នៅ​​ចិន ក៏​ដូច​ជាកម្ពុជា និងប្រទេស​ផ្សេងៗ​ទៀត​នៅ​អាស៊ី និងលោក​ខាងលិច តែង​តែមាន​ការ​សម្ដែង​ម៉ុងសាយ​ ពេល​មាន​បុណ្យ​ចូលឆ្នាំ​ចិន និងពិធី​សម្ពោធ​ហាង​ផ្សេងៗ​ ដើម្បី​សុំ​ឲ្យ​មាន​លាភ​សំណាង​ល្អ។ តើ​ហេតុ​អ្វី​បាន​ជា​មាន​ម៉ុងសាយ? ហើយម៉ុងសាយ​នេះ​តំណាង​អ្វី​ដែរ? ​ប្រវត្តិ​នៃ​ការ​កកើត​ការ​សម្ដែង​ម៉ុងសាយ​នេះ មាន​រឿង​ដំណាលតៗ​គ្នា​ ផ្សេងៗ​ជា​ច្រើន ដូច្នេះ Sabay សូម​លើក​ឡើង​ពី​ប្រវត្តិ​ខ្លះ​ៗទាក់​ទង​នឹង​ការ​កកើត​នេះ។
ប្រវត្តិ
កាលពី​ព្រេង​នាយ​មាន​រឿង​មួយ​ដំណាល​ថា មាន​ព្រះ​សង្ឃ​មួយ​អង្គ បាន​សុបិន​ឃើញ​ថា មាន​ទុក្ខ​វេទនា និងបិសាច​ជា​ច្រើន​បំផ្លាញ​ពិភព​លោក។ ព្រះ​សង្ឃ​អង្គ​នោះ​បាន​បន់​ស្រន់ និងសួរ​ទៅ​ព្រះ​ថា ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ការពារ​មិន​​ឲ្យ​មាន​ពួក​បិសាច​ទាំង​អស់​នោះ? ​ព្រះ​មាន​បន្ទូល​ទៅ​ព្រះសង្ឃ​អង្គ​នោះ​ថា សិង្ហ (ម៉ុងសាយ) អាច​ការពារ និងប្រយុទ្ធ​នឹង​បិសាច​ទាំង​អស់​នោះ។ ប្រជា​ជន​ចិនមិន​ធ្លាប់​ឃើញ​​សិង្ហ​ពី​មុន​ឡើយ ប៉ុន្តែ​ធ្លាប់​ឮ​រឿង​ដំណាលៗ​គ្នា​ថា សិង្ហ​គឺ​​ជា​ស្តេច​សត្វ​ទាំង​អស់។ ដូច្នេះ ព្រះអង្គ​បាន​បញ្ចូល​តួអង្គ​សត្វ​មាន​សំណាង ឬ សត្វ​ទេវកថា​ទាំង​អស់ ហើយបន្ទាប់មក​បង្កើត​ម៉ុងសាយ។
ចំណែក​អ្នក​ខ្លះ​ដំណាល​ថា កាល​ពី​រាប់​រយ​ឆ្នាំ​មុន មាន​ភូមិ​តូច​មួយ​នៅ​ចិន ត្រូវ​គំរាម​កំហែង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ដោយ​ក្រុម​ចោរ​ព្រៃដែល​តែង​ខ្លួន​ជា​សត្វ​ព្រៃ​ចម្លែក។ ក្រុម​ចោរ​នេះ បាន​បន្លាច​ប្រជាជន​ឲ្យ​រត់​ចេញ និងលួច​របស់​របរ​ក្នុង​ផ្ទះ និងដី​ស្រែ​ពួកគេ។ ដោយសារ​អត់​ឃ្លាន អ្នក​ភូមិ​ក៏​បាន​ងើប​ឈរ​ប្រឆាំង​នឹង​ក្រុម​ចោរ​ព្រៃ​មិន​ស្គាល់​មុខ​នោះ និង​បាន​បង្កើត​សំលៀកបំពាក់​ក្លែង​ក្លាយ​មួយ​ដែល​តំណាង​ឲ្យ​ម៉ុងសាយ (សិង្ហ ឬ តោ)។
សំលៀក​បំពាក់​នោះ​ធ្វើ​ពី​គ្រោង​ឫស្សី ដោយ​មាន​ក្រដាស​បិទ​លាប​ដោយ​ពណ៌​ស្រាល។ អ្នក​សម្តែង​ពីរ​នាក់​ពាក់​​សំលៀកបំពាក់​នេះ និង​រាំ ​ពេល​ដែល​អ្នក​ភូមិ​ផ្សេង​ទៀត​វាយ​​គម្រប​ចាន​ឆ្នាំង។ ដោយ​សារ​សំលៀក​បំពាក់​ដ៏​ចម្លែក​នោះ អ្នក​ភូមិ​អាច​បន្លាច​ក្រុម​ចោរ​ព្រៃ​នេះ​ឲ្យ​ចេញ​ឆ្ងាយ ហើយពួកគេ​ជឿ​ថា ការ​សម្ដែង​ម៉ុងសាយ (របាំម៉ុងសាយ) អាច​បណ្តេញ​ភាព​ចម្រៃ​ឧបទ្រព​ និងបន្លាច​ព្រលឹង​បិសាច​ឲ្យ​ចេញ​ឆ្ងាយ និងនាំ​យក​នូវ​សំណាង​ល្អ។ ដើម្បី​រំលឹក​ព្រឹត្តិ​ការណ៍​នេះ របាំ​នេះ​ត្រូវ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ រហូត​មក​ដល់​សព្វ​ថ្ងៃ។
រីឯ ​រឿង​ព្រេង​មួយ​ទៀត​ដំណាល​ថា កាលពី​ព្រេង​នាយ មាន​សិង្ហ (ម៉ុងសាយ ឬ តោ) មួយ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភូមិ​មួយ និងធ្វើ​​ទុក្ខបុកម្នេញ​ដល់​អ្នក​ភូមិ​ និងសត្វ​ស្រុក។ ​ពេល​នោះ​មាន​គ្រូ​កុងហ្វូម្នាក់​បាន​មក​ដល់​ភូមិ​នោះ និង​ស្ម័គ្រ​ចិត្ត​ចូល​ក្នុង​ភ្នំ​ព្រៃ​ក្រាស់​ ដើម្បី​ប្រយុទ្ធ​ជា​មួយ​សិង្ហ​នោះ។ ការ​ប្រយុទ្ធ​គ្នា មាន ៣ ដង ប៉ុន្តែ​គ្រូ​កុងហ្វូ​មិន​អាច​យក​ឈ្នះ​ឡើយ។ ​ដូច្នេះ​​ គ្រូ​នោះ​បាន​បង្ហាត់​ក្បាច់​គុន​កុងហ្វូ ​ដល់​អ្នក​ភូមិ​មួយ​ចំនួន​ឲ្យ​ជួយ​សម្លាប់​សិង្ហ​។ ប៉ុន្មាន​ខែ​ក្រោយ​មក ពួកគេ​ឡើង​ភ្នំ​សម្លាប់​សិង្ហ​នោះ​បាន​ដោយ​ជោគជ័យ។ ដើម្បី​អបអរ​ដល់​ជ័យជម្នះ​​ ពួកគេ​បាន​ធ្វើ​តាម​ចង្វាក់​​ប្រយុទ្ធ​ជាមួយ​សិង្ហ​នោះ ហើយការ​ធ្វើ​ត្រាប់​នេះ​បាន​ក្លាយ​ជា​របាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។
ដំណាល​រឿង​ចុង​ក្រោយ គឺ​ថា​ អធិរាជ​ចិន​ គឺ​ព្រះអង្គ​ ឈីង នៃ​រជ្ជកាល​ឈីង បាន​សុបិន​ឃើញ​របាំង​សិង្ហ​។ បន្ទាប់​មក​ក៏​បញ្ជា​ដល់​អង្គរក្ស​នៅ​រាជវាំង សម្តែង​តាម​អ្វី​ដែល​ដូច​ក្នុង​សុបិន។
ប្រភេទម៉ុងសាយ
របាំ​ម៉ុងសាយ ត្រូវ​គេ​ស្គាល់​ថា​មាន ៣ បែប គឺ បែប​ចិន​ខាងជើង ចិន​ខាង​ត្បូង និង តៃវ៉ាន់។
របាំងម៉ុងសាយចិនខាងជើង សម្តែង​សម្រាប់​ការ​កម្សាន្ត​នៅ​រាជវាំង និងកន្លែង​ផ្សេងៗ​ទៀត។ ម៉ុងសាយ​មាន​ពណ៌​ក្រហម ទឹកក្រូច និងលឿង (ជួនកាល​មាន​រោម​ពណ៌​បៃតង​សម្រាប់​ម៉ុង​សាយ​ញី) ក្បាល​ពណ៌​មាស។ របាំង​នៅ​ភាគ​ខាង​ជើង​មាន​លក្ខណៈ​សៀក​ និង គ្រោះ​ថ្នាក់។
របាំម៉ុងសាយចិនខាងត្បូង សម្តែង​ក្នុង​ឱកាស​បណ្ដេញ​ព្រលឹង​បិសាច និងនាំ​សំណាង​ជោគ​វាស​នា។ ម៉ុងសាយ​ភាគ​ខាងត្បូង​មាន​ពណ៌​ចម្រុះ​គ្នា​ជា​ច្រើន ដោយ​​មាន​ក្បាល​ផ្សេង​គ្នា មាន​ភ្នែក​ធំៗ ​មាន​កញ្ចក់​លើ​ថ្ងាស (បន្លាច​បិសាច​ពេល​ឃើញ​​រូប​ខ្លួន​ឯង) និង ស្នែង​មួយ​នៅ​​កណ្តាល​ក្បាល។
របាំងម៉ុងសាយ​តៃវ៉ាន់ បញ្ចូល​ក្បាច់​គុណ​ការពារ​ខ្លួន។ របាំ​នេះ​ខុស​ពី​របាំ​ចិន​ភាគ​ខាងត្បូង​ត្រង់ រូបរាង​ម៉ុងសាយ និងភ្លេង។ មិន​ដូច​ម៉ុងសាយ​ចិន​ខាង​ត្បូង​ដែល​មាន​ភ្នែក និង មាត់​អាច​មាន​ចលនា​បាន ម៉ុងសាយ​តៃវ៉ាន់​មាន​លក្ខណៈ​មិន​សូវ​ឆើត​ឆាយ និងចែក​ជា​ពីរ​ប្រភេទ​គឺ ម៉ុងសាយ​បើក​មាត់ និង ម៉ុងសាយ​បិទ​មាត់
តើ​របាំម៉ុងសាយ​ជាអ្វី?
របាំ​ម៉ុងសាយ​បង្ហាញ​ពី​សម្រស់ សិល្បៈ វប្បធម៌ ប្រពៃណី និង ប្រវត្តិសាស្ត្រ​ចិន។ ការ​សម្តែង​ល្អ​ត្រូវ​គេ​ជឿ​ថា ​នឹង​នាំ​នូវ​សំណាង​ល្អ និងសុភមង្គល។ អ្នក​សម្តែង​បង្ហាញ​នូវ​អារម្មណ៍​ដូច​សត្វ​ទេវកថា ដូចជា​​ការ​រំភើប​ ការ​ប្រុង​ប្រយ័ត្ន ​ការ​ចង់​ដឹង​ចង់ឮ​ លេងសើច កំហឹង ងងុយដេក ច្របូក​ច្របល់ សប្បាយ ​និង​កើត​ទុក្ខ។
ម៉ុងសាយ​ត្រូវ​ធ្វើ​ឡើង​ពី​ គ្រោង​ឫស្សី បិទ​ដោយ​ក្រដាស និងមាន​មនុស្ស​ពីរ​នាក់​សម្តែង។ ​ម្នាក់​កាន់​ក្បាល ហើយម្នាក់​ទៀត​កាន់​កន្ទុយ និងចលនា​ពួកគេ​ធ្វើ​តាម​ចង្វាក់​ភ្លេង​ស្គរ។ ពួកគេ​ដែល​ហាក់​ដូច​ជា​ទើប​នឹង​ភ្ញាក់ និងស្រេក​ឃ្លាន ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន (ឡើង លោត ផ្លោះបង្គោល) ​ដើម្បី​ស៊ី​អាហារ​ដែល​មាន​បន្លែ​បៃតង​នាំ​សំណាង​ ផ្លែឈើ​នាំ​សំណាង (ក្រូច) និង អាំង​ប៉ាវ (នាំ​សំណាង​ល្អ​ដល់​មុខ​របរ​រក​ស៊ី)៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ Wikipedia, Dragonliondance, 123chinesenewyear