Sunday, December 22, 2013

រមណីយដ្ឋាន​​ប្រាសាទ​កោះ​កេរិ៍្ត​: អតីត​រាជធានី​បណ្តោះអាសន្ន​នៅ​សម័យអង្គរ​

កោះកេរ្ដិ៍ គឺជាឈ្មោះនៃក្រុមប្រាសាទបុរាណខ្មែរដែលមានចំនួនប្រមាណ ១០០ប្រាសាទតូចធំ ដែលបានកសាងដោយបុព្វបុរសខ្មែរ នាសម័យអង្គរ។ ហើយភាគច្រើននៃក្រុមប្រាសាទទាំងនោះកសាងឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងរវាងគ.ស. ៩២១-៩៤៤ ។
កោះកេរ្តិ៍ ក៏ជាឈ្មោះរចនាបទ្មមួយនៅក្នុងស្ថាបត្យកម្មសំណង់ និងសិល្ប:របស់ខ្មែរ។ ភាគច្រើននៃសំណង់ប្រាសាទទាំងនោះ គឺស្ថាបនាឡើងអំពីឥដ្ឋ, ថ្មបាយក្រៀម, និងថ្មភក់។ ទីប្រជុំនៃក្រុមប្រាសាទកោះកេរ្តិ៍ ក៏ជាអតីតរាជធានីបណ្ដោះអាសន្នសំរាប់ ព្រះបាទជ័យវរ្ម័នទី៤ ផងដែរ នៅក្នុងកាលៈទេសៈដែលរាជធានីអង្គរ បានធ្លាក់ចូលក្នុងកលយុគវិបត្តិរាជបលង្គនាសម័យនោះ។
នាសម័យនោះកោះកេរ្ដិ៍ គឺជាទីក្រុងធំទី២ របស់កម្ពុជា បន្ទាប់ពីរាជធានីយសោធបុរៈ (រាជធានីអង្គរ) នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ។ ឈ្មោះដើមរបស់ទីក្រុងនេះ គឺ«ឆោកគគីរ ឬ ជោគគគីរ» ឬហៅថា ស្រះគគីរ ប៉ុន្ដែឈ្មោះជាផ្លូវការតាមភាសាសំស្ក្រិត ដែលបាន កត់ត្រានៅតាមសិលាចារឹកនោះ គឺ«លិង្គបុរៈ» (សូមអានថា លឹង-គាក់-បុ-រ៉ាក់)។ លិង្គ គឺជានិមិត្ដរូបនៃការកកើត ហើយក៏ជាតំណាងឱ្យ ព្រះអាទិទេពនៃសាសនាព្រាហ្មផងដែរ ។ ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់កសាងប្រាសាទទាំងឡាយនៅតំបន់នេះដើម្បីឧទ្ទិសដល់អាទិទេព នៃលទ្ធិហិណ្ឌូ របស់សាសនាព្រាហ្មជាពិសេសគឺព្រះសិវៈ ។
សំណង់ប្រាសាទធំ(ប្រាសាទកោះកេរ្តិ៍) គឺសង់នៅលើផ្ទៃផ្ទៃដីជាង ២គ.ម២ ដែលជាចំណុចកណ្តាលបេះដូងនៃអតីតរាជធានីលិង្គបុរៈ ដែលហ៊ុំព័ទ្ធជុំវិញទៅដោយប្រាសាទតូចធំចំនួនជាង ៨០ ប្រាសាទទៀត ។ ស្ថាបត្យកម្មនៃតួប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ វាមានកំពស់ប្រហែល ៤៥ម៉ែត្រពីដី។ តាំងពីសម័យបុរាណមកអ្នកស្រុករស់នៅជុំវិញតំបន់នោះហៅប្រាសាទធំនេះថា ប្រាសាទកំពែង ឬប្រាសាទធំ ។
តួប៉មប្រាសាទធំនេះរំលេច ដោយរានហាល ៧ជាន់ មានកំពស់ ៣៥ម. (កំពស់នៅសល់បន្ទាប់ពីការបាក់បែកដែលយើងអាចមើល ឃើញនាបច្ចុប្បន្ននេះ)។ យើងអាចយល់បានថា រានហាលរបស់ប្រាសាទធំនេះ អាចនៅមាន ១ឬ២ជាន់ទៀតទៅលើ ដែលជា កំពូលរបស់វា គឺអាចប៉ាន់ប្រមាណថា វាមានកំពស់រហូត ៤៥ម. ។
លក្ខណៈសំណង់ប្រាសាទនេះគឺល្អប្លែកពីគេដូច្នេះហើយ បានជានៅក្នុងស្ថាបត្យកម្មសិល្បៈខ្មែរ គេឱ្យឈ្មោះក្រុមប្រាសាទកោះកេរ្តិ៍ ជាឈ្មោះរចនាបទមួយហៅថា «រចនាបទកោះកេរ្ដិ៍» ។ នៅពេលដែលមនុស្សម្នាទូទៅនឹកគិតស្រមើស្រមៃ និងអាចទៅទស្សនា ឃើញដោយផ្ទាល់ភ្នែកអំពីប្រាសាទកោះកេរ្ដិ៍នេះ នោះអ្នកគ្រប់គ្នាៗអាចគិតពិចារណាថា វាគឺជាប្រាសាទពីរ៉ាមីត របស់ប្រទេសកម្ពុជា។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា ដោយសាផ្លូវទៅកាន់ប្រាសាទកោះកេរ្តិ៍ បានស្ថាបនាក្រាល កៅស៊ូរួចរាល់តាំងពីឆ្នាំ២០១០ កន្លងមកនោះ ទើបរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះចាប់ផ្តើមមានភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចេញចូលទស្សនាជាហូរហែរ ហើយកំណើនភ្ញៀវក៏កើនឡើងជាលំដាប់ផងដែរ។
លោក គង់ វិបុល បានបន្តថា រមណីយដ្ឋានកោះកេរ្តិ៍ អាចជាចំណុចកណ្តាលសំរាប់តភ្ជាប់ប៉ូលទេសចរណ៍បេតិកភ័ណ្ឌវប្បធម៌ពិភពលោក សំខាន់ៗទាំងពីរនៅក្នុងប្រទេសកម្ពុជាយើង គឺរវាងតំបន់ប្រាសាទអង្គរ និងតំបន់ប្រាសាទព្រះវិហារ។
ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលស្ថិតនៅតាមដងផ្លូវលេខ ៦៤ ដែលបែក ចេញពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាប រួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ។ ចំងាយផ្លូវពីផ្សារដំដែក ទៅដល់ប្រាសាទកោះកេរ្តិ៍គឺប្រមាណ ១២០គ.ម។
សំរាប់អ្នកធ្វើដំណើរពីទីរួមខេត្តព្រះវិហារ គឺក្រុងព្រះវិហារ (អតីតត្បែងមានជ័យ) អាចធ្វើដំណើរចេញពីក្រុងនេះឆ្ពោះតាមផ្លូវលខ ៦២ សំដៅទៅរកប្រាសាទព្រះវិហារ ដល់ត្រង់ចំណុចថ្នល់កែង ឃុំថ្មី ស្រុកគូលែន ត្រង់ផ្លូវបែកជាបីនោះ គេបត់ទៅទិសខាងត្បូងចូលទៅរកទី រួមស្រុកគូលែន រកបន្តដំណើរទៅកាន់ប្រាសាទកោះកេរ្តិ៍ ។ ចំងាយផ្លូវសរុបពីទីរួមខេត្តព្រះវិហារ ទៅដល់ប្រាសាទកោះកេរ្តិ៍ គឺប្រមាណ ៧៥គ.ម។ និយាយតាមភាសាសាមញ្ញ ប្រាសាទកោះកេត្តិ៍ គឺស្ថិតលើផ្លូវកាត់រវាងក្រុងសៀមរាប និងខេត្តព្រះវិហារ៕
រមណីយដ្ឋានប្រាសាទកោះកេរិ៍្ត
រមណីយដ្ឋានប្រាសាទកោះកេរិ៍្ត

No comments:

Post a Comment