នេះជាប្រយោគមាននៅក្នុងជីវប្រវត្តិរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ ដែលសរសេរដោយព្រះអង្គផ្ទាល់ ហើយនៅក្នុងជីវិតរបស់សមណៈបញ្ញវន្តរូបនេះពុំសូវបរិបូរណ៌ដោយលាភស ក្ការៈ និង សមណស័ក្តឡើយ ។ ខុសពីសមណៈបញ្ញវន្តខ្មែរមួយចំនួនដែលមានទំនោរធ្ងន់ទៅរកផ្លូវធម៌ ព្រះភិក្ខុធម្មបាល បានបូជារយៈពេលពេញមួយជីវិតរបស់លោកដើម្បីធ្វើកិច្ចការយ៉ាងស្មើ គ្នារវាង សាសនកិច្ច និង សង្គមកិច្ច ។ ព្រោះហេតុនេះហើយ ទើបសកម្មភាពរបស់លោកពេលខ្លះត្រូវបានគេឃើញថា ជាសកម្មភាពនយោបាយ ហើយអ្នកខ្លះហៅលោកថា ជាភិក្ខុសាសនានយោបាយ ។
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ និង លេខនៅវត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះរៀនចេះល្មមប្រើការបាន ក៏ត្រឡប់មកនៅជាមួយគ្រួសារវិញនៅអាយុ១៥ឆ្នាំ ។ ដោយសារមុខរបររបស់គ្រួសារ ធ្វើអោយយុវជនជុំ ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញខាងជំនួញជើងទឹក និង ចេះ ផលិតនូវនេសាទូបករណ៍ជាច្រើនប្រភេទផង ។
ព.ស ២៤៦៧, គ.ស ១៩២៤ បានបួសជាសាមណេរនៅអាយុ១៧ឆ្នាំ ក្នុងសំណាក់ព្រះចៅអធិការ ទន់ ផាន់ វត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ទីទៃពីការសិក្សា និង ប្រតិបត្តិនូវកាតព្វកិច្ចរបស់ខ្លួនទៅ សាមណេរ ខៀវ ជុំ នៅបានធ្វើជាគ្រូបង្រៀនអក្សរ និង លេខនព្វន្តដល់កុលបុត្រខ្មែរប្រមាណជា៨០នាក់ផង ។ នៅក្នុងវត្តសេដ្ឋីនេះ សាមណេរខៀវ ជុំ ជាប្រធានធម្មសភានៃ ការសន្ទនាធម៌ និង ជាទីប្រឹក្សានៃគណៈបេសកកម្មធម្មទូតទៅវត្តអន្លង់តាសេក ជាភូមិកំណើតរបស់លោក ។
ព.ស ២៤៦៩, គ.ស ១៩២៦ នៅពេលមានអាយុ១៩ឆ្នាំ សាមណេរ ខៀវ ជុំ បាននិមន្តទៅបន្តការសិក្សានៅវត្តលង្កា នាទីក្រុងភ្នំពេញ ប៉ុន្តែពុំមានសាលាត្រឹមត្រូវទេ គឺត្រូវស្វែងរកគ្រូដោយខ្លួនឯង ហើយក៏និមន្តទៅសិក្សាដល់ផ្ទះគ្រូ ឬ សិក្សានៅតាមកុដិ ។ ជីវភាពប្រចាំថៃ្ងគឺត្រូវ ពឹងលើការបិណ្ឌបាត្រ ហើយជួនកាលក៏មានអាហារគ្រប់គ្រាន់ ជួន កាលក៏មិនឆ្អែត ហើយទឹកអាចប្រើប្រាស់បានតែ៥-១០លីត្រ ក្នុង១ថៃ្ង ។ ពេលអាពាធ (មានជំងឺ) មិនមានពេទ្យ ឬ ថ្នាំត្រឹមត្រូវសម្រាប់ព្យាបាល ចំណែកទីស្នាក់នៅ ក៏តូចអាចក្រាលបានតែកន្ទេលតូចមួយប៉ុណ្ណោះ ។ ប៉ុន្តែឧបសគ្គទាំងនេះ មិនមែនជាឧបសគ្គដល់ការស្រលាញ់ចំណេះវិជ្ជានៃសាមណេរ អនាគតសមណៈបញ្ញវន្តយើងឡើយ ។
ថៃ្ងសុក្រ ១១កើត ខែផល្គុណព.ស២៤៧១ ត្រូវនឹងថៃទី១៩ ខែកុម្ភៈ គ.ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិខិត ល្វី ឯម ជាព្រះឧប្បជ្ឈាយ៍ ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិលោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើមមានប្រាកដក្នុងលោកចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។
ភិក្ខុធម្មបាល បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិកបឋមសិក្ស បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែសម័យនោះពុំមានការប្រឡងទេ ។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ ក៏បង្ខំចិត្តផ្អាក ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញបត្រ ឬ វិញ្ញបនបត្រឡើយ ។ លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេចចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្តគោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង ត្រឡប់មកបង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា ក្រុងភ្នំពេញវិញចំនួន១ឆ្នាំទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
ចាប់ពី គ.ស ១៩៤២ ក្នុងពេលដែលមានភាពមិនប្រាកដប្រជានៃអំណាចអាណាព្យាបាលបារាំង និង កងទ័ពជប៉ុននៅក្នុងប្រទេសកម្ពុជា ភិក្ខុធម្មបាល រួមជាមួយអ្នកស្នេហា និង ព្រួយបារម្ភពីវប្បធម៌ជាតិមួយចំនួនទៀតមាន លោកគ្រូអាចារ្យ ហែម ចៀវ ជាដើមបានមូលគំនិតចាប់ផ្តើមនាំគ្នារៀបចំសរសេរចងក្រងសៀវភៅជា ភាសាជាតិមានសៀវភៅវេយ្យាករណ៍ជាដើម ។
រក្សាព្រៃគង់ មិនភ័យរឿងខ្វះអុសដុត !
ពេលកងទ័ពសម្ពន្ធមិត្តចូលមកធ្វើការទំលាក់អំណាចជប៉ុន (គ.ស ១៩៤៥) នោះ ពួកគេក៏បានចាប់ជនជាតិខ្មែរជាច្រើនដែលក្នុងនោះមានទាំងពួកអ្នកដែល ធ្លាប់គិតគូរ អំពីវប្បធម៌ជាតិដែលជាក្រុមរបស់លោកផង ។ ពេលនោះ ភិក្ខុធម្មបាល បានសម្រេចចិត្តភៀសខ្លួនទៅនៅខេត្តបាត់ដំបង ហើយបន្តទៅលាក់ខ្លួននៅប្រទេសសៀម ។ គ្រាប់ស្លែងទោះយកទៅដាំនៅទីណាក៏នៅមានជាតិល្វីង ចំណែកអំពៅទោះដាំនៅទីណាក៏នៅរក្សាជាតិផ្អែម ។ ភិក្ខុភៀសខ្លួន ធម្មបាល ទោះនៅក្រៅមាតុភូមិហើយក្តីក៏គំនិតស្នេហាវប្បធម៌មិនបាត់បង់ដែរ ។ លោកនៅបន្តសរសេរសៀវភៅជាភាសាជាតិ និង ប្រមែប្រមូលចងក្រងឯកសារទាក់ទិននឹងអក្សរសាស្ត្រជាតិដែលមាននៅក្នុង ប្រទេសសៀមទាំងមូល ។ ក្រៅពីនេះទៅ ធម្មបាល តែងតែបានដាស់តឿនរំលឹកស្មារតីគ្រប់និន្នាការ (អ្នកនយោបាយនានា និង ខ្មែរឥស្សរៈ ) អោយគិតគូរដល់វប្បធម៌ដ៏ពិតប្រាកដរបស់ខ្លួន និង ព្រះរាជបល្ល័ង្កដ៏បរិសុទ្ធរបស់ជាតិ ។
គ.ស ១៩៤៩ ភិក្ខុធម្មបាល បានត្រឡប់ចូលមាតុប្រទេសវិញ ជាមួយឯកសារអក្សរសាស្ត្រដែលលោកខំស្រាវជ្រាវ ប្រមែម្រូល និង សៀវភៅ ដែលលោកសរសេរកាលរស់នៅប្រទេសសៀម ។
“វប្បធម៌របស់ជាតិក្នុងពេលនេះ ត្រូវពឹងលើព្រះគុណហើយ”
ឃ្លានេះ លោក អ៊ាស៊ីចូវ ជាកូនសិស្សរបស់ភិក្ខុធម្មបាលកំពុងសិក្សាពីលោកមិនទាន់ចប់ បានចេញទៅនៅប្រទេសសៀម ដើម្បីចូលរួមនយោបាយជាមួយខ្មែរឥស្សរៈ ប្រើដើម្បីអង្វលោកអោយនិមន្តទៅគង់នៅប្រទេសសៀមដើម្បីបានជាគ្រូ ខាងអក្សរ និង ភាសាខ្មែររបស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ បាននិមន្តទៅនៅប្រទេសសៀមម្តងទៀតហើយនៅគ.ស ១៩៥២ ដោយស្នាក់នៅជាមួយពួកអ្នកនយោបាយ ។ គ.ស ១៩៥៤ ភិក្ខុធម្មបាលបានវិលត្រឡប់មកមាតុភូមិវិញ ហើយទទួលបានការចោទប្រកាន់ថា លោកជាសង្ឃធ្វើនយោបាយ ។ ក្រោយពីបានពិចារណារួចមក លោកក៏បានឆ្លងផុតការចោទនេះវិញ ដោយសារមានការជួយសម្របសម្រួលពីសំណាក់ព្រះធម្មលិខិត ល្វី ឯម ដែលជាព្រះឧប្បជ្ឈាយ៍របស់លោក ហើយលោកក៏បានគង់នៅក្នុងវត្តលង្កា នាទីក្រុងភ្នំពេញ ។
នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក ព្រះភិក្ខុធម្មបាលបានសរសេរថា លោកមិនពូកែសំដែងធម៌ទេសនាទេ ប៉ុន្តែលោកចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យហ៊ិន-គួយ សព្វថៃ្ង (ខែមករា ២០១០) មានទីលំនៅនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាអ្នកធ្លាប់ស្គាល់ភិក្ខុធម្មបាលច្បាស់បាននិយាយថា លោកមានចរិតជាមនុស្សមិនសូវរវល់ពីរឿងលាភសក្ការៈ និង ឋានៈ ទេ ហើយរាល់ការសំដែងធម៌របស់ លោកទៀតសោតច្រើនតែបកស្រាយពន្យល់ដល់ពុទ្ធបរិស័ទ្ធ សិស្សគណ អោយស្គាល់អំពីតួនាទីរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋចំពោះ ប្រទេសជាតិ ហើយក៏តែងតែទទួលបានការតាមស្តាប់ឱវាទរបស់លោកពីសំណាក់ពួកនិស្សិត និង មន្ត្រីរាជការយ៉ាងច្រើនកកកុញ ។
ក្នុងកម្រងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកនេះដែរ ភិក្ខុធម្មបាលបានសរសេរថា “ការនិពន្ឋ ធម្មបាល ស្រលាញ់ជាងការណាៗទាំងអស់ យកចិត្តទុកដាក់ក្នុងការនេះណាស់ តែជីវិតមានឧបសគ្គច្រើនពេក មិនអាចធ្វើខ្លួនអោយពេញលេញជាអ្នកនិពន្ឋខ្ពង់ខ្ពស់បានទេ” ។
សៀវភៅដែលជាសមិទ្ធិផលសំខាន់ៗរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ
១- ល័ខវិជ្ជារាជការ
២- បញ្ហាជីវិត
៣- សំវេគធម៌
៤- ត្រៃលក្ខណ៍
៥- កម្ពុជវេយ្យាករណ
៦- បញ្ហាអនាគត
៧- បញ្ហានរក-សួគ៌
៨- សីលធម៌សាកល
៩- ជីវិតគ្រប់លក្ខណ៍
១០- ពិភពលោកភាសិតឬ ភាសិតសកល
១១- ទានទស្សនៈ
១២- និព្វានទស្សនៈ
១៣- វេយ្យាករណ៍យើង
១៤- ត្រៃចរិយា
១៥- ជីវិតទស្សនៈ
១៦- វិញ្ញាណទស្សនៈ
១៧- គូមិត្តឥទ្ធិបាទ
១៨- ពុទ្ធវិទ្យារៀងបុណ្យ-បាប (ជីវិតសន្តិភាព ជីវិតសាងខ្លួនឯង និង ចិត្តវិទ្យាសង្គម ជីវិតឈ្នះលោក )
១៩- សកលចិន្តា
ប្រភព៖ http://www.cen.com.kh
No comments:
Post a Comment