
នៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុមអ្នកច្បាប់របស់ប្រទេសថៃ និងកម្ពុជា ទើបតែបានបញ្ចប់ការធ្វើអំណះអំណាងផ្ទាល់មាត់រៀងៗខ្លួន នៅខណៈដែលតុលាការយុត្តិធម៌អន្តរជាតិពិចារណាចំពោះសំណើរបស់កម្ពុជា សុំឱ្យធ្វើការបកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២ ស្តីពីជម្លោះជុំវិញប្រាសាទព្រះវិហារ ។ ជម្លោះដែលបានកើតឡើងសាជាថ្មីចាប់ពីឆ្នាំ២០០៧ ភាគច្រើនគឺបណ្តាលមកពីកម្លាំងនយោបាយជាតិនិយម ជាពិសេស ចលនាអាវលឿងនៅក្នុងប្រទេសថៃ ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ជម្លោះនេះបានកើតឡើងក៏ដោយសារតែការពុំយល់ស្របគ្នាលើភាព ត្រឹមត្រូវផ្នែកគតិយុត្តិ ដែលបច្ចុប្បន្ននេះភាគីទាំងពីរកំពុងលើកឡើងចំពោះមុខតុលាការ យុត្តិធម៌អន្តរជាតិ មូលដ្ឋានដែលខ្លួនយល់ឃើញថា អត្ថន័យគួរតែមានខ្លឹមសារបែបណា ។ ការពិនិត្យមើលមួយឱ្យកាន់តែច្បាស់លើជម្លោះគតិយុត្តិនេះ បានបង្ហាញឱ្យឃើញនូវច្រកមួយដើម្បីដោះស្រាយជម្លោះដែលអាចបង្ក មហន្តរាយធ្ងន់ធ្ងរ ។
ភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ននេះ ផ្តោតទៅលើព្រំដែននៅតំបន់ជុំវិញប្រាសាទព្រះវិហារ ។ សាលក្រមឆ្នាំ១៩៦២ បានប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងតម្រូវឱ្យប្រទេសថៃដកកងកម្លាំងសន្តិសុខដែលបានដាក់នៅក្នុង ប្រាសាទ ឬ «ក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា» ។ តុលាការបានផ្តល់ហេតុផលថា ថៃបានទទួលស្គាល់ផែនទីឆ្នាំ១៩០៧ អំពីខ្សែបន្ទាត់ព្រំដែនដែលរៀបចំឡើងដោយអ្នកជំនាញគូសផែនទីរបស់ បារាំង ដែលបានដាក់ប្រាសាទព្រះវិហារចូលក្នុងទឹកដីប្រទេសកម្ពុជា ។ ទោះបីជាយ៉ាងណាក្តី តុលាការពុំបានកំណត់អំពីតំបន់ក្បែរប្រាសាទ ឬពិភាក្សាអំពីស្ថានភាពគតិយុត្តិរបស់ផែនទីឆ្នាំ១៩០៧ នៅក្នុងផ្នែកនៃសេចក្តីសន្និដ្ឋានដែលនិយាយអំពីសេចក្តីសម្រេចនោះ ទេ ។
កាលពីសប្ដាហ៍មុន ក្រុមអ្នកច្បាប់ថៃបានអះអាងថាសេចក្តីសម្រេចឆ្នាំ១៩៦២ របស់តុលាការជាប់ពាក់ព័ន្ធតែនឹងតួប្រាសាទ និងតំបន់ជុំវិញដែលនៅកៀកៗតែប៉ុណ្ណោះ ។ អ្នកច្បាប់ទាំងនោះបានលើកឡើងថា ថៃបានគោរពតាមសាលក្រមដែលតម្រូវឱ្យខ្លួនដកកងកម្លាំងសន្តិសុខចេញពី តួប្រាសាទ និងថាកម្ពុជាបានទទួលយកការអនុវត្តរបស់ថៃហើយ ។ ក្រុមអ្នកច្បាប់ថៃបានលើកឡើងថា ហេតុដូច្នេះ ពុំគួរមានការបកស្រាយឡើងវិញនូវសាលក្រមរបស់តុលាការយុត្តិធម៌ អន្តរជាតិទេ ។ ក្រុមអ្នកច្បាប់កម្ពុជាបានឆ្លើយតបថា ជម្លោះពិតជាបានកើតឡើងមែន ហើយថា សាលក្រមបានបង្ហាញពីលក្ខណៈដែលត្រូវប្រតិបត្តិតាមលើខ្សែបន្ទាត់ ផែនទី ព្រោះសេចក្តីសម្រេចនៅក្នុងសាលក្រមឆ្នាំ១៩៦២ គឺពុំអាចកាត់ផ្តាច់ចេញពីសេចក្តីសំអាងហេតុបានឡើយ ។ ដូច្នេះ ក្រុមអ្នកច្បាប់កម្ពុជាបានអះអាងថា ទាំងប្រាសាទព្រះវិហារ និងដីទំហំ៤.៦គីឡូម៉ែត្រការ៉េដែលនៅជាប់ផ្នែកខាងលិចគឺជាកម្មសិទ្ធិរបស់កម្ពុជា ។
នៅពេលពិចារណាអំពីការលើកអំណះអំណាងនេះ តុលាការយុត្តិធម៌អន្តរជាតិត្រូវប្រឈមនឹងសំណួរគតិយុត្តិជាមូលដ្ឋានចំនួនពីរ: ១.តើ ជម្លោះរវាងប្រទេសថៃ និងកម្ពុជា ពន្យល់នូវលក្ខណៈស្របច្បាប់ឱ្យមានការបកស្រាយឡើងវិញនូវសាលក្រម ឆ្នាំ១៩៦២ ដែរឬយ៉ាងណា ? ២. ហើយប្រសិនបើតុលាការសម្រេចបកស្រាយឡើងវិញនូវសាលក្រមនេះមែន តើផ្នែកទាំងអស់ ឬផ្នែកណាមួយនៃផែនទីឆ្នាំ១៩០៧ គួរត្រូវប្រតិបត្តិតាម ?
កម្ពុជាគួរតែឈ្នះចំពោះសំណួរទីមួយ ។ តុលាការបានសម្រេចកាលពីឆ្នាំ២០១១ថា ជម្លោះទំនងជាបានកើតឡើងមែនរវាងភាគីទាំងពីរ ហើយការលើកឡើងនៅក្នុងសវនាការផ្ទាល់មាត់ថ្មីៗនេះពុំមានអ្វីដែល គួរឱ្យចៅក្រមត្រូវសម្រេចផ្ទុយពីនេះឡើយ ។ នៅក្នុងយុត្តិសាស្ត្រដែលពាក់ព័ន្ធ ពុំមានការកំណត់អំពីអាជ្ញាយុកាលស្តីពីការបកស្រាយឡើងវិញនូវ សាលក្រមតុលាការយុត្តិធម៌អន្តរជាតិទេ ហើយជម្លោះក៏ពុំចាំត្រូវតែកើតមានឡើងជាផ្លូវការដែរ ។ ជម្លោះនោះចាំបាច់ត្រូវតែជាប់ពាក់ព័ន្ធនឹងផ្នែកនៃសេចក្តី សន្និដ្ឋានរបស់សាលក្រម ឬផ្នែកនៃសេចក្តីសំអាងដែលត្រូវបានចាត់ទុកថា «ពុំអាចផ្តាច់ចេញពីសាលក្រមបាន» ។ យ៉ាងហោចណាស់ នៅក្នុងឯកសារដែលភាគីទាំងពីរបានដាក់ជូនតុលាការយុត្តិធម៌ អន្តរជាតិចាប់តាំងពីឆ្នាំ២០១១ បានចង្អុលបង្ហាញថា ភាគីទាំងពីរមានការបកស្រាយផ្ទុយគ្នាចំពោះឃ្លានៅក្នុងសេចក្តី សន្និដ្ឋានដែលនិយាយយោងទៅ «ទឹកដីនៃប្រទេសកម្ពុជា» និង «តំបន់ក្បែរ» ប្រាសាទព្រះវិហារ ។ ជាងនេះទៅទៀត ក្រុមមេធាវីកម្ពុជាបានបង្ហាញនូវភស្តុតាងយ៉ាងច្រើនដែលបញ្ជាក់ថា ជម្លោះអំពីការបកស្រាយគឺពុំមែនជារឿងថ្មីនោះទេ ។ ពេញមួយទសវត្សរ៍ឆ្នាំ១៩៦០ សម្តេចព្រះនរោត្តម សីហនុ និងអ្នកផ្សេងៗទៀត បានសម្តែងនូវការមិនសុខចិត្តចំពោះការដាក់ទាហានរបស់ថៃ និងការដាក់របងខ្សែលួសបន្លានៅក្នុងតំបន់ជម្លោះដែលមានទំហំ៤.៦ គីឡូម៉ែត្រក្រឡា ។

សំណួរដែលលំបាកជាងនេះ ថាតើ ឬដល់កម្រិតណាដែលសេចក្តីសំអាងរបស់តុលាការគួរតែត្រូវបានបកស្រាយ ភ្ជាប់ទៅនឹងសេចក្តីសន្និដ្ឋាននៃសាលក្រមឆ្នាំ១៩៦២ ដែលដាក់ឱ្យប្រតិបត្តិតាម ។ ដូចដែលក្រុមអ្នកច្បាប់ថៃបានសង្កត់ធ្ងន់ ថាតុលាការបានបដិសេធយ៉ាងច្បាស់នូវសំណើរបស់កម្ពុជាដែលសុំឱ្យ សម្រេចលើស្ថានភាពគតិយុត្តិនៃផែនទីឆ្នាំ១៩០៧ នៅក្នុងផ្នែកសេចក្តីសន្និដ្ឋាននៃសាលក្រម ។ ប្រទេសថៃបានអះអាងពុំមែនដោយមិនសមហេតុផលនោះទេថា ការមិនសម្រេចលើស្ថានភាពគតិយុត្តិនៃផែនទីនេះ បង្ហាញថា តុលាការបានមើលឃើញអំពីស្ថានភាពនៃព្រំដែន និងរឿងប្រាសាទថាជាសំណួរគតិយុត្តិដាច់ដោយឡែកពីគ្នា ហើយថា កម្ពុជាគឺស្វែងរកការសម្រេចមួយដែលតុលាការធ្លាប់បានបដិសេធរួចហើយ កាលពីឆ្នាំ១៩៦២ ។ ប៉ុន្តែការលើកឡើងនេះ គឺមានបញ្ហា ។
ដូចដែលក្រុមមេធាវីកម្ពុជាបានលើកឡើងនៅទីក្រុងឡាអេដូច្នេះដែរថា គេមិនអាចនិយាយសំដៅទៅរក «ទឹកដី» កម្ពុជានៅក្នុងសេចក្តីសន្និដ្ឋានឱ្យបានប្រសើរនោះឡើយ ដោយពុំបានដឹងថាទឹកដីនោះនៅកន្លែងណា ។ ដើម្បីសម្រេចអំពីអធិបតេយ្យភាពជុំវិញ «តំបន់ជម្លោះ» ដែលតុលាការបានកំណត់ថាជា «តំបន់ប្រាសាទព្រះវិហារ» តុលាការបានប្រកាសថាសំណួរដែល «ពិតប្រាកដ» និង «សំខាន់» នៅក្នុងសំណុំរឿងនេះគឺ «ថា តើភាគីទាំងពីរយល់ព្រមទទួលយកផែនទីឆ្នាំ១៩០៧ និងខ្សែបន្ទាត់ដែលបញ្ជាក់នៅលើផែនទីនោះថាបានកើតចេញពីលទ្ធផលនៃ ការកំណត់ខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់ប្រាសាទព្រះវិហារដែលផ្តល់ នូវលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការប្រតិបត្តិតាមដែរឬ យ៉ាងណា» ។ ក្រោយពីការវិភាគយ៉ាងយូរ តុលាការបានសម្រេច «យកតាមខ្សែបន្ទាត់ដូចដែលបានគូសឱ្យនៅក្នុងផែនទីឆ្នាំ១៩០៧ នៅក្នុងតំបន់ជម្លោះ» ។ ការសម្រេចបែបនេះ បានដាក់ប្រាសាទព្រះវិហារឱ្យស្ថិតនៅក្នុងទឹកដីកម្ពុជា និងបានធ្វើឱ្យសេចក្តីសំអាងរបស់តុលាការពុំអាចកាត់ផ្តាច់ចេញពី សេចក្តីសន្និដ្ឋានរបស់ខ្លួនបានឡើយ នេះបើយោងតាមក្រុមមេធាវីកម្ពុជា ។
ការអះអាងរបស់កម្ពុជាដែលថា សាលក្រមនេះបានសម្រេចចំពោះខ្សែបន្ទាត់ព្រំដែនទាំងមូល ដែលត្រូវបានគូសនៅលើផែនទីឆ្នាំ១៩០៧ ក៏មានបញ្ហាដែរ ។ បើទោះបីជាពាក្យថា «ទឹកដីកម្ពុជា» តម្រូវឱ្យមានការនិយាយយោងខ្លះទៅដល់សេចក្តីសំអាងរបស់តុលាការ ទាក់ទងនឹងព្រំដែនក៏ដោយ ក៏តុលាការពុំមានបំណងដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងមូលនោះទេ ក្រៅពីតំបន់ជម្លោះមួយច្បាស់លាស់តែប៉ុណ្ណោះ ។ ប្រការនេះ រួមជាមួយនឹងការបដិសេធពុំព្រមចេញសេចក្តីប្រកាសរបស់តុលាការស្តីពី ស្ថានភាពរបស់ផែនទីឆ្នាំ១៩០៧ នៅក្នុងសេចក្តីសន្និដ្ឋានរបស់សាលក្រម បានធ្វើឱ្យមានអំណះអំណាងថា តុលាការទទួលស្គាល់ផែនទីទាំងមូលនៅក្នុងសេចក្តីសន្និដ្ឋានរបស់ សាលក្រមមិនសូវរឹងមាំនោះទេ ។ ចំណុចសំខាន់ពិតប្រាកដនៃជម្លោះគឺថា តើដីទំហំ៤.៦គីឡូម៉ែត្រក្រឡាដែលស្ថិតនៅភាគខាងលិចនៃប្រាសាទ ព្រះវិហារ អាចត្រូវបានចាត់ទុកថាជាផ្នែកនៃ «តំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា» ដែរឬទេ ។ ក្រុមអ្នកច្បាប់ថៃបានអះអាងថា លោក ឌិន អាឆេសុន ដែលជាមេធាវីកម្ពុជានៅក្នុងសំណុំរឿងដើមបានចាត់ទុកតំបន់ជម្លោះថា មានទំហំ «តូចណាស់» ។ ទោះយ៉ាងណាក៏ដោយ ភាគីថៃបានជំទាស់ទៅនឹងការនិយាយយោងទៅដល់ពាក្យថា «តំបន់» ឬ «បរិវេណ» របស់ប្រាសាទថាវាមានទំហំធំទូលាយពេក ។ គួរឱ្យសោកស្តាយ សាលក្រមឆ្នាំ១៩៦២ បានផ្តល់នូវការចង្អុលបង្ហាញតិចតួចប៉ុណ្ណោះ ។ ការខ្វះខាតភាពច្បាស់លាស់នេះបានរួមចំណែកទៅដល់ភាពពុំស្ថិតស្ថេរ និងធ្វើឱ្យការបកស្រាយសាលក្រមឡើងវិញជារឿងដែលចាំបាច់និងសម ស្រប ។
តុលាការអាចបញ្ជាត្រឹមតែថា ប្រទេសថៃត្រូវដកកងទ័ពដែលឈរ «នៅប្រាសាទ» ។ ការបន្ថែមពាក្យថា «តំបន់ក្បែរ» ប្រាសាទនៅក្នុងសាលក្រមបញ្ជាក់ថា សេចក្តីសម្រេចនេះមានចេតនាភ្ជាប់តំបន់ខ្លះដែលនៅហួសពីបរិវេណនៃ តួប្រាសាទ ។ ទោះបីជាតំបន់ក្បែរនោះ អាចត្រូវបានពង្រីកទៅខាងលិចប្រាសាទចំនួនពីរបីរយម៉ែត្រដូចនៅ ក្នុងផែនទីរបស់ភាគីថៃក៏ដោយ ក៏នៅតែមានសំណួរដដែលថា តើតំបន់នោះស្ថិតនៅក្នុងទឹកដីរបស់ថៃឬស្ថិតក្នុងទឹកដីរបស់ កម្ពុជា ? ការអានសាលក្រមនេះដោយភាគីថៃបង្ហាញថា ចម្លើយគឺអាស្រ័យទៅលើការព្រមព្រៀងរបស់ភាគី ។ ប៉ុន្តែ ដោយសារពុំមានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ បទបញ្ញត្តិនេះគឺពុំមានប្រសិទ្ធភាពអនុវត្តទេនៅភាគខាងលិចនៃតំបន់ ក្បែរប្រាសាទ ដែលជាកន្លែងតុលាការបានដឹងជាស្រេចហើយថាមានទាហានថៃមួយចំនួន បោះទីតាំងនៅទីនោះ ។
ទោះបីជាតុលាការបានបដិសេធពុំព្រមប្រកាសអំពីព្រំដែនដែលស្ថិតនៅ ក្នុងតំបន់ជម្លោះនៅក្នុងសេចក្តីសន្និដ្ឋានរបស់សាលក្រមក៏ដោយ ក៏ចំណុចនេះអាចឱ្យគេយល់បានតាមរយៈការសម្រេចរបស់តុលាការដែលថា ភាគីបានទទួលស្គាល់ផែនទីឆ្នាំ១៩០៧ ។ តាមរយៈការឱ្យហេតុផលបែបនេះ តំបន់នៅក្នុង «តំបន់ក្បែរ» ប្រាសាទនៅក្នុងខ្សែផែនទីឆ្នាំ១៩០៧ ខាងកម្ពុជាត្រូវស្ថិតនៅក្នុង «ទឹកដី» កម្ពុជា ។ មធ្យោបាយដែលសមរម្យបំផុតក្នុងការកំណត់តំបន់ក្បែរដែលពាក់ព័ន្ធនេះ គឺត្រូវកំណត់វិសាលភាពនៃសាលក្រមនេះមកនៅត្រឹមតែទឹកដីជាប់នោះដែល តូចបំផុត ដែលមានជម្លោះនៅជាប់នឹងប្រាសាទភាគខាងលិច និយាយឱ្យចំគឺផ្នែកតូចមួយដែលមានទំហំ៤.៦គីឡូម៉ែត្រក្រឡា ។ តាមរយៈការកំណត់វិសាលភាពបែបនេះ តុលាការគួរតែធ្វើសេចក្តីសម្រេចគាំទ្រកម្ពុជា ។
ភាពសាំញ៉ាំនៃសំណួរគតិយុត្តិទាំងអស់នេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពពុំច្បាស់លាស់នៃសាលក្រម ដែលគួរឱ្យសោកស្តាយបានបន្សល់ទុកនូវចន្លោះប្រហោងបន្តឱ្យមានការ ខ្វែងគំនិតគ្នា និងជម្លោះចំពោះការបកស្រាយ ។ ទោះបីភាគីណាមួយទទួលបានជោគជ័យនៅក្នុងតុលាការក៏ដោយ រដ្ឋាភិបាលទាំងពីរនឹងគោរពយ៉ាងខ្ជាប់ខ្ជួននូវសាលក្រមនេះ ។ សម្រាប់ខាងកម្ពុជា សេចក្តីសម្រេចជាអន្តរជាតិនេះ បានផ្តល់នូវវេទិកាយុត្តិធម៌បំផុតនៅក្នុងការដោះស្រាយវិវាទ ជាមួយនឹងប្រទេសជិតខាងដែលធំ និងមានឥទ្ធិពលជាងខ្លួន ។ សម្រាប់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ការតតាំងផ្នែកច្បាប់យ៉ាងខ្លាំងក្លា អាចនឹងផ្តល់ការការពារទល់នឹងការទាមទារជាតិនិយមក្នុងស្រុកឱ្យមាន ការចាត់វិធានការ បើទោះបីជាសេចក្តីសម្រេចរបស់តុលាការពុំអាចទទួលយកបានក៏ដោយ ។ ភាគីទាំងពីរបានបញ្ចោញសមត្ថភាព និងធ្វើការតតាំងយ៉ាងខ្នះខ្នែងនៅក្នុងតុលាការ ។ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីបញ្ហានេះ នឹងផ្តល់ដល់ភាគីទាំងពីរនូវខ្សែបែងចែកដ៏មានសារប្រយោជន៍មួយ ពោលគឺ ឱកាសដើម្បីងាកចេញពីនយោបាយចម្រូងចម្រាសនៃអតីតកាលថ្មីៗនេះ ដែលបានជួយប្រមូលផ្តុំក្រុមជាតិនិយមឱ្យជ្រកក្រោមស្លាកទង់ជាតិ ប្រទេស ប៉ុន្តែប្រការនេះមានជាប់ទាក់ទងតិចតួចណាស់ទៅនឹងផលប្រយោជន៍ យូរអង្វែងរបស់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ ៕
ចន ឆរឆីអារី ទស្សនាវដ្តីស្វែងរកការពិត លេខ១៦១ ខែឧសភា ឆ្នាំ២០១៣
No comments:
Post a Comment