Sunday, December 22, 2013

មូលហេតុ​ដែល​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គ្មាន​ព្រះ​ហ​ស្ថ​ទាំងពីរ​?

ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រដ៏ឆ្នើមក្នុងសម័យអង្គរ។ ព្រះអង្គត្រូវបានប្រវត្តិសាស្ត្រជាតិខ្មែរចាត់ទុកថាជា មហាវីរបុរសប្រចាំទឹកដីអង្គរ។ នៅសម័យក្រោយៗមក ខ្មែរបានសាងរូបបដិមាព្រះអង្គ ទុកគ្រាន់គោរពបូជា និងរំលឹកនឹកគុណូបការៈចំពោះព្រះអង្គ។ ប៉ុន្តែប្រការគួរឲ្យ ចាប់អារម្មណ៍ ត្រង់រូបចំលាក់បែរជាគ្មានព្រះហស្ថ ទាំងពីរទៅវិញ។ ជុំវិញបញ្ហាចម្ងល់នេះ គឺមានហេតុផលដូចតទៅ៖
កាលព្រះអង្គជាស្វាមីរបស់ព្រះនាងជ័យរាជទេវី ទ្រង់ប្រកាន់យកសាសនាព្រាហ្មណ៍ជាគោល ពោលគឺព្រះអង្គជាអ្នកឧបត្ថម្ភដ៏សំខាន់ នៃព្រាហ្មណ៍សាសនិក ពិសេសព្រះអង្គបង្រួបបង្រួមនិកាយវិស្ណុនិយម និងនិកាយសិវៈនិយម តាមរយៈការបង្កើតអាទិទេពហរិហរៈ។ ដូចនេះអ្នកកាន់សាសនាព្រាហ្មណ៍ពេញចិត្តនឹងព្រះរាជាអង្គនេះណាស់។ ក្រោយពីព្រះនាង ជ័យរាជទេវី សុគតដោយជម្ងឺមក ព្រះអង្គ បានរៀបអភិសេកនឹងព្រះនាង ឥន្ទ្រទេវី ដែលជាបងស្រីបង្កើតរបស់ព្រះនាង ជ័យរាជទេវី ហើយងាកមកជឿលើសាសនាព្រះពុទ្ធវិញ ហើយទ្រង់បានសាងវត្តអារាម មន្តីរពេទ្យ ថ្នល់… ទុកជាគុណប្រយោជន៍ដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ ទន្ទឹមនឹងសម័យព្រះអង្គ គ្រប់គ្រងប្រទេស  ព្រះអង្គតែងយាងទៅបង្ក្រាបពួកសត្រូវក្នុងស្រុក ក៏ដូចជាសត្រូវបរទេសឈ្លានពានពិសេស គឺប្រទេសចម្ប៉ា។
ដូច្នេះយើងអាចសន្និដ្ឋានបានថារូបបដិមាដែលបាក់ព្រះហស្ថ អាចបណ្តាលមកពីការសងសឹករបស់សត្រូវពីរប្រភេទ៖
- ធ្លាប់កាន់សាសនាព្រាហ្មណ៍ ហើយបែរទៅកាន់សាសនាព្រះពុទ្ធវិញ (សត្រូវសាសនា)។
- ពួកចាមឈ្លានពានមិនពេញចិត្តនឹងវត្តមានរបស់ព្រះអង្គ (សត្រូវសង្គាម)។
ជាក់ស្តែងនៅត្រង់ផ្នែកព្រះកេស និងត្រង់ព្រះភ្នែនបន្សល់ទុកនូវស្លាកស្នាមវាយបំបាក់ដោយសារមនុស្ស ពិសេសស្នាមដៃទាំងពីរផ្នែក ក្រោមស្មា។ ដូចនេះរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ បុព្វបុរសយើងសាងឡើងមានលក្ខណៈពេញលេញពុំមានបាក់បែកអ្វីទេ។
បញ្ជាក់ៈ
១- ឯកសារយោងៈ ៦១ ឯកសារពិគ្រោះវិញ្ញាសាចំណេះដឹង និងវប្បធម៌ទូទៅ (ភាគ២)
២- អត្ថបទនេះមិនមែនជាកម្មវត្ថុរបស់ប្លក់នេះទេ តែជាការសាកល្បងជំហានដំបូង ដើម្បីចែករំលែកចំណេះដឹងដល់គ្នាតែប៉ុណ្ណោះ។
រូបបដិមាព្រះបាទជ័យវរ្ម័នទី៧

No comments:

Post a Comment