Friday, December 20, 2013

ការ​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ


 
ដើម្បី​ធ្វើការ​រកស៊ី​ប្រកបដោយ​ជោគជ័យ​បាន​ លោក​អ្នក​ត្រូវ​ស្វែង​យល់​អំពី​អតិថិជន​ទាំង​ចាស់​ទាំង​ថ្មី​ របស់​លោក​អ្នក​ អំពី​គូប្រជែង​របស់​លោក​អ្នក​ ហើយ​និង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ទីផ្សារ​ នៃ​មុខរបរ​របស់​លោក​អ្នក​ ដោយ​ដឹកនាំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ​មួយ​ឡើង​។​ នោះ​គឺជា​ដំណើរការ​នៃ​ការ​ប្រមែប្រមូល​និង​វិភាគ​ទិន្នន័យ​ស្តី​ពី​អ្នក​ ប្រើប្រាស់​និង​សេដ្ឋកិច្ច​ ដែល​នឹង​ជួយ​ឲ្យ​លោក​អ្នក​បាន​យល់​ដឹង​ថា​តើ​អតិថិជន​គេ​ត្រូវការ​ចង់បាន​ ផលិតផល​ឬ​សេវា​អ្វី​ ហើយ​និង​ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​វា​ពិសេស​ ជាង​ដៃគូ​ប្រកួតប្រជែង​។​
ការ​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ​ក៏​អាច​នឹង​ជួយ​ឲ្យ​លោក​អ្នក​បាន​ដឹងផង​ដែរ​អំពី​÷
•​    ​ហានិភ័យ​ដែល​អាច​នឹង​កើត​មាន​ចំពោះ​មុខរបរ​របស់​លោក​អ្នក​
•​    ​បញ្ហា​ដែល​អាច​នឹង​លេច​ចេញ​ឡើង​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​
•​    ​កំណត់​រក​ឃើញ​កាលានុវត្តភាព​នៃ​ការ​លក់​
•​    ​រៀបចំ​ផែនការអាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​។​
ចុះ​តើ​ដឹកនាំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ​យ៉ាងណា​ទៅ​?
តាម​ពិត​ទៅ​ វា​ហាក់ដូចជា​ពិបាក​បន្តិច​នឹង​ដឹង​ថា​តើ​ត្រូវ​ចាប់ផ្តើម​ពី​ត្រង់​ណា​។​ ជា​ទូទៅ​ មានការ​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ​ពីរ​បែប​។​
១-​ ការ​សិក្សា​ស្រាវជ្រាវ​បឋម​:​ លោក​អ្នក​ចុះ​ទៅ​ដល់​ប្រភព​ដោយ​ផ្ទាល់​ ដើម្បី​ប្រមូល​ព័ត៌មាន​  ឬ​សួរ​សំណួរ​។​ កិច្ចការ​ដែល​ត្រូវធ្វើ​នៅ​ក្នុង​ដំណាក់កាល​នេះ​ រួម​មាន​:
•​    ​ការ​រៀបចំ​ក្រុម​ពិភាក្សា​នៅ​ក្នុង​ចំណោម​សមាជិក​នៃ​ទីផ្សារ​គោលដៅ​
•​    ​ការ​សម្ភាសន៍​សមាជិក​នៃ​ទីផ្សារ​គោលដៅ​ ដោយ​ផ្ទាល់​ឬ​ដោយ​ទូរស័ព្ទ​
•​    ​ការ​ចុះ​ពិនិត្យ​ទីកន្លែង​របស់​គូប្រជែង​
•​    ​ការ​ដឹកនាំ​ការ​អង្កេត​អំពី​ទីផ្សារ​គោលដៅ​ដោយ​ផ្ទាល់​ ឬ​តាម​ប្រព័ន្ធ​ព័ត៌មាន​ ឬ​តាម​អាំង​ទែ​រ​ណិ​ត​
• ​    ​ការ​សង្កេត​មើល​ទីផ្សារ​គោលដៅ​(​ដូច​ជា​នៅ​ក្នុង​ទីផ្សារ​តូច​ណាមួយ​ នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​សហគមន៍​ណាមួយ​)​ ហើយ​កត់ចំណាំ​ថា​មាន​ដំណើរការ​យ៉ាងដូចម្តេច​។​
២-​ ការ​សិក្សា​ស្រាវជ្រាវ​តាម​ប្រភព​ព័ត៌មាន​ដែល​មាន​ស្រាប់​:​ លោក​អ្នក​មិន​ចុះ​ទៅ​ធ្វើការ​សិក្សា​ដោយ​ផ្ទាល់​ទេ​ ប៉ុន្តែ​ស្រាវជ្រាវ​តាម​ព័ត៌មាន​ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​គេ​បាន​ធ្វើ​ រួច​ហើយ​ ដោយ​:
•​    ​មើល​ព័ត៌មាន​ដែល​មាន​ចុះ​នៅ​ក្នុង​សារព័ត៌មាន​ ការ​បោះពុម្ពផ្សាយ​ ឬ​គេហទំព័រ​
•​    ​ស្រាវជ្រាវ​ព័ត៌មាន​តាម​បណ្ណាល័យ​
•​    ​សាកសួរ​ព័ត៌មាន​ពី​សមាគម​ឬ​អង្គការ​ពាណិជ្ជកម្ម​ផ្សេងៗ​
•​    ​មើល​គេហទំព័រ​របស់​ទីភ្នាក់ងារ​ឬ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​។​
បើ​ទោះបីជា​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ​បឋម​ ឬ​តាម​ប្រភព​ព័ត៌មាន​ផ្សេងៗ​ក្តី​ លោក​អ្នក​ចាំបាច់​ត្រូវ​ចោទសួរ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ​។​
អំពី​មុខរបរ​នោះ​:
•​    ​តើ​មុខរបរ​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលណា​ ទើបតែ​ចាប់ផ្តើម​ ឬ​ទុំ​ជោរ​ហើយ​ ឬ​ធ្លាក់​ស្រុត​មក​វិញ​ហើយ​?
•​    ​តើ​មើលទៅ​មាន​អំណោយផល​ទេ​ ឬ​រួញ​ចុះ​មក​ហើយ​?
•​    ​តើ​មានការ​ប្រឈម​អ្វីខ្លះ​?
•​    ​តើ​និន្នាការ​មាន​បង្កើត​ឱកាស​ឲ្យ​ដែរ​ឬទេ​?
•​    ​តើ​មាន​ផល​កម្រៃ​មធ្យម​ប៉ុនណា​ដែរ​?
អំពី​គូប្រជែង​:
•​    ​អ្នក​ណាខ្លះ​ជា​គូប្រជែង​របស់​លោក​អ្នក​?
•​    ​តើ​មុខរបរ​របស់​គេ​តូច​ឬ​ធំ​ប៉ុនណា​?
•​    ​នៅ​ទីណា​ខ្លះ​?
•​    ​តើ​មុខរបរ​របស់​គេ​នោះ​មាន​គំរូ​យ៉ាងដូចម្តេច​?​ មានបាន​ចំណេញ​ទេ​?​ ប្រើ​បណ្តាញ​លក់​ដូច​ម្តេច​?
•​    ​តើ​គេ​លក់ដូរ​ថ្លៃថ្នូរ​យ៉ាងដូចម្តេច​?​ បាន​ចំណេញ​ច្រើន​ទេ​?
អំពី​ទីផ្សារ​គោលដៅ​:
•​    ​តើ​ទីផ្សារ​មាន​ប្រជាសាស្ត្រ​យ៉ាងដូចម្តេច​(​អាយុ​ ភេទ​ សញ្ជាតិ​ ស្ថានភាព​គ្រួសារ​)?
•​    ​តើ​មាន​ចំណូល​យ៉ាងដូចម្តេច​?
•​    ​តើ​ចាយវាយ​យ៉ាងដូចម្តេច​ ពិសេស​ចំពោះ​ទំនិញ​របស់​លោក​អ្នក​?
•​    ​តើ​គេ​ចូល​ចិត្ត​ទិញ​តាម​របៀប​ណា​(​ហាង​លក់រាយ​ បញ្ជា​តាម​អាំង​ទែ​រ​ណិ​ត​ ផ្សារ​ទំនើប​)?
ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​ខាងលើ​អាច​ជួយ​ឲ្យ​លោក​អ្នក​កំណត់​បាន​អំពី​ គំរូ​អាជីវកម្ម​របស់​លោក​អ្នក​ ឲ្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ និង​ឲ្យ​កំណត់​ឃើញ​អតិថិជន​សំខាន់ៗ​។​
Source:​ http://www.allbusiness.com/marketing/market-research/2587-1.html#ixzz1k4bAgnYu

No comments:

Post a Comment