ស្រាប់តែមួយខែ ឬពីរខែ ឬ ១ឆ្នាំ ឬ ២ឆ្នាំ ក្រោយមក លោកអ្នកលេចឮដំណឹងថា អ្នកដែលលោកអ្នកជ្រើសរើសដោយលំបាកនោះ ចង់ឈប់ពីកន្លែងអ្នក ហើយទៅរក កន្លែងថ្មី ដែលជាគូរ ប្រកួតប្រជែងជំនួញក្នុងទីផ្សារផងនោះ។
ក្នុងអត្ថបទនេះ យើងសូម លើកមូលហេតុ ១០យ៉ាង ដែលយើងធ្លាប់សាកសួរ Programmers, IT Expertise ក៏ដូចជា IT Managers ក្នុងអង្គភាព ក្រុមហ៊ុន អង្គការ មួយចំនួន ពីមូលហេតុដែលគេចង់ ផ្លាស់ប្ដូរ កន្លែងការងារ ក៏ដូចជាការសំដែងការសោកស្ដាយ របស់ IT Managers ម្នាក់ៗ នឹងវិធីសាស្ត្ររបស់ថ្នាក់ដឹកនាំ IT ។
១០ចំនុច ខាងក្រោមនេះអាចជួយឲ្យលោកអ្នក ជាអ្នកគ្រប់គ្រង ផ្នែកការអភិវឌ្ឍន៍ កម្មវិធី កុំព្យូទ័រ ឬ អ្នកគ្រប់គ្រង ផ្នែកព័ត៌មានវិទ្យា តែម្ដង ត្រៀមលក្ខណៈកាត់បន្ថយហេតុការណ៍នេះ ៖
1-មិនមានការយកចិត្តទុកដាក់គ្រប់គ្រាន់ដល់ប្រាក់ខែពួកគេ (Poor Pay)
ជាធម្មជាតិ គ្មាននរណាម្នាក់ធ្វើការអស់ពីកម្លាំងកាយចិត្ត បើប្រាក់ខែមិនសមទៅនឹងការងារ នោះទេ ។ ដូច្នេះនៅពេលដែលបុគ្គលិកលោកអ្នកមានអារម្មណ៍ថា គេទទួលបាន ប្រាក់ខែ មិនសម នឹងទីផ្សារការងារនោះ ពួកគេនឹងចាប់ផ្ដើមពិនិត្យមើលលទ្ធភាព រកការងារកន្លែងផ្សេងៗ ជាមួយនឹងតំណែងប្រហាក់ប្រហែលគ្នា តែទទួលបានចំណូលច្រើនជាង។ចូលកុំភ្លេចថាគូប្រកួតប្រជែង ក្នុងជំនួញរបស់លោកអ្នក កំពង់តែរង់ចាំឱកាសនេះ ពីឱកាសដែលបុគ្គលិកលោកអ្នកចាកចេញពីលោកអ្នក ជាពិសេស បុគ្គលិកឯកទេសដូចជា Programmers នេះជាដើម។
ពិតមែនហើយ ប្រហែលជាគេ (IT Engineers) ព្រមទទួលយកប្រាក់ខែដែលលោកអ្នកផ្ដល់ ឲ្យកាលពីប៉ុន្មានឆ្នាំមុន ពេលដែលគេទើបចប់មហាវិទ្យាល័យ។ តែឥឡូវគេមានបទពិសោធន៍ សមត្ថភាពក៏កាន់តែមានជាងមុន ដូច្នេះគេនឹងពិនិត្យមើលពី ប្រាក់បៀវត្សរ៍ដែលគេទទួលបាន ហើយធ្វើការពិចារណាទៅលើទីផ្សារការងារ។
លោកអ្នកខ្លះគិតថា នេះជាការងារខាងផ្នែកធនធានមនុស្ស មិនមែនជាការងាររបស់ខ្ញុំទេ។ តែតាមពិតបើបុគ្គលិកសុំឈប់លោកអ្នកផ្ទាល់ជាអ្នកទទួលខុសត្រូវនៅ ចំពោះ គណៈគ្រប់គ្រងអង្គភាព និងការងារ។ ដូច្នេះលោកអ្នកជាអ្នកដំបូងក្នុងការផ្ដួចផ្ដើមឲ្យមានការ លើកទឹកចិត្តដល់បុគ្គលិក របស់លោកអ្នក។
2- ភាពមិនច្បាស់លាស់របស់អនាគត (An Uncertain Future)
តាមពិតអង្គភាពពាណិជ្ជកម្មស្ទើរតែទាំងអស់ តែងតែមានផែនការសម្រាប់អនុវត្តន៍ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាសជាដើម។ គម្រោងផែនការទាំងអស់នោះ មានសារៈសំខាន់ណាស់សម្រាប់បុគ្គលិករបស់លោកអ្នក។ បើលោកអ្នកព្យាយាមមិនបញ្ចេញព័ត៌មានទាំងនោះទៅឲ្យពួកគេដឹងទេ ប្រាកដណាស់ពួកគេច្បាស់ជាមានការបារម្ភពីអនាគតការងាររបស់ពួកគេ នៅពេលនោះគេនឹងគិតថា តើអង្គភាពដែលគេកំពង់តែធ្វើការជាមួយនោះ ត្រូវការពួកគេ ដែរឬអត់? គេចាប់ផ្ដើមមានអារម្មណ៍គិតវែងឆ្ងាយ ហើយសម្លឹងរកមើលការងារផ្សេងៗ នៅលើ www.bongthom.com www.hrinc.com.kh www.khmer-jobs.com មិនយូរប៉ុន្មានគេនឹងសម្រេចចិត្តចាកចេញពីលោកអ្នក។ ដើម្បីការពារបញ្ហានេះ លោកអ្នកត្រូវធ្វើយ៉ាងណាបញ្ចេញព័ត៌មានណាដែលលោកអ្នកគិតថាមានផល ប៉ះពាល់ដល់ពួកគេ ហើយបង្ហាញវិធីសាស្ត្រការពារពួកគេ ក៏ដូចជាផលប្រយោជន៍ អង្គភាពដែលថ្នាក់គ្រប់គ្រងបានសម្រេច។ជាការពិតណាស់ Programmers របស់លោកអ្នកមិនឆោត ស្ដាប់ហេតុផលរបស់លោកអ្នក ទាំងស្រុងនោះទេ តែយ៉ាងហោចណាស់គេមានអារម្មណ៍ថា លោកអ្នកបាននិយាយការពិតប្រាប់គេ ហើយនៅតែគិតដល់ពួកគេ។
ក្រុមហ៊ុនធំមួយនៅស្រុកខ្មែរមានគម្រោងកាត់ផ្នែកIT ទាំងស្រុងជួលឲ្យក្រុមហ៊ុន ផ្សេងជាអ្នកគ្រប់គ្រង ហើយគេព្យាយាម បិទបាំងព័ត៌មានទាំងនេះ មិនឲ្យបុគ្គលិក IT ដឹង។ មិនយូរមិនឆាប់គេ ឃើញ IT Manager បានលាឈប់ពីតំណែង។ នៅពេលនោះបុគ្គលិក IT ទាំងអស់ ចាប់ផ្ដើមជ្រួលច្របល់ ហើយចាប់ផ្ដើមសួរគ្នាថា តើយើងគួរទៅកន្លែងណា? មិនបានមួយខែផងបុគ្គលិក IT ស្ទើរតែទាំងស្រុងបានសុំឈប់ពីការងារ។ ធ្វើឲ្យគណៈ គ្រប់គ្រងក្រុមហ៊ុន មិនអាចគ្រប់គ្រងស្ថានការណ៍បាន ហើយបង្ខំចិត្តរក្សាទុក IT Department វិញ។ តែទោះបីជាយ៉ាងណាបុគ្គលិកសំខាន់ដូចជា Software Development Manager, Networking Manager, R&D Engineer, Network Engineer បានលាឈប់បាត់ទៅហើយ។ ទោះបីជាក្រុមម៉ៅការផ្នែកនេះទៅឲ្យក្រុមហ៊ុនផ្សេង ក៏គេពិបាក ទទួលដែរ ព្រោះអ្នកឯកទេសសំខាន់ៗមិនបានផ្ទេរការងារ តាមលំដាប់លំដោយ។ ហើយបើនឹងរើស បុគ្គលិកថ្មី ក៏ពិបាកនឹងយល់ការងារដែលបានដំណើរការរាប់ឆ្នាំមកហើយដែរ។
3-អ្នកដឹកនាំដែលនិយមហិង្សា (A tyrannical manager)
មានអ្នកដឹកនាំមួយចំនួនប្រកាន់អាកប្បកិរិយា ប៉ះដៃយកដៃ ប៉ះជើងយកជើង។ ហើយពេលខ្លះ មានភាពតឹងរ៉ឹងនៅចំណុចដែលមិនត្រូវ តឹងរ៉ឹងរហូតដល់ពេលខ្លះមិនសូវទាំងទុកចិត្ត ដល់បុគ្គលិក ដែលមិនសូវនិយាយស្ដី ឬមិនចេះអែបអបទៀត។អាកប្បកិរិយាទាំងនេះ ធ្វើឲ្យបុគ្គលិកបាក់ទឹកចិត្ត ហើយធ្វើឲ្យគេមានអារម្មណ៍ថា គេ មិនបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់គេ។ លោកអ្នកត្រូវចាំថា ទោះបីអ្នកនោះជាបុគ្គលិកចាស់ក្ដីថ្មីក្ដី គឺគេត្រូវការការយកចិត្តទុកដាក់ និងការទុកចិត្តពីថ្នាក់ដឹកនាំរបស់គេ។ មានពាក្យមួយឃ្លាសម្រាប់ ថ្នាក់ដឹកនាំគឺថា "ត្រូវស្ដីបន្ទោសដល់បុគ្គលិករបស់លោកអ្នក នៅកន្លែងសំងាត់ ហើយសរសើរពួកគេនៅទីសាធារណៈ"។
មានអ្នកគ្រប់គ្រងខ្លះមិនចេះពីររបៀបធ្វើការសម្រេចចិត្ត ផ្នែកបច្ចេកទេស ដើម្បីឲ្យត្រូវនឹងតម្រូវ ការ របស់អង្គភាពក្នុងផ្លូវដែលបុគ្គលិកបច្ចេកទេស អាចទទួលយកបានហើយធ្វើឲ្យពួក គេ មានអារម្មណ៍ថា ពួកគេត្រូវបានគេឲ្យតម្លៃ។ នៅពេលដែលបុគ្គលិកផ្នែកបច្ចេកទេស មានអារម្មណ៍ គេត្រូវបានមើលរំលង ក្នុងគម្រោងណាមួយ គេនឹងពិចារណាពីតម្លៃរបស់ពួកគេក្នុងអង្គភាព ហើយមិនយូរមិនឆាប់ គេនឹងសម្រេចចិត្តចេញពីលោកអ្នក។
យើងធ្លាប់ឮបុគ្គលិក IT ភាគច្រើនត្អូញត្អែរថា ពេលណាដែលពួកគេធ្វើខុស គេទទួលខុសត្រូវ តែបើធ្វើត្រូវមេរបស់គេជាអ្នកទទួលវិញ។ ឬថា ធ្វើខុសស្ដីឲ្យ ធ្វើត្រូវមិនដែលសរសើរ។
ចូរកុំភ្លេចថាអ្នកបច្ចេកទេស IT របស់លោកអ្នកជាអ្នកយល់ពីស្ថានភាព IT ជាងលោកអ្នក។ ពួកគេអាចធ្វើការកែតម្រូវ នូវការសម្រេចចិត្តផ្នែកបច្ចេកទេសរបស់ថ្នាក់ដឹកនាំដើម្បីតម្រូវនូវ ស្ថានការណ៍ ពិតប្រាកដនៃផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលអង្គភាពកំពុងប្រើប្រាស់។ លោកអ្នកប្រហែលជាអាចប្រាប់គេថា យោបល់របស់ពួកគេនឹងត្រូវលើកយកទៅពិចារណា ហើយបើលទ្ធផលមានភាពអវិជ្ជមាន ឬយ៉ាងណានោះ មិនមែនជាការទទួលខុសត្រូវរបស់ពួកគេនោះទេ។
ជាទូទៅក្នុងនាមជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាព័ត៌មានម្នាក់ លោកអ្នកគួរតែមានទស្សនៈថា បើជោគជ័យ នោះជាជោគជ័យរបស់ក្រុមលោកអ្នក បើបរាជ័យនោះជាកំហុសរបស់អ្នកតែម្នាក់ឯង។ ចូរចាំថាបើលោកអ្នកលាឈប់ពីតំណែង ឬត្រូវបានគេដកចេញពីតំណែងពីប្រធានផ្នែក ITនោះផ្នែក ITនៅតែដំណើរការដដែល គ្រាន់តែប្រសិទ្ធភាពការងារធ្លាក់ចុះតែប៉ុណ្ណោះ តែបើបុគ្គលិក ITទាំងអស់ ឈប់តែម្ដងផ្នែក ITមិនអាចដំណើរការតែម្ដង ហើយក៏ជាហាយនភាពរបស់ក្រុមហ៊ុន។
4-នយោបាយក្នុងអង្គភាព (Office Politics)
អ្នកបច្ចេកទេសព័ត៌មានវិទ្យា ជាក្រុមដែលមិនសូវចូលចិត្ត ដឹងរឿងនយោបាយក្នុង ក្រុមហ៊ុននោះទេ។ អ្វីដែលគេចង់បាន គឺថាមកធ្វើការនៅការិយាល័យជារៀងរាល់ថ្ងៃ ហើយបំពេញ ការងារដែលគេចូលចិត្តឲ្យបានល្អ អាចទុកពេលវេលាខ្លះសម្រាប់ឲ្យពួកគេរៀនពីអ្វីដែលថ្មីក្នុង បច្ចេកវិទ្យា ហើយចូលចិត្តធ្វើការងារដែលថ្មីមិនដដែលៗ។ ទាក់ទងទៅនឹងកម្រិតនៃថវិកា ការបន្ទោសគ្នាទៅវិញទៅមក នៅពេលដែលគម្រោងអ្វីមួយទទួលបរាជ័យ ឬទទួលខុសត្រូវនូវអ្វីដែលមិនមែនជា ភារកិច្ចរបស់ពួកគេ ធ្វើឲ្យគេមានអារម្មណ៍កាន់តែធុញថប់ខ្លាំងឡើងៗ។ក្នុងនាមលោកអ្នកជាថ្នាក់ដឹកនាំគេផ្ទាល់ លោកអ្នកគួរតែធ្វើយ៉ាងណា ឲ្យគេមានអារម្មណ៍ថា នៅពេលដែលគេមានបញ្ហាលោកអ្នកជាអ្នកដោះស្រាយឲ្យពួកគេ។ ពួកគេដឹងតែពីធ្វើការងាររបស់ ពួកគេតែប៉ុណ្ណោះ ពួកគេនឹងសប្បាយចិត្តធ្វើការ ហើយការងារក៏កាន់តែមានប្រសិទ្ធភាព បើពួកគេដឹងថា ថ្នាក់ដឹកនាំរបស់ពួកគេ ទទួលរ៉ាប់រងគ្រប់បញ្ហាដែលទាក់ទងការងាររបស់ពួកគេ។
5-តុល្យភាពនៃជីវិត និងការងារ (Work/Life balance)
ចំណុចមួយដែលអ្នកបច្ចេកទេសខាងបច្ចេកវិទ្យាព័ត៌មាន តែងតែជួបប្រទះ គឺពួកគេតែងតែធ្វើ ការហួស ឬខុសម៉ោងធ្វើការ។ យើងតែងតែឮពាក្យត្អូញត្អែរពីក្រុមគ្រួសារ អ្នកបច្ចេកទេសព័ត៌មានថា ស្វាមីឬសង្សាររបស់ពួកគេ មិនមានពេលវេលា គ្រប់គ្រាន់សម្រាប់គេ និងក្រុមគ្រួសារ។ ជាការពិតណាស់ សម្ពាធពីក្រុមគ្រួសារ និងពីការងារអាចធ្វើឲ្យបុគ្គលិកលោកអ្នកលាឈប់ពីការងារ។ដូច្នេះក្នុងនាមលោកអ្នកជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាព័ត៌មាន ម្នាក់ ត្រូវតែគិតគូរដល់តុល្យភាព ការងារ និងជីវិតឯកជនរបស់ពួកគេ។
បើសិនជាធ្វើទៅរួច (មិនមែនងាយទេ) លោកអ្នកត្រូវបែងចែកការងារឲ្យមានតុល្យភាពរវាង បុគ្គលិករបស់លោកអ្នក ត្រូវឲ្យបុគ្គលិកលោកអ្នកមានពេលវេលាសម្រាកគ្រប់គ្រាន់ ទៅតាមច្បាប់ ដែលបានកំណត់។
6-សំណល់ការងារ (Stale Jobs)
លោកអ្នកត្រូវដឹងពីធម្មជាតិភាព របស់បុគ្គលិកលោកអ្នកម្នាក់ៗ។ អ្នកខ្លះមិនចូលចិត្តធ្វើការ សល់ពីអ្នកដទៃទេ ហើយក៏មិនចូលចិត្តធ្វើការងារណាដែលស្រួលៗ ដែលមិនមានឱកាសឲ្យគេរៀនពីអ្វីៗដែលថ្មីនោះដែរ។ដូច្នេះលោកអ្នកត្រូវចំណាយពេលវេលាមួយចំនួន ដើម្បីសង្កេតមើលបុគ្គលិកភាព របស់បុគ្គលិកម្នាក់ៗ នៅពេលធ្វើការ ហើយស្វែងយល់ថា តើការងារដែលលោកអ្នកដាក់ឲ្យ ធ្វើជាការលំបាកពេក ដែលអាចធ្វើឲ្យគេមានអារម្មណ៍ថាលោកអ្នកធ្វើបាបគេ ឬស្រួលពេកដែលអាចធ្វើ ឲ្យគេមានអារម្មណ៍ថាមើលងាយគេ។
7-ការងារប្រថុចញ៉ុច (Stalled Project)
ពិតណាស់លោកអ្នកជាអ្នកដឹកនាំ គឺជាអ្នកគ្រប់គ្រងគម្រោងការងារ។ ពេលខ្លះដើម្បីតម្រូវចិត្តថ្នាក់ ដឹកនាំ ឬអតិថិជន លោកអ្នកត្រូវបង្ខំចិត្ត បង្ខំបុគ្គលិកលោកអ្នកឲ្យទទួលបញ្ចប់ការងារនេះ ដែលហាក់បីដូចជាលោកអ្នកទម្លាក់ទំនួលខុសត្រូវទៅឲ្យពួកគេ។ នេះជាសម្ពាធការងារមួយ យ៉ាងធ្ងន់ ដែលយើងធ្លាប់ឮអ្នកអនុវត្តន៍គម្រោងការងារ បច្ចេកវិទ្យាត្អូញត្អែរថា ថ្នាក់ដឹកនាំរបស់គេយកតែរួចខ្លួន ហើយទម្លាក់ការងារឲ្យគេ។មានបុគ្គលិកចំនួនតិចណាស់ដែលនៅធ្វើការងារនេះ ភាគច្រើន គឺគេសម្រេចចិត្តលាលែងពី ការងារនោះ។ សម្រាប់ការងារប្រថុចញ៉ុចរបៀបនេះ មានភាគតិចណាស់ដែលទទួលជោគជ័យ។ ដូច្នេះគួរតែជៀសវាងបើអាចទៅរួច តែបើមិនអាចជៀសរួចទេ លោកអ្នកត្រូវតែបន្ថែមធនធាន ឬបុគ្គលិកថែមទៀត ដោយមិនត្រូវទម្លាក់លើបុគ្គលិករបស់លោកអ្នក នៅពេលដែលលោកអ្នកដឹងថាមិនអាចទៅរួច ហើយជាការចាំបាច់ណាស់ ដែលលោកអ្នកត្រូវនៅជាមួយពួកគេសម្រាប់ការ ប្រថុចញ៉ុច របៀបនេះ។
8-ខ្វះការទទួលស្គាល់លទ្ធផលការងារ (Lack of Recognition)
ដូចបាននិយាយខាងដើមហើយ ការទទួលស្គាល់សមត្ថភាពបុគ្គលិករបស់លោកអ្នក ជាការ សំខាន់ ក្នុងនាមលោកអ្នកជាថ្នាក់ដឹកនាំម្នាក់។ ការទទួលស្គាល់សមត្ថភាពបុគ្គលិករបស់លោកអ្នក គឺអាចធ្វើតាមការផ្ដល់ទំនុកចិត្ត លើការសម្រេចចិត្តចំពោះការអនុវត្តន៍ បច្ចេកទេសណែនាំបុគ្គលិកថ្មី ឲ្យទទួលយកយោបល់ ក្នុងនាមគេជារៀមច្បងជាដើម។ ទទួលយកបញ្ហាដែលគេមានមក ដោះស្រាយជាចម្បង។ល។បើគេមើលឃើញថា តម្លៃការងាររបស់គេត្រូវបានមើលរំលង មិនយូរមិនឆាប់ លោកអ្នកនឹង លែងឃើញគេ នៅក្នុងការិយាល័យការងាររបស់លោកអ្នក។
9-បរិស្ថានការងារមិនសូវល្អ (Poor work environment)
បរិស្ថានការងារខ្លះ មិនអំណោយផលដល់អ្នកធ្វើការផ្នែកបច្ចេកវិទ្យាព័ត៌មាននោះទេ។ ដូចជា គ្រឿងតុបតែងការិយាល័យជាដើម។ ពេលខ្លះគេអាចធ្វើការប្រៀបធៀបរវាងការិយាល័យធ្វើការរបស់ពួកគេ និងការិយាល័យរបស់មិត្តភ័ក្ដិគេ ហើយអាចធ្វើការពិចារណាពីលទ្ធភាព ដែលអាចឲ្យគេ ធ្វើការផ្លាស់ប្ដូរការងារថ្មី។លោកអ្នកត្រូវតែធ្វើយ៉ាងណា តាមសមត្ថភាពដែលអាចធ្វើទៅបាន កែច្នៃបរិស្ថាន និង បរិយាកាសការងារ ដែលអាចធ្វើឲ្យលោកអ្នកផ្ទាល់ មានអារម្មណ៍ធ្វើការហើយបុគ្គលិកលោកអ្នកក៏អាច គិតដល់លោកអ្នកដែល។
នេះមិនមែនជាការងារចាំបាច់ទេ តែជាចំណុចមួយក្នុងចំណោមចំណុចជាច្រើន នៃមូលហេតុ ដែលអាចនាំឲ្យបុគ្គលិកលោកអ្នកចង់ចេញពីលោកអ្នក។
10-រឿងផ្សេងៗទៀតដែលហួសពីសមត្ថភាពលោកអ្នក (Things Outside of your control)
ចំណុចទី 10 នេះ គឺយើងលើកយកចំណុចផ្សេងៗ ដែលលោកអ្នកមិនអាចគ្រប់គ្រង ឬឆ្លើយតប បានដោយវាហួសសមត្ថភាព ឬព្រំដែនដែលលោកអ្នកអាចធ្វើទៅបាន។បើទាំង 9 ករណីខាងលើមិនមែនជាមូលហេតុ ដែលធ្វើឲ្យបុគ្គលិករបស់លោកអ្នកលាឈប់ពី លោកអ្នកនោះទេ មិនមែនជាកំហុសរបស់លោកអ្នកនោះទេ។ នេះសបញ្ជាក់ថាគេលាចេញពីលោកអ្នក មិនមែនជាមូលហេតុដែលគេមិនពេញចិត្តនឹងការងារដែលគេកំពុងធ្វើការ នេះទេ។តែអាចជាមូលហេតុ ផ្ទាល់ខ្លួន។ ដូចជាគេត្រូវបង្កើតមុខជំនួញ ផ្ទាល់ខ្លួនជាដើម។តែទោះបីជាយ៉ាងណា ទោះបីជាគេសម្រេចចិត្តលាឈប់ពីលោកអ្នក ហើយការពន្យល់របស់លោកអ្នក មិនអាចធ្វើឲ្យគេប្ដូរចិត្តវិញទេ លោកអ្នកត្រូវរៀបចំធ្វើយ៉ាងណាឲ្យការចាកចេញរបស់គេប្រកបដោយសន្តិភាព ហើយឧស្សាហ៍ ទំនាក់ទំនងជាមួយគេជាប្រចាំ ក្រែងមានការងារខ្លះលោកអ្នកនៅតែពឹងពាក់គេ ឬក៏ត្រូវការពឹងពាក់អ្នកជាដើម៕
No comments:
Post a Comment