ជាលទ្ធផលបានបង្ហាញថា ពួកគេទាំងនោះបានបញ្ចេញយោបល់ផ្សេងៗ គ្នាៗ ដោយបានផ្ដោតជាសំខាន់ទៅលើការអប់រំដែលស្ត្រីទាំងអស់ត្រូវតែរៀន សូត្រ ដើម្បីរួមចំណែកធ្វើឲ្យពិភពលោកផ្លាស់ប្តួរជាវិជ្ជមាន។
តាមរយៈភាពយន្តដែលគេហទំព័រ CNN បានចុះផ្សាយនេះ ស្ត្រីទាំងអស់ត្រូវតែចូលរួមឲ្យបានទូលំទូលាយក្នុងវិស័យអប់រំ ឬ អាចនិយាយម្យ៉ាងទៀតថា ខ្លួនត្រូវតែរៀនដើម្បីជំរុញឲ្យពិភពលោកផ្លាស់ប្ដូរតាមរយៈចំណុច សំខាន់ៗ ចំនួន៥ដូចខាងក្រោម។ តើចំណុចទាំងនោះមានអ្វីខ្លះ?
១ កុំបោះបង់ចោលក្តីប្រាថ្នារបស់អ្នក

ពី Meera Vijayann មកពីតំបន់ Sivakasi ភាគខាងត្បូងឥណ្ឌាបានឲ្យដឹងថា ភាពក្រីក្រគឺជាបញ្ហាដ៏ធំមួយដែលនាងប្រឈមមុខនៅពេលកន្លងមក។ ក៏ប៉ុន្តែនាងបានខិតខំជម្នះឧបសគ្គគ្រប់បែបយ៉ាងដោយមិនងាករេ ដើម្បីមានឱកាសទទួលបានការសិក្សារៀនសូត្រដូចស្ត្រីដទៃទៀត។ ចំណុចនេះ នាងចង់ផ្ដល់ដំបូន្មានដល់ស្ត្រីទាំងអស់នៅទូទាំងសកលលោកថា យើងមិនត្រូវភ័យខ្លាចនឹងការរៀនសូត្រនោះឡើយ ហើយយើងត្រូវរៀនហើយរៀនទៀតពីមនុស្សនៅជុំវិញខ្លួនយើង មិនថានៅក្នុង ឬក្រៅសាលានោះទេ។
២ ត្រូវគ្រប់គ្រងជោគវាសនាដោយខ្លួនឯង

Irene Moreno មកពីមិកស៊ិកវិញបានចាត់ទុកថា ការកំណត់ជោគវាសនាសម្រាប់អនាគតឲ្យខ្លួនឯងគឺពិតជារឿងសំខាន់ បំផុតសម្រាប់យើងម្នាក់ៗ។ នាងបានផ្ដល់ដំបូន្មានថា ការអប់រំធ្វើឲ្យយើងមានសិទ្ធិគ្រប់គ្រាន់សម្រាប់ជ្រើសរើស ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ បើគេអាចធ្វើបាន យើងក៏អាចធ្វើបានដូចគ្នាដែរ។ យើងអាចបាត់បង់អ្វីៗគ្រប់បែបយ៉ាងបាន តែចំណេះដឹង គឺជារ៉ែមាសដែលមិនចេះរីងស្ងួតមួយ ស្ថិតនៅជាមួយយើងគ្រប់ពេល។
៣ ធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត

Niena Sevilla មកពីហ្វីលីពីនវិញបានផ្ដល់ដំបូន្មានទៅស្ត្រីទូទាំងពិភពលោកថា ការអប់រំវាមិនអាស្រ័យលើកម្រិតសញ្ញាប័ត្រដែលយើងទទួលបាននោះឡើយ។ អ្វីដែលសំខាន់នោះគឺថា តើយើងម្នាក់ៗអាចប្រែក្លាយក្ដីសុបិនរបស់យើងឲ្យក្លាយជាការពិតបាន ដែរឬអត់។ នាងចង់មានន័យថា បើយើងមិនអាចសម្រេចគោលដៅរបស់យើងបានទេ ទោះបីជាមានសញ្ញាប័ត្រកម្រិតណាក៏គ្មានប្រយោជន៍ដែរ។
៤ ត្រូវពុះពារតស៊ូជានិច្ច

មកពីប្រទេសហ្វីលីពីនដូចគ្នា Beatrice វ័យ១២ឆ្នាំបានផ្ទល់ដំបូន្មានថា ស្ត្រីទាំងអស់នៅជុំវិញពិភពលោកត្រូវតែតស៊ូ ដើម្បីក្រេបជញ្ជក់ចំណេះដឹង សម្រាប់កសាងអនាគតរបស់ខ្លួន។ នាងបានឲ្យតម្លៃថា មានតែការអប់រំតែមួយគត់ដែលអាចធ្វើអាចធ្វើឲ្យស្ត្រីមានចំណែកនៅ ក្នុងការចូលរួមអភិវឌ្ឍសង្គម និងពិភពលោកទាំងមូលបាន។ នាងបានពន្យល់ថា ការអប់រំនឹងធ្វើឲ្យស្ត្រីកាន់តែមានទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯងដើម្បីផ្លាស់ប្ដូរពិភពលោក។
៥ ត្រូវប្រកាន់គោលជំហររបស់ខ្លួន

Andrea Barr មកពីរដ្ឋ Illinois សហរដ្ឋអាមេរិកបាននិយាយថា មុននឹងក្លាយជាអ្នកគ្រូបង្រៀនអាជីពហែលទឹកម្នាក់ដូចពេលនេះ ក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់នាងជាច្រើន បានផ្ដល់ដំបូន្មាននាងឲ្យបោះបង់ការងារនេះ។ ក៏ប៉ុន្តែជាមួយនឹងការតាំងចិត្តនិងគោលជំហរដ៏រឹងមាំ Andrea មិនបានបោះបង់គោលដៅនេះឡើយ ហើយទីបំផុតនាងអាចសម្រេចវាបានដោយជោគជ័យ។ នាងចង់ប្រាប់មនុស្សម្នានៅជុំវិញពិភពលោកថា សូមកុំធ្វើរឿងដែលអ្នកមិនអាចធ្វើបាន តាមការណែនាំរបស់អ្នកដទៃ។ យើងត្រូវធ្វើអ្វីដែលយើងពេញចិត្ត និង បានជ្រើសរើស ហើយទីបំផុតយើងនឹងទទួលបានភាពជោគជ័យពីការប្រកាន់គោលជំហរដ៏ ស្វិតស្វាញនេះ៕
តើលោកអ្នកអាចរកឃើញចំណុចណាផ្សេង ក្រៅពីនេះដែរឬទេ?
ប្រភពៈ http://www.sabay.com.kh
No comments:
Post a Comment