Wednesday, September 11, 2013

វិធីសាស្រ្ត​គន្លឹះ​ដើម្បី​ងាយ​ស្រួល​ចូល​មើល "ព័ត៌មាន​ផ្ទាល់​កំពុង​ជួញដូរ"


អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​ផ្តល់​ជម្រើស​ពិសេស​ជូន​ដល់​អតិថិជន/វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ ប្រទេស អាច​មើល​និង​តាមដាន​ព័ត៌មាន​ផ្ទាល់​កំពុង​ជួញ​ដូរ រួមទាំង​ព័ត៌មាន​និង​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា តាម​រយៈ​ទូរស័ព្ទ​ដៃ, iPad,Tablet, កុំព្យូទ័រ ជា​ដើម ដែល​មាន​ភ្ជាប់​អ៊ីនធឺណែត ។

វិធីសាស្រ្ត​គន្លឹះ

  1. អតិថិជន​និង​វិនិយោគិន​មាន​គណនី​ជួញ​ដូរ​ជា​មួយ​អេស៊ីលីដា ស៊ីឃ្យួរឹធី ។ ការបើក​គណនី​នៅ​អេស៊ីលីដា ស៊ីឃ្យួរឹធី គឺ​មិន​គិត​ថ្លៃ​សេវា​ទេ ។
  2. ចុះ​ឈ្មោះ​ប្រើប្រាស់​កម្មវិធី "ព័ត៌មាន​ផ្ទាល់​កំពុង​ជួញ​ដូរ" (ដោយ​ឥត​គិត​ថ្លៃ) នៅ​អេស៊ីលីដា ស៊ីឃ្យួរឹធី ។
  3. ចូល​ទៅ​កាន់​វេបសាយ www.acledasecurities.com.kh រួច​ចុច​ប៉ូតុង ព័ត៌មាន​ផ្ទាល់​កំពុង​ជួញដូរ
  4. កម្មវិធី​នឹង​បង្ហាញ​ផ្ទាំង​ដើម្បី​វាយ​ឈ្មោះ​គណនី និង​លេខ​សម្ងាត់ ដែល​ផ្តល់​ដោយ​អេស៊ីស៊ីដា ស៊ីឃ្យួរឹធី រួច​ចុច​ប៉ូតុង Login
  5. បន្ទាប់​មក​កម្មវិធី​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម ៖
  6. សេចក្តី​ពន្យល់​នៃ​ផ្ទាំង​ខាង​លើ​នេះ
    1. ឈ្មោះ​ភាគហ៊ុន
      ឈ្មោះ​ភាគហ៊ុន​បង្ហាញ​ពី​ឈ្មោះ ​ជា​អក្សរកាត់​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ ។ ក្នុង​ករណី​មាន​ក្រុមហ៊ុន​បោះផ្សាយ​ច្រើន អតិថិជន/វិនិយោគិន​អាច​ធ្វើការ​ជ្រើសរើស​តាម​តម្រូវការ ។
    2. ព័ត៌មាន​ថ្លៃទីផ្សារ
      ថ្លៃបច្ចុប្បន្ន= 6,540បង្ហាញ​ថា​ថ្លៃ​ជួញដូរ​បច្ចុប្បន្ន ស្មើ​នឹង 6,540៛
      ថ្លៃ​មូលដ្ឋាន= 6,540បង្ហាញ​ថា​ថ្លៃ​បិទ​ផ្សារ​នៃ​ថ្ងៃ​ដែល​បាន​ជួញដូរ​ចុង​ក្រោយ គឺ​ស្មើ 6,540៛
      ដែនកំណត់​ថ្លៃ​ខាង​លើ= 6,860បង្ហាញ​ថា​ថ្លៃ​មូលដ្ឋាន 6,540 x 1.05% = 6,860៛ (១)
      (អតិថិជន/វិនិយោគិន​មិន​អាច​ដាក់​បញ្ជា​លើស​ពី​ថ្លៃ 6,860 បាន​ទេ)
      ដែនកំណត់​ថ្លៃ​ខាង​ក្រោម= 6,220បង្ហាញ​ថា​ថ្លៃ​មូលដ្ឋាន 6,540 x 95% = 6,220៛ (១)
      (អតិថិជន/វិនិយោគិន​មិន​អាច​ដាក់​បញ្ជា​ទាប​ជាង​ពី​ថ្លៃ 6,220 បាន​ទេ)
      ថ្លៃ​បើក= 6,520បង្ហាញ​ថា​នៅ​វគ្គ​ជួញ​ដូរ​លើក​ទី១ ថ្លៃ​ផ្គូផ្គង​ត្រូវ​គ្នា​គឺ​ស្មើ 6,520៛
      ថ្លៃ​ខ្ពស់= 6,540បង្ហាញ​ថា​នៅ​ក្នុង​វគ្គ​ជួញ​ដូរ​ថ្លៃ​ផ្គូផ្គង​ខ្ពស់​ជាង​គេ​គឺ 6,540៛
      ថ្លៃ​ទាប= 6,520 បង្ហាញ​ថា​នៅ​ក្នុង​វគ្គ​ជួញដូរ​ថ្លៃ​ផ្គូផ្គង​ទាប​ជាង​គេ​គឺ 6,520៛
      (១) ផ្សារ​មូលបត្រ​កម្ពុជា​កំណត់​ថ្លៃ​មូលដ្ឋាន​ប្រចាំ​ថ្ងៃ​ត្រូវ​ស្ថិត​នៅ​ចន្លោះ ±5% ។
    3. បញ្ជា​បច្ចុប្បន្ន និង​បរិមាណ​រំពឹង​ទុក
      • ថ្លៃ​រំពឹង​ទុក បង្ហាញ​ពី​ថ្លៃ​កំពុង​ជួញ​ដូរ​ដែល​រំពឹង​ថា​នឹង​អាច​ផ្គូផ្គង​ត្រូវ​គ្នា​នៅ​ក្នុង​វគ្គ​ជួញ​ដូរ​នីមួយៗ ។
      • បរិមាណ​រំពឹង​ទុក បង្ហាញ​ពី​បរិមាណ​ភាគហ៊ុន​កំពុង​ជួញដូរ​ដែល​រំពឹង​ថា​នឹង​អាច​ផ្គូផ្គង​ ត្រូវ​គ្នា​នៅ​ក្នុង​វគ្គ​ជួញដូរ​នីមួយៗ ។ នៅ​ក្នុង​ប្រព័ន្ធ (កម្មវិធី) ព័ត៌មាន​ផ្ទាល់​កំពុង​ជួញ​ដូរ​នេះ​ធ្វើ​ការ​បង្ហាញ​តែ​ថ្លៃ​អាទិភាព​ជាង​គេ​ ចំនួន​ប្រាំ​ជួរ​ប៉ុណ្ណោះ ចំពោះ​បរិមាណ​លក់​នៅ​សល់ និង​បរិមាណ​ទិញ​នៅ​សល់ ។
      • បរិមាណ​លក់​នៅ​សល់ បង្ហាញ​ពី​ការ​ដាក់​សំណើ​បញ្ជា​លក់​របស់​វិនិយោគិន​ដែល​មិន​ទាន់​ផ្គូផ្គង​ត្រូវ​គ្នា ។
        • ភាគហ៊ុន​លក់​ចំនួន 35,703
          ថ្លៃ​លក់​ក្នុង​មួយ​ហ៊ុន គឺ 6,700៛
        • ភាគហ៊ុន​លក់​ចំនួន 100
          ថ្លៃ​លក់​ក្នុង​មួយ​ហ៊ុន គឺ 6,600៛
        • ភាគហ៊ុន​លក់​ចំនួន 13,649
          ថ្លៃ​លក់​ក្នុង​មួយ​ហ៊ុន គឺ 6,560៛
      • បរិមាណ​ទិញ​នៅ​សល់ បង្ហាញ​ពី​ការ​ដាក់​សំណើ​បញ្ជា​ទិញ​របស់​វិនិយោគិន​ដែល​មិន​ទាន់​ផ្គូផ្គង​ត្រូវ​គ្នា ។
        • ភាគហ៊ុន​ទិញ​ចំនួន 8,371
          ថ្លៃទិញ​ក្នុង​មួយ​ហ៊ុន គឺ 6,540៛
        • ភាគហ៊ុន​ទិញ​ចំនួន 3,412
          ថ្លៃទិញ​ក្នុង​មួយ​ហ៊ុន គឺ 6,520៛
        • ភាគហ៊ុន​ទិញ​ចំនួន 36,000
          ថ្លៃ​ទិញ​ក្នុង​មួយ​ហ៊ុន គឺ 6,500៛
      • សម្គាល់ ៖ អំពី​គោលការណ៍​ផ្គូផ្គង​សំណើ
        • រាល់​ការជួញដូរ​ទាំង​អស់​ត្រូវ​បាន​ផ្គូផ្គង​តាម​រយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​ដេញ​ថ្លៃ ដោយ​យក​ថ្លៃ​តែ​មួយ
        • អាទិភាព​នៃ​បញ្ជា​ទិញ និង​បញ្ជា​លក់
          • 1. អំពី​ថ្លៃ
            • បញ្ជា​លក់​ដែល​មាន​ថ្លៃ​ទាប​ជាង មាន​អាទិភាព​លើ​បញ្ជា​លក់​ដែល​មាន​ថ្លៃ​ខ្ពស់​ជាង
            • បញ្ជា​ទិញ​ដែល​មាន​ថ្លៃ​ខ្ពស់​ជាង មាន​អាទិភាព​លើ​បញ្ជា​ទិញ​ដែល​មាន​ថ្លៃ​ទាប​ជាង
          • 2. ពេលវេលា
            • ករណី​បញ្ជា​មាន​ថ្លៃ​ដូចគ្នា បញ្ជា​ដែល​ទទួល​បាន​មុន​មាន​អាទិភាព​លើ​បញ្ជា​ដែល​ទទួល​បាន​ក្រោយ
    4. លទ្ធផល​ជួញដូរ
      • ថ្ងៃ​ជួញដូរ ៖ ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ លើក​លែង​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ ។
      • ម៉ោង​ជួញដូរ  ០៨:00ព្រឹក ដល់​ម៉ោង ១១:៣០ព្រឹក ។
      • ការផ្គូផ្គង ៖ មាន ៦ដង​ក្នុង​មួយ​ថ្ងៃ គឺ​នៅ​ម៉ោង ០៩:០០ព្រឹក, ០៩:៣០ព្រឹក, ១០:០០ព្រឹក, ១០:៣០ព្រឹក, ១១:០០ព្រឹក និង​ម៉ោង ១១:៣0ព្រឹក ។
      • ឧទាហរណ៍ ៖ សូម​មើល​ការ​បង្ហាញ​នៅ​ក្នុង​រូបភាព

        នៅ​ម៉ោង ០៩:០០ព្រឹក ការ​ផ្គូផ្គង​មាន​ចំនួន 3,260 ហ៊ុន តម្លៃ​ក្នុង​មួយ​ហ៊ុន គឺ 6,520៛ ថ្លៃ​ប្រែប្រួល​ធ្លាក់​ចុះ 20៛ ធៀប​នឹង​ថ្លៃ​ម្សិលមិញ ហើយ​ការប្រែប្រួល​គិតជា​ភាគរយ គឺ -0.31% និង​ការជួញដូរ​គិត​ជា​ទឹក​ប្រាក់ គឺ 21,255,200៛ ។

        នៅ​ម៉ោង ០៩:៣០ព្រឹក ការផ្គូផ្គង​មិន​ត្រូវ​គ្នា ដូច្នេះ​ប្រព័ន្ធ​មិន​មាន​ទិន្នន័យ​សម្រាប់​បង្ហាញ​ទេ ។

        នៅ ​ម៉ោង ១០:០០ព្រឹក ការ​ផ្គូផ្គង​មាន​ចំនួន 10,000 ហ៊ុន តម្លៃ​ក្នុង​មួយ​ហ៊ុន គឺ 6,540៛ ថ្លៃ​ប្រែប្រួល​គឺ​ថេរ ធៀប​នឹង​ថ្លៃ​ម្សិលមិញ ហើយ​ការប្រែប្រួល​គិតជា​ភាគរយ​គឺ​ថេរ និង​ការជួញដូរ​គិតជា​ទឹក​ប្រាក់ គឺ 65,400,000៛ ។

        អតិថិជន/វិនិយោគិន​អាច​មើល​លទ្ធផល​ជួញដូរ​តាម​រូបខាង​លើ រហូត​ដល់​ម៉ោង ១១:៣០ព្រឹក ដែល​ជា​ម៉ោង​បិទ​ផ្សារ​ហ៊ុន ។
    5. ការបិទ​កម្មវិធី
      នៅ​ពេល​ អតិថិជន/វិនិយោគិន​ឈប់​តាម​ដាន​ប្រព័ន្ធ​ព័ត៌មាន​ផ្ទាល់​កំពុង​ជួញ​ដូរ​នេះ ត្រូវ​ធ្វើ​ការ​ចាក​ចេញ​ពី​កម្មវិធី​ដោយ​ចុច​ទៅ​លើ​ឈ្មោះ​របស់​ អតិថិជន/វិនិយោគិន ដែល​បង្ហាញ​ជា​ភាសា​អង់គ្លេស​នៅ​ខាង​លើ រួច​ចុច​ពាក្យ​ថា​ចាក​ចេញ ។ ក្នុង​ករណី​មិន​អនុវត្ត​តាម​វិធី​នេះ ប្រព័ន្ធ​នឹង​ធ្វើការ​បិទ​មិន​ឲ្យ​ចូល​រយៈពេល ១៥នាទី ហើយ​ផុត​រយៈពេល​នេះ​ទើប​អាច​ចូល​ប្រព័ន្ធ​សារ​ឡើង​វិញ​បាន ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ផ្តល់​ព័ត៌មាន​ទាន់​សម័យ​ដើម្បី​ភាពជោគជ័យ​របស់​អតិថិជន!

 

No comments:

Post a Comment