Tuesday, December 24, 2013

ឧកញ៉ា​សុត្តន្តប្រីជា​ឥន្ទ​

មាន​អ្នកព្រៃ​ចង្រៃ​ឥត​គំនិត
ទៅ​សំលៀងកាំបិត​គ្រឿង​ប្រហារ​
ឲ្យ​ខូង​ខូចខាត​សាច់​បង់​អសារ​
មិន​ស្តាយ​ការ​ស្នាដៃ​បុរាណ​សោះ ។​
ឱ​តោ​អើយ​តោ​ឈរ​មិន​មើល​មៀង
មក​ឲ្យ​គេ​សំលៀង​ខ្នង​តោ​ចុះ​
ម្តេច​មិន​ខឹង​ខាំ​វា​សំលៀង​នោះ
ឲ្យ​វា​លុះ​ក្តី​មរណ៍​យក៍​វា​ទៅ​” ។​
3


ខាងលើនេះ​ជា​កថាខណ្ឌ​នៃ​កំណាព្យ​ដ៏​ល្បីល្បាញ ដកស្រង់​ចេញពី​អត្ថបទ​កំណាព្យ “​និរាស​នគរវត្ត​” របស់​ឧកញ៉ា​សុ​ត្ត​ន្ត ប្រីជា​ឥន្ទ ហើយ​មិនមែន​មានតែ “ និរាស​នគរវត្ត ” មួយ​នេះ​ទេ លោក​ឧកញ៉ា​មាន​បទ​និពន្ធ​ជាច្រើន ជាពិសេស​មនុស្ស​ខ្មែរ​គ្រប់រូប​ក៏បាន​ស្គាល់​រូបលោក​តាមរយៈ​ស្នាដៃ “ គតិ​លោក ” ដ៏​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ។​
លោក លី ធា​ម​តេង បាន​កត់ត្រា​នូវ​ជីវប្រវត្តិ​របស់​អ្នកនិពន្ធ​ខ្មែរ​ល្បីៗ​មួយចំនួន​តាំងពី សម័យអង្គរ​រហូតមក​ដល់​សម័យមុន​ឆ្នាំ​១៩៧៥, ក្នុងនោះ​លោក​រៀបរាប់​អំពី​ឧកញ៉ា​សុ​ត្ត​ន្ត​ប្រីជា​ឥន្ទ​ថា មុនពេល​ទទួល​គោ​រម្យ​ងារ​ជា “ ឧកញ៉ា​សុ​ត្ត​ន្ត​ប្រីជា ” ម្ចាស់​វណ្ណ​កម្ម “ គតិ​លោក ” មានឈ្មោះ​ពី​កំណើត​ថា “ ឥន្ទ ” ។ លោក​កើត​នៅ​ភូមិ​រកា​កោង ខេត្ត​មុខកំពូល (​ខេត្តកណ្តាល​សព្វ​ថៃ្ង​) នៅ​ថៃ្ង​ច័ន្ទ ខែ​អាសាធ ឆ្នាំវក ពុទ្ធសករាជ​២៤០៣, ត្រូវ​នឹង​ថៃ្ង​ទី​២២ ខែកក្កដា ឆ្នាំ​១៨៥៩ មាន​មាតា​ឈ្មោះ មុំ បិតា ឈ្មោះ​បញ្ចង់​កែ ។ ក៏ប៉ុន្តែ​បុព្វ​ជន​ប្រកបដោយ​ទេពកោសល្យ​រូបនេះ​មាន​ព្រះជន្ម​ត្រឹមតែ ៦៥​ឆ្នាំ​ប៉ុណ្ណោះ ។​
លោក ឥន្ទ បាន​ចូលរៀន​នៅ​អាយុ ១០​ឆ្នាំ ដែល​នា​សម័យ​នោះ ការ​បាន​ចូលរៀន​ក្នុង​អាយុ​នេះ​គឺ​លឿន​ណាស់​ទៅហើយ ហើយ​លោក​បាន​រៀន​ប្រែ​ព្រះ​ត្រៃបិដក នៅ​អាយុ​១៥​ឆ្នាំ ដោយ​បួស​ជា​សាមណេរ​មួយ​វស្សា​នៅ​វត្ត​ព្រែក​ពោធិ៍ ។ ក្រោយមក​លោក​បាន​ចាក​ភេទ​សាមណេរ​ទៅ​រៀន​នៅ​ស្រុក​ព្រះ​ត្រពាំង ហើយ​នៅ​អាយុ ១៨​ឆ្នាំ បានមក​រៀន​នៅ​សំណាក់​លោកគ្រូ​ព្រះ​ពុទ្ធឃោសាចារ្យ​ប្រាក់ ក្នុង​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ។​
បន្ទាប់ពី​រៀន​នៅក្នុង​សំណាក់​លោកគ្រូ​ព្រះ​អាចារ្យ​នៅ​វត្ត​កែវ ខេត្តបាត់ដំបង​បាន​មួយឆ្នាំ​, នៅ​អាយុ ២០​ឆ្នាំ លោក​បាន​បួស​ជា​ភិក្ខុ​នៅ​ទីនោះ​មួយ​វស្សា ទើប​លា​ព្រះ​ឧបជ្ឈា​យា​ចា​រ្យ​ទៅ​រៀន​នៅ​បាងកក​អស់​រយៈពេល ៧​ឆ្នាំ ក៏​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ហើយ​បន្ត​បួស​នៅ​វត្ត​កណ្តាល ស្រុក​បាត់ដំបង​រយៈពេល ១០​ឆ្នាំ​ទៀត រហូត​ទាល់តែ​អាយុ ៣៧​ឆ្នាំ ទើប​លាចាក​សិក្ខាបទ និង​មាន​ភរិយា​នៅ​ភូមិ​ឈ្វា​ធំ ខេត្តបាត់ដំបង​នោះ​តែម្តង ។ ជារួម​លោក​ឧកញ៉ា​បាន​ចំណាយពេល​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ព្រះពុទ្ធសាសនា​អស់ រយៈពេល​ជិត ២០​ឆ្នាំ​ឯណោះ ។​
ជា​បន្តបន្ទាប់ លោក ឥន្ទ បាន​តែង​និពន្ធ​នូវ​ស្នាដៃ​ជាច្រើន ទាំង​ជា​បាលី ទាំង​ជា​ខ្មែរ​ដោយ​កាព្យ​ផង ដោយ​សម្រាយ​ផង រួមមាន ៤៤​ស្នាដៃ ហើយ​អាស្រ័យ​ដោយ​ការ​តែង​និពន្ធ​នោះ បានធ្វើ​ឱ្យឈ្មោះ​លោក​ល្បី​រន្ទឺ​ដល់​រាជការ​ក្រុងភ្នំពេញ ។​
នៅ​អាយុ ៥៥​ឆ្នាំ លោក​បាន​ចូលមក​ធ្វើការ​នៅ​ពុទ្ធ​សាសន​បណ្ឌិត​ខាង​តែង​វចនានុក្រម និង​ផ្ទៀងផ្ទាត់​គម្ពីរ​ដីកា ហើយ​រាជការ​ក្រុងភ្នំពេញ បានផ្តល់​ងារ​ជា “ ឧកញ៉ា​សុ​ត្ត​ន្ត​ប្រីជា ” ចាប់ពីពេលនោះ​មក ដើម្បីឱ្យ​លោក​ជួយ​តែង​សព្វវចនាធិប្បាយ​ខ្មែរ​នៅ​សាលា​បាលី ។ នៅ​អាយុ ៦៥​ឆ្នាំ លោក​បាន​លា​រាជការ​វិល​មក​នៅ​ស្រុក​បាត់ដំបង​វិញ ។ លុះ​ថៃ្ង​អាទិត្យ ១២ កើត ខែ​ក​ក្តិ​ក ឆ្នាំជូត ឆស័ក លោក​បានទទួល​អនិច្ចកម្ម​នៅវេលា​ម៉ោង ៨​ព្រឹក ត្រូវ​នឹង​ថៃ្ង​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩២៤ ក្នុង​ជន្មាយុ ៦៥​ឆ្នាំ​នោះ​តែម្តង ។​
តាម​កំណត់ត្រា​របស់​ពុទ្ធ​សាសន​បណ្ឌិត ស្នាដៃ​ល្បីៗ​របស់លោក​ឧកញ៉ា​រួមមាន​:
១- គតិ​លោក ឬ​ច្បាប់​ទូន្មាន​ខ្លួន (១០​ភាគ​)
២- កាព្យ​និរាស​អង្គរ ឬ​និរាស​នគរវត្ត​
៣- រឿង “ អំបែង​បែក ” (​សាស្ត្រា​ស្លឹករឹត​)
៤- បឋមសម្ពោធិ (​ជា​ក្រាំង​)
៥- លោកនីតិ​បក​រណ៍ (​ពាក្យកាព្យ​)
៦- សុភាសិត​ច្បាប់ស្រី​
៧- ក្បួន​មេកាព្យ​
ក្នុងចំណោម​ស្នាដៃ​ទាំងអស់នេះ “ គតិ​លោក ” ឬ “ ច្បាប់​ទូន្មាន​ខ្លួន ” បាន​បោះពុម្ព​នា​ពុទ្ធសករាជ​២៥០៨(១៩៦៥) ដោយ​ពុទ្ធ​សាសន​បណ្ឌិត​មាន​ភាពល្បីល្បាញ និង​មានការ​ទទួលស្គាល់​ជាទូទៅ​ច្រើនជាងគេ​ពី​សំណាក់​អ្នកសិក្សា​ខ្មែរ ជំនាន់​ក្រោយៗ ជាពិសេស​អ្នកសិក្សា​ពី​អក្សរសិល្ប៍ ។​
នៅក្នុង​សៀវភៅ “ គតិ​លោក ” ឬ “ ច្បាប់​ទូន្មាន​ខ្លួន ” ទាំង ១០​ភាគ មានរឿង​ខ្លីៗ​ជាច្រើន​បញ្ចូល​គ្នា ដែល​បង្ហាញ​ពី​ការអប់រំ​ទូន្មាន និង​បញ្ហា​គ្រប់​ប្រភេទ​ដែលមាន​ក្នុង​ដំណើរ​ជីវិត​មនុស្ស ។​
ជាការ​ពិត “ គតិ​លោក ” គឺជា​វណ្ណ​កម្ម​ដ៏​ធំ​សំបើម​របស់លោក​ឧកញ៉ា សុ​ត្ត​ន្ត​ប្រីជា​ឥន្ទ ក៏ប៉ុន្តែ​ដូច​បាន​ជំរាបជូន​ខាងលើ​កំណាព្យ “ និរាស​នគរវត្ត ” ក៏​ពោរពេញ​ទៅដោយ​ភាព​ទាក់ចិត្ត​សម្បើម​ខ្លាំង​ណាស់ដែរ​ក្រៅពី​បង្កប់​នូវ សិល្បៈ និង​មនោសញ្ចេតនា​លន្លង់លន្លោច អត្ថបទ​កាព្យ​នោះ​ក៏បាន​កត់ត្រា​ទុក​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​លក្ខណៈ​ភូមិ​ស្រា​ស្ត​នា​សម័យ​កាលនោះ​ផងដែរ ។ តួយ៉ាង​ដូចជា​កំណាព្យ​មួយ​កថាខណ្ឌ​ខាងក្រោម​នេះ​ជាដើម​បាន​បង្កប់​នូវ មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​បំផុត ។​
“ គន់​ចំបក់​ដូច​បង​ចំបែងចិត្ត           ចៅ​ដើម​ខ្វិត​ដូច​បង​មក​ខ្វែង​ចៅ​
ឱ​ដើម​សោក​ដូច​បង​មក​សោកសៅ        ដើម​ស្រឡៅ​នៅ​ស្រឡាញ់​ចេញ​ចោល​មក ” ។​
ស្នាដៃ​និពន្ធ​ទាំងអស់​របស់លោក​ឧក​ញ៉ា​បានបង្ហាញ​ឱ្យឃើញថា លោក​មាន​ទេព កោសល្យ​តែង​និពន្ធ ទាំង​បញ្ហា​ពុទ្ធចក្រ និង​អាណាចក្រ ពោល​គឺជា​តម្រូវការ​រ​បស់​មនុស្សលោក ជាពិសេស​ជនជាតិខ្មែរ​នា​សម័យ​កាលនោះ និង​សម័យកាល​ក្រោយមក ដែល​ចង់ដឹង​ជា​ចាំបាច់ ដើម្បី​រៀបចំ​ជីវិត​ប្រកបដោយ​សេចក្តីសុខ ។ អ្វីដែល​លោក​តែង​និពន្ធ​នោះ​ក៏​នៅតែមាន​តម្លៃ​សំរាប់​ការប្រតិបត្តិ ជាក់ស្តែង​រហូតមកដល់​ពេល​សព្វថ្ងៃនេះ​ផងដែរ ៕

No comments:

Post a Comment