១) ជំនាន់ខ្មែរក្រហម តើខ្មែរឡូតត្រូវបានជន្លាសទៅទីណា?
ព្រៃក្តួចជាភូមិមួយ ឋិតនៅត្រើយខាងកើត ហើយមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីអ្នកលឿង ភូមិនេះឋិតក្នុងឃុំល្វា (ជំនាន់នោះគេហៅសង្កាត់) ស្រុកព្រះស្តេច ខេត្តព្រៃវែង (ជំនាន់នោះគេហៅតំបន់២៤) ភូមិព្រៃក្តួច (ជំនាន់នោះគេហៅសហករណ៏) ឋិតនៅខាងជើងផ្លូវជាតិលេខ១ មានដីស្រែប្រមាណ ៤០០ហិចតាសម្រាប់បង្កបង្កើនផល។ ភូមិនេះធ្វើតែស្រូវវស្សាទេ ព្រោះគ្មានទឹកធ្វើស្រូវប្រាំង ប្រជាជននៃភូមិនេះ ទាំងអ្នកថ្មី និងអ្នកចាស់មានប្រមាណជាង ១០០០នាក់ តាមការប៉ានស្មានអ្នកថ្មី(អ្នកភ្នំពេញ) អាចមានចំនួនច្រើនជាងអ្នកចាស់(អ្នកតស៊ូ)បន្តិច។ ខ្មែរឡូតទើបតែមកនៅភូមិនេះ នៅខែវិចិ្ឆកា ឆ្នាំ១៩៧៥ ប៉ុណ្ណោះ តាមពិតខ្មែរឡូតចេញពីភ្នំពេញនៅថ្ងៃទី១៨ ខែមេសា ដំបូងចង់ភាសខ្លួនទៅស្រុកយួន ពេលទៅមិនរួច ទើបដើររកភូមិដែលសម្បូរស្រូវអង្ករហូប ខ្មែរឡូតធ្លាប់នៅស្រុកស្អាង (ខេត្តកណ្តាល) ស្រុកលើកដែក (ខេត្តកណ្តាល) ស្រុកកំពង់ត្របែក(ខេត្តព្រៃវែង) ស្រុកព្រះស្តេច(ខេត្តព្រៃវែង) និងខេត្តស្វាយរៀង ឃើញសភាពការណ៏មិនស្រួល ទើបមកនៅភូមិព្រៃក្តួច ដែលជាភូមិចុងក្រោយ។ មូលហេតុដែលខ្មែរឡូតជ្រើសរើសភូមិនេះ ព្រោះមានដីស្រែច្រើន ពុំមានព្រៃ ពេលយប់ដេកមិនបាច់ចងមុង ព្រោះគ្មានមូសខាំ។ ដល់ចុងឆ្នាំ១៩៧៨ ខ្មែរឡូតត្រូវអង្គការជន្លាសជាលើកទី២ ចេញពីភូមិទៅអ្នកលឿង រង់ចាំអស់ ៤ថ្ងៃទើបមានកប៉ាល់ដឹកទៅច្បារអំពៅ រង់ចាំ ៣ថ្ងៃទើបមានរថយន្តដឹកខ្មែរឡូត ចេញពីច្បារអំពៅនៅម៉ោង ៥ភ្លឺទៅកាន់ស្ថានីយ៏រថភើ្លង រថយន្តបើកតាមផ្លូវព្រះនរោត្តម។ តាមផ្លូវគ្មានឡានហើយក៏គ្មានមនុស្សដែរ ផ្ទះសងខាងផ្លូវគ្មានមនុស្សរស់នៅទេ ពេលបើកមកដល់វិមានឯករាជ្យ ខ្មែរឡូតរន្ធត់ចិត្តអត់ឧបមា។ រថភ្លើងបន្តដឹកខ្មែរឡូតទៅហួសក្រុងពោធិសាត់ ប្រមាណ ៣០គីឡូម៉ែត្រ ទីនោះហៅថា “ស្រុកស្វាយដូនកែវ”។ ខ្មែរឡូតទៅដល់ទីនោះ នៅដើមខែធ្នូ ឆ្នាំ១៩៧៨ រស់នៅសហករណ៏ ជី ហ៊ួយ បានមួយខែ ភ្នំពេញត្រូវបានរំដោះ ខែ្មរក្រហមបន្តជន្លាសខ្មែរឡូតឡើងភ្នំចូលព្រៃជ្រៅ រហូតដល់ខែឧសភា ឆ្នាំ១៩៧៩ ទើបខ្មែរឡូតរត់ចេញពីព្រៃ ពេលនោះខ្មែរឡូតបានស្លាប់កូនប្រុសតែមួយគត់ នៅស្រុកឬស្សីក្រង ខ្មែរឡូតមកដល់ភ្នំពេញនៅខែមិថុនា ឆ្នាំ១៩៧៩ ហើយក៏ចូលមកជួយនិពន្ធសៀវភៅសិក្សាគណិតវិទ្យា ដើម្បីឲ្យសិស្សរៀន។
២) តើប្រជាជនអត់ឃ្លាននៅរដូវណា?
អំពីរោងបាយ៖
សហករណ៏ព្រែកក្តួច មានរោងបាយបី ចំពោះសហករណ៏តូចអាចមានតែរោងបាយមួយប៉ុណ្ណោះ។ រោងបាយមួយអាចចំណុះបានមនុស្ស ៥០នាក់ ជំនាន់នោះគេផ្តល់អាហារតែពីរពេលប៉ុណ្ណោះ គឺថ្ងៃត្រង់ និងល្ងាច។ ជារៀងរាល់ថ្ងៃ ខ្មែរឡូតឡើងភ្ជួររាស់តាំងពីម៉ោង ៣ភ្លឺ ដោយពុំមានអាហារពេលព្រឹកទេ។ ពេលហូបបាយ អ្នកខ្លះមកមុន អ្នកដែលមកក្រោយត្រូវរង់ចាំអ្នកមុនហូបរួច អ្នកជម្ងឺអាចសុំយកបានទៅហូបនៅផ្ទះបាន អ្នកដែលមកហូបពុំអាចយកបាយ ចេញពីរោងបាយបានទេ។ សម្លមានតែមួយមុខ ជួនកាលសម្លកកូរ សម្លប្រហើរ ឬសម្លម្ជូរ ហើយសម្លម្ជូរដើមចេក គឺជាម្ហូបប្រចាំត្រកូលរបស់ប៉ុលពត។
រដូវហូបបាយ៖
រដូវច្រូតកាត់ ជារដូវមានបាយហូប គឺពីខែវិចិ្ឆកា ដល់ខែមេសា បាយហូបសេរីគឺអស់ថែម ដោយឡែកសម្លអាចខ្វះ។ នៅរដូវសម្បូរហូប ខ្មែរឡូត ច្រើនធ្វើពុតជាឈឺ ដើម្បីសុំបាយទៅផ្ទះ ហូបខ្លះ និងយកមកហាល់ធ្វើបាយក្រៀមខ្លះ ដើម្បីទុកពេលអត់។ ចំនែកឯអ្នកចាស់វិញ ពុំសូវមកហូបនៅរោងបាយទេ ពួកគេភាគច្រើនតែងយកបាយទៅហូបតាមផ្ទះ ព្រោះគេមានម្ហូបផ្ទាល់ខ្លួន ដូចជាសាច់មាន់ សាច់ជ្រូកជាដើម។ អ្នកចាស់មានលទ្ធភាពគ្រប់បែបយ៉ាង មិនដូចជាអ្នកថ្មីនោះទេ។
រដូវហូបបបរ៖
ចាប់ពីខែឧសភាទៅ ស្រូវនៅជង្រុកចាប់ផ្តើមខើចបន្តិចម្តងៗ រោងបាយប្តូរពីដាំបាយមកដាំបបរវិញ។ នៅខែឧសភា បបរនៅមិនទាន់រាវនៅឡើយទេ ប៉ុន្តែចាប់ពីខែមិថុនា ដល់ខែតុលា ប្រជាជនហូបបបររាវ ជាពិសេសនៅខែកញ្ញា និងខែតុលា ដែលគេចាត់ទុកជារដូវទុរភិក្ស។ នៅរដូវនោះគ្មាននរណាដេកលក់ទេ នោមតែពីរដងធ្វើឲ្យអស់បបរ ដែលបានហូបពីល្ងាច ពេលយប់ម្នាក់ៗរិះរកអ្វីដែលអាចហូបបាន ចំនែកឯខ្មែរឡូតវិញ បានយកបាយក្រៀម ដែលបានសន្សំមកលីងហូប ដើម្បីបំពេញពោះ ជួនកាលខ្មែរឡូត និងអ្នកថ្មីដែលមានមាស ឬរបស់មានតម្លៃ ទៅដូរយកអង្ករពីអ្នកចាស់ ដើម្បីដាំបាយហូបបន្ថែម ចំពោះអ្នកថ្មីដែលគ្មានរបស់ដូរ ត្រូវរងគ្រោះអត់ឃ្លានរយៈពេល ៦ខែ។ នៅរដូវនោះម្នាក់ៗស្គមស្គាំ គ្មានកម្លាំងទេ ចំពោះអ្នកចាស់ពួកគេជាអ្នកកាន់ស្បៀង មិនខ្វះហូបនោះទេ ពួកគេហូបបាយរហូត ខណៈអ្នកថ្មីហូបបបរ។ ជាសំណាងរបស់ខ្មែរឡូតហើយ ដែលប្រធានសហករណ៏មិនសូវតឹងតែង កុំអីខ្មែរឡូតមិនបានរស់ ដល់សព្វថ្ងៃនោះទេ។
នៅតំបន់២៤ អ្នកដែលស្លាប់ដោយអត់បាយ មានមិនច្រើនទេ ប៉ុន្តែអ្នកដែលស្លាប់ដោយគេចោទថា ជាប៉ូលីស ទាហាន អ្នករាជការ ត្រូវបានកាប់សម្លាប់ច្រើនជាង បើធៀបទៅនឹងតំបន់ដទៃទៀត។ តាមពិតបើប្រធានសហករណ៏ចេះគិតគូរ គេអាចសន្សំអង្ករដែលហូប នៅដើមរដូវយកមកប៉ះប៉ូវនឹងចុងរដូវ នោះមនុស្សនឹងមានបាយហូប រហូតដល់រដូវច្រូតកាត់វិញពុំខាន។ នៅរដូវច្រូតកាត់ ភូមិខ្ញុំបានដឹកស្រូវលក់ឲ្យអង្គការប្រមាណ ៥០តោនក្នុងមួយឆ្នាំ ហើយបានមកវិញដូចជា ក្រណាត់ អំបិល ប្រេងកាត…។
ការអត់ឃ្លានពុំមែនកើតមាននៅភូមិខ្ញុំនោះទេ នៅតំបន់២៥ ត្រើយខាងលិចអ្នកលឿង ក៏ជួបគ្រោះទុរភិក្សដែរ។ នៅឆ្នាំ១៩៧៧ គេឲ្យខ្មែរឡូតជិះកប៉ាល់ទោដឹកដីខ្សាច់ នៅកោះមួយនៅក្បែរអ្នកលឿង ខ្មែរឡូតឆ្លៀតទៅលេងភូមិគេ បានឃើញប្រជាជនពុំមានបាយហូបទេ ពួកគេយកគ្រាប់ពោតទុំ មកស្ងោរហូបជំនួសបាយ។ ខ្មែរឡូតឃ្លានពោតលីង ក៏យកអង្ករមួយកំប៉ុង ដូរបានពោតពីរកំប៉ុង។
នៅឆ្នាំ១៩៧៧ ដដែល យោធាដែលជាអ្នកបើកកប៉ាល់ដឹកខ្សាច់ ទៅលេងប្រពន្ធកូននៅស្រុកល្វាឯម តំបន់២២ ពេលទៅដល់គេឲ្យខ្មែរឡូត ដេកយាមកប៉ាល់ ២ថ្ងៃ ខ្មែរឡូតឆ្លៀតឡើងច្រាំងទៅលេងភូមិគេ នៅល្វាឯម ខ្មែរឡូតឃើញអ្នកថ្មីច្រើនតែជាស្រ្តី ពេលសួរនាំ ប្តីរបស់គេភាគច្រើនត្រូវអង្គការយកទៅរៀនសូត្រ (សម្លាប់) នៅល្វាឯម ពួកគេមានបាយហូបតិចខែណាស់ ពេលខ្វះអង្ករ ពួកគេហូបបាយលាយសណ្តែកខៀវ ខ្មែរឡូតចង់បានសណ្តែកខៀវ ដើម្បីធ្វើថ្នាំគ្រុនក្តៅ ក៏យកអង្កពីរកំប៉ុង ដូរបានសណ្តែកខៀវប្រាំកំប៉ុង។
នៅសម័យខ្មែរក្រហម តំបន់នីមួយៗ សឹងតែម្ចាស់ការរៀងៗខ្លួន តំបន់ណាផលិតស្រូវ តំបននោះមានបាយហូប តំបន់ណាផលិតស្រូវ និងពោត គេហូបបាយលាយពោត។ គិតទៅការហូបចុកមានភាពខុសគ្នាៗ ទៅតាមតំបន់នីមួយៗ ពេលខ្មែរឡូតនៅច្បារអំពៅ ៣ថ្ងៃ ខ្មែរឡូតជួបប្រជាជន ដែលរស់នៅទីនោះ ដែលពួកគេសុទ្ធតែជាអ្នកចេះកាន់ម៉ាស៊ីនរោងចក្រ ហេតុនេះហើយទើបខ្មែរក្រហម ឲ្យគេធ្វើការនៅរោងចក្រ ពួកគេមានបាយហូបមួយឆ្នាំទល់មួយឆ្នាំ ពេលគេដឹងថា ខ្មែរឡូត ទើបមកពីខេត្តព្រៃវែង គេថាខ្មែរឡូតមានសំណាងណាស់ជាងពួកគេ មានសេរីភាពជាពួកគេ ដែលមួយថ្ងៃៗនៅតែក្នុងរោងចក្រ ខ្មែរឡូត ប្រាប់ពួកគេថា ពួកឯងមានបាយហូបគ្រប់ ពេលឈឺមានថ្នាំពេទ្យ ចំណែកឯខ្មែរឡូតវិញ ក្នុងមួយឆ្នាំអត់ឃ្លាន ៦ខែ បើឈឺធ្ងន់ពុំមានថ្នាំពេទ្យព្យាបាល អាចស្លាប់នៅពេលណាមួយ ឥឡូវនេះអង្គការជន្លាសទៅពោធិសាត់ទៀត មិនដឹងថាស្លាប់ឬរស់ផង។
ពេលខ្មែរឡូតទៅដល់ស្វាយដូនកែវដំបូង អ្នកថ្មីដែលបានរស់នៅទីនោះ តាំងពីឆ្នាំ១៩៧៥ បានប្រាប់ខ្មែរឡូតថា ពួកអ្នកសំណាងហើយ ឥឡូវមានស្រូវអង្កហូបគ្រប់គ្រាន់ហើយ ពីមុខ(១៩៧៥-១៩៧៦) ពួកខ្ញុំអត់បាយស្លាប់អស់ពាក់កណ្តាលទៅហើយ ពេលសួរច្រើនគ្រួសារទើបខ្មែរឡូតជឿថា តំបន់នេះពិតជាតំបន់ដែលស្លាប់ដោយអត់បាយ ច្រើនជាងការកាប់សម្លាប់។
៣) តើថ្នាក់ណាដែលបានដឹងថាប្រជាជនអត់បាយ?
ឈ្មោះវុន ប្រធានសហករណ៏នៃភូមិព្រែកក្តួច ដែលជាអ្នកដឹងច្បាស់ អំពីការអត់ឃ្លានរបស់ប្រជាជន ឈ្មោះផល ប្រធានសង្កាត់ល្វា ក៏ដឹងគ្រោះទុរភិក្សតែងតែកើតឡើង នៅរដូវវស្សាដែរ ឈ្មោះគី កម្មាភិបាលថ្នាក់ស្រុក ទទួលបន្ទុកសន្តិសុខ គាត់ក៏ដឹងអ្នកថ្មីហូបមិនឆ្អែតដែរ។ ខ្មែរឡូត ស្គាល់ឈ្មោះគី ក៏ដោយសារនៅផ្ទះជាមួយគាត់មួយរយៈ (ក្រោយថ្ងៃរំដោះ អ្នកថ្មីភាគច្រើនត្រូវអង្គការ ផ្ញើរឲ្យជ្រកនៅជាមួយអ្នកចាស់ ជាបណ្តោះអាសន្ន)។ ឈ្មោះគី មួយខែមកលេងប្រពន្ធកូនម្តង គាត់ជាអ្នកគ្រប់គ្រងអ្នករៀងសូត្រ ដែលជាអតីតប៉ូលីស ទាហ៊ាន អ្នករាជការលន់នល់ នរណាក៏ល្បីថាគាត់កាចណាស់ ដើម្បីយកចិត្តគាត់ ខ្មែរឡូត តែងតែរែកទឹកឲ្យប្រពន្ធកូនគាត់ប្រើ។ ថ្ងៃមួយគាត់សួរខ្មែរឡូតថា “នៅភ្នំពេញធ្វើអី?” ខ្ញុំមិនហ៊ានមើលមុខគាត់ចំទេ ប្រពន្ធខ្មែរឡូតឆ្លើយជំនួសថា “លក់ដូរតូចតាច” ឈ្មោះគី ក្រោយមកត្រូវក្រុមតាម៉ុកចាប់។
ឈ្មោះស៊ាង ក៏ជាអ្នកធ្វើធំម្នាក់នៅថ្នាក់ស្រុកដែរ អង្គការចាត់ឲ្យមកគ្រប់គ្រង ការដ្ឋានស្ថានីយ៏បូមទឹកនៅវត្តពោធិលាស់ ដែលមានពលករជាង ២០០០នាក់ គាត់ក៏ដឹងការហូបខ្វះខាត់របស់ប្រជាជនដែរ។ ឈ្មោះស៊ាង ក្រោយមកមានរឿងអាស្រូវជាមួយនារី អង្គការដកតួនាទីឲ្យកាប់ដីដូចប្រជាជនធម្មតាវិញ រឿងនេះធ្វើឲ្យខ្មែរឡូតដឹងថា ក្នុងរបបខ្មែរក្រហម ក៏មានបក្សពួកដែរ ព្រោះបើតាមកំហុសឈ្មោះស៊ាង អង្គការត្រូវតែយកទៅសម្លាប់ចោលទើបត្រូវ។
ចំពោះលេខាតំបន់២៤ (ចាហ្វាយខេត្ត) ខ្មែរឡូតមិនដែលឃើញមុខ ហើយក៏មិនដឹងថាជានរណា ទើបតែពេលទៅចូលរួម Meeting ទើបដឹងឈ្មោះឈូក ជាលេខាតំបន់២៤ ត្រូវអង្គការចាប់យកទៅ សម្លាប់នៅគុគទួលស្លែង យ៉ាងហោចណាស់ក៏ឈ្មោះឈូក ដឹងអ្នកថ្មីអត់បាយតាមរយៈប្រពន្ធកូន ឬសាច់ញ្ញាតិ ដែលរស់នៅផ្ទាល់ជាមួយប្រជាជនក្នុងភូមិ។
នៅដើមឆ្នាំ១៩៧៧ គេប្រាប់ខ្មែរឡូតទៅចូលរួម Meeting ធំមួយ នៅរបបខ្មែរក្រហម នរណាក៏ភ័យព្រួយពេលគេហៅទៅប្រជុំ ឬប្តូរទៅធ្វើការនៅកន្លែងថ្មី ព្រោះវាជាលេស ដែលគេយកមនុស្សទៅសម្លាប់ចោល។ ការប្រជុំលើកនេះ មានលក្ខណៈជាទ្រង់ទ្រាយធំ ព្រោះមានឧបករណ៏ មេក្រូ ព្រមទាំងមានបដាសរសេរថា កំទេចពួកស៊ីរូងផ្ទៃក្នុង កំទេចពួក កាសេបេ(ភ្នាក់ងារសម្ងាត់សូវៀត)។ អ្នកដឹងនាំការប្រជុំ និយាយស្តីម៉ឺងម៉ាត់ ទឹកមុខពោរពេញទៅដោយ ការចងកំហឹង ខ្លឹមសារនៃការប្រជុំ មិនត្រឹមតែជំរុញឲ្យប្រជាជន ប្រឹងប្រែងធ្វើពលកម្ម ដើម្បីកសាងប្រទេសនោះទេ គោលបំណងធំគឺ បំបាក់ស្មារតីចំពោះអ្នកដែលចង់សារើ។ ឆ្នាំ១៩៧៥ គេច្រើននិយាយថាកំទេចពួក សេអ៊ឺអា(ភ្នាក់ងារអាមេរិក) មុខសញ្ញាសេអ៊ឺអា គឺសំដៅអ្នកថ្មី ដែលជាអតីតប៉ូលីស ទាហាន រាជការ និងបញ្ញាវ័ន លើកនេះគេបែរមុខព្រួញ មករកពួកកាសេបេវិញ។ គេជេរឈ្មោះឈូក និងឈ្មោះចក្រី ដែលជាមេទ័ពនៃតំបន់២៤ ថាជាអាយ៉ងយួន។ ខ្មែរឡូត ស្គាល់តួនាទីរបស់ឈូក និងចក្រីក៏ដោយសារអ្នកចាស់ដែរ។ រីឯពាក្យកាត់ កាសេបេ ក៏ខ្មែរឡូតទើបតែស្គាល់ជាលើកទី១ នៅក្នុងការប្រជុំនោះដែរ។ ដើមឡើយខ្មែរឡូតមានការតក់ស្លុត នឹងពាក្យកំទេចពួកស៊ីរូងផ្ទៃក្នុង ព្រោះខ្លាចគេសារើដល់អ្នក ដែលបានរៀនជ្រៅជ្រះ ឥឡូវនេះគេបែរជាសំដៅ មករកពួកកម្មាភិបាល ដែលស្និទនឹងយួន រឿងនេះធ្វើឲ្យខ្មែរឡូតធូរចិត្តបន្តិច។ ពួកដែលប៉ុលពតចោទថា ជាអ្នកចូលដៃជាមួយយួន គឺកម្មាភិបាលដែលឋិតនៅ ត្រើយខាងកើតនៃទន្លេមេគង្គ ហៅថាភូមិភាគបូព៌ា មេខ្លោងធំគឺឈ្មោះ សោភឹម លេខាភូមិភាគនៃប៉ុលពត។
នៅដើមឆ្នាំ១៩៧៨ គេប្រាប់ឲ្យទៅចូលរួមស្តាប់ បាឋកថារបស់កម្មាភិបាល ដែលមកពីមជ្ឍឹម(ភ្នំពេញ) ថ្ងៃនោះខ្មែរឡូតទៅចាំមុនគេ ព្រោះចង់ដឹងពីបញ្ហា ការបើកឲ្យមានការលក់ដូរ ការចាយលុយ ជាពិសេសការហៅគ្រូបង្រៀនដូចខ្មែរឡូត ឲ្យទៅបង្រៀនសិស្សវិញ។ កម្មាភិបាលដែលមកមានពីរនាក់ គឺស្រ្តីម្នាក់ និងបុរសម្នាក់ ពួកគេមានវ័យប្រមាណ ៤០ឆ្នាំ។ ពួកគេមានទឹកមុខញញឹមជានិច្ច ការនិយាយស្តីសុភាពរាបសារ គ្មានកំហក និងចងកំហឹងដូចថ្នាក់ភូមិ ឃុំ ស្រុកនោះទេ ពួកគេលើកសរសើអំពីសមិទ្ធផល ដែលពួកយើងបានធ្វើដូចជា ការបង្កបង្កើនផល លើកទំនប់ ជីកប្រឡាយ គេក៏ឆ្លៀតឪកាសសួរសុខទុក្ខពួយយើងដែរ។ ពួកគេមកចំពេល ដែលមានបាយហូប តើខ្មែរឡូតហ៊ានប្រាប់គេអំពី ការអត់ឃ្លាននៅរដូវវស្សាឬទេ? ដាច់ខាតមិនហ៊ានទេ ព្រោះអ្នកដែលអង្គុយអមសងខាងគេ មានថ្នាក់ ឃុំ ស្រុក។ ពួកគេទំនងជាអតីតគ្រូបង្រៀន ពិតមែនតែខ្មែរឡូតជាសាស្រ្តចារ្យ ប៉ុន្តែស្គាល់គ្រូមិនអស់ទេ ខ្មែរឡូតស្គាល់ ទីវ អុល សាស្រ្តចារ្យខ្មែរ ដែលបានរត់ចូលព្រៃនៅឆ្នាំ១៩៦៧ គាត់បាននិពន្ធសៀវភៅអក្សរសាស្រ្ត សម្រាប់ឲ្យសិស្សរៀននៅមធ្យមសិក្សា ហើយទីវ អុល ជាអនុរដ្ឋមន្រ្តីអប់រំ នៃរបបខ្មែរក្រហម។ ពេលគេឲ្យប្រជាជនសួរ ឬមានសំណូមពរ ដំបូងពុំមានមនុស្សឡើងសួរទេ ក្រោយមកមានអ្នកថ្មីម្នាក់ឡើងមកសុំ ពឹងឲ្យគាត់បានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅឯខេត្តកំពង់ចាមវិញ ព្រោះមានបងប្អូននៅទីនោះ កម្មាភិបាលមជ្ឍឹមទទួលយកសំណើរ ថានឹងពិគ្រោះ ជាមួយអង្គការ ទីបំផុតខ្មែរឡូតពុំឃើញអ្នកថ្មីនោះ បានទៅរស់នៅកំពង់ចាម តាមការសុំរបស់គេឡើយ។
គិតទៅខ្មែរក្រហមតែងតែប្រើពាក្យអង្គការ ដើម្បីឆ្លើយយករួចខ្លួន បើទោះជាកម្មាភិបាលថ្នាក់មជ្ឍឹម ដែលបានចុះមកផ្ទាល់ជាមួយប្រជាជនមួយថ្ងៃ ក៏ពុំអាចដឹងការខ្វះខាតស្បៀងរបស់ប្រជាជន ដល់កម្រិតណានោះទេ ចុះទម្រាំប៉ុលពត ដែលរស់នៅភ្នំពេញ តាមការប៉ាន់ស្មានរបស់ខ្មែរឡូត ប៉ុលពតស្លាប់ទៅវិញក៏នឹកមិនដល់ថា ប្រជាជនធើ្វស្រែស្ទើរតែ ១០០% បែរជាខ្វះអាហារហូបរហូតដល់ដាច់ពោះស្លាប់នោះទេ នោះមិនខុសពីលន់នល់ មិនបានដឹងតម្លៃគុយទាវបានឡើងថ្លៃ ពី ៥៛ ដល់ ៥០០៛ ក្នុងមួយចាន(ឡើងថ្លៃ១០០ដង) ខណៈដែលប្រាក់ខែត្រូវបានតម្លើងតែ៥ដងប៉ុណ្ណោះ។
សេចក្តីបញ្ជាក់
អត្ថបទដែលខ្មែរឡូតសរសេរ ពុំមានលក្ខណៈប្រវត្តិសាស្រ្តទេ វាគ្រាន់តែជាព្រឹត្តិការណ៏នៃមួយជ្រុងតូច ដែលខ្មែរឡូតធ្លាប់ឆ្លងកាត់ ហេតុនេះពុំមានឯកសារយោងទេ។ គោលបំណងធំគឺ ចង់រំលឹកអនុស្សវរីយ៏ ដែលរស់នៅរបបខ្មែរក្រហម ហើយក៏រំលឹកដល់ការបាត់បង់កូនប្រុសច្បង របស់ខ្មែរឡូតផងដែរ។
ហេតុនេះសូមប្រិយមិត្តចាត់ទុកអត្ថបទនេះ ជារឿងនិទានបានហើយ កុំចាត់ទុកវាជាឯកសារផ្លូវការឲ្យសោះ ព្រោះវាគ្រាន់តែជាទស្សនវិភាគ របស់បុគ្គលម្នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតចង់បាន ការរិះគន់ ការបំពេញចំណេះបន្ថែម ដែលខ្មែរឡូតខ្វះចន្លោះ។ ធម្មតា ខ្មែរឡូត ម្នាក់ឯងធ្វើម៉េចដឹងចេះអស់។ តោងដឹងថាវេទិកា “Comment” គឺជាឃ្លាំងនៃចំណេះដឹង ខ្មែរឡូតនឹងប្រមូលចំណេះដឹដង ដ៏ធំធេងរបស់ប្រិយមិត្តដើម្បីចងក្រង ជាឯកសារមួយទៀត ដែលមានសារប្រយោជន៏ដល់សង្គមជាតិ។
បញ្ជាក់៖ ខ្មែរឡូត នឹងធ្វើការចុះផ្សាយនូវអត្ថបទ "ហេតុអ្វីបានជាប៉ុលពត មិនចាយលុយដូចប្រទេសសង្គមនិយមដទៃ?" នៅលេខក្រោយ។
ដោយ ៖ Bi
ខ្មែរឡូត
No comments:
Post a Comment