Friday, December 20, 2013

គ្រោង​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ ចុះ​កម្មករ​នៅ​វិស័យ​ផ្សេង?

ខណៈកិច្ចប្រជុំជួបជាមួយរបស់សហជីបកម្មករទាំងអស់ បានសម្រេចយករូបមន្ត នៃការដំឡើងប្រាក់ខែអប្បរមា រវាងពី១៥៧ ទៅ១៧៧ដុល្លារ សំរាប់កម្មកររោងចក្រកាត់ដេរនៅកម្ពុជានោះ កម្មករនយោជិកនៅវិស័យផ្សេងៗវិញ ដូចជា កម្មករសំណង់ នារីម៉ាសស្សា ស្រ្តីបំរើការតាមផ្ទះជាដើម នៅមានកំរិតប្រាក់ខែគោល«ទាប»នៅឡើយ ដែល​ធ្វើឲ្យ​ពួកគាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាពបាន។ ពួកគាត់បានសំណូមពរថា បើមានការ​តម្លើងប្រាក់ខែឲ្យកម្មកររោងចក្រកាត់ដេរនោះ ហេតុអ្វីមិនអាចមានការតម្លើងប្រាក់ខែ សម្រាប់កម្មករនយោជិក​នៅ​វិស័យផ្សេង?

រូបជំនួស បង្ហាញពីភាពសប្បាយរីករាយ របស់កម្មការិនី បន្ទាប់ពីការតវ៉ារបស់គេបានសម្រេច។
សេដ្ឋកិច្ចកម្មករ - ជាទូទៅប្រាក់ខែគោលនៅក្នុងប្រទេសកម្ពុជា មានភាពមិនស្របគ្នានោះទេ ដូចជាកម្មករកាត់ដេរ​ទទួលបានប្រាក់ខែគោល ៨០ដុល្លារអាមេរិក ស្ត្រីបម្រើតាមផ្ទះមានប្រាក់ខែ៦០ដុល្លារជាមធ្យម កម្មករសំណង់ទទួល​បាន១១០ដុល្លារនោះជាដើម។ ប៉ុន្តែកាលប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រជុំត្រីភាគី រវាងតំណាងកម្មករ រដ្ឋាភិបាល និង​ភាគីរោងចក្រ បានសម្រេចនូវគម្រោងតម្លើងប្រាក់ខែគោល សំរាប់កម្មករនយោជិករោងចក្រ ដើម្បីអាចឆ្លើយតបទៅ​នឹងការរស់នៅប្រចាំថ្ងៃ និងការធានារ៉ាប់រងផ្នែកសុខភាព។
សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទតែមួយនេះ ដោយចុចលើទីនេះ
តែមិនមែនតែកម្មករនយោជិក នៃរោងចក្រកាត់ដេរប៉ុណ្ណោះទេ ដែលមានតម្រូវការដូចនេះ តែកម្មករនយោជិក​ដែលធ្វើការក្នុងវិស័យផ្សេងទៀត ក៏ពួកគាត់ត្រូវការចំណាយដើម្បីចិញ្ចឹមជីវិត និងការមើលជម្ងឺតម្កាត់ផ្សេងៗ មាន​លក្ខណៈ​ដូចគ្នានេះដែររ។ ហេតុនេះហើយ តើពួកគាត់បានលើកជាសំនួរថា ហេតុអ្វីមិនមានការអន្តរាគមន៏ណាមួយ សំរាប់ពួកគាត់?
ស្រីណា អាយុ ១៨ឆ្នាំ ដែលត្រូវទទួលបន្ទុកចិញ្ចឹមគ្រួសារ ហើយកំពុងធ្វើការឲ្យហាងម៉ាស្សាមួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ បានប្រាប់មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា «សំរាប់ប្រាក់ខែគោលរបស់ខ្ញុំ គឺបាន៦០ដុល្លា បើថែម​ម៉ោង​ទៀតបាន ៧០ ដុល្លា វាមិនគ្រប់គ្រាន់សំរាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារខ្ញុំទេ។ ខ្ញុំគិតថាបើធ្វើការនៅទីនេះ រកលុយ​មិន​បាន ខ្ញុំប្តូរទៅធ្វើការនៅរោងចក្រវិញ។»
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រតិកម្មថា «ការតម្លើង ​ប្រាក់ឈ្នួលនេះ គួតែតម្លើងគ្រប់វិស័យទាំងអស់ មិនត្រឹមតែវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង​តែប៉ណ្ណោះ​ទេ គួតែតម្លើងគ្រប់វិស័យទាំងអស់ ដើម្បីធ្វើអោយជីវភាពកម្មករ ធូរធារ និងសមរម្យ។»
ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ ពីបំណងចង់បាននូវសមភាពរវាងប្រាក់ឈ្នួល នៃកម្មករទាំងអស់។ លោកក៏​មានវិធានមួយចំនួនដែរ «សំរាប់ឆ្នាំ ២០១៤ ខាងមុខនេះ យើងនឹងរៀបការងារនេះ ជាមួយសហព័ន្ធផ្សេងៗទៀត ដើម្បីធ្វើរឿងណ្ណឹង។ ជំហ៊ានទីមួយ យើងនឹងសិក្សាទៅលើផលប៉ះពាល់ នៃការទទួលបានប្រាក់ខែតិចរបស់កម្មករ។ ទីពីរ យើងនឹងស្នើរទៅកាន់រដ្ឋាភិបាល បើគ្មានដំណោះស្រាយទេនោះ ជម្រើសចុងក្រោយ គឺការធ្វើបាតុកម្ម៕»
------------------------------------------------
ដោយ៖ ចាន់នីតា - ភ្នំពេញ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តីមនោរម្យអំាងហ្វូ

No comments:

Post a Comment