នៅក្នុង នាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួរអ្នកស្តាប់របស់យើង ជុំវិញការដាក់ទ្រព្យ ដើម្បីធានាបំណុល។ តើអ្វីទៅជាប្រតិបត្តិការដែលមានកិច្ចធានា? តើការ បញ្ចាំ និងហ៊ីប៉ូតែកខុសគ្នាត្រង់ចំណុចណាខ្លះ? តើការដាក់ ប័ណ្ណកម្មសិទ្ធិ(ប្លង់ដី ឬផ្ទះ) ដើម្បីធានាបំណុល ជាការបញ្ចាំ ឬជា ហ៊ីប៉ូតែក?
សំណួរ-តើអ្វីទៅជាប្រតិបត្តិការដែលមានកិច្ចធានា?
ប្រតិបត្តិការដោយមានកិច្ចធានា ដែលមានចែងក្នុងច្បាប់ ឆ្នាំ២០០៧ គឺសំដៅទៅលើការធានាកាតព្វកិច្ចលើបំណុល ដោយដាក់ទ្រព្យធានា។ ឧទាហរណ៍ជាក់ស្តែង ដែលយើងតែងតែជួប គឺការយកទ្រព្យទៅបញ្ចាំ ដើម្បីធានាបំណុល។ ក៏ប៉ុន្តែ ទ្រព្យធានា ដែលត្រូវអនុវត្តក្នុងច្បាប់ ស្តីពីប្រតិបត្តិការដែលមានកិច្ចធានានេះ គឺសំដៅតែទៅលើចលនទ្រព្យតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការធានាដោយអចលនទ្រព្យទេ (មាត្រា ៦ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា)។
តាមការពិត ការធានាបំណុល គឺមានចែងសរុបជារួម នៅក្នុងក្រមរដ្ឋប្បវេណី ដែលទើបនឹងចូលជាធរមាន ក្រោយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ការធានាបំណុលនៅក្នុងក្រមរដ្ឋប្បវេណីនេះ គឺមានទាំង៖
ការធានាបំណុលដោយដាក់ទ្រព្យធានា គឺជាកិច្ចសន្យាមួយ ដែលកូនបំណុល ឬក៏បុគ្គលទី៣ណាមួយផ្សេងទៀត ព្រមព្រៀងដាក់ទ្រព្យរបស់ខ្លួនជាកិច្ចធានា ដើម្បីឲ្យម្ចាស់បំណុលមានសិទ្ធិទាមទារលក់ទ្រព្យធានានេះ ដើម្បីយកលុយមកសងបំណុល ដោយមានអាទិភាពលើម្ចាស់បំណុលផ្សេងទៀត។ ប្រតិបត្តិការដាក់ទ្រព្យធានាបំណុលនេះ អាចធ្វើចំពោះចលនទ្រព្យ ដូចជា ការបញ្ចាំចលនទ្រព្យ ជាដើម ឬក៏ចំពោះអចលនទ្រព្យ ដូចជា ការបញ្ចាំអចលនទ្រព្យ ឬក៏ហ៊ីប៉ូតែក។
ដូច្នេះ និយាយសរុបជារួមមកវិញ ប្រតិបត្តិការដែលមានកិច្ចធានា ដូចដែលមានចែងនៅក្នុងច្បាប់ ចុះថ្ងៃទី២២ ឧសភា ឆ្នាំ២០០៧ ស្តីពី “ប្រតិបត្តិការដែលមានកិច្ចធានា” គឺទាក់ទងនឹងការធានាបំណុល ដោយដាក់ចលនទ្រព្យ ជាទ្រព្យធានា ពោលគឺ វាគ្រាន់តែជាផ្នែកមួយ នៃការធានាកាតព្វកិច្ចបំណុល ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។
សំណួរ-តើការធានាបំណុលដោយការបញ្ចាំទ្រព្យ និងធានាដោយហ៊ីប៉ូតែក ខុសគ្នាត្រង់ណាខ្លះ?
ជាដំបូង គួរបញ្ជាក់ថា ការបញ្ចាំ អាចធ្វើឡើងទាំងចំពោះចលនទ្រព្យ និងអចលនទ្រព្យ។ ចំណែក ហ៊ីប៉ូតែកវិញ អាចធ្វើឡើងតែចំពោះអចលនទ្រព្យតែប៉ុណ្ណោះ។
ចំណុចខុសគ្នាធំបំផុត រវាងការធានាបំណុល ដោយការបញ្ចាំ និងការធានាបំណុលដោយហ៊ីប៉ូតែក គឺនៅត្រង់ការកាន់កាប់ទ្រព្យធានា។
នៅក្នុងករណីបញ្ចាំ ទោះបីជាការបញ្ចាំចលនទ្រព្យក៏ដោយ ការបញ្ចាំអចលនទ្រព្យក៏ដោយ ទ្រព្យដែលដាក់បញ្ចាំ ត្រូវដាក់ឲ្យម្ចាស់បំណុល (ម្ចាស់សិទ្ធិបញ្ចាំ) ជាអ្នកកាន់កាប់ (មាត្រា ៨១៦ ក្រមរដ្ឋប្បវេណី)។
ចំណែក ក្នុងករណីហ៊ីប៉ូតែកវិញ មិនមានការផ្ទេរទ្រព្យធានា ទៅឲ្យម្ចាស់បំណុលជាអ្នកកាន់កាប់ទេ (មាត្រា ៨៤៣ ក្រមរដ្ឋប្បវេណី)។ ប្រសិនបើអចលនទ្រព្យដែលដាក់ហ៊ីប៉ូតែកនេះ ជាទ្រព្យរបស់កូនបំណុល កូនបំណុលនៅតែបន្តកាន់កាប់ទ្រព្យនេះដដែល។ បើវាជាទ្រព្យរបស់បុគ្គលទី៣ណាមួយផ្សេងទៀត បុគ្គលដែលជាម្ចាស់ទ្រព្យនោះ នៅតែបន្តកាន់កាប់ទ្រព្យរបស់ខ្លួនដដែល។
នៅក្នុងករណីដែលកូនបំណុលមិនសងបំណុល ទោះបីជាក្នុងករណីបញ្ចាំក៏ដោយ ករណីហ៊ីប៉ូតែកក៏ដោយ ម្ចាស់បំណុលត្រូវសុំទៅតុលាការឲ្យលក់ទ្រព្យនេះ ដើម្បីយកលុយមកសងបំណុល ប៉ុន្តែ មិនអាចរឹបអូសទ្រព្យដែលដាក់ធានាបំណុលនេះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯងបានទេ។
សំណួរ-ក៏ប៉ុន្តែ នៅក្នុងការអនុវត្តនៅក្នុងសង្គមខ្មែរតាំងពីដើមមក យើងតែងតែឃើញមានករណីយកទ្រព្យ (ដូចជា ឡាន ម៉ូតូ ឬគ្រឿងអលង្ការ ជាដើម) ទៅបញ្ចាំ ហើយបានកំណត់គ្នាថា ក្នុងរយៈពេលប៉ុណ្ណេះថ្ងៃ ត្រូវយកលុយមកលោះ បើមិនលោះតាមកំណត់ទេ ត្រូវដាច់។ តើការអនុវត្តបែបនេះជាការស្របច្បាប់ដែរឬទេ?
កន្លងមក យើងឃើញថា ការអនុវត្តបែបនេះ តែងតែកើតមានជាធម្មតាមែន ក៏ប៉ុន្តែ ក្នុងក្រមរដ្ឋប្បវេណីថ្មី មានចែងយ៉ាងច្បាស់ ហាមមិនឲ្យបង្កើតកិច្ចសន្យាបញ្ចាំផ្តាច់ទេ (មាត្រា ៨២៧ ក្រមរដ្ឋប្បវេណី)។
នៅក្នុងករណីបញ្ចាំចលនទ្រព្យ (ឡាន ម៉ូតូ ឬគ្រឿងអលង្ការ … ) ក្រមរដ្ឋប្បវេណីចែងអនុញ្ញាតឲ្យម្ចាស់បំណុលអាចទាមទារយកទ្រព្យ បញ្ចាំមកធ្វើជាកម្មសិទ្ធិ ដើម្បីជំនួសបំណុលបាន បើសិនកូនបំណុលមិនសង ក៏ប៉ុន្តែ ការទាមទារនេះចាំបាច់ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ មិនអាចធ្វើឡើងតាមរយៈកំណត់ជាមុន ក្នុងកិច្ចសន្យាបញ្ចាំបានទេ។ ម្យ៉ាងទៀត ការទាមទារយកទ្រព្យបញ្ចាំមកធ្វើជាកម្មសិទ្ធិ ដើម្បីជំនួសបំណុល ត្រូវតែមានការវាយតម្លៃទ្រព្យ ដោយអ្នកជំនាញ ទៅតាមតម្លៃទីផ្សារ។ ប្រសិនបើតាមការវាយតម្លៃនេះ ឃើញថា ទ្រព្យបញ្ចាំមានតម្លៃលើសពីលុយដែលត្រូវសង (ទាំងដើម ទាំងការ) ម្ចាស់បំណុលត្រូវសងចំនួនទឹកប្រាក់ដែលនៅសល់ ទៅម្ចាស់កម្មសិទ្ធិនៃទ្រព្យបញ្ចាំនេះវិញ (មាត្រា ៨៣២)។
សំណួរ-នៅ ក្នុងករណីបញ្ចាំ ម្ចាស់បំណុលជាអ្នកកាន់កាប់ទ្រព្យបញ្ចាំ ប៉ុន្តែ ចង់ដឹងថា តើម្ចាស់បំណុលមានសិទ្ធិប្រើប្រាស់ទ្រព្យបញ្ចាំនេះដែរឬទេ?
បើសិនជាការបញ្ចាំចលនទ្រព្យ (ឡាន ម៉ូតូ នាឡិការ ឬគ្រឿងអល្លង្ការ ជាដើម) ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ទ្រព្យដែលដាក់បញ្ចាំ ក៏ប៉ុន្តែ មិនមានសិទ្ធិយកទ្រព្យនេះទៅប្រើប្រាស់ ឬយកទៅជួលបានទេ លើកលែងតែមានការព្រមព្រៀងពីកូនបំណុល។ ការប្រើប្រាស់អាចធ្វើទៅបាន ប្រសិនបើវាជាការចាំបាច់ ក្នុងការរក្សា ថែទាំ វត្ថុបញ្ចាំ (មាត្រា ៨៣១ ក្រមរដ្ឋប្បវេណី)។
ចំពោះការបញ្ចាំអចលនទ្រព្យ (ដី ឬផ្ទះ ជាដើម) ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ទ្រព្យបញ្ចាំ ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើទ្រព្យនេះបាន ប៉ុន្តែ ត្រូវប្រើប្រាស់ និងអាស្រ័យផល ទៅតាមវិធីប្រើប្រាស់សមរម្យនៃអចលនទ្រព្យនោះ (មាត្រា ៨៣៤ ក្រមរដ្ឋប្បវេណី)។ មានន័យថា បើទ្រព្យដែលដាក់បញ្ចាំ គឺជាដីកសិកម្ម ម្ចាស់បំណុលអាចធ្វើការដាំដុះនៅលើដីនេះបាន ប៉ុន្តែ មិនអាចយកវាទៅធ្វើអ្វីផ្សេងឲ្យខុសលក្ខណៈដើម (ឧទាហរណ៍ ដូចជា ជីកដី ធ្វើស្រះចិញ្ចឹមត្រី នៅលើដីនេះបានទេ) ពីព្រោះ កុំភ្លេចថា នៅពេលដែលទូទាត់បំណុលចប់សព្វគ្រប់ ដីនេះត្រូវប្រគល់ទៅឲ្យកូនបំណុលវិញ។
និយាយដល់ការដែលម្ចាស់បំណុលយកដីបញ្ចាំទៅធ្វើការដាំដុះ សំណួរចោទឡើងថា បើសិនជាការបញ្ចាំត្រូវបញ្ចប់ នៅមុនពេលដល់រដូវប្រមូលផល តើផលដំណាំនៅលើដីនេះត្រូវបានទៅលើអ្នកណា?
មាត្រា ៨៣៤ នៃក្រមរដ្ឋប្បវេណី ធ្វើការបែងចែករឿងនេះជាពីរករណី៖
ទីមួយ ក្នុងករណីការបញ្ចាំធ្វើឡើងចំពោះបំណុល ដែលគ្មានពេលកំណត់សងច្បាស់លាស់ បើទោះជាកូនបំណុលបានសងបំណុលរួចរាល់អស់ហើយក៏ដោយ បើសិនជាម្ចាស់បំណុលបានធ្វើការដាំដុះរួចហើយនៅលើដីបញ្ចាំ ហើយរដូវប្រមូលផលនឹងត្រូវមកដល់ក្នុងរយៈពេលមិនលើសពីមួយឆ្នាំ ម្ចាស់បំណុលអាចបន្តប្រើដីនេះ រហូតដល់រដូវប្រមូលផលបាន។
ទីពីរ ក្នុងករណីការបញ្ចាំធ្វើឡើងចំពោះបំណុល ដែលមានកំណត់ពេលត្រូវសងច្បាស់លាស់ បើសិនជាដល់ពេលកំណត់ត្រូវសង កូនបំណុលសងបំណុលគ្រប់ចំនួន ម្ចាស់បំណុលត្រូវប្រគល់ដីបញ្ចាំនេះទៅឲ្យម្ចាស់ដីដើមវិញភ្លាម បើទោះជាមិនទាន់បានប្រមូលផលលើដំណាំដែលខ្លួនដាំក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើកូនបំណុលសងបំណុលមុនពេលកំណត់ ហើយរដូវប្រមូលផលត្រូវដល់ក្នុងរយៈពេលមិនលើសពីមួយឆ្នាំ ហើយមិនលើសពីពេលកំណត់សងបំណុល ដែលបានព្រមព្រៀងគ្នាពីមុន ម្ចាស់បំណុលមានសិទ្ធិបន្តកាន់កាប់ និងប្រើប្រាស់ដីបញ្ជាំនេះរហូតដល់រដូវប្រមូលផល។ ប៉ុន្តែ បើសិនជារដូវប្រមូលផលនៅសល់យូរទៀត គឺយូរលើសពីមួយឆ្នាំ ឬក៏តិចជាងមួយឆ្នាំ ប៉ុន្តែ លើសពីពេលកំណត់សងបំណុល ដែលបានព្រមព្រៀងគ្នាជាមួយកូនបំណុលពីមុន ម្ចាស់បំណុលត្រូវប្រគល់ដីបញ្ចាំទៅឲ្យម្ចាស់ដើមវិញភ្លាម ទោះបីមិនទាន់បានប្រមូលផលក៏ដោយ។
និយាយពីការធ្វើ ហ៊ីប៉ូតែកវិញ។ នៅក្នុងករណីហ៊ីប៉ូតែកផ្ទះ ឬដី មិនមានការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យនេះទៅឲ្យម្ចាស់បំណុលទេ ប៉ុន្តែ ចង់ដឹងថា តើចាំបាច់ត្រូវប្រគល់ប្លង់ផ្ទះ ឬប្លង់ដីទៅឲ្យម្ចាស់បំណុលដែរឬទេ?
នៅក្នុងការបង្កើតហ៊ីប៉ូតែក ម្ចាស់ទ្រព្យមិនត្រូវផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យម្ចាស់បំណុល ហើយក៏មិនចាំបាច់ត្រូវយកប័ណ្ណកម្មសិទ្ធិ (ប្លង់ដី ឬប្លង់ផ្ទះ) ទៅឲ្យម្ចាស់បំណុលដែរ។
នៅក្នុងការអនុវត្តជាក់ស្តែង កន្លងមក យើងឃើញករណីភាគច្រើន នៅពេលខ្ចីលុយ គឺកូនបំណុលតែងតែ យកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ទៅប្រគល់ឲ្យម្ចាស់បំណុល ដើម្បីធានាបំណុល។ ការអនុវត្តបែបនេះ គឺធ្វើទៅតាមច្បាប់ភូមិបាល ដែលជាច្បាប់ចាស់ មុនមានក្រមរដ្ឋប្បវេណី។
នៅក្នុងច្បាប់ភូមិបាល ការដាក់អចលនទ្រព្យ ដើម្បីធានាបំណុល អាចធ្វើឡើងជា ៣រូបភាព គឺ៖
ដោយ សេង ឌីណា @RFI

- ការធានាបំណុលដោយបុគ្គល
- ការធានាបំណុលដោយទ្រព្យ (ចលនទ្រព្យ និងអចលនទ្រព្យ)

- ការបញ្ចាំ ដែលត្រូវផ្ទេរអចលនទ្រព្យទៅឲ្យម្ចាស់បំណុលកាន់កាប់
- ហ៊ីប៉ូតែក ដែលមិនមានការផ្ទេរសិទ្ធិកាន់កាប់ទ្រព្យ
- ការដាក់ធានា (ដែលនៅចន្លោះកណ្តាលរវាងការបញ្ចាំ និងហ៊ីប៉ូតែក) គឺកូនបំណុលមិនត្រូវប្រគល់ទ្រព្យទៅឲ្យម្ចាស់បំណុលកាន់កាប់ទេ តែត្រូវដាក់ប័ណ្ណកម្មសិទ្ធិទុកជាការធានា
No comments:
Post a Comment