ព័ត៌មានបុគ្គល និងការសិក្សា
លោក ស៊ី ជីនភីង កើតក្នុងឆ្នាំ ១៩៥៣ ក្នុងតំបន់ Fuping ខេត្ត សាន់ស៊ី ប្រទេសចិន (ឯកសារមួយចំនួនថា លោកកើត និងធំដឹងក្ដីនៅទីក្រុងប៉េកាំង ហើយតំបន់ Fuping គឺជាស្រុកកំណើតដូនតាប៉ុណ្ណោះ)។ លោក ស៊ី បានចូលបម្រើក្នុងគណបក្សកុម្មុយនិស្តចិន (CCP) ក្នុងឆ្នាំ១៩៧៤ និងទទួលការសិក្សាថ្នាក់ឧត្ដមសិក្សាផ្នែកវិស្វកម្មគីមីលើជំនាញ វិស្វកម្មគីមីសាស្ត្រនៃសាកលវិទ្យាល័យ Tsinghua នៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩។
ក្រៅពីនេះ លោក ស៊ីក៏បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតច្បាប់ពីវិទ្យាស្ថានមនុស្ស សាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យដដែលតាមរយៈការសិក្សាក្រៅ ម៉ោងពីចន្លោះឆ្នាំ ១៩៩៨-២០០២ ផងដែរ។ ការងារដំបូងរបស់លោកស៊ីគឺជា លេខាផ្ទាល់នៃមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនលោក Geng Biao ពីឆ្នាំ ១៩៧៩-១៩៨២។
បន្ទាប់ពីនោះលោកស៊ីបានផ្លាស់ប្ដូរតួនាទីជាច្រើនរួមមានជា អនុលេខាធិការ និងលេខាធិការនៃស្រុក Zhengding ខេត្ត Hebei (១៩៨២-៨៥) ជាអភិបាលរងស្រុក Xiamen ខេត្ត Fujian (១៩៨៥-៨៨) លេខាធិការបក្សកុម្មុយនិស្តចិនប្រចាំស្រុក Ningde (១៩៨៨-៩០) លេខាធិការបក្សប្រចាំក្រុង Fuzhou (១៩៩០-៩៦) អនុលេខាធិការបក្សប្រចាំខេត្ត Fujian (១៩៩៦-៩៩) អភិបាលខេត្ត Fujian (១៩៩៩-២០០២) អភិបាលខេត្ត Zhenjiang (២០០២) និងលេខាធិការបក្សប្រចាំខេត្ត Zhejiang (២០០២-២០០៧)។
នៅខែមីនា ឆ្នាំ២០០៧ លោកស៊ី ត្រូវបានដំឡើងតំណែងទៅជាលេខាធិការបក្សប្រចាំក្រុងសៀងហៃ។ មេដឹកនាំថ្មីរបស់ចិនត្រូវបានគេបោះឆ្នោតឲ្យជាប់ជាសមាជិកប្ដូរ វេនក្នុងគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តជាលើកដំបូងនៅក្នុង សមាជបក្សលើកទី ១៥ ដែលធ្វើឡើងនៅឆ្នាំ ១៩៩៧។
ជីវិតគ្រួសារ
លោក ស៊ី ជីនភីងគឺជាកូនប្រុសរបស់ លោក ស៊ី ចុងស៊ុន ដែលជាអតីតសមាជិកគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្ត្រីដែលជាស្ថាបនិកម្នាក់នៃតំបន់ សេដ្ឋកិច្ចពិសេសចិននាដើមទសវត្ស ឆ្នាំ១៩៨០។ លោកស៊ីត្រូវគេជឿជាក់ថា បានទទួលការជ្រោមជ្រែងខ្លាំងពីអតីតប្រធានាធិបតីចិន ជាំង ជឺមីន និងអនុប្រធានាធិបតី ចឹង ឈីងហុង។ ចំពោះជីវិតគ្រួសារវិញ លោក ស៊ី ធ្លាប់ឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ចំនួនពីរលើក។ ការរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាដំបូងលោកស្រី ឃឺ លីងលីង ដែលជាកូនស្រី អតីតអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសលោក ឃឺ ហ័រ នៅដើមទស្សវត្សឆ្នាំ ១៩៨០ ប៉ុន្តែមិនមានកូនឡើយ។ ក្រោយមក អ្នកទាំងពីរក៏បានសម្រេចចិត្តដើរផ្លូវរៀងៗខ្លួន បន្ទាប់ពីរៀបការជាមួយគ្នាបានប៉ុន្មានឆ្នាំ។
លោក ស៊ី និងភរិយា ទទួលបដិសណ្ឋារកិច្ចពីប្រធានាធិបតីតង់ហ្សានី Jakaya Mrisho Kikwete និងភរិយា
នាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់អាហ្វ្រិក
បន្ទាប់ពីនោះ លោកស៊ីបានរៀបការជាលើកទី២ ជាមួយភរិយាបច្ចុប្បន្នគឺ លោកស្រី ភឹង លីយាន នៅឆ្នាំ ១៩៨៧។ ការរស់នៅជាមួយគ្នា អ្នកទាំងពីរបានទទួលកូនស្រីម្នាក់ជាចំណងដៃ។ ភរិយារបស់លោកស៊ី គឺជាអ្នកចម្រៀងប្រជាប្រិយដ៏ល្បីល្បាញម្នាក់ក្នុងកងយោធារំដោះ ប្រជាជនចិន។ ដោយឡែក កូនស្រីរបស់លោក ស៊ី ជីនភីង គឺនាង ស៊ី មីងជឺ ពេលនេះកំពុងសិក្សានៅសាកលវិទ្យាល័យហាវដរបស់អាមេរិក។
ទស្សនវិស័យនយោបាយ និងគោលនយោបាយ
លោក ស៊ី ជីនភីង បានឡើងកាន់តំណែងអគ្គលេខាធិការបក្សកុម្មុយនិស្តចិនជំនួសអតីត ប្រធានាធិបតីទើបផុតអាណត្តិ ហ៊ូ ជិនតាវ នៅសមាជបក្សលើកទី ១៨ ចុងឆ្នាំ ២០១២។ លោក ស៊ី ត្រូវបានគេស្គាល់តាមរយៈយុទ្ធសាស្ត្រទីផ្សារដ៏ល្អសំដៅទៅរកការ អភិវឌ្ឍសេដ្ឋកិច្ច។
ក្រៅពីនេះ ប្រធានាធិបតីមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ២ ថ្មី បានបង្ហាញជំហរគាំទ្រយ៉ាងខ្លាំងក្លាទៅលើក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនដែលចូលហ៊ុនវិនិយោគជាមួយរដ្ឋាភិបាលឲ្យកាន់កាប់ វិស័យឧស្សាហកម្មធំៗរបស់ប្រទេស។ ងាកមកបទពិសោធន៍ក្នុងវិស័យយោធាវិញ លោក ស៊ី បានបង្ហាញភាពលេចធ្លោខ្លាំង តាមរយៈការកាន់កាប់តួនាទីជាលេខាផ្ទាល់រដ្ឋមន្ត្រីការពារប្រទេស តាំងតែពីចាប់ផ្ដើមការងារដំបូង។ គេជឿជាក់ថា លោកស៊ី ជីនភីង នៅតែបន្តកំណែទម្រង់នយោបាយបែបអភិរក្សរបស់ចិនដដែល។
លោក ស៊ីជីនភីង (ឆ្វេង) ចាប់ដៃជាមួយអតីតប្រធានាធិបតីចិន ហ៊ូ ជីនតាវ នាពិធីផ្ទេរតំណែង
ក្នុងសមាជប្រជាជនជាតិប្រចាំឆ្នាំកន្លងទៅ
ក្នុងពិធីបិទសមាជប្រជាជនជាតិប្រចាំ ឆ្នាំកាលពីកន្លះខែកន្លងទៅ ប្រធានាធិបតីវ័យ ៥៩ ឆ្នាំបានជំរុញឲ្យមានការរួបរួមគ្នាជាធ្លុងមួយ ចំពោះប្រជាជនចិនទាំងមូល។ លោក ស៊ីក៏បានព្រមានដល់យោធាចិនឲ្យប្រឹងពង្រឹងសមត្ថភាពយោធាយកឈ្នះ គ្រប់សមរភូមិ ដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិ។ ក្រៅពីនេះ លោកក៏បានលើកទឹកចិត្តឲ្យមន្ត្រីចិនកាត់បន្ថយការចំណាយខ្ជះខ្ជាយ និងចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕
ប្រភព៖ sabay.com.kh
No comments:
Post a Comment