ក-ខ្វះភាពជាគំរូនែឪពុកម្តាយ
ឬ អាណាព្យាបាល
ជាទូទៅឪពុកម្តាយខ្មែរមួយចំនួនមិនទម្លាប់អានសៀវភៅ កាសែត... នៅផ្ទះ សម្រាប់បង្កើនចំណេះដឹងផ្ទាល់ខ្លួនទេ
ហើយក៏មិនសូវអានឬនិទានសម្រាប់ឱ្យកូនស្តាប់ដែរ ដែលជាហេតុធ្វើឱ្យកូនៗមិនមានចំណង់ចំណូល ចិត្តអានសៀវភៅដូចឪពុកម្តាយ
។មួយវិញទៀតនៅក្នុងផ្ទះគ្រួសារខ្មែរភាគច្រើន
ពិសេសនៅតាមជនបទ ក៏មិនសូវមានទូតាំងសៀវភៅ
ដែលករណីនេះវាបង្ហាញពីភាពមិនសូវចិត្តទុកដាក់និងមិនយល់ពីគុណ
សម្បត្តិរបស់សៀវភៅដែលជាប្រភពសំខាន់ក្នុងការអភិវឌ្ឍចំណេះដឹង
និងសមត្ថភាព។ ឪពុកម្តាយឬអាណាព្យាបាល គួររៀបចំទុកដាក់សៀវភៅ ឱ្យបានច្រើនទោះបីមិនមានពេលអានក៏ដោយ
នេះជាមធ្យោបាយមួយក្នុងការលើកកម្ពស់ការនិយមចូលចិត្តអានរបស់កូន ៗ។ចំណុចសំខាន់មួយទៀតក្នុងលើកកម្ពស់មោទនភាពគ្រួសារ គឺការតាំងសញ្ញាប័ត្រ រូបថតកិត្តយស
ប័ត្រសរសើរ មេដាយសម្រាប់ឱ្យកូនបានមើលឃើញ
ព្រោះវាមានប្រយោជន៍ច្រើនក្នុងការអប់រំ ឫទូន្មានដោយប្រយោលក្នុងការតម្រង់ទិសកូនទៅរកផ្លូវល្អតាមរយៈភាពជាគំរូរបស់ឪពុកម្តាយ នេះ។ការបង្ហាញទាំងនេះ
ជាកម្លាំងអាថ៌កំបាំងមួយ ជួយដាស់តឿនកូនៗបានមួយចំនួនធំ
ពេលដែលគេដើរផ្លូវខុស ព្រោះវាបានបង្កើតជាសម្លេង
នៅក្នុងសតិសម្បជញ្ញៈរបស់គាត់ ហើយពេលខ្លះ វាធ្វើឱ្យគាត់មានភាពខ្មាស់អៀនដោយស្វ័យប្រវត្តិចំពោះកំហុសរបស់គាត់
និងឆាប់មានភាពភ្ញាក់រំព្ញកជាង ។ទោះបីជាយ៉ាងណាក៏ វានៅតែទាមទារជាចាំបាច់ពីការយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនជានិច្ចផងដែរ
។ចំណុចអសកម្មមួយចំនួនទៀតគឺឪពុកម្តាយមួយចំនួនបាន បំបាក់ទឹកចិត្តកូនដើម្បី ទាញយកផលប្រយោជន៏ពីកូន ដោយជំរុញកូនឱ្យឈប់រៀនដើម្បី ចូលធ្វើការរកប្រាក់ សម្រាប់ជាចំណូលគ្រួសារ
ពិសេសការលើកយកហេតុផលពីភាពអយុត្តិធម៌ក្នុងសង្គមមកធ្វើឧបសគ្គ
និងផ្តល់ភាពអស់សង្ឃឹមដល់កូន ដូចជា៖រៀនបានប្រយោជន៍អី យើងគ្មានលុយសូកគេធ្វើការងារទេ
ឫគ្មានលុយរៀនមហាវិទ្យាល័យទេ ឫបង្ហាញថា និស្សិតបញ្ចប់មហាវិទ្យាល័យច្រើនណាស់នៅភ្នំពេញរកការងារធ្វើមិនបានផង
កន្លែងការងារល្អៗគេដាក់កូនគេអស់ហើយ... ។
ខ-ចំណុចអវិជ្ជមានមួយចំនួនរបស់ឪពុកមា្តយឬអាណាព្យាបាលក្នុងការអប់រំទូន្មានកូន
ការយល់ដឹងរបស់ឪពុកម្តាយ អាណាព្យាបាលមួយចំនួនធំក្នុងការអប់រំទូន្មានកូន
នៅមានកម្រិត ។ភស្តុតាង
ជាច្រើនអាចធ្វើការបញ្ជក់ពីបញ្ហានេះបានដូចឧទាហរណ៍ពីម្តាយម្នាក់ខាងក្រោម៖ នៅពេល
ដែលម្តាយហាមកូនតូច កុំឱ្យរពិស
រត់ឆ្លេឆ្លាប្រយ័ត្នដួល
កូនតូចមិនស្តាប់នៅតែរត់ចុះរត់ឡើងរហូតដល់
ជំពប់ដុំថ្មដួលរលត់ក្បាលជង្គង់
។ស្ថិតក្នុងស្ថានភាពនេះតើម្តាយនោះឆ្លើយតបចំពោះគ្រោះថ្នាក់របស់
កូនយ៉ាងដូចម្តេច
? ចម្លើយ តាមរយៈការសង្កេតរបស់ខ្ញុំមិនផ្លូវការ អាចមានពីរធំៗ គឺ
(១) ម្តាយនោះ
លួងលោមកូនឱ្យបាត់យំដោយយករំពាត់ទៅវាយដុំថ្ម ពីរ បីរំពាត់
ថាវាជាអ្នកធ្វើឱ្យកូនគាត់ដួល
។គាត់ធ្វើបែបនេះ ដើម្បីកូនអស់ចិត្ត និងបាត់យំ
ដែលមានលក្ខណៈជាការសងសឹកដុំថ្ម ។(២)ម្តាយនោះ
វាយកូនបន្ថែមព្រោះបានហាមកូនហើយតែនៅតែមិនស្តាប់
។គាត់ធ្វើ បែបនេះ ដើម្បីឱ្យកូនរាងចាល និងត្រូវស្តាប់បង្គាប់ ។
ទង្វើទាំងពីរខាងលើ សុទ្ធតែជាទង្វើខុសឆ្គង ព្រោះ
វាមិនបានបង្ហាញហេតុផលជាក់លាក់ដល់កូនពីមូលហេតុដែលនាំឱ្យកើតមាន
គ្រោះថ្នាក់នេះទេ
និងមិនបានឱ្យកូនយល់ដឹងក្នុងបង្កាគ្រោះថ្នាក់នៅពេលក្រោយទៀត
ដោយជំរុញឱ្យកូនមានការប្រុងប្រយ័ត្នខ្ពស់
នៅពេលរត់លេង។កូនអាចមើលមិនឃើញពីកំហុសឆ្គងរបស់ខ្លួនដែលនាំឱ្យដួល
នោះទេ
ព្រោះកំហុសត្រូវបានទម្លាក់ទៅលើដុំថ្ម
និងត្រូវបានវាយដុំដោយមិនបានបញ្ជក់ពីហេតុផលដល់គាត់
។សកម្មភាពម្តាយទី២ជាសកម្មភាពខុសឆ្គងបំផុត
ព្រោះវាបង្កគ្រោះថ្នាក់ពីរដងដល់កូន(ដួល និងត្រូវរំពាត់)
ដែលប៉ះពាល់ធ្ងន់ធ្ងរផ្នែកផ្លូវចិត្ត និងស្មារតីរបស់ក្មេង
។ម្តាយគប្បី
លួងលោម និងណែនាំកូនឱ្យចេះមើលឃើញពីកំហុសឆ្គង
និងការធ្វេសប្រហែសរបស់ខ្លួន
ដើម្បីបង្កើនការប្រុងប្រយ័ត្ននៅពេលក្រោយទៀតទើបល្អ
និងមានលក្ខណៈតក្កភាពជាង ។ចំណុចអសកម្មមួយផ្សេងទៀត គឺឪពុកម្តាយ
អាណាព្យាបាលមួយចំនួនធំព្យាយាមធ្វើការសម្រេចចិត្តជំនួសកុមារ
រាប់ទាំងការទិញសម្លៀកបំពាក់ សៀវភៅ របស់របរប្រើប្រាស់ផ្សេងៗ
និងការកំណត់ទីកន្លែងសម្រាប់ដំណើរកំសាន្តជាដើម...។សកម្មភាពទាំងនេះ
ពួកគាត់មិនដែលសួរយោបល់ ឫទុកឱកាស និងស្តាប់គំនិតយោបល់កូនគាត់ឡើយ
ព្រោះពួកគាត់យល់ថា
កូនក្មេងមិនទាន់យល់ដឹងអ្វីទេ ។ការយល់ឃើញបែបនេះ
ជាការភ័ន្តច្រឡំឫជាកំហុសឆ្គងមួយ
ព្រោះកុមារមានការគិត និងមានរបៀបគិតជាក់លាក់មួយរបស់គាត់
ដែលឪពុកម្តាយនិងអាណាព្យាបាលគួរឱ្យតម្លៃ។ការទុកឱកាសឱ្យកុមារបញ្ចេញ
មតិយោបល់និងយកចិត្តស្តាប់មតិយោបល់របស់គាត់
ជាការលើកទឹកចិត្តនិងជាការហ្វឹកហាត់មួយធំធេងណាស់ ដល់គាត់
ព្រោះវាធ្វើឱ្យអនាគត
គាត់មានភាពក្លាហាន និងសកម្មក្នុងការងារសង្គម ។
ករណីដោយឡែកមួយផ្សេងទៀត គ្រួសារខ្មែរជាទូទៅមានទម្លាប់
ពេលភ្ញៀវមកលេងផ្ទះ គាត់មិនសូវឱ្យក្មេង នៅជិតឫហូបបាយជាមួយទេ
ព្រោះពួកគាត់យល់ថា ក្មេងមានភាពរញ៉េរញ៉ៃនិង រំខានដល់ភ្ញៀវ
។ជាការពិតវាអាចរំខានមែន
ប៉ុន្តែកុមារគួរសិក្សាស្វែងយល់ពីទំនាក់ទំនងសង្គមនេះ
ទើបល្អប្រសើរជាង
បើតាមគំនិតរបស់អ្នកនិពន្ធ ។ការលើកទឹក
និងការបង្ហាញពីក្តីស្រឡាញ់ដ៏កក់ក្តៅដល់កុមារជាមធ្យោយដ៏មាន
ប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍កុមារ
ដូច្នេះឪពុកម្តាយអាណាព្យាបាលត្រូវចេះ
លើកសរសើរកូនរាល់ពេលដែលគាត់បានធ្វើអំពើល្អ
ឫទទួលពិន្ទុល្អក្នុងការសិក្សា...។ចំណុចចុងក្រោយសម្រាប់ការបង្ហាញ
នេះ
គឺ
ការមិនអនុញ្ញាតឱ្យកុមារស្វែងយល់ពីឧបករណ៍បច្ចេកវិទ្យាទំនើបដូចជា៖
ទូរស័ព្ទ ជាដើម ។ការមិនឱ្យកុមារលេងទូរស័ព្ទនេះ
ព្រោះមនុស្សចាស់ខ្លាចវាខូច
និងបាត់បង់
។វាពិតជាត្រឹមត្រូវព្រោះប្រជាពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រ
ហើយទូរស័ព្ទមានតម្លៃថ្លៃ ដូច្នេះ
ការខូចឬបាត់បង់ជាបច្ច័យអាក្រក់មួយ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការឱ្យកុមារលេង ទូរស័ព្ទ
គឺជាជំហានក្នុងការផ្តល់ឱកាសដល់គាត់
ស្វែងយល់ពីវិទ្យាសាស្ត្របច្ចេកទេស
ពិសេសបំផុសទឹកចិត្តគាត់ឱ្យស្រឡាញ់វិទ្យាសាស្រ្ត ។
"កូនដែលចូលចិត្តជំទាស់នឹងឪពុកម្តាយដោយភាពវៃឆ្លាត មិនមែនជាកូនអាក្រក់ទេ" ousa
និពន្ធដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម PTTC Svay Rieng
No comments:
Post a Comment