​ដោយ​បាន​សាងសង់​​តាំង​ពី​សតវត្ស​ទី​៧​​ Wadi us-Salaam ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​​ជា​ទី​បញ្ចុះសព​អ្នក​កាន់​សាសនា​អិស្លាម​​​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​​។  បច្ចុប្បន្ន​​​ ទី​ស្មសាន​ដ៏​ធំ​ល្វឹងល្វើយ​ខាងលើ​នេះ​ ស្ថិត​នៅ​ក្នុង​ទីក្រុង ​បរិសុទ្ធ ​Najaf ​​​របស់​​ប្រទេស​អ៊ីរ៉ាក់ ដែល​​មាន​​​ទំហំ​​ ​៦,០៧​ គីឡូម៉ែត្រ​ការ៉េ។
​Wadi us-Salaam ​នៅ​តែ​បន្ត​កេរ្តិ៍ឈ្មោះ​ ជា​ទី​​កន្លែង​បញ្ចុះ​សាកសព​​ដ៏​​ពេញ​និយម​បំផុត​​មួយ ​​​រហូត​មក​ដល់​បច្ចុប្បន្ន​​​​សម្រាប់​ក្រុម​អ្នក​កាន់​សាសនា​អិស្លាម។ ​​​​អស់​រយៈពេល​ ១៤០០​ឆ្នាំ​មក​នេះ ​ទី​បញ្ចុះសព​ខាងលើ​បាន​ផ្ទុក​សាកសព​​​ប្រមាណ​​ ១០​លាន​នាក់ ​​​​រួច​មក​ហើយ​ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​​គ្មាន​​​ប្រទេស​ណា​អាច​ ប្រៀប​ប្រដូច​បាន​ឡើយ។
សាកសព​ដែល​បាន​កប់​នៅ​ទី​នេះ​​​មិនមែន​សុទ្ធ​សឹង​តែ​​ជនជាតិ​អ៊ីរ៉ាក់​ នោះ​ឡើយ ក៏​ប៉ុន្តែ​​ប្រទេស​កាន់​សាសនា​អិស្លាម​​ផ្សេងៗ​ទៀត​​នៅ​ជុំវិញ​ពិភពលោក​ រួមមាន​ដូច​ជា អ៊ីរ៉ង់ ប៉ាគីស្ថាន ឥណ្ឌា ​ក៏​បាន​ដឹក​សាកសព​ញាតិសន្ដាន​របស់​ពួកគេ​មក​បញ្ចុះ​នៅ​​ទី​​នេះ​​ផង​ដែរ​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​​ទី​ស្មសាន​ Wadi us-Salaam ​​​ក្លាយ​ជា​ទី​សក្ការ​ដ៏​សាក​សិទ្ធិ​មួយ​សម្រាប់​ពួកគេ។
បន្ទាប់​ពី​​មាន​វត្តមាន​អន្តរាគមន៍​យោធា​អាមេរិក​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​ មក ​ទំហំ​ផ្ទៃដី​កប់​សាកសព​​​នេះ​កាន់​តែ​រីក​ធំ​ឡើងៗ​គួរឲ្យ​កត់​សម្គាល់​រហូត ​ដល់​ ​៤០%​​នៃ​ទំហំ​ផ្ទៃ​​​សរុប ​ ស្រប​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​សង្គ្រាម​ជា​រៀងរាល់​ថ្ងៃ​បាន​ កើន​ឡើង​​ជា​លំដាប់​ដែរ​​។
ដោយ​យល់​ឃើញ​អី​​តម្លៃ​ដ៏​​វិសេសវិសាល​​​សម្រាប់​​ជីវិត​ចុងក្រោយ​​របស់​ អ្នក​កាន់​សាសនា​អិស្លាម​ កង​ទាហាន​អាមេរិក​ដែល​មាន​វត្តមាន​នៅ​ក្នុង​សង្គ្រាម​ប្រទេស​នេះ មិន​បាន​វាយប្រហារ​បំផ្លិចបំផ្លាញ​ទី​បញ្ចុះសព​​នេះ​ឡើយ ទោះ​បី​ជា​ខ្លួន​ដឹង​ថា​​នៅ​ពេល​កន្លងមក​​​​ពួក​ក្រុម​ភេវករ​ធ្លាប់​បាន​ ប្រើប្រាស់​ទីនេះ​​​សម្រាប់​ប្រឆាំង​តបតរ​​នឹង​ខ្លួន​យ៉ាងណា​ក៏​ដោយ៕
ប្រែសម្រួល៖ Narin
ប្រភព៖ amusingplanet