វត្ថុ​ចាស់ៗ ​មួយ​ចំនួន​ដូច​ជា​ CD ​រ៉ាកែត​វាយ​តេន្នីស ​ឬ​ឡេវ​អាវ​ជាដើម​ពេល​ប្រើ​រួច​ ឬ​ខូច​ មិន​ដឹង​​​យក​ទៅ​ធ្វើ​អ្វី​ទៀត​​ឲ្យ​​​​​មាន​ប្រយោជន៍​​​ប្រើការបាន​។​ ​តើ​មាន​វិធីសាស្ត្រ​យ៉ាង​ណា​ដើម្បី​កែច្នៃ​វត្ថុ​ចាស់​ឲ្យ​ទៅ​ជា​វត្ថុ​​មាន​ប្រយោជន៍​បាន? ​ចង់​ជ្រាប​ច្បាស់​ សូម​មើល​វិធី​ណែនាំ​ងាយៗ​ចំនួន​ ១២ ​ខាងក្រោម។
១. ស្នូល​ដាក់​CD សម្រាប់​ព្យួរ​ក្រវិល
​​បើ​ CD​​ ខូច​របស់​អ្នក សូម​កុំ​ចោល​វា។ អ្នក​អាច​យក​វា​មក​ចោះ​ជា​រន្ធ​តូចៗ​ដូចក្នុង​រូប ហើយ​ភ្ជាប់​ទៅ​នឹង​ជើង​ទម្រ​របស់​វា នោះ​អ្នក​នឹង​ទទួល​បាន​ប្រដាប់​ព្យួរ​ក្រវិល​របស់​អ្នក​យ៉ាង​ស្រស់​ស្អាត​ មួយ។
២. ស៊ុម​កញ្ចក់​ធ្វើ​ពី​ដង​វាយ​តេន្នីស​
អ្នក​ជា​មនុស្ស​ចូល​ចិត្ត​លេង​ Tennis ណាស់​មែន​ទេ? ហើយ​អ្នក​តែង​តែ​ក្រវាត់​ចោល​ដង​វាយ​ Tennis ​របស់​អ្នក​នៅ​ពេល​ដែល​វា​ខូច ឬ​ធ្លាយ​សំណាញ់។ ប៉ុន្តែ​ពេល​នេះ អ្នក​អាច​យក​វា​មក​កែ​ច្នៃ​ ជា​ស៊ុម​សម្រាប់​កញ្ចក់​ដ៏​ស្រស់​ស្អាត​បាន​យ៉ាង​ងាយ​ ដោយ​គ្រាន់​តែ​កាត់​កញ្ចក់​របស់​អ្នក​ទៅ​តាម​ទម្រង់​នៃ​ដង​វាយ ​Tennis​ នោះ​ជា​ការ​ស្រេច។
៣. អំពូល​ភ្លើង​លម្អ​ដោយ​ឡេវ​អាវ
នៅ​ផ្ទះ​របស់​អ្នក​មាន​ឡេវ​អាវ​ខូច​ៗ​ ច្រើន​ណាស់​មែន​ទេ? បើ​អញ្ចឹង​ សាក​ប្រមូល​វា​មើល ហើយ​អ្នក​អាច​យក​វា​មក​បិទ​លើ​អំពូល​ភ្លើង​ក្នុង​បន្ទប់គេង​ ឬ​បន្ទប់​ទទួល​ភ្ញៀវ​របស់​អ្នក។​ មិន​ត្រឹម​តែ​អាច​សន្សំ​សំចៃ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​អាច​បន្ថែម​សម្រស់​ឲ្យ​អំពូល​របស់​អ្នក​ទៀត​ផង។
៤. កាបូប​ដាក់​ប៊ិច​ធ្វើ​ពី​កញ្ចប់​ស្ករ​គ្រាប់​
ពេល​ញាំ​ស្ករ​គ្រាប់​ហើយ​ កុំ​ចោល​កញ្ចប់​វា​អី​ណា​ ព្រោះ​អ្នក​អាច​ច្នៃ​កញ្ចប់​នំ ​ឬ​ស្ករ​គ្រាប់​ទាំង​នោះ​ ជា​កាបូប​សម្រាប់​ដាក់​ប៊ិច​បាន​យ៉ាង​ងាយ​ និង​ស្រស់​ស្អាត​ទៀត​ផង។
៥.​ បន្តោង​រូប​សោ
​អ្នក​ចង់​ប្ដូរ​សោ​ផ្ទះ​ ឬ​សោ​បន្ទប់​មែន​ទេ?​ ចុះកូន​​សោ​​ដែល​ឈប់​ប្រើ​ អ្នក​ចង់​បោះ​វា​ចោល​មែនទេ? ហេតុ​អី អ្នក​មិន​សាក​ច្នៃ​វា​បន្តិច​ទៅ​មើល៍​ ដោយ​គ្រាន់​តែ​យក​អង្កាំ​ខ្លះ​មក​បិត​ពី​លើ​សោ​នោះ​ទៅ អ្នក​ប្រាកដ​ជា​បាន​បន្តោង​រូប​សោ​មួយ​យ៉ាង​ល្អ​ជា​មិន​ខាន។
៦.​ ប្រអប់​ដាក់​សំបុត្រ​ធ្វើ​ពី​សៀវភៅ​
សៀវភៅ​ក្រាស់ៗ​ដែល​​​ហួស​សម័យ​ ឬ​អ្នក​លែង​ចង់​អាន​ សូម​កុំ​ទុក​វា​ចោល​​ឲ្យ​កណ្ដៀរ​កាត់​អត់​ប្រយោជន៍។ សាក​ល្បង​កែ​​ច្នៃ​ដោយ​គ្រាន់​តែ​ចោះ​ផ្នែក​ខាង​ក្នុង​បន្តិច​ទៅ ហើយបិទ​​បាត​ខាង​ក្រោម​ឲ្យ​ជិត​ទៅ នោះ​អ្នក​នឹង​បាន​នូវ​ប្រអប់​ដាក់​សំបុត្រ ឬ post card ​ដែល​មិត្ត​របស់​អ្នក​ផ្ញើ​មក​ដ៏​ស្រស់​ស្អាត​មួយ។
៧.​ ដូរ​ពី​ធុង​សំរាម​ មក​ជា​តុ​ដាក់​អំពូល
គ្រាន់​តែ​ដុស​សម្អាត​ និង​បាញ់​ថ្នាំ​​លើ​ធុង​សំរាម​ដែល​អ្នក​ឈប់​ប្រើ​ តាម​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ ហើយ​ផ្កាប់​វា​ទៅ​ នោះ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ទិញ​តុ​ដាក់​ជិត​សាឡុង​របស់​អ្នក​ឡើយ។
៨. ប្រដាប់​ព្យួរ​ក្រវិល​ធ្វើ​ពី​ដង​វាយ​ Tennis
ក្រៅ​ពី​យក​ទៅ​ធ្វើ​ស៊ុម​ដាក់​កញ្ចក់ អ្នក​ក៏​អាច​ច្នៃ​ដង​វាយ ​Tennis របស់​អ្នក​ជា​សំណាញ់​សម្រាប់​ព្យួរ​ក្រវិល​របស់​អ្នក​បាន​យ៉ាង​ងាយ​បំផុត ដោយ​គ្រាន់​តែ​ដាក់​ដង​វាយ ​Tennis ​នោះ ព្យួរ​ជាប់​នឹង​ជញ្ជាំង​ជា​ការ​ស្រេច។
​​៩. បាល់​ Tennis អាច​ព្យួរ​​កន្សែង​ ឬ​សោ​បាន
បើ​អ្នក​ទើប​តែ​ទិញ​បាល់​ Tennis​ ថ្មី​ កុំ​ភ្លេច​សាក​យក​បាល់​ចាស់​នោះ​មក​ ច្នៃ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ព្យួរ​កន្សែង ដាក់​ប៊ិច​ ឬ​ដាក់​សំបុត្រ​របស់​អ្នក​បាន។ អ្នក​គ្រាន់​តែ​យក​កាំ​បិត​មុត មក​អារ​បាល់​នោះ​បន្តិច​សម្រាប់​ធ្វើ​មាត់​ឲ្យ​វា​អាច​ខាំ​ជាប់​កន្សែង ឬ​សំបុត្រ ហើយ​យក​ដែកគោល​មក​ដំ​ធ្វើ​ភ្នែក​ទាំង​ពីរ​ និង​បិត​វា​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ជា​ការ​ស្រេច។
១០. ពី​ព្យាណូ​ខូច​ ទៅ​ជា​កន្លែង​បាញ់​ទឹក​ខាង​ក្រៅ​ផ្ទះ​ដ៏​ស្រស់​ស្អាត​
សម្រាប់​អ្នក​ចូល​ចិត្ត​តន្ត្រី ឬ​អ្នក​ជា​តន្ត្រីករ​​ខាង​ព្យាណូ​ ប្រសិន​បើ​ព្យាណូ​នៅ​ផ្ទះ​របស់​អ្នក​ប្រើ​លែង​កើត​ហើយ សូម​ងាក​មក​កែ​ច្នៃ​វា​ជា​កន្លែង​បាញ់​ទឹក​ក្នុង​សួន​មុខ​ផ្ទះ ឬ​ក្រោយ​​ផ្ទះ​​របស់​​អ្នក​​​ដោយ​​បន្ថែម​​​ផ្កា​​​លម្អ​​​បន្តិច​​​ទៀត​ ពិត​ជា​ស្អាត​អស់​ទាស់។
​១១. ផ្ទះ​ចាប​ធ្វើ​ពី​ស្លាក​លេខ​ឡាន ឬ​ស្លាក​លេខ​ម៉ូតូ
បើ​អ្នក​ចង់​ប្ដូរ​ស្លាក​លេខ​ម៉ូតូ​ ឬ​ឡាន​របស់​អ្នក អ្នក​អាច​ច្នៃ​វា​ធ្វើ​ជា​ផ្ទះ​ថ្មី​ឲ្យ​ចាប​របស់​អ្នក​ ហើយ​ពួក​វា​ពិត​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​ផ្ទះ​ដ៏​ទាន់​សម័យ​មួយ​នេះ​ជា​មិន​ ខាន​ឡើយ។
១២. ថត​តុ​អាច​ដាក់​ដាំ​ផ្កា​បាន
បើ​អ្នក​គិត​ថា​តុ​របស់​អ្នក​មិន​ទាន់​ សម័យ​ ឬ​បាក់​បែក​ខ្លះ​ហើយ ហើយ​អ្នក​ចង់​ទិញ​ថ្មី​នោះ​ អ្នក​មិន​ចាំ​បាច់​យក​តុ​នោះ​មក​កាប់​ធ្វើ​អុស​ទេ ព្រោះ​វា​គួរ​ឲ្យ​ស្ដាយ។ អ្នក​អាច​យក​តុ​នោះ​មក​ដាក់​ក្រៅ​ផ្ទះ ហើយ​បើក​ថត​តុ​គ្រប់​ជាន់ រួច​​ដាក់​ដី​ចូល​ ដាក់​ផ្កា​ដាំ​យ៉ាង​ស្រស់​បំព្រង​បាន​យ៉ាង​ងាយ។​
យ៉ាង​ម៉េច​ដែរ​ វិធី​ទាំង​១២​ខាង​លើ​ដែល​ Sabay បាន​បង្ហាញ? ពេញ​ចិត្ត​ដែរ​ទេ​? អញ្ចឹង​មុន​នឹង​សម្រេច​ចិត្ត​ក្រវាត់​ចោល​វត្ថុ​ខូច​ៗ កុំ​ភ្លេច​នឹក​ដល់​វិធី​ខាង​លើ​ផង​ណា៕
ចុះ​ប្រិយ​មិត្ត​មាន​វិធី​អ្វី​ប្លែក​ពី​នេះ​ដែរ​ ឬទេ?
ប្រែ​សម្រួល៖ សរ សុគន្ធី
ប្រភព៖ Oddee