Monday, December 23, 2013

ប្រវត្តិ​«លោកតា​ណូអែល» នៃ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិស្មាស

បុណ្យណូអែល (Noël) ដែលគេនាំគ្នាប្រារព្វជារៀងរាល់ឆ្នាំនេះ យកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យសាំង នីកូឡា (saint Nicolas) តាមរបែបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូ​អែល»មានឈ្មោះថា «សានតា ក្លូស (Santa Claus - ឈ្មោះ​ហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅសតវត្សទី១៩។ នៅ​បារាំង គេទើបនឹងចាប់​ផ្ដើមនិយាយខ្លាំង ពី«លោកតាណូអែល» នៅកណ្ដាលសតវត្សទី២០ប៉ុណ្ណោះ។ ការងារ​របស់ «សានតា ក្លូស ឬ លោកតា​ណូអែល» គឺគាត់ដើរចែកអំណោយ ទៅគ្រប់កូនក្មេងណាដែលស្លូតបូត ត្រឹមត្រូវ នៅក្នុង​រាត្រីបុណ្យថ្ងៃទី២៤ ចូលមក​ថ្ងៃ​ទី២៥ធ្នូ។

«លោកតាណូអែល» ឬ «សានតា ក្លូស» កំពុងដើរតាមផ្ទះចែកអំណោយ។ រូបភាពគំនូរ។
«លោកតាណូអែល» ក៏ត្រូវបានគេប្រារព្វ យករូបរាងតាម ជូលេនីស (Julenisse) មនុស្សតូចល្អិតមានពុកមាត់សរ ពាក់​មួកវែងស្រួចចុង របស់ជនជាតិអ៊ឺរ៉ុបខាងជើង (ស៊ុយអែដ និងណ័រវេស)  ដែលដើរយកអំណោយ អោយកូនក្មេង នៅពេល​បុណ្យ កណ្ដាលរដូវធ្លាក់ទឹកកក។
តែបើទោះជាការនិទានតៗគ្នា មានយ៉ាងច្រើនសម្បូរបែបយ៉ាងណាក៏ដោយ ក៏ពេលនេះ គេបានចាត់ទុកជាទូទៅ ថា​«លោកតាណូអែល» ជាមនុស្សចាស់ចិត្តល្អម្នាក់ មានពុកមាត់សរវែង ស្លៀកពាក់ខោអាវក្រាស់ ពណ៌ក្រហម និងមាន​ជាយពណ៌សរ។ គាត់រស់នៅតំបន់ខាងជើងនៃផែនដី គ្របដណ្ដប់ដោយព្រិល និងដើរចែកអំណោយ​អោយ​ដល់​ក្មេងៗ។ «លោកតាណូអែល» មានយានជំនិះមួយ អាចហោះបាន និងចូលចែកអំណោយតាមបំពង់​ផ្សែងនៃចង្ក្រាន​កម្ដៅ តាម​ផ្ទះនីមួយៗ។
ប្រវត្តិរបស់ «សាំង នីកូឡា (saint Nicolas)» ឬ «លោកតាណូអែល»
ដើមកំណើតនៃ«លោកតាណូអែល» ជាសាំង នីកូឡា (saint Nicolas - បុព្វជិក ឈ្មោះ នីកូឡា) ដែលជា​បុព្វជិក​ពិត​ម្នាក់ ក្នុងសាសាគ្រឹស្តិ៍ ដែលមានជីវិតរស់នៅតាំងពី សតវត្សទី៣ នៅក្បែរនឹងទីក្រុង អានតាលីយ៉ា​ (Antalya) ក្នុង​ផ្នែកខាង​ត្បូងនៃប្រទេសទួរគីសព្វថ្ងៃ។ តាមគម្ពីដែលបានសរសេរទុក  បុព្វជិក ឈ្មោះ នីកូឡា នេះបានជួយ​សង្គ្រោះ​ជីវិត កុមារ​បាន៣នាក់។ ចាប់តាំងពីសតវត្សទី១៦មក វីរភាពរបស់បុព្វជិក ត្រូវបានគេលើកយកមកនិយាយ យ៉ាង​ច្រើនឡើងវិញ តាមរយះតួអង្គរបស់លោកឪពុក ហ្វូអេតារ (Fouettard) ដែលបានប្រើរំពាត់ខ្សែរតី វាយ​បីសាច​កុមារ​ជាច្រើននាក់។ តែ​តួអង្គនេះ មិនត្រូវបានគេលើកយកមកនិទានឡើងវិញ ក្នុងព្រេងកថារបស់ «សានតា ក្លូស»ទេ។
នៅអ៊ឺរ៉ុប ជំនឿដែលនិយាយទាក់ទងនឹងរដូវធ្លាក់ទឹកកក បានកើតមានតាំងពីយូរយារណាស់មកហើយ។ ដើម្បី​បញ្ជៀស​ការភិតភ័យនឹងអន្ធការ ទំនៀមទំលាប់សាសនាចម្រុះមួយ បានប្រាប់អោយមនុស្សវ័យក្មេងៗ ជាច្រើននាក់ ចាប់ដៃបន្តគ្នា និងដើរពីផ្ទះមួយទៅផ្ទះមួយទៀត ដើម្បីសុំការដាក់ទាន។ នៅពីមុខក្បួននេះ មានមនុស្សចាស់ម្នាក់ ជាអ្នកដឹកនាំ ហើយ​គេបានហៅឈ្មោះគាត់ថា«ណូអែល»។ ឈ្មោះនេះ បានលេចលឺឡើងនៅនៃអ៊ឺរ៉ុបខាងលិច ជា​ពិសេសនៅក្នុងប្រទេស​បារាំង នៅក្រោយបន្ទាប់ពីសតវត្សទី១២មកនោះ។ នៅក្នុងយុគសម័យកណ្ដាល ព្រះវិហារ​កាតូលីកមានបំណងចង់អោយ​គេជំនួស តួអង្គតំណាងសាសនាចម្រុះនេះ ជាបុព្វជិកនៃសាសនាគ្រឹស្តិ៍វិញ។ ដូច្នេះ​ហើយ វាត្រូវចំនឹងប្រវត្តិរឿងរបស់ បុព្វជិក​ នីកូឡា នេះតែម្ដង ដែលចាប់ពីពេលនោះ បានក្លាយទៅជាបុព្វជិកមួយរូប ក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកការពារ​ទៅ​ដល់កុមារ​ទាំងឡាយ។​ គេបានជ្រើសរើសយក ថ្ងៃទី៦ធ្នូ ក្នុងរដូវធ្លាក់ទឹកកក ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំលឹកពីបុព្វជិក​រូបនេះ និងបានសាងរូបតំណាងអោយបុព្វជិក ជាបុរសចំណាស់ មាន​ពុកមាត់វែង (...)។
នៅក្នុងសម័យកាល នៃកំណែរទម្រង់ ពួកអ្នកកាន់សាសនាគ្រឹស្ត៍ និកាយប្រូតេស្តង់ បានបោះបង់ចោលតួអង្គ បុព្វជិក នីកូឡា ហើយបានដាក់ជំនួសវិញ នូវ«កូនរបស់ព្រះយេស៊ូ»។ នៅប្រទេសហូឡង់ បុព្វជិក នីកូឡា បានក្លាយជាតួអង្គ​មួយទៀត ពាក់កណ្ដាលជាជនសមញ្ញ មានឈ្មោះថា «សានតា ក្លូស»។ នៅសតវត្សទី១៨ ចក្រភពអាឡឺម៉ង់ បាន​បង្កើត​ឡើងនូវ របៀបរបបរស់នៅ និងច្បាប់ទំលាប់ នៃ«ភាពកណ្ដាលមិនប្រកាន់សាសនា» ហើយបានជំនួស​គ្រប់​តួ​អង្គ​ទាំង​អស់ខាងលើ ដោយនិមិត្តរូបចាស់បូរាណមួយរបស់ខ្លួន ដែលមានលក្ខណៈដូចទៅនឹងតួអង្គក្នុងរឿងនិទាន។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក បានយកទំលាប់របស់ប្រទេសហូឡង់ ដើម្បីប្រារព្ធពិធីបុណ្យនេះ ដោយ​សារ​មកពីនៅសតវត្សទី១៨ ពួកជនជាតិហូឡង់ដ៏មានឥទ្ធិពល បានបង្កើតទីក្រុងមួយឈ្មោះ «អាមស្ទែដាមថ្មី» ដែល​បាន​ក្លាយ ជាទីក្រុង«ញ៉ូយក» នៅពេលពួកអង់គ្លេសចូលទៅកាន់កាប់បន្ទាប់ក្រោយមក។ ការប្រារព្ធធ្វើបុណ្យនេះ មាន​បំណង​ចង់​អោយរង្វាន់ទៅកុមារស្លូតបូត ត្រឹមត្រូវ និងស្ដាប់បង្គាប់ តែបានដាក់ពិន័យទៅ កុមារណាដែល​ខិល​ខូច។
ក្នុងឆ្នាំ១៨២២ អ្នកផ្សាយសាសនាម្នាក់ ឈ្មោះ ក្លេមេន ក្លាគី ម័រ បានផ្សាយកំណាព្យមួយ និយាយពី«ការមក​លេង​របស់ បុព្វជិក នីកូឡា» ដែលបានរៀបរាប់ពីចរិករបស់បុព្វជិកនេះ ថាមានចិត្តល្អ ជក់ខ្សៀរ និងញញឹមរាក់ទាក់។ កំណាព្យនេះ បានក្លាយជាគោលសំខាន់មួយទៀត សម្រាប់បកស្រាយពីបុណ្យនេះ ក្នុងសម័យកាលទំនើប។ កំណាព្យ​របស់​អ្នកផ្សាយ​សាសនា ត្រូវបានកាសែតសង់ទីនែល (Sentinel) នៃទីក្រុងញ៉ូយក យកទៅផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៨២៣ ហើយត្រូវបានកាសែតផ្សេងទៀត ដកស្រង់ផ្សាយបន្តបន្ទាប់ និងក្រោយមក មានការ​បកប្រែ​ចេញ​ទៅ​ជាច្រើន​ភាសា​ក្នុង​ពិភពលោក។ ចំណែកឯប្រទេសអង់គ្លេស បានទទួលយកបុណ្យនេះមកប្រារព្ធ នៅចាប់ពីឆ្នាំ​១៨៥០​មក​ ខណៈប្រទេស​បារាំងបាននៅស្មោះស្ម័គ្រ នឹងទំនៀមទំលាប់នៃតួអង្គ«លោកតាណូអែល»របស់ខ្លួន តែពិធីបុណ្យ​បានចាប់ផ្ដើម​មាន​ប្រជាប្រិយភាពខ្លាំង នៅក្រោយសង្គ្រាមលោកលើកទីពីរ បន្ទាប់ពីកងទ័ពអាមេរិក ចូលមកជួយ​បណ្ដេញអាឡឺម៉ង់ ចេញ​ពីប្រទេស។
ចំពោះ​ថ្ងៃទី២៥ខែធ្នូនេះ ជាថ្ងៃនៃការកំណត់ផ្សេងមួយទៀត ដើម្បីរំលឹកពីថ្ងៃចាប់កំណើតព្រះយេស៊ូ គ្រឹស្ដ៍ ដោយ​យោង​ទៅលើអត្ថបទសរសេរទុក នៅក្នុងព្រះគម្ពី អេវ៉ង់ជីល ( Évangiles) របស់បុព្វជិក លុច និង ម៉ាទីជើ។ ប៉ុន្តែថ្ងៃនេះ មិនមាន​ទំនាក់ទនងអ្វីនឹងរូបរាងតំណាងរបស់«លោកតាណូអែល» ដែលតាមប្រវត្តិដូចបានរៀបរាប់ខាងលើ បាន​ត្រូវគេប្រារព្ធនៅ​មុន​ថ្ងៃ​ទី២៥ខែធ្នូនោះទេ។
នៅពេលបច្ចុប្បន្ន មានប្រទេសជាច្រើនផ្សេងទៀត ដែលមិនមានទំនៀមទំលាប់បែបសាសនាគ្រឹស្ត៍ ដូចយ៉ាង​ប្រទេស​ចិន បានកំណត់យកថ្ងៃទី ២៥ធ្នូ ដើម្បីធ្វើបុណ្យ «សានតា ក្លូស» ឬ«សាំង នីកូឡា» ឬ«លោកតាណូអែល» ហើយ​ពួកគេ​បាន​តុបតែងផ្ទះសម្បែង ឬទីក្រុង ដើម្បីជាឱកាស ចែកចាយអំណោយ ឬរង្វាន់ទៅអោយផងគ្នា បរិភោគអាហារ​ឆ្ងាញ់ៗ ជា​លក្ខណៈសប្បាយជួបជុំគ្រួសារ៕
-------------------------------------------------------
ដោយ៖ ដាវុឌ្ឍា កែវ - ប៉ារីស ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាង ដោយមនោរម្យព័ងអាំងហ្វូ។

No comments:

Post a Comment