Friday, September 13, 2013

វិធី​សង្គ្រោះ​ជនរងគ្រោះ​ដោយ​សារ​ចរន្ត​អគ្គិសនី

ការ​ជួយ​សង្គ្រោះ ជនរងគ្រោះ​ដោយសារ​​ចរន្ត​អគ្គិសនី ពិត​ជា​រឿង​សំខាន់​មួយ​ព្រោះ​ថា​ប្រសិន​បើ​យើង​មិន​រួសរាន់​ឱ្យ​ទាន់​ ពេលវេលា​ទេ ជន​រងគ្រោះ​នឹង​បាត់បង់​ជីវិត​នៅ​កាលៈទេសៈ​ណា​មួយ។ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​កំពុង​ឆក់​ខ្សែ​ចំលង ឬ​បរិក្ខារ​អគ្គិសនី​ផ្សេងៗ​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ត្រូវ​ប្រើ​តាម​វិធី​ ដែល​អ្នក​ឯកទេស​ណែនាំ​ដូច​ខាង​ក្រោម៖
អ្នក​ឯកទេស​ខាង​ចរន្ត​អគ្គិសនី និង​បច្ចុប្បន្ន​ជា​​សាស្ត្រាចារ្យ​ជំនាញ​អគ្គិសនី​នៅ​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​បច្ចេកទេស​​ព្រះកុសុមៈ លោក រស់ រក្សា​រៀបរាប់​ប្រាប់ Sabay ថា ដើម្បី​ជួយ​សង្គ្រោះ​​មនុស្ស​ពី​ការ​ឆក់​ចរន្ត​អគ្គិសនី​បាន​យើង​ត្រូវ​ អនុវត្ត​តាម​វិធី​ខាង​ក្រោម៖
- ពេល​មាន​អ្នក​រងគ្រោះ​ដោយ​ចរន្ត​អគ្គិសនី ដំបូង​​ត្រូវ​ផ្ដាច់​ចរន្ត​អគ្គិសនី​នៅ​លើ​បណ្ដាញ​ចេញ ដោយ​ត្រូវ​ទៅ​បិទ​ឌីសង់ទ័រ ឬ​កុងតាក់។
- ទាញ​អ្នក​រងគ្រោះ​ឱ្យ​ផុត​ពី​ចរន្ត​អគ្គិសនី​ដោយ​កុំ​យកដៃ​ចាប់ ត្រូវ​ប្រើ​កំណាត់​ឈើ​ស្ងួត ឬ​ដំបង​ប្លាស្ទិក​កៀរ​ខ្សែ​ភ្លើង​ឱ្យ​ចេញ​ឆ្ងាយ​ពី​ជន​រងគ្រោះ។ ឬ​មួយ​ទៀត​​ត្រូវ​​យក​កៅស៊ូ ឬ​ក្រមា​ស្ងួត​ទាញ​ជនរងគ្រោះ​ចេញ។
-. ពេល​ជួយ​ជនរងគ្រោះ​ឱ្យ​ផុត​ពី​ខ្សែ​ភ្លើង​ហើយ ត្រូវ​ធ្វើ​ការ​ព្យាបាល​បន្ទាន់​ឱ្យ​សួត និង​បេះដូង​ធ្វើ​ការ​ឡើង​វិញ​ ព្រោះ​មនុស្ស​ដែល​ត្រូវ​ខ្សែ​ភ្លើង​ឆក់​បេះដូង​ឈប់​ដើរ ហើយ​ការ​ដកដង្ហើម​ក៏​ស្ទះ ដូចនេះ​ត្រូវ​ធ្វើ​ការ​ព្យាបាល​បណ្ដោះ​អាសន្ន​ដើម្បី​ជួយ​ឱ្យ​ជនរងគ្រោះ​ដឹង ​ខ្លួន​វិញ​ដោយ​​ប្រើ​វិធី​ឱ្យ​ខ្យល់​ដង្ហើម តាម​មាត់​និង​ការ​ច្របាច់​បេះដូង។
ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ព្យាបាល​បន្ទាន់៖
- ការ​ផ្ដល់​ខ្យល់​ដង្ហើម​តាម​មាត់
ការ​សង្គ្រោះ​ដោយ​ផ្ដល់​ខ្យល់​ដល់​ជន​រងគ្រោះ​គឺ​ជា​ការ​សំខាន់ ក្នុង​នោះ​ក៏​មាន​ការ​ផ្ដល់​ខ្យល់​ដង្ហើម​តាម​មាត់​ផង​ដែរ ដោយ​អ្នក​ត្រូវ​អនុវត្តដូច​ខាង​ក្រោម៖
១. ដាក់​ជន​រងគ្រោះ​ឱ្យ​ដេក​ផ្ងារ ក្បាល​ទាប​ជាង​ខ្លួន ហើយ​បំពង់ក​ត្រង់។
២. បន្ទាប់​មក​ត្រូវ​ស៊ក​មេ​ដៃ​ទៅ​ក្នុង​មាត់​ដើម្បី​ឆ្កឹះ​ថ្គាម​ក្រោម ធ្វើ​បែប​នេះ​រហូត​ដល់​ជនរងគ្រោះ​ហា​មាត់។
៣. ក្រោយ​ពី​ជនរងគ្រោះ​ហា​មាត់​ហើយ ត្រូវ​យក​ស្លេះ​ដែល​ជាប់​ស្ទះ​ក្នុង​មាត់ និង​បំពង់​ក​ចេញ​ឱ្យ​អស់ ដើម្បី​កុំ​ឱ្យ​ស្ទះ​ផ្លូវ​ខ្យល់ ឬ​បិទ​ច្រមុះ​ជន​រងគ្រោះ។
៤. ផ្អឹប​មាត់​របស់​អ្នក​ជាមួយ​​មាត់​ជនរងគ្រោះ ហើយ​ផ្លុំ​ខ្យល់​ចូល​ជា​ចង្វាក់​ៗ ប្រមាណ ១២ ទៅ ១៥ ដង​ក្នុង ១នាទី។
៥. ករណី​ប្រសិន​បើ​អ្នក​មិន​អាច​ហាមាត់​ជន​រងគ្រោះ​បាន យើង​ត្រូវ​យក​ដៃ​បិទ​មាត់​ជនរងគ្រោះ​ឱ្យ​ជិត​ហើយ​ផ្លុំ​ខ្យល់​ចូល​តាម​ ច្រមុះ​ជំនួស។
៦. ខណៈ​ដែល​នាំ​ទៅ​មន្ទីរពេទ្យ​ត្រូវ​ផ្លុំ​ខ្យល់​ចូល​តាម​មាត់​រហូត​ដល់​ជនរងគ្រោះ​ដឹង​ខ្លួន។
- ការ​ធ្វើ​ចលនា​បេះដូង
ក្រៅ​ពី​ការ​សង្គ្រោះ​ដោយ​ប្រើ​ដង្ហើម​តាម​មាត់ នៅ​មាន​វិធី​មួយ​ទៀត​គឺ​ការ​សង្គ្រោះ​ដោយ​ធ្វើ​ចលនា​បេះដូង សូម​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
១. ដាក់​ឱ្យ​ជនរងគ្រោះ​​ដេក​ផ្ងារ​រាប ហើយ​បំពង់​ក​ត្រង់។
២. យក​ស្លេះ​នៅ​ក្នុង​មាត់ និង​បំពង់​ក​ចេញ​ឱ្យ​អស់​ដើម្បី​កុំ​ឱ្យ​ខ្យល់​ស្ទះ។
៣. អង្គុយ​លុត​ជង្គង់​ចន្លោះ​ដៃ​ឆ្វេង និង​ដង​ខ្លួន​របស់​ជន​រងគ្រោះ​ ដោយ​លា​ដៃ​​ឱ្យ​ត្រង់​ហើយ​យក​ដៃ​សង្កត់​លើ​ដើម​ទ្រូង​ត្រង់​បរិវេណ​បេះដូង​ ជនរងគ្រោះ​ដោយ​ប្រើ​ទម្ងន់​ខ្លួន​ជួយ​ផង ការ​សង្កត់​នេះ​ត្រូវ​ធ្វើ​ជា​ចង្វាក់​ៗ​ប្រមាណ ៦០ដង​ក្នុង​មួយ​នាទី។
៤. ខណៈ​យក​ទៅ​មន្ទីរពេទ្យ​ត្រូវ​ធ្វើ​ចលនា​បេះដូង​ជា​រឿយៗ​រហូត​ដល់​បេះដូង​លោត​ឡើងវិញ ឬ​ជន​រងគ្រោះ​បាន​ទទួល​ការ​ព្យាបាល​ពី​ពេទ្យ។
សាស្ត្រាចារ្យ​ជំនាញ​អគ្គិសនី​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ ព្រះកុសុមៈ​រូប​នេះ​និយាយ​ថា ការ​ព្យាបាល​ទាំង​ពីរ​វិធី​ដូច​ការ​អធិប្បាយ​ខាង​លើ​គួរ​ធ្វើ​រួម​គ្នា​ដោយ​ ផ្លាស់ប្ដូរ​គ្នា​ក្នុង​ខណៈ​ដែល​នាំ​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ។
បើ​ជនរងគ្រោះ​បាន​ទទួល​ការ​ព្យាបាល​បណ្ដោះ​អាសន្ន​រហូត​ដល់​ដឹង​ ខ្លួន​វិញ គួរ​ទុក​ជនរងគ្រោះ​ដេក​ស្ងៀម​និង​កន្លែង​សិន មិន​គួរ​ឱ្យ​ក្រោក​ឈរ ឬ​ដើរ​នោះ​ទេ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ដួល​បាន ត្រូវ​រង់ចាំ​រហូត​គ្រូ​ពេទ្យ​ត្រួត​ពិនិត្យ និង​អនុញ្ញាត។

ដើមចម​​គ្រោះថ្នាក់ចរន្ត​អគ្គិសនី​បណ្ដាល​មក​ពី​អ្វី? 

គ្រោះថ្នាក់ ​បណ្ដាល​មក​ពី​ចរន្ត​អគ្គិសនី​អាច​កើត​មាន​ច្រើន​ករណី ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​កើត​ ឡើង​ដោយសារ​អ្វី និង​នៅ​ពេល​ណា។
កត្តា​គ្រោះថ្នាក់​នៃ​ចរន្ត​អគ្គិសនី​នេះ​សាស្ត្រាចារ្យ​ជំនាញ​អគ្គិសនី​ នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ព្រះកុសុមៈ លោក រស់ រក្សា​បក​ស្រាយ​ថា ប្រជាពលរដ្ឋ​អាច​ប្រឈម​មុខ​ជាមួយ​គ្រោះ​ថ្នាក់​នៃ​ចរន្ត​អគ្គិសនី​​គ្រប់​ ពេល ដែល​​ពួកគេ​មិន​ដឹង​ថា​បណ្ដាល​មក​ពី​កត្តា​អ្វីខ្លះ។
សាស្ត្រាចារ្យ​ជំនាញ​អគ្គិសនី​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​នៃ​ចរន្ត​អគ្គិសនី​ដែល​បណ្ដាល​ឱ្យ​មនុស្ស​គ្រោះថ្នាក់​មាន ៣ ករណី​គឺ៖
- ការ​ប៉ះ​ទៅ​នឹង​វត្ថុ​អគ្គិសនី​ផ្ទាល់គ្រោះថ្នាក់ ​អាច​កើត​ឡើង​នៅ​ពេល​ជនរងគ្រោះ​យក​វត្ថុ​មាន​ជាតិ​ជា​លោហៈ ឬ​ប៉ះពាល់​ដោយ​ដៃ​ផ្ទាល់​ ឬ​នៅ​ពេល​ជួសជុល​លើ​ខ្សែ​បណ្ដាញ​អគ្គិសនី​និង​ឧបករណ៍​អគ្គិសនី​កំពុង​ភ្ជាប់ ​ជាមួយ​ប្រភព​អគ្គិសនី។ ករណី​មួយ​ទៀត​នៅ​ពេល​ខ្សែ​របស់​ឧបករណ៍​អគ្គិសនី​ខូច​ស្រទាប់​អ៊ីសូឡង់​ហើយ​ ប៉ះ​ឆ្លង​ទៅ​នឹង​សំបក​ជា​លោហៈ។
ឧបករណ៍​អគ្គិសនី​ដែល​គេ​ប្រទះឃើញ​បង្ក​គ្រោះថ្នាក់​ញឹកញាប់​មាន​ដូចជា៖ កង្ហារ, ឆ្នាំងអ៊ុត, ចង្ក្រាន​អគ្គិសនី, ឆ្នាំង​ដាំ​បាយ​អគ្គិសនី, ទូរ​ទឹកកក និង​ឧបករណ៍​ជា​ច្រើន​ទៀត។
- គ្រោះថ្នាក់​ដោយសារ​ដែន​ទំនាញ​អគ្គិសនី៖ចំណុច ​នេះ​មាន​ន័យ​ថា​គ្រោះថ្នាក់​អាច​កើត​មាន​ជា​ញឹកញាប់​ដោយសារ​អគ្គិសនី​ដែល​ មាន​តង់ស្យុង​ខ្ពស់ ហើយ​វា​នឹង​បញ្ចេញ​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​បរិយាកាស ធ្វើ​ឱ្យ​ដុត​ឆេះ ឬ​បង្ក​ជា​ឆក់​ក៏​មាន។ ករណី​នេះ​ច្រើន​កើត​ឡើង​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​សង់​ផ្ទះ​នៅ​ជិត​ បណ្ដាញ​អគ្គិសនី​ដែល​តង់ស្យុង​ខ្ពស់ ឬ​នៅ​ជិត​ស្ថានីយ​អគ្គិសនី។
- គ្រោះថ្នាក់​ដោយសារ​តង់ស្យុង​ជំហាន៖ជនរងគ្រោះ ​មាន​គ្រោះថ្នាក់​នៅ​ពេល​ជន​រង​គ្រោះ​ឈរ​ជិត​ចំណុច​ដែល​មាន​តង់ស្យុង​ខ្ពស់ ពោល​គឺ​ពេល​មាន​ខ្សែ​ចំលង​ដាច់​ចុះ​មក​ដី ធ្វើ​ឱ្យ​ចរន្ត​អគ្គិសនី​រត់​រវាង​ចន្លោះ​ជើង​ទាំង​ពីរ។
ត្រង់​ចំណុច​នេះ​អ្នក​ជំនាញ​មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ខ្សែ​ចំលង​ដាច់​ចុះ​មក​ដី ចាំបាច់​ត្រូវ​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី និង​ហាម​មិន​ឱ្យ​ចូល​ជិត​តំបន់​នោះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ចម្ងាយ​ឃ្លាត​យ៉ាង ​តិច ២០ម៉ែត្រ​ដែរ។
ដើម្បី​បង្កើន​សុវត្ថិភាព​ដែល​បង្ក​ឡើង​ដោយ​​ចរន្ត​អគ្គិសនី​សម្រាប់​ជីវភាព ​រស់​នៅ​ប្រចាំ​ថ្ងៃ លោក​រស់ រក្សា​បាន​លើក​ឡើង​អំពី​ប្រការ​គួរ​ចៀសវាង និង​អនុវត្ត​​ក្នុង​ការ​ទប់​ស្កាត់​ដើម្បី​កុំ​ឱ្យ​មាន​ការ​គ្រោះថ្នាក់​ ក្នុង​នោះ​ដូចជា៖
+កុំ​ឡើង​លើ​បង្គោល​ខ្សែ​ភ្លើង
+កុំ​ឈរ ឬ​ផ្អែក​លើ​បង្គោល​អគ្គិសនី
+កុំ​នៅ​ក្រោម​ខ្សែ​អគ្គិសនី
+កុំ​ឈរ​នៅ​ជិត​បង្គោល​អគ្គិសនី​នៅ​ពេល​មាន​ភ្លៀង​ឆ្លាក់ ខ្យល់ ឬ​រន្ទះ
+កុំ​បង្ហោះ​ខ្លែង​នៅ​ជិត​ខ្សែ​អគ្គិសនី
+កុំ​ចង​គោ ក្របី សេះ​ទៅ​និង​បង្គោល​អគ្គិសនី
+កុំ​សង់​គេហដ្ឋាន​នៅ​ក្នុង​តំបន់​ស្ថានីយ​អគ្គិសនី
+ត្រូវ​ប្រើ​វត្ថុ​ដែល​រុំ​ព័ទ្ធ​ដោយ​អ៊ីសូឡង់​ដូចជា៖ កៅស៊ូ, ជ័រ, ឈើ នៅ​ពេល​ជួសជុល​ឧបករណ៍ ឬ​បណ្ដាញ​អគ្គិសនី
+ត្រូវ​ប្រើប្រាស់​ឧបករណ៍​ដូចជា ទុលឡឺវីស, ដង្កាប់…ឱ្យ​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស
+គ្រួសារ​និមួយៗ​គប្បី​ត្រូវ​មាន​ប៊ិច​ភ្លើង​ដើម្បី​ត្រួត​ពិនិត្យ​តង់ស្យុង​សុវត្ថិភាព។

ចរន្ត​អគ្គិសនី​មាន​ឥទ្ធិពល​បែប​ណា​លើ​ខ្លួន​មនុស្ស? 

ចរន្ត ​អគ្គិសនី​អាច​និយាយ​បាន​ថា​ជា​វត្ថុ​មួយ​ដ៏​សំខាន់​សម្រាប់​ជីវភាព​រស់​នៅ​ ប្រចាំ​ថ្ងៃ ព្រោះ​ថា​ប្រជាពលរដ្ឋ​ស្ទើរ​តែ ៩០ ភាគរយ​កំពុង​ប្រើប្រាស់ចរន្ត​អគ្គិសនី។ ទន្ទឹម​នឹង​ភាព​សំខាន់​នេះ ចរន្ត​អគ្គិសនី​ក៏​ជា​អាវុធ​មួយ​ដែល​មាន​ឥទ្ធិពលលើ​ខ្លួន​មនុស្ស​ខ្លាំង​ផង​ដែរ។ តើ​ចរន្ត​អគ្គិសនី​មាន​ឥទ្ធិពល​បែប​ណា​លើ​ខ្លួន​មនុស្ស?
គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ចរន្ត​អគ្គិសនី​អាច​កើត​មាន​ឡើង​គ្រប់​វិនាទី អំឡុង​ពេល​យើង​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ពេល​ប្រើប្រាស់ ឬ​ប៉ះពាល់​ក្នុង​កាលៈទេសៈ​ណា​មួយ។ យ៉ាងណាមិញ​កម្រិត​គ្រោះថ្នាក់​របស់​ចរន្ត​អគ្គិសនី​ចំពោះ​ខ្លួន​មនុស្ស​ក៏​ អាស្រ័យ​ទៅ​លើ​កម្លាំង​ចរន្ត​អគ្គិសនី​នោះ​ដែរ។
បើ​និយាយ​អំពី​ឥទ្ធិពល​របស់​ចរន្ត​អគ្គិសនី​មក​លើ​រាងកាយ​​មនុស្ស​ សាស្ត្រាចារ្យ​ជំនាញ​អគ្គិសនី​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ ព្រះកុសុមៈ លោក រស់ រក្សា​បញ្ជាក់​ថា នៅ​ពេល​ឆក់ ចរន្ត​អគ្គិសនី​រត់​កាត់​ខ្លួន​មនុស្ស​តាម​ផ្លូវ​ផ្សេង​ៗ​គ្នា អាស្រ័យ​ទៅ​តាម​ចំណុច​ប៉ះ​លើ​វត្ថុ​ចំលង​អគ្គិសនី ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ
ចរន្ត​អគ្គិសនី​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​នោះ​ទេ ដែល​នេះ​ហើយ​ជា​កត្តា​មួយ​បណ្ដាល​ឱ្យ​កើត​​គ្រោះថ្នាក់​យ៉ាង​រហ័ស​ក្នុង​មួយ ​ពព្រិច​ភ្នែក។ សាស្ត្រាចារ្យ​រូប​នេះ​​​បន្ត​ថា នៅ​ពេល​ចរន្ត​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ពេល​នោះ​វា​នឹង​បង្កើត​ចលនា​ច្របូកច្របល់​ដល់​សកម្មភាព​ចលនា​របស់​ឈាម
បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​បញ្ហា​គ្រោះថ្នាក់​ដោយ​សារ​ការ​ឆក់​ខ្សែ​ ភ្លើង​​កើត​មាន​ច្រើនករណី​ណាស់ ដែល​ក្នុង​នោះ​មនុស្ស​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្រាល ច្រើន​ដក​ដង្ហើម​ផុត​ៗ ហើយ​បេះដូង​លោត​ញាប់។ សាស្ត្រាចារ្យ​ជំនាញ​អគ្គិសនី​រូប​នេះ​សង្កត់​ធ្ងន់​ថា ចរន្ត​អគ្គិសនី​ឆក់​ខ្លាំង ​បំផុត​អាច​ប៉ះពាល់​ដល់​សួត បន្ទាប់​មក​ចង្វាក់​បេះដូង​ឈប់​ដំណើរការ កត្តា​នេះ​អាច​ធ្វើ​ឱ្យ​ជន​រងគ្រោះ​អាច​ស្លាប់​ភ្លាម​មួយ​រំពេច
ខាង​ក្រោម​នេះ​គឺ​ជា​តារាង​បង្ហាញ​ពី​កម្រិត​គ្រោះ​ថ្នាក់​របស់​ចរន្ត​អគ្គិសនី​ជាប់ និង​ចរន្ត​ឆ្លាស់​ចំពោះ​ខ្លួន​មនុស្ស៖
ចរន្តអគ្គិសនី (មិល្លី​អំពែ)
គ្រោះថ្នាក់​ចំពោះ​តួ​ខ្លួន​មនុស្ស
ចរន្ត​ឆ្លាស់(AC)
ចរន្ត​ជាប់(DC)
- 0.6 ដល់ 1.5 - 2 ដល់ 3
- 5 ដល់ 10
- 12 ដល់ 15
- 20 ដល់ 25
- 60 ដល់ 80
- 91 ដល់ 100
- ចាប់​ផ្ដើម​មាន​អារម្មណ៍​ចុង​ដៃ​ស្រាល​ៗ - ចុង​ដៃ​ត្រូវ​ឆក់​ខ្លាំង
- បាត​ដៃ​ត្រូវ​ឆក់​ខ្លាំង
- ពិបាក​ដក​ដៃ​ចេញ​ពី​ខ្សែ​ភ្លើង, ឆ្អឹង​ដៃ​ទទួល​ដឹង​ថា​ឈឺ សភាព​នេះ​អាច​ទ្រាំ​បាន​ពី 5 ទៅ 10 វិនាទី
- ដៃ​ស្ពឹក​មិន​អាច​ដក​ចេញ​ផុត​ពី​ខ្សែ​ភ្លើង, ឈឺ​ខ្លាំង, កន្ត្រាក់​សាច់​ដុំ​ដៃ, ពិបាក​ដកដង្ហើម សភាព​នេះ​អាច​ទ្រាំ​បាន​ប្រមាណ 5 វិនាទី
- គាំង​ចលនា​ឈាម​រត់, កម្រើក​ញ័រ​ពេញ​ខ្លួន
- ឈាម​ឈប់​ដើរ ប្រមាណ 3 វិនាទី​បេះដូង​គាំង
- គ្មាន​អារម្មណ៍ - គ្មាន​អារម្មណ៍
- រមាស់, មាន​អារម្មណ៍​ក្ដៅ
- ក្ដៅ​ឡើងៗ
- កាន់​តែ​ក្ដៅ, ឡើង​ញាក់
- មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លាំង ញាក់​កន្ត្រាក់​សាច់ដុំ​ដៃ ពិបាក​ដក​ដង្ហើម
- ថប់​ដង្ហើម
បញ្ជាក់៖ ១ អំពែ = ១០០០ មិល្លី​អំពែ ប៉ុន្តែ​ចរន្តអគ្គិសនី​ដែល​ប្រជាពលរដ្ឋ​ប្រើ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ គឺ​ចាប់​ពី ១០ អំពែ​ឡើង​ទៅ។
បើ​ទោះ​បី​ជា​ចរន្ត​អគ្គិសនី​ជា​ វត្ថុ​មួយ​សម្រាប់​ឆ្លើយ​តប​ជាមួយ​តម្រូវ​ការ​មនុស្ស​ប្រចាំ​ថ្ងៃ​មែន ប៉ុន្តែ​វត្ថុ​អរូប​នេះ​ក៏​ជា​អាវុធ​កាច​សាហាវ​មួយ​គំរាមកំហែង​ដល់​អាយុ​ ជីវិត​មនុស្ស​ផង​ដែរ។

ទុស្សេ​ខ្សែ​ភ្លើង​បណ្ដាល​មក​ពី​អ្វី? 

នា​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ការ​ ប្រើប្រាស់​ចរន្ត​អគ្គិសនី​របស់​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​មិន​គោរព​តាម​ ស្តង់ដារ​នោះ​ទេ ដែល​បញ្ហា​នេះ​បណ្ដាល​ឱ្យ​កើត​មាន​​ទុសេ្ស​ខ្សែ​ភ្លើង​ហើយ​ក៏​ឈាន​ទៅ​បង្កើត ​ជា​អគ្គីភ័យ​បាន​យ៉ាង​ងាយ។ តើ​ដើម​ចម​នៃ​ទុសេ្ស​ខ្សែ​ភ្លើង​នេះ​បណ្ដាល​មក​ពី​បញ្ហា​អ្វី​ខ្លះ?
ទាក់ទង​ជាមួយ​បញ្ហាទុសេ្ស​ខ្សែ​ភ្លើង​នេះ​លោក រស់ រក្សា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ បច្ចេកទេស​ព្រះកុសុមៈ​ចូល​ខ្លួន​ដើម្បី​មក​បំភ្លឺ​បញ្ហា​នេះ​ថា ការ​ទុស្សេ​ខ្សែ​ភ្លើង​ចែកចេញជា​ពីរ​ករណី ដោយ​ករណី​ទី១ បណ្ដាល​មក​ពី​ការ​ដាច់​រលាត់​នៃ​ខ្សែ​ភ្លើង និង​ករណី​មួយ​ទៀត​គឺ​បណ្ដាល​ពី​ការ​ប្រើប្រាស់​លើស​បន្ទុក​នៃ​ខ្សែ​ភ្លើង
លោក រស់ រក្សា សាស្ត្រចារ្យនៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាព្រះកុសុមៈ
ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​លើស​បន្ទុក​ខ្សែ​ភ្លើង​នេះ លោក​រស់ រក្សា​បញ្ជាក់​ថា ការ​ប្រើប្រាស់​លើស​បន្ទុក​មាន​ន័យ​ថា ខ្សែ​ភ្លើង​មួយ​នោះ​អាច​ប្រើ​បាន​ត្រឹម​តែ ១កន្លះ ទៅ ២ ប៉ុន្តែ​អ្នកប្រើប្រាស់​បាន​ប្រើ​ឧបករណ៍​ប្រើ​កម្លាំង​អគ្គិសនី​បន្ថែម​ទៀត ធ្វើ​ឱ្យ​លើស​ទំហំ​ខ្សែ ដូច​នេះ​ពេល​ប្រើ​យូរៗ​ទៅ​បណ្ដាល​ឱ្យ​កម្ដៅ​​ខ្សែ​ ហើយ​រលាយ​អ៊ីសូឡង់ ជា​ហេតុ​ឱ្យ​មាន​ការ​ប៉ះ​គ្នា​រវាង​ចរន្ត និង​ចរន្ត ធ្វើ​ឱ្យ​ទុស្សេ​ខ្សែ​ភ្លើង​កើត​ឡើង។
ដើម្បី​បញ្ចៀស​ឧបទ្ទវហេតុ​នៃ​ការ​ទុស្សេ​ខ្សែ​ភ្លើង​សាស្ត្រាចារ្យ​ដែល​ មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​នេះ​លើក​ឡើង​ថា ​ត្រូវ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ខ្សែ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ក្នុង​នោះ​គេ​ត្រូវ​ដឹង​ថា​ឧបករណ៍​ប្រភេទ​ណា​? ប្រើ​ខ្សែ​ទំហំ​ប៉ុន្មាន?
ក្រៅ​ពី​ការ​ប្រើប្រាស់​ខ្សែ​ភ្លើង លោក​ក៏​មាន​ទស្សនៈ​ទៀត​ថា តាម​ផ្ទះ​និមួយៗ​ពេល​ដំឡើង​អគ្គិសនី​ត្រូវ​តែ​ឆ្លង​កាត់​អ្នក​ឯកទេស​ដែល​មាន ​ស្តង់ដារ ព្រោះ​ថា​ប្រជាជន​មួយ​ចំនួន​មិន​សូវ​ដំឡើង​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយ​ភាគ​ច្រើន​ប្រើ​តាម​ការ​យល់​ឃើញ, តាម​ការ​ចំណាំ ពិសេស​គឺ​ផ្ដោត​លើ​តម្លៃ។
មិន​មែន​មាន​តែ​ការ​ប្រើប្រាស់​ខ្សែ​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ លោក​បន្ថែម​ថា អ្វី​ជា​កត្តា​សំខាន់​ដើម្បី​បញ្ចៀស​ការ​ទុស្សេ​នោះ​គឺ​រាល់​ពេល​ដំឡើង​ ចរន្ត​អគ្គិសនី នៅ​តាម​ផ្ទះ​និមួយៗ​ត្រូវ​បំពាក់​ឧបករណ៍​ទប់​អគ្គិសនី​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ត្រូវ​ដំឡើង​។ ឧបករណ៍​ទាំង​នោះ​មាន​ដូចជា ឌីសុងទ័រ ឬ ហ្វុយស៊ីប(បារ៉ែត)ជាដើម។
ដើម្បី​បំពាក់​ឧបករណ៍​ទប់​ចរន្ត​អគ្គិសនី​ឱ្យ​បាន​ត្រឹមត្រូវ​លោក​បាន​ បង្ហាញ​រូបមន្ត​មួយ​ចំនួន​ក្នុង​ការ​គណនាកម្លាំង​​អគ្គិសនី​ដូច​ខាង​ក្រោម៖
គណនា​ឌីសង់ទ័រ ឬ​ហ្វុយស៊ីប(បារ៉ែត)
Id = If = 1,3 ឬ 1,4 x In

ដែល Id = ចរន្ត​របស់​ឌីសង់ទ័រ, If = ចរន្ត​របស់​ហ្វុយ
ស៊ីប និង In = ចរន្ត​ប្រើប្រាស់
បើ​និយាយ​ដល់​ការ​កើត​មាន​ជា​អគ្គីភ័យ​នេះ​លោក​និយាយ​ថា ការ​ទុស្សេ​មិន​បណ្ដាល​ឱ្យ
មាន​អគ្គីភ័យ​ទេ ព្រោះ​ថា​ពេល​ចរន្ត​នៃ​ខ្សែ​ភ្លើង​ប៉ះ​គ្នា​វា​គ្រាន់​តែ​បែក​​ផ្កា​ភ្លើង​ បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បើ​ផ្ទះ​​ខ្លះ​មាន​ឌីសង់ទ័រ ឬ ហ្វុយស៊ីប​ថែម​ទៀត​នោះ បណ្ដាញ​អគ្គិសនី​នឹង​កាត់​ផ្ដាច់ដោយ​ស្វ័យ​ប្រវត្តិ​​ភ្លាម។
បើ​តាម​ការ​ពិនិត្យ​មើល​លើ​ការ​បកស្រាយ​របស់​អ្នក​ឯកទេស​នៅ​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ព្រះកុសុមៈ​គឺ​លោក​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ ជួល​អ្នក​ឯកទេស​ដែល​មាន​បទពិសោធន៍ ឬ​មាន​ស្តង់ដារ​ត្រឹមត្រូវ​ចេញ​ពី​សាលា​ដើម្បី​បញ្ចៀស​បញ្ហា​ជា​ច្រើន ជាជាង​​ចំណាយ​ថវិកា​ទៅ​ជួល​ជាង​ដែល​មាន​ចំណេះ​ដឹង​បន្តិចបន្តួច៕

No comments:

Post a Comment