Tuesday, September 17, 2013

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ


រូបភាពនៅ ​ក្នុង​ទំនាក់ទំនង​ប្តីប្រពន្ធ ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​អាច​នាំ​ទៅ​រក​វិវាទ ទាំង​នៅ​ក្នុង​ពេល​ជាប់​ចំណង​អាពាហ៍​ពិពាហ៍ ក៏ដូចជា នៅពេល​លែងលះ។ ដើម្បី​បង្កា និង​ដោះស្រាយ​វិវាទ​ទាំងនេះ ក្រមរដ្ឋប្បវេណី​ខ្មែរ មាន​ចែង​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ ជុំវិញ​ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ។
តាម​​ច្បាប់​ខ្មែរ ចំពោះ​​ប្តីប្រពន្ធ​ដែលមាន​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់ តើ​ទ្រព្យ​សម្បត្តិ​ណាខ្លះ​ត្រូវ​ចាត់ទុក​ជា​ទ្រព្យ​រួម ហើយ​ទ្រព្យ​ណា​ខ្លះ​​ជា​ទ្រព្យ​ដោយឡែក?
ការបែងចែក​ទ្រព្យរួម និង​ទ្រព្យ​ដោយឡែក គឺ​វាអាស្រ័យ​នឹង​ប្រព័ន្ធ​ទ្រព្យសម្បត្តិ ដែល​ប្តីប្រពន្ធ​ទាំងពីរជ្រើសរើស។ ក្រមរដ្ឋប្បវេណី​ខ្មែរ​​ទុក​លទ្ធភាព​ឲ្យ​ប្តីប្រពន្ធ ធ្វើ​កិច្ចសន្យា​ ដើម្បី​កំណត់​ការ​បែងចែក និង​ការ​ចាត់ចែង​ទ្រព្យ​សម្បត្តិ ដែល​គេ​ហៅថា ​ប្រព័ន្ធ​ទ្រព្យសម្បត្តិ​តាម​កិច្ចសន្យា។ ក្រមរដ្ឋប្បវេណី​តម្រូវ​ថា កិច្ចសន្យា​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ​ចាំបាច់​ត្រូវ​តែ​ធ្វើឡើង​ជា​ លាយលក្ខណ៍​អក្សរ ហើយ​ដើម្បី​អាច​យកទៅតតាំង​ជាមួយ​នឹង​តតិយជនបាន កិច្ចសន្យា​នេះ​ត្រូវ​តែ​ចុះបញ្ជី​ត្រឹមត្រូវ នៅក្រសួង​យុត្តិធម៌។
បើសិន​ជា​​ប្តីប្រពន្ធ​មិនបាន​ធ្វើ​កិច្ចសន្យា​ទ្រព្យសម្បត្តិ​​​ទេ ការបែងចែក គ្រប់គ្រង​ និង​ចាត់ចែង​ទ្រព្យ គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់ ដែល​បាន​កំណត់ ដែល​គេហៅថា ​ប្រព័ន្ធ​ទ្រព្យ​សម្បត្តិ​ដែល​កំណត់​ដោយ​ច្បាប់។
ទ្រព្យសម្បត្តិ​ដោយឡែក
ច្បាប់​ (មាត្រា ៩៧២ នៃ​ក្រមរដ្ឋប្បវេណី) កំណត់​ថា ត្រូវ​ចាត់ទុក​ជា​ទ្រព្យ​ដោយឡែក​របស់​​សហព័ទ្ធ​តែ​ម្ខាង (របស់​ប្តី ឬ​របស់​ប្រពន្ធ​) គឺ​៖
  • ទ្រព្យសម្បត្តិ​ ដែល​សហព័ទ្ធមាន នៅមុនពេល​រៀបអាពាហ៍​ពិពាហ៍ មានន័យថា មុនពេល​រៀបការ ភាគី​ខាង​ណា​មាន​ទ្រព្យ​អ្វី ក្រោយ​ពេល​រៀបការ ទ្រព្យ​នោះ ត្រូវ​ស្ថិត​នៅ​ជា​កម្មសិទ្ធិ​ដោយឡែក​របស់​ភាគី​នោះដដែល មិន​ត្រូវ​រាប់​ជា​ទ្រព្យ​រួមទេ។
  • ទ្រព្យសម្បត្តិ​ដែល​សហព័ទ្ធ​ណាមួយ​ទទួល​បាន​​​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ប៉ុន្តែ ទទួល​ជា​កេរមរតក ឬ​ដោយ​​អំណោយ (ប្រទានកម្ម ឬ​អច្ច័យទាន)។ ឧបមាថា ក្រោយ​រៀបការ​ហើយ ឪពុក​ម្តាយ​របស់​ភាគី​ខាង​ប្តី​គាត់​ស្លាប់ទៅ ហើយ​បន្សល់​ទុក​ទ្រព្យ​ជា​កេរ​ទៅ​ឲ្យ​កូន ទ្រព្យ​នេះ​ត្រូវ​ជា​ទ្រព្យ​ផ្ទាល់​របស់​ប្តី។ ក្នុងករណី​អំណោយ បើ​ម្ចាស់​អំណោយ​ឲ្យ​ទៅ​អ្នកណា​ គឺ​ជា​ទ្រព្យ​ផ្ទាល់​របស់​អ្នក​នោះ បើសិន​ជា​ម្ចាស់​អំណោយ​បញ្ជាក់​ច្បាស់​ថា​ឲ្យ​ទៅ​ទាំងពីរនាក់​ប្តីប្រពន្ធ គឺ​ជា​ទ្រព្យ​រួម។
  • ទ្រព្យសម្បត្តិ​​​ជា​តម្លៃ​តប ដែល​ទទួលបាន​ពី​ការ​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំងពីរ​ប្រភេទ​ខាងលើ។ ឧទាហរណ៍​ថា ភាគី​ជា​ប្រពន្ធ​មាន​ដី​មួយ​កន្លែង ដែល​ជា​ទ្រព្យ​ផ្ទាល់​ ដែល​គាត់​មាន​តាំង​ពី​មុនពេល​រៀបការ។ ក្រោយ​មក ក្នុង​ពេល​ជាប់​ចំណង​អាពាហ៍ពិពាហ៍ គាត់​លក់​ដី​នេះចេញ​ រួច​ហើយ​យក​លុយ​ដែល​បាន​ពី​ការ​លក់​ដីនេះ ទៅ​ទិញ​ផ្ទះ​មួយ​ល្វែង ផ្ទះ​នេះ នៅតែ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​គាត់ ទោះបី​ជា​ទិញ​នៅ​ក្នុង​ពេល​មាន​ចំណង​អាពាហ៍ពិពាហ៍​ក៏ដោយ។
ទ្រព្យសម្បត្តិ​រួម
 
ក្រមរដ្ឋប្បវេណី​​ខ្មែរ​កំណត់​ថា “ទ្រព្យសម្បត្តិរួម គឺ​ជា​ទ្រព្យ​សម្បត្តិ​ទាំងឡាយ ដែល​ប្តីប្រពន្ធ​ទាំងសងខាង ឬ​តែម្ខាង​ទទួលបាន​នៅក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍” (មាត្រា ៩៧៣ នៃ​ក្រមរដ្ឋប្បវេណី)។ និយាយ​ជារួម លើកលែងតែ​ទ្រព្យសម្បត្តិ​ទាំងបី​ប្រភេទ​ខាងលើ រាល់ទ្រព្យ​ទាំងអស់ ដែល​ទទួលបាន​ក្នុង​ពេល​អាពាហ៍​ពិពាហ៍​ (ដូចជា ប្រាក់ខែ ប្រាក់ចំណូល​ពី​ការ​ប្រកប​អាជីវកម្ម ផ្ទះ​ ដី ឡាន ដែល​ទិញ​ក្នុង​ពេល​មាន​ចំណង​អាពាហ៍​ពិពាហ៍​) ត្រូវ​ចាត់ទុក​ជា​ទ្រព្យ​រួម​ទាំងអស់ ទោះបី​ជា​ទ្រព្យ​នោះ​រក​បាន​ដោយ​សហព័ទ្ធ​​ណាមួយ​ក៏ដោយ។
យើងសង្កេតឃើញ​ថា នៅ​ក្នុង​សង្គម​ខ្មែរ​យើង មាន​ករណី​ច្រើន ដែល​មាន​តែ​ប្តី​ជា​អ្នក​ធ្វើការ​រកស៊ី ឯ​ប្រពន្ធ គឺ​ជា​មេផ្ទះ។ ក្នុងករណីនេះ តើ​​ប្រពន្ធ​ដែល​ជា​មេផ្ទះ មាន​សិទ្ធិ​ទៅលើ​ប្រាក់​ខែ ឬ​ប្រាក់​ចំណូល ដែល​បាន​ពី​ការ​ងារ​របស់​ប្តី​ដែរ​ឬទេ?
 
ក្នុងករណីនេះ ប្រាក់ខែ ឬ​ប្រាក់ចំណូល ដែល​បាន​ពី​ការងារ​របស់​ប្តី គឺ​ជា​​ទ្រព្យ​ដែល​ទទួលបាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ហើយ​​​តាមច្បាប់ គឺ​ត្រូវ​ចាត់ទុក​ជា​ទ្រព្យ​សម្បត្តិ​។ ដូច្នេះ ប្រពន្ធ​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​លើ​ទ្រព្យរួម​នេះ បើទោះបី​ជា​គាត់​​​មិនធ្វើការ​ក៏ដោយ។ តាមពិតទៅ ក្នុងក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៩៨០ គឺ​មាន​ចែងយ៉ាងច្បាស់​ថា “គេហកិច្ច ត្រូវ​ចាត់ទុក​ថា​មាន​តម្លៃ​ស្មើ​នឹង​ការងារ​ដែល​ធ្វើ​ក្រៅផ្ទះដែរ”។ មានន័យថា បើទោះបី​ជា​ស្រ្តី​​ជា​មេផ្ទះ ​មិន​ធ្វើការ​បាន​ប្រាក់ខែ​មែន ក៏ប៉ុន្តែ គាត់​គឺ​ជា​អ្នក​រ៉ាប់រង​កិច្ចការ​ក្នុង​ផ្ទះ ដែល​ត្រូវ​រាប់​ជា​ការ​ងារ​មួយ​ដែល​មាន​តម្លៃ​ដូចជាការងារ​ក្រៅផ្ទះ​ដែរ។
ចំពោះ​ការ​ប្រើប្រាស់ គ្រប់គ្រង និង​ចាត់ចែងទ្រព្យសម្បត្តិវិញ តើ​ត្រូវ​ធ្វើ​ដូចម្តេច?
 
ចំពោះ​ទ្រព្យសម្បត្តិរួម ច្បាប់​កំណត់ថា ប្តីប្រពន្ធ​ត្រូវមាន​សិទ្ធិ​ស្មើ​គ្នា ក្នុងការ​ប្រើប្រាស់ ទទួល​ផលប្រយោជន៍ និង​គ្រប់គ្រង (មាត្រា ៩៧៤ នៃ​ក្រមរដ្ឋប្បវេណី) ដោយ​មិន​​បែងចែក​ថា អ្នកណា​ធ្វើការ​បាន​ប្រាក់ខែ​ច្រើន​ជាង​អ្នកណា​ទេ។ ក៏ប៉ុន្តែ ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រួម​នេះ ត្រូវ​តែ​ធ្វើ​ឡើង​នៅក្នុង​ទំហំ​ចាំបាច់ ដោយ​ផ្អែក​ទៅលើ​ភាព​ចាំបាច់​នៅ​ក្នុង​ជីវភាព​រស់នៅ មិនមែន​ចេះតែ​ចាយវាយ​តម្រូវ​ទៅ​តាមចិត្តចង់​ខ្លួនឯងទេ។
ចំពោះ​កិច្ចសំខាន់ៗ ដែល​ទាក់ទង​នឹង​ការ​ចាត់ចែង​ទ្រព្យ​រួម ដូចជា ការលក់ដូរ ឬ​ការ​យក​ទៅ​ធ្វើ​ជា​អំណោយ​ជាដើម ត្រូវ​តែ​មាន​ការព្រមព្រៀង​ពី​ប្តីប្រពន្ធ​ទាំងសង​ខាង។
ចំពោះ​ទ្រព្យ​ផ្ទាល់​វិញ ទ្រព្យ​របស់​អ្នកណា​ អ្នកនោះ​ជាអ្នកគ្រប់គ្រង និង​ចាត់ចែង ដោយ​មិន​ចាំបាច់​មាន​ការព្រមព្រៀង​ពី​​សហព័ទ្ធ​ម្ខាង​ទៀត​ទេ។
នៅក្នុងករណី​លែងលះវិញ តើ​ទ្រព្យសម្បត្តិ​ទាំងអស់​នេះ​ត្រូវ​បែងចែក​ដូចម្តេច?
 
ចំពោះ​ការ​បែងចែក​ទ្រព្យ​ ក្នុងករណី​មាន​ការលែងលះ ច្បាប់​ឲ្យ​អាទិភាព​ទៅលើ​ការ​ព្រមព្រៀង​គ្នា​រវាង​ប្តីប្រពន្ធ។ បើសិន​ជា​គ្មាន​ការព្រមព្រៀង​គ្នា​ទេ ទើប​ត្រូវ​បែងចែក​តាមច្បាប់ គឺ​របៀប​បែងចែក ដែល​មាន​ចែង​ក្នុង​មាត្រា ៩៨០ នៃ​ក្រម​រដ្ឋប្បវេណី។ គោលការណ៍​នៃ​ការ​​​បែងចែក​ទ្រព្យ​​តាមច្បាប់នេះ គឺ​​ទ្រព្យសម្បត្តិ​ផ្ទាល់​របស់​សហព័ទ្ធមួយណា ត្រូវ​សហព័ទ្ធ​នោះ​ជា​អ្នក​ទទួល​បាន​ផ្តាច់មុខ ចំណែក​ទ្រព្យ​សម្បត្តិ​រួម គឺ​ត្រូវ​បែងចែក​គ្នា​ស្មើ​ (ពាក់កណ្តាល​ម្នាក់)។
គួរបញ្ជាក់ថា ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ​អាច​មាន​ទ្រព្យរួម និង​ទ្រព្យ​ផ្ទាល់ខ្លួន ចំណែក​កាតព្វកិច្ច​លើ​បំណុលវិញ ក៏​ត្រូវមាន​ការបែងចែក​ជា​បំណុលរួម និង​បំណុល​ផ្ទាល់ខ្លួន​ដែរ។
បំណុលរួម ដែល​ប្តីប្រពន្ធ​ត្រូវ​តែ​ទទួលខុស​ត្រូវ​រួមគ្នា គឺ​បំណុល​ទាំងឡាយណា ដែល​ប្តីប្រពន្ធ​ទាំងពីរ​ជា​អ្នក​ខ្ចី​រួមគ្នា ឬ​ក៏​សហព័ទ្ធ​​ណា​មួយ​​ជា​អ្នក​ខ្ចី ប៉ុន្តែ​មាន​ការ​ព្រមព្រៀង​​ជាលាយលក្ខណ៍​អក្សរ​ពី​​សហព័ទ្ធ​ម្ខាង​ទៀត។ មានប្រភេទ​បំណុលខ្លះ​​ គឺ​មាន​បំណុល​ ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​រក្សា​ជីវភាព​រួម​ប្តីប្រពន្ធ ការ​អប់រំ ថែទាំ និង​ព្យាបាល​កូន បំណុល​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង និង​ថែរក្សា​ទ្រព្យសម្បត្តិ​រួម ត្រូវ​បាន​ច្បាប់​ចាត់ទុក​ថា​ជា​បំណុលរួម​ដោយ​ស្វ័យ​ប្រវត្តិ ដែល​ប្តីប្រពន្ធ​ចាំបាច់​ត្រូវ​តែ​ទទួលខុសត្រូវ​រួមគ្នា​ ទោះបី​សហព័ទ្ធ​ណា​ជាអ្នកខ្ចី​ក៏ដោយ ហើយ​គ្មាន​ការ​ព្រមព្រៀង​ជាលាយលក្ខណ៍​អក្សរ​ពី​សហព័ទ្ធ​ម្ខាង​ទៀត​ក៏ដោយ៕
ដោយ សេង ឌីណា @RFI

No comments:

Post a Comment