Tuesday, September 17, 2013

អត្ថន័យ​ពណ៌ និង​ចិត្ត​គំនិត​របស់​មនុស្ស

ពណ៌​សុទ្ធ​តែ​មាន​ន័យ​របស់​វា ​ហើយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ចិត្ត​គំនិត​របស់​មនុស្ស។ ចង់​ដឹង​ថា​មាន​ន័យ​ និង​ទំនាក់​ទំនង​យ៉ាង​ណា​ ​ ពេល​នេះ ​Sabay សូម​យក​មក​បង្ហាញ​ដូច​ខាង​ក្រោម។
ពណ៌​ក្រហម​
ពណ៌ក្រហម​​បង្ហាញ​ពី​អំណាច​ និង​ថាមពល។ ដោយ​សារ​តែ​ពណ៌​ក្រហម​គឺ​ជា​ពណ៌​នៃ​ឈាម ដូច្នេះ​វា​តំណាង​ឲ្យ​ភាព​ក្លៀវ​ក្លា​ ពុះ​កញ្ជ្រោល​ ស្អប់​ ការ​សង​សឹក កំហឹង​ និង​ភាព​រុងរឿង​នៃ​ជីវិត។ ម្យ៉ាង​វិញ​ទៀត​ ពណ៌​នេះ​បង្ហាញ​ពី​ថាមពល​នៃ​សេចក្ដី​ស្នេហា​ តណ្ហា​ និង​អាច​ដាស់​អារម្មណ៍​សម្ពន្ធ​ភាព​ផ្លូវ​ភេទ។ ដោយ​ឡែក​នៅ​ប្រទេស​ចិន​ គេ​ចាត់​ទុក​ថា​ពណ៌​ក្រហម​តំណាង​ឲ្យ​សេចក្ដី​សុខ​សុភមង្គល។ រី​ឯ​នៅ​ប្រទេស​ឥណ្ឌា​តំណាង​ឲ្យ​ភាព​បរិសុទ្ធ។
ពណ៌​ទឹក​ក្រូច
វា​បង្ហាញ​ពី​គំនិត​ល្អិត​ល្អន់ កម្លាំង​ចិត្ត​ និង​សេចក្ដី​អំណត់​ព្យាយាម។ វា​ជា​ពណ៌​តំណាង​នៃ​ពន្លឺ​ស្រទន់​របស់​ព្រះ​អាទិត្យ​ពេល​ព្រឹក​ព្រលឹម ប្រៀប​បាន​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ថ្មី​ គំនិត​ថ្មី ​និង​សេរីភាព។ បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះ​ ពណ៌​នេះ​​​ដាស់​អារម្មណ៍​របស់​អ្នក​ឲ្យ​កាន់​​តែ​មាន​ចំណង់​ចង់​បរិភោគ​ អាហារ​។
ពណ៌​លឿង
វា​តំណាង​ឲ្យ​ភាព​រីករាយ ​សេចក្ដី​សុខ ភាព​​វៃ​ឆ្លាត និង​ប្រាជ្ញា។ ពណ៌​នេះ​ក៏​បង្ហាញ​ពី​​​គំនិត​សុទិដ្ឋិនិយម​ដែល​ចេញ​ពី​ការ​គិត​ជា​ជាង​ចេញ​ ពី​បេះ​ដូង​ ឬសេចក្ដី​​ស្រលាញ់។ ម្យ៉ាង​ពណ៌​នេះ​អាច​តំណាង​ឲ្យ​មាស​ ដូច្នេះ​វា​បង្ហាញ​ពី​គុណ​តម្លៃ​ និង​វិសាល​ភាព។ មួយ​វិញ​ទៀត​ពណ៌​លឿង​អាច​ជួយ​ជំរុញ​ឲ្យ​អ្នក​មាន​អារម្មណ៍​មូល ​និង​មាន​គំនិត​ថ្មីៗ។
ពណ៌​បៃ​តង
ពណ៌​នេះ​ជា​ពណ៌​ធម្មជាតិ​ តំណាង​ឲ្យ​ជីវិត​ និង​ជីវជាតិ។ វា​ក៏​តំណាង​ឲ្យ​សេចក្ដី​ទៀង​ត្រង់​ មិន​លំអៀង​ និង​វិនិច្ឆ័យ។ ម្យ៉ាង​ទៀត​ពណ៌​បៃតង​គឺ​ជា​ពណ៌​នៃ​ភាព​រុងរឿង​ និង​សម្បូរ​ដោយ​​ផ្នែក​ហិរញ្ញវត្ថុ​​ និង​ទ្រព្យ​សម្បត្តិ​។ វា​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ពណ៌​ដែល​អាច​ព្យាបាល​ភ្នែក។ អ្នក​គួរ​បរិភោគ​ចំណី​អាហារ​មាន​ពណ៌​បៃតង​ដើម្បី​ឲ្យ​សុខភាព​ល្អ។
ពណ៌​ខៀវ
ពណ៌​នេះ​តំណាង​ឲ្យ​ពណ៌​របស់​មេឃ​ និង​សមុទ្រ។ វា​តំណាង​ឲ្យ​ភាព​ជឿ​ជាក់​ សេចក្ដី​ស្មោះ​ត្រង់​ ការ​ទទួល​ខុស​ត្រូវ មិត្ត​ភាព​ និង​ភាព​អំណត់​ព្យាយាម។ ពណ៌​នេះ​បង្ហាញ​ពី​ឧត្ដម​គតិ​ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ពិភាក្សា ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​សិក្សា ​និង​គ្រួសារ។​ វា​ជា​ពណ៌​ដែល​ស័ក្តសម​បំផុត​សម្រាប់​ប្រើ​ក្នុង​ផ្ទះ​ ជា​ពិសេស​សម្រាប់​កុមារ ព្រោះ​វា​ជា​ពណ៌​ត្រជាក់​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​ និង​មិន​ឆេវឆាវ។
ពណ៌​ស្វាយ
ពណ៌​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​និមិត្ត​រូប​នេះ​វេទមន្ត និង​ភាព​អាថ៌​កំបាំង។ បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះ ​វា​តំណាង​ឲ្យ​ក្ដី​ស្មោះ​ត្រង់​នៃ​គំនិត​ និង​អារម្មណ៍។ វា​ក៏​បង្ហាញ​ពី​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ និង​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង។
ពណ៌​ផ្កា​ឈូក
ពណ៌​ផ្កា​ឈូក​គឺ​ជា​ពណ៌​ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រលាញ់​​ និង​ស្នេហា​គ្មាន​លក្ខខណ្ឌ។ ក្នុង​និយម​ន័យ​ស្នេហា​ពណ៌​ផ្កា​ឈូក​គេ​ប្រៀប​បាន​នឹង​ប្រយោគ​មួយ​ថា​ “​ខ្ញុំ​នឹង​មិន​ភ្លេច​អ្នក​ជា​រៀង​រហូត”។ ម្យ៉ាង​ទៀត​វា​តំណាង​ឲ្យ​ការ​ទទួល​យក​នូវ​សេចក្ដី​ស្នេហា ​និង​គោរព​ចំពោះ​គ្នា។ វា​ក៏​បង្ហាញ​ពី​ភាព​ស្រស់​ថ្លា​​ក្នុង​ភាព​ជា​យុវវ័យ​​​របស់​យុវតី។ តាម​ចិត្ត​វិទ្យា​​​ពណ៌​នេះ​តំណាង​ឲ្យ​សេចក្ដី​សង្ឃឹម​ អារម្មណ៍​ជ្រះ​ថ្លា និង​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​មិន​មាន​បញ្ហា។
ពណ៌​ត្នោត
ពណ៌​ត្នោត​គឺ​ជា​ពណ៌​នៃ​ផែនដី​ផ្សារ​​ភ្ជាប់​ទៅ​នឹង​ជីវិត។ វា​តំណាង​ឲ្យ​ចំណង​មិត្ត​ភាព ​និង​ការ​រាក់​ទាក់។ តាម​ន័យ​ចិត្ត​វិទ្យា​ និយម​ន័យ​នៃ​ពណ៌​ត្នោត​នេះ​ គឺ​បញ្ជាក់​ពី​សេចក្ដី​ទៀង​ត្រង់​ និង​ប្រាកដ​និយម។ បន្ថែម​ពី​នេះ​ទៅ​ទៀត​​ ពណ៌​នេះ​ស័ក្ត​​សម​បំផុត​សម្រាប់​ផលិត​ផល​ដែល​ទាក់​ទង​នឹង​សុខភាព ​និង​កសិកម្ម។
ពណ៌​ស
វា​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​ និង​សេចក្ដី​ល្អ។ ពណ៌​នេះ​បង្ហាញ​ពី​ភាព​គ្មាន​មន្ទិល និង​ជ្រះ​ថ្លា ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កូន​ក្រមុំ​ និង​គ្រូ​ពេទ្យ​ជ្រើស​រើស​ពាក់​ពណ៌​ស។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​ វា​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ថែរក្សា សេចក្ដី​ក្លាហាន ភាព​កក់​ក្ដៅ​ ក្តី​សង្ឃឹម​ជា​វិជ្ជមាន និង​ការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី។​
ពណ៌​ខ្មៅ
វប្បធម៌​ប្រទេស​ខ្លះ​ចាត់​ទុក​ថា​ពណ៌​នេះ​តំណាង​ឲ្យ​សេចក្ដី​ស្លាប់ ​និង​ការ​កាន់​ទុក្ខ។ ម្យ៉ាង​វិញ​ទៀត​ពណ៌​នេះ​គេ​ចាត់​ទុក​វា​ប្រៀប​បាន​ទៅ​នឹង​អាថ៌​កំបាំង​ និង​ភាព​ខ្មៅ​ងងឹត។ ផ្ទុយ​ទៅ​វិញ​តាម​ន័យ​ចិត្ត​វិទ្យា​ ពណ៌​នេះ​តំណាង​ឲ្យ​ថាមពល ​ការ​គ្រប់គ្រង​ពោរ​ពេញ​ដោយ​អំណាច​ផ្ដាច់​ការ។ មួយ​វិញ​ទៀត​​ពណ៌​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សោកសៅ​ និង​អស់​សង្ឃឹម។
ក្នុង​ចំណោម​ពណ៌​ខាង​លើ ​ពណ៌​មួយ​ណា​ដែល​អ្នក​ចូលចិត្ត?
អត្ថបទ៖ ផល្លា សុម៉ាលីណា
ប្រភព៖ empower & Gemily Gems

No comments:

Post a Comment