មានបំណងចង់ដណ្តើមយកផលតែម្នាក់ឯង ហ៊ានទាត់ចោលរាល់មិត្តភ័ក្រ្ត
សហការី ដែលធ្លាប់បានតស៊ូជាមួយគ្នាកន្លងមក។
ដល់ត្រើយសើយគូថ ផ្ទុយស្រឡះពី ក្លែងជ្រូកដើម្បីស៊ីខ្លា ល្បិចដល់ត្រើយ
សើយគូថគឺឆ្លៀតឱកាសពេលដែលទទួលបានជោគជ័យហើយ យកកូនចៅ
គូកនរបស់ខ្លួនទៅសម្លេះចោល។ ចំណែក(ក្លែងជ្រូកដើម្បីស៊ីខ្លា) គឺរិះរក
មធ្យោបាយអូសទម្លាក់អ្នកនៅពីលើឆាកឲ្យធ្លាក់ដី ។ បើធ្វើការប្រៀបធៀប
ទៅឃើញថា៖ ល្បិច(ក្លែងជ្រូកដើម្បីស៊ីខ្លា) ពិតជាគ្រោះថ្នាក់ ចំណែកល្បិច
(ដល់ត្រើយសើយគូថ)ពិតជាងាយស្រួល។
មន្រ្តីហ្វាន់ឆុង រិះគន់ស្តេចយៀកវ៉ាងថា៖ មនុស្សនេះ ក វែង មាត់ចាបមាត់ព្រាប
អាចរួមទុក្ខជាមួយ តែមិនអាចរួមសុខជាមួយគ្នាបានឡើយ។ ពីព្រោះ លោកមើល
ធ្លុះនូវសភាពការក្នុងរាជការដ៏អាក្រក់នេះ ហេតុនេះ ក្រោយពីរួមដៃគ្នាកំទេច
នគរអ៊ូ បានជោគជ័យហើយ លោកក៏លួចរត់ចេញពីរាជវាំង លាក់ខ្លួនពួនអាត្មា
ដូរឈ្មោះផ្លាស់ត្រកូល ដើរត្រាច់ចរ រកស៊ីគ្រប់ទិសទី ជាសំណាងដែរដែលបាន
ដើរកំសាន្តស្គាល់គ្រប់ទិសទីកន្លែង ចំណែកមិត្តរួមអាវុធរបស់លោក ឈ្មោះ
វិន-ជុង ព្រោះតែការលោភលន់បុណ្យសក្តិទ្រព្យសម្បត្តិ ចៀសមិនផុតពីការ
មន្ទិលសង្ស័យរបស់ស្តេចយៀក ទីបំផុតក៏ទទួលវាសនាជាខ្មោចក្រោមផ្លែដាវ
របស់ស្តេចយៀកទៅ។
លីវ-ប៉ាង ក្រោយពីទទួលបានជោគជ័យ បានអំណាចរឹងមាំហើយ ក៏ស្រាប់តែ
កើតចិត្តច្រណែននឹងអ្នកល្អ រអារនឹងអ្នកពូកែ ហើយប្រើវិធីលឿនដូចព្រួញសម្លាប់
កូនចៅ មនុស្សទីមួយដែលត្រូវសម្លាប់ គឺមេទ័ព ហាងស៊ី ដែលធ្លាប់បានប្តូរស្លាប់ប្តូររស់
បោសសំអាតពួកក្រុមប្រឆាំង ចោរព្រៃ បន្តាប់មកបានធ្វើការសម្លាប់យ៉ាងចំហរ ចំពោះ
មន្ត្រីដែលមានគុណបំណាច់បានកាត់ក្បាល ភឹង-យៀក សម្លាប់យីងពូ ឃុំខ្លួនសៀវហ៊ឺ
សូម្បីតែ ឈីង-ទី លីងហួយ ដែលធ្លាប់ដើរផឹកស៊ីស្រីញីជាមួយគ្នាក៏ស្ទើរក្លាយជាខ្មោច
ក្រោមផ្លែដាវរបស់លីវ-ប៉ាង ដែរ។ ចាង-លៀង គិតថា៖ ថ្ងៃណាមួយសំណាងអាក្រក់នេះ
ពិតជាធ្លាក់ដល់វេនខ្លួនមិនខាន ដឹងខ្លួនមុនទាន់ ក៏បានសុំ លាឈប់ពីតំណែង
ទៅបួសឯព្រៃជ្រៅ ទើបមានសំណាងជៀសផុតពីសេចក្តីស្លាប់បាន។
នៅមានទៀតដូចជា ជូ-យានចាង ដែលមានដើមកំណើតចេញពីលោកសង្ឃ
ខ្លាំងដៃជាង លីវ-ប៉ាង ទៅទៀត ។ ក្រោយពីឡើងសោយរាជ្យជាស្តេចម៉េងមក
បានធ្វើការកាប់សម្លាប់ដល់មន្រ្តីទាហាន ដែលធ្លាប់បាន ចូលរួមប្រយុទ្ធជាមួយខ្លួន
ក្នុងពេលដណ្តើមទឹកដី ថ្ងៃនេះ ប្រទានសក្តិ ថ្ងៃស្អែកប្រទានក្តីមរណៈ មួយប៉ព្រិចភ្នែក
ប៉ុណ្ណោះ។ បានធ្វើការសម្លាប់យ៉ាងរង្គាល នៅក្នុងប្រវត្តិសាស្ត្រចិន ពិតជាសក្តិសមទទួល
ឯកគ្តកម្មខាងសម្លាប់បាន។ នេះហើយដែលហៅថា(ដល់ត្រើយសើយគូថ) នោះ។
អ្នកដែលប្រើល្បិចនេះ ដោយសន្តិវិធីជាងគេ អាចរាប់ថា ជាព្រះអង្គ ចាវវ៉ាងយីង ទៅចុះ
ដោយគ្រាន់តែប្រើ “ពិធីជប់លៀងស្រាយអំណាចទ័ពប៉ុណ្ណោះ” ។
(ប្រវត្តិជាក់ស្តែង) ព្រះរាជាសុង ព្រះនាម ចាង-វ៉ាងយីង ក្រោយពីបានឡើងគ្រងរាជ្យ
ដោយសារដណ្តើមអំណាច បានពីមនុស្សដែលជិតដាច់ខ្យល់មក។ បានតែងតាំង
ចាវភូ ជាទីប្រឹក្សាពិសេស រាល់កិច្ចការតូចធំរបស់ព្រះនគរ តែងធ្វើការពិភាក្សាជាមួយជានិច្ច។
ពេលនោះ កងទ័ពពិសេស(ទ័ពសំរាប់ការពាររាជធានី) ដែលដឹកនាំដោយមេទ័ព
ស៊ឺ-សូវស៊ីង, វ៉ាង-ស៊ឹនឈី, កាវ¬ វៃតឹក ។ល។ សុទ្ធសឹងជាមនុស្សជំនិតរបស់ស្តេចចាវ
ពួកគេមានសិទ្ធិអំណាចយ៉ាងខ្លាំងក្លា នៅក្នុងជួរកងទ័ព។
ចាវ ភួឃើញថា ពួកគេហាក់ដូចជាមានសិទ្ធិអំណាចខ្លាំងជ្រុលបន្តិចហើយ បារម្ភថា
អាចមានការគំរាមកំហែងដល់រាជបល្ល័ង ក៏បានឲ្យយោបល់ដល់ស្តេចចាវ ទូលពីភាព
គ្រោះថ្នាក់នៃរឿងនេះ គឺចាំបាច់ត្រូវតែរកវិធីកាត់បន្ថយសិទ្ធិអំណាចរបស់ពួកគេ ។
ស្តេច ចាវ ព្រះសណ្តាប់ចប់ក៏មានព្រះរាជបន្ទូលថា៖
លោកម្ចាស់ទុកចិត្តចុះ ពួកគេសុទ្ធតែជាមនុស្សរបស់យើង ដាច់ខាតគឺមិនក្បត់យើងទេ ។
ទូលបង្គំជឿថា ពួកគេពិតជាស្មោះត្រង់នឹងព្រះអង្គ តែទូលបង្គំ បារម្ភតែកូនចៅរបស់
ពួកគេតែប៉ុណ្ណោះ ថ្ងៃណាមួយស្រាប់តែកើតចិត្តលោភលន់ ពេលនោះខ្លាចថា សូម្បីតែ
ខ្លួនគេក៏មិនអាចបញ្ជាលើខ្លួនឯងបានដែរ ។
ព្រះសណ្តាប់ទៅហាក់ដូចជាភ្ញាក់ដែរ ស្តេចចាវ គិតឃើញថា កៅអីស្តេចដែលខ្លួនកំពុង
អង្គុយនេះបានមករបៀបណានោះហើយ នៅក្នុងប្រវត្តិសាស្ត្រមានឧទាហរណ៍ច្រើនណាស់
ដែលភ្ញៀវក្លាយមកជាម្ចាស់ តើធ្វើយ៉ាងណាទៅដែលអាចដណ្តើមយកអំណាចពីមិត្តរួម
អាវុធរួមប្រយុទ្ធប្តូរស្លាប់រស់បានមកវិញនោះ? ពិតជាបញ្ហាដែលឈឺក្បាលមែន។
តែស្តេចចាវ ពិតជាស្តេចដែលមានល្បិចកលអស្ចារ្យ មានព្រះបញ្ញាញាណដ៏សែន
ឈ្លាសវៃ ព្រះអង្គមិនចង់យកតម្រាប់តាមការសម្លាប់យ៉ាងទាន់ហន់ចំពោះកូនចៅដូច
លីវ ប៉ាងនោះទេ។ ស្តេចចាវ ត្រូវការឲ្យនយោបាយ និងអំណាចរបស់ខ្លួនរឹងមាំហើយ ក៏ចង់បានពាក្យពេជន៍ល្អៗចារក្នុងប្រវត្តិសាស្រ្តផងដែរនិយាយឲ្យខ្លី គឺអំណាចនៅលើដៃខ្លួន
ចំពោះពួកទាំងនេះ គឺសុទ្ធជាមាន់ដែលនៅក្នុងទ្រុង ជាត្រីដែលនៅលើជ្រុញប៉ុណ្ណោះ
បំណងសំខាន់ គឺចង់ឲ្យពួកគេប្រគល់អំណាចកងទ័ពមកវិញតែប៉ុណ្ណឹង វាគ្រាន់តែថា
តើទាមទារអំណាចមកវិញដោយទុកមនុស្សឲ្យរស់ ឬក៏ឲ្យស្លាប់តែប៉ុណ្ណោះ។
ស្តេចចាវ ចេះចាប់រុយដោយប្រើស្ករប្រសើរជាងចាប់រុយដោយប្រើថ្នាំបំពុល
ដោះស្រាយដោយបញ្ញាប្រសើរជាងដោះស្រាយដោយអាវុធ ហេតុនេះហើយស្តេចចាវ
ក៏ចាប់ប្រើវិធីគួរសមមុនចាំប្រើកម្លាំងជាក្រោយ បើមិនព្រមផឹកស្រាអញ្ជើញទេទៅ
សំលៀងកាំបិតគម្រាមជាក្រោយក៏មិនយឺតពេលដែរ។
យប់មួយនាខែ៧ ស្តេចចាវបានរៀបចំពិធីជប់លៀងមួយ ហើយបានអញ្ជើញជាពិសេស
ចំពោះលោកមេទ័ពស៊ឺ សូវស៊ីង, វ៉ាង ស៊ិនឈី, កាវ វៃតឹក និងរាល់មេបញ្ជាការនៃទ័ព
ពិសេសទាំងអស់។ពេលដែលកំពុងតែផឹកស៊ីយ៉ាងសប្បាយ ស្តេចចាវ ក៏ហាក់ដូចជានឹក
ឃើញរឿងអ្វីមួយស្រាប់តែដកដង្ហើមវែងហើយមានព្រះរាជបន្ទូល៖
រាត្រីនេះ យើងទាំងអស់គ្នាបាននៅជួបជុំផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយ ក៏ប៉ុន្តែអ្នកណា
ទៅដឹងថាថ្ងៃក្រោយ តើអាចមានឱកាសបែបនេះទៀតដែរឬទេ?
មេទ័ព ស៊ឺ ហាក់ចម្លែកនឹងបន្ទូល ក៏សួរពីមូលហេតុ ។ ស្តេចចាវក៏មានបន្ទូលបន្ត៖
អាយ! អ្នកទាំងអស់គ្នា មិនដឹងថាធ្វើស្តេចពិបាកយ៉ាងណានោះទេ រាល់ថ្ងៃរស់នៅក្នុង
សភាពភិតភ័យជានិច្ច សោយមិនឆ្ងាញ់ ផ្ទុំមិនស្កប់ គឺតែងតែភ័យខ្លាចគេមកដណ្តើមរាជ
បល្ល័ងគ្រប់ពេលវេលា មិនស្មើអស់លោក ដែលបានរស់នៅដោយសេរី មិនភិតភ័យ
មិនខ្វាយខ្វល់អ្វីទាំងអស់នោះឡើយ។
មេទព័ ស៊ឺ ក៏តបវិញ៖
បច្ចុប្បន្នព្រះនគរបានសន្តិភាពហើយ ឬមួយក៏នៅមានជនណាថ្លើមធំមានបំណងចង់ក្បត់?
គឺពិតជារកសេចក្តីស្លាប់ដោយខ្លួនឯងហើយ ។
ស្តេចចាវ ព្រះសំណើចយ៉ាងពិសពុល៖
យើងពិតជាជឿជាក់ភាពស្មោះត្រង់របស់ពួកអស់លោក ក៏ប៉ុន្តែក្រែងថ្ងែណានោះ កូនចៅ
របស់អស់លោក កើតក្តីលោភលន់ដាច់ខាត់បង្ខំឲ្យអស់លោកឡើងធ្វើស្តេចពេលនោះ
ជឿថាសូម្បីតែអស់លោកខ្លួនឯង ក៏មិនអាចបញ្ជាលើខ្លួនឯងបានដែរ។
ព្រះរាជបន្ទូលមានភាពសាមញ្ញធម្មតា ប៉ុន្តែសម្រាប់មេទ័ពទាំងអស់ គឺប្រៀបបាន
នឹងរន្ទះបាញ់ខែចេត្រតែម្តង ទាំងអស់គ្នាភ្ញាក់ក្រញ៉ាងដូចគេធាក់មួយជើងផ្លាស់ប្តូរទឹកមុខ គ្រប់គ្នាហើយប្រញ៉ាប់ប្រញ៉ាល់លុតជង្គង់គ្រឹបព្រមគ្នាដូចបានណាត់ទុក ថ្វាយបង្គំស្តេច ចាវ
សុំព្រះរាជយោបល់៖
ទូលបង្គំទាំងអស់គ្នាពិតជាល្ងង់ខ្លៅពុំដឹងធ្វើយ៉ាងណាទើបគាប់ប្រសើរនោះទេ
គ្រាន់តែដឹងថាទូលបង្គំទាំងអស់គ្នាពិតជាស្មោះត្រង់នឹងព្រះអង្គគ្មានគំនិតអាក្រក់
បន្តិចណាឡើយ សូមព្រះអង្គយល់ដល់ពួកទូលបង្គំដែលធ្លាប់បានហែរហមព្រះអង្គ
តាំងពីដើមរៀងមក សូមព្រះមេត្តាចង្អុលបង្ហាញផ្លូវដែលត្រូវដើរដល់ពួកទូលបង្គំផង
ពួកទូលបង្គំធានាថាពិតជាស្តាប់ និងធ្វើតាមព្រះរាជបញ្ជាររបស់ព្រះអង្គទាំងអស់។
ឃើញសភាពបែបនេះ ស្តេចចាវ ពិតជាពេញចិត្ត តែធ្វើជាបង្ហាញទឹកព្រះភក្រ័គួរឲ្យ
សោកសង្រេង ហើយមានព្រះរាជបន្ទូល៖ មួយជីវិតរបស់មនុស្សប្រៀបបាននឹងសុប៉ិន។
តែប៉ុន្មានសិបឆ្នាំប៉ុណ្ណោះ ធ្មេចបើកៗគឺកន្លងផុតទៅហើយអស់លោក បានលះបង់
ជីវិតនិងពេលវេលាដើម្បីកិច្ចការព្រះនគរក្នុងប្រវត្តិសាស្រ្ត ក៏បានក៏បានចារពីស្នាដៃ
ដែរហើយ ទាំងកេរ្តិ៍ឈ្មោះនិងកិត្តិយស អស់លោកបានទទួលអស់ហើយមែនទេ?
រាប់ថាជាតិនេះ មិនរស់នៅឲ្យធ្ងន់ផែនដីនោះទេ ជីវិតចុងក្រោយឲ្យតែបានរស់នៅ
ដោយរុងរឿង រស់នៅដោយភាពស្ងៀមស្ងាត់ ពិតជាល្អប្រសើរណាស់។ មានព្រះរាជបន្ទូលដល់ត្រឹមនេះក៏វាសព្រះនេត្រទតមើល៍អ្នកទាំងអស់គ្នាមួយត្រួស ឃើញអ្នកទាំងអស់គ្នានៅត្មឹងដូចអ្នកតាថ្មក៏តាំងបញ្ចេញឬកពាររបៀប(ឆ្មាយុំអាណិតកណ្តុរ)
ហើយមានបន្ទូលបន្តរ ៖
អ្ហើយ! យើងអង្គុយនៅលើរាជបល្ល័ងនេះ ពិតជាគ្មានលទ្ធភាពដោះខ្លួនបានទេ
កិច្ចការមួយហើយមួយទៀតទាំងក្នុងទាំងក្រៅ មិនខុសដូចពាក្យគេនិយាយមែន
១ឆ្នាំ៣៦៥ថ្ងៃ ថ្ងៃណាក៏រវល់និងកើតទុក្ខដែរ ចង់ធ្វើឬ?
កិច្ចការច្រើន មិនចេះចប់មិនចេះហើយ បើមិនធ្វើ ពិតជាធ្វើឲ្យប្រជារាស្រ្តអស់
សង្ឃឹមដោយសារតែរឿងនេះ យើងផ្ទុំមិនលក់រៀងរាល់រាត្រី ពិតមែនតែជាស្តេចផែនដី តែអ្វីដែលជាការលំបាកគ្មានអ្នកក្រៅណាអាចយល់បានឡើយ។ ហេតុនេះហើយ បានជាយើងមិនចង់ឲ្យអស់លោកទាំងអស់គ្នាដែលប្រៀបបានជាបងប្អូនទទួលរង
កម្មបែបនេះតទៅទៀតទេ! ចំពោះយើងពិតជាគ្មានលទ្ធភាពដោះខ្លួនបានទេ
ចំណែកអស់លោក មិនទាន់ហួសពេលនៅឡើយ យើងគិតនេះ គឺដើម្បីសេចក្តីសុខ
របស់អស់លោកតែប៉ុណ្ណោះ ជាការប្រសើរអស់លោកគួរតែបោះបង់ចោលការងារ
ទាំងនេះទៅរឿងអ្វីក៏កុំរវល់ ទៅរស់នៅយ៉ាងសុខសាន្តជាប្រជារាស្រ្ត ចង់ដេក
ដល់ថ្ងៃចាំងគូថ ក៏គ្មានអ្នកណាថាឲ្យដែរមិនចាំបាច់ពេលខ្លះអត់ងងុយងើបពាក់
កណ្តាលអធ្រាតដើម្បីប្រជុំ។ល។ ការរស់នៅដោយស្ងៀមស្ងាត់ មិនឮសម្លេងកាំបិត
លំពែងប៉ះកកទង្គិចគ្នា ពិតជាមានសេចក្តីសុខណាស់ សូម្បីនៅឋានទេវតាក៏មិន
ស្មើឋានមនុស្សលោកក៏កម្រនឹងរក បានបើសិនជាអស់លោកយល់ព្រមតាម
សំណូមពរនេះ យល់ដល់ដល់ការរាប់អានគ្នាកន្លងមក លាឈប់ពីមុខតំណែង
យើងនឹងប្រទានដល់អស់លោកនូវមាសប្រាក់យ៉ាងច្រើនគ្រប់គ្នា លាឈប់ពីមុខ
តំណែងទៅរស់នៅស្រែចំការសោយសុខជីវិតចុងក្រោយ ចំពោះយើងពិតមែន
តែថ្ងៃក្រោយមិនអាចជួបមុខអស់លោកបានញឹកញាប់ ក៏ប៉ុន្តែឲ្យតែអស់លោក
បានសេចក្តីសុខយើងសប្បាយព្រះទ័យណាស់ទៅហើយ តើអស់លោកយល់
យ៉ាងណាដែរ?
គ្រប់គ្នាជាមេទ័ពដែលកំពុងមានអំណាចយ៉ាងពេញដៃ និងខែងរែងនោះ ក្រោយ
ពីស្តាប់ព្រះរាជបន្ទូលដែលទន់ភ្លន់ តែបង្កប់នូវភាពបង្ខំបែបនេះចប់ក៏ឈប់សួរ
ដេញដោលរកពីមូលហេតុអ្វីទៀតហើយ ពិតមែនតែក្នុងចិត្តម្នាក់ៗមួយម៉ឺនមិន
យល់ព្រម ក៏ប៉ុន្តែក្នុងទីនេះ ក្នុងកាលៈទេសៈនេះនិងនឹកឃើញចរិកបោកប្រើរបស់
ស្តេចចាវកន្លងមក និងនឹកឃើញមេរៀនដល់ត្រើយសើយគូថក្នុងប្រវត្តិសាស្រ្តកន្លងមក
គ្មានពាក្យអ្វីក្រៅពីស្រែកថា៖ អរគុណព្រះអង្គ សូមព្រះអង្គមានអាយុម៉ឺនឆ្នាំ។
គ្រប់គ្នាដឹងថាឲ្យតែរក្សាបានក្បាលមិនរត់ចោលស្មាវាជាសំណាងណាស់ទៅហើយ
នៅថ្ងៃទីពីរគ្រប់គ្នាក៏បានធ្វើលិខិតលាឈប់ជាបន្តបន្ទាប់………។ ដោយហេតុនេះ
ប្រើពេលតែមួយរាត្រីប៉ុណ្ណោះ ស្តេចចាវបាន ដណ្តើមអំណាចទ័ពមកក្នុងដៃ ដោយសន្តិវិធី
កៅអីស្តេចចាវ រិតតែរឹងមាំអាចសោយឆ្ងាញ់ផ្ទុំលក់ដោយគ្មានកង្វល់ ។
នេះហើយហៅថា៖ (ដល់ត្រើយសើយគូថនោះ)៕
No comments:
Post a Comment