Tuesday, September 17, 2013

ដឹង​ទេ​ថា​ នៅ​រាជ​ធានី​ភ្នំពេញ​ អ្វី​​​កើត​មាន​មុន​គេ​ទេ?

ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា​ វត្ត​ភ្នំ​​គឺ​កកើត​ឡើង​មុន​គេ​បង្អស់​មិន​ខាន​ក្នុង​រាជ​ធានី​ភ្នំពេញ។ តែ​តាម​ពិត​ មាន​ចេតិយ​បុរាណ​មួយ​ ធ្វើ​ពី​ថ្ម​បុរាណ​ ត្រូវ​បាន​ឯកសារ​បង្ហាញ​ថា​ អាច​នឹង​ត្រូវ​បាន​គេ​សាង​សង់​ឡើង​តាំង​ពី​សម័យ​ព្រះ​ពុទ្ធ​សាសនា​ផ្សព្វ​ ផ្សាយ​ចូល​ប្រទេស​កម្ពុជា​ដំបូង​ម្ល៉េះ។ ចេតិយ​នេះ​មាន​ឈ្មោះ​ថា​ ឧណ្ណាលោម​ ដែល​ស្ថិត​នៅ​ក្នុង​វត្ត​ឧណ្ណាលោម​បច្ចុប្បន្ន​នេះ។
យោង​តាម​សៀវភៅ​ “ប្រវត្តិ​នៃ​វត្ត​ឧណ្ណាលោម” ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​១៩៦៣​ ដើម្បី​ចែក​ជូន​ពុទ្ធបរិស័ទ​ចូល​រួម​ក្នុង​ឱកាស​បុណ្យ​ឆ្លង​វិហារ​វត្ត​ ឧណ្ណាលោម​ បាន​រៀប​រាប់​ថា​ ពេល​ដែល​វត្ត​ឧណ្ណាលោម​ ត្រូវ​បាន​បញ្ចុះ​សីមា​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​១៤៤២​ រជ្ជកាល​ព្រះ​បាទ​ពញាយ៉ាត​ ចេតិយ​នេះ​មាន​នៅ​ទី​នោះ​ស្រាប់​ទៅ​ហើយ។ នៅ​ក្នុង​ចេតិយ​នេះ​ មាន​ព្រះ​ពុទ្ធ​រូប​ថ្ម​អង្គ​ធំ​​មួយ​អង្គ។ ចំណែក​ឈ្មោះ​វត្ត​ឧណ្ណាលោម​ គឺ​យក​តាម​ឈ្មោះ​របស់​ចេតិយ​នេះ។
“ចេតិយ​ធំ​ និង​ព្រះ​ពុទ្ធ​រូប​ថ្ម​អង្គ​ធំ​ ដែល​ប្រតិស្ឋាន​ក្នុង​រូង​ខាង​ក្រោម​នៃ​មហា​ចេតិយ​នោះ​ មាន​ការ​និយាយ​ត​គ្នា​ថា​ កសាង​តាំង​ពី​ក្នុង​សម័យ​ដែល​ព្រះ​ពុទ្ធ​សាសនា​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ កម្ពុជា​នេះ​ជា​លើក​ដំបូង​បង្អស់”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកសារ។​ចំណែក​ឯ​​វត្ត​ភ្នំ​ ដែល​ជា​កំណើត​នៃ​រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​១៣៧៣។
យោង​តាម​សៀវភៅ​ “​ប្រវត្តិ​សាស្ត្រ​ខ្មែរ” របស់​អ្នក​ស្រី ​ត្រឹង ងា​ ព្រះ​ពុទ្ធសាសនា​មាន​ការ​រីក​ចម្រើន​ទៅ​ហើយ​ នៅ​សតវត្ស​ទី​៣ នៃ​គ្រិស្តសករាជ​ ដូច្នេះ​បើ​​​ចេតិយ​នេះ​សាង​សង់​តាំង​ពី​សម័យ​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ ស្រុក​ខ្មែរ​ដំបូង​មែន​ វា​មាន​អាយុ​កាល​មិន​ក្រោម​១៧០០​ឆ្នាំ​​ឡើយ។
ឧណ្ណាលោម​ជា​ពាក្យ​បាលី​ មាន​ន័យ​ថា​ “រោម​ប្រជុំ​ចិញ្ចើម” រោម​ដែល​ដុះ​លើ​ខ្ទង់​ច្រមុះ។ ចេតិយ​នេះ​ត្រូវ​បាន​គេ​បញ្ចុះ​ព្រះ​ឧណ្ណាលោម​ (រោម​ប្រជុំ​ចិញ្ចើម)​ របស់​ភិក្ខុ​មួយ​អង្គ។
បច្ចុប្បន្ន​ ចេតិយ​នេះ​ត្រូវ​បាន​គេ​ប៉ាត​ស៊ីម៉ងត៍​ និង​លាភ​ពណ៌​មាស។ រាល់​ថ្ងៃ​សីល​ ឬ​ថ្ងៃ​បុណ្យ​ធំ​ៗ​ ទើប​គេ​បើក​ទ្វារ​ចេតិយ​នេះ ​ដើម្បី​ចូល​ទៅ​អុជ​ធូប​ថ្វាង​បង្គំ​ព្រះ​ពុទ្ធរូប​នៅ​ខាង​ក្នុង៕
អត្ថបទ៖ មាស រ័ត្ន

No comments:

Post a Comment