Sunday, December 22, 2013

ការពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​អាច​ជួយ​ពង្រឹង «សុវត្ថិភាព​ក្នុង​ការនិយាយ»

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
RFI/Channa Siv
ដោយ ប៉ែន បូណា
​កម្ពុជា​ក៏ដូចជា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដែរ ទើបតែ​បាន​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី២០ឆ្នាំ​ កាលពី​ថ្ងៃ​ សុក្រ​ម្សិលមិញ។ ទិវា​សេរីភាព​សារព័ត៌មាន៣ឧសភា​ឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ ប្រធានបទ«សុវត្ថិភាព​ក្នុងការ​និយាយ»។ ប្រធានបទ​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សាគ្នា​យ៉ាង​ផុលផុស​អំពី​សេរីភាព​ និង​សុវត្ថិភាព​ក្នុងការ​និយាយ​របស់​អ្នក​អាជីព​សារព័ត៌មាន​ខ្មែរ។ ក្រុម​អ្នក​អាជីព​ហាក់​យល់ស្រប​គ្នា​ថា ការពង្រឹង​ក្រម​សីលធម៌​​វិជ្ជាជីវៈ​ ជា​ចំណែក​មួយ​ដើម្បី​ធានា​ឲ្យ​មាន​ សុវត្ថិភាព​ក្នុងការ​និយាយ។
ប្រធានបទ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន៣ឧសភា​ដែល​បាន​ប្រារព្ធ​ធ្វើ​ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ផ្តោតលើ​សុវត្ថិភាព​របស់​អ្នកកាសែត​ក្នុងការ​ បំពេញការងារ​របស់ខ្លួន។ ការពិភាក្សា​អំពី​បញ្ហា​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិបទ​ដែល​អ្នកកាសែត​ ជាច្រើន​នៅក្នុង​ពិភពលោក​កំពុង​ប្រឈមមុខ​ទៅនឹង​បញ្ហា​នៃ​ការសម្តែង​មតិ​ របស់ខ្លួន។ កម្ពុជា​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​បញ្ហា​សេរីភាព​សារព័ត៌មាន​ ផងដែរ។

ជាការ​ពិត សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​កំពុង​រីកចម្រើន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ បើ​ប្រៀបធៀប​ទៅនឹង​ពីរ​ទសវត្សរ៍​មុន​ ដែល​កម្ពុជា​ចាប់ផ្តើម​បើកចំហ​ទៅកាន់​ លទ្ធិប្រជាធិបតេយ្យ​ជា​លើកដំបូង។ បើទោះជា​យ៉ាងនេះ​ក្តី សុវត្ថិភាព​របស់​អ្នកកាសែត​នៅតែ​ជា​បញ្ហា​ធំធេង​មួយ។ អ្នកកាសែត​ ជាប់ពន្ធនាគារ អ្នកកាសែត​ត្រូវគេ​សម្លាប់ និង​អ្នកកាសែត​រង​ការគំរាមកំហែង ​ឬ​រង​ការ​ធ្វើទុក្ខបុកម្នេញ នៅតែ​ជា​បច្ចុប្បន្នភាព​នៅឡើយ។ គឺ​បញ្ហា​ទាំងនេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​កម្ពុជា​ត្រូវបាន​ អង្គការ​អន្តរជាតិ​មួយចំនួន​ផ្តល់​ពិន្ទុ​មិនល្អ​ឡើយ។

បញ្ជី​ឈ្មោះ​អ្នកកាសែត​ប្រមាណ​ជា ១០ នាក់​ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​ចាប់តាំងពី​ក្រោយ​ឆ្នាំ ១៩៩៣ រហូតមកទល់​បច្ចុប្បន្ន បាន​ក្លាយជា​បញ្ជីខ្មៅ​ដែល​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ទោះបីជា​តួនាទី​របស់​សារព័ត៌មាន​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​ក្នុង​ ការធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុងសង្គម ប៉ុន្តែ អ្នកកាសែត​ខ្មែរ​នៅតែ​ជួបប្រទះ​បញ្ហា​ជាច្រើន៖ ប្រាក់ខែ​តិចតួច វិជ្ជាជីវៈ​នៅមានកម្រិត កង្វះ​ឯករាជភាព​ក្នុងការ​បំពេញការងារ និង​លំហ​ប្រជាធិបតេយ្យ​នៅមានកម្រិត​តូចចង្អៀត​ក្នុងចំណោម​មន្ត្រី​អាជ្ញាធរ សុទ្ធសឹងតែ​ជា​សម្ពាធ​ដែល​គ្រប​សង្កត់​ទៅលើ​អាជីព​អ្នកសារព័ត៌មាន​ខ្មែរ។

គួរកត់សម្គាល់​ទៀតថា អ្នកកាសែត​ខ្មែរ​ធ្វើការ​ក្នុងស្ថានភាព និង​បរិយាកាសខុសៗគ្នា ហើយ​ចំណុច​ប្រឈម​របស់​ពួកគេ​ក៏​ខុសគ្នា​ដែរ។ ជាទូទៅ អ្នកកាសែត​ដែល​បម្រើការ​នៅក្នុង​ស្ថាប័ន​ឯករាជ្យ​​ដែល​ភាគច្រើន​ជា​កាសែត វិទ្យុ ឬ​ទីភ្នាក់ងារ​បរទេស ឬក៏​ស្ថាប័ន​ដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​បរទេស ពួកគេ​មាន​ប្រាក់ខែ​ខ្ពស់​សមរម្យ។ ប្រាក់ខែ​គ្រប់គ្រាន់ និង​ឯករាជភាព​របស់​ស្ថាប័ន​ដែល​ខ្លួន​បម្រើការ បានអនុញ្ញាត​ឲ្យ​ពួកគេ​ផ្តោតទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​បានល្អ​ជាង​អ្ន​ កកាសែត​ដែល​បម្រើ​ឲ្យ​ស្ថាប័ន​ក្នុងស្រុក​ផ្សេងទៀត។

ផ្ទុយទៅវិញ ស្ថានភាព​ខ្សត់ខ្សោយ​ខាង​សេដ្ឋកិច្ច​របស់​អ្នកកាសែត​ក្នុងស្រុក​ងាយ​ រុញច្រាន​ពួកគេ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​វិជ្ជាជីវៈ​ដើម្បី​ផលប្រយោជន៍។ រីឯ​និន្នាការ​នយោបាយ​ក៏​ជា​បញ្ហា​មួយទៀត​ដែល​ងាយ​នឹង​ជំរុញ​ឲ្យ​អ្នកកាសែត​ មួយចំនួន​បំភ្លេច​ក្រមសីលធម៌​វិជ្ជា​ជីៈ​ដែរ។ ខណៈដែល​អ្នកកាសែត​ស្ថិតក្នុង​ស្ថានភាព​មិនសូវ​រឹងប៉ឹង រីឯ​អាជ្ញាធរ​នៅតែ​ចូលចិត្ត​ប្រើ​អំណាច​បំពាន​ទៅលើ​អ្នក​រិះគន់ សុវត្ថិភាព​ក្នុងការ​និយាយ​របស់​អ្នកកាសែត​នឹងមិន​អាច​ធានា​បានឡើយ។

សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកកាសែត ចាំបាច់​ត្រូវមាន​កត្តា​ពីរ​ទន្ទឹមគ្នា៖ ទី១ - ក្រុម​អ្នក​អាជីព​សារព័ត៌មាន​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​បាន​រឹងមាំ​ តាមរយៈ​ ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ នៅក្នុង​ទិសដៅ​នេះ ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​ទាំងឡាយ​គួរ​គិតគូរ​ជាបឋម​ដល់​ជីវភាព​អ្នកកាសែត និង​ការពង្រឹង​ឯករាជភាព​នៃ​ស្ថាប័ន​របស់ខ្លួន​ជា​ចាំបាច់។

ទី២៖ ទន្ទឹមគ្នា​នោះ មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ទាំងឡាយ​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួលយក​ វប្បធម៌​ពហុ​គំនិត ​ដែលជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ កត្តា​ទាំងពីរ​នេះ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ទើប​អាច​ធានាបាន​នូវ​សុវត្ថិភាព​ ក្នុងការ​បញ្ចេញមតិ​រប​ស់​អ្នកកាសែត។ ប្រសិនបើ​ពុំ​ដូច្នោះ​ទេ អាជីព​សារព័ត៌មាន​មិនអាច​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ពេញ​លេញ​ឡើយ៕

No comments:

Post a Comment