តំបន់ទេសចរណ៍

កន្លែងជិះទូកលេងកម្សាន្តនៅខេត្តសៀមរាប


នៅខេត្តសៀមរាបភ្ញៀវទេសចរក្រៅពីទស្សនាប្រាសាទអង្គរវត្តប្រាសាទបាយ័ន និង ការទស្សនានៅ​តាម​ប្រាសាទនានា ជាច្រើនទៀតនោះ ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរ អប្សរាបានរិះរកគ្រប់ មធ្យោបាយយ៉ាងច្រើនបង្កើតកន្លែងកម្សាន្តផ្សេងៗទៀតដើម្បីទាក់ទាញ និង បម្រើការទស្សនារបស់ភ្ញៀវទេសចរ ។ រមណីយដ្ឋានថ្មីៗទាំងនោះរួមមាន ភូមិវប្បធម៌ បាល់ឡុងហោះ សារមន្ទីរអង្គរ រមណីយដ្ឋានទេសចរណ៍ភ្នំក្រោម ៘ ហើយនៅចុងឆ្នាំ ២០១០ នេះ ការរៀបចំឱ្យមានជាកន្លែងជិះទូកកម្សាន្តនៅតាមដងទន្លេអុំដែលគេឱ្យឈ្មោះថា គង្គាអង្គរកំពុងមានការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរបរទេស ។
ប្រសិនបើយើងចង់ទៅជិះទូកកម្សាន្តនៅទន្លេអុំ យើងគ្រាន់តែធ្វើដំណើរ នៅលើកំណាត់ផ្លូវមុខប្រាសាទ អង្គរវត្តឆ្ពោះទៅទិសខាងជើង ដល់ខ្លោងទ្វារខាង ត្បូងរបស់ប្រាសាទបាយ័ន នោះយើងនឹងបានឃើញរូប សំណាកយក្សទាញព្រ័តនៅលើស្ពានចូលបរិវេណប្រាសាទអង្គរធំ ហើយក្រឡេកមើលទៅខាងឆ្វេងដៃនោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធ ​ជុំវិញកំពែងខាងក្រៅប្រាសាទអង្គរធំ ទីនោះហើយជាទន្លេអុំ ។ នៅទីនោះមានទូកចែវ​ដោយដៃដែលមានអ្នកចែវខ្លះស្លៀកពាក់ក្នុងសម្លៀកបំពាក់សម័យអង្គរ រង់ចាំភ្ញៀវ ទេសចររួចជា​ស្រេចដើម្បីជូនដំណើរភ្ញៀវទស្សនា ។ ទូកដែលនាំភ្ញៀវទេសចរខ្លះមានរាងដូចនាគ និងទូកខ្លះមានរាងដូចជាហង្សរង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលទៅជិះទូកកម្សាន្ត នៅទីនោះ ។
នៅពេលដែលយើងបានឡើងជិះនៅលើទូកនោះ វាហាក់បីដូចជានាំរូប យើងទៅកាន់អតីតកាលនៃ យុគសម័យបុរាណដ៏ត្រចះត្រចង់មួយដែលពោរពេញ ដោយភាពអស្ចារ្យ និង អច្ឆរិយៈ ដែលយើងពុំដែល បានជួបប្រទះនាពេលកន្លងមកពោលគឺយើងបានត្រឹមតែឮ និង បានត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ ។ ប៉ុន្តែពេលនេះគង្គាអង្គរបាននាំរូបយើងឱ្យទៅកាន់ក្តីស្រមៃពិតៗ ដោយដំណើរកម្សាន្តតាម ដងទន្លេអុំ នៅពេលដែល យើងកំពុងជិះទូកកម្សាន្តនៅតាមដងទន្លេអុំ យើងអាច មើលខ្លោងទ្វារចូលពីខាងត្បូងកំពែងប្រាសាទផ្នែកខាង ក្រៅពីជ្រុងខាងជើងរហូត ដល់ជ្រុងខាងលិច ពិសេសនោះនៅពេលភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃលិចដូចការទស្សនាថ្ងៃលិចនៅលើកំពូលភ្នំ ​បាខែងដែរ ។ នៅពេលទស្សនាតាម ដងទន្លេអុំ យើងនឹងបាន ឃើញទេសភាពដ៏ស្រស់​ត្រកាលនៃ​ព្រៃ​ព្រឹក្សា បក្សាបក្សី និង សំឡេងទឹករលកបោកច្រាំងបង្កើតបានជា តន្ត្រីធម្មជាតិមួយយ៉ាង​ពីរោះ​ជក់​ចិត្ត ធ្វើឱ្យអារម្មណ៍របស់យើងអណ្តែតអណ្តូងប្រៀបបីដូចខ្លួនយើងកំពុងស្ថិតនៅក្នុងយុគសម័យ​​បុរាណ​មួយ​យ៉ាងពិតៗ ។
លោក លី សំអឿន នាយកប្រតិបត្តិក្រុមហ៊ុន Green Earth Co.,Ltd​​ និង ជាអ្នកមើលការខុសត្រូវ ការអុំនៅទន្លេអុំបានឱ្យដឹងថា ទូកដែលយកមកដាក់ឱ្យ ភ្ញៀវទេសចរជិះនៅទីនេះ យើងបានចម្លងចេញពីប្រាង្គ ប្រាសាទនានាជាច្រើនដែលមាននៅតាមប្រាសាទដ៏ល្បីរបស់ខ្មែរពិតៗ ដូចជាទូកព្រះទីនាំងសម្រាប់ ព្រះមហាក្សត្រគឺចម្លងតាមចម្លាក់សិលាចារឹកប្រាសាទបន្ទាយឆ្មារ ទូកនេះពុំ ដាក់ឱ្យភ្ញៀវធម្មតាជិះកម្សាន្តឡើយ ទុកសម្រាប់ឱ្យថ្នាក់ ដឹកនាំជាន់ខ្ពស់សំខាន់ ឬ ភ្ញៀវពិសេសជិះតែប៉ុណ្ណោះ ក្រុមទូកចម្បាំងមានទូកមេទ័ពស្រួច មេទ័ពរង ទូក ក្រុម ទ័ពស្រួចចម្លងចេញតាមសិលាចារឹកនៃថែវប្រាសាទបន្ទាយឆ្មារ ប្រាសាទ បាយ័ន និង ប្រាសាទព្រះខ័នកំពង់ស្វាយ ។ ក្រុមទូកជំនួយមានទូកទ័ពជំនួយ ទូក លម្ហែ និង ទូកស្បេង្ផៀអាហារ គឺចម្លងចេញពីសិលាចារឹកនៃប្រាសាទបន្ទាយនៃថែវប្រាសាទអង្គរវត្ត ប្រាសាទ ​បាយ័ន និង ប្រាសាទបន្ទាយឆ្មារ ។
ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលជិះទូកកម្សាន្តនៅទន្លេអុំត្រូវចំណាយ ពេលពី ១ ម៉ោងទៅ ១ម៉ោងកន្លះ លើកំណាត់ផ្លូវ ៣១២ គីឡូម៉ែត្រ ។ ទូកដែល នាំភ្ញៀវកម្សាន្តចែកចេញជាពីរប្រភេទ គឺភ្ញៀវខ្មែរជិះក្នុងតម្លៃ៣ ដុល្លារ ក្នុងម្នាក់ ឯភ្ញៀវបរទេសវិញជិះក្នុងតម្លៃ ៧ ដុល្លារក្នុងម្នាក់ ​ ទូកនីមួយៗជិះបានតែគ្នាបួន នាក់ឯទូកពិសេសជិះបានតែពីរនាក់ប៉ុណ្ណោះ ។ ចំណែកអ្នកចែវទូកវិញ យើង ឱ្យគេស្លៀកពាក់ខោអាវធម្មតាក៏បានឬក៏ឱ្យគេស្លៀកពាក់ខោអាវរបៀបបុរាណ ក៏បាន ។
ប្រវត្តិទន្លេអុំមិនផ្លូវការដែលសិក្សាចងក្រងដោយអង្គរគង្គាបានឱ្យដឹងថា ទន្លេអុំគឺជាឈ្មោះនៃបារាយណ៍ ទឹកពីសម័យបុរាណដែលតាំងនៅជិតៗនៃទីស្ថាន បុរាណប្រាសាទ ឬ ទីប្រជុំជនណាមួយ ភាគច្រើនដែលព្រះ រាជាសម័យបុរាណតែងតែស្នាក់អាស្រ័យនៅជាប្រចាំ ឬ ស្នាក់អាស្រ័យម្តងម្កាល ។ ស្ថាននាម ទន្លេអុំនេះមាន នៅសេសសល់ស្ទើរគ្រប់ទីកន្លែងនៃផ្ទៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ដូចជា ទន្លេអុំខាងត្បូងក្រុងអង្គរធំខេត្តសៀមរាប ទន្លេអុំប្រាសាទនគរ ​បាជ័យ ខេត្តកំពង់ចាម និង ទន្លេអុំប្រាសាទភ្នំជីសូរ ខេត្តតាកែវ ជាដើម ៘ទន្លេអុំគឺជា​បឹង​​​ដែលកើតឡើងដោយស្នាដៃមនុស្សទាំងស្រុង ( និង មានខ្លះគឺមនុស្សបុរាណបានកែច្នៃអភិវឌ្ឍបឹង ឬ ត្រពាំងធម្មជាតិដែលមានស្រាប់ឱ្យ ​ ប្រសើរឡើង) ។ រីឯតួនាទីរបស់ទន្លេអុំ គឺប្រើជាទីកន្លែងបង្វឹកហាត់អុំទូក និង ចែវទូកសម្រាប់ព្រះរាជា និង កងទ័ពរបស់ព្រះអង្គដើម្បីបង្កើនសមត្ថភាពសម្រាប់ បម្រើតាមសេចក្តីត្រូវការ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង និង កសាងសមត្ថភាពខាងកលយុទ្ធសឹកសង្គ្រាមជើងទឹកផង ។ ចំពោះព្រះរាជាវិញ ទ្រង់ក៏ប្រើប្រាស់ទន្លេអុំធ្វើជាទឹកក្រសាលសប្បាយដោយអុំទូកកម្សាន្តផងដែរ ព្រោះទីនោះច្រើន ប្រកបដោយ សម្រស់ធម្មជាតិល្អផូរផង់គួរទីជាទីរមនា ហើយជាញយៗគេតែង ប្រារឰពិធីធំៗនៅក្នុងសាសនា និង សង្គមមនុស្ស នៅទីនោះជាទៀងទាត់ ដូចជា ពិធីតបស្នងអំណរគុណព្រះគង្គា និង លយកន្ទោង ( នាថ្ងៃចេញវស្សា ) ពិធីបុណ្យអុំទូកនិងលយប្រទីប (ថ្ងៃ ១៥ កើត ​ ខែកត្តិក ) នៅក្នុងទន្លេអុំនោះតែម្តង ។ ម៉្យាងទៀតទន្លេអុំក៏ប្រើសម្រាប់ជាប្រភព​ធនធានធារា​សាស្ត្រ​ពុំ​ចេះរីងស្ងួត ដើម្បី ទ្រទ្រង់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិនិង ស្រោចស្រពដល់ដំណាំ ​ កសិ​កម្ម​ផងដែរ ។ នៅក្នុងវិស័យជលផល ឬមច្ឆជាតិគ្រប់អម្បូររស់នៅបន្តពូជពង្សរួចសាយ ភាយទៅដល់ព្រែក ស្ទឹង ទន្លេ បឹងបួធម្មជាតិនានានៅជុំវិញតំបន់នោះផងដែរ ។ នៅសម័យបុរាណជនជាតិខ្មែរពុំហ៊ានល្មើស ឬ ធ្វើការនេសាទត្រីនៅក្នុងទន្លេអុំ ទេ ។
ចំពោះ “ទន្លេអុំក្រុំងអង្គរធំ” គឺមានតួនាទីដូចបានពោលមកខាងលើជា ប្រាកដ ប៉ុន្តែទន្លេអុំនេះមាន សារសំខាន់ជាច្រើនទៀត គឺវាជាគូជលសាការពារ ក្រុអង្គរធំពីគ្រោះទឹកជំនន់ និង រាំងស្ងួតផង ជារបាំងការពារ សឹកសង្គ្រាមផង ។ ម៉្យាងទៀតទន្លេអុំក្រុងអង្គរធំនេះអាចសំដៅដល់មហាសាគរដែលនៅព័ទ្ធជុំវិញ ភ្នំព្រះសុមេរុ (ដែលមានប្រាសាទបាយ័នជាស្នូល និង កំពូល ) ។ បើសំអាងដោយ ទេវកថានៅក្នុងព្រហ្មញសាសនាវិញនោះទឹកទាំងឡាយដែលស្ថិតនៅក្នុងទន្លេអុំ នេះគឺប្រៀបស្មើនឹងទឹកអម្រឹត ព្រោះវាជាធាតុផ្សំ ឬ ជាសម្មតិកម្មនៃការល្បងឫទ្ធានុភាពគ្នារវាងពួកទេវៈ និង អសុរៈ ដែលជាតួអង្គសំខាន់នៅក្នុងមហាទេវកថា “ កូរសមុទ្រទឹកដោះ” ។
រហូតមកដល់បច្ចុប្បន្ននេះ ព័ស្តុតាងជាក់ស្តែងដែលយើងឃើញរាល់គ្នា ហៅថា ទេវតា និង យក្ស ទាញនាគរាំសុគិថាជាព្រ័ត្រនៅលើស្ពានហាលនាពាក់ កណ្តាលទន្លេអុំ កាត់ពីត្បូងទៅខាងជើងឆ្ពោះចូលទៅ ផ្ចិតកណ្តាលក្រុងអង្គរធំនោះ វាមិនមែនត្រឹមតែជាសិល្បៈរចនាតុបតែងលម្អដូចយើងគ្រប់គ្នាគិតនោះទេតែវាជាព័ស្តុតាងបញ្ជាក់ថានេះគឺជាទេវស្ថាន ​ ដ៏ពិសិដ្ឋ រីឯទឹកនៅក្នុងទន្លេអុំ គឺ ជារូបធាតុមួយដែលនាំឱ្យកើតមាន“ទឹកអម្រឹត ”នោះឯង ។ ​នៅ​ក្នុង​សម័យអង្គរ នៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រនីមួយៗគេបានធ្វើពិធីដងយកទឹកពីកសិណទន្លេអុំ ( និង ស្រះស្រង់ បារាយណ៍ ​ និង ទឹកជប់ពីកំពូលភ្នំគូលែន )យកទៅធ្វើជាគ្រឿងសក្ការបូជាដ៏ពិសិដ្ឋផងដែរ ។
ឈ្មោះ​ពី​បុរាណ​របស់ទន្លេអុំ គឺប្រហែលមកពីពាក្យថា “ទន្លេអម្រឹត ” លុះ ចំណេរចីរកាលក្រោយ​មកកម្លាយសូរសៀងនិងភាសានិយាយកាត់មកនៅ ​ ត្រឹម “ទន្លេអុំ” ។ ទន្លេអុំនេះមានបណ្តោយ​ពី​កើតទៅលិចប្រមាណ៣គីឡូម៉ែត្រហើយខណ្ឌចែកត្រង់ចំណុចកណ្តាលដោយស្ពានហាល ( ដែលយើងហៅថា ​ស្ពានទន្លេអុំ ) ។ ទទឹងទន្លេអុំប្រហែលជា ១២០ ម៉ែត្រ និង មានជម្រៅទឹកប្រមាណ ៣ -៥ ​ម៉ែត្រ ( បច្ចុប្បន្នដោយសារពុំមានការថែទាំទើបធ្វើឱ្យជម្រៅរបស់វារីង ​រាក់សល់ត្រឹម ១,៥- ២,៥ ​ម៉ែត្រ​ប៉ុណ្ណោះ នៅជុំវិញមាត់ទន្លេអុំ គឺមានរៀបដោយជណ្តើរថ្មបាយក្រៀមយ៉ាងប្រណីត) ៕

បឹងបៃតង


ក្រោយពីបម្រើការងារពេញមួយ​ សប្តាហ៍ហើយនោះមន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល  បុគ្គលិកក្រុមហ៊ុនឯកជននានា សិស្ស និស្សិត បានសម្លឹងទៅ រកកន្លែងកម្សាន្តលម្ហែកាយនានា ដើម្បី​បន្ធូរបន្ថយ នូវភាពតានតឹងដែលពួកគេបានបំពេញការងារអស់រយៈពេលមួយ សប្តាហ៍កន្លង​មក ។ បឹងបៃតងជារមណីយដ្ឋានថ្មីមួយដែលមានតូប លម្ហែកាយសម្រាប់ស្ទូចត្រី ភោជនីយដ្ឋាន ទី​លាន​កីឡា និង កន្លែង កម្សាន្ត ដែលពេលនេះកំពុងមានការ ទាក់ទាញភ្ញៀវទេសចរភ្នំពេញ យ៉ាង​ច្រើន​ឱ្យចង់ទៅលម្ហែកាយនៅទីនោះ ។
បើយើងចង់ទៅស្ទូចត្រីលម្ហែកាយនៅ រមណីដ្ឋានបឹងបៃតង យើងចេញដំណើរពីភ្នំពេញតាមផ្លូវ សហ​ព័ន្ធរុស្ស៊ី មុននឹងទៅដល់ពោធិ៍ចិនតុងនោះ យើងត្រូវបត់ចូលតាមផ្លូវហាណូយ កាត់ផ្សារ​ដី​ហ៊ុយ​​ដល់វត្តសំរោងអណ្តែត ហើយបន្តដំណើរទៅមុខប្រមាណ ១០០ ម៉ែត្រ រួចក្រឡេក​មើល​ខាង​ឆ្វេងដៃនោះ យើង នឹងបានឃើញស្លាកសញ្ញាមួយផ្ទាំងដែលបង្ហាញផ្លូវ ចូលបឹងបៃតង ហើយយើង​បន្តដំណើរលើកំណាត់ ផ្លូវក្រួសក្រហមតែមួយគីឡូម៉ែត្រទៀតនោះ យើងនឹង បានទៅដល់គោល​ដៅ ។បឹងបៃតងទើបតែចាប់ដំណើរការកាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១០ នេះប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ តែទីនោះមានអាកាសធាតុបរិសុទ្ធនោះ បានធ្វើឱ្យ រមណីយដ្ឋានថ្មីមួយ​នេះទាក់​ទាញយកភ្ញៀវទេសចរ បានយ៉ាងច្រើន ដែលអ្នកទៅទីនោះម្តងហើយចង់ មកម្តងទៀត ។ កត្តាដែល​ធ្វើ​ឱ្យបឹងបៃតងមានការ ចាប់អារម្មណ៍របស់ភ្ញៀវនោះ គឺទីនោះនៅជិតបង្កើយ ទីក្រុងភ្នំពេញ ដែល​ភ្ញៀវគ្រាន់តែចេញពីផ្ទះប្រហែល ១៥-២០ នាទី នឹងដល់កន្លែងលម្ហែតែម្តង ។
បើយើងនិយាយពីទេសភាពវិញ បឹងបៃតងគឺហាក់បីដូចជានៅស្រុកស្រែនាទី ជនបទដែរ ។ នៅ​ជុំ​វិញ​កន្លែងស្ទូចត្រីមានទេសភាព វាលស្រែពណ៌ខៀវស្រងាត់នៅព័ទ្ធជុំវិញបរិវេណនោះ ហើយនៅ​ខាង​លិច និង ខាងជើង យើងបានក្រឡេក ឃើញដើមត្នោត​ដែលមានដើម​ខ្លះមាន​អ្នក​ឡើង​ត្នោត កំពុង​តែត្រងទឹកត្នោត ធ្វើឱ្យទិដ្ឋភាពទីនេះរឹតតែគួរឱ្យ ចង់គយគន់ក្រៃលែង ។ នៅលើផ្ទៃដីជាង ១១ ហិកតារ របស់បឹងបៃតងមានស្រះទឹកយ៉ាងធំមួយនៅចំកណ្តាលជម្រៅ ១៤ ម៉ែត្រ ដែលរំលេច​ទៅ​ដោយ​តូបស្ទូចត្រី នៅព័ទ្ធមាត់ស្រះពីរជួរមានរាងជាអក្សរអិល  ដែលតូបនីមួយ​ៗមានមនុស្ស​ទៅ​ស្ទូច​ត្រីលម្ហែពេញៗ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ឬ ថ្ងៃបុណ្យទានម្តងៗ មានមនុស្សម្នាទៅស្ទូច​ត្រីលម្ហែចាប់ពី ៣០០ នាក់ ទៅ ៥០០ នាក់ ក្នុងមួយថ្ងៃៗ នាំគ្នាសម្រុកចូលទៅស្ទូចត្រី​លម្ហែ​កាយ​នៅ​ទី​នោះ ។ រីឯថ្ងៃ ធម្មតាវិញ គឺយ៉ាងហោច ណាស់ក៏មានភ្ញៀវជាង ១០០ នាក់ នាំគ្នាទៅ​ស្ទូចត្រីលម្ហែ នៅ​ទីនោះ ។ ចំពោះសេវាបម្រើភ្ញៀវវិញ បឹងបៃតងមានសេវាកម្មល្អៗខុសពី កន្លែងលម្ហែកាយ ឬ កន្លែងស្ទូចត្រីដទៃទៀត ។ ការអង្គុយស្ទូចត្រីនៅបឹងបៃតង គឺមិនគិតប្រាក់ឡើយ ភ្ញៀវអាចយក​សន្ទូច​គ្រប់ប្រភេទពីខាងក្រៅចូលក៏បាន ដោយ គ្មានគិតតម្លៃអ្វីទាំងអស់ ហើយភ្ញៀវដែលគ្មាន​សន្ទូច​ត្រូវការចង់ទិញសន្ទូច គឺមានលក់ឱ្យជាស្រេចនៅទីនោះ ដោយសន្ទូចស្ទូចត្រីមួយតម្លៃ ១ ដុល្លារ ពេល ស្ទូចចប់ភ្ញៀវអាចយកទៅតាមខ្លួនវិញក៏បាន ។ ចំពោះ ត្រីដែលស្ទូចបានវិញ បើភ្ញៀវ​ចង់​ចម្អិនជាម្ហូបអាហារ នោះមានចុងភៅយ៉ាងចំណាននៅចម្អិនជូនដោយគិត តម្លៃត្រឹមមួយដុល្លារ​ប៉ុណ្ណោះក្នុងការចម្អិនម្ហូបមួយមុខ ហើយចំពោះត្រីដែលស្ទូចបានវិញ បឹងបៃតងតម្រូវ ឱ្យភ្ញៀវបង់​ប្រាក់ ៣ ដុល្លារក្នុងត្រីមួយគីឡូក្រាម ហើយ ត្រីដែលស្ទូចបាននោះបើភ្ញៀវចង់ឱ្យបឹងបៃតងធ្វើហើយ ប្រឡាក់នោះ អាចធ្វើបានតាមសេចក្តីត្រូវការរបស់ ភ្ញៀវដោយគិតថ្លៃសេវាអ្នកធ្វើត្រី និង ថ្លៃប្រឡាក់​គ្រឿង គ្រៅ ២ ដុល្លារ ។ ចំពោះម្ហូបអាហារដែលលក់នៅទី នោះ គឺមានដាក់តារាង​តម្លៃច្បាស់លាស់​ដែល​តម្លៃ ចាប់ពី ២ ដុល្លារទៅ ៤ ដុល្លារ ចំពោះម្ហូបទឹកមួយមុខ, ៥ ដុល្លារដល់ ៩ ដុល្លារចំពោះ​ម្ហូប​គោក ដូចជាគ្រឿងក្លែមផ្សេងៗ ។ ភ្ញៀវដែលទៅ ស្ទូចត្រីនៅទីនោះសុទ្ធតែ​បានត្រីត្រឡប់​ទៅ​ផ្ទះ​វិញ​គ្រប់ៗគ្នា គ្មាន អ្នកណាម្នាក់ដែលស្ទូចត្រីហើយមិនបានត្រីត្រឡប់ទៅវិញឡើយ ។ ត្រីដែលមាននៅ​ក្នុង​ស្រះនោះ គឺអាចនិយាយបានថាជាត្រីធម្មជាតិ សុទ្ធសាធ ទោះបីត្រីខ្លះជាត្រីចិញ្ចឹមក្តី ព្រោះ​ត្រីមួយ​ចំនួនត្រូវបាន គេចិញ្ចឹមទុកវាអស់រយៈពេលបួនឆ្នាំមកហើយ ដោយពុំដែលឱ្យចំណី អ្វីវា​ស៊ីឡើយ គឺទីនោះមានចំណីធម្មជាតិរួចជាស្រេចទៅហើយ ។ នៅតាមតូបស្ទូចត្រីនីមួយៗ​យើង​សង្កេតឃើញមានមនុស្សស្ទូចត្រី ពេញព្រៀប និង មានអ្នកខ្លះអង្គុយទទួលទានអាហារ​ជាមួយ​ត្រីដែល ស្ទូចបានថ្មីៗដ៏មានរសជាតិយ៉ាងឆ្ងាញ្ញ់ពិសាក្រៃលែងដូចត្រីដែលគេ រកបានពីក្នុង​បឹង ឬ ក្នុងទន្លេ​ធម្ម​ជាតិ​អ៊ីចឹងដែរ ហើយក៏មានអ្នកខ្លះបានជាប់ចិត្ត ជក់មាត់ជាមួយរសជាតិនៃត្រីដែលទើប​តែ​ស្ទូច​បានថ្មីៗនេះ ដោយពួកគាត់គិតថា មកទីនេះម្តងហើយពួកគាត់នឹងមកម្តងទៀត ដោយ​ពួក​គាត់និយាយថា រសជាតិត្រី នៅទីនេះឆ្ងាញ្ញ់ សេវាកម្មល្អ មិនថ្លៃ មិនកោរភ្ញៀវដូចកន្លែងដទៃ ឯខ្យល់​អាកាស ក៏បរិសុទ្ធល្អដូចទីជនបទពិតៗ មិនបាច់ចំណាយពេលទៅលម្ហែកាយនៅទីជនបទ ឡើយ ។
មន្ត្រីក្រសួងមហាផ្ទៃម្នាក់ដែលសុំមិនឱ្យបញ្ចោញឈ្មោះបានឱ្យដឹងថា ចាប់តាំងពីទីនេះបើកមក គាត់​​បាន​ជ្រើសរើសទីនេះជាកន្លែងសម្រាកលម្ហែកាយ ពេល ខ្លះមកជាលក្ខណៈគ្រួសារ ពេលខ្លះ​មក​ជាលក្ខណៈមិត្តភក្តិ ពីព្រោះវាមានខ្យល់ អាកាសល្អបរិសុទ្ធ និង មានទេសភាពល្អ ។
និស្សិតម្នាក់ឈ្មោះ បញ្ញា សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល កំពុងតែកាន់សន្ទូច​ត្រីបាន​ឱ្យដឹងថា គេ និង មិត្តភក្តិមួយក្រុមដែលមានគ្នាប្រាំបួន នាក់ ដែលមកស្ទូចត្រីនៅ​ទីនេះមាន​ការ​សប្បាយ​រីករាយណាស់ ព្រោះទីនេះ អាចធ្វើឱ្យពួកគេបន្ថយភាពតានតឹងដែលខិតខំសិក្សាអស់​ពេញ​មួយសប្តាហ៍កន្លង មកទុក្ខសោក ការនឿយហត់ទាំងប៉ុន្មានដែលមាន គេបានយកវាមក​បញ្ចោញ ចោលនៅទីនេះ ដោយនាំយកទៅវិញនូវភាពបរិសុទ្ធ និង ទេសភាពស្រស់បំព្រង នៅទី​នេះ​ទៅជាមួយផង ហើយគេសង្ឃឹមថា ថ្ងៃក្រោយគេ និង មិត្តភក្តិ នឹងនាំគ្នា មកម្តងទៀត ។
អ៊ិន សុខុម អ្នកគ្រប់គ្រងនៅទីនេះបានឱ្យដឹងថា ក្រោយពីបង្កើតឱ្យមាន កន្លែងស្ទូចត្រីនេះហើយ បឹង​បៃតង​នឹងបង្កើតឱ្យមានកន្លែងលេងកីឡាផ្សេងៗជា ច្រើនទៀត ដូចជា កន្លែងវាយប៉េងប៉ុង ទីលានបាល់ទាត់ ៘ ដើម្បីបម្រើសេវា ឱ្យភ្ញៀវទេសចរមិនឱ្យទាស់ចិត្តឡើយ ពិសេសទៅ​ទៀត​នោះ បឹងបៃតងនឹងបង្កើត ឱ្យមានកសិ-ទេសចរណ៍ ដើម្បីបម្រើឱ្យទេសចរណាដែលចាប់អារម្មណ៍ ។ ក្រៅពីនេះ បឹងបៃតងយើងក៏មានគម្រោងថ្មីៗជាច្រើនទៀត ដើម្បីបម្រើឱ្យការកម្សាន្ត សប្បាយ​របស់ភ្ញៀវផងដែរ​ ៕

ជ្រលងបព្វតា តំបន់ទេសចរណ៌នៅ​ខេត្តបាត់​ដំបង


ខេត្តបាត់ដំបងជាខេត្តមួយដែលមាន សក្តានុពលយ៉ាងច្រើនដើម្បីទាក់ទាញ ភ្ញៀវ ទេសចរឱ្យចង់​មកទស្សនាខេត្ត នៅភាគខាងលិចមួយនេះ ។ នៅពេល ថ្មីៗនេះ អាជ្ញាធរ ខេត្តក៏ដូចជាក្រសួង ទេសចរណ៍​ក៏បានខិតខំធ្វើយ៉ាងណា ដើម្បីឱ្យខេត្តបាត់ដំបងក្លាយជាប៉ូលទេសចរណ៍ទី ៥ របស់​ប្រទេស​កម្ពុជា បន្ទាប់ពីប៉ូលទេសចរណ៍មួយចំនួនដែល បានកំណត់រួចមកដូចជា ប៉ូលទេស​ចរណ៍​សៀមរាបអង្គរ ប៉ូលទេសចរណ៍រាជធានី ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និង ប៉ូលទេសចរណ៍​ធម្មជាតិ​ភូមិភាគឦសាន ។ ក្នុងនោះ ជ្រលងបព្វតាក៏បានដើរតួជារមណីយដ្ឋានមួយដើម្បីនាំខេត្ត បាត់ដំបង​ឱ្យ​ឈាន​ទៅដល់ ប៉ូលទេសចរណ៍ទី ៥ របស់ទេសចរណ៍កម្ពុជាយើងផងដែរ ។
បើយើងចង់ទៅកម្សាន្តលម្ហែកាយនៅកសិដ្ឋាន ជ្រលងបព្វតា យើងត្រូវចេញពីក្រុងបាត់ដំបង​តាម​ផ្លូវ ជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ១០ ហើយបត់ត្រង់ ចំណុចផ្សារចៀវ នោះយើងនឹងបាន​ឃើញ​ស្លាកសញ្ញា បង្ហាញផ្លូវរួចបន្ត ដំណើរលើផ្លូវក្រួសក្រហមប្រមាណ ១៥ គីឡូម៉ែត្រទៀត យើង​នឹងបានដល់គោលដៅ ។ កសិដ្ឋានជ្រលងបព្វតា ហៅម៉្យាងទៀតថារមណីយដ្ឋានជ្រលង​បព្វតា បានចាប់បដិសន្ធិឡើងនាឆ្នាំ ២០០៤ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល កំពុងដណ្តើមបាន​ប្រជា​ប្រិយភាពដ៏ត្រចះត្រចង់ពីរមណីយដ្ឋានជា ច្រើនក្នុងខេត្តបាត់ដំបងទាំងមូល ។
ជារៀងរាល់ថ្ងៃបុណ្យទានធំៗម្តងៗ ជាពិសេសរដូវ ភ្ជុំបិណ្ឌ និង បុណ្យជាតិផ្សេងៗ មានមនុស្ស​ម្នាគ្រប់មជ្ឈដ្ឋាន គ្រប់វ័យតែងមកកម្សាន្តទីនេះយ៉ាងច្រើនកុះករ ។

តាមពិត ទីឋានដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងចាប់អារម្មណ៍នេះសមមានឈ្មោះថាជា​រមណីយ​ដ្ឋាន មិនគួរដាក់ឈ្មោះថាកសិដ្ឋាននោះទេ ប៉ុន្តែបញ្ហានេះ ត្រូវបានម្ចាស់កសិដ្ឋានបកស្រាយថា កាល​ដែលលោកឱ្យឈ្មោះថា កសិដ្ឋានបែបនេះព្រោះនៅប្រទេសដែលរីកចម្រើនមួយចំនួនដូចជា សហរដ្ឋអាមេរិក និង អូស្ត្រាលីជាដើម លោកអ្នកធំៗឬអ្នកមានប្រាក់ជាច្រើន តែងបង្កើត​កសិដ្ឋាន​ផ្ទាល់ ខ្លួន ( ទីកម្សាន្តជនបទ ) ហើយរាល់សៅរ៍-អាទិត្យ ដែលជាថ្ងៃសម្រាកពីការងារ អស់លោក​ទាំង​នោះ​តែងទៅកម្សាន្តកសិដ្ឋានរបស់ខ្លួននោះឯង ។
ចំណែកនៅប្រទេសកម្ពុជាយើងវិញ ករណីនេះនៅមានតិចតួចនៅឡើយ ដូច្នេះទើបលោកបង្កើត​ឡើងដើម្បីទាញ យកចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់អ្នកមុខអ្នកកា​រដែល​មានលំនៅស្ថាននៅទីក្រុង មកកម្សាន្តដោយសម្គាល់ថា ជាកសិដ្ឋានរបស់អស់លោកផ្ទាល់ទៅចុះ ។ រីឯសេវាបម្រើ ការនៅទីនេះមានជាអាទិ៍ កន្លែងផ្ញើយានយន្តភេសជ្ជៈគ្រប់មុខ និង ម្ហូបអាហារ គ្រប់ប្រភេទ ជាពិសេសភ្លក្សរសជាតិដ៏ផ្អែមត្រជាក់នៃផ្លែស្វាយដែល ទើបតែបេះថ្មីៗគ្រប់រដូវកាល ។
នៅលើផ្ទៃដី ១៧ ហិកតារ ជាប់នឹងមាត់ស្ទឹងវែងអន្លាយ បានត្រូវគេរៀបចំ តុបតែងជាសួនឧទ្យានដ៏​មនោរម្យ​នៅតាម ចន្លោះមានដើមស្វាយ និង រុក្ខជាតិ ផ្សេងៗទៀតរាប់សិបដើម ដែលមានកៅ​អី​អង្គុយនៅខាងក្រោមយ៉ាងច្រើន និង រំលេចទៅដោយរូបចម្លាក់សត្វព្រៃជាច្រើនប្រភេទគួរជាទី​ទាក់ទាញ​ក្រៃលែង ។ ដោយឡែកនៅប្របមាត់ស្ទឹងដែល ទឹកកំពុងតែបោះពួយយ៉ាងខ្មួលខ្មាញ្ញ់នា​រដូវ វស្សាមកប៉ះនឹងដុំថ្មតូចធំរដិបរដុបឮសូរឈូៗបង្កើតបានជាតន្ត្រីធម្មជាតិ យ៉ាងពីរោះក្រៃលែង ។ នៅទីនោះគេបានសង់អគារមួយខ្នងយ៉ាងស្អាតទុកសម្រាប់ស្វាគមន៍ អស់លោកអ្នកមុខអ្នក ការមក​កម្សាន្ត​និងទទួលទានអាហារម្តងម្កាល ។ ចំណែក ភ្ញៀវទេសចរធម្មតាវិញនោះ ភាគច្រើនពួកគេ​ទទួល​ទាន អាហារតាមក្រោមដើម ឈើ ឬ ក្រោមដំបូលស្បូវនៃតូបលម្ហែកាយជាច្រើនខ្នង ។
លោកវេជ្ជបណ្ឌិត តេង សឿន អាយុ ៤០ ឆ្នាំ ជានាយកមន្ទីរពេទ្យព្រះកុសុមៈ ក្រុងភ្នំពេញ បានមាន​ចំណាប់អារម្មណ៍ថា លោកមានការរំភើបណាស់ នៅ ពេលមកឃើញទឹកដីអតីតសមរភូមិ​ប្រយុទ្ធ​ស៊ីសាច់ហុតឈាមប្រែក្លាយជាកន្លែង ទេសចរណ៍កំដរអារម្មណ៍ភ្ញៀវជាតិ និង អន្តរជាតិ​សម្រាប់​ទស្សនាកម្សាន្តដូច្នេះ ។ ថ្វីដ្បិតតែកសិដ្ឋានជ្រលងបព្វតា នេះមិនទាន់មានការអភិវឌ្ឍដល់កម្រិត​ស្តង់ដារ អន្តរជាតិក៏ដោយ តែសម្រាប់ប្រទេសជាតិយើងចាត់ទុកថា ជាមោទកភាពមួយគួរឱ្យកោត​សរសើរ ។ នេះទើបតែលើកទីមួយទេដែលលោកបានឈានជើងមកជាន់ ទីនេះក្នុងលក្ខណៈគ្រួសារ ។
កញ្ញា សឹង សិរីរតនា នៅភូមិបឹងអម្ពិល ឃុំបឹងអម្ពិល ស្រុករតនមណ្ឌល ខេត្តបាត់ដំបងដែល​កំពុង​កម្សាន្តនៅទីនោះ បានរៀបរាប់ថានាងធ្លាប់មកកម្សាន្ត ទីនេះប្រាំដងរួចមកហើយ នាងបានរិះ​គន់ចំៗ​ថា សេវាកម្មនៅកសិដ្ឋានជ្រលង បព្វតានេះមានតម្លៃខ្ពស់ណាស់ ដូចជា សំបុត្រ​ចូល​ក្នុងរថយន្តមួយគ្រឿង ២០.០០០ រៀល ម៉ូតូមួយគ្រឿង ៥.០០០ រៀល រីឯមុខម្ហូបនិង គ្រឿងកំប៉ុង​វិញ​ក៏ថ្លៃគួរសមដែរ ។ រតនា បញ្ជាក់ថា នេះសម្រាប់នាងជាអ្នកស្រុកស្រែចម្ការ តម្លៃនៅទី នេះពិតជា​ខ្ពស់​ណាស់ តែសម្រាប់អ្នកក្រុងវិញនោះ យល់យ៉ាងណាស្រេចតែគេ ទៅចុះ ។
យុវតី ស សុនីតា អាយុ ១៦ ឆ្នាំ ជាយុវសិស្សរៀននៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង បាន​ប្រាប់ថា បន្ទាប់ពី ប្រាសាទបាណន់គឺនាងចូលចិត្តមកកម្សាន្ត កសិដ្ឋានជ្រលងបព្វតានេះណាស់ ជារឿយៗរាល់ពេលសម្រាកពីការសិក្សា នាងតែងនាំយកនូវភាពស្មុគស្មាញ និង ភាពតប់​ប្រមល់​មកទម្លាក់ចោលទីនេះ ហើយ អង្គុយបណ្តែតអារម្មណ៍មើលខ្សែ ទឹកហូរប្រដេញគ្នា​មិនចេះ​ហត់ និង ទទួលយក នូវខ្យល់អាកាសដ៏បរិសុទ្ធ ធ្វើឱ្យអារម្មណ៍របស់នាងជ្រះថ្លាឡើងវិញ ហើយមានពន្លក​ស្នេហ៍​នៅទីនេះ និង ខ្លះក៏ឈានដល់ចំណងអាពាហ៍ពិពាហ៍ ឯខ្លះទៀតក៏ ព្រាត់គ្នាទៅ ចំណែកនាង មកទីនេះគ្រាន់តែចង់លម្ហែខួរក្បាលតែប៉ុណ្ណោះ មិន នឹកដល់ការសាងអនុស្សាវរីយ៍ផ្អែមល្ហែម​អី​នោះ​ទេ ។
លោក សន សុផា អាយុ ៤៣ ឆ្នាំ មកពីភូមិផ្កាស្លា ឃុំចំការសំរោង ក្រុង បាត់ដំបង កំពុង​លម្ហែកាយនៅទីនេះបានឱ្យដឹងថា កសិដ្ឋានជ្រលងបព្វតានេះ គ្រាន់តែឮឈ្មោះពីរោះត្រចៀក​ណាស់ តែតាមទិដ្ឋភាពជាក់ស្តែងមិនមានការ វិវឌ្ឍទៅមុខសោះ ។ លោកសុផា បន្តថា សេវា​កម្មនៅទីនេះថ្លៃណាស់ មួយ ថ្ងៃៗប្រាក់ហូរចូលមិនតិចទេ គួរណាស់តែម្ចាស់កសិដ្ឋាន អភិវឌ្ឍឱ្យរីក​ចម្រើន​ជាងនេះទើបសមនឹងទឹកប្រាក់ បើមិនដូច្នេះទេ តទៅអនាគតភ្ញៀវប្រាកដជា បាយៗហើយ ។
ក្នុងការស្រាយបំភ្លឺជុំវិញមតិផ្សេងៗគ្នាពីមហាជន លោក សុវត្ថិ សត្យា ជា អ្នកគ្រប់គ្រង និង មើល​ថែ​កសិដ្ឋាន ជ្រលងបព្វតានេះបានរៀបរាប់ថា កសិដ្ឋាន នេះមិនមែនទើបតែកើតឡើងនោះទេ តាមពិត​បានប្រតិស្ថានលើ តំបន់ព្រៃភ្នំនេះប្រាំឆ្នាំមកហើយ តែទើបទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់​ពីប្រជាពលរដ្ឋ គ្រប់ទិសទីក្នុង ឆ្នាំនេះលើសឆ្នាំណាៗទាំងអស់ ។ លោក សុវត្ថិ សត្យា បន្តថា កសិដ្ឋាន​ដែលប្រជាពលរដ្ឋកំពុងពេញនិយមនេះ មិនមែនជារបស់លោកទេ តាម ពិតជាការ​បណ្តាក់​ទុនរបស់ពូលោកដែលជាអាណិកជនអូស្ត្រាលី ហើយលោក គ្រាន់តែមើលការខុសត្រូវជំនួសលោក​ពូ រ៉ាំបូ តែប៉ុណ្ណោះ ។
ក្នុងសំណួរដែលសួរថា តើលោកយល់​យ៉ាង​ម៉េច​ដែរ ? ចំពោះបញ្ហាដែល លេចឮពីមាត់​ប្រជាពល​រដ្ឋភាគច្រើនថា ផ្នែកបម្រើសេវាកម្មនៅទីនេះមានតម្លៃ ខ្ពស់កប់ពពក បើប្រៀបទៅកន្លែងដទៃ​ក្នុង​ខេត្តបាត់ដំបងដូចគ្នានោះ ដូចជា ប្រាសាទបាណន់ប្រាសាទឯកភ្នំ សេកសក និង អាងកំពីងពួយ ជាដើម ។
លោក សុវត្ថិ សត្យា តបទាំងទឹកមុខរីករាយថា អ្នកធ្វើតែងតែខុស អ្នក មិនធ្វើសោះទើបត្រូវ ចំពោះ​លោក លោក មិនឈឺឆ្អាលនឹងមាត់ចាបមាត់ព្រាប ឬ ពាក្យរិះគន់ទាំងអស់នោះទេ លោកគិត​តែ​ប្រមូលប្រាក់យកមកអភិវឌ្ឍកសិដ្ឋាន នេះឱ្យបានស្អាតទ្វេឡើងថែមទៀត ។ ជាទីបញ្ចប់ លោក សុវត្ថិ សត្យា ឆ្លៀត ឱកាសនេះ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ  ដែលស្ម័គ្រកាយស្ម័គ្រចិត្តមកគាំទ្រកសិដ្ឋានជ្រលងបព្វតារបស់ លោក ៕

រមណីយដ្ឋានសេកសក


រមណីយដ្ឋានសេកសកបានកើតឡើង តាំងពីយូរលង់មកហើយប៉ុន្តែមិនមាន ការអភិវឌ្ឍ ឱ្យ​ក្លាយជាកន្លែង ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមក កម្សាន្តនៅឡើយទើបតែក្នុងពេល ថ្មីៗនេះ​មាន​ការកែប្រែមុខមាត់ជាថ្មី ក្រោម ការអភិវឌ្ឍរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ។
បើយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះ ទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយ​ប្រមាណជា ៥០ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថា ផ្សារ ជៀវ ។ ពេល​នោះ​យើងមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយ ដែលរំលេចអក្សរធំៗថា “រមណីយដ្ឋាន​ទឹកធ្លាក់​សេកសក” ។ បន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែលជា ១៣ គីឡូម៉ែត្រ យើងនឹង​ឃើញ​ស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែលសរសេរថា “រមណីយដ្ឋានសេកសក សូម ស្វាគមន៍” ។
តំបន់ព្រៃភ្នំនៃឃុំផ្លូវមាស អតីតធ្លាប់ជាសមរភូមិ ប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ ស្រស់ត្រកាល និង ជាកន្លែងលួងលោមបបោស អង្អែលអារម្មណ៍ដែលស្មុគស្មាញ ឱ្យប្រែក្លាយជាភ្លឺ ថ្លាជ្រះស្រឡះផុតក្តីមួហ្មង ។ ស្នូរគ្រាប់កាំភ្លើង​ផូង ផាងដ៏គួរឱ្យព្រឺខ្លាច ប្រែក្លាយជាសំឡេងតន្ត្រីធម្មជាតិ យ៉ាងពីរោះរណ្តំលន្លង់លន្លោចគួរ​ឱ្យជក់​ចិត្តដិតអារម្មណ៍ក្រៃលែង ។
រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ  ពិសេសរដូវចូល ឆ្នាំ និង ភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទ គ្រប់ វ័យ តែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋាសេកសក នេះយ៉ាងច្រើនកុះករ ។
រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតារដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹង សង្កែ ។ ក្រៅពីក្បូរក្បាច់រចនាដែលធម្មជាតិផ្តល់ឱ្យ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំង​ថ្មដាតូចធំ​ប្រគំ​ជា សូរឈូឆរហើយនោះ ក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ ។ ញសពេញផ្ទៃឧទ្យានទាំងមូល គេដាំដើមឈើ ជាច្រើនប្រភេទ នៅក្រោមម្លប់ឈើនីមួយៗ​គេបាន​ដាក់​បង់សម្រាប់ភ្ញៀវអង្គុយ លេង សម្រាកលម្ហែកាយយ៉ាងត្រជាក់ចិត្ត ។ នៅចំពីមុខ​មានស្រះ​មួយ​ដែលមាន ទឹកថ្លាឈ្វេង និង មានប៉េដាឡូរូបទា រូបក្ងាន រូបសេះសិប្បនិមិត្តសម្រាប់ភ្ញៀវជិះកម្សាន្ត។ នៅតាមចន្លោះដើមឈើគេបានសាងរូបចម្លាក់ជាច្រើនប្រភេទ ប៉ុន្តែក្នុង ចំណោមរូប​ទាំង​នោះ​មាន​រូប​មួយដែលភ្ញៀវចាប់អារម្មណ៍ជាងគេ គឺរូបសេកញី ឈ្មោលមួយគូនៅចំកណ្តាលឧទ្យាន ជាស្នាដៃ​ដ៏វិចិត្ររបស់ជាងចម្លាក់ដៃឯក ដែលរំឭកទៅដល់ស្នេហាដែលបានរៀបរាប់ដោយលោក ស៊ិន ស៊ី​សា​​មុត ។ ម៉្យាង វិញទៀត  រូបនេះជានិមិត្តរូបតែមួយគត់របស់រមណីយដ្ឋានសេកសកនេះ ។
នៅចុង​ខាងជើងនៃសួនឯណោះវិញ គេសង់រោងមួយយ៉ាងវែងចែកជាពីរ ខណ្ឌ មួយខណ្ឌ​ដាក់​រថយន្ត​អគ្គិសនីសម្រាប់ភ្ញៀវជិះកម្សាន្ត ឬ ដែលញក្យធម្មតា ហៅថា “ឡានបុកគ្នា” ។ ចំណែកមួយខណ្ឌទៀតគេដាក់គ្រឿងបំពងសំឡេង ពីរោះរងំសម្រាប់រាំកម្សាន្ត ។ រីឯនៅមាត់​ស្ទឹង​សង្កែ ក្រុមយុវវ័យនាំគ្នាងូតទឹក លេងយ៉ាងរីករាយ ខ្លះមុជចាប់គ្នា ខ្លះបណ្តែតខ្លួនលេងតាម​ខ្សែ​ទឹកហូរ​យ៉ាង សប្បាយរីករាយ ។
លោក ស៊ិន ស៊ីធឿន មកពីទីក្រុងភ្នំពេញបានបណ្តែតមនោសញ្ចេតនា សប្បាយរីករាយក្រៃលែង ដោយលោកបាននិយាយថា លោកបានមកកាន់ខេត្ត បាត់ដំបងនេះជាច្រើនដងហើយ ឯកន្លែង​ដែលលោកចាប់អារម្មណ៍ជាងគេគឺសេកសកនេះតែម្តង។ នៅទីនេះស្រឡះមុខស្រឡះមាត់​សម្បើម​ណាស់ មិន អាប់អួដូចនៅទីក្រុងទេ ហើយពេលមកម្តងៗទេសភាពនៅតែប្លែករហូត ញេល គឺទីនេះ​មាន​ការ​អភិវឌ្ឍមិនចេះចប់ ម្ចាស់សួនខំកែច្នៃឱ្យមានអ្វីប្លែកៗដើម្បីទាក់ ទាញភ្ញៀវមកកម្សាន្ត ។ ចំណែកតម្លៃសេវាកម្មវិញក៏ថោកសមរម្យ ។
កញ្ញា ឃាន សុខឿន មកពីវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង និយាយ ថា នាងមកទីនេះ​យ៉ាង​ហោចណាស់មួយឆ្នាំបីដងដែរ គឺរដូវចូលឆ្នាំខ្មែរ រដូវ ចូលឆ្នាំចិន និង រដូវភ្ជុំបិណ្ឌ ។ នាងមកទីនេះ​ជាមួយ​មិត្តភក្តិជាច្រើនរូប ព្រោះ ទីនេះមានបរិស្ថានល្អ ខ្យល់អាកាសត្រជាក់ ទេសភាពប្លែកៗ មានសួន មានរូប សត្វ មានឧបករណ៍កម្សាន្ត លើសពីនេះទៀតបានមុជទឹកស្ទឹងសង្កែ ដែលជា ស្ទឹង​កវី​និពន្ធ ។ រាល់ពេលតប់ប្រមល់ ឬ ស្មុគស្មាញក្នុងចិត្ត សុខឿន តែងមក បន្ធូរអារម្មណ៍នៅទីនេះ ។
លោក ធី សុធឿន អាយុ ២៣ ឆ្នាំ មកពីក្រុងបាត់ដំបងបានឱ្យដឹងដែរថា នៅរមណីយ​ដ្ឋាន​សេក​សកនេះបម្រើសេវាកម្មបានល្អ ហើយថោកសមរម្យទៀត ផង គឺផ្ញើរថយន្ត ៥.០០០ រៀល ផ្ញើម៉ូតូ ២.០០០ រៀល មនុស្សម្នាក់ ១.០០០ រៀល និង ម្ហូបអាហារឆ្ងាញ់ ហើយថោកល្មមសមរម្យ ។ លោកចូល​ចិត្តមក សាងអនុស្សាវរីយ៍ស្នេហាទីនេះណាស់ ។
កញ្ញា មាស បូរ៉ុម និង កញ្ញា ជិន សុមាលី មកពីទីក្រុងភ្នំពេញបានរៀប រាប់ថា នាងទើបតែមក​ទីនេះមួយ​ដងប៉ុណ្ណោះ បើមានឱកាសថ្ងៃក្រោយនឹងមក ទៀត ព្រោះនាងចូលចិត្តទេសភាព​ព្រៃភ្នំ​បែប​នេះណាស់ ។
បើតាមសៀវភៅទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាបានសរសេរថា រម-ណីយដ្ឋានសេកសក​មាន​ទី​តាំងស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០ គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមផ្លូវ​ជាតិ​លេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុកសំឡូត ។ សេកសកគឺជារមណីយដ្ឋានធម្មជាតិដែលគេ​និយមទៅកម្សាន្តតាំងពី សម័យមុនសង្គ្រាមមកម៉្លេះ ។ សេក​សកជាជម្រាលចំណោតស្ទឹងដែលហូរ​លើ ផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើងដោយអន្លើៗ មានបណ្តោយប្រមាណ ៥០០ ម៉ែត្រ អមដោយរុក្ខជាតិតូចធំពណ៌បៃតងខៀវស្រងាត់ និង ព្រៃឫស្សីដែល ជាម្លប់ដ៏ត្រជាក់តាមបណ្តោយ​មាត់​ស្ទឹងសេកសក ។ អ្នកទៅលេងសេកសក អាច ចូលលេងរមណីយដ្ឋានពពុះពេជ្រចិន្តា ដងទង់ និង រមណីយដ្ឋានបុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក​ ៕

រមណីយដ្ឋានបឹងសំរឹទ្ធិនៅខេត្តកំពង់ធំ


ក្រៅពីប្រាសាទសម្បូរព្រៃគុហ៍ដែល កំពុងតែពេញនិយម និង ភ្នំសន្ទុកដែល មានភាពទាក់ទាញ​នោះ មន្ត្រីខេត្តកំពង់ធំ បានរៀបចំតំបន់រមណីយដ្ឋានវប្បធម៌ ធម្មជាតិថ្មីមួយទៀតគួរជាទី ចាប់​អារម្ម​ណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមក ទស្សនាទឹកដីដ៏ចំណាស់មួយនេះ ។ រមណីយ​ដ្ឋាន​ថ្មី​មួយនេះមានឈ្មោះ ថា រមណីយដ្ឋាន បឹងសំរឹទ្ធិ ។
រមណីយដ្ឋាន បឹងសំរឹទ្ធិ ស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានធ្វើការ​សិក្សា​ដំបូងឡើងតាំង ពីឆ្នាំ២០០៣មកម៉្លេះ ។
លោក ខេង ហេង អ្នកគ្រប់គ្រង និង អ្នកមើលការខុសត្រូវក្នុងការរៀប ចំឱ្យមានរមណីយដ្ឋាន​វប្បធម៌ធម្មជាតិនេះបាន ឱ្យដឹងថារមណីយដ្ឋាន បឹងសំរឹទ្ធិ នេះត្រូវបានរៀបចំឡើងនៅលើទំហំដី ៤០ ហិកតារ ដែលមានវាលស្មៅលាត សន្ធឹងដាច់កន្ទុយភ្នែកសម្រាប់កន្លែង​កម្សាន្តរបស់ភ្ញៀវ​ទេសចរមើលទេសភាព និង សត្វស្លាបនានារស់នៅក្នុង បរិវេណតំបន់នោះព្រមទាំងមានបឹង​ធម្ម​ជាតិ មួយដែលមានទិដ្ឋភាពជាប់នឹងស្ទឹងជីនិតគួរឱ្យចាប់អារម្មណ៍ជាទីបំផុត ។ ដោយបានឃើញ​ទិដ្ឋភាព​វាលស្មៅ និង បឹងធម្មជាតិ ទើបឯកឧត្តម ងួន ញ៊ិល មាន គំនិតឱ្យមានគម្រោងបង្កើត រមណីយ​ដ្ឋាន​ធម្មជាតិដើម្បីធ្វើការទាក់ទាញភ្ញៀវ ទេសចរជាតិ និង បរទេស ។ កាលពីមុន​បង្កើត​រមណីយដ្ឋាននេះ នៅពេលគេឆ្លងកាត់តំបន់នេះម្តងៗ គេតែងតែសរសើរឥតដាច់ពីមាត់ថា តំបន់មានទិដ្ឋភាព និង សម្រស់ដ៏ស្រស់ ត្រកាលគួរជាទីទាក់ទាញភ្ញៀវទេសចរ​ដោយសារ​ស្ថាន​ភាព​និង ភូមិសាស្ត្រនៅជាប់នឹងមាត់ស្ទឹងជីនិតផង ព្រមទាំង មានព្រៃរបោះដែលជាជម្រក សត្វ​ស្លាប​យ៉ាងច្រើនហើរចុះឡើងឆ្វាត់ឆ្វែងរកចំណី និង មានអាកាសធាតុដ៏បរិសុទ្ធ ផងនោះរឹតតែធ្វើឱ្យ​ភ្ញៀវ​មានចំណាប់អារម្មណ៍ទីនេះយ៉ាងខ្លាំង ។ ដោយឃើញនូវ ទិដ្ឋភាពដ៏ស្រស់ត្រកាលកម្ររក កន្លែង​ណាមកប្រដូចបានដូចនេះ ទើបលោកខេង ហេង និង ថ្នាក់ដឹកនាំមួយចំនួន​សម្រេចបង្កើត​រមណីយដ្ឋាននេះ ឡើងដោយចាប់ផ្តើម ពីឆ្នាំ ២០០៦ និង បញ្ចប់នៅឆ្នាំ ២០១០ នេះ ។
រមណីយដ្ឋាន បឹងសំរឹទ្ធិ ត្រូវបង្កើតឡើងដើម្បីបម្រើសហគមន៍នៅក្នុងភូមិឃុំនេះ តែម្តង ដោយ​សំដៅ​លើក​ស្ទួយវិស័យ វប្បធម៌រក្សានូវកេរដំណែលវប្បធម៌ធម្មជាតិ ធ្វើ យ៉ាងណាឱ្យមានលក្ខណៈ​ជាខ្មែរសុទ្ធសាធ។ បរិវេណរមណីយដ្ឋាន បឹងសំរឹទ្ធិត្រូវបានគេសាងសង់នៅលើផ្ទៃដីយ៉ាង​ធំ​ទូលាយ ដោយមានដាំវាលស្មៅយ៉ាងវែងដាច់កន្ទុយ ភ្នែក សង់ខ្លោង ទ្វារប្រាសាទព្រះវិហារ មានល្បាក់ទឹក​ជ្រោះ​យ៉ាងស្រស់ត្រកាល សំណង់ អគាររដ្ឋបាលដែលរំលេចទៅដោយសួនច្បារ ចម្រុះពណ៌គួរ​ជាទី​ចាប់អារម្មណ៍ សង់ផ្ទះ បណ្តែត រោងកាហ្វេ ដែលលម្អទៅដោយសួនច្បារមានផ្កាចម្រុះពណ៌គួរឱ្យ ចង់ទស្សនាក្រៃលែង ។ ក្រៅពីសំណង់ទាំងនោះ នៅក្នុងរមណីយដ្ឋាន បឹងសំរឹទ្ធិ នេះ យើងសង្កេត ឃើញមាន សាងសង់ផ្ទះសម័យបុរាណតម្រៀបគ្នាជាជួរ ដើម្បីទាក់ទាញភ្ញៀវទេសចរ មានសង់ផ្ទះ​សំណាក់នៅលើកោះ មានអាង ហែលទឹកដែលមានទឹកថ្លាដូចកញ្ចក់ រំលេច ទៅដោយផ្កាជះ​ក្លិន​ពិដោរភាយៗគួរជាទីត្រេកត្រអាលក្រៃលែងសម្រាប់ភ្ញៀវទេសចរ ។ ក្រៅពីនេះ រមណីយដ្ឋាន បឹង​សំរឹទ្ធិ មានសាងសង់សំណង់ផ្ទះសំណាក់នៅតាមបណ្តោយ មាត់ស្ទឹង សង់់់ភ្ន់ផ្តិំល្កសំរឹទ្ធិ សង់​សំណង់អង្គរវត្ត សង់សំណង់សារមន្ទីរជាតិ ស្ថាបនា ឆ្នេរខ្សាច់ ដែលសំណង់ទាំងនេះមួយ​ចំនួន​បានសាងសង់រួច ហើយមួយចំនួនទៀតកំពុង សាងសង់ និង មួយចំនួនទៀតពុំទាន់​សាង​សង់នៅ​ឡើយ ។ បើតាមអ្នកគ្រប់គ្រង និង ចាត់ការសំណង់នេះបានឱ្យដឹងថា សំណង់នេះសង់នៅម្តុំ​បរិវេណ​លំនៅស្ថានរបស់ ឯកឧត្តម ងួន ញ៊ិល អនុប្រធានទី ១នៃរដ្ឋសភាដោយមានលំនៅស្ថាន​របស់​ប្រជាពល រដ្ឋនៅព័ទ្ធជុំវិញ ដែលភ្ញៀវទេសចរមុននឹងចូលទៅដល់រមណីយដ្ឋាននេះ គេនឹង​បាន ឃើញទិដ្ឋភាព និង ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។ ការបង្កើត រមណីយដ្ឋាន​នេះ​ឡើង គឺក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូននៅ ក្នុងសហគមន៍នេះដោយ​ផ្ទាល់ ដោយឱ្យពួកគាត់មានការងារធ្វើ រកចំណូលពីវិស័យ ទេសចរណ៍ ដោយមានអ្នក​ខ្លះអាច​មកបម្រើការងារនៅទីនេះ ហើយអ្នកខ្លះអាចដាំ ដំណាំកសិកម្មដូចជា ផ្លែឈើបន្លែ ដើម្បីយក​មក​ផ្គត់ផ្គង់នៅទីនេះទៀតផង ។
បើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងការសាងសង់នៅរមណីយដ្ឋាន បឹងសំរឹទ្ធិ នេះ ថា គេនឹងសាងសង់​សំណង់នៅទីនេះ ជាលក្ខណៈខ្មែរសុទ្ធសាធ ហើយគេក៏នឹងកែច្នៃ រមណីយដ្ឋាននេះឱ្យមាន​ភាពល្បីល្បាញមិនចាញ្ញ់ភូមិវប្បធម៌នៅ សៀមរាបឡើយ ។ រាល់សំណង់ទាំងអស់ គឺត្រូវ​តែ​មានលក្ខណៈជាខ្មែរសុទ្ធសាធ មិនដូចនៅ ភូមិវប្បធម៌សៀមរាប មានរូបចម្លាក់មនុស្សមួយ​ចំនួន​ត្រូវបានគេសង់របៀប ជារបស់ចិន ។ កាលពីមុន ដីតំបន់ជុំវិញ បឹងសំរឹទ្ធិ នេះជាដីអតីតកេរអាករ​របស់​អ្នកភូមិផ្ទាល់ ប៉ុន្តែដោយបញ្ហាអសន្តិសុខអ្នកភូមិនេះផ្ទាល់បានចាក ចោលភូមិចាស់ទៅ រស់​នៅភូមិដូងខ្លះភូមិព្រៃតាត្រាវខ្លះ រីឯ បឹងសំរឹទ្ធិ និង បឹង ពោធិ៍ខឿន ដីនៅតំបន់នេះត្រូវនៅទំនេរ ហើយ​នៅ បរិវេណជិតនោះក៏ដុះព្រៃទ្រុបទ្រុល ដែលកន្លងមកគឺជាកន្លែងស្នាក់អាស្រ័យ និង លាក់​ខ្លួន របស់ក្រុមចោរប្លន់ ។ ដោយឃើញស្ថានភាពបែបនេះទើបសម្រេចរៀបចំ ឱ្យមានតំបន់​ទេស​ចរណ៍វប្បធម៌ធម្មជាតិនេះឡើង ៕

No comments:

Post a Comment