ទំព័រនេះ Sabay នឹងបង្ហាញពីខ្សែជីវិតពិត ការតស៊ូ និងទេពកោសល្យរបស់យុវជនវ័យក្មេងម្នាក់នេះជូនដល់ប្រិយមិត្ត។ តើឬទ្ធីមានការតស៊ូយ៉ាងម៉េចខ្លះ? ស្ថានភាពគ្រួសារវិញយ៉ាងម៉េចដែរ? ឆ្លងកាត់ការលំបាកអ្វីខ្លះទម្រាំទទួលបានជោគជ័យ? ចុះបំណងប្រាថ្នាទៅអនាគតវិញយ៉ាងម៉េចដែរ ?
ម្ចាស់Moon OS ម្នាក់នេះមានឈ្មោះក្នុងបញ្ជីជាតិថាធីម ច័ន្ទឬទ្ធីកើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩២។ ឬទ្ធីមានស្រុកកំណើតស្ថិតក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ឪពុកចន្ទឬទ្ធីធ្វើការនៅអគ្គិសនីកម្ពុជា ចំណែកម្ដាយវិញជាគ្រួបង្រៀនថ្នាក់បឋមសិក្សាបង្រៀននៅសាលាប្រជុំ វង្ស។ ឬទ្ធីជាកូនទីមួយមានប្អូនបីនាក់ស្រីទាំងបីប្អូនទីមួយមានអាយុ ១៤ឆ្នាំរៀនថ្នាក់ទី១០ ប្អូនទីពីរមានអាយុ៨ឆ្នាំរៀនថ្នាក់ទី៣ ចំណែកប្អូនពៅមានអាយុ៤ឆ្នាំ។
ប្រវត្តិសិក្សា និងការសរសេរ Moon OS
ឬទ្ធីចូលរៀនដំបូងនៅសាលាបឋមសិក្សាបឹង ឈូកប្រជុំវង្ស បន្ទាប់មកទៀតនៅវិទ្យាល័យច្បាអំពៅ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទីមួយនៅសាកលវិទ្យាល័យបច្ចេកវិទ្យា IIC ជំនាញ IT។ កាលពីរៀននៅថ្នាក់បឋមសិក្សា ឬទ្ធីទទួលបានចំណាត់ថ្នាក់ល្អគួរសម គឺត្រឹមលេខ៥ឬលេខ៦ មិនដែលទទួលបានចំណាត់ថ្នាក់លើសពីលេខ១០ទេ។
ចាប់ចូលរៀនថ្នាក់ទី៧ភ្លាម ឬទ្ធីចាប់ផ្ដើមចូលរៀនកុំព្យូទ័រនៅសាលាឯកជន។ ដំបូងឡើយគ្រាន់តែចង់ចេះចង់ដឹងតែប៉ុណ្ណោះ គឺមិនទាន់ចង់ក្លាយជាអ្នកជំនាញសរសេរកម្មវិធីអ្វីនោះទេ។ ដោយសារតែចិត្តចង់ចេះចង់ដឹង ឬទ្ធីបានចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃៗរៀនកុំព្យូទ័រដោយ ខ្លួនឯង រហូតដល់ថ្នាក់ទី៩ ឬទ្ធីចាប់ផ្ដើមងាកមកសរសេរប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រជាភាសា ខ្មែរនេះ។
ការសរសេរ OS នេះគឺចំណាយពេលអស់រយៈពេលមួយឆ្នាំឯណោះ។ មុននឹងសម្រេចបាន OS មួយនេះ ឪពុកម្ដាយមិនចង់ឲ្យរូបគេរៀនកុំព្យូទ័រច្រើនពេកទេ គឺពួកគាត់ចង់ឲ្យរៀនសាលារដ្ឋឲ្យបានច្រើនសិន។
វាជាការលំបាកណាស់សម្រាប់ការសរសេរ OS នេះ ពីព្រោះបើនិយាយមែនទែនទៅ នៅរៀនត្រឹមថ្នាក់ទីប្រាំបួនសោះ មិនទាន់បានរៀនកម្មវិធី Programming អ្វីធំដំទេ ហើយកិច្ចការនេះធ្វើតែម្នាក់ឯងគត់ និងគ្មានការជួយឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីស្ថាប័នណាមួយ ឡើយ។ តែទោះជាអីចឹងក្ដី យុវជនវ័យ១៩ឆ្នាំរូបនេះបានជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យសម្រេចចេញជាផ្លែផ្កានូវប្រព័ន្ធ ប្រតិបត្តិការជាភាសាខ្មែរនេះឡើងចុងឆ្នាំ២០០៥។
ក្នុងការសរសេរ OS នេះដែរ កាលពីដំបូងឡើយ ឬទ្ធីទទួលបានការជួយគាំទ្រពីវិទ្យាស្ថានខ្មែរបើកទូលាយ (Open Institute) ក្នុងការប្រើប្រាស់កុំព្យូទ័រ និងប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ។
នៅពេលរៀនថ្នាក់ទីប្រាំបួនជាឆ្នាំប្រឡងឌីប្លូមផង ឬទ្ធីមិនបានរៀនមេរៀននៅសាលារដ្ឋប៉ុន្មានទេ គឺមួយថ្ងៃៗនៅពីមុខកុំព្យូទ័ររហូត ពីព្រោះតែជក់ចិត្តសរសេរកម្មវិធី OS។
ចាប់ផ្ដើមចូលរៀននៅថ្នាក់វិទ្យាល័យ ឬទ្ធីកាន់តែមមាញឹកមែនទែន ជាពិសេសនៅពេលរៀនថ្នាក់ទី១២ជាថ្នាក់ប្រឡងបាក់ឌុប កម្មវិធី Barcamp លើកទីពីរ ដែល បានប្រព្រឹត្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ តម្រូវឲ្យឬទ្ធីបង្ហាញពី OS នោះផង ទើបធ្វើឲ្យរូបគេខិតខំសរសេរ version ទីបីឲ្យចេញមុន Barcampទីពីរនេះ។
បើនិយាយពីការប្រើប្រាស់កុំព្យូទ័រវិញ
បើថ្ងៃណាមិនទៅសាលា
ឬទ្ធីចំណាយពេលជាមធ្យមពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់
និងពីម៉ោង១រសៀលរហូតដល់ម៉ោង៦ឬ៧ល្ងាច
ហើយនៅពេលល្ងាចចាប់ពីម៉ោង៨រហូតដល់ម៉ោង១២យប់។
មានយប់ខ្លះស្ទើរតែមិនចង់ចូលគេងទៅទៀត ដោយសារចេះតែជក់ចិត្ត
និងនឹកឃើញអ្វីដែលថ្មីៗ
ហើយទាល់តែម្ដាយបង្ខំឲ្យចូលគេងទើបចូលគេង។
ចំពោះការរៀនសូត្រនៅមហាវិទ្យាល័យ ឪពុកម្ដាយជាអ្នករ៉ាប់រងទាំងស្រុងគឺបង់ថ្លៃ ៣០០ដុល្លារក្នុងមួយឆ្នាំ ។ ចំពោះប្រាក់ចំណាយលើការប្រើប្រាស់អ៊ីនធឺណិតជាមធ្យមអស់១០ ដុល្លារក្នុងមួយខែៗ។ ពេលខ្លះឬទ្ធីចំណាយពេលសរសេរអត្ថបទមួយ ឬពីរឲ្យទស្សនាវដ្ដីកុំព្យូទ័រ (CM) លក់បានក្នុងមួយអត្ថបទ៥ដុល្លារដើម្បីយកលុយនោះមកបង់ថ្លៃកាត ម៉ូឌឹម។
ចំពោះការប្រឡងប្រជែងអាហារូបករណ៍ ឬទ្ធីពុំដែលបានដាក់ប្រឡងនៅសាលាណានោះទេ ដោយសារតែមិនសូវបានដឹងរឿងនេះ។
ចំពោះបទពិសោធរៀនសូត្រ ឬទ្ធីមិនបានរៀនជំនាញសរសេរកម្មវិធីជាមួយសាលាឯកជនខាងក្រៅច្រើន ទេ គឺភាគច្រើនរៀនដោយខ្លួនឯងតាមរយៈការប្រើអ៊ីនធឺណិតស្រាវជ្រាវ ទាំងអស់។ ដូច្នេះហើយឬទ្ធីជួបបញ្ហាខ្លះៗចំពោះការសរសេរ OS នេះដោយសារមិនបានរៀនកម្មវិធីសរសេរកម្មវិធី (Programming) ច្រើន។ បច្ចុប្បន្នឬទ្ធីចេះច្បាស់ជាងគេគឺ Python និង Cខ្លះៗប៉ុណ្ណោះ។
ចំពោះប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រជាភាសាខ្មែរនេះ គេដាក់ឈ្មោះឲ្យថា Moon OS។ មូលហេតុសំខាន់ដែលឬទ្ធីជ្រើសរើសឈ្មោះនេះដោយសារតែពាក្យថា Moon មានន័យជាភាសាខ្មែរថាព្រះចន្ទយកតាមឈ្មោះរបស់ខ្លួនច័ន្ទ។
តាមពិតទៅប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រជាភាសាខ្មែរមួយនេះ មិនមែនមានតែ Moon OS មួយទេគឺមាន Khmer Open Suse មួយទៀត តែ OS ផ្សេងទៀតនេះមិនមាន លក្ខណៈពិសេសលើស Moon OS ប៉ុន្មានទេ។ ហើយបើនិយាយមែនទែនទៅ Moon OS សរសេរដោយមនុស្ស តែម្នាក់គត់គឺច័ន្ទឬទ្ធី ចំណែក Khmer Open Suse វិញគឺមានសមាគម Open Institute (Khmer OS) ដែលមាន Developer ជាច្រើនជាអ្នកសរសេរ។
ក្រៅពីជំនាញសរសេរកម្មវិធី ចំពោះភាសាអង់គ្លេសឬទ្ធីអាចប្រើប្រាស់បានទាំងការ អាន សរសេរ ស្ដាប់ និងនិយាយ ហើយម្ចាស់ Moon OS រូបនេះ មានគម្រោងចង់រៀនយកបរិញ្ញាបត្រភាសាអង់គ្លេសមួយទៀត។ ចំពោះគម្រោងថ្មីនេះ ឬទ្ធីប្រហែលជាចង់បន្តក្នុងពេលឆាប់ៗខាងមុខនេះ។ ឬទ្ធីគ្មានបំណងចង់ទៅរៀនបន្តទៀតទេបន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ IT នៅសាកលវិទ្យាល័យ ពីព្រោះចង់ចំណាយពេលច្រើនទៀតលើ OS មួយនេះ។
បច្ចុប្បន្ននេះ Moon OS មានគេហទំព័រផ្ទាល់ខ្លួនមួយ ដែលមានអាសយដ្ឋាន moonos.org។ នៅក្នុងគេហទំព័រនេះ ប្រិយមិត្តអាចមើលព័ត៌មានទាក់ទងទៅនឹង version នីមួយៗរបស់ OS នេះ នឹងថែមទាំងអាចទាញយកទៅដំឡើងលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកបានដោយ ឥតគិតថ្លៃ។
ថ្មីៗនេះក្រៅពីការបង្កើតប្រព័ន្ធប្រតិបត្តិការលើកុំព្យូទ័រនេះ ឬទ្ធីកំពុងមានចាប់យកគម្រោងមួយទៀតគឺមានឈ្មោះថា Android User Group។ គម្រោងមួយនេះ ឬទ្ធីមិនទាន់ចំណាយពេលច្រើនប៉ុន្មានទេដោយសារតែជាប់រវល់ Upgrade version ថ្មីៗសម្រាប់ Moon OS ឲ្យកាន់តែល្អប្រសើរជាងមុន។ គោលបំណងសំខាន់នៃគម្រោងទីពីរនេះ គឺចង់ឲ្យកម្មវិធី Khmer Unicode អាចដំណើរការបានជាមួយទូរស័ព្ទម៉ូដែលវៃឆ្លាតដែលដំណើរការដោយ Android OS។
ចំពោះគម្រោងទីពីរនេះ ឬទ្ធីនៅជួបបញ្ហាច្រើននៅឡើយ ដោយសារតែ Android គឺជាកម្មវិធីដែល Google ប្រើ C++ សម្រាប់សរសេរវាឡើង ដូច្នេះជាការលំបាកដែរសម្រាប់ឬទ្ធី ដោយសារតែគាត់មិនទាន់ចេះកម្មវិធី C++។
តាមពិតទៅ Android មិនមែនថាមិនអាចដំណើរការជាមួយ Unicode បានទាំងស្រុងនោះទេតែបើដំឡើងទៅវានៅចេញជើងដៃច្រងេងច្រងាងនៅ ឡើយ។ ដូច្នេះចាំមើលគម្រោងថ្មីរបស់គេមើលមើល៍ថាអាចដំណើរការបានទាំង ស្រុងឬយ៉ាងណា?។
ដំណើរទស្សនកិច្ចនៅបរទេស
កាលពីចុងឆ្នាំ២០០៩ ឬទ្ធីត្រូវបានគេអញ្ជើញឲ្យទៅបង្ហាញប្រព័ន្ធប្រតិបត្តិការ លើកុំព្យូទ័រជាភាសាខ្មែរមួយនេះ នៅប្រទេសវៀតណាមក្នុងកម្មវិធី Gnome Submit ដោយមានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងកម្ពុជាចូលរួម។ ក្នុងការបង្ហាញនោះដែរ Moon OSទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសទាំងនោះ។
យុវជនពោរពេញដោយសមត្ថភាពម្នាក់នេះ ទៅអនាគតមានគម្រោងចង់បង្កើតក្រុមហ៊ុន Softwares មួយ ហើយក្រៅពីនេះក៏មានបំណងចង់ក្លាយជាអ្នកសរសេរកម្មវិធីជំនាញ ម្នាក់ឲ្យក្រុមហ៊ុនឯកជនផងដែរ។
ឬទ្ធីប្រៀបបានជាកូនពេជ្រមួយគ្រាប់ដែលមានតម្លៃបំផុត មិនត្រឹមតែសម្រាប់គ្រួសាររបស់គេប៉ុណ្ណោះទេ តែក៏ជាទ្រព្យដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជាផងដែរ។ ក្នុងវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេជាក្មេងដែលមានភាពអត់ធ្មត់ និងពោរពេញដោយសមត្ថភាពអាចបង្កើតOSកុំព្យូទ័រជាភាសាខ្មែរនេះឡើង ជាពិសេសកំពុងចាប់យកគម្រោងថ្មីរបស់គេមួយទៀតគេគឺ Android User Group។
មិនដឹងថាគម្រោងរបស់កំលោះវ័យក្មេងនេះបានសម្រេចទៅ ឬយ៉ាងណានោះទេ គឺត្រូវរង់ចាំមើលទាំងអស់គ្នាសិន៕
No comments:
Post a Comment