ហាក់ពុំមានអ្នកណាដែលមិនស្គាល់ហ្សក
វ៉ាស៊ីងតោន នោះឡើយ ។
លោកជាប្រធានាធិបតីដំបូងបង្អស់របស់ប្រទេសអាមេរិកក្នុងអាណត្តិសម័យ
ឆ្នាំ១៧៨៩- ១៧៩៧ ។
វ៉ាស៊ីនតោនត្រូវបានគេជ្រើសរើសជាឯកច្ឆន្ទពីសំឡេងឆ្នោតរបស់ ELECTORAL
COLLEGE ហើយដែលគេពិពណ៌នាថា គ្មានគូប្រជែង ។
ក្នុងសម័យនោះមុខនាទីនៃរបបគណបក្សទើបតែចាប់ផ្តើមមានប៉ុណ្ណោះ ។
សម្លៀកបំពាក់ដែលលោកស្លៀកក្នុងថៃ្ងចូលរួមពិធីទទួលតំណែង ជាប្រធានាធិបតីនោះ ជាសម្លៀកបំពាក់តាមបែបបុរាណនៃជនជាតិអាមេរិកាំង ប៉ុន្តែមើលទៅប្រកបទៅដោយសេចក្តីអង់អាចស្រស់សង្ហារ សមនឹងមុខតំណែងជាអ្នកដឹកនាំនាសម័យនោះ ។
ថៃ្ងនោះ…ក្នុង ឆ្នាំ១៧៨៩ ស្ថិតនៅកណ្តាលបរិយាកាសណែនណាន់នៃមហាជនក្មេង ចាស់ ប្រុស ស្រី នៅលើផ្លូវថ្នល់ដ៏ចង្អៀតមួយនៃក្រុងញូវយ៉ក សំឡេងបាញ់កាំភ្លើងទ្រហឹងអឺងកង លាយឡំនឹងសំឡេងវាយជួង ជានិមិត្តរូបមួយក្នុងរដូវស្លឹកឈើលាស់ និងប្រកបទៅដោយសំឡេងហ៊ោរកញ្ជៀវខ្ញៀវខ្ញារបស់ប្រជាជន ដែលបញ្ចោញសំរែកព្រមៗគ្នាថា “ហ្សក វ៉ាស៊ីងតោន ចូរចម្រុងចម្រើន” ។ “ប្រធានាធិបតីសហរដ្ឋអាមេរិកចូរចម្រុង ចម្រើន…” ។
ព្រឹត្តិការណ៍នៅលើផ្លូវថ្នល់ បានក្លាយទៅជាពិធីមួយដ៏មហោឡារិកជាគ្រាដំបូងបង្អស់ដែលមិនធ្លាប់ កើតមាន ។ បុរសម្នាក់តុបតែងក្នុងសម្លៀកបំពាក់ពណ៌ប្រផេះត្នោត ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ ស្រោមជើងពណ៌ស ស្បែកជើងប្រដាប់ដោយពណ៌ទឹកប្រាក់ ចេញមកថ្លែងការណ៍ទទួលស្វាគមន៍ហ្វូងមហាជនដែលកំពុងឈរកកកុញនៅពីមុខ រដ្ឋសភាក្រុងញូវយ៉ក ។
បុរសរូបនោះគ្មាននរណាក្រៅពី ហ្សក វ៉ាស៊ីងតោន ក្នុងខណៈដែលស្ថិតក្នុងពិធីចូលស្បថ ដើម្បីទទួលតំណែងនោះឯង បន្ទាប់ពីប្រទេសអាមេរិកបានទទួលជ័យជម្នះពីសង្គ្រាមដើម្បីឯករាជ្យ ។ ប្រទេសអាមេរិកបានរួចចាកផុតពីការគ្រប់គ្រងរបស់អង់គ្លេសនៅថៃ្ង៤ កក្កដា ១៧៧៦ និងបន្ទាប់ពីនេះ១៣ឆ្នាំមក ប្រជាជនអាមេរិកក៏បានសម្រេចតែងតាំងលោកធ្វើជាប្រធានាធិបតី ។
ហ្សក វ៉ាស៊ីងតោន កើតក្នុងត្រកូលនៃគ្រួសារអ្នកធ្វើស្រែចម្ការនៅរដ្ឋវើជីនៀ (Virginia) ។ នៅជុំវិញបរិវេណភូមិលំនៅរបស់លោក ជាព្រៃ និងវាលស្មៅដ៏ធំទូលាយ ដូច្នេះហើយទើបលោកមានជីវិតជាក្មេងជិះសេះ និងព្រានប្រមាញ់រហូតពេញកំលោះ ។ អាយុបាន១១ឆ្នាំ បិតារបស់លោកក៏បានស្លាប់ចោលនៅសល់តែមាតាម្នាក់ឯង ប៉ុន្តែពេលនេះ ជាការខិតខំកសាងជីវិតឱ្យក្លាយជាអ្នកអត់ធន់ និងរឹងមាំឡើង ។ លោកជាមនុស្សស្រឡាញ់នូវសេរីភាពការដើរហើរ ជាងការឃាំងនៅមួយកន្លែង ។
នៅពេលវ៉ាស៊ីងតោនអាយុបាន១៦ឆ្នាំ លោកចូលបម្រើការរដ្ឋការ មានមុខនាទីជាអ្នករុករកផ្លូវ ដោយបម្រើការនៅទីនេះរយៈពេលបីឆ្នាំ ។ ការងាររបស់លោកដែលត្រូវប្រតិបត្តិ គឺត្រូវប្រឈមផ្សងព្រេងក្នុងការលុកលុយក្នុងព្រៃជ្រៅៗ ។ លោកចាំបាច់ត្រូវមានកាំភ្លើង និងត្រីវិស័យឆ្លងកាត់ភ្នំប្ល៊ូ មោនធីញ (Blue Mountains) ជាច្រើនលើក ច្រើនសារ ក្នុងការរុករាន ដែនដីឱ្យបានកាន់តែទូលាយ ។
មានគ្រាមួយនោះអភិបាលរដ្ឋវើជីនៀ បានប្រគល់ការងារទៅឱ្យគាត់អនុវត្តនៅក្នុងរដ្ឋអូហៃយ៉ូ ដែលចាត់ថាជាមុខងារ និងការងារដ៏សំខាន់បំផុត ។ លោកចាំបាច់ធ្វើដំណើរឆ្លងកាត់ព្រៃភ្នំជាច្រើន កាត់ទីរហោស្ថាននានា ដែលមានចមា្ងយផ្លូវរាប់ពាន់គីឡូម៉ែត្រ ត្រូវប្រឈមនឹងការតស៊ូជាមួយពួកស្បែកក្រហម ដែលតែងបង្កអំពើកាចសាហាវនានា ប៉ុន្តែវ៉ាស៊ីងតោនអាចឆ្លងផុតនូវគ្រោះថ្នាក់ទាំងពួង និងវិលមកកាន់រដ្ឋវើជីនៀវិញប្រកបដោយជោគជ័យ ។
ក្នុងសម័យដែលគាត់ចូលធ្វើជាទាហានក្នុងរដ្ឋវើជីនៀ ដែលជាកងទាហានអាសាស្ម័គ្ររបស់ប្រជាជននោះ គាត់ទទួលបានបុណ្យស័ក្តិជាវរសេនីយ៍ឯក និងប្រកបទៅដោយការស្ទាត់ជំនាញខាងជិះសេះនិងបាញ់កាំងភ្លើង តាំងពីក្មេង ។ លោកជាទាហានម្នាក់ដ៏អង់អាច និងមានបទពិសោធន៍ក្នុងការចម្បាំង ។ នៅពេលជនជាតិឥណ្ឌាក្រហម និងបារាំងបើកវាយប្រហារទៅលើទល់ដែន លោកត្រូវបានគេបញ្ជូនឱ្យទៅកាន់ទីនោះ ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ ប្រេតដក ដែលជាមេទាហានអង់គ្លេសគ្រប់គ្រងអាមេរិកក្នុងសម័យនោះ ។ សូម្បីតែលោកវ៉ាស៊ីងតោនមានការយល់ដឹងជ្រៅជ្រះពីយុទ្ធវិធីរបស់ ពួកឥណ្ឌាក្រហមយ៉ាងណាក៏ដោយ ប៉ុន្តែ វ៉ាស៊ីងតោនមិនអាចបញ្ចេញគំនិតបានឡើយ ។ ឧត្តមសេនីយ៍ប្រេតដក បានប្រើវិធីចម្បាំងដោយប្រើកម្លាំងរួមគ្នា វាយសម្រុកឱ្យចំទិសដៅ ហើយឱ្យទាហានទាំងអស់ត្រូវស្លៀកពាក់ពណ៌ក្រហមតាមទាហានអង់គ្លេស ដែលស្លៀកក្នុងសម័យនោះ ហើយដែលបង្កលក្ខណៈងាយស្រួលឱ្យពួកឥណ្ឌាក្រហមក្នុងការវាយតបវិញ ។ ក្នុងការវាយប្រយុទ្ធគ្នានោះឧត្តមសេនីយ៍ប្រេតដក បានបាត់បង់ជីវិត ។ ហ្សក វ៉ាស៊ីងតោន ក៏ធ្លាប់ត្រូវរបួស ឯសេះរបស់គាត់ក៏ត្រូវរបួសញឹកញាប់ដែរ ប៉ុន្តែគាត់បានពុះពារជម្នះគ្រប់បែបយ៉ាងនិងជួយឱ្យទាហានរបស់ ឧត្តមសេនីយ៍ប្រេតដក បានរួចផុតគ្រោះថ្នាក់ជាច្រើននាក់ ។ សេចក្តីក្លាហាន និងដាច់ខាតក្នុងការអនុវត្តការងាររបស់លោកក្នុងសម័យនោះ បានលេចឮពេញទឹកដីអាណានិគមនិងទឹកដីថ្មីៗទៀតក្នុងពេលតមក ។
ហ្សក វ៉ាស៊ីនតោន ទទួលបានឈ្មោះថាជាឧត្តមសេនីយ៍ ដែលមានសមត្ថភាពចេះការពារខ្លួនឯង និងមានគំនិតយល់ដឹងចេះទទួលស្គាល់ស្ថានការណ៍និងគ្រោះថ្នាក់ផ្សេងៗបាន យ៉ាងត្រឹមត្រូវ តែលោកក៏ជាមនុស្សឆេវឆាវ ប៉ុន្តែក៏ពោរពេញទៅដោយគំនិតដាច់ខាត និងយកចិត្តទុកចិត្ត ធ្វើឱ្យកងទាហានទាំងឡាយតែងស្តាប់បញ្ជាលោក ។
ឆ្លងកាត់សង្គ្រាមដ៏វែងអន្លាយនៃការបដិវត្តន៍គ្រានោះ ធ្វើឱ្យលោកអាចឈោងសម្រេចបាននូវជ័យជម្នះធំៗជាច្រើន ។ ព្រមជាមួយគ្នានោះរដ្ឋទាំង១២នៃអាមេរិក ក៏បានប្រកាសឯករាជ្យ និងក្លាយជាប្រទេសសេរី រួចចាកផុតពីអាណានិគមអង់គ្លេស ហើយរូបលោកវ៉ាស៊ីងតោនក្រោយពេលសម្រេចកិច្ចការហើយ លោកក៏បានលាចេញមុខនាទី រួចទៅរស់នៅឯស្រុកកំណើតយ៉ាងស្ងៀមសា្ងត់ ដោយមិនបានទារគុណបំណាច់ពីប្រទេសជាតិ និងពីប្រជាជនឡើយ ។
គាត់ត្រឡប់មកជីវិតរកសេចក្តីសុខនៅតាមជួរភ្នំវើណន (Vernon) ដោយប្រាថ្នាថានឹងសម្រាកពីការងារ ។ ប៉ុន្តែនៅទីបំផុតដោយធន់នឹងការអំពាវនាវត្រូវការរបស់ប្រទេសជាតិ មិនបាន គាត់ក៏បានត្រឡប់ចូលមកបម្រើប្រទេសជាតិម្តងទៀត ក្នុងឋានៈជាបុគ្គលដែលមានខួរក្បាលភ្លឺថ្លា និងធ្វើការងារដោយដាច់ខាត ធ្វើឱ្យគេទទួលមុខនាទីជាប្រធានគណៈកម្មាការបង្កើតរដ្ឋធម្មនុញ្ញ ។
ក្រោយពីរដ្ឋធម្មនុញ្ញកើតរួច និងឆ្លងកាត់ការយល់ព្រមពីសភាមក លោកក៏ត្រូវបានជ្រើសតាំងឱ្យឡើង ធ្វើជាប្រធានាធិបតី ។ លោកជាវីរបុរសក្នុងសម័យនោះតែម្នាក់គត់ដែលត្រូវលើកសរសើរថា ជាអ្នកធ្វើឱ្យមានការវិវត្តន៍ឈានឡើងក្នុងការគ្រប់គ្រងប្រទេស ដោយឈរលើមូលដ្ឋានសេរីប្រជាធិបតេយ្យ លើសពីនោះទៅទៀតលោកក៏មិនព្រមឱ្យប្រជាជនលើកតម្កើងលោកក្នុងឋានៈដែល ហៅថា “ស៊ើ” (Sir) ដែរ ។ លោកមិនត្រឹមតែបានសម្តែងឱ្យឃើញនូវលក្ខណៈប្រជាធិបតេយ្យសេរីឱ្យដល់ ចំពោះប្រជាជនអាមេរិកាំងតែប៉ុណ្ណោះទេ វ៉ាស៊ីនតោននៅទទួលបានការកោតសរសើរ និងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រថា ជាបុគ្គលដែលប្រកបដោយគតិបណ្ឌិត និងចេះជួយដោះស្រាយបញ្ហាលំបាកក្រីក្ររបស់ប្រជាជនទាំងមូលឱ្យបាន ធូរធារ ។ អ៊ីចឹងហើយទើបលោកបានទទួលការតែងតាំងជាប្រធានាធិបតីបាន២អាណត្តិ រយៈពេល៨ឆ្នាំ និងនៅពេលចប់អាណត្តិទី២ នៅក្នុងឆ្នាំ ១៧៩៧ លោកក៏បានលាសុំចេញពីតំណែងដោយដាច់ខាត ទោះបីមានការអំពាវនាវពីប្រជាជន ដែលទាមទារឱ្យលោកនៅបន្តតំណែងទៀតក៏ដោយ ។ លោកក៏ត្រឡប់ទៅរស់នៅស្រុកកំណើតវិញម្តងទៀត ។
ជើងភ្នំវើណន ជាទស្សនីយភាពធម្មជាតិដ៏វិចិត្រ ជាមរតកដែលវ៉ាស៊ីនតោនទទួលបានពីបងប្រុសម្តាយទីទៃតាំងពីនៅយុវវ័យ ម្ល៉េះ ហើយពេលនោះលោកក៏បានក្លាយជាម្ចាស់ទឹកដីនេះវិញ ។ វ៉ាស៊ីនតោនមាន កូន២នាក់ ។ អតីតប្រធានាធិបតីដំបូងនេះ បានផ្លាស់លំនៅស្ថានពីសេតវិមាន (White House) មករស់នៅ ក្នុងជីវភាពស្ងៀមសា្ងត់តាមព្រៃភ្នំ ដោយលោកបានបង្កើតកន្លែងបសុសត្វ ម៉ាស៊ីនកិនស្រូវ រោងស្លដែក និងសិប្បកម្ម ហត្ថកម្មតូចៗលើទឹកដីកំណើតនេះ ហើយប្រែក្លាយទឹកដីនេះជាកន្លែងទទួលភ្ញៀវ ដែលមកពីក្រុងផ្សេងៗបានយ៉ាងល្អ ។
រស់ក្នុងជីវិតសួនតួបានរយៈពេល២ឆ្នាំ នៅពេលលោកទទួលអនិច្ចកម្មឆ្នាំ១៧៩៩ វ៉ាស៊ីនតោនបានចូលទៅសិក្សានិងស្រាវជ្រាវក្នុងរបរកសិកម្ម និងស្វែងយល់អំពីចំណេះផ្សេងៗ ដោយមិនទុកពេលឱ្យនៅទំនេរឥតប្រយោជន៍ឡើយ កាលពីនៅក្មេងលោកមិនបានរៀនដិតដល់ ។
លោកវ៉ាស៊ីងតោន បានស្លាប់នៅថៃ្ងទី១៤ ខែធ្នូ ឆ្នាំ១៧៩៩ ពេលលោកអាយុ៦៨ឆ្នាំដោយសារជំងឺ ។
ហ្សក វ៉ាស៊ីងតោន ទទួលបានរហស្សនាមថា “ជាអ្នកផ្តល់កំណើតឱ្យកើតមានសហរដ្ឋអាមេរិក ឬបិតានៃសហរដ្ឋអាមេរិក” ៕
ប្រភព៖ cen.com.kh
No comments:
Post a Comment