កូនអើយកាលម្ដាយនៅពីក្មេង និងឪពុកឯងសែនវេទនា
ខំប្រឹងចិញ្ចឹមកូនពុំងា ឥឡូវក្លាយជាមនុស្សឥតន័យ។
ចិត្តចង់រៀនសូត្រនូវធម៌អាថ៌ រក្សាសីលប្រាំសីលប្រាំបី
ជាប់ចិត្តនឹងកូនស្ងួនពិសី រៀនធម៌វិន័យមិនចេះចាំ។
កម្មក្រាស់ណាស់នឹងតណ្ហា មាតាបិតាប្រាថ្នាចេះខ្លាំង
ចង់បានភោគទ្រព្យដោយកម្លាំង ទុកគ្រាន់ចែកកេរ្ដិ៍កូនប្រុសស្រី។
អោយកូនរៀនសូត្របានចេះដឹង មិនអោយល្ងិចល្ងង់ក្នុងលោកីយ៍
រៀបគូភរិយានិងស្វាមី តាមច្បាប់វិន័យពីបុរាណ។
នឹកសង្ឃឹមថាខ្លួនចាស់ទៅ រំពឹងទៅលើកូនកល្យាណ
ថាមុននឹងជួយខ្លួនវិញបាន ក៏សម្រាណប្រាណភ្លេចអាត្មា។
លុះដល់ខ្លួនចាស់កម្លាំងស្រុត ទើបបានតក់ស្លុតនឹងសង្ខារ
ក៏ចាប់តាំងរៀនសូត្រធម៌អាថ៌ ឯរូបកាយាដេកដួលហើយ។
រំពឹងទៅលើកូនប្រុសស្រី បានប្រពន្ធប្ដីធ្វើព្រងើយ
គេខំរកស៊ីធ្វើកន្ដើយ ព្រះអើយនេះហើយគួរអនិច្ចា។
កូនអើយនេះហើយកម្មឪពុកម្ដាយ ស្មានថារូបកាយមានខ្លឹមសារ
គ្មានធម៌អនិច្ចំនិងទុក្ខា ឥឡូវនេះណាជរាហើយ។
ព្យាធិចុកចាប់សព្វរាងកាយ ធ្វើអោយរូបម្ដាយចុកគ្រាំគ្រា
ពុំមានធម៌ណាមកភាវនា កាលខ្លួននៅជាធ្វេសប្រហែស។
រំពឹងអាចារ្យអោយពុទ្ធោ ត្រចៀកក៏ហឹងស្ដាប់មិនច្បាស់
ខ្លួនឯងមិនដែលយល់ធម៌ព្រះ ទោះជាលឺច្បាស់ថាមិនត្រូវ។
មិនបានហាត់កាយវាចាចិត្ត អោយបានសុចរិតទៅតាមផ្លូវ
មុននឹងមរណៈខ្ញុំសូមផ្ដាំ ប្រុសស្រីចងចាំស្ដាប់អោយច្បាស់
ជរាព្យាធិនិងមរណៈ គេមិនបញ្ចាក់សូរចិត្តឡើយ។
រុករាណទន្ទ្រានយករាល់ថ្ងៃ គួរខំកែខៃពុំពង្រើយ
ធ្មេញបាក់សក់ស្កូវអស់ទៅហើយ ម្ដេចឡើយនៅតែមិនដឹងខ្លួន។
គួរតែធ្វើទានរក្សាសីល ភាវនាកុំខ្ជិលអោយមាំមួន
កុំធ្វើដូចខ្ញុំៗខុសខ្លួន ព្រោះតែកូនស្ងួនទាំងស្រីប្រុស។
ខ្ញុំសូមផ្ដែផ្ដាំចាំអោយច្បាស់ នូវធម៌ត្រៃលក្ខណ៍ជាវិន័យ
អនិច្ចំមិនទៀងរៀងរាល់ថ្ងៃ ទុក្ខអ្វីៗទុក្ខឥតស្បើយ។
អនត្តាប្រែថាមិនមែនខ្លួន ពិតជាមិនមែនខ្លួនយើងឡើយ
បើរបស់ខ្លួនឃាត់បានហើយ ម្ដេចឡើយមិនស្ដាប់បង្គាប់យើង។
ថាតែប៉ុណ្ណោះបាត់ស្មារតី ធាតុក្ដៅចេញផុតដល់ចុងជើង
ឯកូនប្រុសស្រីឆោឡោឡើង ឪពុកម្ដាយយើងគាត់ស្លាប់ហើយ។
ស្ដាយអើយសែនស្ដាយគាត់ស្លាប់ទៅ កូនចៅមិនទាន់បានដឹងគុណ
មាតាបិតាមានគុណធ្ងន់ រកអ្វីប្រៀបផ្ទឹម ស្មើពុំបាន។
នេះៗកូនចៅជួបជុំគ្នា កូនសូមវន្ទាលាទោសហើយ
កាលលោកនៅរស់ខ្ញុំកន្ដើយ ពោលពាក្យសំដីមិនសមរម្យ។
អញ្ជើញងួតទឹកណាអ្នកម្ដាយ កូនសំអាតកាយដោយដៃខ្លួន
ឡើងព្រះស្ថានបានសមសួន កូនសូមធ្វើទានជួនទៅអ្នក។
មានភ្លេងពិណពាទ្យដូរ្យតន្ដ្រី សាដកសង្ឃាដីនិងភេសជ្ជៈ
បង្អែមចង្អាបលើកឡើងដាក់ ចំពោះព្រះភក្ដ្រព្រះសង្ឃត្រៀបត្រា។
នេះហើយថាអ្នកចេះធ្វើបុណ្យ តបគុណមាតានិងបិតា
មាននំចំណីម្ហូបអាហារ ជួនគាត់ពិសាទាន់នៅរស់។
ឥឡូវគាត់ស្លាប់បាត់ហើយ កូនចៅខាងក្រោយធ្វើផ្ញើទៅ
មិនដឹងកន្លែងដែលគាត់នៅ មិនដឹងថាដល់ឬមិនដល់។
ឥឡូវនេះខ្ញុំខុសហើយ បងប្អូនខាងក្រោយកុំងឿងឆ្ងល់
មា្ដយឪពុកនៅរស់ត្រូវផ្ដល់ នេះជាកុសលយើងឃើញពិត។
ខ្ញុំនេះជាកូនអកតញ្ញូ តស៊ូត្រាម្ដាយអស់ជីវិត
កាលគាត់នៅរស់ខ្ញុំឥតគិត ញាតិមិត្តកុំយកតម្រាប់ខ្ញុំ។
បានចុះផ្សាយក្នុង កំណាព្យ
No comments:
Post a Comment