«បុគ្គលមានចំណេះចេះដឹងបំផុតនឹងប្រាប់ខ្លួនឯងថាល្ងង់បំផុត»
ជីវិតគឺការរៀនដឹង ហ្វឹកហាត់ តស៊ូនិងទទួលយកនូវសភាពពិតនៃធម្មជាតិ។ អ្នកប្រាជ្ញមួយចំនួន ពោលថា«ជីវិតគឺការអត់ធន់ សត្រូវគឺឱសថកំលាំងវិសេស»។ តែនឹងតស៊ូឬអត់នោះ យើង ត្រូវស្វែងយល់ពីគ្នា ក្នុងខណៈដែលយើងរស់នៅជាមួយគ្នា។
យើងត្រូវស្វែងយល់គ្រប់ពេលវេលា មិនថាតាមផ្លូវកាយឬចិត្ត។ តាមផ្លូវចិត្តនោះ ទោះបីជាយើង ចូលចិត្តឬមិនចូលចិត្ត ដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយ។
ខុងហ្ស៊ូបានពោលថា«ក្នុងចំណោមដែលដើរជុំគ្នាបីនាក់ នឹងមានម្នាក់ជាគ្រូរបស់ខ្ញុំជាសក្ខីភាពដ៏សំខាន់សម្រាប់ការស្វែងយល់នូវអ្វីដែលខ្ញុំបានរៀនមក»។ ហើយគាត់បានបញ្ជាក់ថា «ចំណេះ ដឹងពិតប្រាកដគឺពេលដឹងគ្រាន់តែថាដឹង ពេលមិនដឹងថាមិនដឹង នេះហើយ ជា អ្នកប្រាជ្ញពិតប្រាកដ»។
សូគ្រីតិសជាទស្សនវិទូដ៏ល្បីជនជាតិក្រិចបានពោលថា«ការដឹងខ្លួនឯងថាមិនដឹងអ្វីសោះនោះ ឈ្មោះថាជាប្រាជ្ញដ៏ឆ្នើម ហើយអ្នកដែលមានចំណេះចេះដឹង បំផុតនឹងប្រាប់ខ្លួនឯងថាមិន បានដឹងអ្វីសោះឡើយ»។
តែបច្ចប្បន្ន មនុស្សយើងមានអំនួតពេញខ្លួន មិនខុសពីអង្គុយលើចង្អេរលើកខ្លួនឯង។ ពេលខ្លះគ្រាន់ តែបានលឺ បានស្ដាប់ពីគេ ផ្ទុះសំលេងថា«ខ្លួនបានដឹងហើយ!!!!»។
បុគ្គលប្រភេទនេះត្រូវបានអវិជ្ជាបិតគ្របសង្កត់ លើកកំពស់ខ្លួនឯងរហូតបិតមិនឃើញនូវពន្លឺខ្លួនឯង។
ដោយបញ្ហានេះ ព្រះពុទ្ធសាសនានិកាយហ្ស៊េនព្យាយាមបំភ្លឺជនអន្ធការអោយឃើញនូវរស្មីនៃសច្ច ជីវិតគឺ«បើកចំហរនូវចក្ខុវិស័យនៃធម្មជាតិ»អោយជនអន្ធការបានឃើញស្មើរៗគ្នា។
សម័យមួយក្នុងរាជវង្សមេចិ ព្រះតេជគុណនាន់ អិននៃព្រះពុទ្ធសាសនានិកាយហ្ស៊េនបានស្វាគមន៍ សាស្ដ្រាចារ្យសកលវិទ្យាល័យដ៏ល្បីម្នាក់ដែលធ្វើដំណើរមកសួរបញ្ហាហ្ស៊េន។ ព្រះតេជគុណបាន ចាក់ទឹកតែជួនលោកសាស្ដ្រាចារ្យដោយខ្លួនឯង លោកចាក់ទឹកតែពេញពែងរហូតដល់ហូរហៀរ ចេញក្រៅហើយនៅតែចាក់ទឹកតែសាស្ដ្រាចារ្យសកលវិទ្យាល័យម្នាក់ នោះសង្កេតមើលនូវព្រឹត្ដិ កម្មរបស់ព្រះតេជគុណដោយប្លែកក្នុងចិត្ត អត់ធន់មិនបានក៏ចេញវាចាថា៖
ព្រះតេជគុណពេញហើយ ចាក់តទៅទៀតមិនបានទេ!
«លោកសាស្ដ្រាចារ្យឯងក៏ប្រដូចពែងទឹកតែហ្នឹង»ព្រះតេជគុណឆ្លើយតប«ខួរក្បាលរបស់លោក ពេញទៅដោយទស្សនគតិនិងទ្រឹស្ដីផ្សេងៗ ច្រើនអនេក តើអោយអាត្មានឹងអធិប្បាយរឿងហ្ស៊េន ម្ដេចទៅ បើលោកមិនធ្វើអោយពែងរបស់លោកទំនេរនោះទេ»។
បានចុះផ្សាយក្នុង ទស្សនវិជ្ជា
No comments:
Post a Comment