
គេហទំព័រCOURSERA
Coursera គឺជាគេហទំព័រមួយដែលផ្តល់ការសិក្សាលើបណ្តាញធំបំផុតមួយដោយឥតគិតថ្លៃ ដែលរួមសហការជាមួយសាកលវិទ្យាល័យល្បីៗជាច្រើនជុំវិញពិភពលោកដូចជា សាកលវិទ្យាល័យ Stanford សាកលវិទ្យាល័យBritish Columbia សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង សាកលវិទ្យាល័យ តូក្យូ និងសាកលវិទ្យាល័យដ៏ទៃៗទៀតសរុប៦២ជុំវិញពិភពលោក។ គេហទំព័រដ៏មានប្រយោជន៍នេះ បាននឹងកំពុងផ្តល់នូវមុខវិជ្ជារាប់រយមុខដែលមុខវិជ្ជាទាំងនេះផ្តល់ដោយ សាកលវិទ្យាល័យល្បីៗដែលជាដៃគូ និងសាស្ត្រាចារ្យល្បីៗដែលមានបទពិសោធន៍។ មុខវិជ្ជាទាំងនោះគឺមានស្ទើរគ្រប់ផ្នែកដូចជា ពាណិជ្ជកម្ម គ្រប់គ្រង កុំព្យូទ័រ វិទ្យាសាស្ត្រពិត និងសង្គម វិស្វកម្ម សេដ្ឋកិច្ច ច្បាប់ ។ល។ អ្នកអាចរើសមុខវិជ្ជាណាដែលអ្នកពេញចិត្តបានដោយសេរីដោយមិនកំណត់។ រាល់មុខវិជ្ជានីមួយៗនឹងមានផ្តល់ជូននូវ វីដេអូបង្រៀន ឯកសារដែលចាំបាច់ទាក់ទងនឹងមុខវិជ្ជា។ ហើយដើម្បីអាចទទួលបានវិញ្ញាបនប័ត្រអេឡិចត្រូនិចបញ្ជាក់ពីភាពជោគជ័យ អ្នកត្រូវបំពេញកិច្ចការមួយចំនួន ដែលបានដាក់ឲ្យ ធ្វើតេស្ត ចូលរួមការពិភាក្សាលើបណ្តាញ និងការប្រឡងបញ្ចប់វគ្គ។ រាល់មុខជំនាញទាំងអស់គឺបង្រៀនជាភាសាអង់គ្លេស ដូចនេះដើម្បីអាចទទួលចំណេះដឹងបានជាអតិបរិមានោះ អ្នកចូលរួមទាំងអស់គួរមានកម្រិតភាសាអង់គ្លេសខ្ពស់។ ដូច្នេះនៅចាំអីទៀត ចូលទៅកាន់គេហទំព័រ COURSERA តាមរយៈអាស័យដ្ឋាន www.coursera.org ដើម្បីចុះឈ្មោះចូលរៀននូវមុខវិជ្ជាណាដែលអ្នកពេញចិត្ត។

គេហទំព័រedX
edXគឺជាគេហទំព័រផ្សេងមួយទៀតដែលកំពុងតែផ្តល់ការសិក្សាលើបណ្តាញ ដោយឥតគិតថ្លៃផងដែរ។ គេហទំព័រនេះដំបូងឡើយគឺបង្កើតឡើងដោយចូលរួមសហការពីសាកលវិទ្យាល័យ លំដាប់កំពូលពិភពលោកពីរគឺ សាកលវិទ្យាល័យHarvard និង MIT (Massachusetts Institute of Technology)។ បច្ចុប្បន្ន គេហទំព័រនេះ បានចូលរួមសហការជាមួយសាកលវិទ្យាល័យល្បីៗ១០បន្ថែមទៀត ដែលសុទ្ធសឹងជាសាកវិទ្យាល័យលំដាប់កំពូលៗ។ តំណើរការរបស់edXគឺស្រដៀងនឹងCourseraផងដែរ ដោយអ្នកនឹងទទួលបានវិញ្ញាបនប័ត្រអេឡិចត្រូនិចបញ្ចាក់ពីការសិក្សា ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌដែលដាក់ឲ្យសម្រាប់មុខវិជ្ជានីមួយៗ។ សម្រាប់គេហទំព័រនេះ មុខវិជ្ជាភាគច្រើនគឺផ្តោតលើវិទ្យាសាស្ត្រ វិស្វកម្ម និងវិទ្យាសាស្ត្រសង្គម។ រាល់មេរៀនទាំងអស់គឺបង្រៀនឡើងដោយប្រើប្រាស់ភាសាអង់គ្លេស។ ដូច្នេះកុំចាំយូរ ចូលទៅកាន់គេហទំព័រ edXតាមរយៈwww.edx.org។

No comments:
Post a Comment