Tuesday, September 17, 2013

ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក

បុគ្គលម្នាក់ៗ គឺ​ជា​ម្ចាស់​​ ដែល​មាន​សិទ្ធិផ្តាច់មុខ​ ទៅលើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួនមាន។ ទោះបី​ជាក្រោយ​ពី​​ស្លាប់ទៅ ក៏​គេមិន​អាច​ដកហូត​ទ្រព្យសម្បត្តិ​នេះ​បានដែរ។ ទ្រព្យសម្បត្តិ​ ដែល​ជា​កេរមរតក​របស់​បុគ្គល​ដែល​ស្លាប់ (មតកជន) គឺ​ត្រូវ​ផ្ទេរទៅឲ្យ​សាច់ញាតិ​របស់​គាត់​ដែលនៅរស់។ ក៏ប៉ុន្តែ ការផ្ទេរមរតក​នេះ​ត្រូវ​គោរពទៅតាម​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ច្បាប់។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ស្តីពី​របៀប​បែងចែក​កេរមរតក ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ ឆ្នាំ​២០០៧។
សំណួរ-នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ទទួលមរណភាព តើ​ទ្រព្យសម្បត្តិ ដែល​ជា​កេរមរតក​របស់​គាត់​ត្រូវ​បែងចែក​ដោយ​របៀបណា?
 
ចម្លើយ-ការបែងចែក​កេរមរតក គឺ​មាន​ចែង​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ឆ្នាំ​២០០៧ ចាប់ពី​មាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។
ការ​ផ្ទេរ​កេរមរតក ត្រូវ​​ធ្វើ​ទៅតាមឆន្ទៈ​របស់​​​មតកជន (ជន​ដែល​ស្លាប់ ហើយ​ដែល​ជា​ម្ចាស់​កេរមរតក) ប្រសិន​បើ​គាត់​មាន​ទុក​បណ្តាំ។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាម​មាន​បណ្តាំ ឬ​សន្តតិកម្ម​តាម​មតកសាសន៍។
ក្នុងករណី​គ្មាន​បណ្តាំ​ ការផ្ទេរមរតក គឺ​ត្រូវ​ធ្វើ​ឡើង​ទៅតាម​ការកំណត់​ដោយ​​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាមច្បាប់ (មាត្រា ១១៤៥)។
សំណួរ-នៅក្នុង​បណ្តាំ តើ​ម្ចាស់ទ្រព្យ​មាន​សិទ្ធិ​បែងចែកកេរមរតក​របស់​គាត់​​យ៉ាងម៉េច​ក៏​បាន ឬ​ក៏យ៉ាងណា?
 
ចម្លើយ-មតកជន មានសិទ្ធិ​ធ្វើ​ការបែងចែក​កេរមរតក​របស់​គាត់​យ៉ាងម៉េច​ក៏បាន​ដែរ ក៏ប៉ុន្តែ ត្រូវ​គោរព​លក្ខខណ្ឌ​មួយ ដែល​ចែង​ក្នុង​ច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់​កំណត់​ថា មរតក​មួយ​ផ្នែក​ ត្រូវ​បម្រុង​ទុក​ឲ្យ​សន្តតិជន (ជន​ដែល​ត្រូវ​ទទួល​កេរមរតក)​ តាម​ច្បាប់​កំណត់។
អ្នក​មាន​សិទ្ធិ​លើ​ភាគបម្រុង គឺ​​កូន​ ឬ ឪពុកម្តាយ ឬ​ជីដូនជីតា និង​សហព័ទ្ធ​របស់​មតកជន (មាត្រា ១២៣០)។ ចំណែក​នៃ​ភាគបម្រុង​ត្រូវ​​កំណត់​ដូចខាងក្រោម៖
ក្នុងករណី​ដែល​មាន​សន្តតិជន ដែល​ជា​ឪពុកម្តាយ ឬ​ជីដូន ជីតា​ប៉ុណ្ណោះ (មិនមាន​កូន និង​មិនមាន​សហព័ទ្ធ) ភាគបម្រុង​ គឺ​ត្រូវមាន ១ភាគ៣ នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។
ក្នុងករណី​ដែល​​មាន​សន្តតិជន​ជា​កូន ឬ​ជា​សហព័ទ្ធ ភាគបម្រុង​ ត្រូវមាន​ពាក់កណ្តាល នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។
ភាគបម្រុង ត្រូវ​យក​ទៅ​បែងចែក​ជាចំណែក​ស្មើៗគ្នា​ឲ្យ​សន្តតិជន​ដែល​មាន​សិទ្ធិ​ទទួល​ ភាគបម្រុង​ ដែល​ច្បាប់​កំណត់​ក្នុង​មាត្រា​ខាងលើ។ កេរមរតក ដែល​នៅសេសសល់​ពី​ ភាគបម្រុង ទើប​មតកជន​អាច​យក​ទៅ​បែងចែក​តាមចិត្ត​ចង់​បាន។ ក្នុងករណី​ដែល​គ្មាន​​សន្តតិជន​ដែល​ត្រូវ​មាន​សិទ្ធិ​ទទួល​ភាគបម្រុង​ទេ មតកជន​​អាច​ចាត់ចែង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំងអស់ ទៅតាម​បណ្តាំ​បាន ដោយ​មិន​ត្រូវ​ទុក​​​ភាគបម្រុង​នោះទេ។
 
សំណួរ-ក្នុងករណី​មិនមាន​បណ្តាំ​ តើ​​​ច្បាប់​កំណត់​ដូចម្តេច​ខ្លះ អំពី​ការបែងចែក​កេរមរតក​?
 
ចម្លើយ-ក្នុងករណី​គ្មាន​បណ្តាំមរតក ច្បាប់​កំណត់​ថា កេរមរតក​ត្រូវ​ចែក​​​ទៅ​ឲ្យ​សន្តតិជន ដែល​មាន ៣លំដាប់ ៖
ប្រសិន​បើ​មតកជន​មាន​កូន មរតក​ត្រូវ​​បាន​ទៅ​កូន។ បើសិនជា​​មាន​កូន​ណាមួយ​ស្លាប់ ចំណែក​មរតក​​​នោះ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​​កូន​នោះ (ចៅ​របស់​មតកជន) ដែល​គេ​ឲ្យ​ឈ្មោះថា សន្តតិកម្ម​ជំនួស។
ប្រសិនបើ​មតកជន​មិនមាន​កូនសោះ (ចំណុចនេះ​ខុសពីមានកូន​ ​តែ​កូន​ស្លាប់) កេរមរតក​ត្រូវ​បាន​ទៅ​ឪពុកម្តាយ។ ប្រសិន​បើ​គ្មាន​ទាំងកូន ហើយ​ឪពុកម្តាយ​ក៏​ស្លាប់​អស់ទៀត កេរមរតក​ត្រូវបាន​ទៅ​បងប្អូនបង្កើត។
ចំពោះ​សហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់​មតកជនវិញ គឺ​ជា​សន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិត​ក្នុង​លំដាប់ណាមួយ ក្នុង​លំដាប់​សន្តតិជន​ទាំង៣​ខាងលើ ក៏សហព័ទ្ធ​ត្រូវមាន​ចំណែក​ក្នុង​ការទទួល​កេរមរតកដែរ។
ក្នុងករណី​សន្តតិជន​ជាកូន សហព័ទ្ធត្រូវ​ទទួល​បាន​ចំណែក​ស្មើគ្នា​ជាមួយ​នឹង​កូននីមួយៗ។ ក្នុងករណី​មតកជន​គ្មានកូន ហើយ​មរតក​ត្រូវ​ផ្ទេរ​ទៅ​សន្តតិជន​ជា​ឪពុកម្តាយ ទ្រព្យសម្បត្តិ​ត្រូវ​ចែក​ជា​បី​ចំណែក​ស្មើគ្នា ដោយ​១ចំណែកបាន​ទៅ​ឪពុក ១ចំណែក​បានទៅម្តាយ និង​ចំណែក​ទី៣​បាន​ទៅ​សហព័ទ្ធ។ ប្រសិនបើ​មានតែ​ឪពុក ឬមានតែម្តាយ​នៅរស់ សហព័ទ្ធ​ត្រូវបាន​ទ្រព្យ​ពាក់កណ្តាល ហើយ​ពាក់កណ្តាល​ទៀត​បានទៅ​ឪពុក ឬម្តាយ ដែល​នៅរស់នោះ។
ក្នុងករណី​មតកជន​គ្នាន​កូន គ្មាន​ឪពុកម្តាយ​នៅរស់ ហើយ​មរតក​ត្រូវ​ធ្លាក់​ទៅ​បងប្អូនបង្កើត ទ្រព្យសម្បត្តិ​ពាក់កណ្តាល​ត្រូវ​បាន​ទៅ​សហព័ទ្ធ ហើយ​នៅសល់​ពាក់កណ្តាល​ទៀត​ត្រូវយក​ទៅ​ចែក​ជា​ចំណែក​ស្មើៗ​គ្នា​ឲ្យ​ទៅ​ បងប្អូន​បង្កើត​នោះ។
 
សំណួរ-តើ​កូនសុំ មាន​សិទ្ធិ​ទទួល​កេរមរតក​ដែរឬទេ?
 
ចម្លើយ-កូនសុំ​ក៏​មាន​សិទ្ធិ​ទទួល​កេរមរតក​ដូចជា​កូន​បង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និង​ទាំងកូនសុំ ត្រូវ​មាន​ចំណែក​ស្មើៗ​គ្នា (មាត្រា ១១៥៦)។
សំណួរ-ក្នុងករណី​​​កូន ដែល​ត្រូវ​ទទួល​មរតក​ ស្លាប់​ទៅ ហើយ​ត្រូវ​ចែក​បន្ត​ទៅ​ឲ្យ​ចៅ តើ​ចំណែក​​មរតក​ត្រូវ​ចែក​ដូចម្តេច?
 
ចម្លើយ-នេះ គឺ​ជា​ករណី​សន្តតិកម្ម​ជំនួស។ ចំណែក​មរតក​មិន​ត្រូវ​​យក​ទៅ​គិត​ជា​ចំណែក​ស្មើៗ​គ្នា​​ឲ្យ​ចៅ​របស់​មតកជន​ តែម្តងនោះទេ។ គេ​ត្រូវ​គិត​ជា​ពីរ​ដំណាក់។ ទីមួយ ត្រូវ​បែងចែក​​​​ជា​ចំណែក​ស្មើៗ​គ្នា​ទៅ​ឲ្យ​កូនៗ​ជាមុនសិន។ បន្ទាប់​មក ទើប​គេ​យក​ចំណែក​​របស់​កូន​​ដែល​ស្លាប់ ទៅចែក​បន្ត​​ជាចំណែកស្មើៗ​គ្នា​ ឲ្យ​ទៅ​កូនៗ​​គាត់​បន្តទៀត៕

No comments:

Post a Comment