១.មានបុរសម្នាក់ដាំត្រសក់មានរសជាតិផ្អែមបានបេះផ្លែត្រសក់ទៅថ្វាយស្ដេចហើយបានទទួលលំពែងសម្រាប់ការពារត្រសក់ របស់ខ្លួន។
២.បានសម្លាប់ស្ដេចដោយអចេតនានៅពេលយប់ ដោយស្មានថាជាចោរមកលួចផ្លែត្រសក់របស់ខ្លួន។
៣.បាននាម៉ឺនសព្វមុខមន្ត្រីមូលមតិគ្នាលើកអោយឡើងសោយរាជ្យ ហើយលើកបុត្រីស្ដេចអោយជាមហេសីទៀតផង។ គួរកត់ សំគាល់ថារឿងនាយត្រសក់ផ្អែមនេះមានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជវង្សភូមាមួយនៅស.វ.ទី១០ ដែលមានសេចក្ដីដំណាលជាសង្ខេបថា៖ នៅគ.ស.៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះញ៉េងអ៊ូសយ៉ៈហាន(Nyaung-u So-rahan) បាន ឡើងសោយរាជ្យនៅក្រុងបូកាន ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះសេងខូ (Singho) ដែលបានលប លួចបេះត្រសក់ របស់ខ្លួនក្នុងដំ ណើរធ្វើប្រមាញ់នៅក្នុងព្រៃហើយដែលខ្លួនពុំបានស្គាល់ថាជាស្ដេចផែនដី។ ម្យ៉ាងទៀតនៅមុនពេលនោះបោះបង់ក្រុងអង្គរ គេ ឃើញខ្មែរយើងមានប្រើពាក្យ ពញា (ព្ញៀ)សម្រាប់ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យនិងមន្ត្រីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម។ គេ បានសង្កេតឃើញថា ជនជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យពញានេះជាឋានន្តរសក្ដិនៃមន្ត្រីជាន់ខ្ពស់ដែរ។ នៅត្រង់នេះអ្នក ប្រវត្តិសាស្ត្របានចោទសួរថា តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយ នឹងរឿងព្រេងនៅប្រទេសភូមា? ហើយ កាលខ្មែរប្រើពាក្យ ពញានៅពេលនោះតើបណ្ដាលមកពីហេតុអ្វីទៅ? ទោះបីពុំទាន់មានចម្លើយណាអោយបានសមរម្យ សម្រាប់សំណួរទាំងនេះក៏ដោយក៏ យើងអាចប៉ាន់ស្មានថា ប្រហែលធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាម រយៈពុទ្ធសាសនា ហិនយានប្រើភាសាបាលី ដែលអ្នកស្រាវជ្រាវយល់ថាបានហូរចូលមកក្នុងជ្រោយ សុវណ្ណភូមិភាគខាងលិចមុនគេគឺ នៅត្រង់ម្ដុំ ប្រទេសមន រួចផ្សាយចូលមកតំបន់វាលទំនាបទន្លេមេណាមរួចផ្សាយចូលបន្តមកក្នុងប្រទេសខ្មែរទៀត។ លោកជីវតាក្វាន់ ទូត ចិនដែលបានមកទស្សនាក្រុងអង្គរនៅចុងស.វ.ទី១៣ ក៏បានកត់សំគាល់ឃើញថា នៅសម័យនោះមានគេនិយមកាន់ច្រើនគ្នា ណាស់ទៅហើយ។ មានអ្នកប្រវត្តិវិទូខ្លះទៀតដូចលោក អាដឺម៉ា ឡឺឃ្លែរ និងលោក Dauphin Meunier (ដូផ្វាំង មូញ៉េ) ជាដើម យល់ថាព្រឹត្តិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្តន៍មួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយ បដិ វត្តិន៍នោះ គឺជាបដិវត្តិន៍ខាងនយោបាយនិងខាងសាសនា។ តើពិតជាមានបដិវត្តិន៍មែនឬយ៉ាងណា ? តើអ្វីខ្លះជាមូលហេតុនៃបដិ វត្តិន៍នោះ ?យ៉ាងណាមិញលទ្ធិទេវរាជដែលព្រះបាទជ័យវរ្ម័នទី២បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ៨០២នោះតែ ជាអាវុធមួយយ៉ាងសក្ដិសិទ្ធក៏ប៉ុន្តែអាវុធនោះអាវុធមុខពីរ បានសេចក្ដីថាវាអោយផលល្អផងអោយផលអាក្រក់ផង។ វាអោយផល ល្អត្រង់ថា រាស្ត្រចាត់ទុកជ័យវរ្ម័នទី២ ជាអាទិទេពមួយអង្គដោយបានធ្វើសន្តិភាវូបនីយកម្មបង្រួបបង្រួមជាតិនិងដេញកម្ចាត់សត្រូវ ឈ្លានពានអោយចេញពីទឹកដីខ្មែរ ម៉្លោះហើយរាស្ត្រក៏បាក់បបខ្លបខ្លាចព្រះចេស្ដា រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្ក ធ្វើការកសាងជាតិ អោយបានដល់ភាពរុងរឿងត្រចះត្រចង់បំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរសមទៅតាមបំណងរបស់ស្ដេចអាទិទេពដែលចង់បង្ហាញអោយ រាស្ត្រឃើញថា លោកមានមហិទ្ធិរិទ្ធិពិតប្រាកដមែន។ វាអោយផលអាក្រក់ត្រង់វាតម្រូវអោយមានការកសាងប្រាសាទថ្មកាន់ តែធំ ឡើងហើយកាន់តែច្រើនឡើងហើយស្រូបយកនូវកម្លាំង ពេលវេលា និងទ្រព្យសម្បត្តិច្រើនពេកពីរាស្ត្រ ដែលនៅទីបំផុតទៅរក តែ ផ្លូវគេចអោយផុតពីបន្ទុកនៃភាពរុងរឿង របស់ព្រះមហាក្សត្រខ្លួនហើយរត់ទៅជ្រកក្រោមម្លប់ដ៏ត្រជាក់ នៃព្រះពុទ្ធសាសនាថេរវាទ ដែលប្រៀនប្រដៅ អោយមនុស្សលោកលះបង់អ្វីៗទាំងអស់ដើម្បីឈោងចាប់យកនិព្វានជាទីបរមសុខ។ បើតាមពិនិត្យមើលទៅ ឃើញថាទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មកហើយគឺតាំងពីក្នុងរជ្ជកាលឧទយាទិត្យវរ្ម័នទី២ម៉្លេះ(១០៥០-១០៦៦) ដោយ នៅពេលនោះគេឃើញមានការបះបោរបីលើកហើយក្នុងចលនាំទាំងនោះ ពួកបះបោរបានវា យកម្ទេចសិវលិង្គ និងបដិមាផ្សេងៗ ខាងព្រាហ្មណ៍សាសនាផង។ ឯពុទ្ធសាសនាឃើញថាមានការរីកចម្រើនលូតលាស់កាន់តែខ្លាំងជាពិសេសក្នុងរជ្ជកាលរបស់ ព្រះ បាទធរណីន្ទ្រវរ្ម័នទី២ (១១៥៥-?) និងព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨?)រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៨ ពីសំណាក់អ្នកកាន់សាសនាព្រាហ្មណ៍។ ដូច្នេះយើងឃើញថា វិបត្តិខាងសាសនាកាន់តែរីកធំឡើង ដោយ បន្ទាប់ពីនោះមានស្ដេចខ្លះក៏ត្រឡបទៅកាន់ពុទ្ធសាសនាវិញហើយជាពុទ្ធសាសនាថេរវាទថែមទៀតដែលព្រះអង្គចាស់តាមលិន្ទ បាននាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលឥន្ទ្រវរ្ម័នទី២មកម៉្លេះហើយក៏មានស្ដេចខ្លះត្រឡប់ទៅកាន់សាសនាព្រាហ្មណ៍វិញដែរ រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែមនិងកូនចៅរបស់គាត់ដែលសោយរាជ្យតរៀងមកទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនា រហូតដលើសព្វថ្ងៃ។ ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្តិសាស្ត្រខ្លះយល់ថា កាលដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេចហើយ បាននាម៉ឺនសព្វមុខមន្ត្រីលើកអោយឡើងសោយរាជ្យជាបដិវត្តន៍ដណ្ដើមយកអំណាចនយោបាយ និងអំណាចសាសនាដែលនៅ ជាប់គ្នា ព្រោះក្នុងសម័យនោះអំណាចទាំងពីរស្ថិតនៅក្នុងការកាន់កាប់ របស់ព្រះមហាក្សត្រទាំងអស់។
- សង្គ្រាមជាមួយសៀម
១. ចម្បាំងលើកទី២ជាមួយសៀម
ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាមនិព្វានបទបានឡើងសោយរាជ្យស្នងពីឆ្នាំ ១៣៤០ ដល់ ១៣៤៦និងចៅរបស់ព្រះអង្គ (បុត្រព្រះបាទនិព្វានបទ)ព្រះនាមលំពង់រាជាបានទទួលរាជសម្បត្តិពីឆ្នាំ១៣៤៦ដល់១៣៥១។ នៅឆ្នាំ១៣៥១ស្ដេចសៀមព្រះនាមរាមាធិបតីក្រោយពីបានតាំងរាជធានីនៅក្រុងអយុធ្យាហើយក៏បានលើកទ័ពចូលមកវាយខ្មែរ។ តែមុននឹងមកដល់អង្គរទ័ពសៀមត្រូវឧបរាជខ្មែរ (ស្រីសុរិយោទ័យអនុជលំពង់រាជា) លើកទ័ពទៅស្កាត់វាយបាក់ ទ័ពថយទៅវិញ អស់។ ព្រះលំពង់រាជានឹកស្មានថាសត្រូវពុំអាចធ្វើអ្វីបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ព អោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ លុះឮថាសៀមលើកទ័ពចូលមកជាថ្មីម្ដងទៀត ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្ត្រអោយចូលក្នុងកំពែងមហានគរ ហើយកែនពល អោយការពារ។ ទ័បសៀមមកឡោមព័ទ្ធជុំជិតអស់រយៈពេល១ឆ្នាំ៥ខែ។ ទ័ពជំនួយខ្មែរជាច្រើនបានលើកពីកន្លែងផ្សេងៗតែដោយ មកមិន ស្មើគ្នាក៏ត្រូវទទួលបរាជ័យ។ ឯខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម។ ព្រះលំពង់រាជាក៏សោយទីវង្គតដោយរោគ។ សៀមវាយលុកចូលកាន់តែខ្លាំង ហើយនៅទីបំផុតមេទ័ពសៀម បាសាត វាយទម្លាយបានទ្វារខាងកើត។ ការប្រយុទ្ធគ្នាក៏មានបន្ត ទៅទៀតនៅក្នុងក្រុង ជាហេតុនាំអោយព្រះឧបរាជស្រីសុរិយោទ័យក៏សុគតទៅទៀត។ ក្នុងគ្រានោះស្ដេចនិងរាជគ្រូបុរោហិតបាន នាំយកគ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀមរត់រួចចេញទៅ។ ប៉ុន្តែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមនៅឆ្នាំ ១៣៥២។ ក្រោយពីបានអភិសេកបុត្រនាម ចៅបាសាត អោយឡើងសោយរាជ្យនៅក្រុងអង្គរនិងតែងតាំង ចៅហ្វាយខេត្តជាតិ សៀមអោយត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិច ដែលគេយកបានក្នុងដំណើរវាយលុកចូលក្រុងអង្គរព្រះចៅរាមាធិបតី ទ្រង់បានត្រឡប់ទៅក្រុងអយុធ្យាវិញដោយបានកៀររាស្ត្រយកទៅជាឈ្លើយនិងដឹកបញ្ជូនទ្រព្យសម្បត្តិអស់ ជាច្រើនទៀតផង។ បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣គឺ បាសាត បាអាតនិងកំបង់ពិសីបានឡើងសោយរាជ្យជាបន្តបន្ទាប់នៅក្រុងអង្គរពីឆ្នាំ១៣៥២ ដល់១៣៥៧។ ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង់រាជាដែលបានភៀសព្រះអង្គទៅប្រទេសលាវលានជាងនោះបានលើក ទ័ពមកវាយយកបានក្រុងអង្គរនៅឆ្នាំ១៣៥៧។ចៅកំបង់ពិសីត្រូវសុគតក្នុងសង្គ្រាម។ បន្ទាប់មកខ្មែរក៏បានវាយកម្ចាត់សៀមអោយ ចេញផុតពី នគររាជសីមានៅទិសពាយ័ព្យនិង បស្ចឹមនៅទិសនិរតី។ ព្រះបាទសុរិយោវង្សបានសោយទីវង្គតនៅឆ្នាំ១៣៦៣ ដោយ រោគា។ ក្មួយរបស់ព្រះអង្គព្រះនាមបរមរាមាបានឡើងសោយរាជ្យស្នងពីឆ្នាំ១៣៦៣ដល់១៣៧៣។ ព្រះអង្គបានចងស្ពានមេត្រីជា មួយព្រះចៅហុងវ៉ូនៃរាជវង្សមិង។ឯជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេដោយជាប់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរី ជាច្រើននៅខាងជើងក្រុងអយុធ្យា ។
២.ចម្បាំងលើកទី៣ជាមួយសៀម
ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ១៣៧៣គឺព្រះបាទធម្មាសោកជាព្រះអនុជព្រះបរមរាមា។ គ្រានោះនៅប្រទេសសៀម ស្ដេច រាមាសូរបានឡើងសោយរាជ្យហើយក៏បន្តនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹកដីខ្មែរ។ ក្រុងអង្គរត្រូវឡោមព័ទ្ធសាជា ថ្មីអស់រយៈពេល៧ខែ(ពីខែមិគសិរដល់ខែជេស្ឋ)។ ដោយឃើញថាមិនអាចប្រយុទ្ធយកជ័យជម្នះលើខ្មែរដោយកម្លាំងអាវុធបានទើប សៀមប្រើឧបាយកលម្ដងវិញ។ ទាហានសៀមចំនួន១៥នាក់បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថាស្ដេចសៀមធ្វើបាប ខ្លួនខ្លាំងពេក ព្រោះតែខ្លួនច្បាំងមិនឈ្នះខ្មែរ។ នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន។ ក្រុងអង្គរក៏ត្រូវធ្លាក់ ទៅក្នុងកណ្ដាប់ដៃសៀមជាលើកទី២(១៣៩៣)។ ឯព្រះបាទធម្មាសោកក៏បានសោយទីវង្គតនៅពេលដែល សៀមហ៊ុំព័ទ្ធក្រុងអង្គរ នោះទៅ។ ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ១៣៩៤(ឥន្ទរាជា) រួចដឹកជញ្ជូនទ្រព្យ សម្បត្តិនិង កៀរឈ្លើយខ្មែរ ៧០០០០នាក់ត្រលប់ទៅក្រុងអយុធ្យាវិញ។ គ្រានោះ ពញាយ៉ាតជាបុត្រសុរិយោវង្សបានរត់រួច ហើយ ទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន ។ ចលនារំដោះជាតិដឹកនាំដោយស្ដេចអង្គនេះមានការរីកចម្រើនឆាប់រហ័សណាស់។ តែប្រាំខែក្រោយមកទ័ពខ្មែរមានសមត្ថភាពអាចលើកមកវាយរំដោះយកបានក្រុងអង្គរវិញ។ តែមុននឹងទ័ពធំចូលមកដល់ពញា យ៉ាត បានបញ្ជាអោយទាហានស្ម័គ្រចិត្ត១២នាក់ធ្វើកលទៅសុំចុះចូលជាមួយនឹងស្ដេចសៀមហើយដកអាវុធធ្វើគត់ស្ដេច សៀម នៅនឹងកន្លែងតែម្ដង។លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះស៊ីសាងាម ជាប្អូនជីដូនមួយ របស់ ស្ដេចសៀមធ្វើជាស្នំឯកហើយឡើងសោយរាជ្យនៅក្រុងអង្គរជាសុខសាន្តរៀងមកដោយមានមរណនាមថា រាជឱង្ការព្រះ បរម រាជាធិរាជ។
- កំហូចប្រព័ន្ធធារាសាស្ត្រ
- ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ
- ចំណាកចំណោលអង្គរ
No comments:
Post a Comment