Sunday, December 22, 2013

20 ចំណុច​សំខាន់ៗ​របស់​មនុស្ស​ឆ្លាត

   នៅ​ក្នុង​ពិភព​នៃ​ការ​ប្រកួតប្រជែង សព្វថ្ងៃ​នេះ​ដើម្បី​រស់នៅ​ឲ្យបាន​សមរម្យ​ដូច​អ្នកដទៃ គឺ​ទាមទារ​ឲ្យ​យើង​ម្នាក់ៗ មាន​ភាព​ឆ្លាតវៃ។ មិន​ថា​អ្នក​ត្រូវ​ឆ្លាត​ដោយ​វិធី​ណា​ទេ ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ចំណុច​ខ្លះ ដែល​ធ្វើ​ឲ្យ​កាន់តែ​ឆ្លាតវៃ​បាន។ ខាងក្រោម​នេះ ជា​លក្ខណៈ​សម្បត្តិ របស់​មនុស្ស​ឆ្លាតវៃ។ បន្ទាប់​ពី​អ្នក​បាន​អាន ចំណុច​សំខាន់ៗ ទាំងនេះ​រួច លោកអ្នក​គួរ សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​មាន​ការ​ឆ្លាតវៃ​កម្រិត​ណា​នៅ​ក្នុង​ចំនុច​នីមួយៗ ? តើ​ត្រូវ​បង្កើន​ភាព​ឆ្លាតវៃ តាម​របៀប​ណា​ខ្លះ?

1. មនុស្ស​ឆ្លាតវៃ ត្រូវ​ចេះ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា ប្រកប​ដោយ​វិចារណញ្ញាណ

    អ្នក​ឆ្លាតវៃ​តែងតែ​ស្ដាប់ និង​ធ្វើ​អ្វីៗ តាម​ការ​គិត​ពិចារណា របស់​ពួកគេ ប្រកប​ដោយ​ភាព​ច្បាស់លាស់ និង​ការ​ទទួល​ខុសត្រូវ។ ពួក​គេ​យល់ដឹង ពី​អារម្មណ៍ និង​ស្គាល់​ច្បាស់ ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដែល​កំពុង​រត់ មក​រក​ពួកគេ ហើយ​ប្រែក្លាយ មជ្ឈដ្ឋាន​ក្នុង​ខ្លួន របស់​ពួកគេ​ទៅ​ជា ការ​សម្រេច​ចិត្ត ប្រកប​ដោយ​គតិបណ្ឌិត។

2. មនុស្ស​ឆ្លាត​ត្រូវ​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ

   អ្នក​ដែល​ឆ្លាតវៃ​ច្រើន ត្រូវ​តែ​ដឹង​ថា ខ្លួន​ជា​នរណា? ហើយ​ត្រូវ​ប្រាកដ​ថា ខ្លួន​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អ្វីខ្លះ? អ្វីខ្លះ​ជា​បុគ្គលិក​លក្ខណៈ និង​តម្លៃ​ដែល​ខ្លួន​កំពុងតែ​មាន? សម​ដូច​ពាក្យ​មួយ​ឃ្លា​របស់ ខុង ជឺ បាន​ពោល​ថា មនុស្ស​ដែល​ស្គាល់​អ្នក​ដទៃ​ច្បាស់ ជា​មនុស្ស​ឆ្លាត មនុស្ស​ដែល​ស្គាល់ ខ្លួនឯង​ច្បាស់​ជា​មនុស្ស ភ្លឺ​ថ្លា ឬ​ជា​មនុស្ស ដែល​ប្រកបដោយ បារមី​ខ្ពស់​ក្រៃលែង។ ពោល​គឺ ពួកគេ​ដឹង​ច្បាស់​ដោយខ្លួនឯង​ថា អ្វី​ដែល​សំខាន់ និង​មាន​ចំណាប់​អារម្មណ៍​បំផុត ដែល​គេ​ត្រូវ​ដឹង​គឺ (ខ្លួនឯង)។

3. មនុស្ស​ឆ្លាត​គឺ មាន​សេចក្ដី​ក្លាហាន ចេះ​កែ​តម្រូវ ស្ថានការណ៍​ឲ្យ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការរៀនសូត្រ ពី​បទពិសោធន៍​អតីតកាល និង​ចេះ​បត់បែន តាម​ស្ថានភាព​ជាក់ស្ដែង របស់​សង្គម

    អ្នក​ដែល​ឆ្លាតវៃ​គឺ ហ៊ាន​ប្រឈម​មុខ ទៅ​នឹង​ស្ថានការណ៍ ដែល​កំពុង​កើត​មាន​ឡើង និង​ចេះ​រៀន​សូត្រ ពី​បទពិសោធន៍​អតីតកាល តាម​រយៈ​ការ​រក​ឲ្យ​ឃើញ ថា​តើ​អ្វី​ដែល​អាន​ទៅ​រួច និង​អ្វី​ដែល​មិន​អាច​ទៅ​រួច បន្ទាប់​មក​ទៀត​គឺ គេ​ចេះ សម្រប​ខ្លួន​ទៅ​តាម​ភាព​ចាំបាច់ នៃ​ហេតុការណ៍​នីមួយៗ។ ពួកគេ​ធ្វើការ​ពិចារណា​ជា​មុន មុន​នឹង​ធ្វើអ្វី​មួយ។ ពួកគេ​រៀបចំ​គម្រោង​រួចរាល់​ហើយ ទើប​ធ្វើការ​អនុវត្ត​ជា​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​ក៏​ចំណាយ​ពេល​វេលា​ផង​ដែរ ទៅ​លើ​ការ​គិត​ពិចារណា រក​ហេតុផល​ឲ្យ​ឃើញ កាន់តែ​ច្បាស់​ពី​អ្វី​ដែល​បាន កំពុង នឹង​កើត​ឡើង ។

4. មនុស្ស​ឆ្លាត​គឺ មាន​ចិត្ត​ទូលាយ និង​ចេះ​គិត​ប្រយោជន៍​រួម​ជា​ធំ ពោល​គឺ គេ​មិនមែន​ជា​ប្រភេទ​មនុស្ស​អាត្មានិយម

    គេ​មិន​មាន​គំនិត​ចង្អៀតចង្អល់​ចំពោះ​អ្នកដទៃ (មនុស្ស​ឆ្លាតវៃ រីករាយ​ជានិច្ច​ក្នុង​ការ​ទទួល​យក​នូវ គំនិត​ថ្មីៗ ការ​ពិចារណា​និង​វិធីសាស្ត្រ​នៃ​ការ​ធ្វើអ្វី​មួយ ។ ពួកគេ​ចង់​ទទួល​យក​ឬ​ត្រូវការ ការ​ប្រែប្រួល​ដើម្បី​ឆ្ពោះ​ទៅ ការ​គិត​ពិចារណា​លើ ព័ត៌មាន គំនិត និង​យោបល់​អំពី​មនុស្ស។ ពួក​គេ​តែងតែ​ពាំនាំ មក​នូវ​គំនិត​ថ្មីៗ គំនិត​កែប្រែ គំនិត​អភិវឌ្ឍន៍​ដោយ​ឈរ លើ​មូលដ្ឋានគ្រឹះ​យ៉ាង​ជាក់លាក់។

5. មនុស្ស​ឆ្លាត​គឺ ចេះ​បើក​ចំហ​ចិត្ត​គំនិត​ខ្លួនឯង បាន​ទូលំទូលាយ

    មនុស្ស​ឆ្លាតវៃ មាន​ការ​បើក​ចិត្ត​គំនិត បាន​ទូលំទូលាយ​លើ​សមត្ថភាព គិត​ពី​បញ្ហា និង​សម្រេច​ចិត្ត ដោយ​មាន​ហេតុផល ហើយ​គេ​អាច​រក​ឃើញ​ពី​អ្វី ដែល​មនុស្ស​ទូទៅ ភាគ​ច្រើន​គេ​ខ្វះ​ចន្លោះ ។ ពួកគេ​នឹង​ឯកភាព​លើ​ពាក្យ​មួយ​ឃ្លា ដែល​បាន​ពោល​មក​ថា "ចិត្ត​គំនិត​មនុស្ស​ប្រៀប​បាន នឹង​ឆត្រយោង​ដូច្នោះ​ដែរ" គឺ វា​ធ្វើការ​នៅ​ពេល ដែល​វា​បើកចំហ​តែប៉ុណ្ណោះ។ ពួកគេ​មាន​ភាព​ងាយស្រួល ទៅ​នឹង​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ហើយ​អាច​ទាក់ទិន​ទៅ​នឹង​បញ្ហា មតិ​យោបល់​លើ​ផ្នែក​ផ្សេងៗ ជា​ច្រើន។

6. មនុស្ស​ឆ្លាត​គឺ មាន​ទំនួល​ខុសត្រូវ​ខ្ពស់

    មនុស្ស​ឆ្លាតវៃ​គឺ ចេះ​ទទួល​ស្គាល់ និង​ទទួល​ខុសត្រូវ​យ៉ាង​រហ័ស ទៅ​លើ​ឱកាស និង​មហាជន។ ពួក​គេ​ប្រតិបត្តិ និង​មាន​ប្រតិកម្ម​ឆ្លើយតប បាន​ឆាប់រហ័ស ប្រកប​ដោយ​ការ​ប្រយ័ត្ន​ប្រយែង ទៅ​លើ​អ្វី​ដែល​ចាំបាច់ ក្នុង​ការ​ថែរក្សា និង​ការ​រៀបចំ​ផែនការ ដ៏​ច្បាស់​លាស់។

7. មនុស្ស​ឆ្លាត​គឺ ជា​អ្នក​ដែល​ប្រកប​ទៅ​ដោយ ធនធាន​សំបូរ​បែប

    មនុស្ស​ឆ្លាតវៃ មិន​ចាំបាច់​ដឹង​នូវ​រាល់​អ្វីៗ​ទាំងអស់​នោះ​ទេ គឺ គេ​គ្រាន់តែ​ដឹង​ត្រឹមតែ​ថា ទី​ណា​ដែល​ត្រូវ​ទៅ ទីណា​ដែល​ត្រូវ​ទាក់ទង​ដើម្បី​ទទួល​បាន​ព័ត៌មាន គំនិត ធនធាន ការ​បណ្ដុះ​បណ្ដាល ឬ​ការ​អប់រំ ដែល​ពួកគេ​ត្រូវការ។ ពួកគេ​មាន​ទំនាក់ទំនង​ល្អ និង​មាន​មនុស្ស​រង់ចាំ​ផ្ដល់​ព័ត៌មាន​ទាំងអស់។

8. មនុស្ស​ឆ្លាត​គឺ ដឹង​ច្បាស់​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ

    មនុស្ស​ឆ្លាតវៃ​គឺ គេ​ផ្ដោត​តែ​ពី​ខ្លួន​គេ​ផ្ទាល់ ពួកគេ​មិន​ស្រពិចស្រពិល​លើ​វត្ថុ​ទាំងឡាយ​ដែល​ខ្លួន​ត្រូវ​ធ្វើ​នោះ​ទេ មាន​ន័យ​ថា ពួកគេ​ដឹង​នូវ​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​ត្រូវ​អនុវត្ត។ ពួកគេ​ច្រើន​តែ​ពិចារណា ចោទ​សួរ ស្វែង រក​ចម្លើយ ដំណោះស្រាយ ឬ​ស្វែងរក​ការ​ពិត​អ្វី​មួយ​ដោយខ្លួនឯង​ប្រកប​ដោយ​ភាព​ច្បាស់លាស់។

9. មនុស្ស​ឆ្លាត​គឺ មាន​គំនិត​ទូទៅ​ច្រើន

    មនុស្ស​ឆ្លាតវៃ​គឺ នៅ​តែ​ឆ្លាតវៃ ពី​ព្រោះ​ថា ពួកគេ​មាន​សេចក្ដី​ប្ដេជ្ញា​ចិត្ត​ថា នឹង​រៀន​សូត្រ​នូវ​អ្វីៗ​ដែល​ថ្មី ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន ហើយ​រក្សា​នូវ​អ្វី​ដែល​ខ្លួន​មាន​បាន​ល្អ ដូចជា ជំនាញ ឥរិយាបថ និង​តែង​តែ​មាន ជំនឿ​ចិត្ត​ឬ​គំនិត​វិជ្ជមាន​ពេញ​មួយ​ជីវិត​របស់​ពួកគេ។

10. មនុស្ស​ឆ្លាត​គឺ ចេះ​ស្វែងរក​ឬ​ចេះ​បង្កើត ភាព​សប្បាយ​រីករាយ ការ​កម្សាន្ត​អារម្មណ៍ ប្រកប​ដោយ​សីលធម៌ សម្រាប់​ខ្លួនឯង និង​អ្នកដទៃ

    មនុស្ស​ឆ្លាតវៃ​គឺ គេ​មិន​បណ្ដោយ ឲ្យ​ជីវិត​របស់​គេ មាន​ភាព​ស្មុគស្មាញ​ឡើយ។ ពួកគេ​ស្គាល់ នូវ​សារ​សំខាន់ នៃ​ភាព​សប្បាយ​រីករាយ ប្រកបដោយ​សីលធម៌ តាមរយៈ ការ​និយាយ​រឿង​កំប្លែង និង​រឿង​សប្បាយ​ផ្សេងៗ ដែល​មាន​នៅ​ក្នុង ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ។

11. មនុស្ស​ឆ្លាត​គឺ ជា​មនុស្ស​ដែល​ហ៊ាន ធ្វើការ​ប្រថុយប្រថាន និង​ចេះ​តស៊ូ ធ្វើ​រាល់​កិច្ចការ ដែល​ខ្លួន​ត្រូវ​បំពេញ ឬ​ការងារ​ដែល​ខ្លួន​ពេញចិត្ត នឹង​ធ្វើ

    មនុស្ស​ឆ្លាតវៃ​គឺ តែង​ប្ដេជ្ញា​ចិត្ត​ស្វែងរក​អ្វីៗ​ដែល​ថ្មី បើ​ទោះបី​គេ​ដឹង​ថា របស់​ដែល​ខ្លួន​ត្រូវការ​នោះ មិន​បាន​ដំណើរការ ដូច​អ្វី​ដែល​ខ្លួន​គេ​បាន​ប៉ង​ទុក ពី​មុន​មក​ក៏​ដោយ។ ព្រោះ​គេ​យល់ថា ភាព​បរាជ័យ​តែង​លាក់​ទុក​នូវ​ការ​សិក្សា​ជានិច្ច។ ពួក​គេ​តែង​មាន​ក្តី​សង្ឃឹម​ថា ក្រោយ​ពី​ខ្លួន​បាន​សិក្សា មេរៀន​បរាជ័យ​រួច​មក ពួកគេ​នឹង​ពិតជា​អាច កាត់​បន្ថយ​នូវ​ភាព​គ្រោះថ្នាក់ ដោយ​ទទួល​បាន​ភាព​ជោគជ័យ ត្រលប់​មក​វិញ។

12. មនុស្ស​ឆ្លាត​គឺ មាន​ជំនឿ​ជាក់ ទំនុក​ចិត្ត​លើ​ខ្លួនឯង​បំផុត

    មនុស្ស​ឆ្លាតវៃ​គឺ មាន​ជំនឿ​ជាក់ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ជាទីបំផុត។ ពួកគេ​មិន​ចាំបាច់ ធ្វើការ​វិនិច្ឆ័យ​ជា​អ្នកដទៃ លើ​ការ​សម្រេចចិត្ត ណាមួយ​នោះ​ទេ។ ពេល​ពួកគេ​ដឹង​ថា អ្វី​ដែល​ត្រឹមត្រូវ សម្រាប់​ពួក​គេ នោះ​ពួក គេ​នឹង​ធ្វើ។

13. មនុស្ស​ឆ្លាត​ចេះ ប្រើប្រាស់​ទិនានុលេខន៍ និង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួន

    មនុស្ស​ឆ្លាតវៃ​គឺ យុទ្ធសាស្ត្រ​ក្នុង​ការ អភិវឌ្ឍ​ជីវិត​ពួកគេ យ៉ាង​ល្អ​បំផុត ដែល​មាន​រួម​បញ្ចូល ទាំង​ការ​សរសេរ បេសកកម្ម​គោលបំណង ក្នុង​ជីវិត​និង​គោលដៅ​ផ្សេងៗ​ទៀត។ មិនតែប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​ចេះ​បែងចែក តារាង​ដាច់​ពី​គ្នា​រវាង​អ្វី ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​ចង់​ធ្វើ​ដាច់​ដោយ​ឡែក ពី​គ្នា​ទៀត​ផង។

14. មនុស្ស​ឆ្លាត​ជា មនុស្ស​ដែល​ចេះ​ធ្វើ​ការងារ ប្រកប​ដោយ​ប្រសិទ្ធភាព

    មនុស្ស​ឆ្លាតវៃ​គឺ ធ្វើ​អ្វីៗ​បាន​ដោយ​ជោគជ័យ ទៅ​តាម​កាល​វេលា​ដែល​ខ្លួន​បាន​កំណត់ ឬ​គេ​បាន​ដាក់​ចុះ។ ពួកគេ​ចំណាយ​ពេល ស្ទើរតែ​ពេញ​មួយ​ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព ទៅ​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​នីមួយៗ ជា​រៀងរាល់​ថ្ងៃ។

15. មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ស្គាល់​ខុស ស្គាល់​ត្រូវ យល់​ច្បាស់​ពី​ហេតុផល និង​ចំណង់​ចំណូល​ចិត្ត អ្នក​ដទៃ

    មនុស្ស​ឆ្លាតវៃ មាន​សមត្ថភាព​យល់​ដឹង​ពី ហេតុផល និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក បាន​យ៉ាង​ច្បាស់លាស់។ ដូច្នេះ​ហើយ ពួកគេ​បាន​ចាត់ចែង និង​ចេះ​ជ្រើសរើស​អ្វី ដែល​សក្ដិសម​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ នៅ​ជុំវិញ​ខ្លួន​គេ​គឺ មាន​សុទ្ធ​តែ​មនុស្ស កម្មវិធី និង​ទីកន្លែង ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​បំផុត តែ​ប៉ុណ្ណោះ។

16. មនុស្ស​ឆ្លាត​គឺ ជា​មនុស្ស​ដែល​ស្រលាញ់​ការ​អាន​បំផុត

    មនុស្ស​ឆ្លាតវៃ​គឺ ចេះ​គំនិត​អ្នក​ដទៃ មក​ប្រើប្រាស់ តាម​រយៈ​អាន​ដូចជា៖ សៀវភៅ ខិត្តប័ណ្ណ ព្រឹត្តិបត្រ អត្ថបទ សំបុត្រ ផ្ទាំង​បដា សេចក្ដីប្រកាស កាសែត...ល។ និង​អ្វីៗ​ផ្សេង​ទៀត ដែល​មាន​ប្រយោជន៍ ដល់​ការ​អភិវឌ្ឍ​ខ្លួន​គេ បាន​កាន់តែ​ច្រើន​ជាង​មុន។ លើស​ពី​នេះ​ទៅទៀត ពួកគេ​អាច​ដកស្រង់ យក​ព័ត៌មាន​ណា ដែល​សក្ដិសម​នឹង​ពួក​គេ មក​ប្រើប្រាស់​បាន​ល្អ​ថែម​ទៀត​ផង។

17. មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ចេះ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅ​លើ​ការ​រៀនសូត្រ

    មនុស្ស​ឆ្លាតវៃ​គឺ តែងតែ​បន្ត​ការ​រៀន​សូត្រ​របស់​ខ្លួន ពេញ​មួយ​ជីវិត។ ពួកគេ​ខិតខំ​រៀន​សូត្រ​ជានិច្ច លើ​គ្រប់​វិស័យ​តាម​មធ្យោបាយ ច្រើន​យ៉ាង​ដោយ​ពុំ​រើស​មុខ រើស​ទី​កន្លែង ពេលវេលា មិន​ថា​ជា​ការ​រៀន​សូត្រ​ក្រៅ​សាលា ក្នុង​សាលា ក្នុង​ផ្លូវការ ក្រៅផ្លូវការ ឬ​ជា​ប្រភេទ​ការ​រៀន​សូត្រ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់ ការងារ​តូច​ធំ​អ្វី​ឡើយ។ ឲ្យ​តែ​មាន​ឱកាស​ពេល​ណា គឺ​ពួកគេ​ឆ្លៀត​រៀន​សូត្រ​ភ្លាម។ មនុស្ស​ឆ្លាតវៃ​គឺ តែងតែ​ផ្ដល់​ចំណាត់​ថ្នាក់ ការ​រៀន​សូត្រ​ឲ្យ​នៅ​ក្នុង លំដាប់​សំខាន់​ទី​មួយ​ជានិច្ច។ ការ​រៀន​សូត្រ​របស់​មនុស្ស​ឆ្លាតវៃ​គឺ មិន​ប្រកាន់​កម្រិត​អាយុ​ឡើយ។ ពួកគេ​តែងតែ​ខិតខំ​រៀន តាំងតែ​ពី​ក្មេង​វ័យ​រហូត​ដល់ វ័យ​ចាស់ជរា​តាមរយៈ ការ​អាន ការសន្ទនា ការ​គិត ការ​សួរ ការ​ឆ្លើយ ការ​ស្ដាប់ ការ​កត់ត្រា​ឬ​ការ​តែង​និពន្ធ ការអនុវត្ត ការ​ចែក​ឬ​ការ​ទទួល​បទពិសោធន៍ ពី​គ្នា​ទៅ​វិញ​ទៅ​មក....ល។ មនុស្ស​ឆ្លាតវៃ បន្ត​ការ​រៀន​សូត្រ ពេញ​មួយ​ជីវិត​របស់​ខ្លួន ដោយ​មិន​មាន​ការ​នឿយណាយ មិន​ថា​លើ​មុខ​ជំនាញ ឬ​ចំណេះ​ដឹង​ទូទៅ​ឡើយ។

18. មនុស្ស​ឆ្លាត​ជា មនុស្ស​ដែល​ចូលចិត្ត​បង្រៀន ឲ្យ​ចេះ​ស្ទាត់​ដូច​ខ្លួន​ដែរ

    មនុស្ស​ឆ្លាតវៃ​ច្រើន​តែ​ជា​មនុស្ស ដែល​មាន​ទឹក​ចិត្ត​ទូលាយ និង​ច្រើនតែ​មាន​គំនិត ចង់​ឲ្យ​អ្នកដទៃ​ចេះ​ដូច​ខ្លួន​ដែរ។ ពួកគេ​ច្រើន​តែ​ឆ្លៀត​ពេលវេលា ជួយ​បណ្ដុះបណ្ដាល ឬ​បង្ហាត់​បង្រៀន​អ្នកដទៃ​នូវ​ចំណេះ ឬ​ជំនាញ​ទាំងឡាយ ដែល​ខ្លួន​មាន​ដោយ​គ្មាន​ការ​រើសអើង។ លើស​ពី​នេះ​ទៅ​ទៀត ពួកគេ​ចេះ​ដកស្រង់​យក​ព័ត៌មាន​ណា ដែល​សក្ដិសម មក​ប្រើប្រាស់​បាន​ត្រឹមត្រូវ​ទៀត​ផង។ មនុស្ស​ឆ្លាតវៃ​គឺជា គ្រូ​នៃ​ពិភពលោក ដែល​បាន​ផ្ដល់​ចំណេះដឹង​របស់​ពួកគេ ទៅ​ឲ្យ​អ្នកដទៃ​ទៀត បាន​ចេះ​ដូច​ខ្លួន​ដែរ។ ពួកគេ​បន្ថែម​ការងារ​របស់​ខ្លួន ទៅ​លើ​អ្វីៗ​ទាំង​នោះ ។ សល់​ពី​នោះ គឺជា ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ធ្វើ​បែប​នេះ វា​បាន​បង្កើត​ឲ្យ​មាន​ប្រយោជន៍​ជា​ច្រើន សម្រាប់​អ្នក​ដែល​បាន​ចូលរួម។ មិនតែប៉ុណ្ណោះ វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​បង្រៀន មាន​ការ​រីក​ចម្រើន​កាន់តែ​ប្រសើរ ទាក់ទង​នឹង​ការ​យល់ដឹង ការស្រាវជ្រាវ និង​ការ​បង្រៀន​លើ​មុខ​វិជ្ជា​ទាំងនោះ​ថែមទៀត​ផង។ ព្រោះថា ពួក​គេ​នឹង​កាន់​តែ​សកម្ម លើ​ការ​និយាយ និង​ការ​ស្រាវជ្រាវ លើ​មុខ​វិជ្ជា ដែល​ខ្លួន​កំពុង​តែ​បង្រៀន។

19. មនុស្ស​ឆ្លាត ជា​មនុស្ស​ស្រលាញ់​ចូលចិត្ត​ការ​អភិវឌ្ឍ

មនុស្ស​ឆ្លាតវៃ​គឺ មិន​ចូលចិត្ត​ធ្វើ​អ្វីៗ​ដែល​ដដែលៗ​នោះ​ទេ។ ពួក​គេ​ចូលចិត្ត​ការ​រីកចម្រើន​លូតលាស់​ទៅមុខ។ ជារឿយៗ ពួកគេ​ច្រើនតែ​ស្រមៃ​ពី ស្លាកយីហោ ឈ្មោះ​ក្រុមហ៊ុន និង​ចង់​ធ្វើ​ឲ្យ​កាន់តែ​រីកចម្រើន ឬ​ផ្លាស់ប្ដូរ​ទាំងស្រុង​តែ​ម្ដង។ ពួកគេ​នៅ​តែ​ជា​អ្នក​ឈាន​មុខ​គេ​ជានិច្ច ហើយ​ជា​ញឹកញាប់ ពួកគេ​តែងតែ​បង្កើត​ឡើង នូវ​ឱកាស​របស់​ពួកគេ ម្ដង​ហើយ​ម្តង​ទៀត។

20. មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រៀន​សូត្រ​អស់មួយជីវិត

   មនុស្ស​ឆ្លាត​ជា សិស្ស​នៃ​ជីវិត។ មនុស្ស​ឆ្លាតវៃ គឺ​គេ​មិន​ចាំបាច់​ចងចាំ​ជាក់លាក់ នូវ​រាល់​មុខវិជ្ជា​ទាំងឡាយ​នៅ​ក្នុង ខួរក្បាល​ទាំងអស់​នោះ​ឡើយ។ ពួកគេ​ដឹង​តែ​ត្រឹម​ថា តើ​មុខ​វិជ្ជា​នីមួយៗ វា​មាន​ន័យ​យ៉ាងណា មាន​ប្រយោជន៍​ដូចម្ដេច ទៅ​លើ​ការវិវត្តន៍​របស់​មនុស្ស ឬ​ការ​អភិវឌ្ឍ​សង្គម នោះ​ជា​ការ​គ្រប់គ្រាន់​ហើយ។ ពួកគេ​ចង់​ដឹង​មិន​ឆ្អែត​មិន​ឆ្អន់ ហើយ​ចង់​ដឹង​ខ្លាំង ពី​ការ​លូតលាស់ និង​ការចេះដឹង ដែល​ទាំងនោះ​ជា​អ្វី ដែល​ជា​ការ​វិវត្តន៍​នៃ​ធម្មជាតិ។ សម​ដូច​ពាក្យ​ទស្សនវិទូ​ចិន លោក ឡាវ ហ្សូ (Lao Tzu) បាន​ពោល​ថា៖ "ដើម្បី​កើន​ចំណេះដឹង គេ​ត្រូវតែ​ចេះ​បន្ថែម​នូវ​អ្វីៗ ដែល​ថ្មី​តាម​រយៈ​ការ​អាន ឲ្យ​បាន​ច្រើន ហើយ​ប្រសិនបើ​ចង់​កើន ប្រាជ្ញា​វិញ ត្រូវតែ​ចេះ​ប្រែ​ក្លាយ​អ្វីៗ ដែល​មាន​ហើយ ឲ្យ​មាន​ការ​អភិវឌ្ឍ" ។ ជា​ការ​ពិត​ណាស់ ខួរក្បាល​មនុស្ស​យើង ប្រៀប​ដូច​ទៅ​នឹង​កុំព្យូទ័រ​ដែរ វា​មាន​តួនាទី​ផ្ទុក​ទិន្នន័យ ក្នុង​កម្រិត​ខ្ពស់ ដែល​ទិន្នន័យ​ទាំងអស់​នោះ យើង​បាន​បន្ថែម​វា ចូល​មក​ជា​រៀងរាល់ថ្ងៃ។ ទន្ទឹម​គ្នា​នោះ​ដែរ មាន​ព័ត៌មាន​មួយ​ចំនួន ដែល​មិន​បាន​រក្សាទុក យូរៗ​ទៅ ក៏​ត្រូវ​បាន​បាត់បង់ ពី​ខួរក្បាល​ទៅ​វិញ។ ចូរ​គិត​មើល​ថា តើ​អ្វី​ដែល​លោកអ្នក​ចង់​បំបាត់​ចោល? ហើយ​កម្មវិធី​អ្វី​ដែល​លោកអ្នក ចង់​ដាក់​ជំនួស​មក​វិញ?

No comments:

Post a Comment