Monday, December 23, 2013

USAID​ រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចំណាយ​ថវិកា​ចំនួន​ជាង​១៦​ម៉ឺន​ដុល្លារ

ភ្នំពេញ៖ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចអភិវឌ្ឍ​អន្តរជាតិ​(USAID)​ បានរកឃើញ​ថា​ប្រាក់ជំនួយ​របស់​ខ្លួន​យ៉ាងតិច​ជាង​១៦​ម៉ឺន​ដុល្លារ​អាមេរិក​ មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការចំណាយ​នៅក្នុង​អង្គការ​ក្នុង​ស្រុក​មួយ​ដែល​ ខ្លួន​បាន​ផ្តល់​មូលនិធិ។

ប្រាក់​ទាំង​នេះត្រូវ​កឹបកេង​នៅ​ក្នុង​ការ​ចំណាយ​សម្រាប់​បុគ្គលិក ​ការជួសជុលនិង​ថែរក្សា​រថយន្ត​និង​ការ​ជួល​រថយន្ត​របស់​អង្គការ​RACHA ​ចន្លោះ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣។ ​នេះ ​បើយោង​តាម​របាយការណ៍​របស់​USAID ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ។

អង្គការ​RACHA ​គឺជា​អង្គការ​ក្នុង​ស្រុក​ដែល​ផ្តោត​សកម្មភាព​លើ​ការថែ​ទាំង​សុខភាព​ស្ត្រី ​និង​កុមារ​ ជំងឺ​របេង ​ការពន្យា​កំណើត ​ការប្រឆាំង​ជំងឺអេដស៍ ​និង​ការអប់រំ​សុខភាព​សហគមន៍​និង​ការពង្រឹង​ការ​គ្រប់គ្រង​ឱសថ​នៅ​ទូទាំង​ ប្រទេស។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចអភិវឌ្ឍ​អន្តរជាតិ​(USAID)​ផ្តល់​ មូលនិធិ​ដល់​អង្គការ​នេះ​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ គឺស្មើនឹង​ប្រមាណ​៨០​ភាគរយ​នៃ​ជំនួយ​សរុប​សម្រាប់​ប្រតិបត្តិការ​របស់​ អង្គការក្នុង​ខេត្ត​ចំនួន​ប្រាំ​គឺ​ខេត្តកោះកុង ​បន្ទាយ​មានជ័យ ​ខេត្តពោធិ៍សាត់ ​សៀមរាប ​និង​ខេត្ត​ព្រៃវែង។

ក្នុង​របាយការណ៍​កាលពី​ថ្ងៃទី​២១​ខែ​វិច្ឆិកា​កន្លង​ទៅនេះ​ដែល​ធ្វើ​ ការត្រួតពិនិត្យ​លើ​ការចំណាយ​របស់​អង្គការ​RACHA ​ទីភ្នាក់ងារ​USAID​បានរកឃើញ​ថា​មាន​ការបំប៉ោង​តម្លៃ​លើ​ការទិញ​ បរិក្ខាពេទ្យ​ ភាព​មិនប្រក្រតី​ក្នុង​សេវាកម្ម​ជួសជុល​និង​ថែរក្សា​រថយន្ត​ដែល​មាន​ ទឹកប្រាក់​សរុប​១៦០ ៤៣៨​ដុល្លារ​អាមេរិក។

ក្រៅពី​នោះ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចអភិវឌ្ឍ​អន្តរជាតិ​បាន ​រកឃើញ​ថា​មិនមាន​តម្លាភាព​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ ​មាន​ទំនាស់​ផលប្រយោជន៍នៅ​ក្នុង​អង្គការ​ ​មាន​បញ្ហា​នៅក្នុង​ការគ្រប់​គ្រង​ការចំណាយ ​និង​នាយក​ប្រតិបត្តិ​ស្ថិត​ក្នុង​តំណែង​លើស​អណត្តិ​កំណត់​ត្រឹម​ដប់ឆ្នាំ។

អង្គការ​ដដែល​អធិប្បាយ​ថា​កង្វះ​ការបែងចែក​ភារកិច្ច​នៅ​ក្នុង​អង្គការ​RACHA ​បង្កើត​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​ដ៏​សំខាន់​ក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​ ផ្ទៃក្នុង​ដែល​ធ្វើឲ្យ​ខូច​ប្រយោជន៍​ដល់​អង្គការ​នេះ។
លោកស្រី​ច័ន្ទ ធារី ​នាយិកា​ប្រតិបត្តិ​របស់​អង្គការ​RACHA ​មាន​ប្រសាសន៍​ថា​គណៈ​គ្រប់គ្រង​អង្គការ​បាន​ពន្យល់​ទៅ​ម្ចាស់​ជំនួយ​វិញ​ រួចទៅ​ហើយ ​ហើយ​លោកស្រី​ទទួល​ស្គាល់​ថា​មាន​ភាព​ចន្លោះ​ប្រហោង។

«យើង​ទទួលស្គាល់​ថា​យើងមាន​ចំណុច​ខ្សោយ​ខ្លះ​ដែលត្រូវ​កែប្រែ​ហើយ​បញ្ហា​ដែល​គេ​រក​ឃើញ​យើង​តែងតែ​ឆ្លើយ​តប​និង​តែងតែ​កែតម្រូវ»។

ការផ្តល់​ថវិកា​គាំទ្រ​គម្រោង​នានា​របស់​ទីភ្នាក់ងារ​USAID ​បាន​បញ្ចប់​កាលពី​ខែកញ្ញា​ ហើយ​បុគ្គលិក​ជាប់​កិច្ចសន្យា​ជិត​៣០០​នាក់​ត្រូវ​បានបញ្ចប់។ រហូតមក​ទល់​ពេលនេះ​USAID​មិនទាន់​សម្រេច​លើ​សំណើ​ថ្មី​របស់​អង្គការ​RACHA​ នៅឡើយ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត​លឹម ណារី ​ដែល​ជា​បុគ្គលិក​ចប់​កិច្ចសន្យា​និង​ដែល​ធ្លាប់​បាន​ចូលរួម​ត្រួតពិនិត្យ​ ការ​ទិញ​គ្រែ​សម្ភពមាន​ប្រសាសន៍​ថា​តម្លៃ​គ្រែ​ត្រូវ​តម្លើង​ពីជាង​១០០​ ដុល្លារ​ទៅ​ជាង​៧០០​ដុល្លារ​អាមេរិក។

«អ្នកទិញ​គ្រែ​សម្ភព​មួយគ្រឿ​តម្លៃ​ជាង​៧០០​ដុល្លារ​ហើយ​ក្រោយមក​មាន​រឿង​ ស្ត្រី​ម្នាក់​សម្រាល​បាក់​គ្រែ​និង​ក្រោយ​មក​ទៀត​មាន​បាក់គ្រែ​នៅ​មណ្ឌល​ សុខភាព​ព្រៃជ្រូក​នៅ​ខេត្ត​សៀមរាប។ ​ដូច្នេះ​នាំ​ឲ្យ​មាន​ការឆោឡោ​នៅ​ក្នុង​អង្គការ​ថា​ហេតុអ្វី​បាន​ជាទិញ​គ្រែ ​គ្មាន​គុណភាព​គឺ​មិនមែន​បណ្តាល​ពី​អ្នក​លក់​ទេ​គឺ​មាន​ភាព​មិនធម្មតា​ក្នុង ​អង្គការ​RACHA»។

យ៉ាងណា​ក៏ដោយ​លោកសន ម៉ាគីនតូស្ស​ (Sean McIntosh)​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បានឆ្លើយ​តាម​សារអេឡិក​ត្រូនិក​ថា ​ការត្រួត​ពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​ឡើងវិញ​គឺជា​ដំណើរការ​ជា​ប្រចាំ​ដែល​ ទីភ្នាក់ងារ​USAID​ធ្វើ​ជាមួយ​ដៃ​គូ​របស់​ខ្លួន។

ជាមួយគ្នា​នេះ​លោកសន ម៉ាគីនតូស្ស ​បន្ថែម​ថា​ការត្រួតពិនិត្យ​លើ​អង្គការ​RACHA​កំពុង​ដំណើរការហើយ​USAID​ មិនបាន​ចាត់ទុកថា​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​អង្គការ​នេះ​ទេ៕

No comments:

Post a Comment