម្បីបម្រើប្រយោ ជន៍ផ្ទាល់ខ្លួន ។ នាសតវត្សទី ១៦​ គេបានសង្កេតឃើញស្ថាប័នរដ្ឋាភិបាលនៃប្រជជាតិនីមួយៗមាន លក្ខណៈជា រដ្ឋាភិបាលសន្តិវង្ស (Dynasty) និងរដ្ឋាភិបាលអត្តាធិបតេយ្យ (Autocracy) ។​រដ្ឋាភិបាលប្រភេទនេះ មានរដ្ឋអំណាចធំធេងគ្មានព្រំដែន ពីព្រោះសម្បត្តិធម្មជាតិនិងសម្បត្តិគ្រប់ បែបយ៉ាងដែលមាននៅក្នុងប្រទេសទាំងមានជីវិតនិងឥតជីវិតសុទ្ធសឹងជាកម្មសិទ្ធិរបស់មេដឹកនាំ ។ អ្នកកាន់រដ្ឋអំណាចតែងតែបន្តវេនគ្នាដឹកនាំប្រទេសជាតតកូនតចៅ ហើយមានតែពូជពង្ស វង្សត្រកូ លរបស់ពួកគេទេ ដែលមានអំណាចអាចដឹកនាំប្រទេសជាតិបាន ។ នាសម័យបូរាណ ស្តេចជាមេ ដឹកនាំប្រទេសជាតិ ហើយស្តេចជាម្ចាស់ជីវិតរបស់ប្រជាពលរដ្ឋ នឹងជាម្ចាស់លើអ្វីៗ ទាំងអស់នៅ ក្នុងព្រះរាជនគរ ដូចស្តេចល្វីសទី​១៤ (Louis XIV) នៃប្រទេសបារាំងបានថ្លែងថា “រដ្ឋគឺជាខ្ញុំ L’Etat c’est moi” ។​ ស្តេចល្វីសទី ១៤ តែងតែយកទ្រព្យសម្បត្តិរបស់ជាតិ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងយករឿងរ៉ាវបញ្ហាផ្ទាល់ខ្លួន មកធ្វើជាបញ្ហារបស់ប្រទេសជាតិ ហើយវិបត្តិទាំងនេះ កើតរហូតមក ដល់រជ្ជកាលស្តេចល្វីសទី ១៦ (Louis XVI) ។ ប្រជាពលរដ្ឋបារាំង ដោយពុំអាចទ្រាំ ទ្រនឹងរបបស្តេច និយមតទៅទៀតបាន ក៏នាំគ្នារើបំរះបង្កើតជាចលនាបដិវត្តន៍នៅឆ្នាំ ១៧៨៩ រួចគេក៏ចាប់យកស្តេច ល្វីសទី ​១៦ ទៅប្រហារជីវិតនាឆ្នាំ ១៧៩៣ ហើយប្រជាជនបារាំងក៏នាំគ្នា កែប្រែរបបគ្រប់គ្រង ប្រទេសជាតិរបស់គេឲទៅជារបបសាធារណរដ្ឋវិញ ។

លទ្ធិប្រជាធិបតេយ្យ



មុននឹងអធិប្បាយត្រូវតែស្គាល់នូវឫសពាក្យជាមុនសិនពាក្យថា“លទ្ធិប្រជាធិបតេយ្យ” មកពី ពាក្យ លទ្ធិ + ប្រជា​ + អធិបតេយ្យ > លទ្ធិប្រជាធិបតេយ្យ ។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោជួន ណាត ពាក្យថា លទ្ធិ មានន័យថា  ការឃើញ, សេចក្តីយល់ឃើញ, សេចក្តីប្រកាន់ជំនឿ, ជំនឿ, ការ ប្រកាន់តាមយោបល់របស់ខ្លួន ឬតាមទម្លាប់, ពិធី,​ បែបបទ, ការនិយម ។ ពាក្យថា​ ប្រជា មានន័យថា ពពួកសត្វ, ពពួកជន, ប្រជាករ ឬប្រជាជន ។ ពាក្យថា អធិបតេយ្យ​ ឬ អធិបតី មានន័យថា អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង ។ សរុបមកពាក្យថា “លទ្ធិប្រជាធិបតេយ្យ” មាន ន័យថា​ បែបបទនៃការដឹកនាំប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេស ឬរដ្ឋា ភិបាលដែលមានប្រជាជនជាធំ ក្នុងការរើសតំណាងរាស្ត្ររបស់ខ្លួន ឲជាអ្នកសម្រេច កិច្ចការក្នុងប្រទេស ។

          តាមការបកស្រាយនិយមន័យ (Definition) របស់ទស្សនវិទូជនជាតិក្រិចឈ្មោះ អារីសស្តូត (Aristole) កាលពីជំនាន់ ៣០០ ឆ្នាំមុន​​គ្រិសសករាជ បានបង្ហាញថា “លទ្ធិ ប្រជាធិបតេយ្យ Democracy ” គឺជាអំណាចគ្រប់គ្រងដោយប្រជាពលរដ្ឋ ។ ពាក្យថា ប្រជាធិបតេយ្យជាសមូហនាម គឺជាការរួមផ្តុំរបស់ពាក្យ “ប្រជាពលរដ្ឋ Demos” និង ពាក្យ “អធិបតេយ្យ Kratis” ។ អំណាចគ្រប់គ្រងដោយប្រជាពលរដ្ឋ ជាអំណាចសាធា រណៈ ។ អំណាចនេះមានលក្ខណៈផ្ទុយគ្នាពីអំណាចគ្រប់គ្រងដោយមនុស្សមួយក្រុម (Oligarchy) អំណាចគ្រប់គ្រងដោយមនុស្សម្នាក់ (Autocracy) និងអំណាចគ្រប់ដោយ ស្តេច (Monarchy) ។
         កាលពីជំនាន់ដើម  ប្រជាពលរដ្ឋនៅទីក្រុងអាថែន  (Athens)  នៃប្រទេសក្រិច បានផ្លាស់ប្តូរវេនគ្នាតាក់តែងច្បាប់ទម្លាប់ ដើម្បីគ្រប់គ្រងស្រុកភូមិរបស់ខ្លួន ។ លុះ ដល់ក្រោយមក ដោយហេតុចំនួនរបស់ប្រជាពលរដ្ឋចេះកើនច្រើនឡើងៗ ការតាក់ តែងច្បាប់ទម្លាប់ ពុំអាចធ្វើបានដោយគ្រប់គ្នាបានឡើយ ។ ដូច្នេះគេចាំបាច់ជ្រើស រើស អ្នកតំណាងឲទៅតាក់តែងច្បាប់ជំនួស ដែលគេហៅថា “តំណាងពលរដ្ឋ ឬតំ ណាងរាស្ត្រ” និងជ្រើសរើសមនុស្សដ៏ឈ្លាសវៃម្នាក់ទៀត ឲដឹកនាំសង្គមរបស់គេ ដែលគេហៅថា​ “ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី” ។
         ការគ្រប់គ្រងសង្គមរបៀបនេះទស្សនវិទូប្ល៉េតូ (Plato) ដែលបានកើតនៅសតវត្យ
ទី ៤​ មុនគ្រិស្ត​សករាជបានឲឈ្មោះថា “របបគ្រប់គ្រងសាធារណៈ ឬរបបសាធារណ រដ្ឋ The replublic” ។
         ដូច្នេះរបបគ្រប់គ្រងសាធារណរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យ មានន័យថា ជា ប្រព័ន្ធគ្រប់​គ្រង​របស់រដ្ឋាភិបាល ដែលនៅក្នុងនោះ ក្រុមអាជ្វាធរកាន់រដ្ឋអំណាចទាំង​ឡាយ ត្រូវគេជ្រើស​រើសដោយការបោះឆ្នោតរបៀបសេរី ដោតយុត្តិធម៌ និងអនុម័ត តាមមតិភាគច្រើន ។ ដើម្បីជាចៀសវាងការប្រើអំណាចរំលោភបំពាន ប្រជាពលរដ្ឋ ចាំបាច់កំរិតព្រំដែន​អំណាចគ្រប់​គ្រង​របស់មេដឹកនាំ ។ ទង្វើនេះអនុវត្តតាមរយៈរដ្ឋ ធម្មនុញ្ញ ដែលអនុញ្ញាតឲមានការឆែកឆេរនឹង​ថ្លឹងថ្លែង (Checks and Balance) ៕
ក) មូលដ្ឋាននៃលទ្ធប្រជាធិបតេយ្យ
         សម្មតិកម្មជាមូលដ្ឋាន (Basic Hypothesis) នៃលទ្ធប្រជាធិបតេយ្យ ផ្អែកទៅលើ ការយល់ដឹងនូវគោលការណ៍សំខាន់ខ្លះៗ ដូចជា៖
១) អ្នកនិយមលទ្ធិប្រជាធិបតេយ្យ  ទទួលស្គាល់ថា កិត្តយសនិងសារៈប្រយោជន៍នៃ បុគ្គលម្នាក់ៗ ត្រូវតែបានគេគោរព​ ពីព្រោះជន​ណាក៏ដោយពេេលកើតមកហើយ ត្រូវតែមានសេរីភាព ។ សេរីភាព​​ជា​ចំណង​ចងភ្ជាប់ទៅនឹងរូបរាងកាយមនុស្សដែលគ្មាននរណាម្នាក់អាចកាត់ចេញបាន ។
២) អ្នកនិយមលទ្ធប្រជាធិបតេយ្យទទួលស្គាល់ថា សិទ្ធិរបស់បុគ្គលម្នាក់ៗ ត្រូវតែបាន គេគោរពនិងលើកតម្កើង ។ សម្រាប់មនុស្សម្នាក់ៗ សិទ្ធិសេរីភាព ជីវិត និងទ្រព្យសម្ប ត្តិ គឺជាកម្មសិទ្ធិដាច់មុខរបស់គេ ។
៣) អ្នកនិយមលទ្ធិប្រជាធិបតេយ្យទទួលសញគាល់ថា សិទ្ធិសេរីភាព គឺជាការបើកឧិ កាសដ៏សមគួរឲបុគ្គលម្នាក់ៗ មានលទ្ធភាពអាចធ្វើដំណើរទៅកាន់ទិសដៅ តាមសេ ចក្តីប្រាថ្នារបស់គេ ។ ស្នូលនៃសេរីភាពគឺការសម្រេចចិត្តនិងការទទួលខុសត្រូវដោ យខ្លួនឯង ។ សេរីភាព ពុំមានន័យថាជាអវត្តមាន នៃកម្លាំងកៀបសង្កត់ពីខាងក្រៅ នោះទេ ប៉ុន្តែវាជាអំណាចរបស់បុគ្គល ដែលអនុវត្តដោយត្រឹមត្រូវ ដើម្បិឈោងចាប់ យកគោើបំណងរបស់ខ្លួន ។ សេរីភាពរបស់បុគ្គលគឺជាកូនសោដ៏សំខាន់ នៃសង្គម ជឿនលឿន សេរីភាពមានកាន់តែច្រើនមាគ៌ានៃជីវិតកាន់តែល្អប្រសើរឡើង ៕
ខ) សេរីភាព និងសមភាព
     “សេរីភាព” មានន័យថា អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត , អំណាចពេញ ទី (ប៉ុន្តែត្រូវស្ថិតនៅក្រោមច្បាប់) ។ សេរីភាព ត្រូវតែមានការធានាពេញលេញពីរដ្ឋ ធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ផ្នែកសំខាន់ៗទាំងឡាយនៃសេរីភាពគឺ សេរីភាពក្នុងការនិយាយស្តី ​សេរីភាពក្នុងការផ្សព្វផ្សាយពត៌មាន សេរីនៃការជំនឿ លើសាសនា សេរីភាពនៃការធ្វើដំណើរ សេរីភាពក្នុងការចូលរួមប្រជុំ សេរីភាពក្នុង​ការបង្កើតសមាគម ឬគណបក្សនយោបាយណាមួយ ។ល។
     អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ឃើញថា មធ្យោបាយដែលអាចធ្វើឲ សេរីភាព របស់ប្រជាពលរដ្ឋទទួលបាននូវការរីកចម្រើន គឺការកាត់បន្ថយអំណាចរដ្ឋាភិបាល មានន័យថា​ ជាការពង្រីអំណាចសង្គម (Social Power Delelopment)និងជាការបង្កើត​សេដ្ឋកិច្ចឯកជន (Private Economy Expansion) ។
     “សមភាព=សម+ភាវ” មានន័យថា ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា មាន ៤ យ៉ាងគឺ ១) កិច្ចសមភាព ភាពស្មើគ្នាដោយកិច្ច គឺដំណើមានកិច្ចការ ឬមុខការរបរស្មើគ្នា
២)​ អនុភាវសមភាព ភាពស្មើគ្នាដោយអានុភាព គឺការមានអំណាចស្មើគ្នា
៣) សីលសមភាព ភាពស្មើគ្នាដោយសីល  គឺដំណើរកាន់សីលឬមានមារយាទល្អស្មើ គ្នា
៤) ទិដ្ឋិសមភាព ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា ។
     ចំណែកឯទស្សនៈលើផ្នែក “សមភាព” វិញ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ ឃើញថា មនុស្ស​ទាំងឡាយដែលកើតមក ត្រូវតែមានតម្លៃស្មើៗគ្នា ពោលគឺគ្មានការ បែងចែក វណ្ណស្តេច ឬវណ្ណ​រាស្ត្រ វណ្ណសេដ្ឋី ឬវណ្ណអ្នកក្រ ។ល។ វណ្ណតែមួយ គឺវណ្ណ មនុស្ស ។ តម្លៃស្មើៗគ្នា នេះជាកត្តាឲ្យ​គេមានសេរី​ភាពដូចគ្នា ហើយគេនឹងរក្សាទុកនូវ តម្លៃនេះ ក្នុងជីវិតរបស់គេជារៀងរហូត ដោយពុំអនុញ្ញាតឲ្យ​នរណា​ម្នាក់រឹបអូសយកបានឡើយ ៕
 គ) មូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ
    អ្នកនិយមលទ្ធិប្រជាធិបតេយ្យ និងរបបគ្រប់គ្រងសាធារណរដ្ឋពុំគ្រាន់តែមាន​ជំនឿ​ជឿជាក់​​ថា លទ្ធិនេះ របបគ្រប់គ្រងនេះ ជាឫសកែវនៃសេរីភាពនិងសមភាពប៉ុណ្ណោះ ទេ ក៏ប៉ុន្តែវាជាមធ្យោបាយ ដ៏ល្អបំផុតសម្រាប់គ្រប់គ្រងសង្គមមួយ ដែលពោរពេញទៅ​ ដោយភាពស្មុកស្មាញ ។ លទ្ធិប្រជាធិបតេយ្យបើកអំណាចឲប្រជាពលរដ្ឋ គ្រប់គ្រង សង្គមជាតិរបស់ខ្លួនដោយខ្លួនឯង ។ នៅក្នុងរបបសាធារណរដ្ឋ ប្រព័ន្ធនយោបាយ គ្រប់គ្រងជាតិរបស់រដ្ឋាភិបាល ជាកម្មសិទ្ធិរបស់ប្រជា​ពលរដ្ឋ ចាត់ចែងដឹកនាំដោយ ប្រជាពលរដ្ឋ និងដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។
     ពលរដ្ឋម្នាក់ៗ ទោះបីរស់នៅក្នុងទីក្រុង ឬទីជនបទស្រែចម្ការ ទោះបីកើតនៅក្នុង វង្សត្រកូលអ្នក​មាន ឬ អ្នកក្រីក្រ ឲតែមានសមត្ថភាព គរអាច​មានលទ្ធភាពឡើងទៅ កាន់តំណែង ជាប្រធានាធិបតី ឬ នាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិរបស់គេបានតាម រយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ ។
     យន្តការដ៏សំខាន់ (The crucial Mechanism) របស់រដ្ឋាភិបាល ដែលមានប្រជាប្រិ យភាព គឺការថែ​រក្សានុវប្រព័ន្ធនៃការបោះឆ្នោតដោយចំហ សេរី និងយុត្តិធម៌ ។ តាមធម្មតា រដ្ឋាភិបាលប្រជា​ធិប​តេយ្យ​មានលក្ខណៈច្រើនបែបច្រើនសណ្ឋាន ខុសៗពីគ្នា ឧទាហរណ៍ដូចជាប្រជាធិបតេយ្យ​សេរី​និយម ប្រជាធិប​តេយ្យកុម្មុយ​និស្តនិយម ប្រជាធិបតេយ្យសង្គមនិយម ប្រជាធិបតេយ្យរាជានិយម ។ល។
     ប៉ុន្តែតាមការពិត របបកុម្មុយនិស្តនិយម របបសង្គមនិយម និងរបបរាជានិយម ពុំអា​ចមានលទ្ធិ​ប្រជា​ធិបតេយ្យកើតទេ ។ វាមានតែរបបសាធារណរដ្ឋសេរីនិយមប៉ុណ្ណោះ ដែល​មាន​ការអនុវត្តិ លទ្ធិប្រជាធិបតេយ្យដោយត្រឹមត្រូវ ។ ដោយហេតុស្ថាប័នរដ្ឋាភិ បាលមានទម្រង់និងលក្ខណៈខុសៗ​ពីគ្នាដូច្នេះរបៀបគ្រប់គ្រងប្រទេស និងច្បាប់រដ្ឋ ធម្មនុញ្ញក៏ខុសប្លែកពីគ្នាដែរ ។ តែទោះបីជាយ៉ាង​នេះ​​ក្តីការបោះឆ្នោតតាមលទ្ធិប្រជា ធិបតេយ្យ ត្រូវតែមានយ៉ាងហោច​ណាស់​កត្តាសំខាន៉ៗ៤ ចំណុច​គឺ៖
     ១) សមភាពអំណាចនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋ​
     សមភាពនៃការបោះឆ្នោតពុំមែនមានន័យថា ​ ប្រជាពលរដ្ឋគ្រប់ៗរូប មានឥទ្ធិពល ដូចៗគ្នានោះ​ទេ ។ អ្នកខ្លះ ដោយសារគេមានទ្រព្យច្រើន មានប្រាជ្ញាឆ្លាតវៃ មានទេព កោសល្យខ្ពង់ខ្ពស់ និងមាន​ជំហរ​នយោបាយល្អរឹងមាំ គេក៏មានប្រៀបខាងកម្លាំងអំ ណាច មានមធ្យោបាយ​និងមានលទ្ធភាព​ប្រសើរ​ជាង​អ្នកដែលគ្មានអ្វីសោះ។ តែទោះ ជាយ៉ាងនេះក្តី ក៏សេរីភាពនៃការបោះ​ឆ្នោតត្រូវតែមាន​ដូច​គ្នា គ្មានការបែងចែងរវាង សមត្ថភាព ចំណេះដឹង ឋានៈ ភេទ ឬសាសនាឡើយ ឲតែពលរដ្ឋទាំង​នោះ​រស់នៅ ស្របតាមច្បាប់របស់ប្រទេសដែលចែងពីអាយុ ទីលំនៅ សញ្ជាតិ ។ល។  
     ២) សិទ្ធិផ្សព្វផ្សាយទស្សននយោបាយ
     បេក្ខជនឃោសនាបោះឆ្នោត  មានសិទ្ធិបញ្ចេញ ​នឹងផ្សព្វផ្សាយនូវគោលគំនិត ទស្សននយោ​បាយរបស់ខ្លួន ជាសាធារណៈ ដើម្បីឲជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ។ រីឯប្រជាពល​រដ្ឋ ក៏មានសិទ្ធិដឹងឮ មានសិទ្ធិរិះគន់ ឬពិចារណា និងត វ៉ាជំទាស់រាល់ទង្វើរបស់បេក្ខជន ។ បេក្ខជន​នយោបាយ អាចប្រកួតប្រជែងចោទសួរ គ្នា ពីបញ្ហាផ្សេងៗដែលទាក់ទងនិងប្រទេសជាតិ តាមរយៈ​វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន ។ល។ គេសង្កេតឃើញថា ទោះបីគោលការណ៍នៃការប្រកួត​ប្រជែង​ខាងផ្លូវគំនិត ខាងទស្សននយោបាយ ប្រព្រិត្តទៅដោយសេរី ក៏ដោយ ក៏បញ្ហាប្រាកដជានឹង ចោទ​ឡើង​រវាង អ្នកមានលុយចាយវាយសម្រាប់ឃោសនា និងង្នកដែលក្មានមធ្យោ បាយ ។ ដើម្បិកុំឲ្យ​គោល​ការណ៍សមភាព រវាងអ្នមាន និងអ្នកគ្មាន ឃ្លាតចាកដាច់ឆ្ងា យពីគ្នាពេក រដ្ឋាភិបាលត្រូវ​កំរិត​ការ​ចាយវាយ លើការការឃោសនាផ្សេងៗ នៃបេក្ខ ជនម្នាក់ ។
     ៣) សកម្មភាពបយោបាយនៃបុរីជន
     បូរីជន (Citizen) ត្រុវមានសេរីភាពក្នងការធ្វើសកម្មភាពនយោបាយ ។ បុគ្គលម្នាក់ ៗអាចបង្កើនប្រសិទ្ធិភាព នៃសកម្មភាពនយោបាយរបស់ខ្លួន ដោយចូលរួមទៅក្នុង ចលនាអង្គការ សមាគម ឬគណបក្សនយោបាយណាមួយ ។ បូរីជន ឬពលរដ្ឋអាច ប្រើសិទ្ធិសេរីភាពប្រឆាំង ឬគាំ​ទ្រ តាមផ្លូវនយោបាយ ចំពោះគណបក្ស ឬអាជ្ញាធរកា ន់រដ្ឋអំណាច ទៅដោយចំពោះក្តី ឬដោយមិន​ចំពោះ​ក្តី ។ គ្មានរដ្ឋធម្មនុញ្ញប្រជាធិបតេ យ្យណាមួយ អាចហាមឃាត់ រារាំង បង្កើតនូវឧបសគ្គ ឬធ្វើ​ឲ្យ​ប៉ះពាល់ ដលើការចូល រួមធ្វើនយោបាយរបស់បូរីជន ឬប្រជាពលរដ្ឋបានទេ ៕

ខ) លក្ខណៈនៃរដ្ឋាភិបាល

រដ្ឋាភិបាលមានលក្ខណៈខុសៗគ្នា យោលទៅតាមចំនួនប្រជាពលរដ្ឋ ភូមិសាស្ត្រទឹកដី វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណីនិងចំណេះដឹងក្នុងសង្គម ។ តែការបែងចែកដ៏ពិតប្រាកដនោះមានតែពីរ យ៉ាងទេគឺ ១) រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតេយ្យ ក្នងរបបសាធាណរដ្ឋ និង ២) រដ្ឋាភិបាល​ដឹក​នាំដោយ​ព្រះមហាក្សត្រ របបរាជានិយម ។ ក្នុងចំណោមរដ្ឋាភិបាលទាំងពីរប្រភេទនេះ ខ្លះមាន​ទម្រង់​ជារដ្ឋាភិបាលប្រជាធិបតេយ្យ តែខ្លះទៀត​មាន​ទម្រង់​ជា​រដ្ឋាផិបាលផ្តាច់ការនិយម ។

មកទល់នឹងបច្ចុប្បន្នគេសង្កេតឃើញមានរដ្ឋាភិបាលប្រកាន់របបសាធារណរដ្ឋនិយមចំនួន៩០ភាគរយទៅហើយក្នុងចំណោមប្រទេសចំនួន១៦០ នៅលើពិភពលោក។លក្ខណៈសម្គាល់ម្យ៉ាង​ទៀតគឺរដ្ឋាភិបាលអាចមានទម្រង់ជាឯករដ្ឋ (Unitary state)​ ​និង​រដ្ឋ​សហព័ន្ធ (Federal State) ។

          ប្រទេសកម្ពុជា លាវ សៀម យួន ។ល។ ជាឯករដ្ឋ រីឯសហរដ្ឋអាមេរិចវិញ គឺជារដ្ឋសហព័ន្ធ​ពី​ព្រោះ​មានរួមទៅដោយឯករដ្ឋចំនួន ៥២រដ្ឋ។ តាមធម្មតា​រដ្ឋាភិបាលនៃរដ្ឋសហព័ន្ធតែងតែមានអំណាចច្រើនជាងរដ្ឋាភិបាលដែលេជាសមាជិកទោះបីឯករដ្ឋមានមេដឹកនាំនឹងរដ្ឋធម្មនុញ្ញផ្ទាល់របស់ខ្លួនក៏ដោយ។ ទំហំនៃអំណាចរបស់រដ្ឋសហព័ន្ធមានច្រើនឬតិចយោលទៅតាមលក្ខណៈនយោបាយរបស់ប្រទេស​ ការព្រមព្រៀងរបស់ប្រជាពលរដ្ឋ និងកាលៈទេសៈដ៏ចាំបាច់ផ្សេងៗទៀត ។

             តាមរយៈច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលអាចមានលក្ខណៈពីរ​ យ៉ាងគឺ​៖ ១)ជាសភានិយម  (Parliamentary ​Government) ២) ជាប្រជាធិបតេយ្យនិយម (Presidential Governmemt) ។

ប្រទេសឥណ្ឌាអង់គ្លេសកាណាដា។ ល។ មានរដ្ឋភិបាលបែបសភានិយមដែលអំណាចគ្រប់គ្រងនិង​ ដឹកនាំស្ថិតនៅលើអង្គការនិតិបញ្ញត្តិ។ រីឯសហរដ្ឋអាមេរិក​បារាំងកូរេ។ល។ មានរដ្ឋាភិបាលបែប​ ប្រធានាធិបតេយ្យនិយមដែលអំណាចគ្រប់គ្រងនិងដឹកនាំស្ថិតនៅលើអង្គការនិតិប្រតិបត្តិ ។ ប៉ុន្តែ​ តាមរយៈលទ្ធិ​ប្រជាធិបតេយ្យ​ទោះបីអង្គការនិតិប្រតិបត្តិមានឯករាជភាពចេញពីអង្គការនិតិបញ្ញត្តិក៏ដោយក៏ចំណាត់​ការផ្សេងៗត្រូវតែដាក់ជូនអង្កការសភាដើម្បីពិនិត្យនឹងសម្រេចយល់ព្រម ទើបអាចចាត់ទុកថា មានលក្ខណៈត្រឹមត្រូវតាមច្បាប់បាន ៕



លន់ នល់ អ្នកដឹកនាំ​រដ្ឋប្រហារ និង បង្កើត​សាធារណរដ្ឋ​ខ្មែរ

Give our kids a better deal

ភ្នំពេញ: ​លន់ នល់ (Lon Nol) ជា​អ្នកនយោបាយ និង ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​កម្ពុជា ដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​២​លើក និង ជា​រដ្ឋមន្ត្រី​ការពារជាតិ ។ គាត់​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​សម្តេច នរោត្តម សីហនុ និង ជា​អ្នកបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ និង ជា​ប្រធានាធិបតី​សាធារណរដ្ឋ​នេះ ។ គាត់​ក៏​ជា​មនុស្ស​ទី​១​ដែរ​ដែល​ចេញមុខ​ប្រកាសសង្គ្រាម​បណ្តេញ​យួន​ខាងជើង និងវៀត​កុង​ចេញពី​ទឹកដី​ខ្មែរ ។​


​ ​លន់ នល់ កើត​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នា​ខេត្តព្រៃវែង ក្នុង​គ្រួសារ​ខ្មែរ​ដើមកំណើត​ចិន ។ ឪពុក​របស់គាត់​ឈ្មោះ លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ នួន , គាត់​ជា​កូ​នទី​២​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ដែល​ក្នុងនោះ​ប្អូនប្រុស​ទី​៧ ​របស់គាត់​ឈ្មោះ លន់ ណុន ជា​មនុស្ស​ដែលមាន​តួនាទី​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​នយោបាយ​ខ្មែរ​ ចាប់តាំងពី​ការចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ និង ការបង្កើត​​របប​សាធារណរដ្ឋ​ខ្មែរ ។ ឪពុក​របស់គាត់ ធ្លាប់ជា​អភិបាលស្រុក​នៅ​ខេត្តសៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​បង្ក្រាប​ចោរប្លន់​នៅ​ខេត្តព្រៃវែង ។ លន់ នល់ ទទួលបាន​ការអប់រំ​​នៅ​សាលា​សា​សឺ​លូ​ប​-​ឡូ​បា (Chasseloup-Laubat) នាទី​ក្រុង​សាយ​ហ្ក​ន បន្ទាប់មក​បាន​ចូល​សិក្សា​នៅ​សាលា​យោធា​កម្ពុជា ។​
​ លន់ នល់ ជា​មន្ត្រី​ស៊ីវិលក្នុងសម័យ​រដ្ឋាភិបាល​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៧ ។ គាត់​បាន​ក្លាយ​ជា​អ្នកកាន់អំណាច​រដ្ឋបាល ហើយក៏​បានធ្វើ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកប្រតិបត្តិ​ការ​ដ៏​មាន​ប្រសិទ្ធភាព​ របស់​បារាំង​ប្រឆាំង​បង្ក្រាប​ចលាចល​ជា​បន្តបន្ទាប់​នៃ​ការ​ប្រឆាំងនឹង​ អាណានិគម​​បារាំង​នា​ឆ្នាំ​១៩៣៩ ។ លុះ​ដល់​ឆ្នាំ​១៩៤៦ គាត់​បាន​ក្លាយជា​ចៅហ្វាយ​ខេត្តក្រចេះ ។ គាត់​បាន​ក្លាយជា​សហកា​រី​របស់​សម្តេច សីហនុ ហើយ​នៅក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅពេលដែល​គាត់​បាន​បង្កើត​ចលនា​ស្តាំនិយម , រាជាធិបតេយ្យ ជា​ក្រុម​នយោបាយ​គាំទ្រ​ឯករាជភាព​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង ​នយោបាយ​ប្រទេស​កម្ពុជា​ខ្លាំង​ឡើងៗ ។ គាត់​បាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៥២ ហើយ​គាត់​បាន​ដឹកនាំ​ប្រតិបត្តិការ​កងទ័ព​ប្រឆាំង​វៀត​មិញ ។
​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យពី​បារាំង គណបក្ស​កំណែទម្រង់​ខ្មែរ (Khmer Renovation ) របស់គាត់ ( រួម​នឹង​គណបក្ស​ស្តាំនិយម​តូចៗ​ដែល​ដឹកនាំ​ដោយ សម សារី និង ដាប ឈួន ) បាន​ក្លាយជា​គណបក្ស​ស្នូល​របស់ គណបក្ស​សង្គមរាស្ត្រនិយម របស់​សម្តេច​នរោត្តម សីហនុ សម្រាប់​ប្រជែង​​ការបោះឆ្នោត​ឆ្នាំ​១៩៥៥ ។​
​ លន់ នល់ ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​កងទ័ព​នៅ​ឆ្នាំ​១៩៥៥ និង ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ​១៩៦០ និង កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ ។​
​នៅពេលនោះ គាត់​ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ទទួលបាន​ការទុកចិត្ត​ពីស​ម្តេច សីហនុ ។ ឆ្នាំ​១៩៦៣ គាត់​ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈដែល​សម្តេច សីហនុ ព្យាយាម​ស្វែងរក​ចលនា “ អព្យាក្រឹត​និយម “ ជា​អន្តរជាតិ​ក្នុង​បំណង​បញ្ចៀស​ប្រទេស​របស់​ព្រះអង្គ​ពី​ការប៉ះពាល់​ដោយ​ សង្គ្រាម​​ឥណ្ឌូចិន​លើក​ទី​២ ។​
​នៅ​ឆ្នាំ​១៩៦៦ ការបោះឆ្នោត​សភា បានធ្វើ​ឱ្យមាន​តុល្យភាព​អំណាច​ចំពោះ លន់ នល់ និង សមាស​ធាតុ​ស្តាំនិយម​របស់​គណៈបក្ស​សង្គមរាស្ត្រនិយម នៅពេលដែល​បេក្ខជន​អភិរក្ស និង ពួក​ស្លាប​ស្តាំ​ត្រូវបាន​ជ្រើសរើស​យ៉ាងច្រើន ។ លន់ នល់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​គាត់​គឺជា​មនុស្ស​ដែល​​ប្រកៀក​ស្មា​គ្នា​ជាមួយ​សីហនុ ក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត ។ ជាក់ស្តែង នៅ​ចន្លោះ​ឆ្នាំ​១៩៦៦-១៩៦៧ កង​អន្តរាគមន៍​របស់គាត់ រួមជាមួយ​កង​រាជ​តម្រួត​របស់​សម្តេច សីហនុ បាន​បង្ក្រាប​ការបះបោរ​របស់​កសិក​រ​នៅ​សំឡូត ខេត្តបាត់តំបង ដែល​ត្រូវបាន​ញុះញង់​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត ។ ការបះបោរ​នេះ​កើតឡើង​ពី​កសិករ​លក់​ស្រូវ​ទៅឱ្យ​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន​ ដែល​ដើរ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ការបង្ក្រាប​នេះ​មាន​សភាព​ឃោរឃៅ និង មាន​រយៈ​ពេល​​ច្រើន​ខែ រហូតដល់​មានការ​ប្រយុទ្ធ​ប្រដាប់អាវុធ និង មាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គល​ណា​កាត់​បាន​ក្បាល​ពួក​កុ​ម្មុយ​និ​ ស្ត ។ មនុស្ស​ជាច្រើន​បាន​រត់​ចូល​ព្រៃ និង អ្នកខ្លះ​ត្រូវបាន​ចាប់ចង​ធ្វើ​ទណ្ឌកម្ម​សួរចម្លើយ ។ សារព័ត៌មាន​នានា នា​សម័យ​នោះបាន​សរុប​ថា​យ៉ាងហោចណាស់​មាន​មនុស្ស​​១.០០០ ក្លាយជា​ជនរងគ្រោះ ហើយ​អ្នក​ខ្លះទៀត​មាន​គំនុំ​ជាមួយ​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​យ៉ាងខ្លាំង ។ លន់ នល់ ធ្លាប់បាន​ធ្វើជា​អភិបាលខេត្ត​បាត់ដំបង​នេះដែរ ។​
​លន់ នល់ បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​រថយន្ត​នៅ​ចុងឆ្នាំ​១៩៦៨ និង ត្រូវបាន​បង្ខំ​ឱ្យ​ថយ​ពី​កិច្ចការ​នយោបាយ​ជា​បណ្តោះអាសន្ន ។ ទោះយ៉ាងណា នៅ​ឆ្នាំ​១៩៦៨ គាត់​បាន​វិល​ត្រឡប់មក​ក្នុង​ឆាក​នយោបាយ​វិញ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​១៩៦៩ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២​។​
​ថ្ងៃទី​១៨ មីនា ឆ្នាំ៩៧០ លន់ នល់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេក្លោង​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់​បំផុត​ ទាំង​៣​រូប ក្នុងការ​ទម្លាក់​សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ ។
​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ និង សេរី​មតៈ បាន​បិទ​កំពង់ផែ ព្រះសីហនុ ជាទី​ដែល​អាវុធ​​យុទ្ធ​ភ័​ណ្ឌ ត្រូវបាន​ដឹកជញ្ជូន​ដោយ​លួចលាក់​សម្រាប់​ពួកវៀ​ត​កុង ទៅឱ្យ​កងទ័ព​វៀតណាម​ខាង​ជើង ។​
​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ របស់​លន់ នល់ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​សីហនុ កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​១៩៦៩ ដោយសារ​ពេលនោះ​ស្ថានភាព​ប្រទេស​ជាតិ​កំពុងមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ បាន​ផ្ញើលិខិត​ទៅឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱសានវាទ​ថា ឱ្យ​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឱ្យអស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោលគឺ​មិនឱ្យ​យឺត​ជាង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ពុំ​នោះទេ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​យោធា ។ មុននេះ លន់ នល់ ធ្លាប់បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និង នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េកាំង ជម្រុញ​ឱ្យ​ពួកគេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​​ទទួលបាន​លទ្ធ​ជាទី​ខកចិត្ត​យ៉ាងខ្លាំង ។​
​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នាទី​ក្រុងប៉ារីស សម្តេច​សីហនុ​បាន​មានបន្ទូលថា​ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​កម្ពុជា​ក្នុងពេល​ ឆាប់ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និង ប៉េកាំង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំងពីរ​នេះ​ដាក់​គំនៀប​លើ​យួន​ខាងជើង និង វៀត​កុង​ឱ្យ​ដក​ចេញពី​ទឹក​ខ្មែរ ។

​ដោយ​សំអាង​លើ​សេចក្តីប្រកាស ​នេះ គេ​ឃើញថារ​ដា្ឋ​ភិ​បាល​ភ្នំពេញ​ដែល​កំពុង​ត្រូវបាន​ដឹកនាំ​ជំនួស​​ដោយ លន់ នល់ ក៏ដូចជា​ព្រះអង្គ​ដែរ​កំពុងធ្វើការ​ក្នុង​គោលដៅ​តែមួយ ពោលគឺ​ដើម្បី​បណ្តេញ​​កងទ័ព​យួន​កុ​ម្មុយ​និ​ស្ត និង វៀត​កុង​ឱ្យ​ចេញពី​ទឹកដី​កម្ពុជា គ្រាន់តែ​ក្នុង​របៀប​ផ្សេងគ្នា​តែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើ​ឱ្យគេ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ព្រះអង្គ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ ទៅវិញ ។​
​ស្ថានភាព​នៅ​កម្ពុជា​ពុំមាន​ភាព​ស្រាកស្រាន្ត​សោះឡើយ ។ ទឹកចិត្ត​របស់​រាស្ត្រ​ខ្មែរ​កាន់តែ​ពោរពេញ​ទៅដោយ​កំហឹង​ខ្លាំង​ឡើងៗ​ចំពោះ​ កងទ័ព​វៀតណាម​ខាងជើង និង ពួកវៀ​ត​កុង ។ ព្រឹក​ថ្ងៃទី​១៦ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវបាន​ធ្វើឡើង​នៅមុខ​រដ្ឋសភា ដើម្បី​សុំឱ្យ​អង្គការ​កំពូល​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ីវិល និង យោធា​មួយចំនួន​ពីបទ​សមគំនិត​ជាមួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត៍ ដែល​មនុស្ស​ទាំងនោះ​សុទ្ធ​ជា​មនុស្ស​ក្នុង​រាជវង្ស ឬ ក៏​ជា​អ្នក​ស្និទ្ធ​នឹង​អ្នក​ម្នាង​ម៉ូ​និក ដូចជា អ៊ុំ ម៉ា​ណូ​រិន្ទ ជាដើម ។

​ ស្អែក​ឡើង គឺ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​បានចាប់ផ្តើម​កញ្ជ្រោល​ឡើង​ម្តងទៀត ។ សភា​បាន​បន្ត​ការប្រជុំ​តាម​ការគ្រោងទុក ។ ការចោទប្រកាន់​ចំពោះ​សម្តេច​កាន់​តែមាន​ភាពជូរចត់​ឡើងៗ ។ រថពាសដែក និង រថយន្ត​ដឹក​កងទ័ព​ត្រៀមប្រយុទ្ធ​បានធ្វើ​ចលនា​ខ្វាត់ខ្វែង​តាម​ដង​ផ្លូវធំៗ​ ពាស​ពេញ​​ទីក្រុង ។​
​យោងតាម​ឯកសារ​ខ្លះ “​លន់ នល់ បាន​បដិសេធ​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​ដកហូត សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រធាន​ប្រមុខរដ្ឋ​ឡើយ ។​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​ចាក់​កាសែត​ដែល​គេ​លួច​ថត​ពេល​​សម្តេច នរោត្តម សីហនុ មានបន្ទូល​នៅក្នុង​អង្គប្រជុំ​១ នៅ​ទីក្រុង​ប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ ព្រះអង្គ​បាន​ស្តីបន្ទោស​ចំៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះអង្គ​ហៅថា​ជា​អ្នក​ ក្បត់​ព្រះ​អង្គ ហើយ​ថា​ព្រះអង្គ​នឹងដាក់​ទណ្ឌ​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅពេល​ព្រះអង្គ​យាង​ត្រឡប់​មកដល់​ភ្នំ​ពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី លន់ នល់ នៅតែ​មិន​ប្រាកដថា​នឹង​ញុះញង់​ឱ្យ​សភា​បោះ​ឆ្នោត​​ទម្លាក់​សម្តេច នៅឡើយ ។ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយ​មាន​មន្ត្រី​យោធា​៣​រូប បាន​ទៅដល់​ភូមិគ្រឹះ​របស់ លន់ នល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ នល់ ដែល​កំពុង​ជោគជាំ​ដោយ​ជលនេត្រ​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ ដើម្បី​ដកហូត​សម្តេច សីហនុ ។ ស្អែក​ឡើង ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុ ពី​អំណាច​” ។

​ ថ្វីត្បិតតែ​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែ​មានបំណង​ដកហូត សម្តេច នរោត្តម សីហនុ ពី​អំណាច​កំពូល​ក្នុងប្រទេស​ខ្មែរ ដោយសារតែ​សម្តេច​ជា​ស្រ​ឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែ​យើង​យល់ថា ការអះអាង​ខាងលើនេះ​មិនសូវ​ទំនង​ឡើយ គឺ​យើង​យល់ថា​ព្រះអង្គម្ចាស់ សិរិមតៈ មិន​ហ៊ាន​ធ្វើ​បែប​នោះ​ចំពោះ លន់ នល់ ឡើយ ។

​សៀវភៅ “ សាធារណៈរដ្ឋ​ខ្មែរ “ របស់​បណ្ឌិត សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ​បាន​តាម​រុករក​ឃើញ​នូវ​រឿង​អាថ៌កំបាំង​មួយ​ដែលនាំឱ្យ​ឧ​ត្ត​ ម​សេនីយ៍ លន់ នល់ សម្រេចចិត្ត​អនុ​ញ្ញា​ត្ត​ឱ្យមាន​ការដកហូត​សម្តេច​សីហនុ ពី​អំណាច​ថា គឺជា​ល្បិច​របស់​ប្អូនប្រុស​គាត់​គឺ លន់ ណុន ។

​គួរ​ រំលឹក​ឡើងវិញ​ថា រហូតមកដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ អំណាច​របស់​សម្តេច​សីហនុ នៅ​តែ​មាន​សុវត្ថិភាព​នៅឡើយ ត្បិត​មនុស្ស​ពីររូប​គឺ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិន​ទាន់​បើកផ្លូវ ។​
​ពិត​ហើយ​ថា សិរិមតៈ កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា​បន្ទាប់ពី​ការប៉ុនប៉ង​របស់​ព្រះអង្គ​ក្នុងការ​ ដកហូត​សីហនុ ចេញពី​អំណាច ដើម្បី​យក​ម្កុដ​រាជ ទៅ​បំពាក់​ឱ្យ​មនុ​ស្សណា​ម្នាក់​ដែលជា​ស្រ​ឡាយ​ស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គ​ទំនងជា​មិន​ចង់​ទទួលខុសត្រូវ​រឿងនេះ​តែ​១​អង្គឯង ទើប​ព្រះអង្គ​នៅ​ចាំ​មើល​​ការឈាន​មួយ​ជំហាន​មុន​របស់​លន់ នល់ ដែលជា​ជំហាន​ចុងក្រោយ​ដើម្បី​ទម្លាក់​សីហនុ ខណៈ លន់ នល់ ហាក់ដូចជា​មិនទាន់​ប្រាកដថា​ធ្វើយ៉ាងណា ដែល​មានន័យថា នាយករដ្ឋមន្ត្រី​រូប​នេះ​​មិនទាន់​អនុ​ញ្ញា​ត្ត​ឱ្យ​នរណាម្នាក់​ប៉ះពាល់​ដល់​ ឋានៈ​របស់​សម្តេច​សីហនុ ។​
​បណ្ឌិត សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្ត បាន​ទំលាយ​ឱ្យដឹងថា “ នៅ​យប់​ថ្ងៃទី​១៧ ឈានចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ លន់ ណុន អមដោយ​ហង្ស ធុន​ហាក់ , ឆន សុខុម និង គង់ អ៊​ន បាន​ទៅ​ភូមិ​គ្រឹះ​​របស់​លន់ នល់ ហើយ​បាន​ប្រាប់​លន់ នល់ ថា​៖ “ លោក​បង ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេច​ព្រះ​ទ័យ​ដកហូត​តំណែង​របស់​សម្តេច​សីហនុ ហើយ “ ។​
​លន់ នល់ ដែល​ទើបតែ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប្អូនប្រុស​របស់គាត់​ដាស់ បន្ទាប់ពី​ពួកគេ​បាន​ឈរ​រង់ចាំ​យ៉ាងយូរ​មក​នោះ បាន​ប្រាប់​ទៅ​លន់ ណុន វិញ​ថា ៖ “ បើ​មតៈ ព្រមព្រៀង​រួចទៅហើយ យើង​មានតែ​សម្រេច​ធ្វើ​អីចឹង​ទាំងអស់គ្នា ! “ ។

​តាមពិត​ ព្រះអង្គម្ចាស់​សិរិមតៈ មិនទាន់​បានផ្តល់​ការយល់ព្រម​នៅឡើយ ។ បន្ទាប់មកទៀត លន់ ណុន បាន​ចាក​ចេញពីផ្ទះ​បងប្រុស​របស់គាត់ ធ្វើដំណើរ​ទៅ​គេហដ្ឋាន​របស់​ព្រះអង្គម្ចាស់​សិរិមតៈ ហើយ​បានទូល​ព្រះអង្គ​ថា បងប្រុស​របស់គាត់​គឺ លន់ នល់ បានសម្រេច​ចិត្ត​ចាត់ការ​ទម្លាក់​សីហនុ ហើយ ដែល​តាមពិតទៅ លន់ នល់ បាន​ចាញ់បោក​គាត់​( លន់ ណុន ) តែប៉ុណ្ណោះ ។ ដោយ​ហេតុនេះ ស្អែក​ឡើង គឺ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បាន​សម្រេច​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ នៅ​ម៉ោង ១៣ និង ៣០​​នាទី “ ។
​យប់​ថ្ងៃទី​១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស​បង្កើត​រប​ប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ ។ ការប្រកាស​បែបនេះ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ បាន​អះអាងថា ធ្វើឡើង​តាម​ការស្នើសុំ​របស់​វរ​សេនីយ៍​ត្រី លន់ ណុន ។ ប៉ុន្តែ​បន្ទាប់ពី​ត្រូវបាន​គេ​រាយការណ៍​ថ្វាយ​អំពី​សេ​ក្តី​ប្រកាស​នោះ ព្រះអង្គម្ចាស់ សិរិមតៈ បាន​ជំទាស់​ហើយ​បាន​ស្នើឱ្យ​លើក​សេចក្តីប្រកាស​នោះ​ទៅធ្វើ​នៅ​ថ្ងៃក្រោយ ។

​ នៅពេល​ឃើញថា ដំណើរ​នៃ​ការបង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​ត្រូវបាន​រាំងខ្ទប់​ដោយ ​ព្រះអង្គម្ចាស់​សិរិមតៈ​ដែល​ចង់​បន្ត​ប្រទេស​កម្ពុជា​ឱ្យនៅ​ជា​ប្រទេស​រា​ ធិបតេយ្យ​តទៅទៀត​នោះ ទើប​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៧០ វរសេនីយ៍ត្រី លន់ ណុន បាន​បញ្ជា​ឱ្យ ថាច់ ជា ( ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម ) រៀបចំ​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​ឈ្មោះថា “ ដំណើរ​ឆ្ពោះទៅរក​ភាពស្របគ្នា​ខាង​ផ្លូវចិត្ត​គំនិត “ នៅក្នុង​ពហុកីឡាដ្ឋាន​អូឡាំពិក ក្រុងភ្នំពេញ ។ បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​សំណូមពរ​ឱ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ បង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា ។ បន្ទាប់ពី​ការជួប​ជុំគ្នា​នៃ​ហ្វូង​បាតុករ​នេះ​​ទៅ វរសេនីយ៍ត្រី លន់ ណុន បាន​សន្យា​យ៉ាង​ឱឡារិក​ថា របប​សាធារណរដ្ឋ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ ប៉ុន្តែ​ព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្ស​របស់​ព្រះអង្គ​នៅតែ​មិន​ព្រម ហើយ​ព្រះអង្គម្ចាស់​លេចធ្លោ​ជាងគេ​នៃ​ស្រ​ឡាយ​ស៊ីសុវត្ថិ អង្គ​នេះ​លើក​ហេតុផល​ថា ពេលវេលា​ពុំទាន់​មកដល់​ឡើយ ហើយ​ថា​ប្រការនេះ​នឹងធ្វើ​ឱ្យ​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នេះ​នៅលើ​ឆាក​ អន្តរជាតិ និង ធ្វើឱ្យ​ចុះខ្សោយ​របប​នេះ​នៅក្នុង​សម័យប្រជុំ​អង្គការសហប្រជាជាតិ​ឆាប់ៗ​ ខាងមុខនេះ ។​
​ ​វា​ហាក់ដូចជា​ថា មនុស្ស​របស់ លន់ ណុន បាន​ជោគជ័យ​ច្រើនណាស់​ទៅហើយ នៅពេលដែល​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៩៧០ បានប្រកាស​តាម​វិទ្យុ​ថា របប​សាធារណរដ្ឋ នៅ​កម្ពុជា នឹង​ត្រូវបាន​បង្កើតឡើង​នៅ​រយៈពេល​២​ខែ​ខាងមុខ ។​
​ទោះជា​ព្រះអង្គម្ចាស់ សិរិមតៈ ខំ​រាំងខ្ទប់​យ៉ាងណា​ក៏​មិនបាន​ដែរ ហើយ​ទីបំផុត​ថ្ងៃទី​៩ តុលា ឆ្នាំ​១៩៧០ បានមក​ដល់ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ បានប្រកាស​បង្កើតឡើង និង ប្រកាស​ឱ្យមាន​ការរៀបចំ​ធ្វើបុណ្យ​ទូទាំងប្រទេស ។ នេះ​ជា​លើក​ទី​១ និង តែ​ម្តងគត់ ដែល​របប​សាធារណរដ្ឋ បាន​ចាប់កំណើត​នៅលើ​ទឹកដី​កម្ពុជា ។ ប្រការនេះ​ធ្វើឱ្យ​មនុស្ស​ភាគី​ទាំង​ទ្វេ​មានទំនាស់​នឹង​គ្នា​កាន់​តែ​ ស្រួច​ស្រាល​ឡើង​ថែមទៀត ។ ដោយហេតុនេះ នៅ​ឆ្នាំ​១៩៧០ លន់ នល់ បាន​ក្លាយជា​ប្រធានា​ធិបតី​ទី​១ និង តែ​ម្នាក់​គត់​របស់​សាធារណរដ្ឋ នៅ​កម្ពុជា ។ គាត់​មាន​ឋានៈ​ជា​អគ្គសេនាធិការ​កងទ័ព ហើយ​​​គាត់​បាន​ចែករំលែក​អំណាច​ជាមួយ​ព្រះអង្គម្ចាស់​សិរិមតៈ ដោយ​ប្រគល់​ថ្វាយ​ព្រះអង្គ​ឱ្យ​ជា​អ្នកទទួលបន្ទុក​នយោបាយ ពោល​គឺជា​មនុស្ស​ទី​២ បន្ទាប់ពី​លន់ នល់ ក្នុង​របប​នេះ ។

​តាំងពី​ ឡើងកាន់​អំណាច​មក លន់ នល់ បានចាប់ផ្តើម​ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀតណាម​ខាង​ជើង និង វៀត​កុង​ចេញពី​ទឹកដី​កម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាល​របស់គាត់​ទទួលបាន​ជំនួយ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួយ​វៀតណាម​ខាងត្បូង ធ្វើសង្គ្រាម​ជាមួយ​វៀតណាម​ខាងជើង ។​
​ជា ​អកុសល រដ្ឋាភិបាល​សាធារណរដ្ឋ​ខែ្មរ របស់ លន់ នល់ មិនមាន​សំណាងល្អ​ឡើយ ដោយសារ​អំពើពុករលួយ​នៅតែ​បន្ត​រស់រានមានជីវិត​នៅលើ​ទឹកដី​នេះ​ដដែល ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​ចាញ់​កាល​ប្រទេស​នេះ​ស្ថិតក្រោម​ដឹកនាំ​របស់​ សម្តេច​សីហនុ​ឡើយ ។ មិនមាន​ករណី​ពុករលួយ​ណាមួយ​ត្រូវបាន​ដោះស្រាយ​ឡើយ ហើយ​បុគ្គល​ដែល​គេ​ធ្លាប់បាន​ចោទថា​ពុករលួយ​ដល់​កំពូល​ក្នុង​របប​សម្តេច​ សីហនុ ដូចជា សូ​ស្តែ​ន ហ្វែ​ណង់​ដេ​ស ជាដើម នៅតែ​បន្ត​រស់នៅ​ដោយ​សុខសាន្ត គ្មាន​ទោស ថែមទាំង​នៅតែមាន​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ទៀត ។ សម្ភា​រៈសិក ដែលជា​ជំនួយ​របស់​អាមេរិក​មិនត្រូវ​បាន​គេ​ប្រគល់ឱ្យ​កងទ័ព​ដោយ​គ្រប់គ្រាន់ ​ឡើយ បែរជា​ត្រូវគេ​ដាក់លក់​នៅតាម​ផ្សារ​ដូចជា​ផ្សារ​អូឡាំពិក​ជាដើម ហើយ​ប្រជាជន​ខ្មែរ​ដែល​ស្រលាញ់​ជាតិ​បាននាំគ្នា​លក់​គោក្របី និង ស្រែចំការ​ទៅ​ទិញ​សម្ភារៈ​ទាំងនោះ ដើម្បី​ធ្វើដំណើរ​ចូល​សមរភូមិ រីឯ​កងទ័ព​ខ្លះ​នាំ​ទាំង​ប្រពន្ធ​កូន​ទៅជា​មួយ​ផង ។

​កងទ័ព​របស់​ លន់ នល់ ដែល​គ្មាន​បទពិសោធ ពុំមាន​យុទ្ធ​ភ័​ណ្ឌ​គ្រប់គ្រាន់ ខ្វះ​ការដឹកនាំ​ឱ្យបាន​ត្រឹមត្រូវ​នោះ ត្រូវបាន​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន វាយកំទេច​ខ្សែត្រៀម និង សម្លាប់​យ៉ាង​អាណោច​អាធ័ម​​ជា​បន្តបន្ទាប់ ។​
​របប ​សាធារណៈរដ្ឋ​ខ្មែរ ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​សោះ​គឺ​ពី ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ គេ​ឃើញ​មាន​ការ​​ប្តូរផ្លាស់​គណៈរ​ដ្ឋ​មន្ត្រី​ជាច្រើនលើក​ច្រើនសា​ដែល​ ក្នុងនោះ​គឺ​គណៈរដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់ សិរិមតៈ , របស់ លោក ហង្ស ធុន​ហាក់ , របស់លោក អ៊ិន តាំ (២​លើក​) , របស់លោក សឺ​ង ង៉ុ​កថា​ញ់ , របស់លោក ឡុង បូ​រ៉េត ( ៣​លើក ) ។ ប៉ុន្តែ​មិនដែល​ឃើញ​រដ្ឋាភិបាល​ណាមួយ​ទទួលបាន​ជោគជ័យ​ធំដុំ​ឡើយ ។ ចំណុច​គួរកត់សំគាល់​មួយ​គឺថា ទោះជា​មានការ​ផ្លាស់ប្តូរ​ញឹកញាប់​យ៉ាងណាក្តី ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​នោះៗ ភាគច្រើន​គឺជា​មនុស្ស​ដដែលៗ ពោលគឺ​ប្តូរផ្លាស់​តែ​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ ។ ប្រហែល​នេះ ក៏​ជា​កត្តា​មួយ​ដែលមាន​ចំណែក​ដល់​ភាពមិន​ជោគជ័យ នៃ គណៈរដ្ឋមន្ត្រី​ទាំង​នោះដែរ ។

​ការផ្លាស់ប្តូរ​របត់​ន​យោ​បាយ​របស់​ មហាអំណាច​នាំឱ្យ​អាមេរិក​ព្រម​ទទួលយក​ថា​ជា​អ្នកចាញ់​សង្គ្រាម​​នៅ​វៀតណាម ។ ប្រការនេះ ប្រទេស​កម្ពុជា​លែង​ក្លាយជា​ទឹកដី​ដែល​អាមេរិកាំង​ត្រូវការ​ចាំបាច់​ទៀត ។ ហេតុនេះ​រដ្ឋាភិបាល​អាមេរិក ក៏បាន​ផ្តាច់ជំនួយ​មកឱ្យ​រដ្ឋាភិបាល​លន់ នល់ ជា​បន្ត​បន្ទាប់​។​
​សម្តេច សីហនុ បាន​មានបន្ទូលថា​នៅពេល​ក្រុម​របស់​ព្រះអង្គ​បាន​ចូលកាន់​កាប់​ប្រទេស​ កម្ពុជា​នោះ ព្រះអង្គ​នឹង​បញ្ជា​ឱ្យគេ​បាញ់សម្លាប់​លន់ នល់ ប្រសិនបើ​ចាំបាច់ ។ ប៉ុន្តែ​បើ​លន់ នល់ ព្រម​ចុះ​ចាញ់​ហើយ​និរទេស​ចេញពី​កម្ពុជា គាត់​នឹងមិន​មានការ​តាម​ចាប់ខ្លួន​ឬ​តាម​ចងកម្ម​ឡើយ ។ ដោយ​ហេតុ​នេះ​ទើប​ទីបំផុត​សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ លន់ នល់ ទទួលយក​ជម្រើស​ចុង​ក្រោយ​នេះ ។​
​ថ្ងៃទី​១ ខែមេសា ១៩៧៥ លន់ នល់​បាន​លាលែង​ពី​តំណែង និង និរទេស​ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌូ​នេស៊ី បន្ទាប់មក​ទៅ​សហរដ្ឋអាមេរិក និង បាន​តាំង​លំនៅឋាន​ដំបូង​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​នៅ​ឆ្នាំ​១៩៧៩ នៅ​រដ្ឋកា​លី​ហ្វូ​ន​ញ៉ា ។ គាត់​បាន​ស្លាប់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ១៩៨៥ ។
 

No comments:

Post a Comment