Monday, December 30, 2013

អាណាចក្រតារាឆ្នាំ២០១៣ មានពានអ្វីខ្លះ?

កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានពានសរុបទាំងអស់ចំនួន ៣៣ ដោយបានចែកចេញជា ៣ផ្នែកផ្សេងៗគ្នា រួមមាន ផ្នែកទូរទស្សន៍ ផ្នែកភាពយន្ត និងផ្នែកតន្ត្រី។ ប៉ុន្តែពានទាំង ៣៣នោះ ត្រូវបានបែងចែកជាបីប្រភេទទៀត គឺពានទេពកោសល្យ ពានមហាជន (ពានប្រជាប្រិយភាព ) និងពានកិត្តិយស
កញ្ញា សួន ពលិកា ប្រធានគ្រប់គ្រងផ្នែក ទំនាក់ទំនងមិត្តអ្នកអាន បានប្រាប់លម្អិតពីភាពខុសគ្នានៃ ពានទាំងបីប្រភេទនេះថា ពានទេពកោសល្យ ត្រូវផ្ដល់ជូនដោយគណៈកម្មការជំនាញៗចំនួន១២រូប មកពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ មានជាអាទិ៍ មន្ត្រីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន Sabay។ ពាននេះ  មានចំនួន ១៨  ក្នុងនោះ ផ្ដល់ជូនផ្នែកទូរទស្សន៍ចំនួន ៥ ផ្នែកភាពយន្តចំនួន ៦ និង ៧ពានផ្សេងទៀតសម្រាប់ផ្នែកតន្ត្រី។
ចំណែក ពានប្រជាប្រិយភាព វិញ ប្រធានផ្នែកទំនាក់ទំនងដដែល បានបន្តថា សរុបមានចំនួន ៤ពាន ដែលកើតចេញពីការសម្រេចចិត្ត ក៏ដូចជាបោះឆ្នោតដោយមហាជន មួយរយភាគរយ តាមពីររបៀបផ្សេងគ្នា។ ទីមួយបោះឆ្នោត តាមការផ្ញើសារ (SMS)  និងទី២ បោះឆ្នោតតាមអនឡាញ គឺនៅលើគេហទំព័រ anachakdara.com ផ្ទាល់។
ពានទាំង ៤នោះ ត្រូវបែងចែកជាពីរផ្នែក គឺផ្នែកទូរទស្សន៍  និង ផ្នែកភាពយន្ត។ ផ្នែកទូរទស្សន៍មានពានពិធីករ ប្រជាប្រិយភាពប្រចាំឆ្នាំ១ ពានពិធីការិនីមានប្រជាប្រិយភាពប្រចាំឆ្នាំ១។ ដូចគ្នាដែរ ចំពោះផ្នែកភាពយន្ត វិញក៏មានពានមួយសម្រាប់ តារាសម្ដែងប្រុសមានប្រជាប្រិយភាពប្រចាំឆ្នាំ និងមួយទៀតសម្រាប់ តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ។
ដោយឡែកសម្រាប់ ពានកិត្តិយស គឺជាពានដែលផ្ដល់ជូនដល់សិល្បករ សិល្បការិនី ដែលបានចំណាយពេលយូរ និងមានស្នាដៃច្រើនក្នុងវិស័យសិល្បៈ។ ពាននេះ មានចំនួន១០។
ក្រៅពីពានទាំងបីប្រភេទខាងលើ អាណាចក្រតារានៅសល់ពានមួយទៀត ដែលនឹងផ្ដល់ជូនដោយអ្នកឧបត្ថម្ភធំនៃកម្មវិធីគឺក្រុមហ៊ុនស្រាបៀរ ABC។
កាលពីថ្ងៃទី២០ ឧសភាកន្លងទៅនេះ គណៈកម្មការអាណាចក្រតារា បានសម្រេចប្រកាសលុបចោលការបោះឆ្នោតជ្រើសរើសតារាចម្រៀងប្រជាប្រិយភាព បន្ទាប់ពីផលិតកម្ម Town បានផ្ញើលិខិតជំទាស់ក្នុងការអនុញ្ញាតឲ្យតារាចម្រៀងទាំងឡាយរបស់ខ្លួន មានវត្តមានក្នុងបញ្ជីប្រកួតប្រជែង ដែលធ្វើឲ្យសមាសភាពតារាប្រកួតប្រជែងកាន់តែតិចហួសហេតុ។ Town ជាផលិតកម្មទីពីរបន្ទាប់ពីផលិតកម្មហង្សមាស ដែលបានស្នើសុំបែបនេះមុនគេ។
កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានតារាកិត្តិយសសរុបជិត ២០០រូប មានទាំងពិធីករ ពិធីការិនី តារាសម្ដែង និងតារាចម្រៀង។ សម្រាប់ការបោះឆ្នោតតាមអនឡាញ និង SMS បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា។
"អាណាចក្រតារា" ឆ្នាំនេះ នាំមកជូនដោយក្រុមហ៊ុនស្រាបៀរ ABC Stout និង ក្រុមហ៊ុន Sabay។ ABC Stout ជាស្រាបៀរលំដាប់អន្តរជាតិ និង Sabay  ជាក្រុមហ៊ុនផ្ដល់ការកម្សាន្តតាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។
ជាមួយគ្នានេះដែរ កម្មវិធីអាណាចក្រតារា ឆ្នាំទីពីរនេះ ក៏មិនអាចកើតឡើងបានប្រសិនបើគ្មានដៃគូសហការឧបត្ថម្ភ ដែលមានដូចជា Dell ក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក Shokubutsu ផលិតផលថែរក្សាសម្រស់ស្បែកពិតមកពីជប៉ុន Revlon Cosmetic ផលិតផលគ្រឿងសម្អាងលំដាប់ពិភពលោក Vslim ផលិតផលកាហ្វេថែរក្សារាង និង Tous les Jours ហាងនំប៉័ងបែបអឺរ៉ុបឈានមុខគេរបស់កូរ៉េដែលដំណើរការដោយស្របច្បាប់នៅកម្ពុជា។
ស្ថានីយទូរទស្សន៍ CTN គឺជាដៃគូផ្សព្វផ្សាយផ្លូវការ។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរដែលផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ ជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕

ដោយ ៖ ប៊ី
ខ្មែរឡូត

No comments:

Post a Comment