Google Inc គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​ (MNC) ដែល​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ការ​ស្រាវជ្រាវ​តាម​បណ្ដាញ​អ៊ីនធឺណិត ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​។ ​ Google មាន​​ផលិតផល​ និង​សេវាកម្មបច្ចេក​វិទ្យា​​ជា​ច្រើន​។ ​​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ស្វែងរក​ចំណេញ​បាន​ច្រើន​បំផុត​​គឺ​​ កម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម AdWords។
បច្ចុប្បន្ន​នេះ Google មាន​លោក Eric Schmidt ជា​នាយក​ប្រតិបត្តិ​​ លោក Sergey Brin ជា​ប្រធាន​ទទួល ​បន្ទុក​ខាង​បច្ចេកវិទ្យា លោក Larry Page ជា​ប្រធាន​ផ្នែក​ផលិតផល​។
Google មាន​ទីស្នាក់ការ​ធំ​នៅ Mountain View រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​។
ប្រវត្តិ​របស់ Google

Google ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ១៩៩៨​មក​ម្ល៉េះ។ ដំបូង​ឡើយ​វា​គ្រាន់​តែ​ជា​គម្រោង​ស្រាវ​ជ្រាវ​របស់​ ​​លោក Larry Pageនិង Sergey Brin នៅ​ពេល​​ដែល​គាត់​ទាំង​ពីរ​​នាក់​កំពុង​រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វ័រញ៉ា​ប៉ុណ្ណោះ​។
Search engine ដំបូង​ដែល​គាត់ទាំង​ពីរ​​​​បាន​ដាក់​ឲ្យ​ដំណើរការ​គឺ BackRub។ Search Engine មួយ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​មួយ Server របស់​សាកលវិទ្យាល័យ Standford បាន​ជាង​មួយ​ឆ្នាំ ​តែ​​ដោយ​វា​ត្រូវ​ការ​ព័ត៌មាន​ច្រើនពេក (bandwidth) ​ទើប​អាច​ប្រើ​បាន​ ដូច្នេះ​សាកលវិទ្យាល័យ​នេះ​ក៏​ឈប់​ប្រើ​វា​ទៅ​​។
Domain name របស់​​Googleគឺ​ google.com បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ខែ​កញ្ញា ឆ្នាំ 1997។  គិត​ត្រឹម​​​​ចុង​ឆ្នាំ 1998 ទំព័រ search របស់​ Google ​នៅ​តែ​ជា​ទំព័រ​សាកល្បង​នៅ​ឡើយ។ Google បាន​ក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​​នៅ​ខែ​កញ្ញា​ ឆ្នាំ 1998។​ នៅ​ចុង​ឆ្នាំ 1998 ក្រុមហ៊ុន​មួយ​នេះ​​មាន index ជាង 60 លាន​ទំព័រ​។
ចំណូល
មុន​ពេល​​កកើត​បាន​​ជា​ក្រុមហ៊ុន​សាជីវកម្ម Google ត្រូវ​បាន​លោក Andy Bechtolsheim ផ្ដល់​​មូលនិធិ​​ដំបូង​ប្រមាណ​ជាង 1 សែន​ដុល្លារ​អាមេរិក​សម្រាប់​​ប្រែ​ក្លាយ​ក្រុមហ៊ុន Google ឲ្យ​ទៅ​ជា​ក្រុមហ៊ុនសាជីវកម្ម​​​។ នៅ​ឆ្នាំ 1999 BrinនិងPage សម្រេច​ចិត្ត​​លក់ search engine មួយ​នេះ​ដោយ​សារ​វា​ទាម​ទា​ទុន​វិនិយោគ​​ច្រើន​ពេក​តែ​ក្រោយ​មកនៅ​ខែ​ឧសភា ​ឆ្នាំ​ដដែល​មាន​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​​ធំៗ​​ជា​ច្រើន​ដូច​ជា​ Venture Capital, Kleiner Perkins Caufield&Byers និង Sequoia Capital បាន​ផ្ដល់​​​​មូលនិធិ​​គាំទ្រ​សាជីវកម្ម​​ថ្មី​នេះ​​ដែល​ចំនួន​​ទឹក​ប្រាក់​ ​បាន​​កើន​ឡើង​ដល់​ 25 លាន​ដុល្លារ​​​។
មក​​ដល់​ឆ្នាំ 2004​ Google បាន​បោះ​ភាគហ៊ុន​ចំនួន 19,605,052 ហ៊ុន​ដែល​ក្នុង​មួយ​ហ៊ុន​ៗ​មាន​តម្លៃ 85 ដុល្លារ​ដាក់​លក់​នៅ​ទីផ្សារ​ Morgan Stanleyនិង Credit Suisse។ គិត​ត្រឹម​ឆ្នាំ 2009​ Google មាន​ទ្រព្យ​សកម្ម​កើន​ឡើង​ដល់ 40.497ពាន់​លាន​ដុល្លារ​អាមេរិក​​។
ការទិញ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ដទៃ
Google បាន​ទិញ​​ភាគ​ហ៊ុន​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា​នៅ​ឆ្នាំ 2004 ទិញ​ក្រុមហ៊ុន Keyhole Inc ដែល​បាន​រក​ឃើញ​បច្ចេកវិទ្យា3Dសម្រាប់Viewរូបភាព​ផែន​ដី​ ហើយ​នៅ​ឆ្នាំ 2005​ Google បាន​ប្ដូរ​ឈ្មោះ​មក​ជា Google Earth
ពីរ​ឆ្នាំ​ក្រោយ​មក Google បាន​ទិញ​ YouTube ក្នុង​​តម្លៃ 1.65 ពាន់​លាន​ដុល្លារ និង DoubleClick ក្នុង​តម្លៃ 3.1ពាន់​លាន​ដុល្លារ​។ នៅ​ចុង​ឆ្នាំ 2007​ Google បាន​ទិញ​ក្រុមហ៊ុន​ពីរ​ទៀត​គឺ GrandCentral និង​Aardvark ក្នុងតម្លៃ 50 លាន​ដុល្លារ​ដូច​គ្នា​។ ចំពោះ GrandCentral ត្រូវ​បាន Google ប្ដូរ​ឈ្មោះ​ជា Google Voice។ ​ក្រៅ​ពី​នេះ Google មាន​គម្រោង​​ទិញ​​​ក្រុមហ៊ុន ជា​ច្រើន​ទៀត​។
កិច្ចការ​មនុស្ស​ធម៌
នៅ​ឆ្នាំ 2004​ Google បាន​បង្កើត​អង្គការ​មនុស្ស​ធម៌​មួយ​​ ដែល​មាន​ឈ្មោះ​ថា Google.org ជា​មួយ​នឹង​ទឹក​ប្រាក់ 1ពាន់​លាន​ដុល្លារ​។ អង្គការ​នេះ​មាន​បេសកកម្ម​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​ បំឡាស់​ប្ដូរ​អាកាសធាតុ សុខភាព​សាធារណៈ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ជុំវិញ​ពិភពលោក។
នៅ​ឆ្នាំ 2008 ក្រុមហ៊ុន​នេះ​​បាន​បង្កើត​គម្រោង​មួយ​ទៀត​​មាន​ឈ្មោះ​ថា 10100 សម្រាប់​​ផ្ដល់​រង្វាន់​ទៅ​ដល់​អ្នក​រក​ឃើញ​គំនិត​ថ្មីៗ​ទាក់​ទង​ទៅ​នឹង​ការ ​អភិវឌ្ឍ​សហគមន៍​ ដោយ​ជ្រើស​រើស​តាម​រយៈ​​ការ​បោះ​ឆ្នោត​នៅ​លើ​​អ៊ីនធឺណិត​៕