ដោយ​សារ​ កេរ្តិ៍​ឈ្មោះ​ដ៏​ល្បីល្បាញ​ និង​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​កំណត់​ថ្លៃ​​សិក្សា​ក្នុង​តម្លៃ​ដ៏​ថ្លៃ​ ​បើ​ប្រៀបធៀប​នឹង​ការ​អប់រំ ក្នុង ​ប្រទេស​កំពុង​អភិវឌ្ឍន៍​គឺ​ខុស​​គ្នា​​ឆ្ងាយ។ ​យោង​តាម​គេហទំព័រ​ The Richest People ​ចេញ​ផ្សាយ​ថ្មីៗ​នេះ​ បាន​បង្ហាញ​​សាកលវិទ្យាល័យ​ចំនួន ១០ ​មាន​ថ្លៃ​សិក្សា​ខ្ពស់​បំផុត​លើ​លោក​​ ដែល​ភាគច្រើន​នៃ​​សកលវិទ្យាល័យ​ទាំង​នោះ​​​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​ អាមេរិក។
Sarah Lawrence College
Sarah Lawrence College ​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក។ ក្នុង​ឆ្នាំ​ ២០១០ ​​សាកលវិទ្យាល័យ​មួយ​នេះ​​ ជាប់​ជា​សាកលវិទ្យាល័យ​ថ្លៃ​បំផុត​លំដាប់​ទី ២ ​ក្នុង​លោក ​ប៉ុន្តែ​ជាមួយ​នឹង​តម្លៃ ៥៣ ១៥០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​នេះ​ក្លាយ​ជា​សាកលវិទ្យាល័យ​ថ្លៃ​បំផុត​ក្នុង​ពេល​ បច្ចុប្បន្ន (នៅ​សហរដ្ឋ​អាមេរិក)។ ​ចំនួន​ទឹកប្រាក់​ខាង​លើ​​ រាប់​បញ្ចូល​​តម្លៃ​ធានា​រ៉ាប់រង​ ១៨៧០ ​ដុល្លារ ​តែ​មិន​រាប់​បញ្ចូល​​​​ថ្លៃ​ធ្វើ​ដំណើរ​ និង​ការ​ចំណាយ​ផ្សេងៗ​នោះ​ទេ។

Goerge Washington University
និស្សិត​ម្នាក់​​ត្រូវ​ចំណាយ​​ ៥៣ ០០០ ដុល្លារ​សម្រាប់​ការ​សិក្សា​មួយ​ឆ្នាំ​​​ ដោយ​រាប់បញ្ចូល​ថ្លៃ​សៀវភៅ ​ការ​សិក្សា​ ​ការ​ស្នាក់នៅ ​និង​ការ​ចំណាយ​ចាំបាច់​ដទៃ​ទៀត​​។ ​​សាកលវិទ្យាល័យ​នេះ មាន​ទីតាំង​ក្នុង​សហរដ្ឋអាមេរិក និង​​ត្រូវ​​​គេ​ចាត់​ទុក​ជា​សាកលវិទ្យាល័យ​ដែល​សប្បុរស​ជាង​គេ​ លើ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​និស្សិត​ទទួល​បាន​ជំនួយ​ជា​មធ្យម​ក្នុង​រង្វង់​ ទឹកប្រាក់ ២២៥០០ ដុល្លារ (សហរដ្ឋ​អាមេរិក)។
Kenyon College
ស្ថិត​​ក្នុង​រដ្ឋ​ អូហៃយ៉ូ សហរដ្ឋ​អាមេរិក ​តម្លៃ​សិក្សា​ក្នុង​មួ យ​ឆ្នាំ​នៅ​ទី​នេះ​គឺ ៤៦ ៨៣០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ និស្សិត​ប្រមាណ ៧០ ​ភាគរយ​ដែល​ចូល​រៀន​នៅ​ទី​នេះ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ជា​ច្រើន​ទម្រង់ ហើយ​មាន​​និស្សិត​ ២៤ ភាគរយ​ដែល​ទទួល​បាន​អាហារូបករណ៍។
Vassar College
សាកលវិទ្យាល័យ​នេះ​បើក​ទ្វារ​សម្រាប់​ទទួល​និស្សិត​វណ្ណៈ​អភិជន និង​អ្នក​មាន​ប្រាក់​កាស​ស្ដុកស្ដម្ភ​ក្នុង​តម្លៃ ៤៩ ២៥០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​សាកលវិទ្យាល័យ​នេះ ​ផ្ដល់​​​ជំនួយ​ហិរញ្ញវត្ថុ​ដល់​និស្សិត​ ដែល​សម​តាម​តម្រូវ​ការ​របស់​និស្សិត។ Vassar College ​មាន​ទីតាំង​ក្នុង​ក្រុង​ ញូវយ៉ក សហរដ្ឋ​អាមេរិក។
Bucknell University
និស្សិត​ដែល​សិក្សា​នៅ​ទី​នេះ​ត្រូវ​បង់​ថ្លៃ​សិក្សា​ ៤៨ ៣៨០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ដោយ​រាប់​បញ្ចូល​តម្លៃ​ស្នាក់នៅ ​តែ​ដក​ចេញ​ថ្លៃ​ធ្វើ​ដំណើរ​ សៀវភៅ និង​ការ​ចំណាយ​បុគ្គល។ ​និស្សិត ៦២% ​ទទួល​បាន​កញ្ចប់​ជំនួញ​ជា​មធ្យម​ស្មើ​នឹង​២៥០០០ ដុល្លារ។ Bucknell University ​សិ្ថត​ក្នុង​រដ្ឋ​ Pennsylvania ​សហរដ្ឋ​អាមេរិក។
Carnegie Mellon University
សាកលវិទ្យាល័យ​ដែល​សិ្ថត​ក្នុង​រដ្ឋ​ Pennsylvania ​សហរដ្ឋ​អាមេរិក ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​សាកលវិទ្យាល័យ​ល្បី​ខាង​ស្រាវជ្រាវ​ ជាមួយ​តម្លៃ​សិក្សា ៤០ ០០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​ចំណុច​ល្អ​គឺថា ​និស្សិត​អាច​មាន​ពេល​វេលា​បង់​ប្រាក់​ក្នុង​រយៈពេល ១០ ខែ​ ដោយ​មិន​គិត​អត្រា​ការ​ប្រាក់​ឡើយ។
Colgate University
សាកលវិទ្យាល័យ​ដែល​មាន​ទីតាំង​ក្នុង​ក្រុង​ញូវយ៉ក​មួយ​នេះ​ មាន​តម្លៃ​សិក្សា​ ៣៩ ៥៤៥ ដុល្លារ​កនុង​មួយ​ឆ្នាំ។ ​និស្សិត​ទាំង​អស់​តម្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​សម្រាប់​ឆ្នាំ ​សិក្សា​ដំបូង​ ដែល​ត្រូវ​បង់​បន្ថែម​ ៩៦២៥ ដុល្លារ។ ​ទោះ​ជា​យ៉ាង​ណា​ សាកលវិទ្យាល័យ​នេះ​ក៏​ផ្ដល់​នូវ​ប្រាក់​មូលនិធិ និង​ជំនួយ​ដ៏​ច្រើន​ដល់​និស្សិត​របស់​ខ្លួន។
Columbia University
បើ​គិត​ពី​តម្លៃ​សិក្សា​សាកលវិទ្យាល័យ​នេះ​មិន​ថ្លៃ​ដូច​សាកលវិទ្យាល័យ​ដទៃ​ ទេ ​​ព្រោះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ផ្ដល់​លក្ខខណ្ឌ​រស់នៅ​ដ៏​ល្អ​បំផុត។ ​និស្សិត​នៅ​ទីនេះ​ត្រូវ​បង់​ថ្លៃ​សិក្សា ៥១ ៨៨៦ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ពួកគេ​ទទួល​បាន​កញ្ចប់​ជំនួយ​​គិត​ជា​មធ្យម​ស្មើ​នឹង​ ៣០០០០​ដុល្លារ​វិញ។ សាកលវិទ្យាល័យ​​នេះ​ស្ថិត​ក្នុងក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។
St. John’s College
នៅ​ទីនេះ​និស្សិត​ត្រូវ​ចំណាយ​ ៤៩ ៥១៣​ដុល្លារ​សម្រាប់​ការ​សិក្សា​​មួយ​ឆ្នាំ ដោយ​រាប់​បញ្ចូល​ថ្លៃ​សិក្សា ​សៀវភៅ ​កន្លែង​ស្នាក់​នៅ និង​ការ​ចំណាយ​បុគ្គល។ ​សាកលវិទ្យាល័យ​ផ្ដល់​កញ្ចប់​ជំនួយ​ស្មើ​នឹង ២៦ ០០០ ដុល្លារ​ ហើយ​និស្សិត​រហូត​ដល់ ៦៥ ភាគរយ​រីករាយ​នឹង​ការ​សិក្សា​នៅ​ទីនេះ។ សាកលវិទ្យាល័យ​នេះ​មាន​ទីតាំង​ក្នុង​សហរដ្ឋអាមេរិក ​អូស្ត្រាលី និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។
Wesleyan University
សាកលវិទ្យាល័យ​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ Connecticut សហរដ្ឋអាមេរិក​ នេះ​តម្រូវ​ឲ្យ​និស្សិត​​​បង់​ថ្លៃ​សិក្សា​ ៣៨ ៩០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ និង​ថ្លៃ​ស្នាក់​នៅ​ប្រហែល ១១០០០ ដុល្លារ​ទៀត។ ​នៅ​ទី​នេះ​ និស្សិត​អាច​បង់​ថ្លៃ​សិក្សា​បាន​ក្នុង​រយៈពេល ១០ ខែ​ ដោយ​មិន​គិត​អត្រា​ការ​ប្រាក់​ឡើយ៕
តើ​មាន​សាកលវិទ្យាល័យ​ណាមួយ​ ក្នុង​ចំណោម​ខាង​លើ​ដែល​ប្រិយមិត្ត​ចង់​បន្ត​ការ​សិក្សា​ដែរ​ឬ​ទេ?
ប្រែ​សម្រួល៖ សីហា
ប្រភព៖ therichestpeople
រូបភាព៖ បរទេស