Tuesday, December 24, 2013

ល្បិចទល់មេឃ៩៖ត្រីងៀតឆ្លៀតពង


ភ្លើងឆេះឆ្លៀតឆក់ប្លន់(ឬត្រីងៀតឆ្លៀតពង) មានមធ្យោបាយពីរបែបមួយគឺ ឆ្លៀតភ្លើងកំពុងតែឆាបឆេះ
ធ្វើការឆក់ប្លន់ មួយទៀតគឺ ដុតភ្លើងឲ្យឆេះជាមុន ទើបធ្វើការឆក់ប្លន់តាមក្រោយ។ ឆ្លៀតឱកាសភ្លើង
កំពុងតែឆាបឆេះ ហើយធ្វើការឆក់ប្លន់ គឺឆ្លៀតពេលដែលអ្នកដទៃកំពុងជួបគ្រោះអាសន្ន ទៅស្វែងរក
លាភឬហៅថា៖ ត្រីងៀតឆ្លៀតពង ចំណែកដុតភ្លើងឲ្យឆេះជាមុន ហើយធ្វើការឆក់ប្លន់តាមក្រោយ គឺជា
អំពើដែលប្រព្រឹត្តផ្ទាល់ដៃ ខ្លួនជាចោរ ហើយស្រែកឲ្យគេជួយចាប់ចោរ ដើម្បីសម្រេចនូវគោលបំណង
ឆក់ប្លន់របស់ខ្លួន។
មិនថា(ឆ្លៀតពេលភ្លើងឆេះ) ឬក៏(ដុតភ្លើងឆេះ) គឺមានគោលបំណងដូចគ្នា គឺឆក់ប្លន់អ្នកដទៃ ដើម្បីបំពេញ
តម្រូវការខ្លួន។ ឆ្លៀតពេលភ្លើងឆេះ បានន័យថា ៖ មិនមែនជាអំពើដែលប្រព្រឹត្តិផ្ទាល់ដៃ សកម្មភាពបែបបេះ
គឺឋិតក្នុងលក្ខណៈឆ្លៀតឱកាស ទង្វើឆ្លៀតឱកាស គឺពុំមែនជាអំពើរបស់កូនប្រុសឡើយ ចំពោះកូនប្រុស
ដើមទ្រូងប្រាំហត្ថ ធ្វើកិច្ចការអ្វីក៏ដោយ ត្រូវតែឈរលើជំហរម្ចាស់ការជានិច្ច។ ការរង់ចាំឲ្យអ្នកដទៃទៅបង្កើត
ឱកាសឲ្យខ្លួន វាមិនប្រសើរជាជាងការបង្កើតឱកាសឲ្យខ្លួន ដោយខ្លួនឯងនោះទេ ឬក៏ប្រើអ្នកដទៃទៅ បង្កើត
ឱកាសឲ្យខ្លួន។ និយាយរួម ដុតភ្លើងឲ្យឆេះ ឬឆ្លៀតពេលភ្លើងឆេះ តែងជាអំពើដែលយកផលប្រយោជន៍របស់ខ្លួន
ទៅកសាងនៅលើទុក្ខវេទនារបស់អ្នកដទៃជានិច្ច។
វីរៈបុរសក្នុងប្រវត្តសាស្រ្តចិន អ្នកដែលរាប់ថាពូកែខាងដុតភ្លើងគឺចាង‑យី អ្នកពូកែឆក់ប្លន់គួរតែដូច ខុង‑ម៉េង, ចាង‑យី
អាចរាប់ថា៖ ជា(សត្វអគ្គី) មួយជីវិតប្រព្រឹត្តរបស់គេ គឺពូកែខាងដុតរោល។ ដើម្បកំទេចផែនការ(សម្ព័ន្ធភាព) នគរទាំង
ប្រាំមួយ ចាង‑យី ឲ្យតែទៅដល់ទីណា ទីនោះពិតជាត្រូវតែមានភ្លើងឆេះ ចាង‑យី បោកប្រាសនគរឈី,ឆរ នគរឈូ,ភរ
នគរយាន,បំភ័យនគរចាវ,គំរាមនគរហាង,កុហកនគរឃួយ, គ្រាន់តែសំអាង លើ(អណ្តាតភ្លើង) របស់ខ្លួនប៉ុណ្ណោះ ធ្វើឲ្យ
ស្តេចនគរទាំងប្រាំមួយនេះ ឆេះឆ្ងៀមសក់រលួយមុខបរាជ័យ យ៉ាងជូរចត់។ បានជួយស្តេចឈីន ធ្វើការឯកភាពប្រទេសចិន
នាសម័យនោះ។

ខុង‑ម៉េង (ជូកឺលៀង) ពិតមែនតែត្រូវផ្តល់កេរ្តិ៍ឈ្មោះថាជាអ្នកនយោបាយដ៏កំពូល តែទុននយោបាយ នៃការចាប់ផ្តើម
របស់គាត់ គឺបានមកពីការ(ឆក់ប្លន់) ប៉ុណ្ណោះ។ ឆ្នាំនោះ ខុង‑ម៉េង ត្រូវ ចាវ­‑ឆាវ ដេញដល់ទីទាល់ ច្រកហើយក៏រត់ទៅ
ជ្រកកោនជាមួយស៊ុនឈាន បន្ទាប់មកបានអុចអាលឲ្យមានសង្រ្គាមភាគខាងត្បូងនិងភាគខាងជើង ហើយឆ្លៀតពេល
ដែលចូវ‑យី ដុតកំទេចឈឺពី(ទីក្រុងមួយ) និងពេលដែលចាវ‑ឆាវ កំពុងរត់ប្រាស់ អាយុ  ខុងម៉េង ក៏ឆ្លៀត  (ប្លន់)  យកខេត្ត
លី‑ចូវ, ឆាង‑សា, វូ‑ជីន, កួយ‑យ៉ាង, លីង‑ជីងា ។ល។   ធ្វើឲ្យចូវ‑យីង ខឹងដាច់ក្បាលដាច់កន្ទុយ។
ដូច្នេះយើងថា អំពើ(ឆ្លៀតឱកាសភ្លើងកំពុងឆេះដើម្បីឆក់ប្លន់) ពិតជាមធ្យោបាយដ៏ចាំបាច់ដែលអាចកសាង នឹងសម្រេច
កិច្ចការធំៗបាន។ រាប់ពាន់ឆ្នាំកន្លងទៅ ចាប់ពីរជ្ឋកាលចូវមក តើមានស្តេចអង្គណាដែលថា មិនពឹងលើការ(ប្លន់) ដើម្បី
កសាងរាជបល្ល័ង្គខ្លួននោះ? ប្លន់បានល្អ ក្លាយជាស្តេច ជាព្រះរាជា ប្លន់បែបល្លង់ខ្លៅ នឹងក្លាយជាជនក្បត់ ជាចោរព្រៃ
នេះហើយហៅថា ចាញ់ជាកញ្ជះ ឈ្នះជាចៅហ្វាយ គឺចង់ចង្អុលសំដៅលើលទ្ធផលនៃ សកម្មភាពឆក់ប្លន់នេះឯង។
ហេតុតែអ្នករៀនសូត្រ ស្លាប់មិនបានស្រណុក ពីព្រោះមកតែពីភ្នែករបស់គេភ្លឺថ្លាហួសហេតុ ទីនេះគ្មានពួកគេ អ្នកដែលប្លន់ធំ
និងមានកិត្តិយសធំ ដើម្បីទប់ទល់ នឹងការឆក់ប្លន់របស់អ្នកដ៏ទៃចំពោះខ្លួន ក៏ចេញច្បាប់ដើម្បីការពារប៉ុណ្ណោះ។ បើតាមពាក្យ
សំដីមួយឃ្លា ដែលសៀវប៉កណាក់និយាយបញ្ជាក់ គឹថា៖ ចក្រពត្តិនិយម អាចធ្វើអំពើល្អ តែក៏អាចធ្វើអំពើអាក្រក់ដែរ តែជានិច្ច
ជាកាលគឺមិនធ្វើអំពើឲ្យខុសនោះទេ ពីព្រោះទោះគេធ្វើកិច្ចការអ្វីក៏ដោយ តែងមានគោលការណ៍របស់វា គេវៃយើងដោយផ្អែក
លើគោលការណ៍ អាណានិគម! យល់នូវចំនុចអស់នេះ ពិតជាអាចយល់យ៉ាងច្បាស់នូវអត្ថន័យនៃពាក្យ (ឆក់ប្លន់) បានគ្រប់
គ្រាន់ហើយ។
(ប្រវត្តិពិត)         ឆ្នាំចុងក្រោយនៃរជ្ឋកាលម៉េង‑លីវ វាយសម្រុកចូលរាជធានី ស្តេចចុង‑ជិន បានចងករសម្លាប់ខ្លួននៅ
ភ្នំមៃសាន  លី‑ជឺសេង បានគ្រប់គ្រង និងប្លន់យករាជតំណាក់ រួចក៏តាំងខ្លួនថាជាស្តេច ចាប់បាន ឈឹង‑យានយាន ដែលជា
ប្រពន្ធរបស់មេទ័ពម៉េង ឈ្មោះអ៊ូ‑សានកួយ ព្រមទាំងគំរាមឪពុកអ៊ូ‑សានកួយ ឲ្យបញ្ចុះបញ្ចូល  អ៊ូ‑សានកួយ  ឲ្យចុះចាញ់ ។
អ៊ូ‑សានកួយ ជាមេទ័ពនគរម៉េងដ៏ល្បីល្បាញ ទទួលបញ្ជារការពារព្រំដែន ការពារការឈ្លានពានរបស់ពួកជនជាតិម៉ាន់(ដែល
យើងទម្លាប់ហៅថាម៉ានជូ) ថ្ងៃនេះទទួលបានសំបុត្ររបស់ឪពុក ដឹងថាទ័ពម៉េងទទួលការ បរាជ័យទៅហើយ ក៏មានបំណង
សុំចុះចាញ់ដែរ កំពុងតែសរសេរសាសុំចុះចាញ់ ស្រាប់តែ ឮសេនា ឆ្វេងស្តាំស្រែកប្រាប់ថា មានក្មេងមកពីរាជធានី។
សានកួយ ក៏ហៅឲ្យចូលមកជួបភ្លាម ហើយប្រញ៉ាប់សួរៈ
                ‑លី‑ជឺសេង  បានវាយចូលរាជធានី  តើផ្ទះសំបែងរបស់យើងយ៉ាងម៉េចហើយ?
                ក្មេងឆ្លើយៈ
                ‑ត្រូវរឹបអូសអស់ហើយ។
                សានកួយមិនចាប់អារម្មណ៍ទេ ក៏និយាយបន្តៈ
                ‑មិនអីទេ ចាំដល់ពេលយើងត្រឡប់ទៅវិញ គេនឹងប្រគល់ឲ្យយើងវីញហើយ ចុះឪពុកយើង គាត់យ៉ាងម៉េចដែរ?
                ‑ត្រូវឃុំខ្លួនហើយ? ក្មេងឆ្លើយ.
                ‑ក៏គ្មានបញ្ហាដែរ  ថ្ងៃក្រោយគង់តែត្រូវដោះលែងទេ ។
                សាន‑កួយនៅតែនិយាយរបៀបធម្មតាៈ
                ‑ចុះចំណែកប្រពន្ធយើងវិញ ?
សំនួរនេះក្មេងត្រូវសួរឲ្យភាំងតែម្តង នៅអេះអុញនិយាយមិនចេញ ឃើញសភាពបែបនេះ សានកួយក៏កើតការ សង្ស័យ
ហើយប្រញ៉ាប់សួរដេញដោលៈ
                ‑នាងយ៉ាងម៉េចហើយ  ឯងនិយាយមកចុះ  យើងមិនបន្ទោសឯងទេ ក្មេងក៏ប្រាប់ៈ
                ‑អ្នកស្រីត្រូវ លី‑ជឺសេង ដណ្តើមយកទៅបាត់ហើយ។        
                ‑អាថោកទាប! សានកួយបោះជក់ប្រូសទៅដី ទាញដាវចេញខ្វាកពោរពេញដោយកំហឹង កាប់ផូងឮសូ(ផែស)   ជ្រុងតុមួយត្រូវកាប់ឲ្យដាច់  រួចហើយក៏ស្រែកជេរតែម្តងៈ
                ‑គំនំធំបែបនេះ ម្តេចមិនសងសឹក? សម្លាប់ លី‑ជឺសេង មិនបានយើងពិតជាពុំមែនជាកូនប្រុសទេ។
                តាមកំហឹង សឹងថាទៅប្រយុទ្ធប្តូរស្លាប់រស់ជាមួយ លី‑ជឺសេង ភ្លាមតែម្តង តែដោយកម្លាំងខ្សោយ
ទ័ពនៅតិច ក៏មិនហ៊ានធ្វើអ្វីផ្តេសផ្តាស។
                ស្របពេលជាមួយគ្នានោះ ស្តេចស៊ុន‑ជឺ នៃនគរម៉ាន់ឆេង ទើបឡើងគ្រងរាជ្យ ដោយមូលហេតុ ទើបមាន
៧ព្រះវស្សា ដូច្នេះរាល់កិច្ចការតូចធំរបស់នគរ ត្រូវប្រគល់ឲ្យលោកម្ចាស់ តួ‑អឺអាយ ជាអ្នកសម្រេច តួ‑អឹអាយ ឃើញប្រទេសចិនមានសភាពច្របូកច្របល់ជាច្រើនឆ្នាំមកហើយ តែងមានបំណងចូលឈ្លានពាន តែទាស់ត្រឹមអ៊ូ‑សានកួយនៅការពារព្រំដែន ហេតុនេះ ក៏នៅសម្ងំស្ងៀមមិនហ៊ានធ្វើ អ្វីផ្តេសផ្តាស។
                ពេលនេះក្នុងចិត្ត អ៊ូ‑សានកួយ ប្រញ៉ាប់ចង់សងសឹកខ្លាំងណាស់ ក៏សំរេចចិត្តថា នឹងទៅខ្ចីកងទ័ពឆេង ឲ្យជួយ លែងខ្វល់ថាអ្នកណាជាមិត្តឬក៏ជាសត្រូវអីទៀតហើយ រួចក៏ចេញដំណើរទៅជួប តួ‑អឺអាយ ផ្ទាល់តែម្តង។ តួ‑អឺអាយសួរ៖
                ‑លោកមេទ័ពអញ្ជើញមកដោយផ្តាល់  តើមានកិច្ចការអីជួយណែនាំឬ?
 មិនឲ្យវែងឆ្ងាយទេ អ៊ូ‑សានកួយ និយាយត្រង់តែម្តងៈ
                ‑នគរម៉េង និងនគរឆេង ធ្លាប់រស់នៅដោយសុខសាន្ត ជាអ្នកជិតខាងគ្នាយូរយាណាស់មកហើយ
ឆ្នាំមួយនោះ នគរឆេងមានសង្រ្គាមផ្ទៃក្នុង នគរម៉េងក៏ធ្លាប់បានផ្តល់ទ័ពឲ្យជួយដែរ ពេលនេះនគរម៉េងជួបគ្រោះ
អាសន្ន ចោរព្រៃរាតត្បាតគ្រប់ទីកន្លែង រាជធានីត្រូវទទួលរងគ្រោះ ព្រះរាជាត្រូវធ្វើអត្តឃាត គំនុំនេះ មាន ទំហុំធំប៉ុនមេឃ  
តែពេលនេះនគរយើងនៅសល់ទ័ពតិច     បញ្ជាការក៏ខ្សត់ ចង់វាយបកទៅលើពួកចោរព្រៃវិញ តែគ្មានលទ្ធភាព
ដូច្នេះ សូមយល់ក្នុងនាមជានគរជិតខាង សូមលោកមេត្តាជួយផ្តល់ទ័ពឲ្យជួយផងចុះ។
                ឮសំដីបែបនេះ ពិតជាត្រូវចំនុចដែលខ្លួនគិត លួចសប្បាយក្នុងចិត្តឥតឧបមា គិតថា ពិតជាឱកាស ដែលមិនងាយនឹងជួប  ក្នុងចិត្តពិតមែនតែគិតបែបនេះ តែមាត់បែរជាបដិសេធ ជ្រួញចិញ្ចើមទើបនិយាយៈ
                ‑នគរលោកម្ចាស់កើតសង្រ្គាមផ្នៃក្នុង ក្នុងនាមនគរជិតខាងយើងគួរតែជួយ ប៉ុន្តែនគរយើងតូច កងទ័ព យើងតិច
យើងយល់ថា ពិតជាមិនអាចជួយអ្វីដល់លោកបានទេ ថាមិនត្រូវ ថ្ងៃក្រោយបែរជាត្រូវមានបញ្ហាចំពោះនគរ
ខ្លួនទៀតផង  រឿងនេះពិតជាគួរឲ្យសោកស្តាយណាស់  ព្រោះយើងមានបំណងជួយដែរតែគ្មានសមត្ថភាព។
អ៊ូ‑សានកួយនិយាយៈ
                ‑រឿងនេះ មិនចាំបាច់បារម្ភដល់ម្លឹងពេកទេ ពួកចោរព្រៃពិតមែនតែមានគ្នាច្រើន ច្រើនតែមនុស្ស តែមិនប្រយោជន៍ទេ  ឲ្យតែលោកយល់ព្រមផ្តល់ទ័ពជួយ  រឿងអីដែលថាមិនទទួលបានជោគជ័យ ។
                តែទោះជាយ៉ាងណាក៏ តួ‑អឺអាយ នៅតែមិនយល់ព្រមដែរ។ ទោះបីជា អ៊ូ‑សានកួយ អង្វរម្តងហើយ
ម្តងទៀតយ៉ាងណាក្តី តួ‑អឹអាយ នៅតែធ្វើមិនដឹងមិនឮ ជជែកពិភាក្សា ពិភាក្សាជជែក ថ្ងៃណាក៏មិនបាន
លទ្ធផល។ ដឹង អីតួ‑អឺអាយ បានរៀបចំទ័ពជាសម្ងាត់ ត្រៀមខ្លួនដើម្បីចេញប្រយុទ្ធជាស្រេចរៀបចំផែនការ
ប្រយុទ្ធបានចប់សព្វគ្រប់ហើយ  ទើបធ្វើបែបជាទើបភ្ញាក់រលឹកហើយ  ប្រាប់អ៊ូ‑សានកួយថា៖
                ‑បើលោកមេទ័ពមានសំណូមពរ ឲ្យជួយបែបនេះហើយ នគរយើងក៏មិនអាចមិនបង្ខំចិត្ត ទទួលយក
ការលំបាកនេះដែរ  យើងនឹងឲ្យទ័ពចេញជួយ។
                ‑អ៊ូ‑សានកួយ ឮនិយាយបែបនេះ សប្បាយចិត្តពេកក្រៃ អរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះតួ‑អឹអាយ
ដែលបានជួយផ្តល់ជំនួយនេះ ហើយក៏ប្រមែប្រមូលកងទ័ពដែលសេសល់របស់ខ្លួន រួមកម្លាំងគ្នាវាយសម្រុកចូល តាមច្រកព្រំដែន  សាន‑ហាយ  ហើយធ្វើដំណើរសំរុកទៅមុខតែម្តង។
                ធ្វើដំណើរមកដល់វាលថ្មមួយកន្លែង ក៏ទើបប្រទះប្រយុទ្ធជាមួយកងទ័ពក្បត់ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ
ក្នុងប៉ុន្មានប៉ុណ្ណោះ ក៏វាយសម្រុក ចូលដល់រាជធានី លី‑ជឺសេង ក៏បោះបង់រាជធានីចោល ហើយរត់គេចខ្លួន
កងទ័ពឆេងក័ដណ្តើមយកបានរាជតំណាក់ ហើយក៏តាំងខ្លួនធ្វើជាស្តេចតែម្តង ចាប់ពីពេលនោះមក ទឹកដីដ៏ល្អ ផូរផង់ត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាននាពេលនោះតែម្តង។
                បង្រ្កាបពួកចោរព្រៃអស់ហើយ កងទ័ពឆេង ក៏បង្វែរលំពែងមកចាក់សម្លាប់ទ័ពម៉េង និងមន្ត្រីម៉េងវិញម្តង
ធ្វើការសម្លាបរង្គាលនៅ យ៉ាងចូវ លាងឈាម នៅជាទីង ចំពោះមន្ត្រីម៉េងដេលសេសសល់ អ្នកដែលត្រូវទិញ
ទឹកចិត្ត គឺទិញទឹកចិត្ត អ្នកដែលត្រូវសម្លាប់ គឹសម្លាប់ ប្រជាជនចិនដែលជួបប្រទះភាពខ្លោចផ្សា និងពាក់លីជីវិត យ៉ាងសន្ធឹកសន្ធាប់នាសម័យនោះ ពិតជាមិនដែលមានក្នុងប្រវត្តិសាស្រ្តចិនកន្លងមកឡើយ៕

No comments:

Post a Comment