Tuesday, September 24, 2013

កម្ពុជាសម័យ អ៊ុនតាក់កម្ពុជា ១៩៩២–១៩៩៣)

  នៅថ្ងៃទី២៣តុលា ១៩៩១ សន្និសិទក្រុងប៉ារីសបានកោះប្រជុំឡើងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នាដែលប្រគល់ អំណាចទាំងស្រុងឲ្យ អ.ស.ប.ជ. (UN) ដើម្បីត្រួតពិនិត្យលើបទឈប់បាញ់ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាម បណ្ដោយ ព្រំដែនប្រទេសថៃ ដកហូតអាវុធ និងរំសាយកងទ័ពតាមក្រុមបក្សពួក និងរៀបចំប្រទេសសំរាប់ការបោះឆ្នោតជាសកល និងយុត្តិធ៌ម។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧ.ក.ជ.ក.) និងសមាជិកដ៏ទៃផ្សេងទៀតនៃឧ.ក.ជ.ក. ត្រលប់មកទីក្រុងភ្នំពេញ វិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការតាំងទីលំនៅសាជាថ្មីនៅកម្ពុជា។
     ក្រោមកិច្ចរៀបចំ របស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការ បោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ សភាធម្មនុញ្ញមួយ បាននិមិត្តឡើង នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី តាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញមួយ ដែល ត្រូវបាន សភា អនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ប្រភេទ ៖ 
   ១.ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត 
   ២.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ 
   ៣.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង 
   ៤.ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
   ប្រជាជនកម្ពុជាជាង៤លាននាក់ (ប្រហែល៩០%នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះ ឆ្នោតខែ មិនា១៩៩៣ ទោះបីជាខ្មែរក្រហម រឺបក្សកម្ពុជាប្រជាធិបតេយ្យ (PDK) កងកម្លាំងទ័ពរបស់ពួកគេមិនបានទម្លាក់អាវុធ រឺក៏រំសាយក៏ដោយ ក៏ពួកគេបានរារាំងប្រជាជនខ្លះពីការចូលរួមដែរ ។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់ រណឫទ្ធិគឺជាអ្នកទទួលបានសំ លេង ឆ្នោតខ្ពស់ជាមួយនឹងសំលេង៤៥.៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោក ហ៊ុន សែន និងគណបក្សប្រជាធិបតេយ្យ សេរី និយមព្រះពុទ្ធសាសនា រៀងគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចំរុះ ជាមួយគណបក្សដ៏ទៃៗទៀតដែលបានចូល រួមក្នុងការបោះឆ្នោតដែរ។ គណបក្សជាច្រើនបានជ្រើសតាំងបានសមាជិកសភា ១២០រូបបានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញ ថ្មីមួយ ដែលត្រូវបានប្រកាសឲប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញ បានបង្កើតឡើងនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ក្នុង ក្របខណ្ឌរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីត សម្ដេច សីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ រណឫទ្ធិ និងលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញ ផ្ដល់ឲនូវ ទំហំ ដ៏ធំនៃការគោរពសិទ្ធិមនុស្ស ដែលបានទទួល ស្គាល់ដោយអន្តរជាតិ។
    ការបោះឆ្នោតទាំងនេះធ្លាប់បានរៀបចំឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នដោយត្រូវបានរៀបចំតាមបែបសកលនិងអសកល ។  ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាង ណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្ន គ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាព ពីគណបក្សនយោបាយរបស់ ខ្លួន។
    ១. ការបោះឆ្នោតបែបសកលសម្រាប់ ការបោះឆ្នោតជាសកលអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់សំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរ ភេទ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តាមការអនុវត្តនៅកម្ពុជា មានត្រឹមតែ ការបោះឆ្នោតពីរ ប៉ុណ្ណោះដែលប្រកាន់យកការបោះឆ្នោតបែបសកល។

      I. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
       ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នក បោះ ឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។
      ព័ត៌មានទូទៅ
      ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង(កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ឆ្នាំ មុនថ្ងៃបោះឆ្នោត)។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅតាមបែបសកល សម្ងាត់ សេរី ពហុបក្ស។ ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹករហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិត ក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។ ចំនួនអាសនៈ ១២៣ នឹងត្រូវ ធ្វើការបែងចែកទៅតាមប្រព័ន្ធ សមាមាត្រ ដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្ត មធ្យម ភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។
    ការយុទ្ធនាការឃោសនាបោះឆ្នោត
    មានរយៈពេល សាមសិប (៣០) ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោ សនាបោះឆ្នោតជាសាធារណៈទេ។
     បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
     អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងប្រទេសកម្ពុជា
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោត។
      ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត បានប្រព្រឹត្តទៅ ៤ អាណត្តិ រួចហើយ
»»អាណត្តិទី ១ បោះឆ្នោតនៅថ្ងៃទី ២៣  ឧសភា  ១៩៩៣
»»អាណត្តិទី ២ បោះឆ្នោតនៅថ្ងៃទី ២៦ កក្កដា  ១៩៩៨
»»អាណត្តិទី ៣ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា  ២០០៣
»»អាណត្តិទី ៤ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៨
»»អាណត្តិទី ៥ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ កក្កដា ២០១៣ 
      II. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/ សង្កាត់ ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្ត របស់ខ្លួន។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង។
      ព័ត៌មានទូទៅ
     ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវកំណត់ដោយ នាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់ យកយន្តការសកល សម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យម ភាគខ្ពស់ បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល(មណ្ឌលបែងចែកអាសនៈមាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់)។ ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពីទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិ សាស្រ្តរបស់ខ្លួន។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង ដោយការបោះឆ្នោតឆ្នាំ ២០០៩ មានសរុបចំនួន ១១.៣៥៣ រូប។ ការិយាល័យបោះឆ្នោតត្រូវបើកនៅម៉ោង ៧.០០ នាទី រហូតដល់ ម៉ោង ១៥.០០ នាទី។
     ការយុទ្ធនាការឃោសនាបោះឆ្នោត
    មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
    បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
»ចេះអាន និងសរសេរអក្សរខ្មែរ
»មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
»បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ
»ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀប ចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។
   ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់បានប្រព្រឹត្តទៅ ២ អាណត្តិរួចហើយ
»»អាណត្តិទី១ បោះឆ្នោតនៅថ្ងៃទី ០៣ កុម្ភៈ  ២០០២
»»អាណត្តិទី២ បោះឆ្នោតនៅថ្ងៃទី ០១ មេសា ២០០៧
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ០៣ មិថុនា ២០១២
២. ការបោះឆ្នោតបែបអសកលការ បោះឆ្នោតអសកល អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងជាសមាជិកក្រុម បឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ កន្លងមកមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
     III. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
      សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
      ព័ត៌មានទូទៅ
     ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រកាន់យកលក្ខណៈសកល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែក តាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ (ចំនួនជាក់ ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ កំណត់ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុម ប្រឹក្សា ដូចជា
»ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី ២១ រូប
»ក្រុមប្រឹក្សាខេត្ត មានចំនួន ពី ៩ រូប ដល់ ២១ រូប
»ក្រុមប្រឹក្សាក្រុង មានចំនួន ៧ រូប ទៅ ១៥ រូប
»ក្រុមប្រឹក្សាស្រុក និងខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។
    ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ចាប់ផ្តើមពីម៉ោង ៧.០០ នាទីព្រឹក រហូតដល់ម៉ោង ១៥.០០ រសៀល។
    ការឃោសនាបោះឆ្នោត
    សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
    បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»មានសញ្ជាតិខែ្មរពីកំណើត
»មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលបានកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ
»ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី ត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
    អ្នកដែលមានសិទ្ធិទៅបោះឆ្នោត
   គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
    IV. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រ យករូបមន្តមធ្យមភាគខ្ពស់ បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលភូមិភាគបោះឆ្នោត។
     ព័ត៌មានទូទៅ  
    ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបោះ ឆ្នោតតាមបែបអសកល មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម  ឬ កាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មី ចូលកាន់ តំណែង)។ អាសនៈត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់ បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផល នៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត (ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំជា ភូមិភាគ ៖ »ភូមិភាគទី ១ ក្រុងភ្នំពេញ មាន ៦ អាសនៈ »ភូមិភាគទី ២ ខេត្តកំពង់ចាម មាន ៨ អាសនៈ »ភូមិភាគទី ៣ ខេត្តកណ្តាល មាន ៥ អាសនៈ »ភូមិភាគទី ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ »ភូមិភាគទី ៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ »ភូមិភាគទី ៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ »ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុ មាន ៨ អាសនៈ »ភូមិភាគទី ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មាន ៦ អាសនៈ)។ ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល (ក្នុងនោះសមាជិក ២ រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិក ២ រូប ត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន សមាជិកព្រឹទ្ធ សភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល)។ ការបោះឆ្នោតប្រព្រឹត្តិទៅចាប់ពីម៉ោង ៧.០០ នាទី រហូតដល់ម៉ោង ១៥.០០ នាទី (អ្នក មានសិទ្ធិបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចអនុញ្ញាតឱ្យបោះឆ្នោត ក្រោយម៉ោង ១៥.០០ នាទីបាន) ផ្ទុយទៅវិញ ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាន បោះឆ្នោត គ្រប់គ្នាហើយ គណៈកម្មការការិយាល័យបោះឆ្នោតអាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង ១៥.០០នាទី បាន។
ការឃោសនាបោះឆ្នោត
   សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។  
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា
»»អាណត្តិទី២ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៦ (បោះឆ្នោតជ្រើសតាំងអាសនៈចំនួន ៥៧ )
»»សុពលភាពព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៩ មករា ២០១២

No comments:

Post a Comment