ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សមូហភាពដែនដី
សេចក្តីផ្តើម
ជាដំបូងគប្បីយល់ពាក្យមួយគន្លឹះចំនួនជាមុនសិន៖
ការគ្រប់គ្រងមានន័យថា ការចាត់ចែង ប្រើប្រាស់ ថែរក្សា ឯទ្រព្យសម្បត្តិ
គឺជាធនធានផ្សេងៗ ជាថវិកា និងសម្ភារៈជាដើម ហើយសមូហ ភាពដែនដីគឺជា
ដែនដីទាំងឡាយនៅថ្នាក់ក្រោមជាតិ ដែលមានជានីតិបុគ្គលមានអំណាចវិមជ្ឈ ការផង
និងវិសហមជ្ឈការផង បានដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
ដូច្នេះក្នុងទី នេះយើងនិងផ្តោតសំខាន់ទៅលើខ្លឹមសារពីរចំណុច
ដែលនិងលើកមកនិយាយនៅផ្នែកខាងក្រោម នោះគឺសមូហភាពដែនដីវិមជ្ឈការ ឃុំ សង្កាត់
និងសមូហភាពដែនដីវិសហមជ្ឈការ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។១.ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់
ឃុំ សង្កាត់គឺជាដែនដីសមូហភាពមួយដូច្នេះថ្នាក់នេះមានសិទ្ធក្នុងការគ្រប់គ្រង ចាត់ចែងនូវ ទ្រព្យសម្បត្តិដែលខ្លួនមាន និងរកបានមក ដូចមានចែងក្នុងច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០១ ជាក់ស្តែងក្នុង ច្បាប់ពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រង់ជំពូកទី៧ ពីមាត្រាទី៧៣ ដល់៨៣ បាននិយាយ យ៉ាងច្បាស់អំពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិនេះ។
ជំពូកទី៧ ស្តីពីហិរញ្ញវត្ថុឃុំ សង្កាត់ មានខ្លឹមសារដូចតទៅ៖
មាត្រា៧៣ ៖
ឃុំ សង្កាត់មានហិរញ្ញវត្ថុ ថវិកានិងទ្រព្យសម្បត្តិផ្ទាល់។
មាត្រា៧៤៖
ឃុំ សង្កាត់មានសិទ្ធិទទួលចំណូលផ្ទាល់ដែលបានមកពីពន្ធ ចំណូលមិនមែនសារពើពន្ធ និង កំរៃសេវាផ្សេងៗ ។
ពន្ធខាងលើនេះរាប់បញ្ចូលពន្ធលើដីធ្លី ពន្ធលើអចលនទ្រព្យនិងពន្ធនៃការជួល។
ក្នុងករណីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រមូលចំណូលផ្ទាល់របស់ឃុំ សង្កាត់ ការប្រមូល ចំណូលនេះត្រូវធ្វើក្នុងនាមឃុំ សង្កាត់។
ប្រភេទ កំរិតនិងរបៀបរបបនៃការប្រមូលចំណូលសារពើពន្ធ ចំណូលមិនមែនសារពើ ពន្ធនិងកំរៃសេវាផ្សេងៗ ខាងលើនេះត្រូវកំណត់ដោយច្បាប់។
មាត្រា៧៥៖
ឃុំ សង្កាត់មានសិទ្ធិទទួលបាននូវធនធានវិភាជន៍ពីចំណូលរដ្ឋ សំរាប់ថវិការបស់ខ្លួន។
ធនធានវិភាជន៍នេះរួមមានៈ
- ការផ្ទេរទាំងមូល ឬមួយផ្នែកនូវប្រាក់ចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធដ៏ ជាក់លាក់របស់រដ្ឋ។
- ទាយជ្ជទាននិងធនធានវិភាជន៍ ឩបត្ថម្ភធន ឬអនុប្បទានដែលបានមកពីប្រាក់ចំណូលរដ្ឋ។
ធនធានវិភាជន៍ខាងលើនេះត្រូវផ្តល់ទៅអោយមេឃុំ សង្កាត់តាមរតនាគារខេត្ត ក្រុង។
ការរៀបចំ និងនីតិវិធីនៃការផ្ទេប្រាក់វិភាជន៍ខាងលើនេះត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៧៦៖
ឃុំ សង្កាត់នីមួយៗ មានសិទ្ធិទទួលបាននូវប្រាក់កំរៃ ចំពោះការអនុវត្តនូវតួនាទីជាភ្នាក់ងា តំណាងរដ្ឋដែលរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័នណាមួយនៃរាជរដ្ឋាភិបាលបានប្រគល់ អោយអនុវត្ត។
ប្រាក់កំរៃខាងលើនេះគឺជាប្រាក់បន្ថែមពីលើប្រាក់ចំណូលរបស់ឃុំ សង្កាត់ ឬប្រាក់វិភាជន៍ ផ្សេងៗដែលឃុំ សង្កាត់ទទួលបានពីប្រាក់ចំណូលរបស់រដ្ឋ។
រាជរដ្ឋាភិបាល ឬក្រសួងស្ថាប័នណាមួយនៃរាជរដ្ឋាភិបាលត្រូវផ្តល់កំរៃសមស្របដល់ ឃុំសង្កាត់ ដែលបានអនុវត្តតួនាទីជាភ្នាក់ងារតំណាងរដ្ឋដូចបានចែងខាងលើ។
ក្នុងករណីដែលការប្រគល់អំណាច មុខងារបស់រដ្ឋមានលក្ខណៈជាចិន្ត្រៃយ៍ទៅអោយឃុំ សង្កាត់រាជរដ្ឋាភិបាលត្រូវរៀបចំអោយមានធនធានហិរញ្ញវត្ថុរយៈពេលយូរអង្វែងសំរាប់ផ្តល់ អោយឃុំ សង្កាត់។
ការរៀបចំប្រាក់កំរៃខាងលើនេះត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៧៧ ៖
រដ្ឋបង្កើតអោយមានមូលនីធិ ឃុំ សង្កាត់។
មូលនីធិឃុំ សង្កាត់បង្កើតឡើងក្នុងគោលដៅដើម្បីធ្វើការផ្ទេរនូប្រាក់ចំណូលពីជាតិនិង ប្រាក់ចំណូលផ្សេងៗទៀតទៅអោយថវិកាឃុំ សង្កាត់។
ការផ្ទេរប្រាក់ចំណូលពីជាតិទៅមូលនីធិខាងលើនេះត្រូវធ្វើឡើងទៅតាមរូបមន្ត ឬតាម អត្រាជាក់លាក់មួយសម្រាប់ថេរៈវេលាយ៉ាងតិច៣ឆ្នាំ និងមិនលើសពី៥ឆ្នាំដែលកំណត់ ដោយអនុក្រឹត្យ។
នីតិវិធីអនុវត្តជាក់ស្តែងនៃមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៧៨៖
មូលនីធិឃុំ សង្កាត់បានមកពីៈ
- ការធ្វើវិភាជន៍នូវចំណែកដ៏ជាក់លាក់នៃប្រាក់ចំណូលរដ្ឋ ពីថវិការដ្ឋប្រចាំឆ្នាំដែលបានកំណត់ ដោយអនុក្រឹត្យ។
- អនុប្បទាននិងការខ្ចីប្រាក់ពីប្រភពក្នុងប្រទេស និងកក្រៅប្រទេស។
ការធ្វើវិភាជន៍នូវធនធានប្រចាំឆ្នាំទៅអោយឃុំ សង្កាត់ត្រូវធ្វើឡើងទៅតាមរូបមន្តដែល បានកំណត់ដោយអនុក្រឹត្យ។
របៀបរបបចាត់ចែង វិធាននៃការប្រើប្រាស់និងនីតិវិធីនៃការបើកប្រាក់ចំណាយពីមូល នីធិឃុំសង្កាត់ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៧៩៖
ឃុំ សង្កាត់ត្រូវរៀបចំនិងអនុម័តថវិការបស់ខ្លួនជារៀងរាលឆ្នាំ។
ថវិកាឃុំ សង្កាត់ត្រូវរៀបចំទៅតាមទំរង់មួយនិងអនុម័តនៅក្នុងកាលបរិច្ឆេទ ឬមុនកាល បរិច្ឆេទមួយអនុលោមទៅតាមប្រព័ន្ធថវិកាជាតិ។
ថវិកាឃុំ សង្កាត់ត្រូវមានតុល្យភាពរវាងចំណូលសរុប និងចំណាយសរុប។
ឃុំ សង្កាត់អាចបង្កើតចំណាយបាន តែត្រូវអោយស្របទៅតាមចំណូលរបស់ខ្លួន។
ថវិកាឃុំ សង្កាត់ត្រូវឆ្លុះបញ្ជាំងអំពីអាទិភាពនិងសេចក្តីត្រូវការនៃផែនការអភិវឌ្ឍន៍និង កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់។
នីតិវិធីនៃការរៀបចំនិងការអនុម័តថវិកាខាងលើត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៨០៖
ឃុំ សង្កាត់គ្មានសិទ្ធិខ្ចីប្រាក់បានឡើយ។
ឃុំ សង្កាត់មិនអាចធនារ៉ាប់រងចំពោះការខ្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុណាមួយបានឡើយ។
មាត្រា៨១៖
ឃុំ សង្កាត់មានសិទ្ធិទទួលបាននូវការផ្ទេរទ្រព្យសម្បត្តិមួយផ្នែករបស់រដ្ឋមកជាទ្រព្យសម្បត្តិ ឃុំ សង្កាត់។
ឃុំ សង្កាត់ត្រូវបានគ្រប់គ្រងអោយបានល្អនូវទ្រព្យសម្បត្តិដែលរកបានដោយខ្លួនឯង និង ទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់អោយ។
ឃុំសង្កាត់អាចប្រើប្រាស់និងទាញយកផលចំណូលពីទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់ អោយខ្លួនគ្រប់គ្រង។
ឃុំ សង្កាត់ត្រូវថែរក្សាការពារទ្រព្យសម្បត្តិដែលរដ្ឋប្រគល់អោយៗបានគង់វង្ស ហើយទ្រព្យ សម្បត្តិទាំងនោះ ឃុំ សង្កាត់គ្មានសិទ្ធិលក់ដូរឬផ្ទេរកម្មសិទ្ធិ ឬផ្ទេរការប្រើប្រាស់ ដោយគ្មាន ការយល់ព្រមជាមុនពីរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីមានយោបល់ឯកភាពរបស់រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃបានឡើយ។
នីតិវិធីចាត់ចែងនិងប្រើប្រាស់ទ្រព្យសម្បត្តិខាងលើ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៨២៖
ឃុំ សង្កាត់ត្រូវបង្កើតអោយមាននូវប្រព័ន្ធគ្រប់គ្រង តាមដាននិងត្រួតពិនិត្យហិរញ្ញវត្ថុរបស់ ខ្លួនរួមមានៈ
- បទដ្ឋានហិរញ្ញវត្ថុនិងការអនុវត្តជាក់ស្តែងផ្នែកគណនេយ្យ
- ការចាត់ចែង គ្រប់គ្រងទ្រព្យសម្បត្តិ
- តំរូវការផ្សេងៗ ក្នុងការធ្វើសវនកម្ម
- ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងការទទួលខុសត្រូវ។
ប្រព័ន្ធនៃការគ្រប់គ្រង ការតាមដាននិងការត្រួតពិនិត្យហិរញ្ញវត្ថុរបស់ឃុំ សង្កាត់ត្រូវកំណត់ ដោយអនុក្រឹត្យ។
មាត្រា៨៣៖
របបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់ត្រូវស្ថិតនៅក្រោមការត្រួត ពិនិត្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីបានពិភាក្សាឯកភាពលើគោលការណ៍ ជាមួយក្រសួងមហាផ្ទៃ។
២.ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាដែនដីសមូហភាពមួយដែរដូច្នេះថ្នាក់នេះមានសិទ្ធ ក្នុងការគ្រប់គ្រង ចាត់ចែងនូវទ្រព្យសម្បត្តិដែលខ្លួនមាន និងរកបានមក ដូចមានចែងក្នុងច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨ ជាក់ស្តែងក្នុងច្បាប់ពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់ជំពូកទី២ ផ្នែកទី២ មាត្រាទី៤៤ ក៏បាននិយាយខ្លះដែរ និងនៅ ជំពូកទី៥ ផ្នែកទី៦ និងផ្នែកទី៧ មានចែងយ៉ាងច្បាស់អំពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិ នេះផងដែរ។
នេះជាមាត្រាខ្លះៗដែលមានចែងអំពីការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ថ្នាក់ក្រោមជាតិ៖
មាត្រា៤៤៖
រាជធានី ខេត្ត ក្រុង ស្រុក ត្រូវមានថវិកាផ្ទាល់របស់ខ្លួន ដែលហៅកាត់ថា ថវិការដ្ឋបាលថ្នាក់ ក្រោមជាតិ។
ខណ្ឌ និងសង្កាត់ចំណុះរាជធានី ត្រូវមានថវិការបស់ខ្លួននៅក្នុងថវិការបស់រាជធានី។
សង្កាត់ចំណុះក្រុង ត្រូវមានថវិការបស់ខ្លួននៅក្នុងថវិការបស់ក្រុង។
ក្រុមប្រឹក្សាត្រូវអនុម័តលើថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមនីតិវិធីនិងប្រតិទិននៃ ការកសាងថវិការដ្ឋជារៀងរាល់ឆ្នាំ។
ក្រុមប្រឹក្សាត្រូវអនុម័តក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀង រាល់ឆ្នាំ។
ការគ្រប់គ្រងនិងការអនុវត្តគម្រោងថវិកាប្រចាំឆ្នាំ ត្រូវផ្នែកតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់ នេះនិងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ថវិកាត្រូវរៀបចំឡើងដោយគោរពតាមគោលការណ៍សំខាន់ៗទាំងអស់នៃគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។
ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមានតុល្យភាពរវាងចំណូល និងចំណាយ។
មាត្រា២៤៣៖
ក្រុមប្រឹក្សា ត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាល។
មាត្រា២៤៤៖
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកមានសិទ្ធទទួល បានចំណូលពីប្រភពនៅមូលដ្ឋាន ពីប្រភពនៅថ្នាក់ជាតិ និងពីប្រភពផ្សេងៗទៀតដោយ អនុលោមទៅតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ត្រូវមានថវិកាសម្រាប់អនុវត្តមុខងារភារកិច្ច របស់ខ្លួនដែលស្ថិតនៅក្នុងថវិការាជធានី និងថវិកាក្រុង។
មាត្រា២៥២៖
ក្រុមប្រឹក្សាគ្មានសិទ្ធិខ្ចីប្រាក់ បោះផ្សាយសញ្ញាប័ណ្ណ ឬ/ និងមូលប័ត្រ ធានាគ្រប់កិច្ចសន្យា និងប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុណាមួយដែលនាំឱ្យកើតជាបំណុល។
មាត្រា២៥៥៖
ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាទ្រព្យសម្បត្តិដែល រដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រង និងប្រើប្រាស់ និងទាញយកផលចំណូលពីទ្រព្យ សម្បត្តិទាំងនោះ។
រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវថែរក្សាការពារទ្រព្យសម្បត្តិដែលរដ្ឋប្រគល់ឱ្យគ្រប់គ្រង ឱ្យបានគង់វង្ស ហើយរដ្ឋបាលថ្នាក់ក្រោមជាតិគ្មានសិទ្ធិលក់ដូរ ឬផ្ទេរកម្មសិទ្ធិ ឬផ្ទេរការប្រើ ប្រាស់ទ្រព្យទាំង នោះ ដោយគ្មានការយល់ព្រមជាមុនពីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបន្ទាប់ពីមានការឯកភាពពីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឡើយ។
ការត្រួតពិនិត្យ ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ទ្រព្យសម្បត្ដិរដ្ឋ និងទ្រព្យ សម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយឯង ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិ រញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា២៥៨៖
ក្នុងករណីដែលក្រុមប្រឹក្សាបានទទួលមុខងារមួយ ឬច្រើន ប៉ុន្ដែទ្រព្យសម្បត្ដិចាំបាច់ស ម្រាប់ចាត់ចែងមុខងារនោះមានបរិមាណមិនគ្រប់គ្រាន់ ឬគ្មានតែម្ដង ក្រុមប្រឹក្សាទទួលធន ធានហិរញ្ញវត្ថុដើម្បីដោះស្រាយមធ្យោបាយចាំបាច់សម្រាប់បំពេញសេចក្ដីត្រូវការរបស់ខ្លួន។
មាត្រា២៥៩៖
ការផ្ទេរទ្រព្យសម្បត្ដិត្រូវមានឯកសារផ្លូវច្បាប់សម្រាប់ផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសម្បត្ដិ ទៅឱ្យក្រុមប្រឹក្សា ប្រសិនបើទ្រព្យសម្បត្ដិនោះមានប័ណ្ណសម្គាល់កម្មសិទ្ធិ។
ក្នុងករណីដែលទ្រព្យសម្បត្ដិណាមួយមិនមានប័ណ្ណសម្គាល់កម្មសិទ្ធិ គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងទ្រព្យសម្បត្ដិនោះរួច ហើយគណៈកម្មាធិការនោះ ត្រូវដាក់ចេញសេចក្ដីសម្រេចដែលកំណត់អំពី ៖
- ទ្រព្យសម្បត្ដិដែលត្រូវផ្ទេរ
- ប្រភេទក្រុមប្រឹក្សាដែលត្រូវទទួលទ្រព្យសម្បត្ដិ
- ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬមន្ទីរ អង្គភាពនានាថ្នាក់ក្រោមជាតិដែលត្រូវប្រគល់ ទ្រព្យសម្បត្ដិដល់ក្រុមប្រឹក្សា និង
- កាលបរិច្ឆេទដែលត្រូវប្រគល់ទ្រព្យសម្បត្ដិឱ្យក្រុមប្រឹក្សា។
សេចក្ដីសម្រេចខាងលើនេះ អាចផ្ទេរទ្រព្យមួយ ឬច្រើន ឬអាចផ្ទេរទ្រព្យសម្បត្ដិទាំងអស់ក្នុង ប្រភេទណាមួយក៏បាន។
មាត្រា២៦០៖
ក្នុងករណីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬមន្ទីរ អង្គភាពនានាថ្នាក់ក្រោមជាតិមិនបាន ប្រគល់ទ្រព្យសម្បត្ដិ ស្របតាមការកំណត់ក្នុងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬមិនបានរៀបចំឯកសារផ្លូវច្បាប់ឱ្យបាន ត្រឹមត្រូវសម្រាប់ផ្ទេរកម្មសិទ្ធិ ក្រុមប្រឹក្សាត្រូវរាយការណ៍បញ្ហានេះជាបន្ទាន់ជូន គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា២៦១៖ ក្រុមប្រឹក្សាត្រូវរៀបចំគម្រោងថែទាំទ្រព្យសម្បត្ដិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយបញ្ចូលទៅ ក្នុងគម្រោងថវិកាប្រចាំឆ្នាំ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្ដិ ទាំងនោះ។
ក្រុមប្រឹក្សាត្រូវធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យសម្បត្ដិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើ បច្ចប្បន្នភាពជារៀងរាល់ឆ្នាំ។
សេចក្តីសន្និដ្ឋាន
ក្រុមប្រឹក្សាសុទ្ធតែមានថវិកាផ្ទាល់ខ្លួននៅក្នុងថវិកាសមូហភាពដែនដីដែលខ្លួនចំណុះ។
ម្យ៉ាងទៀតក្រុមប្រឹក្សាត្រូវកំណត់ការចំណាយរយៈពេលមធ្យម
និងត្រូវផ្លាស់ប្ដូររាល់ឆ្នាំហើយ ការគ្រប់គ្រង
និងការធ្វើគម្រោងត្រូវអនុវត្តតាមច្បាប់មួយ។ រាល់ចំណូលនិងការចំណាយផ្សេងៗ
ត្រូវតែសមាមាត្រនឹងគ្នា។ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមាន
តុល្យភាពរវាងចំណូល និង ចំណាយ។ដូច្នេះក្រុមប្រឹក្សាទាំងអស់ត្រូវតែប្រើប្រាស់នូវហិរញ្ញវត្ថុ ដោយគ្មានភាពលាក់លៀម ស៊ុំគ្រលំ អាថ៌កំបាំងនិងត្រូវធ្វើបញ្ជីចំណូលចំណាយច្បាស់លាស់ ចំពោះប្រជាពលរដ្ឋ ដើម្បីបង្ហាញ អំពីភាពបរិសុទ្ធរបស់ខ្លួន។
No comments:
Post a Comment