Tuesday, December 24, 2013

មេរៀន​​៣​យ៉ាង​ដែល​​អ្នក​ត្រូវ​រៀន​ពី​លោក​​ Lincoln

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កំពូល​ម្នាក់​ ​អតីត​ប្រធានាធិបតី​ទី ១៦ ​របស់​អាមេរិក​ លោក​ Abraham Lincoln ​​​​មាន​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​សិក្សា។ ​​ខាង​ក្រោម​ជា​​មេរៀន​ពី​ភាព​ជា​អ្នក​ដឹកនាំ​ ៣ ​យ៉ាង​ដែល​អ្នក​អាច​រៀន​ពី​លោក​ Lincoln ​បាន។

​១. ​​ធ្វើ​ការ​ជាមួយ​គូ​ប្រជែង
​មាន​ពេល​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ​លោក​ Lincoln ​បាន​សម្រេច​ជ្រើសរើស​​​មនុស្ស​ធ្វើ​ការ​ក្នុង​ការិយាល័យ​លោក​ដែល​ភាគច្រើន​ ជា​គូ​ប្រជែង​របស់​លោក។ ​​ចម្ងល់​មួយ​ដែល​យើង​ឆ្ងល់​គឺ​ថា ​ហេតុ​អ្វី​បាន​ជា​ប្រធានាធិបតី​រូប​នេះ​ជ្រើស​យក​ពួកគេ? ​​មូលហេតុ​ចម្បង​ដែល​លោក​​ជ្រើស​យក​អ្នក​ដែល​ធ្លាប់​ជា​គូ​បដិបក្ខ​​មក​ធ្វើ ​ការ​ជាមួយ​គ្នា​គឺ​ ដើម្បី​ទទួល​យក​គំនិត​ថ្មីៗ។ ​អ្នក​ទាំង​នោះមិន​​រារែក​ក្នុង​ការ​​​ជំទាស់​លោក​ Lincoln ​ដោយ​ផ្អែក​លើ​ហេតុផល​របស់​ពួកគេ​ទេ។ ​​ដូច្នេះ​ការ​ជជែក​វែក​ញែក​មតិ​តែង​កើត​ឡើង​ដែល​ជា​រឿយៗ​ ​នាំ​ទៅ​រក​ជម្រើស​មួយ​ដ៏​ល្អ​ដែល​ទទួល​យក​បាន​ជា​រួម។
​លោក​ Rick Lepsinger ​​​ប្រធាន​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ ញូវយ៉ក ​OnPoint ​​បាន​យល់​ស្រប​នឹង​គំនិត​ខាង​លើ​របស់​លោក​ Lincoln។ ​​លោក​លើក​ឡើង​ដូច្នេះ​ថា “មិន​ត្រូវ​ជួល​មនុស្ស​ដែល​មាន​ចរិត​ដូច​យើង​ទេ។ ​​ត្រូវ​រក​មនុស្ស​មាន​គំនិត​ប្លែកៗ​ ខុស​ពី​យើង​ ចូលចិត្ត​ជំទាស់​ដោយ​ផ្អែក​លើ​ហេតុ​ផល​គេ។ ​​ធ្វើ​ដូច្នេះ​យើង​អាច​យល់​ដឹង​​ពី​ការ​សម្របសម្រួល​ទទួល​យក​មតិ ​និង​រៀន​ចេះ​គ្រប់គ្រង​មនុស្ស​ប្លែក​ៗ​គ្នា។”
​២. ​ត្រូវ​សម្រេច​ចិត្ត​​ឲ្យ​បាន​ត្រឹមត្រូវ

ស្រប​ពេល​គំនិត​ច្រើន​ជា​រឿង​ដ៏​ល្អ ​អ្នក​ដឹកនាំ​ម្នាក់​ត្រូវ​ដឹង​ថា ​ពេល​ណា​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​​ត្រូវ​សម្រេច​ចិត្ត​ដោយ​វិធី​ណា។ ​ជា​ធម្មតា​សង្គ្រាម​ពាក្យ​សម្ដី​រវាង​សមាជិក​​របស់​លោក​ Lincoln ​តែង​មាន​ជា​រឿយៗ​ ប៉ុន្តែ​ប្រធានាធិបតី​​​រូប​នេះ​​ដឹង​ថា ​ពេល​ណា​លោក​ទទួល​បាន​ព័ត៌មាន​ដែល​ត្រូវ​ការ​គ្រប់គ្រាន់​​​ដែល​អាច​ធ្វើ​ ការ​សម្រេច​ចិត្ត​បាន។
​​​​​​អ្នក​ដឹកនាំ​ល្អ​ត្រូវ​​មាន​ក្បួន​ក្នុង​ការ​សម្រេច​ចិត្ត​​ពី​ភាព ​ចាំ​បាច់​​ និង​តម្រូវ​ការ។ ​នេះ​ជា​​ការ​គូស​បញ្ជាក់​របស់​លោក Lepsinger។ ​លោក​បន្ត​ថា ​​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​លើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ជម្រើស​​នីមួយ​​ៗ។ ​​ការ​ធ្វើ​ដដែល​ៗ ​អាច​ឲ្យ​អ្នក​ដឹង​ថា ​តើ​ការ​សម្រេច​ចិត្ត​បែប​ណា​ដែល​ត្រឹមត្រូវ​ ហើយ​មាន​តុល្យភាព​រវាង​ភាព​វិជ្ជមាន​ និង​អវិជ្ជមាន។
​​​​៣. ​ត្រូវ​មាន​​កា​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​គ្រប់​កម្រិត

នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក​ លី សៀនលុង​ លេង​ម៉ាជាំង​ជាមួយ​ប្រជាជន​
ក្រៅ​ពី​ភាព​វ័យ​ឆ្លាត​ លោក​ Lincoln ​ក៏​មាន​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ។ ​​​​​មិន​ត្រឹម​តែ​ជា​ប្រធានាធិបតី​មួយ​រូប​ លោក​​​​​បាន​ឆ្លៀត​ពេលវេលា​ពី​ការងារ​ដ៏​រវល់​​ឲ្យ​ប្រជាជន​​ចូល​ជួប​ សំណេះសំណាល​គ្នា។ ​មនុស្ស​ជា​ច្រើន​​ស្រឡាញ់​លោក​​ ដោយ​សារ​លោក​​មាន​ចំណេះដឹង​ជ្រៅជ្រះ ​ចេះ​កំប្លែង ​និង​ពូកែ​និទាន​រឿង។
“មិន​​សំខាន់​នៅ​លើ​ភាព​វ័យ​ឆ្លាត​តែ​ម៉្យាង​នោះ​ទេ ​​​​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ និង​​ជំនឿ​ជាក់​ខ្ពស់​​​​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចម្បង​នៃ ​ភាព​ជា​អ្នក​ដឹកនាំ។” ​លោក​ Lepsinger ​បញ្ជាក់។ ​​លោក​បន្ត​ថា ​មេដឹកនាំ​ល្អ​ជា​មនុស្ស​ដែល​ចេះ​យល់​ចិត្ត​ ​និង​ចេះ​ស្វែង​យល់​​ច្រើន​ពី​អ្នក​ដទៃ។”
ប្រភព៖ sabay.com.kh

No comments:

Post a Comment