Monday, December 23, 2013

បាតុករ​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​សម្តី ហ៊ុន សែន

ក្រោយពីលោក ហ៊ុន សែន បានប្រើសម្តីឆ្លើយតប នឹងការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ នៅវិមាន​រដ្ឋសភា​កាលពីថ្ងៃទី២០ ខែធ្នូនេះ ដូចជា ការគម្រាមចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងក្រុមបាតុករបិទផ្លូវ និងលោក​មិនចេញពីតំណែងជាដើម។ ក្រុមបាតុករអ្នកគាំទ្រគណបក្សប្រឆាំង ហាក់សម្តែងការមិនចាប់អារម្មណ៍ និងមិន​មាន​ការ​ភ័យខ្លាយអ្វីនោះទេ ជុំវិញពាក្យសម្តីរបស់ លោក ហ៊ុន សែន បែបនេះ ។

ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារព្រមានមួយចំនួន ចំពោះក្រុម​អ្នក​ធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេក៏ដោយ ក៏ក្រុម​បាតុករ​ប្រឆាំងទាំងនេះ ហាក់មិនមានការផ្ញាក់ផ្អើល និងចាប់អារម្មណ៍ឡើយទៅនឹងសម្តីរបស់លោក ហ៊ុន សែន ដែរ។ ពួក​គេបានហៅ ការព្រមានរបស់លោក ហ៊ុន សែន ថាមិនអ្វីចម្លែកនោះទេ ពោលគឺវាជាទម្លាប់ទៅហើយសម្រាប់លោក ហ៊ុន សែន ដែលចូលចិត្តគម្រាមគេឯងបែបនេះ។
កំពុងពិសារបាយនៅសួនសេរីភាព នាវេលាថ្ងៃជិតត្រង់ ថ្ងៃទី ២១ ខែធ្នូនេះ បាតុករមកពីខេត្តរតនគិរី លោក មាន បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា លោកបានដឹងពីការលើកឡើងរបស់លោក ហ៊ុន សែន កាលពីម្សិល​មិញនោះដែរ តែលោកមិនចាប់អារម្មណ៍ ឬភ័យខ្លាចណាមួយឡើយ។ បាតុកររូបនេះ បន្តថា មូលហេតុដែលលោក​មិនចាប់អារម្មណ៍ ពីព្រោះតែពាក្យសម្តីរបស់លោក ហ៊ុន សែន គ្មានអ្វីក្រៅតែពីការគម្រាមគេនោះទេ តែពេលនេះ ពលរដ្ឋគេលែងខ្លាចទៀតហើយ។
«ជនកុម្មុយនីសគ្មានអ្វីក្រៅពីសម្លុតគេទេ» នេះជាការលើកឡើងរបសលោក ថៃ ជានិស្សិតនៅសកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និងជាបាតុករមួយរូបផងដែរនោះ លោកបាននិយាយរិះគន់លោក ហ៊ុន សែន ចំៗដោយ​មិន​លាក់​លៀមថា ពេលនេះពលរដ្ឋខ្មែរ គេលែងខ្លាចជនផ្តាច់ការដូចជាលោក ហ៊ុន សែន ទៀតហើយ គេត្រូវតែក្រោកឈរ​ដើម្បីភាព​យុត្តិធម៌របស់ពួកគេ។ លោក ថៃ បន្តថា ពាក្យសម្តីរបស់លោក ហ៊ុន សែន លោកមិនបានយកទុកក្នុងចិត្តឡើយ។
ដូចគ្នានេះដែរ លោកតា រី អាយុ ៧០ ឆ្នាំ ជាបាតុករមកពីខេត្តកំពង់ឆ្នាំងបានអះអាងថា ប្រសិនបើមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ អំពាវនាវឲ្យមានការបិទផ្លូវ លោកតានឹងធ្វើតាម ដោយមិនញញើតនឹងការគម្រាមកំហែងរបស់លោក ហ៊ុន សែន ដែលចង់ចាត់វិធានការចំពោះក្រុមបាតុករនោះទេ។ លោកតាបន្តថា «ខ្ញុំចាស់ហើយ ចង់ឃើញកូនខ្ញុំចៅខ្ញុំ​លែងជំពាក់លុយបរទេសទៀត មុនខ្ញុំស្លាប់ទៅ»។
កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវ ឲ្យក្រុមអ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ កុំចូលរួមក្នុងការបិទផ្លូវនៅរាជធានីភ្នំពេញ តាមការអំពាវនាវរបស់មេដឹកនាំបក្សប្រឆាំងឡើយ ដោយ​លោកអះអាងថា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ លោក ហ៊ុន សែន បានហៅសកម្មភាពចង់បិទផ្លូវថា ជាសកម្មភាពភាពខុសច្បាប់ទាំងស្រុង។ ម្លោះហើយ​រដ្ឋាភិបាល​លោក នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមបាតុករប្រសិនបើមានការបិទផ្លូវមែននោះ ។
ភ្លាមៗក្រោយពីការថ្លែងរបស់លោក ហ៊ុន សែន ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា បានសម្តែងការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយពួកគេអំពាវនាវ ឲ្យមេដឹកនាំនយោបាយនៃគណបក្សទាំងពីរ ងាកមករកការចរចាគ្នាដោយ​សន្តិវិធី ដើម្បី​បញ្ចប់វិបត្តិជាប់គាំងនយោបាយ និងជៀសវាងការប្រឈមមុខដាក់គ្នា ដោយកម្លាំងបាយ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment