Tuesday, September 17, 2013

ទម្រង់រដ្ឋ

សេចក្ដីផ្ដើម
នាពេលបច្ចុប្បន្ននៅលើពិភពលោកការគ្រប់គ្រងដឹកនាំប្រទេសនីមួយៗ សុទ្ធ​តែមាន លក្ខណៈខុសគ្នាៗដោយពឹងផ្អែកលើគោលនយោបាយរបស់ប្រទេសរៀងៗខ្លួន​។​ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា ជាប្រទេសដែល​ប្រកាន់​យកលទ្ធិប្រ​ជាធិ​បតេយ្យ​សេរីពហុបក្ស។ ក្នុង ការដឹកនាំប្រទេសត្រូវមានការជ្រើសតាំងអ្នកដឹកនាំប្រទេសដោយការបោះឆ្នោតជាសេរីដែល ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតអោយដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៏ និង រីកចំរើនលើ គ្រប់វិស័យ។​  ម្យ៉ាងវិញទៀតប្រ​ទេសកម្ពុជា​ដឹកនាំ​ដោយនាយករដ្ឋមន្ត្រីដោយក្រោមការគ្រប់ គ្រងរបស់ព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ។ ជាទូទៅប្រទេសកម្ពុជាជារដ្ឋដែលប្រកាន់យកអំណាច និង ការអនុវត្ត​ន៏តាមទ្រឹ​ស្ដី​របស់លោក ម៉ុងតេស កឿ ដែលបែងចែកអំណាច៣ធំៗគឺៈ
  • អំណាចនីតិបញ្ញត្តិ
  • អំណាចនីតិប្រតិបត្តិ
  • អំណាចតុលាការ
អំណាចនីមួយៗត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ អំណាចនីតិបញ្ញត្តិដឹកនាំដោយ សភាអំណាចនីតិប្រតិបត្តិដឹកនាំដោយរដ្ឋាភិបាល និងអំ​ណាច​​តុលា​កា​រ​ដឹកនាំដោយសា លាជំរៈក្ដីនានា ហើយអំណាចទាំងបីនេះអនុវត្តការងារ​របស់ខ្លួ​​ន​ដោ​យ​ឯករាជ្យពីគ្នា។
-រដ្ឋទោល
រដ្ឋទោលគឺជារដ្ឋដែលគ្មានរដ្ឋណាមួយចំណុះអោយខ្លួន ហើយខ្លួនក៏គ្មាននៅចំណុះ អោយរដ្ឋណាមួយដែរ ពោលគឺអំណាចគ្រប់គ្រងរដ្ឋប្រកបដោយអធិបតេយ្យ និងឯករាជ្យ។
នៅក្នុងរដ្ឋទោលគ្រប់ប្រជាពលរដ្ឋទាំងអស់ គឺស្ថិតនៅក្រោមរដ្ឋតែមួយនិងក្រោមអំ ណាចតែមួយដូចគ្នា មានន័យថា សភាតែមួយតាក់តែងច្បាប់សម្រាប់ប្រជាពលរដ្ឋដែល នៅក្នងរដ្ឋនោះ ហើយប្រជាពលរដ្ឋទាំងនោះគឺស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលតែមួយ។ ប្រព័ន្ធច្បាប់ តុលាករតែមួយដូចគ្នាសុទ្ធសាធសម្រាប់ទីណា ដែលប្រជាពលរដ្ឋរស់នៅ។
រដ្ឋទោលត្រូវបានបង្កើតឡើងទៅតាមទម្រង់ជាច្រើន ដែលគេទទួលស្គាល់រដ្ឋទាំងនោះ។ ប្រទេសបារាំង អាល់ហ្សេរី ចិន ជប៉ុន ថៃ និងកម្ពុជា ជាដើម សុទ្ធតែជារដ្ឋទោល។ ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋធម្មនុញ្ញថ្ងៃ២៤កញ្ញា ឆ្នាំ១៩៩៣ បានកំណត់ក្នុងមាត្រា៣ថា ”ព្រះរាជាណាចក្រកម្ពុជាជារដ្ឋដែលមិនអាចបំបែកបាន” ។ ជាមួយគ្នានេះមាត្រា១៤៥ថ្មី នៃរដ្ឋ ធម្មនុញ្ញបន្ថែមថា “ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជាខេត្ត និងក្រុង។ ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ។ ក្រុងចែកជាខណ្ឌ ខណ្ឌចែកជាសង្កាត់” នេះបានបង្ហាញអោយឃើញថាព្រះរា ជាណាចក្រកម្ពុជា ជារដ្ឋទោល។
ជាទូទៅរដ្ឋទោល គេឃើញមានការបែងចែកជាដែនដី។ វាមានចំណងរវាងប្រជាជន និងអំណាច កណ្តាល។ ក្នុងការអនុវត្តមានការចាំបាច់ដោយចាប់ផ្តើមពីចំណែកដែនដី និងប្រជាជនដើម្បី អោយមានទំនាក់ទំនងការគ្រប់គ្រងប្រជាជនទាំងនោះ។ ការបែងចែកនេះគឺជាលទ្ធផលនៃ វិសហមជ្ឈការ ឬ វិមជ្ឈការ។
ជាក់ស្តែងព្រះរាជាណាចក្រកម្ពុជាជាដើម ដែលគេសង្កេតឃើញមានឯកភាពក្នុងការគ្រប់គ្រង ក៏ដូចជាការគ្រប់គ្រងបែបផ្សេងៗទៀតដែរ ដែលគេហៅថា មជ្ឈការ ។ ប៉ុន្តែគេសង្កេតឃើញ ផងដែរអំពីបែបបទមួយចំនួនដែលផ្តល់អំណាចទៅដល់ដែនដី ដែលគេហៅថា វិសហមជ្ឈការ ។
១.១-វិសហមជ្ឈការ
នៅក្នុងប្រព័ន្ធវិសហមជ្ឈការ គេច្រើនធ្វើការចែករំលែកអំណាចខ្លះ ទៅអោយភ្នាក់ងាររដ្ឋ ដែលនៅផ្ទាល់នៅនឹងកន្លែងជាមួយប្រជាពលដ្ឋ។ នេះជាវិធានការមួយដែលធ្វើអោយរដ្ឋបាននៅ កៀកបង្កើយជាមួយប្រជាពលរដ្ឋណ ប៉ុន្តែតំណាង ឬភ្នាក់ងាររដ្ឋជាអ្នកធ្វើសេចក្តីសំរេចដដែល។
វិសហមជ្ឈការមានគោលដៅបន្ថយនូវគុណវិបត្តិរបស់របបមជ្ឈការ ដែលពីមុនអំណាច ទាំងអស់ត្រូវស្ថិតក្រោមកណ្តាប់ដៃរបស់អំណាចកណ្តាលតែម្នាក់ឯង ការបែងចែកនេះដោយ សារអំណាចកណ្ដាលមានការងារច្រើនពេកពុំអាចបំពេញអស់អោយទាន់ពេលកំណត់។ អ្នកតំណាងអំណាចកណ្តាលមិនមែនត្រឹមតែជាអ្នកអនុវត្តរាល់សេចក្តីសម្រេច របស់អំណាច កណ្តាលប៉ុន្នោះទេ ថែមទាំងជាអ្នកសម្រេចកិច្ចការក្នុងនាមអំណាចកណ្តាល និងជាអ្នកកាន់ អំណាចសម្រេចថែមទៀត។ ការបែងចែកអំណាចកណ្តាលនេះ មិនមែនមានន័យថាប្រគល់សិទ្ធិ អោយសម្រេចធ្វើដោយស្វ័យភាពទេ ផ្ទុយទៅវិញគឺជាការប្រគល់សិទ្ធិអោយសម្រេចក្នុងនាមរដ្ឋ ដោយមានលក្ខណខណ្ឌយ៉ាថច្បាស់លាស់ ជាលាយលក្ខណ៍អក្សរកំណត់ព្រុំដែននៃសិទ្ធិនោះ និងស្ថិតក្រោមកាត្រួតពិនិត្យតាមឋានានុក្រមដ៏ម៉ត់ចត់ថែមទៀត។
១.១.១-សេវាវិសហមជ្ឈការ
សេវាវិសហមជ្ឈការ គឺជាសេវារបស់រដ្ឋបាលកណ្តាល ដែលបានផ្ទេរសិទ្ធិអនុវត្តមួយចំនួន ទៅអោយមណ្ឌលរដ្ឋបាលដែនដីដែលនៅជិតបំផុតនៃប្រជាពលរដ្ឋ ដើម្បីអោយមានប្រសិទ្ធភាព ការគ្រប់គ្រង រក្សាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ការការពារសិទ្ធិសេរីភាពរបស់ប្រជារាស្ត្រ លើកតំកើងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សេវាទាំងនោះមានដូចជា៖
  • ធ្វើបញ្ជីប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត
  • ត្រួតពិនិត្យនិងផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋនិងជនបរទេសនៅក្នុងដែនដីរបស់ខ្លួន
  • រៀបចំគំរោងថវិការជាតិ និងថវិការខេត្ត រាជធានីបើមាន
  • ត្រួតពិនិត្យការទាពន្ធអាករសព្វសារពើនៅខេត្ត រាជធានី
  • គ្រប់គ្រងនិងប្រើប្រាស់ចលនទ្រព្យ និងអចលនទ្រព្យរបស់ខេត្ត ក្រុង
  • ផ្តល់កម្មសិទ្ធិលើដីធ្លី ដល់ប្រជាពលរដ្ឋ
  • រក្សាផ្លូវគមនាគម៍ ផ្លូវទឹក ផ្លូវគោក ក្នុងដែនដីរបស់ខ្លួនដែលជាបន្ទុក
  • លើកវិធានការចាំបាច់ ក្នុងបំណងទប់ស្កាត់គ្រោះមហន្តរាយនានា
  • គ្រប់គ្រង និងចាត់ចែងការងារ នគរូបនីយកម្ម និងសំណង។
១.១.២-មណ្ឌលរដ្ឋបាល
ដើម្បីគ្រប់គ្រងទឹកដីនៃប្រទេសកម្ពុជាឱ្យគ្រប់ទីកន្លែង រដ្ឋត្រូវបែងចែកទឹកដីជាមណ្ឌលរដ្ឋបាល គឺត្រូវ រៀបចំព្រំប្រទល់ដែនដី សំរាប់ឱ្យរដ្ឋការប្រតិបត្តិការងាររបស់ខ្លួន បានយ៉ាងជាក់ស្តែង ។ មណ្ឌលរដ្ឋបាលជារង្វង់សមត្ថកិច្ចរបស់រដ្ឋបាលតាមតំបន់ ។
ក្នុងរបបមជ្ឈការសុទ្ធសាធ មានតែការបែងចែកទឹកដីជាមណ្ឌលរដ្ឋបាលប៉ុណ្ណោះ។ បើមណ្ឌល រដ្ឋបាលណាមានទទួលពីអាជ្ញាធរកណ្តាលនូវអំណាចរំលែកខ្លះ មណ្ឌលនោះមានឈ្មោះហៅថា “មណ្ឌលរដ្ឋបាលវិសហមជ្ឈការ”                    ( Circonseription Administrative Deconcentree ou Circonscription Deconcentree )  ។
មណ្ឌលរដ្ឋបាល គ្មានបុគ្គលភាពគតិយុត្តិទេពីព្រោះមិនមែនជានិតិបុគ្គលសាធារណៈ ។ កិច្ចការទាំង ឡាយដែលធ្វើក្នុងមណ្ឌលរដ្ឋបាល ជាកិច្ចការទាំងអស់ហីយធ្វើក្នុងនាមរដ្ឋ ។ រដ្ឋជានិតិបុគ្គលសាធា រណៈតែមួយគត់  ក្នុងប្រទេសទាំងមូល ក្នុងរបបមជ្ឈការ ទោះបីមាន វិមជ្ឈការក៏ដោយ ។
នៅប្រទេសបារាំង តំបន់ ( Region ) ខេត្ត ( department ) ស្រុក ( Arrondissment ) និង ឃុំ (Commune) ជាមណ្ឌលរដ្ឋបាលផង និងជាសមូហភាពដែនដីវិមជ្ឈការផង ។ចំណែកឯ  “កង់តុង”គឺជាមណ្ឌលបោះឆ្នោតសំរាប់សមាជិកសភាខេត្ត (Conseillers generaux) មិនមែន ជាមណ្ឌលរដ្ឋបាលទេ ។​ មណ្ឌលបោះឆ្នោត ជាមណ្ឌលដែលកំណត់ឡើងតាមច្បាប់បោះឆ្នោត គឺមិនមែនតាមច្បាប់គ្រប់គ្រងរដ្ឋបាលទេ ។
នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រុង ខេត្ត ស្រុកខ័ណ្ឌ ឃុំ និង សង្កាត់ សុទ្ធតែជាមណ្ឌលរដ្ឋបាល ទាំងអស់ ។
នៅថ្នាក់ឃុំ សង្កាត់ មាន”អាជ្ញាធរមូលដ្ឋាន” ដែលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ជ្រើសតាំងជាសាកលគឺក្រុមប្រឹក្សាឃុំ សង្កាត់។ នៅថ្នាក់ស្រុក ក្រុង ខណ្ឌ និងថ្នាក់ខេត្ត រាជធានី គេបានដាក់អោយដំណើរការមន្ទីរ អង្គភាពរដ្ឋបាលដែលជាខ្សែរយៈបណ្តោលរបស់រដ្ឋបាលថ្នាក់ ជាតិនៅតាមថ្នាក់នីមួយៗ ហើយកិច្ចការមន្ទីរ អង្គភាពទាំងនោះ ត្រូវបានសំរបសរួលដោយតំ ណាងរបស់រាជរដ្ឋាភិបាលនៅតាមថ្នាក់ដែនដីរបស់ខ្លួន(អភិបាលខេត្ត រាជធានី និងអភិបាល ស្រុក ខណ្ឌ)។
ការគ្រប់គ្រងរដ្ឋបា់តាមបែបវិសហមជ្ឈការនៅប្រទេសកម្ពុជា គឺជាការគ្រប់គ្រងរដ្ឋបាល វិសហមជ្ឈការនៅក្នុងទស្សនទាននៃវិមជ្ឈការ។ ការគ្រប់គ្រងបែបនេះត្រូវបានគេយល់ថាមិន មានអ្វីជាការខុសឆ្គងទេ បើសិនជារាជរដ្ឋាភិបាលមិនគិតគូរទៅដល់រូបមន្តសម្របសម្រួល ដោយធ្វើការណែនាំខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ អោយសម្រេចបាននូវបេសកកម្មក្នុងនោះ គឺថារាជរដ្ឋាភិបាលអាចនិងបង្កើតអោយមានក្រុមប្រឹក្សាភិបាលខេត្ត រាជធានី ទទួលខុសត្រូវ ក្នុងការពិនិត្យ តាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ខេត្ត រាជធានី ហើយដែលគោល នយោបាយនេះត្រូវអនុម័តពីក្រុមប្រឹក្សាភិបាលខេត្ត រាជធានី។
១.២-វិមជ្ឈការ
វិមជ្ឈការ  ជាប្រព័ន្ធរដ្ឋបាលមួយ ដែលអនុញ្ញាតិអោយសមូហភាពដែនដី ឬ សេវាសាធារណៈ ធ្វើការគ្រប់គ្រងដោយខ្លួនឯង ក្នុងក្របខណ្ឌនៃការគោរពគោលការណ៍នីត្យានុកូលភាព ។ ប្រព័ន្ធនេះផ្តល់ ទៅអោយសមូហភាពដែនដី ឬ សេវាសាធារណៈ នូវបុគ្គលិកលក្ខណៈគតិយុត្ត សាធារណៈស្វ័យភាពរដ្ឋបាល និង ហិរញ្ញវត្ថុ ។
ការគ្រប់គ្រងបែបវិមជ្ឈការនេះ គឺតម្រូវអោយរដ្ឋប្រគល់អំណាចមួយចំនួនធំទៅអោយមូលដ្ឋាន សម្រេចកិច្ចការដោយផ្ទាល់ខ្លួនឯង មិនចាំបាច់ទទួលការអនុញ្ញាតពីអំណាចកណ្ដាលឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យមាតនីត្យានុកូលភាពលើសេចក្តីសម្រេចពីរដ្ឋតែប៉ុណ្ណោះ។
១.២.១-អត្ថន័យនៃស្វ័យភាព
ស្វ័យភាពគឺជាការយោងទៅរកការផ្ទេរការសម្រេចចិត្តរបស់រដ្ឋាភិបាល នូវសិទ្ធិអំណាចគ្រប់គ្រង ឬទទួលខុសត្រូវអោយទៅស្ថាប័ន ឬអង្គការដែលស្ថិតនៅក្រោមការទទួលខុសត្រូវមិនផ្ទាល់ ឬ ពាក់កណ្តាលឯករាជ្យ។ ដែលស្ថាប័នទាំងនោះ អាចមានសិទ្ធិសម្រេចកិច្ចការមួយចំនួនក្នុងដែន ដីសមូហភាពរបស់ខ្លួនដោយមិនមានការបង្គាប់បញ្ជាពីថ្នាក់លើសោះឡើយ ដោយគ្រាន់តែអោយ មានការត្រួតពិនិត្យតាននីត្យានុកូលភាពលើសេចក្តីសម្រេចពិរដ្ឋតែប៉ុណ្ណោះ។
-ស្វ័យភាពគតិយុត្ត
វិមជ្ឈការដែនដី គឺជានីតិបុគ្គលសាធារណៈស្របច្បាប់គតិយុត្តព្រោះវិមជ្ឈការនេះកើតចេញពីការ បោះឆ្នោតដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន មិនមានការចាត់តាំងពីរដ្ឋាភិបាលទេ ដូចនេះ វិមជ្ឈការពិតជាមានស្វ័យភាពគតិយុត្តស្របច្បាប់មែន។បើយោងទៅតាម ព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ស្តីពីវិមជ្ឈការដែនដី ដូចមាត្រា២ នៃ ព្រះរាជក្រមនេះ(ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់) កំណត់ថា “ឃុំសង្កាត់ជានីតិបុគ្គល”។
-ស្វ័យភាពអង្គការ
គ្រប់សមូហភាពដែនដី គឺត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលបោះឆ្នោតឡើងដោយ ប្រជាពលរដ្ឋនៃសមូហភាពដែនដីនោះ ហើយដោយមានអង្គការប្រតិបត្តសម្រាប់ដឹកនាំអំណាច មូលដ្ឋាន ដែលទទួលបានពីការបែងចែករបស់រដ្ឋ។
-ស្វ័យភាពមុខងារ
ប្រព័ន្ធវិមជ្ឈការគឺវាមានស្វ័យភាពពីអំណាចកណ្តាលយ៉ាងច្រើន ទាំងថវិការ ការបច្ចេកទេស គ្រប់គ្រង និងមុខងារ ដែលមុខងារនេះតម្រូវអោយសមូហភាពដែនដីបំពេញភារកិច្ចខ្លួនដោយ ភាពទទួលខុសត្រូវយ៉ាងខ្ពស់ ដោយមិនមានរងគំនាបឬការស្តីបន្ទោសពីថ្នាក់លើនោះទេ អំណាចកណ្តាលគ្រាន់តែពិនិត្យមើលការអនុវត្តរបស់ថ្នាក់មូលដ្ឋានថាតើការធ្វើបែបនេះស្រប តាមនីត្យានុកូលភាពតែប៉ុណ្ណឹងប៉ុណ្ណោះ។
១.២.២-វិសាលភាពនៃស្វ័យភាព
វិសាលភាពនៃប្រព័ន្ធវិមជ្ឈការនេះ មានអានុភាពទូទាំងឃុំ/សង្កាត់ ក្នុងប្រទេស ដែលទទួល អាណត្តិស្របច្បាប់ពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត ក្នុងរយៈពេល៥ឆ្នាំម្តង ដើម្បីបំពេញ តួរនាទី ក្នុងការចាត់ចែង គ្រប់គ្រង រៀបចំផែនការឃុំ/សង្កាត់ ក្នុងគោលដៅអភិវឌ្ឈដែនដី របស់ខ្លួន។
-ស្ថានភាពនៃការផ្ទេរសមត្ថកិច្ច
ការផ្ទេរសមត្ថកិច្ចពីថ្នាក់កណ្តាលមកថ្នាក់មូលដ្ឋាន ឬហៅថាវិមជ្ឈការ គឺជាការផ្ទេរសិទ្ធិសម្រេច កិច្ចការទៅក្នុងមូលដ្ឋានតាមរយៈការបោះឆ្នោត។ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមាន រយៈពេល៥ឆ្នាំម្តង ចូលរួមដោយគណបក្សនយោបាយជាច្រើន ដែលតំណាងអោយឆន្ទៈនយោ បាយផ្សេងៗពីគ្នា ដែលមានលក្ខណប្រជាធិបតេយ្យ។ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់សមា សភាពថ្មីនៃក្រុមប្រឹក្សាឃុំសង្កាត់ចូលកាន់តំណែងបំពេញតួរនាទីខ្លួន បំរើពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ដែលតម្រូវអោយរដ្ឋាភិបាលផ្តល់អំណាច មកថ្នាក់មូលដ្ឋាន។
-អត្ថិភាពនៃការត្រួតពិនិត្យរបស់រដ្ឋ
រដ្ឋ ឬ អំណាចកណ្ដាល មិនអាចចេះតែត្រួតពិនិត្យអ្វីបានទាំងអស់ លើអំណាចវិមជ្ឈការទេ បើគ្មានអត្ថបទច្បាប់ចែងច្បាស់លាស់ទេនោះ។ ក្នុងករណីមានច្បាប់ចែងច្បាស់លាស់ រដ្ឋ មិនអាចធ្វើការត្រួតពិនិត្យអោយហួសពីអ្វីដែលមានចែងក្នុងអត្ថបទនោះ។ ច្បាប់សភាអាច កំណត់ទំហំធំឬតូច នៃការត្រួតពិនិត្យរបស់រដ្ឋ ទៅតាមគោលនយោបាយវិមជ្ឈការរបស់រដ្ឋា ភិបាល ដោយលទ្ធភាពយ៉ាងទូលាយ ប៉ុន្តែគេមិនតម្រូវអោយការត្រួតពិនិត្យនេះ ស្មើនិងការ ត្រួតពិនិត្យរបស់ចៅហ្វាយនាយឡើយ ពីព្រោះបើពុំដូច្នោះទេ វាអស់មានអំណាចវិមជ្ឈការហើយ។
នៅប្រទេសកម្ពុជា “ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់” បានចែងក្នុងមាត្រា៥៨ថា៖ “ក្នុងករណីក្រុមប្រឹក្សាឃុំសង្កាត់ណាធ្វើសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយពីនឹងនយោបាយ រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវសម្រេចរំលាយក្រុមប្រឹក្សាឃុំសង្កាត់នោះ ជាបន្ទាន់ ហើយត្រូវធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះឡើងវិញ ទៅតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសឃុំសង្កាត់”។
-រដ្ឋសហព័ន្ធ
រដ្ឋសហព័ន្ធផ្សុំឡើងដោយរដ្ឋនានាជាច្រើន ហើយដែលមានឈ្មោះផ្សេងៗពីគ្នាដូចជា រដ្ឋក្នុងសហព័ន្ធ ឬរដ្ឋនៃរដ្ឋសហព័ន្ធ ដែលមានពហុលក្ខណៈនៃរដ្ឋមួយ(រដ្ឋធម្មនុញ្ញ សភា រដ្ឋាភិបាល តុលាការ)។ ក៏ប៉ុន្តែវាត្រូវបានដកហូតអធិបតេយ្យផ្ទៃក្រៅ(មិនមាននយោបាយ ការបរទេស) ហើយដែលសមត្ថកិច្ចត្រូវបានកំណត់ ព្រោះសមត្ថកិច្ចត្រូវបានបំពេញក្នុងវិធាន ដែលកំណត់ដោយរដ្ឋធម្មនុញ្ញនៃរដ្ឋសហព័ន្ធ មានន័យថាអធិបតេយ្យផ្ទៃក្នុងរបស់រដ្ឋក្នុង សហព័ន្ធត្រូវបានរៀបចំអោយបានសមស្រប។
២.១-ស្វ័យភាពនៃរដ្ឋក្នុងសហព័ន្ធ
រដ្ឋក្នុងសហព័ន្ធទាំងឡាយស្ថិតនៅចំណុះអោយរដ្ឋសហព័ន្ធ ដោយមានការខ្វះខាតនូវធាតុផ្សុំ អធិបតេយ្យ ពោលគឺឯករាជ្យខាងក្រៅ ហើយអធិបតេយ្យផ្ទៃក្នុងមិនមែនមិនមានការបះពាល់ ពីរដ្ឋសហព័ន្ធឡើយ គឺរដ្ឋសហព័ន្ធដាក់តម្រួតពីលើបន្ថែមនូវអធិបតេយ្យរបស់ខ្លួនពីលើរដ្ឋក្នុង សហព័ន្ធនោះ តែទុះជាយ៉ាងណាក៏ដោយរដ្ឋសហព័ន្ធក៏មានស្វ័យភាពរបស់ខ្លួនមួយចំនួនដូច ខាងក្រោមដែរ។
២.១.១-ស្វ័យភាពរដ្ឋធម្មនុញ្ញ
          រដ្ឋនីមួយៗក្នុងសហព័ន្ធគឺមានរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួនរបស់គេ ដូច្នេះការសម្រេចកិច្ចការ ផ្សេងៗដែលទាក់ទងនិងរដ្ឋខ្លួនគឺខ្លួនត្រូវតែធ្វើ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញខ្លួន បើទុះ បីជារដ្ឋធម្មនុញ្ញនៃរដ្ឋខ្លួនមិនសមស្របទៅនិងរដ្ឋធម្មនុញ្ញនៃរដ្ឋដទៃទៀតក្នុងសហព័ន្ធក៏ដោយ មានន័យថារដ្ឋមួយៗនៃសហព័ន្ធមានសិទ្ធិអនុវត្តនូវរដ្ឋធម្មនុញ្ញរបស់ជាជាអាទិភាពជាងរដ្ឋ ធម្មនុញ្ញនៃសហព័ន្ធ។
          ២.១.២-ស្វ័យភាពការសម្រេច
          រដ្ឋនីមួយៗនៃសហព័ន្ធមានសិទ្ធិសម្រេចគ្រប់កិច្ចការទាំងអស់ទាំងការបញ្ញត្តិច្បាប់ ការ អនុវត្តច្បាប់ និងព្រព័ន្ធតុលាការ របស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញដែលខ្លួនបានចែង និងអនុ លោមតាមធម្មនុញ្ញសហព័ន្ធ  ដោយមិនមានការបង្ខំពីអំណាចសហព័ន្ធ ឬរដ្ឋដទៃទៀតក្នុង សហព័ន្ធសោះឡើយ។
          ២.១.៣-ស្វ័យភាពការគ្រប់គ្រង
          ក្នុងរដ្ឋសហព័ន្ធនីមួយៗតែងមានសភា រដ្ឋាភិបាល និងប្រព័ន្ធយុត្តាធិការ ដូច្នេះវាមាន ន័យថាវាមិនមានប្រតិបត្តការដោយខ្លួនឯង ចាត់ចែងអំណាច ធនធានសេដ្ឋកិច្ច និងវិស័យ ផ្សេងៗទៀតដោយខ្លួនឯង លើកលែងតែ កិច្ចការបរទេស ការការពារជាតិ ពន្ធគយ រូបិយវត្ថុ និងទូរគមនាគមន៍។
២.២-ការចូលរួមរបស់រដ្ឋក្នុងសហព័ន្ធ
រដ្ឋក្នុងសហព័ន្ធបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការសហព័ន្ធទាំងផ្នែកអង្គការនីតិបញ្ញត្តិ អង្គការនីតិប្រតិបត្ត និងនៅរាល់មានការកែប្រែរដ្ឋធម្មនុញ្ញសហព័ន្ធជាដើម។
២.២.១-ការចូលរួមរបស់រដ្ឋក្នុងសហព័ន្ធក្នុងអង្គការនីតិបញ្ញត្តិរដ្ឋសហព័ន្ធ
រដ្ឋសហព័ន្ធបានចូលរួមក្នុងការតាក់តែងច្បាប់របស់សហព័ន្ធ តាមរយៈសភារដ្ឋសហព័ន្ធ គឺសភាទាំងពីរថ្នាក់៖
-សភាមួយក្នុងចំណោមសភាទាំងពីរ ជាតំណាងប្រជាជាតិក្នុងដែនដីរបស់ខ្លួន ដោយគ្មានការ បែងចែករវាងរដ្ឋក្នុងសហព័ន្ធ(នៅសហរដ្ឋអាមេរិកគឺសភាតំណាង)។
-សភាមួយទៀតក្នុងចំណោមសភាទាំងពីរ ត្រូវបានផ្សុំឡើងពីអ្នកតំណាងទាំងឡាយនៃរដ្ឋក្នុង សហព័ន្ធ។គ្រប់រដ្ឋនីមួយៗមានសិទ្ធិស្មើគ្នាក្នុងការបោះឆ្នោត ដើម្បីជ្រើសតំណាងស្របច្បាប់ របស់ខ្លួន ដែលអ្នកតំណាងទាំងនោះត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋព និងពីដែនដីរបស់ ខ្លួន(នៅសហរដ្ឋអាមេរិកគឺព្រឹទ្ធសភា)។
ជាទូទៅដូចគ្នានេះដែរ សភាទាំងពីថ្នាក់មានសិទ្ធិដូចគ្នាក្នុងការតាក់តែងច្បាប់។ រដ្ឋក្នុងសហព័ន្ធ ទាំងឡាយអាចរារាំងដោយប្រាប់ទៅសភានៃអ្នកតំណាងរបស់ខ្លួនចំពោះច្បាប់សហព័ន្ធដែលនិង មិនបំរើផលប្រយោជន៍របស់ខ្លួន។
២.២.២-ការចូលរួមរបស់រដ្ឋក្នុងសហព័ន្ធក្នុងអំណាចធម្មនុញ្ញសហព័ន្ធ
រដ្ឋសហព័ន្ធទាំងឡាយបានចូលរួមសហព័ន្ធក្នុងផ្នែកធម្មនុញ្ញមានដូចជា ការកែប្រែច្បាប់ផ្សេងៗ នៃសហព័ន្ធ ការកសាងច្បាប់ថ្មីៗដើម្បីបំរើផលប្រយោជន៍ពលរដ្ឋខ្លួនអោយមានបច្ចុប្បន្នភាព ចូលរួមក្នុងផ្នែកសេដ្ឋកិច្ច ចែករំលែកធនធានរបស់ខ្លួនដែលសំបូរទៅផ្គត់ផ្គងរដ្ឋដទៃទៀតក្នុង សហព័ន្ធជាមួយគ្នា។
២.៣-ការត្រួតគ្នានៃរដ្ឋសហព័ន្ធ
រដ្ឋនីមួយៗនៃសហព័ន្ធអាចមានសិទ្ធស្វ័យភាពការសម្រេចកិច្ចការពីគ្នាខ្លះក៏ពិតមែន ប៉ុន្តែនៅ ក៏មានបញ្ហាមួយចំនួនក៏ត្រូវតែអោយមានការទទួលការពិគ្រោះយោបល់ និងអនុញ្ញាតិពីសហព័ន្ធ ជាមុនសិនដែរ នេះបង្កើតអោយមានការត្រួតពិនិត្យគ្នាទៅវិញទៅមក ដែលជាហេតុនាំអោយកិច្ច ការសហព័ន្ធកាន់តែមានប្រសិទ្ធភាពដែរ។
សេចក្តីសន្និដ្ឋាន
       កិច្ចការស្រាវជ្រាវនេះបានបង្ហាញចំនុចខ្លះៗនៃទម្រងរដ្ឋ ដែលមានពីរប្រភេទគឺរដ្ឋទោល ដូចជាប្រទេសកម្ពុជាជាដើម និងរដ្ឋសហព័ន្ធ ដូចជាប្រទេសអាមេរិក រុស្សី អូស្រ្តលី កាណាដា ឥណ្ឌា​ ប្រេស៊ីល ជាដើម និងប្រព័ន្ធដឹកនាំរដ្ឋតាមរបបវិសហមជ្ឈការ និងរបបមជ្ឈការ ដែលជា ប្រទេសភាគច្រើនក្នុងលោកកំពុងប្រកាន់យក។ ក្រោយមេរៀននេះយើងនិងបានដឹងអំពីគុណ វិបត្ត និងគុណសម្បត្តិនៃប្រព័ន្ធដឹកនាំតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅប្រទេសកម្ពុជា យើង ឯរដ្ឋសហព័ន្ធវិញ យើងនិងបានឃើញកាន់តែច្បាស់ពីរបៀបរបបគ្រប់គ្រងបែបសហព័ន្ធ សមាសភាពរដ្ឋជាសមាជិក និងស្វ័យភាពខាងរដ្ឋធម្មនុញ្ញ ការសម្រេច និងបែបផែននៃការគ្រប់ គ្រង ក្នុងប្រព័ន្ធនីតិបញ្ញត្តិ នីតិប្រតិបត្ត និងយុត្តាធិការ។ ដូច្នេះបន្ទាប់ពីបានអានកិច្ចការនេះ ខ្ញុំ សង្ឃឹមថាវាជាជំនួយបន្ថែមទៀតក្នុងការស្វែងយល់ដឹងរបស់លោកអ្នក។
ឯកសារយោង
  • នីតិរដ្ឋធម្មនុញ្ញ  ដោយលោកជឹង ផេងស្រួយ
  • នីតិរដ្ឋបាលទូទៅ ដោយលោកបណ្ឌិត សាយ បូរី
  • វិមជ្ឈការ និង វិសហមជ្ឈការ ដោយលោក កៅ មុយថង

1 comment:

  1. Very very difference with other website... Thanks you for share

    ReplyDelete