Friday, December 20, 2013

តើ​​រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​ពី​អ្នក​រំលាយ​សភាដូច​ ហ៊ុន សែន លើក​ឡើង?

«ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះតាមរដ្ឋធម្មនុញ្ញ» នេះជាសម្ដីការពារភាពស្របច្បាប់ ជានាយករដ្ឋមន្ត្រីក្នុងតំណែង របស់លោក ហ៊ុនសែន។ ពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំរដ្ឋសភាស្តីពីការបោះឆ្នោតផ្តល់សេចក្តី​ទុកចិត្ត ដល់​សមាជិក​រដ្ឋាភិបាលថ្មី បុរសខ្លាំងរបស់ប្រទេសកម្ពុជាបានអះអាងថា គ្មាននរណាមានសិទ្ធិរំលាយ សភា​បានទេ។ សាធារណៈមតិបានចោទជាសំនួរថា តើរដ្ឋធម្មនុញ្ញ«ពិតជា»មិនបានចែងទុក ពីអ្នក«រំលាយ»សភា ដូចអ្វី​ដែលលោកហ៊ុន​ សែន ថ្លែងមែនឬ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - មួយរយៈក្រោយពីការបោះឆ្នោត លោកនាយករដ្ឋមន្ត្រីហាក់មានភាពស្ងៀមស្ងាត់ មិនសូវ​និយាយ​ទាក់ទងនឹងបញ្ហានយោបាយទេ។ ប៉ុន្តែប្រតិកម្មរបស់លោកនាថ្ងៃទី២០ ខែធ្នូនេះ បានបង្ហាញសារមួយ​យ៉ាង​សំខាន់ ឆ្លើយតបនឹងការទាមទាររបស់ក្រុមបាតុករស្និតនឹងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ ជា​មួយនឹងការស្រែកទាមទារមួយមាន​សេចក្ដីថា «ហ៊ុនសែនអើយ ចុះចេញទៅ» ក្រុមបាតុករដែលមានចំនួនរាប់សិប​ពាន់នាក់ទាំងនោះ បានដាក់​កំហិត​ដល់​លោកមួយចំណុចទៀត គឺទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន  មិនបានបង្ហាញភាពភ្ញាក់ផ្អើលចំពោះបាតុកម្ម ដែលរៀបចំឡើងដោយគណបក្ស​ប្រឆាំងទាំងនេះឡើយ ព្រោះវាមិនមែនជាលើកទីមួយទេ ដែលមានការទាមទារឲ្យលោកចុះចេញពីអំណាច។ ប៉ុន្តែ​អ្វីដែលធ្វើឲ្យគេឯងចាប់អារម្មណ៍ គឺការលើកពីមាត្រានៃរដ្ឋធម្មនុញ្ញ ដោយប្រៀបធៀបជាមួយ​នឹងប្រទេស​ដទៃ​ថា​មិន​ដូចគ្នា និងការថ្លែងថាគ្មាននរណាម្នាក់ មានសិទ្ធិរំលាយសភានោះទេ រាប់ទាំងព្រះមហាក្សត្រផង។ លោកថ្លែងថា «នាយករដ្ឋមន្រ្តី គ្មានសិទ្ធិរំលាយសភា ព្រះមហាក្សត្រក៏គ្មានសិទ្ធិរំលាយសភា សភាខ្លួនឯងក៏គ្មានសិទ្ធិរំលាយសភា។ ដូច្នេះតើអ្នកណាមួយដែល​មានសិទ្ធិ រំលាយសភា ដើម្បីធ្វើការបោះឆ្នោតឡើងវិញ?»
តើរដ្ឋធម្មនុញ្ញកម្ពុជា ពិតជាមិនបានចែង ពីការរំលាយសភាមែនឬ ? ពិតជាគ្មាននរណាម្នាក់អាចប៉ះពាល់រដ្ឋសភា «ឯកបក្ស» របស់គណបក្សប្រជាជនកម្ពុជា ឬយ៉ាងណា ?
ពិតហើយ មាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «នីតិកាល ​របស់​រដ្ឋ​សភា​មាន​កំណត់​ ៥​ឆ្នាំ​​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​​បាន​រំលាយ​មុន​ផុត​​អាណត្តិ​បាន​​ឡើយ​ វៀរលែង​​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​ ១២​ខែ។»
ចំពោះករណីរំលាយរដ្ឋសភា មាត្រា៧៨ដដែល ត្រង់វាក្យខណ្ឌ ២ បានចែងថា ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយ​ពី​ព្រះអង្គទ្រង់បានទទួលការស្នើរពីនាយករដ្ឋមន្ត្រី និង បន្ទាប់ពីទ្រង់​បាន​ការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះ​ឆ្នោត​ថ្មី ដើម្បីជ្រើសរើសរដ្ឋសភាពថ្មី នឹងអាចប្រព្រឹត្តិទៅរយៈពេល៦០ថ្ងៃ​យ៉ាងយូរ ចាប់ពីថ្ងៃរំលាយ​រដ្ឋសភា​មក។
ដូច្នេះបើយោងតាមមាត្រានេះ គេយល់បានថា នៅក្នុងរដ្ឋធម្មនុញ្ញ មិនមែនគ្មានការសរសេរទុក ពីការរំលាយ​សភា​នោះទេ ដោយគ្រាន់តែបញ្ជាក់ថា ករណីនេះអាចទៅរួច លុះត្រារដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល​១២ខែ។
តែបើនិយាយឲ្យខ្លី ការអះអាងរបស់លោក ហ៊ុន សែន ទៅកាន់អ្នក​សារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែ​ធ្នូនេះ បាន​ធ្វើឲ្យ​គេមើលឃើញ ពីឆន្ទះក្នុងការចុះចេញ​ពីតំណែង ជា«នាយករដ្ឋមន្ត្រី»ជិត៣០ឆ្នាំរបស់លោក។ អ្នកសង្កេត​ការណ៍​នយោបាយក្នុងប្រទេសកម្ពុជាទាំងឡាយ បាននិយាយថា បុរសខ្លាំងរូបនេះបានដាក់​កណ្ដាប់ដៃដែក ដ៏មាន​ឥទ្ធិពល​របស់លោក គ្របសង្កត់ទៅលើស្ថាប័នជាតិធំៗសឹងតែទាំងអស់ ក្នុងនោះក៏មានស្ថាប័នរដ្ឋសភានេះដែរ។ ដូច្នេះ​បើ​លោកមានឆន្ទះ ចង់ចុះពីតំណែងជានាយករដ្ឋមន្ត្រីមែននោះ ការរំលាយរដ្ឋាភិបាលដែលឈានទៅ​ដល់​ការ​រំលាយ​សភា មិនអាចជារនាំង«បន្លាលួស» បាំងផ្លូវដើររបស់លោក ហ៊ុន សែន នោះឡើយ។
ម្យ៉ាងទៀត និងជារឿយៗ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេយកទៅបកស្រាយ ដើម្បីឲ្យស្របនឹង​ផលប្រយោជន៍របស់បក្ខពួកគ្នីគ្នា​គេ តែរៀងៗខ្លួន។ ប៉ុន្តែន័យពិតប្រាកដរបស់ច្បាប់ដ៏កំពូលនេះ មិនសូវជាត្រូវបាន​គេនឹក​នាំដល់ ឬត្រូវបានគេយកមក​អនុវត្តន៍ ឲ្យបានជាធរមានរហូតនោះឡើយ។
សម្រាប់ លោក ហ៊ុន សែន វិញ លោកបានស្គាល់យ៉ាងច្បាស់ និងបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព នូវច្បាប់​រដ្ឋធម្មនុញ្ញនេះ។ ជាក់ស្ដែង លោកបានប្រើពាក្យ«រដ្ឋធម្មនុញ្ញ»ជាញឹកញាប់ ដើម្បីការពារភាព​ស្របច្បាប់​របស់លោក មិនឲ្យមាន​នរណាមកប៉ះពាល់បានឡើយ ដូចនៅក្នុងការថ្លែងមួយ យ៉ាងដូច្នេះថា «ខ្ញុំឡើងតាម​រដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះ​តាមរដ្ឋធម្មនុញ្ញ»៕
------------------------------------------
ដោយ៖ ក. សេងហុង រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment