Tuesday, December 24, 2013

ល្បិចទល់មេឃ៧ ៖ដឹងតែធ្វើពើ (ធ្វើមិនដឹង)

 (ដឹងតែធ្វើមិនដឹង) តាមន័យរបស់វាគឺ ដឹងច្បាស់ប្រាកដពីរឿងនោះហើយ តែមានចេតនាធ្វើពើមិន ដឹង។
អាកប្បកិរិយាបែបនេះ ច្រើនជាអំពើរបស់អ្នករៀនខាងទស្សនៈវិជ្ជា សុភាសិតចិនមួយសរសេរថា៖ មិនចេះ
ធ្វើភ្លើធ្វើថ្លង់ មិនអាចធ្វើអាអ៊ុង (អាអ៊ុង បានន័យថាលោកម្ចាស់) ហើយក៏ជាទង្វើរការពារខ្លួន គោលបំណង
នៅត្រង់ជៀសឲ្យផុតពីការខុសនិងត្រូវ ។
ប៉ុន្តែ បើប្រើជាល្បិចកលវិញនោះ មិនត្រឹមតែសម្រាប់ការពារខ្លួនប៉ុណ្ណោះទេ។ ល្បិចកលហ៍ គឺយកមកប្រើ
សម្រាប់ទប់ទល់នឹងអ្នកដទៃ។ បើសិនជាមានគំនិតគេចវេសពីការពិត តើម្តេចនឹងអាចពុះពារឧបសគ្គ ដែលរារាំងចំពោះមុខ កសាងផ្លូវអនាគតសម្រាប់ខ្លួនបាននោះ? ។
ជាការពិត ចំពោះកិច្ចការអ្វីមួយ ដឹងហើយអាចធ្វើពើជាមិនដឹង ពុំមែនជារឿងងាយស្រួលនោះទេ។ ចាំបាច់
ត្រូវតែមានការអប់រំខ្ពស់ ទើបអាចធ្វើទៅកើត។ ហេតុតែមានការបែងចែកមនុស្សឈ្លាស់វៃ និងល្ងង់ខ្លៅនោះ
គឺឋិតនៅត្រង់(ដឹង)ឬ(មិនដឹង) អាច(ធ្វើពើ)ឬ(មិនអាចធ្វើពើ) នោះឯង។ ជនល្ងង់ខ្លៅ មិនអាចវាស់ជម្រៅ
របស់អ្នកចេះដឹងបាន តែងតែនិយាយថា៖ ពួកគេទាំងអស់នោះ ជាមនុស្សគ្រោះថ្នាក់ លាក់ពុតហើយក្រឡិច
ក្រឡុច ធ្វើអ្វីក៏ដោយ រកយល់មិនបានទាល់តែសោះ ត្រង់(រកយល់មិនបាន)នេះហើយដែលជាចំណុចពិសេស របស់អ្នកចេះនោះឯង។ នេះហើយហៅថា (អ្នកចេះធ្វើភ្លើ) នោះឯង  ជាអំពើដែលមនុស្សសាមញ្ញមិនអាច
យល់បាន។
សូមលើកឧទាហរណ៍មួយ ដើម្បីធ្វើការពិចារណា តើដឹង តែអាចធ្វើពើមិនដឹង គឺជាសកម្មភាពរបស់ជន
ល្ងង់ខ្លៅឬទេ? ក្នុងសម័យ ឈុន‑ឈីវ ស្តេចឆ បានរៀបចំពិធីជប់លៀងដ៏ធំមួយដល់មន្ត្រីតូចធំទាំងអស់
ហើយឲ្យឈ្មោះថា(ពិធីជប់លៀងសន្តិភាព)។ អាស្រ័យហេតុនេះ មន្ត្រីតូចធំនៅក្នុងរាជវាំងទាំងស្នំឯក
ជី‑ស៊ឹន បានចូលរួមជបលៀងសប្បាយទាំងអស់គ្នា ប្រុសស្រីប្រជ្រៀតគ្នា ម្ហូបឆ្ងាញ់ស្រាឈ្ងុយ មាន
ចម្រៀងរបាំលេង និងរាំកំដរ ពិតជាអឹកធឹក អមដោយតន្ត្រីកន្ត្រាក់អារម្មណ៍ឮ រហូតប្រលប់នៅតែ
ខ្ញៀវខ្ញារនៅឡើយ ។
ងងឹតហើយ ស្តេចឆ បានបញ្ជាឲ្យដុតទៀនផឹកបនុ្តរ នៅពេលយប់ទៀត ថែមទាំងហៅស្នំដ៏ស្រស់ស្អាត
និងជាទីស្រឡាញ់បំផុតគឺ ស៊ី‑ជី និង ម៉ៃ‑ស៊ឺ ឲ្យមកផ្លាស់ប្តូរវេនគ្នាចាក់ស្រាជូនដល់ភ្ញៀវទាំងអស់ទៀតផង
ស្រាប់តែខ្យល់ចម្លែកមួយបក់វ៉ឹប ទៀនទាំងអស់ត្រូវបក់ឲ្យរលំ ក្នុងបន្ទប់ងងឹតស្លុប ឆ្លៀតឳកាសនោះ
ភ្ញៀវម្នាក់ក្នុងចំណោមនោះ បានលូកដៃភ្លែត លួចអង្អែលដៃដ៏ស្រស់ស្រលួនរបស់ស្នំ ស៊ី‑ជី។ ស៊ី‑ជី ប្រញាប់រលាស់ដៃឆ្វេងដែលត្រូវលួចអង្អែលចេញភ្លាម ដៃស្តាំក៏លូកទៅទាញបណ្តាច់ខ្សែចងមួករបស់ជន
នោះ ហើយប្រញាប់ប្រញាល់ត្រលប់មកកន្លែងវិញ រួចខ្សឹបទូលស្តេចឆ ថា៖
                ‑អំបាញ់មិញ ទូលបង្គំទទួលរាជបញ្ជាទៅចាក់ស្រាជូនភ្ញៀវ ស្រាប់តែមានមនុស្សម្នាក់ ឆ្លៀតមើល
ងាយទូលបង្គំ ទូលបង្គំបានទាញបណ្តាច់ខ្សែចងមួករបស់វា សូមព្រះអង្គ ប្រញាប់ឲ្យគេដុតទៀនបំភ្លឺឡើង
អ្នកណា គ្មានខ្សែចងមួក គឺជាអ្នកហ្នឹងហើយ។
ព្រះសណ្តាប់ចប់ ស្តេចឆ ប្រញាប់ប្រញាល់បញ្ជាដល់អ្នកបំរុងនឹងអុជទៀន ឲ្យផ្អាកវិញសិន ហើយមាន
ព្រះរាជបន្ទូលខ្លាំងៗ៖
                ‑ពិធីជប់លៀងរបស់យើងយប់នេះ គឺត្រូវផឹកស្រវឹងទាំងអស់គ្នា ដូច្នេះ សូមអស់លោកដោះ
មួកចេញផឹកអោយអស់ដៃម្តង។
                ហេតុនេះ សេនាមន្ត្រីទាំងអស់ ក៏បានដោះមួកចេញ ពេលនោះទើបស្តេចឆ បញ្ជាអោយអុច
ទៀនបំភ្លឺ ឃើញថាទាំងអស់គ្នាបានដោះមួកចេញអស់ហើយ មើលមិនដឹងថា អ្នកណាជាអ្នកប្រព្រឹត្ត
អំពើអំបាញ់មិញនោះឡើយ។
ចប់កម្មវិធី នាងស៊ឺ‑ជឺ បន្តោសស្តេចឆ ថាមិនជួយរកមុខអ្នកមើលងាយនោះឲ្យនាង ស្តេចឆ បែជាសើច
ហើយមានព្រះរាជបន្ទូលថា៖
                ‑នាងមិនដឹងទេឬ? ពិធីជប់លៀងលើកនេះ គោលបំណងគឺត្រូវតែផឹកឲ្យណាណី សប្បាយឲ្យ
អស់ដៃ ដឹងទេថា ក្រោយផឹកមនុស្សនឹងស្រវឹង ពេលស្រវឹងពិតជារពឹសមាត់រពឹសដៃ គឺជារឿងធម្មតា
របស់អ្នកផឹក បើសិនជា ចាប់ទោសអូសដំណើរគេឲ្យចេញមក ពិតជាធ្វើឲ្យរំខានដល់ពិធី វាមិនផ្ទុយនឹងបំណងដើមនៃពិធីនេះទៅហើយ? ស៊ឺ‑ជី ស្តាប់ហើយ ទើបកោតសរសើរពីព្រះបញ្ញាញាណ
ដ៏ឈ្លាសវៃរបស់ស្តេចឆ ។
ក្រោយមក ស្តេចឆ វាយនគរជីន មានមេទ័ពម្នាក់ បានដឹកនាំទ័ពរាប់រយនាក់តែម្នាក់ឯង វាយបើកផ្លូវឲ្យ
ទ័ពទាំង៣ បានសម្លាប់ទ័ពសត្រូវ ដណ្តើមបានច្រកការពារ សម្រុកចូលរាជធានីនៃនគរជីន ធ្វើឲ្យស្តេចឆ
ល្បីរន្ទឺពេញផែនដី មនុស្សនេះហើយ គឺ ថាង‑ជៀវ ជនដែលឆ្លៀតឱកាសរលត់ទៀន ហើយទៅលួចអង្អែល
ដៃរបស់ស្នំ ស៊ី‑ជី នោះឯង។
នៅមានរឿងនិទានមួយទៀត ដែលកើតឡើងកាលសម័យសាមកុក។ ពេលសង្គ្រាមនៅឈឺ‑ពី, ចូវ‑យី
បានប្រើល្បិច(ដឹងតែពើធ្វើមិនដឹងនេះ) ប្រលែងលេងជាមួយនឹងជើងឆើតល្បីខាងក្រឡិចក្រឡុច ចាវ‑ឆាវ
ទីបំផុតក៏ ប្រើភ្លើងមួយបាច់ ដុតទាល់តែ ចាវ‑ឆាវ ភ័យរត់បាត់ព្រលឹងព្រលះពីក្នុងខ្លួន ។
                (ប្រវត្តិពិត) ចុងឆ្នាំនៃសម័យ តុង‑ហាន ចាវ‑ឆាវ ដែលពូកែខាងច្បាំង និងប្រសប់ខាងប្រើល្បិច
បានចាប់បង្ខំស្តេច ដើម្បីដាក់បញ្ជាដល់គ្រប់ស្តេចក្រាញ់បានសម្លាប់ តុង‑ចាវ ចាប់ លី‑ពូ កំទេច អាយ‑ចាវ
ទន្រ្ទានយកខេត្ត លី‑ចូវ ដេញលីវ‑ប៉ី រត់ផាស់ក្រញាំបាត់ព្រលឹងធំ។ ពង្រាយទ័ពឯទន្លេឆាវ‑ជាង ផ្សព្វផ្សាយ
ថា៖ នឹងវាយយកតំបន់ ជាង‑ណាន បម្រុងយកភាពខ្លាំងដូចភ្នំបាក់ បង្ខំឲ្យស៊ុន‑ឈាន សារភាព។
ស៊ុន‑ឈាន នៃតុង‑អ៊ូ នៅក្រោមការលើកទឹកចិត្តរបស់ ចូវ‑យី ក្រោមការអុជអាលរបស់ខុង‑ម៉េង
ស្រាប់តែរៀបចំទ័ពតបតទៅវិញ គឺនៅប្រឈមមុខដាក់គ្នាឯម្ខាងទន្លេ។ ពេលនោះចាវ‑ឆាវ មានទ័ពរាប់រយម៉ឺន
ចំណែក ចូវ‑យី មានទ័ពប្រាំ ប្រាំមួយម៉ឺនប៉ុណ្ណោះ គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត មិនខុសពីយកសត្វកណ្តូប
ទៅទប់នឹងកង់រទេះ យកពងមាន់ទៅជល់និងថ្មឡើយ កុំថាឡើយវាយសម្រុក សូម្បីតែការពារខ្លួនក៏ពិបាកដែរ។
ចូវ‑យី ដឹងថាក្នុកិច្ចការយោធា ម្ចាស់ការ គឺជាការគោលការណ៍មូលដ្ឋានចាំបាច់បំផុត លោកដឹងយ៉ាងច្បាស់
ទៀតថា កងទ័ពភាគ ខាងជើង មិនពូកែសង្គ្រាមជើងទឹកនោះទេ គិតថា ត្រូវតែរិះរកមធ្យោបាយ កំចាត់មេបញ្ជារ
ទ័ពជើងទឹករបស់ ចាវ‑ឆាវ គឺឆាយ‑ម៉ាវ និង ចាង‑យីង ជាមុន(ពីរនាក់នេះពីមុនគឺជាកូនចៅរបស់ លីវ‑ពាវ ហើយបានរត់ទៅចុះចូលជាមួយនិង ចាវ‑ឆាវ) តែមិនដឹងមានមធ្យោបាយអ្វី។
                កំពុងតែពិភាក្សាគ្នានៅក្នុងជំរុំ ឮខាងក្រៅស្រែកប្រាប់ថាៈ ជាង‑កាន់ ដែលជាអ្នកស្រុកកំណើតជាមួយ
មកសួរសុខទុក្ខ។ ចូវ‑យី ក៏សើចដាក់មេទ័ពគ្រប់គ្នា ហើយនិយាយ៖
                ‑អ្នកបញ្ចុះបញ្ចូលរបស់ ចាវ‑ឆាវ មកដល់ហើយ។ ហើយក៏ផ្តាំផ្ញើរទៅមេទ័ពទាំងអស់ ត្រូវធ្វើយ៉ាងនេះ ឬធ្វើយ៉ាងនោះ  គ្រប់គ្នាស្តាប់ហើយក៏បែកទៅធ្វើតាមនាទីរៀងៗខ្លួន។
ចូវ‑យី ចាប់ទាញអាវឲ្យសមរម្យ ហើយដើរចេញទៅទទួល គ្រាន់តែជួបមុខក៏សួរតែម្តងៈ
                ‑ជឺ‑យី (ឈ្មោះក្រៅរបស់លោក ជាំង‑កាន់) ឆ្លងទន្លេមកសួរសុខទុក្ខ មិនមែនមកក្នុងនាម ចាវ‑ឆាវ មកបញ្ចុះបញ្ចូលយើងឲ្យសារភាពទេ មែនទេ? ជាង‑កាន់ ឮនិយាយបែបនេះក៏ស្រឡាំងកាំងហើយតបៈ
                ‑ឯងនេះពិតជាពូកែសង្ស័យមែន យើងមកនេះដោយសារតែបែកឯងយូរណាស់ហើយ បានជាមកសួរសុខ
ទុក្ខឯងហ្នឹង  នឹកឃើញយ៉ាងម៉េច បានជាថាយើងជាអ្នកមកចរចារនោះ? ចូវ‑យី សើចៈ
                ‑ចម្រៀងដែលច្រៀងអាចដឹងពីទឹកចិត្ត នៅក្នុងស្ថានភាពដ៏តឹងតែបែបនេះ……..។ មិនរង់ចាំឲ្យនិយាយចប់ទេ ជាង‑កាន់ ក៏តបវិញដោយអាក់អន់ចិត្ត។
‑បើឯងមានចិត្តសង្ស័យមិត្តភ័ក្រ្តបែបនេះ ណ្ហើយ! លាសិនហើយ!
ចូវ‑យី ចាប់ទាញស្មាគេជាប់ សើចហើយនិយាយៈ
                ‑គ្រាន់តែនិយាយលេងសើចប៉ុណ្ណឹង ក្នុងនាមមិត្តភ័ក្រ ប្រកាន់ដែរឬ? បានជាលោកបងមកនេះ
មិនមែន ជាអ្នកបញ្ចុះបញ្ចូល តំណាងឲ្យចាវ‑ឆាវ ទេនោះ នៅសម្រាកលេងទីនេះបានយូរថ្ងៃបន្តិច
ចាំត្រឡប់ទៅវិញ ។
                ‑មិនចាំឲ្យ   ជាំង‑កាន់  វែកញែកទាន់ទេ  ក៏អូសគេឲ្យចូលក្នុងជំរុំ  ក្រោយពីសួរសុខ
ទុក្ខទៅវិញទៅមកហើយ ចូវ‑យី ក៏បញ្ជាឲ្យមេទ័ពទាំងអស់ ចូលមកជួប ជាង កាន់ ហើយក៏ទាញតុ
ទាញជើងម៉ា រៀបចំពិធីជប់លៀងតែម្តង  រួចនិយាយទៅកាន់មេទ័ពទាំងអស់ៈ
                ‑លោកជាង ជាមិត្តភ័ក្រដ៏ល្អបំផុតរបស់យើង និងមានស្រុកកំណើតជាមួយគ្នា ពិតមែនតែ
មកពីជាងប៉ី (ភាគខាងជើង) តែពុំមែនក្នុងនាមចាវ‑ឆាវ នោះទេ ហេតុនេះ សុំបងប្អូនកុំមានការសង្ស័យ
ឲ្យសោះ។ និយាយចប់ ទាញដាវខ្វាកចេញពីចង្កេះ ប្រគល់ឲ្យ ថៃ‑ស៊ី ហើយបញ្ជា៖
                ‑កានដាវរបស់យើង ដើរត្រួតពិនិត្រការផឹកស៊ី ពិធីជប់លៀងថ្ងៃនេះ អនុញ្ញាតិឲ្យរៀបរាប់តែពី
មនោសញ្ចេតនា រវាងមិត្តភ័ក្រ ឬក៏វែកញែកពីចម្រៀងកំណាព្យផ្សេងៗ បើមានអ្នកណានិយាយរំលឹក
ពីរឿង ចាវ‑ឆាវ និងកិច្ចការយោធានៃនគរយើង អាចកាត់ទោសសម្លាប់ចោលនៅនឹងកន្លែងតែម្តង។
ឮសំដីបែបនេះ ជាង‑កាន់ ភ្ញាក់ឡើងភាំង ក៏នៅស្ងៀមមិនហ៊ាននិយាយអ្វីទាំងអស់ ចូវ‑យី បន្ត៖ ‑តាំងពី
យើងដឹកនាំទ័ពមក ពុំដែលផឹកស្រាទាល់តែសោះ ថ្ងៃនេះបានជួបជុំសម្លាញ់ចាស់ បើមិន ស្រវឹងពិតជាមិនឈប់។
និយាយចប់ ក៏សើចក្អាកក្អាយ ហើយក៏ចាប់ផ្តើមគោះកែវជូនស្រា ហ៊ឹកហ៊ាក់ អ៊ូរអរពេកក្រៃ។ ទាំងអស់គ្នា ហាក់ស្រវឹងស្រឿងៗហើយ ចូវ‑យី ចាប់ទាញដៃ ជាង‑កាន់ ចេញទៅខាងក្រៅដើរលំហែរ ចូវ‑យី សួរ៖
‑យ៉ាងម៉េចដែរ មេបញ្ជាការនិងកូនទាហានរបស់យើងក្លាហានឬទេ?
ជាង‑កាន់តប៖
               ‑ពិតជាមិនខុសមែន មេទ័ពអង់អាច ពិតជាគ្មានកូនទ័ពកំសាកទេ !
ចូវ‑យី ក៏នាំ ជាង‑កាន់ ទៅខាងក្រោយជំរុំ ឃើញស្បៀងគរដូចភ្នំ ក៏សួរទៀតៈ
               ‑លោកបងយល់ថា ស្បៀងនេះគ្រប់គ្រាន់ឬទេ?
               ‑ពិតជាទ័ពខ្លាំង  ស្បៀងគ្រប់  លោកបងពិតជាអស្ចារ្យមែន !
ជាង‑កាន់ តបបែបហ៊ី ។
           ចូវ‑យី  សើចរបៀបស្រវឹងហើយនិយាយ៖
                ‑នឹកឃើញឆ្នាំណានោះ ដែលយើងនៅជាមួយគ្នា ទោះយល់សប្តិ ក៏ស្មានមិនដល់ថា មានថ្ងៃនេះ
ទាល់តែសោះ……។
ជាង‑កាន់ តបវិញ៖ វាត្រូវតែមាន ព្រោះលោកបងមានសម្ថភាពគ្រប់គ្រាន់ អស្ចារ្យ ក្លាហាន និងពូកែ
វាមិនមែនជារឿងស្មានមិនដល់នោះទេ។
                ‑ជីវិតរស់នៅ បានជួបវាសនាបែបនេះ តើមានអ្វីគួរនិយាយទៀត ជួបម្ចាស់ដែលយល់ពីខ្លួន
ពិតមែនតែ ក្នុងឋានៈជាស្តេចនិងមន្ត្រី តែប្រៀបបាននឹងសាច់ឈាមតែមួយ មានបន្ទូលត្រូវតែស្តាប់
មានឧបាយកលត្រូវតែ អនុវត្តតាម បានសុខ រួមគ្នាដោះស្រាយ ទោះបីជា ស៊ូ‑ឈីន ចាង‑យីកើតម្តងទៀតក៏មិនអាចនិយាយបញ្ចុះបញ្ចូលយើង ឲ្យក្បត់ពីបំណងដើមបានឡើយ ។
                សំដីរបស់ ចូវ‑យី នេះគឺជាសញ្ញាសំគាល់មួយយ៉ាងច្យាស់ ធ្វើឲ្យ ជាង‑កាន់ ភ័យឡើងស្ថេកមុខ។ បន្ទាប់មកក៏នាំគ្នាត្រឡប់មកផឹកឯក្នុងជំរុំវិញ ចំណែក ជាង‑កាន់ តែមួយម៉ាត់ ក៏មិនហ៊ានរំលឹកពីរឿងទ័ពទីង
រហូត។ យប់ជ្រៅណាស់ហើយ ជាង‑កាន់ មិនអាចធន់នឹងស្រាទៀតបាន ក៏សុំលាទៅមុន ចូវ‑យី ធ្វើពើជាស្រវឹងខ្លាំងសម្បើមណាស់ចាប់ទាញ ជាង‑កាន់ ជាប់ហើយនិយាយ៖
                ‑យូរណាស់ហើយ ដែលយើងខានដេករួមគ្រែជាមួយគ្នា យប់នេះ យើងដេកជាមួយគ្នា ព្រោកប្រាជ្ញ
ឲ្យវាណា ណីម្តង។
               ពិតជាគ្រែមួយ សុបិនផ្សេងគ្នា គំនិតអាក្រក់ពេញខួររៀងខ្លួន ម្នាក់ធ្វើពើជាស្រវឹងក្អួតចាក់ដោតចាក់ទីង
ម្នាក់ធ្វើពើជាដេកលក់ តែព្រលឹងនៅចុងសក់។ រគាំងយាមពីរបានកន្លងផុតទៅ ជាង‑កាន់ ដេកម្ត៉េចនិងលក់?
ងើបខ្លួនឡើងសម្លឹងមើល ឃើញចង្កៀង នៅភ្លឺនៅឡើយ ចំណែក ចុវ‑យី ស្រម៉ុកឮខ្ទរពេញជំរុំ ក្រឡេកទៅ
ឃើញនៅលើតុមានដាក់ឯកសារមួយគំនរ ក៏ងើបក្រេះ ដើរលបៗទៅលួចមើល សុទ្ធតែជាលិខិតស្នាមទំនាក់
ទំនងគ្នាទៅវិញទៅមក នៅក្នុងនោះមានលិខិតមួយដែល ចាង‑យីង,ឆាយ‑ម៉ាវ សរសេរផ្ញើរមក ក៏ប្រញាប់
លួចមើល ដែលមានសេចក្តីថា៖ ខ្ញុំនិងអ្នកដទៃ ដែលចុះចូលជាមួយនិង ចាវ‑ឆាវ ដោយសារមកពីស្ថានការណ៍
បង្ខំ ឲ្យតែមានឱកាស និងកាត់ក្បាលចោរក្បត់ ចាវ‑ឆាវ ថ្វាយដល់ព្រះអង្គភ្លាម។
                ជាំង‑កាន់ លួចភ្ញាក់ព្រើត តាមការពិត ចាង‑យីង, ឆាយ‑ម៉ាវ មានឧបាយកលបែបនេះតើ ក៏យក
សំបុត្រនេះលាក់ក្នុងខ្លួន។
                ចូវ‑យី ប្រែខ្លួនហើយ ជាង‑កាន់ ប្រញាប់ផ្លុំពន្លត់ភ្លើងចង្កៀង ដើរលបៗត្រឡប់មកវិញ ឮចូវ‑យី មមើនិយាយថា៖           ‑ជឺ‑យី នៅក្នុងប៉ុន្មានថ្ងៃនេះ យើងនឹងកាត់ក្បាល ចាវ‑ឆាវ ឲ្យឯងមើលមិនខាន។
               ‑អឺ……..។  ជាង‑កាន់ ក៏ធ្វើពុតតាមដែរ។
               ‑មែនណា  ជឺ‑យី……យើងនឹងយកក្បាលវាឲ្យឯងមើល……..។
                ‑ថាម៉េច ឯងកំពុងនិយាយថាម៉េច? ជាង‑កាន់ សួរតែ ចូវ‑យី ចាប់ផ្តើមស្រម៉ុក ឡើងខ្ទរទៀតហើយ។
                ជាង‑កាន់ ទ្រោបទៅលើខ្នើយពុតជាដេក តែត្រចៀកចាំស្តាប់សូរស័ព្ទជុំវិញខ្លួនយ៉ាងប្រុងប្រយ័ត្ន។ យាមបួនហើយ ក៏ឮសំឡេងមនុស្សដើរចូលមកហើយនិយាយដាស់តិចៗ.
               ‑លោកមេទ័ព ! លោកមេទ័ព
               ‑អី អ៊ឺ ! ចូវ‑យី ត្រូវដាស់ឲ្យភ្ញាក់សួរបែបមមើមមាយៈ
               ‑អ្នកណាដេកលើគ្រែយើងហ្នឹង ?
                ‑មិត្តសំឡាញ់របស់លោកម្ចាស់ គឺលោកជាង‑កាន់ នោះអី ម្តេចបានជាប្រញាប់ភ្លេចម្ល៉េះ។ជននោះឆ្លើយ          
      ‑អាយ វីវរហើ។ ចូវ‑យី និយាយបែបស្តាយក្រោយៈ
                ‑ធម្មតាយើងមិនដែលផឹកស្រាសោះ លើនេះផឹកស្រាច្រើនពេក ពិតជាធ្វើឲ្យខូចការហើយ មិនដឹងជា
យើងបាននិយាយរឿងអ្វីខ្លះ?
               ជននោះក៏និយាយកាត់ៈ
               ‑ខាងជាងប៉ីមានមនុស្សមក ។
‑ស៊ីត……ចូវ‑យី ធ្វើសញ្ញាព្រមាន ។ ហើយក៏ហៅៈ
               ‑ជឺ‑យី ! ជឺ‑យី !
               ជាង‑កាន់ ធ្វើពុតជាដេកលក់ ចូវ‑យី ក៏ចេញប្រុចមកខាងក្រៅ ជននោះនិយាយតិចៗ៖
                ‑លោកមេទ័ព ចាង និងលោកមេទ័ព ឆាយ ឲ្យខ្ញុំមករាយការណ៍ ប្រាប់លោកមេទ័ពថា៖ ឥឡូវនេះ
ចាវ‑ឆាវ ការពារតឹងតែងណាស់ មិនទាន់មានឱកាសធ្វើសក្មមភាពទេ។ ពាក្យខាងក្រោយរឹតតែឮតិចទៅៗ
ស្តាប់ មិនច្បាស់។ មួយសន្ទុះ ចូវ‑យី ក៏ត្រឡប់មកវិញ ហើយធ្វើជាហៅ ជាង‑កាន់ ទៀត ជាង‑កាន់
មិនខ្ចីឆ្លើយ គិតតែពី ឃ្លុំក្បាលធ្វើពុតជាដេក ធ្វើមិនឮ ។ ចូវ‑យី ក៏ឡើងលើគ្រែវីញ ហើយក៏ចាប់ផ្តើមស្រម៉ុកទៀត ។
               ដេករហូតដល់យាមប្រាំ ជាង‑កាន់ ក៏ដាស់ ចូវ‑យី តិចៗ តែចូវ‑យី ដេកលក់ដូចជ្រូកងាប់អីចឹង
ជាង‑កាន់ ក៏ទាញមួកនិ ងអាវមកពាក់ ហើយដើរសំដោច្រកចេញ។ អ្នកយាមសួរថា ទៅណា? ជាង‑កាន  ក៏រ៉ាយរ៉ាប់ប្រាប់នាយអាយ ទើបអ្នកយាមឲ្យចេញទៅ ។
                ជាង‑កាន់ ក៏ឡើងជិះកូនទូក ត្រឡប់ទៅជាងប៉ីជួប ចាវ‑ឆាវ វិញហើយនិយាយប្រាប់ថា៖ មនុស្ស
ចូវ‑យី នេះរឹងរូស និងឬកធំណាស់ មិនព្រមចុះចាញ់ទេ តែចាវ‑ឆាវ ស្តីបន្ទោស ជាង‑កាន់ ថា៖
ខ្វះសមត្ថភាព ហើយត្រូវ តុង‑អ៊ូ ពេបជ្រាយថែមទៀត ។
ជាង‑កាន់ និយាយ៖
                ‑ពិតមែនតែមិនអាចបញ្ចុះបញ្ចូល ចូវ‑យី ឲ្យចុះចូល តែក៏បានស៊ើបដឹងពីរឿងអាថ៌កំបាំង
ដ៏សំខាន់មួយ ដែលទាក់ទងនឹងលោកឧបរាជដែរ សូមមេត្តា ឲ្យសេនាចេញក្រៅសិន។ ចាវ‑ឆាវ
ក៏ដេញសេនាឆ្វេងស្តាំឲ្យចេញទៅក្រៅអស់ បន្ទាប់មក ជាង‑កាន់ ប្រគល់លិខិតដែលលួចបានឲ្យទៅ
ចាវ‑ឆាវ ហើយក៏រ៉ាយរ៉ាប់ប្រាប់រឿងរ៉ាវ ដែលបានជួបប្រទះ ។
អានលិខិតនេះចប់ ក្តៅឆេវតែម្តងៈ
                ‑អាចោរក្បត់ទាំងពីរនាក់នេះ ពិតជាថ្លើមធំមែន អាមមាចមិនស្គាល់ភ្លើង ហ៊ានដាក់ផែនការ
ធ្វើឃាតយើងផង! ក៏បញ្ជាឲ្យកាត់ក្បាល ចាង‑យីង,ឆាយ‑ម៉ៅ ភ្លាមតែម្តង ជាបន្ទាន់។
                ជាបន្ទាប់មកទៀត ចូវ‑យី បន្តប្រើល្បិច”ដឹងតែពើធ្វើមិនដឹង” អនុវត្តល្បិច”ចារកម្មឡងទៅវីញ”
ប្រើមេទ័ពដែលចុះចូល ឆាយ‑ជុង និងឆាយ‑ហឺ បញ្ជូនកិច្ចការសម្ងាត់មិនពិតឲ្យ ចាវ‑ឆាវ ប្រើល្បិច
“ឈឺសាច់” ឲ្យ វ៉ាង‑កាយ ទៅសុំចុះចូល ។ បញ្ជូន ផា‑ថុង ចូលជ្រៅតំណាក់ ចាវ‑ឆាវ អនុវត្តល្បិច”ច្រេះស៊ីដែក” រួចឆ្លៀតពេលដែលខ្យល់ត្រូវធ្លាក់ពីទិសខាងកើត ភ្លើងមួយបាច់ដុតកំទេចកងទ័ព ចាវ‑ឆាវ ឲ្យឆេះឆ្ងៀម
សក់រលួយមុខ បរាជ័យរត់ប្រាស់អាយុ ទៅកន្លែងគ្មានសល់ បរាជ័យយ៉ាងធ្ងន់ធ្ងរនៅ ឈឺពី។ ឆ្លងកាត់ការ
ប្រយុទ្ធនេះ កម្លាំងទ័ពរបស់ចាវ‑ឆាវ ត្រូវបាក់ស្រុតតែម្តង ហើយក៏គ្មានកម្លាំងវាយសម្រុកទៅភាគ
ខាងត្បូងទៀតទេ នគរទាំង៣(សាមកុក) ដែលតែងប្រឈមមុខដាក់គ្នា ត្រូវសន្មត់ថា បានចាប់ផ្តើមរក្សា
ភាពស្ងៀមស្ងាត់ ឬបញ្ចប់ត្រឹមពេលនោះឯង ។

No comments:

Post a Comment