​​​Cambodia Town ​(ទីក្រុង​ខ្មែរ) ​​គឺ​ជា​ឈ្មោះ​ផ្លូវការ​​​របស់​វិថី​មួយ​​ដែល​មាន​ចម្ងាយ​ប្រហែល​ជាង ១ ​គីឡូម៉ែត្រ​​​​ក្នុង​​ទីក្រុង​ឡងប៊ិច​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក។ ​ទីក្រុង​ឡងប៊ិច​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ប្រសិទ្ធិនាម​ឲ្យ​ថា ​ជា​ “ទីក្រុង​ភ្នំពេញ​ទី ២” ​ដោយសារ​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ប្រជាជន​ខ្មែរ​រស់នៅ ​​​​​​យ៉ាង​ច្រើន​កុះករ។​ ​Cambodia Town ​​មាន​ភោជនីយដ្ឋាន ​ហាង​លក់​សំលៀកបំពាក់ ​ហាង​លក់​គ្រឿង​អលង្ការ​ ​ប្រាសាទ​ វត្តអារាម ​និង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​គ្រប់គ្រង​ដោយ​​ជនជាតិ​អាមេរិក​សញ្ជាតិ​ដើម​ខ្មែរ។
ព្រះសង្ឃ​កំពុង​ប្រសិទ្ធី​​ស្លាក​ទីក្រុង​ខ្មែរ​
​ជា​ទីក្រុង​​ខ្មែរ​​នៅ​ទឹកដី​អាមេរិក ​ទីក្រុង​ឡងប៊ិច​ ​ត្រូវ​គេ​ជឿជាក់​ថា ​មាន​ប្រជាជន​​ខ្មែរ​​រស់នៅ​ប្រហែល ៥ ​ម៉ឺន​នាក់។ ​​​គេ​ជឿ​ថា ​វា​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​ដែល​មាន​​ខ្មែរ​អាណិកជន​រស់នៅ​ច្រើន​ជាង​គេ ​ បន្ទាប់​ពី​ទីក្រុង​ប៉ារីស​របស់​បារាំង។ ​​​​​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ទីក្រុង​ឡងប៊ិច​ភាគច្រើន​ជា​ជន​ភៀស​សឹក​​នៅ ​ជំនាន់​ប៉ុល ពត។ ​ទីក្រុង​ខ្មែរ​មួយ​នេះ​​ តែង​ប្រារព្ធ​​ធ្វើ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដង្ហែ​តាម​ដង​វិថី​រៀងរាល់​ ឆ្នាំ។
ប្រវត្តិ​ការ​ដាក់​ឈ្មោះ​ Camdodia Town
​ចាប់​តាំង​ពី​ឆ្នាំ ២០០១​ មក​​ សកម្មជន​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ឡងប៊ិច​ បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ឈ្មោះ​​ច្រក​របៀង​វិថី​ Anaheim ​​ថា​ “Cambodia Town” (ទីក្រុង​ខ្មែរ) ​​ខណៈ​សកម្មជន​ដទៃ​ទៀត​ស្រឡាញ់​ឈ្មោះ “Little Phnom Penh” (ទីក្រុង​ភ្នំពេញ​ទី​ពីរ)។ ​រហូត​ដល់​ថ្ងៃ​ទី ២៥​​ តុលា​ ឆ្នាំ ២០០៦ ​ទើប​ ក្រុមប្រឹក្សា​ទីក្រុង​ឡងប៊ិច​​សម្រេច​បោះឆ្នោត​​រយៈពេល ​៩០ ​​ថ្ងៃ​ដើម្បី​ទទួល​យក​​ព័ត៌មាន​បន្ថែម ​និង​ពិនិត្យ​​មើល​ឲ្យ​បាន​ល្អិតល្អន់។​​ ​ចុង​បញ្ចប់​​ ​ការ​ទាមទារ​ពី​សកម្មជន​ខ្មែរ​បាន​ទទួល​ជោគជ័យ​ ​ដោយ​ក្រុមប្រឹក្សា​​ទីក្រុង​ឡងប៊ិច​សម្រេច​​ដាក់​ឈ្មោះ​ Cambodia Town ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣ ​កក្កដា​ ឆ្នាំ ២០០៧។ ​​​
វិស្វករ​កំពុង​ដំឡើង​ស្លាក​​ទីក្រុង​ខ្មែរ
នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​កាសែត​ Long Beach Press-Telegram ​បាន​ចុះ​ផ្សាយ​ពី​ការ​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​ថា “បន្ទាប់​ពី​ការ​ពិភាក្សា​ដ៏​វែង​ឆ្ងាយ ​និង​ទទួល​មតិ​ពី​សាធារណៈ ​ក្រុម​ប្រឹក្សា​ទីក្រុង​​បាន​បោះឆ្នោត​​​ក្នុង​ការ​ដាក់​ឈ្មោះ​​ច្រក​របៀង​ ​វិថី Anaheim ​ដែល​ស្ថិត​នៅ​ចន្លោះ​​រុក្ខវិថី Junipero ​​និង​មហាវិថី Antlantic ​ថា ​ជា​ “Cambodia Town” (ទីក្រុង​ខ្មែរ) ​ដោយ​សំឡេង​គាំទ្រ ​៨ ទល់​នឹង​ ១។ ​​​​តំបន់​ទាំង​មូល​ជា​ទីតាំង​ជំនួញ​ដ៏​​​សម្បូរបែប​​របស់​ប្រជាជន​អាមេរិក​ ដើម​កំណើត​ខ្មែរ ​​និង​ជា​លំនៅឋាន​របស់​ប្រជាជន​ខ្មែរ​​​​​ប្រហែល ១៧០០០ ​នាក់។
ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​នៅ​ក្រុងខ្មែរ​